ការប្រឹក្សាភាគច្រើនរបស់គ្រីស្ទបរិស័ទទាក់ទងនឹងការញៀនមើលរូបភាព ឬក៏វីដេអូអាសអាភាស មិនសូវជាមានប្រយោជន៍ប៉ុន្មានទេ។ ត្រង់ចំណុចនេះ ខ្ញុំចង់មានន័យថា៖ ការប្រឹក្សាទាំងនោះមិនបានជួយបង្កើតឲ្យមានការប្រែចិត្តពិតប្រាកដ ការព្យាបាលឲ្យជាសះស្បើយ ការស្ដារឡើងវិញ និងការត្រឡប់ទៅរកភាពដើមវិញទាំងស្រុងនោះទេ។ លើសពីនោះទៅទៀត ការប្រឹក្សាទាំងនេះមិនបានលើកឡើងពីមូលហេតុនៃការកុហកដ៏ចម្បងទាក់ទងនឹងការមើលរូបភាព ឬក៏វីដេអូអាសអាភាសដល់យើងនោះទេ។ សរុបមក ការប្រឹក្សាទាំងនោះមានចំណុចរួមពីរ៖ ចំណុចទីមួយគឺទាក់ទងនឹងគំនិតអំពីទេវវិទ្យា និងខគម្ពីរច្រើនពេកដែលគ្រាន់តែជាចំណេះដឹងក្នុងខួរក្បាល ហើយមិនអាចយកមកអនុវត្តបាន។ ចំណុចទីពីរ៖ ការប្រឹក្សានោះគ្រាន់តែលើកឡើងពីច្បាប់ឲ្យទៅធ្វើនេះ ធ្វើនោះនៅតែខាងសម្បកក្រៅ ហើយច្បាប់ទាំងនោះមិនអាចជួយយើងក្នុងជីវិតរស់នៅ ពោលគឺពីភាពបរាជ័យ និងពីការតស៊ូ ដើម្បីឲ្យបានសេចក្ដីសង្ឃឹម។ តើដំណឹងល្អមានប្រយោជន៍អ្វីទាក់ទងនឹងភាពបរាជ័យរបស់យើង និងការព្យាយាមជាថ្មីដែលកើតឡើងម្ដងហើយម្ដងទៀត?
ពេលដែលយើងជឿថា គ្មានបុគ្គលណាម្នាក់ក្នុងក្រុមជំនុំដែលកំពុងតែតយុទ្ធនឹងអំពើបាបទេ នោះយើងក៏នឹងមិនហ៊ាននិយាយពីអំពើបាបក្នុងក្រុមជំនុំ ឬក៏និយាយជាមួយបុគ្គលដែលកំពុងតែតយុទ្ធ ក៏ដូចជានិយាយមកកាន់ខ្លួនឯងនោះឡើយ។ តើវាជាការត្រឹមត្រូវដែរឬទេ ក្នុងការនិយាយអំពីអ្វីដែលព្រះគ្រីស្ទអាចធ្វើបាន (និងអំពីអ្វីដែលយើងអាចធ្វើបាន) បន្ទាប់ពីយើងបានបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាស? ឬក៏យើងគ្រាន់តែអង្គុយធ្វើហៃៗ ដោយសង្ឃឹមថា គ្មាននរណាម្នាក់ប្រព្រឹត្តបាបនោះឡើយ? មានអ្នកខ្លះបានលើកឡើងថា ∩ហេតុអ្វីបានជាយើងនៅគួរគិតថា យើងស័ក្តិសមនឹងឲ្យព្រះជាម្ចាស់នឹងមកជួបយើង ទាំងខ្លួនយើងបានប្រព្រឹត្តបាបដ៏អាស្រូវដូចនេះ? តាមពិត យើងមិនគួរទាំងបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាសផង។∪ ប៉ុន្តែ តាមពិតទៅ មនុស្សជាច្រើនតែងតែធ្លាក់ជាប់នៅក្នុងកាលៈទេសៈបែបនោះ ហើយព្រះជាម្ចាស់អាចនឹងប្រើកាលៈទេសៈនៃភាពសោកស្ដាយទាំងនោះឲ្យទៅជាប្រយោជន៍ដល់យើង។
