ការកាត់ស្រាយ ការសង្កេត និងសេចក្ដីសន្និដ្ឋានខ្លះៗ៖
១. ព្រះជាម្ចាស់បានសម្គាល់ដើមឈើចំនួនពីរដើមថា ជាដើមឈើពិសេសក្នុងចំណោមដើមឈើទាំងអស់ក្នុងសួនច្បារអេដែនគឺ៖ ដើមឈើនៃជីវិត និងដើមឈើដឹងខុសត្រូវ
«ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើឲ្យដីដុះគ្រប់ដើមឈើទាំងអស់ ដែលគួរជាទីពេញចិត្ត ហើយសម្រាប់ជាអាហារផង ក៏មានដើមឈើជីវិត និងដើមឈើដឹងខុសត្រូវនៅកណ្ដាលសួនច្បារនោះដែរ។» (លោកុប្បត្ដិ ២:៩ គកស)
២. ព្រះជាម្ចាស់បានអនុញ្ញាតឲ្យលោក អ័ដាម អាចបរិភោគផ្លែឈើពីដើមឈើណាក៏បាន លើកលែងតែដើមឈើដឹងខុសត្រូវ ដោយព្រមានគាត់ថា បើគាត់បរិភោគ នោះគាត់នឹងស្លាប់ជាមិនខាន
«ព្រះយេហូវ៉ាដ៏ជាព្រះបង្គាប់មនុស្សថា៖ «អ្នកអាចបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានដោយសេរី តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន។»» (លោកុប្បត្ដិ ២:១៦-១៧ គកស)
៣. បន្ទាប់ពីសត្វពស់បានល្បួងរួចមក នាង អេវ៉ា ក៏បានបរិភោគផ្លែឈើពីដើមដឹងខុសត្រូវ ហើយលោក អ័ដាម ក៏បានបរិភោគដែរ
«ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។» (លោកុប្បត្ដិ ៣:៦ គកស)
«ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។» (លោកុប្បត្ដិ ៣:៧ គកស)
៤. បន្ទាប់ពីបានបរិភោគផ្លែឈើពីដើមដឹងខុសត្រូវ—ផ្នែកមួយនៃការ «មានប្រាជ្ញា»—គឺត្រង់ថាឥឡូវលោក អ័ដាម មានចំណេះដឹងនៃការដឹងខុសត្រូវដូចជាព្រះជាម្ចាស់ ហើយពួកគាត់ក៏ដឹងដែលថា ខ្លួននៅអាក្រាត
«…ស្ត្រីឃើញថា…ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា…។» (លោកុប្បត្ដិ ៣:៦ គកស)
«ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។» (លោកុប្បត្ដិ ៣:៧ គកស)
ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «មើល៍ មនុស្សបានត្រឡប់ជាម្នាក់ដូចយើងដែរ ទាំងដឹងខុសត្រូវផង…។» (លោកុប្បត្ដិ ៣:២២ខ-២៤ គកស)
៥. បន្ទាប់ពីលោក អ័ដាម មិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ ដោយបរិភោគផ្លែឈើដឹងខុសត្រូវ នោះព្រះជាម្ចាស់ក៏បានហាមលោក អ័ដាម កុំឲ្យបរិភោគផ្លែឈើនៃជីវិតផងដែរ ដើម្បីកុំឲ្យគាត់មានជីវិតអមតក្នុងសណ្ឋានក្នុងអំពើបាប ហេតុដូច្នេះហើយបានជាព្រះជាម្ចាស់ការពារដើមឈើនោះ
«ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «…ហើយឥឡូវនេះ គេអាចលូកដៃទៅបេះផ្លែពីដើមឈើជីវិតបរិភោគបានទៀតផង ហើយរស់ជារៀងរហូត»។ ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះ ក៏បណ្តេញគេចេញពីសួនច្បារអេដែន ឲ្យទៅភ្ជួររាស់ដីដែលព្រះអង្គបានយកគេចេញមកនោះ។ ព្រះអង្គបានបណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន និងដាវជាអណ្ដាតភ្លើង រេបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើជីវិត។» (លោកុប្បត្ដិ ៣:២២-២៤ គកស)
៦. តើឃ្លា «ដឹង/ពិចារណាឲ្យជ្រាបពី/សង្កេតខុសត្រូវ» មានអត្ថន័យយ៉ាងដូចម្ដេចក្នុងភាសាហេប្រ៊ើ?