បន្ទាប់ពីយើងបានបិទទ្វារ បិទភ្លើងនៅក្នុងបន្ទប់តែម្នាក់ឯង ហើយបានមើលរូប ឬក៏រឿងមិនគួរគប្បី ពេលនោះឯងជាពេលដែលអារក្សសាតាំងនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យផែនការរបស់វាបានសម្រេច៖ វាគម្រាមកំហែងដល់របៀបគិតគូរបស់យើង វានាំឲ្យយើងគិតថា យើងអាចធ្វើអ្វីមួយដើម្បីឲ្យព្រះអង្គអត់ទោសបាបយើង បាន (ដូចជាសន្យាថានឹងកាន់តែបម្រើព្រះអង្គ កាន់តែអធិស្ឋាន អានព្រះគម្ពីរ តែធាតុពិត ការទាំងនេះមិនមែនជាមធ្យោបាយដែលនាំឲ្យព្រះជាម្ចាស់អត់ទោសបាបយើងទេ តែគឺជាព្រះគុណរបស់ព្រះទៅវិញទេតើ) ហើយអារក្សសាតាំងថែមទាំងមួលបង្កាច់ ដើម្បីឲ្យយើងស្អប់ខ្លួនឯងផងដែរ។ បន្ទាប់ពីយើងបានធ្លាក់ទៅក្នុងការមើលរូបភាព ឬក៏វីដេអូអាសអាភាស នោះឯងជាពេលដែលអារក្សសាតាំងព្យាយាមយ៉ាងខ្លាំងក្នុងការរារាំងយើងពីមាគា៌របស់ព្រះជាម្ចាស់។ ខាងក្រោមនេះគឺជាចំណុចដ៏ជាក់លាក់មួយចំនួនដែលយើងអាចប្រើប្រាស់បានក្នុងការស្វែងរកព្រះគុណ បន្ទាប់ពីយើងបានភ្លាត់ស្នៀតនៅក្នុងការបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូមិនគួរគប្បី៖
១. ត្រូវស្គាល់ខ្មាំងសត្រូវរបស់ខ្លួន
បន្ទាប់ពីលោកអ្នកបានបណ្ដោយខ្លួនឲ្យទៅមើលរូបភាព ឬក៏រឿងអាសអាភាសហើយ នោះមានការពីរយ៉ាងដែលលោកអ្នកទំនងនឹងធ្វើ៖ ទីមួយ ស្អប់ខ្លួនឯង ឬក៏ ទីពីរ គេចចេញពីខ្លួនឯង។ ទោះបីជាលោកអ្នកជ្រើសរើសដើរផ្លូវមួយណាក៏ដោយ ក៏អារក្សសាតាំងនៅតែសប្បាយចិត្តដែរ។ ជម្រើសនៃគន្លងទាំងពីរនោះ គឺជាការជឿលើការចោទប្រកាន់របស់អារក្សសាតាំង (ម៉ាថាយ ១៦:២៣; ២កូរិនថូស ៧:១០)។ ចូរទទួលស្គាល់ថា លោកអ្នកមានខ្មាំងសត្រូវផ្ទាល់ខ្លួនដ៏ពូកែ ហើយការងារជាចម្បងរបស់វា គឺបំផ្លាញលោកអ្នកចោល (យ៉ូប ១:៧; អេភេសូរ ២:២; យូដាស ១:១៩)។ ចូរទទួលស្គាល់ ហើយដឹងថា អារក្សសាតាំងកំពុងតែធ្វើការទាក់ទងនឹងរាល់បទពិសោធន៍ដែលលោកអ្នកមាន ឧទាហរណ៍៖ គំនិតគិត សម្អប់ ការប្រឡូកប្រឡាក់ អារម្មណ៍ ផែនការ។ល។ ប្រសិនបើលោកអ្នកងាយនឹងភ្លេចពីការនេះ នោះលោកអ្នកនឹងងាយក្នុងការទទួលជឿលើសេចក្ដីកុហកដ៏ពោរពេញដោយការបំផ្លាញ ការលាក់បាំង ការផ្ដួលរំលំ និងល្បិចកិច្ចកល។ នៅពេលដែលព្រះយេស៊ូវមានបន្ទូលប្រាប់ពួកផារិស៊ីថា អារក្សសាតាំងដែលជាមេកុហកគឺជាឪពុករបស់ពួកគេ វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលពួកគេមិនដឹងអំពីការនោះ។ អារក្សសាតាំងមិនចង់ឲ្យពួកគេដឹងថា វាជាឪពុករបស់ពួកគេទេ ព្រោះអំពើអាក្រក់នឹងកាន់តែកើនឡើង នៅពេលដែលយើងភ្លេចវា (យ៉ូហាន ៨:៤៤)។ ចូរកុំភ្លេច៖ ក្រោយពេលដែលលោកអ្នកបណ្ដោយខ្លួនឲ្យទៅមើលរូបភាព ឬក៏វីដេអូអាសអាភាស គឺការតយុទ្ធទើបតែដល់ពាក់កណ្ដាលទីប៉ុណ្ណោះ ហើយបុគ្គលដែលលោកអ្នកកំពុងតយុទ្ធជាមួយនោះ គឺជាបុគ្គលដ៏អាក្រក់ ដែលមិនងាយបោះបង់ការព្យាយាមបំផ្លាញជីវិតរបស់លោកអ្នកចោលនោះឡើយ ប៉ុន្តែវាមិនទាន់យកជីវិតរបស់លោកអ្នកបាននៅឡើយទេ។
២. ព្យាយាមកុំស្អប់ខ្លួនឯង
យើងមិនចាំបាច់សួរដើម្បីឲ្យដឹងថា៖ ការមើលរូបភាព ឬក៏វីដេអូអាសអាភាសគឺជាការបញ្ចុះបញ្ចូលដ៏អាក្រក់ដើម្បីឲ្យយើងជឿថា ការត្រេកត្រអាលចង់បានអ្វីមួយដែលប្លែក គឺជារឿងគ្មានទោសនោះទេ។ ការមានសតិបញ្ញាដែលឈឺចាប់ គឺជាចំណុចដ៏ល្អមួយ។ ប៉ុន្តែ នៅពេលដែលលោកយូដាសដឹងខ្លួនថា «ខ្ញុំបានធ្វើបាប ព្រោះខ្ញុំបានបានក្បត់នឹងឈាមដែលឥតទោស» គឺវាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលគាត់ «ចេញទៅក្រៅ រួចចងកសម្លាប់ខ្លួន» (ម៉ាថាយ ២៧:៤-៥ គកស)។ នេះគឺជាអារម្មណ៍ធម្មតាទេ ដែលយើងចង់ដាក់ទោសខ្លួនឯងនៅពេលដែលយើងក្បត់នឹងមនុស្សដែលឥតទោស។ តាមរយៈការដែលយើងមួលបង្កាច់មនុស្សដែលគ្មានទោស នោះយើងក៏ដាក់ទោសខ្លួនឯងដែរ។ ហេតុដូច្នេះហើយបានជាមានមនុស្សជាច្រើនសម្លាប់ខ្លួនដោយសារការមើលរូបភាព ឬក៏វីដេអូមិនត្រឹមត្រូវ។ មនុស្សមួយចំនួនទំនងជាគិតថា «ខ្ញុំមិនល្អដូចជាអ្វីដែលគ្រូគង្វាល ឬក៏អ្នកនិពន្ធមួយចំនួនចង់ឲ្យខ្ញុំល្អនោះទេ»។ នៅទីបំផុត ការបង្ខូចភាពថ្លៃថ្នូររបស់មនុស្សនឹងកាន់តែបង្ខូចអស់អ្នកដែលមើលរូបភាព និងវីដេអូអាសអាភាស ហើយក៏នឹងនាំពួកគាត់ឲ្យកាន់តែស្អប់ខ្លួនឯង ក៏ដូចជានាំពួកគាត់ឲ្យខ្ពើមរអើមខ្លួនឯងដែរ។ យើងស្អប់ យើងរិះគន់ យើងឆ្អើម ហើយយើងខ្ពើមខ្លួនឯងយ៉ាងខ្លាំង! ភាពសោកសង្រេងចំពោះការទាស់នឹងខ្លួនឯង ហើយមានអារម្មណ៍ថា យើងត្រូវតបស្នងទៅកាន់ព្រះជាម្ចាស់វិញ ចំពោះអំពើបាបដែលយើងបានប្រព្រឹត្តិ គឺជារឿងខូចចិត្តយ៉ាងខ្លាំង ហើយក៏ជាការធ្វើទារុណកម្មខ្លួនឯងដ៏ព្រៃផ្សៃបំផុតដែរ។
ហេតុដូច្នេះហើយបានជាស្ដេច ដាវីឌ ប្រើការប្រៀបធៀបដ៏ស៊ីជម្រៅអំពីសាច់ឈាម នៅពេលដែលទ្រង់ទូលអង្វរសូមព្រះគុណរបស់ព្រះជាម្ចាស់ក្នុងការលុបអំពើបាបខាងផ្លូវភេទរបស់គាត់៖ «សូមលុបអំពើរំលងរបស់ទូលបង្គំចេញ» «សូមលាងទូលបង្គំ» «សូមសម្អាតទូលបង្គំ» «ទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ» «សូមជម្រះទូលបង្គំ» «សូមលាងសម្អាតទូលបង្គំ (ម្ដងទៀត)» «សូម…លុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មានរបស់ទូលបង្គំ» «សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ» (ទំនុកតម្កើង ៥១:១, ២, ៥, ៧, ៩, ១០)។ នេះជាការស្រែកអង្វរដ៏សាមញ្ញ៖ «បាបនោះនៅក្នុងទូលបង្គំ! សូមដកវាចេញទៅ!» «សូមបញ្ឈប់ទូលបង្គំ!» «ទូលបង្គំស្អប់វាណាស់!» «ទូលបង្គំស្អប់ខ្លួនឯងណាស់!» «សូមលាងទូលបង្គំនឹងទឹកអូសាវែល។» ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលទ្រង់ដល់យើង ដែលមានទាំងការឈឺចាប់ និងសេចក្ដីសង្ឃឹមក្នុងជំពូកតែមួយ។ ចូរតយុទ្ធដូចដែលស្ដេច ដាវីឌ បានធ្វើ។ ចូរស្រែកយំដូចដែលស្ដេច ដាវីឌ បានយំ។ ចូរដូរសម្រែកថ្ងួចថ្ងូរនៃការស្អប់ខ្លួនឯងជាមួយនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលគ្មានលក្ខខណ្ឌ។
ប្រសិនបើលោកអ្នកត្រូវល្បួងឲ្យលិចលង់នៅក្នុងការឈឺចាប់តែម្នាក់ឯង ចូរកុំអនុញ្ញាតឲ្យការស្អប់ខ្ពើមអំពើបាបនោះ នាំឲ្យលោកអ្នកស្អប់ខ្លួនឯងឡើយ។ ចូរមានការអត់ធ្មត់ចំពោះខ្លួនឯង ដ្បិតព្រះជាម្ចាស់ទ្រង់អត់ធ្មត់។ ព្រះអង្គកំពុងតយុទ្ធ ដើម្បីជីវិតរបស់លោកអ្នក (លោកុប្បត្តិ ៣២:២៤; យ៉ូហាន ១០:១០)។ ព្រះអង្គមិនភ្លេចលោកអ្នកទេ ហើយព្រះអង្គក៏មិនបានចាកចេញពីលោកអ្នកដែរ។ ចូរបន្តជាមួយទ្រង់នៅក្នុងការតយុទ្ធ។ ចូរបន្តដេញចាប់ខ្យល់ដង្ហើមនៃជីវិតរបស់ព្រះជាម្ចាស់ ព្រោះទ្រង់ជាវិញ្ញាណដែលប្រទានជីវិត (១កូរិនថូស ១៥:៤៥)។
៣. តយុទ្ធនឹងការយល់ឃើញមិនច្បាស់លាស់
ក្រោយពេលដែលយើងបានបណ្ដោយខ្លួនឲ្យទៅមើលរូបភាព ឬក៏វីដេអូអាសអាភាសហើយ នោះយើងនឹងមានភាពស្រពិចស្រពិលនៅក្នុងការយល់ឃើញរបស់យើង។ ព្រះយេស៊ូវបានជ្រាបពីការនេះ «មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ» (ម៉ាថាយ ៥:៨)។ ភាពបរិសុទ្ធ គឺជាការទទួលយកគុណធម៌ដ៏ត្រចះត្រចង់។ ចុះភាពមិនបរិសុទ្ធវិញ? វាគឺជាការដែលធ្វើឲ្យយើងកាន់តែជក់ចិត្តក្នុងការលួចលាក់ធ្វើបាបម្នាក់ឯង និងជាការគេចចេញពីព្រះជាម្ចាស់ ពីអ្នកដទៃ និងពីខ្លួនឯង និងវាធ្វើឲ្យយើងមានភាពស្ពឹកស្រពន់ វង្វេងស្មារតី ស្លាប់ និងលែងដឹងខុសត្រូវ។ អំពើបាបខាងផ្លូវភេទតែងតែកាត់បន្ថយការយល់ឃើញខាងឯព្រលឹងវិញ្ញាណ។ ជាថ្មីម្ដងទៀត នេះគឺជាអារម្មណ៍ដែលមនុស្សគ្រប់គ្នាធ្លាប់មាន៖ ការលុបចោលនូវអ្វីៗដែលលោកអ្នកបានមើលនៅលើប្រព័ន្ធអ៊ីនធឺណិត ការខំប្រឹងធ្វើនេះធ្វើនោះដោយមិនអស់ចិត្ត ហើយម្ដងទៅធ្វើការនេះ ម្ដងទៅធ្វើការនោះ ម្ដងទៅនិយាយជាមួយអ្នកនេះ ម្ដងទៅនិយាយជាមួយអ្នកនោះ គឺយើងស្ទើរតែមានអារម្មណ៍ថា ជីវិតយើងគ្មានន័យអ្វីទាំងអស់ ហើយស្ទើរតែថាខ្លួនឯងលែងជាមនុស្សទៀតផង ពោលគឺគ្មានការឆេះឆួលសល់ទៀតទេ។ យើងមានអារម្មណ៍បែបនោះ ព្រោះធាតុពិតនៃការបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាសបានបង្កប់ដោយការមានអារម្មណ៍បែបនោះ។