៦.១ នោះជាអ្វីដែលព្រះជាម្ចាស់ (និងពួកទេវតាទំនង) ជាមាន
«ពេលនោះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «មើល៍ មនុស្សបានត្រឡប់ជាម្នាក់ដូចយើងដែរ ទាំងដឹងខុសត្រូវផង…។» (លោកុប្បត្ដិ ៣:២២ គកស)
«ខ្ញុំម្ចាស់នឹកថា «រាជឱង្ការរបស់ព្រះករុណានឹងធ្វើឲ្យខ្ញុំម្ចាស់បានស្ងប់» ដ្បិតព្រះរាជារបស់ខ្ញុំម្ចាស់ ប្រៀបដូចជាទេវតារបស់ព្រះ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ាជាព្រះរបស់ព្រះករុណា ក៏គង់ជាមួយព្រះករុណាដែរ។» (២សាំយូអែល ១៤:១៧ គកស)
៦.២ នោះជាអ្វីដែលក្មេងៗមិនមាន
«រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា នឹងទៅជារំពាគេ និងកូនរបស់អ្នករាល់គ្នា ដែលសព្វថ្ងៃនេះមិនទាន់ដឹងខុសត្រូវនៅឡើយ នោះគេនឹងចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកនោះឲ្យគេ ហើយគេនឹងចាប់យកស្រុកនោះជាកេរអាករ។» (ចោទិយកថា១:៣៩ គកស)
«បុត្រនោះនឹងបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ ដរាបដល់ចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អវិញ។» (អេសាយ ៧:១៥ គកស)
៦.៣ នោះជាអ្វីដែលមនុស្សចាស់ៗទំនងជាលែងមាន
«ទូលបង្គំ [ដាវីឌ] មានអាយុប៉ែតសិបឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬ?…» (២សាំយូអែល ១៩:៣៥ គកស)
៦.៤ នោះទំនងជាអ្វីដែលព្រះជាម្ចាស់ប្រទានឲ្យនរណាម្នាក់
«សូមព្រះអង្គប្រទានឲ្យទូលបង្គំ [សាឡូម៉ូន] ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន?»។ (១ពង្សាវតារក្សត្រ ៣:៩ គកស)
៦.៥ ទាក់ទងនឹងចំណុចនេះ យើងគួរទំនងយល់វាបែបនេះ៖ «ប្រាជ្ញា ការយល់ដឹង ឬក៏ការពិចារណាដឹងដែលពេញវ័យ ហើយឯកឯង» ដែលដើមឈើនោះតំណាងឲ្យរបៀបដ៏ខុសឆ្គងនៃការទទួលបានការយល់ដឹងបែបនោះ
លោកគ្រូ ហ្វ្រេស៍ ដាលលិដស៍ (Franz Delitzch) បានលើកឡើងថា៖
«ព្រះជាម្ចាស់បានបង្កើតដើមឈើនៃចំណេះដឹង ដើម្បីនាំមនុស្សលោកឲ្យដឹងខុសត្រូវ ហើយបើយោងតាមផែនការរបស់ព្រះអង្គ របៀបនៃការទទួលចំណេះដឹងនោះបាន គឺតាមរយៈការដែលមនុស្សលោកមិនបរិភោគផ្លែឈើនោះ។ មនុស្សលោកអាចដឹងការនេះបានតាមរយៈចំណុចពីរយ៉ាង៖ ១) ស្គាល់ដែនកំណត់នៃបម្រាមខុសគ្នារវាងអ្វីដែលព្រះជាម្ចាស់បានរៀបចំទុក និងស្គាល់អ្វីដែលជំទាស់នឹងការរៀបចំទុកនោះ ២) ការស្ដាប់បង្គាប់ដោយមិនប្រព្រឹត្តទាស់បម្រាមនោះនឹងបណ្ដាលឲ្យមនុស្សលោកទទួលស្គាល់នូវសេចក្ដីពិតដែលថា រាល់អ្វីៗដែលទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺជាសេចក្ដីអាក្រក់ដែលមនុស្សលោកគួរគេចចេញ ហើយតាមរយៈការស្ម័គ្រចិត្តជំទាស់នឹងការអាក្រក់បែបនោះដោយប្រើឆន្ទៈដ៏មានសេរីភាពរបស់ខ្លួនដែលព្រះជាម្ចាស់បានប្រទានឲ្យមនុស្សលោកតាំងពីដំបូងឲ្យបានពេញសិទ្ធិ ព្រោះតាមរយៈការធ្វើបែបនេះ មនុស្សលោកនឹងចេះប្រើឆន្ទៈនៃសេរីភាពនោះដោយចេះជ្រើសរើសនូវអ្វីដែលល្អដោយខ្លួនឯង។ តាមរយៈការស្ដាប់បង្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះមនុស្សលោកនឹងប្រាកដជាទទួលបានចំណេះដឹងនៃការដឹងខុសត្រូវដូចព្រះជាម្ចាស់ជាមិនខាន ឧ. ការនោះនឹងបង្ហាញថាមនុស្សលោកត្រូវបានបង្កើតក្នុងរូបអង្គព្រះជាម្ចាស់។ មនុស្សលោកនឹងប្រាកដជាឃើញការអាក្រក់របស់មេល្បួង ហើយជាជាងចុះចូលនឹងការល្បួងនោះ គាត់នឹងតាំងខ្លួនទាស់ ហើយតាមរយៈតាំងខ្លួនរបៀបនេះ មនុស្សលោកនឹងពិតជាទទួលបានការគ្រប់គ្រងលើស្មារតី និងឆន្ទៈសេរីរបស់ខ្លួន។ ហើយក្នុងរបៀបនេះ តាមរយៈបញ្ញាចិត្តដ៏ត្រឹមត្រូវរបស់ខ្លួន នោះមិនយូរមិនឆាប់គាត់នឹងពិតជាទទួលបានសេរីភាពដ៏ពិតជាមិនខាន។ ប៉ុន្តែ ខណៈពេលដែលមនុស្សលោកបានបរាជ័យក្នុងការមិនត្រាប់តាមរបៀបព្រះជាម្ចាស់ ដោយបានបរិភោគនូវផ្លែឈើដែលទ្រង់បានហាមមិនឲ្យបរិភោគ ដែលការធ្វើបែបនេះគឺជាការជំទាស់នឹងបញ្ញត្តិរបស់ព្រះអង្គ នោះអំណាចដែលព្រះជាម្ចាស់បានប្រទានទៅលើផ្លែឈើក៏ត្រូវបានសម្ដែងឡើងក្នុងរបៀបមួយផ្សេងទៀត។ មនុស្សលោកបានដឹងខុសត្រូវតាមរយៈបទពិសោធន៍ដ៏ពិរុទ្ធរបស់ខ្លួន ហើយតាមរយៈការទទួលយកអំពើអាក្រក់មកដាក់ក្នុងព្រលឹងរបស់ខ្លួន នោះមនុស្សលោកក៏បានក្លាយជាជនរងគ្រោះដោយទទួលការគំរាមកំហែងពីសេចក្ដីស្លាប់។ ដូច្នេះ តាមរយៈកំហុសរបស់មនុស្សលោក ដើមឈើដែលគួរជាដើមឈើដែលជួយគាត់ឲ្យទទួលបានសេរីភាពដ៏ពិត បែរក្លាយទៅជាដើមឈើដែលនាំឲ្យមានសេរីភាព ដែលតាមពិតមិនដូច្នោះទេ ព្រោះសេរីភាពនោះជាអំពើបាបទេតើ ដែលចេញពីនោះនាំឲ្យមានសេចក្ដីស្លាប់កើតឡើង ហើយក្នុងដើមឈើនោះផ្ទាល់គ្មានអំណាចសម្រាប់បំផ្លាញ ក៏ដូចជាគ្មានពិសលាក់ក្នុងផ្លែឈើនោះផងដែរ។»
លោកគ្រូ ស៊ី. ចន ខូលលិនស៍ ក៏បានឯកភាពនឹងលោកគ្រូ ហ្វ្រេស៍ ដាលលិដស៍ ដោយលើកឡើងថា៖
«តាមរយៈដើមឈើនេះ ព្រះជាម្ចាស់បានមានផែនការឲ្យមនុស្សលោកនឹងដឹងខុសត្រូវ៖ ១) ពីលើដែលបញ្ជាក់ថាពួកគាត់ជារាស្ត្រដែលបានយកឈ្នះលើការល្បួង ឬក៏ ២) ពីក្រោមដែលបញ្ជាក់ថាពួកគាត់ជាទាសករនៃអំពើបាប។»
៧. កណ្ឌគម្ពីរ សុភាសិត បានប្រើឃ្លា «ដើមឈើនៃជីវិត» ភ្ជាប់គ្នាទៅនឹងប្រាជ្ញា និងការយល់ដឹង ផលផ្លែនៃសេចក្ដីសុចរិត សេចក្ដីប្រាថ្នាដែលទទួលបានការស្កប់ស្កល់ និងអណ្ដាតដ៏ស្លូត
«ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ក៏សប្បាយហើយ។» (សុភាសិត ៣:១៨ គកស)
«ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញារមែងចាប់បានព្រលឹងមនុស្ស។» (សុភាសិត ១១:៣០ គកស)
«សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្តតែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។» (សុភាសិត ១៣:១២ គកស)
«ឯអណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្ដីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។» (សុភាសិត ១៥:៤ គកស)
៨. អស់អ្នកណាដែលរស់នៅលើផ្ទៃមេឃថ្មី នឹងផែនដីថ្មីនឹងមានសិទ្ធិបរិភោគផ្លែឈើពីដើមឈើជីវិតដោយមានចិត្តអរសប្បាយជារៀងរហូត
«… អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគផ្លែពីដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ»។
(វិវរណៈ ២:៧ខ គកស)
«កាត់តាមកណ្ដាលផ្លូវក្រុង ហើយនៅមាត់ទន្លេទាំងសងខាង មានដើមឈើជីវិតដែលមានផ្លែដប់ពីរដង គឺមួយខែម្តងៗ ឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលជាតិសាសន៍នានាឲ្យជា។» (វិវរណៈ ២២:២ គកស)
«មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យមានសិទ្ធិចូលដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ។» (វិវរណៈ ២២:១៤ គកស)
«…បើអ្នកណាដកអ្វីចេញពីព្រះបន្ទូលនៅក្នុងគម្ពីរទំនាយនេះ ព្រះក៏នឹងដកចំណែករបស់អ្នកនោះ ចេញពីដើមជីវិត និងពីទីក្រុងបរិសុទ្ធ ដូចបានរៀបរាប់ក្នុងគម្ពីរនេះដែរ។» (វិវរណៈ ២២:១៩ គកស)
មតិយោបល់
Loading…