និយាយឲ្យចំទៅ ការមានអារម្មណ៍បែបនោះ គឺគ្មានអ្វីដែលយើងអាចធ្វើបាននោះទេ លើកលែងតែបន្តរស់នៅក្នុងភាពស្មុគស្មាញ និងការវង្វេងស្មារតីរហូតដល់វារសាយបាត់ទៅ។ ចូរបន្តអធិស្ឋាន (អេភេសូរ ៦:១៨)។ ចូរបន្តព្យាយាមដកដង្ហើម។ ចូរប្រុងស្មារតីជានិច្ច។ ខណៈពេលដែលយើងកំពុងជាប់នៅក្នុងអារម្មណ៍នៃការបណ្ដោយខ្លួនទៅមើលរូបភាព ឬរឿងមិនគប្បី គឺយើងត្រូវតែពឹងលើព្រះគុណដែលព្រះជាម្ចាស់បានប្រទានដល់យើងជារៀងរាល់ថ្ងៃ (បរិទេវ ៣:២២-២៤)។ នៅត្រង់ចំណុចនេះ យើងឃើញថា អ្នកយំសោកកំពុងតែព្យាយាម ហើយគាត់អធិស្ឋានពីអ្វីដែលគាត់មិនអាចធ្វើបាន។ «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ព្រះអង្គ» (បរិទេវ ៣:២៤ គកស)។ តើពិតមែនឬ? តើលោកអ្នកនឹងសង្ឃឹមលើទ្រង់ឬទេ? ការអធិស្ឋានគឺជាការបង្ហាញពីសេចក្ដីសង្ឃឹម។ សេចក្ដីអធិស្ឋានមួយនេះ គឺជាចំណែករបស់អ្នកយំសោក ចំពោះព័ន្ធកិច្ចរបស់ព្រះជាម្ចាស់។ ចូរបន្តឈានទៅមុខ! ចូរបន្តដកដង្ហើម! ប្រសិនបើលោកអ្នកឈប់បន្តបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាស មិនយូរមិនឆាប់ លោកអ្នកនឹងលែងមានភាពស្រពិចស្រពិលនៅក្នុងការយល់ឃើញតទៅទៀតជាមិនខាន។
៤. ការពារអ្នកដទៃ
ការមើលរូបភាព ឬក៏វីដេអូអាសអាភាស គឺជាការបង្ហាត់បង្រៀនខ្លួនឯងឲ្យចេះប្រើអ្នកដទៃ ដើម្បីបំពេញការត្រេកត្រអាលរបស់ខ្លួន។ ចូរដឹងថា ចាប់ពីពេលដែលលោកអ្នកបានមើលរូបភាព ឬក៏រឿងមិនគួរគប្បីមក នោះ លោកអ្នកនឹងងាយធ្លាក់ទៅក្នុងការប្រើប្រាស់មនុស្ស ដែលនៅជិតលោកអ្នកតាមរបៀបមួយដូចដែលលោកអ្នកប្រើរូបភាព ឬក៏វីដេអូអាសអាភាស ដើម្បីបំពេញសេចក្ដីអរសប្បាយរបស់ខ្លួនយ៉ាងនោះដែរ។ ពោលគឺ ដោយភាពអាត្មានិយម ដោយឥរិយាបថដែលព្រងើយកន្តើយ និងការមិនកែប្រែចិត្ត។ ការមើលរូបភាព ឬក៏វីដេអូអាសអាភាស ធ្វើឲ្យយើងខ្វាក់ភ្នែកនៅក្នុងទំនាក់ទំនងរបស់យើងជាមួយមិត្តភក្ដិ ហើយវារារាំងយើងមិនឲ្យស្រឡាញ់អ្នកដទៃឡើយ។ ដូច្នេះ វិធីដ៏ល្អបំផុតគឺយើងត្រូវដើរដោយចេះការពារខ្លួន៖ ដើរមួយៗដោយទទួលស្គាល់ថា ខ្លួនកំពុងឈឺ ហើយងាយនឹងធ្វើបាបអ្នកដទៃដោយយកគេមកប្រើប្រាស់ទុកដូចជារបស់ប្រើប្រាស់ ពោលគឺចាត់ទុកគេអន់ជាងសត្វទៅទៀត។ ក្រោយពេលដែលលោកអ្នកធ្លាក់ចុះ វាជាការចាំបាច់ណាស់ដែលលោកអ្នកត្រូវទទួលស្គាល់ថា មនុស្សដែលនៅជុំវិញខ្លួនលោកអ្នក (មិនមែននៅលើអេក្រង់គ្រឿងអេឡិចត្រូនិករបស់លោកអ្នកទេ) ស័ក្តិសមនឹងទទួលបានការគោរព និងសេចក្ដីថ្លៃថ្នូរដែលលោកអ្នកមិនបានផ្ដល់ឲ្យដល់អស់អ្នកដែលនៅលើអេក្រង់ដែលលោកអ្នកទើបនឹងមើល។
ការមើលរូបភាព ឬក៏វីដេអូអាសអាភាស គឺប្រៀបដូចជាមើលខ្សែភាពយន្តមួយរឿង ដែលមានតួឯក មានពាក្យសម្ដីដែលគេរៀបចំឲ្យនិយាយ ហើយក៏មានការសម្ដែងផងដែរ៖ មានបុគ្គលដែលទទួលបានសេចក្ដីអរសប្បាយ មានបុគ្គលដែលជាអ្នកផ្ដល់សេចក្ដីអរសប្បាយឲ្យគេ មានបុគ្គលដែលជាអ្នកលះបង់ និងមានបុគ្គលដែលជាអ្នកទទួលបានការលះបង់ពីអ្នកដទៃ មានបុគ្គលដែលធ្វើខ្លួនអន់ជាងសត្វ និងបុគ្គលដែលតាំងខ្លួនជាព្រះ ជាអ្នកដែលរកតែប្រយោជន៍ខ្លួនឯង។ យើងត្រូវចេះគ្រប់គ្រងខ្លួនឯង ដើម្បីឲ្យចាំថា ការមើលរូបភាព ឬក៏វីដេអូអាសអាភាស គឺជាខ្សែភាពយន្តដែលពោរពេញទៅដោយការកុហក ហើយប្រសិនបើយើងចង់តយុទ្ធជាមួយការកុហកនេះ គឺយើងមិនត្រូវគិតអំពីខ្លួនឯងច្រើនពេកនោះទេ តែត្រូវគិតពីអ្នកដទៃវិញ៖ យើងត្រូវចាំពីសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សដែលនៅជុំវិញយើង ពោលគឺមិនត្រូវតាំងខ្លួនជាព្រះ ដែលគិតតែពីប្រយោជន៍ខ្លួនឯងនោះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតរបស់យើង ដើម្បីកុំឲ្យសាច់ឈាមយើងត្រួតត្រាលើយើង (កាឡាទី ៥:១៧)។ ព្រះជាម្ចាស់ដ៏ជាអង្គដែលថែរក្សាយើង ទ្រង់ការពារអ្នកដទៃកុំឲ្យទទួលផលអាក្រក់ពីយើង នៅពេលដែលយើងគិតថា ខ្លួនជាព្រះ។
៥. សារភាពទៅកាន់មិត្តភក្ដិ
ចូរសារភាពបាបរបស់លោកអ្នកទៅកាន់មិត្តភក្តិណាម្នាក់របស់លោកអ្នក ដែលនឹងមិនរកលេសដោះសារឲ្យលោកអ្នក ហើយក៏នឹងមិនស្ដីបន្ទោសលោកអ្នកធ្ងន់ធ្ងរដែរ ព្រោះចំណុចទាំងពីរនេះសំខាន់ដូចគ្នា។ ពេលខ្លះ នៅពេលដែលយើងរកមនុស្សមកជួយយើង (ក្រោយពេលដែលយើងបានធ្លាក់ទៅក្នុងការបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាស) អ្នកដែលយើងចង់ឲ្យជួយ បែរជាមកជាន់ពន្លិចយើងថែមទៀតទៅវិញ (សុភាសិត ២៤:១៦)។ ចូររកមិត្តភក្តិដែលនឹងជួយផ្ដល់សេចក្ដីសង្ឃឹមដល់យើង ជួយព្យាបាលយើងនៅពេលដែលគាត់ឮការសារភាពបាបរបស់យើង។ ចំណុចស្នូលនៃការសារភាពគឺ «ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ»«ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង» (យ៉ាកុប ១:១៦ គកស)។ ពិតណាស់ តម្លៃនៃ «ពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់» (យ៉ាកុប ៥:១៦ គកស)។ ជាការល្អណាស់ប្រសិនបើលោកអ្នកសារភាពបាបនេះទៅកាន់មនុស្សដែលមានភេទដូចគ្នា។ ការសារភាពបែបនេះ មិនមែនជារនាំងខណ្ឌផ្ដាច់មនុស្សដែលប្រព្រឹត្តិបាបពីព្រះគ្រីស្ទនោះទេ ប៉ុន្តែវាជាវិធីមួយក្នុងការព្យាបាលការឈឺចាប់។ មនុស្សមានបាបដែលមានប្រាជ្ញាប្រាកដជាសារភាពបាបរបស់ខ្លួនទៅកាន់មិត្តភក្ដិដែលនឹងមិន «សង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុង» ហើយក៏នឹងមិន «រាប់សេចក្ដីអាក្រក់ថាជាល្អ» (សុភាសិត ២២:២២; អេសាយ ៥:២០)។ ប្រសិនបើនៅកន្លែងដែលលោកអ្នករស់នៅមានការប្រជុំគ្នា ដើម្បីជួយដោះស្រាយបញ្ហាបែបនេះ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យទៅចូលរួមជាមួយគេដែរ ឧទាហរណ៍៖ ក្រុមតូចដែលក្រុមជំនុំលោកអ្នកមាន។
៦.ប្រើការយល់ឃើញដ៏ច្បាស់លាស់របស់លោកអ្នក ដើម្បីជាប្រយោជន៍
ប្រាកដណាស់ លោកអ្នកនឹងមានភាពស្រពិចស្រពិលក្នុងការយល់ឃើញ ក្រោយពេលដែលបានធ្លាក់ទៅក្នុងការមើលរូបភាព ឬក៏វីដេអូអាសអាភាស។ ប៉ុន្តែ លោកអ្នកក៏អាចនឹងមានការយល់ឃើញយ៉ាងច្បាស់លាស់ដែរ ព្រោះនោះជាលក្ខណៈមួយនៃការក្រឡេកមើលក្រោយដោយមានការសោកស្ដាយ។ «កាលយូដាស…ឃើញថាព្រះអង្គជាប់ទោស គាត់សោកស្ដាយជាខ្លាំង» (ម៉ាថាយ ២៧:៣ គកស)។ ការយល់ឃើញដ៏ច្បាស់របស់លោក យូដាស បាននាំគាត់ទៅកាន់ផ្លូវខុស។ ប៉ុន្តែ លោកអ្នកអាចប្រើការយល់ឃើញដ៏ច្បាស់របស់លោកអ្នក ដើម្បីចូលទៅកាន់ផ្លូវត្រឹមត្រូវវិញ។ ដូចគ្នាដែរសាវ័ក ប៉ុល ក៏បានសរសេរអំពីការបះបោររបស់សាសន៍អ៊ីស្រាអែលថា «ហេតុការណ៍ទាំងនោះបានកើតឡើងជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ដូចជាពួកលោក (ឡើយ)។» (១កូរិនថូស ១០:៦ គកស)។ បើនិយាយឲ្យខ្លីទៅ ពេលខ្លះយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់។ ហើយនៅក្នុងករណីនោះ គឺយើងជាគំរូដល់អ្នកដទៃហើយ។
ប្រសិនបើលោកគ្រូ ចន ផាបភ័រ (John Piper) មកនិយាយជាមួយនឹងអ្នក គាត់ទំនងជាលើកឡើងថា ∩កុំឲ្យការសោកស្ដាយរបស់យើងក្លាយជាការឥតប្រយោជន៍នោះឡើយ∪។ ចូរប្រើវាសម្រាប់សិរីល្អរបស់ព្រះជាម្ចាស់ និងសម្រាប់អំណររបស់លោកអ្នក។ ចូររៀនដាក់រនាំងទប់ស្កាត់ខ្លួនឯង។ ចូរប្រើការយល់ឃើញដ៏ច្បាស់លាស់នោះ (មុនវារសាយបាត់ទៅ) មុនពេលដែលលោកអ្នកប្រឈមមុខនឹងសេចក្ដីល្បងនោះម្ដងទៀត ដើម្បីនឹងរៀបចំរនាំងទប់ស្កាត់ខ្លួនឯង។ ប្រសិនបើលោកអ្នកគ្រាន់តែអង្គុយគិតថា រនាំងនេះ ឬក៏រនាំងនោះល្អ ឬមិនល្អ ឬក៏ថាវាមាន ឬមិនមានប្រសិទ្ធភាព ប៉ុណ្ណេះ ឬប៉ុណ្ណោះ នោះចូរចាំថា មូលដ្ឋាននៃសេចក្ដីពិតគឺ៖ ប្រសិនបើលោកអ្នកមិនមានរនាំងទប់ស្កាត់ខ្លួនឯងពីការមើលរូបភាព ឬក៏វីដេអូអាសអាភាសនៅពេលអនាគតទេ នោះលោកអ្នកប្រាកដជានឹងមើលវាម្ដងទៀតជាមិនខាន។ ប្រសិនបើលោកអ្នកមិនទាន់មានរនាំងការពារនៅឡើយទេ នោះចូរកុំបន្តនៅអែអង់ដោយគិតថា យកវិធីមួយណានោះឡើយ តែត្រូវជ្រើសរើសវិធីមួយភ្លាម។ ខាងក្រោមនេះគឺជាកម្មវិធីមួយចំនួនដែលលោកអ្នកអាចជ្រើសរើសយកទៅប្រើ ដើម្បីការពារខ្លួនបាន៖
- ចូរបញ្ចូលកម្មវិធី Covenant Eyes ឬក៏ X3Watch នៅក្នុងគ្រប់គ្រឿងអេឡិចត្រូនិករបស់ខ្លួន។
- ចូរកុំរក្សាទុកកម្មវិធីទាំងឡាយណា ដែលលោកអ្នកអាចប្រើ ដើម្បីលេងអ៊ីនធឺណិតដែលអ្នកផ្សេងមិនអាចដឹងថាលោកអ្នកបានមើលអ្វីខ្លះ។
- ចូរលុបចោលកម្មវិធីទាំងឡាយណា ដែលលោកអ្នកអាចចូលលេងអ៊ីនធឺណិតដោយអាថ៌កំបាំងបាន ហើយអ្នកផ្សេងមិនដឹងថាលោកអ្នកបានចូលមើលអ្វី។
- ចូរឲ្យមិត្តភក្តណាម្នាក់របស់លោកអ្នកបិទ app store ឬក៏ play store ចោល ដើម្បីកុំឲ្យលោកអ្នកចូលទៅទាញយកកម្មវិធី ដោយខ្លួនឯងបានដូចជា Google Chrome ជាដើម តែចូរប្រើកម្មវិធី Covenant Eyes ឬក៏ X3Watch ជាការលេងអ៊ីនធឺណិតវិញ។ សម្រាប់លោកអ្នកដែលប្រើប្រព័ន្ធ iOs ប្រសិនបើចង់បិទ ចូរចូលទៅកាន់ Link នេះ៖ support.apple.com ហើយសម្រាប់លោកអ្នកដែលប្រើប្រព័ន្ធ Andriod ចូរចូលទៅកាន់ Link នេះ៖ www.pcadvisor.co.uk
- ចូរលុបរូបភាពអាសអាភាស ដែលលោកអ្នកធ្លាប់ទាញទុកនៅក្នុងគ្រឿងអេឡិចត្រូនិករបស់លោកអ្នកចោល។
- ចូរសារភាពប្រាប់មិត្តភក្តលោកអ្នកពីវិធី និងរបៀបដែលលោកអ្នកតែងតែលួចប្រើក្នុងការមើលរូបភាព ឬក៏វីដេអូអាសអាភាស។ ប្រសិនបើលោកអ្នកមិនរៀបចំផែនការទេ នោះមានន័យថា លោកអ្នកបានរៀបផែនការ ទៅរកភាពបរាជ័យហើយ។ ចំណុចនេះគឺជាការពិតណាស់ ជាពិសេសទាក់ទងនឹងការតយុទ្ធជាមួយការមើលរូបភាព ឬក៏វីដេអូអាសអាភាស។
៧. ស្គាល់ព្រះជាម្ចាស់
ចូរចងចាំចំណុចនេះ៖ ព្រះជាម្ចាស់ស្រឡាញ់លោកអ្នកខ្លាំងណាស់! ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចំពោះអំពើបាបដែលយើងធ្វើទេ (លោកុប្បត្ដិ ៦:៦) ហើយទ្រង់ក៏ឈឺព្រះហឫទ័យនឹងយើងដែរ ប៉ុន្តែអំណាចរបស់ព្រះអង្គគឺសម្រាប់ជាប្រយោជន៍ដល់យើង (ទំនុកដំកើង ៣៤:១៧-១៩)។ ជាការពិតណាស់ ការដែលយើងមានភាពស្រពិចស្រពិលនៅក្នុងការយល់ឃើញ អាចនឹងខណ្ឌផ្ដាច់យើងចេញពីព្រះជាម្ចាស់បាន៖ «មនុស្សកំរោលមិនដឹងអ្វីទេ ហើយមនុស្សឆោតល្ងង់ក៏មិនយល់សេចក្ដីនេះដែរ» (ទំនុកដំកើង ៩២:៦ គកស)។ ប៉ុន្តែ ទោះជាពេលដែលយើងមិនអាចមើលទ្រង់ឃើញ ហើយទោះបីជាពេលដែលយើងបរាជ័យនៅក្នុងការស្ដាប់បង្គាប់ទ្រង់ក៏ដោយ ក៏យើងនៅតែអាចអធិស្ឋានបែបនេះបានដែរថា៖ ឱព្រះជាម្ចាស់អើយ! សូមរំលាយផែនការរបស់យើងខ្ញុំ ដើម្បីកុំឲ្យយើងមិនស្ដាប់បង្គាប់ទ្រង់ (នេហេមា ៤:១៥) ហើយក៏គ្មានអ្នកណាអាចឃាត់ព្រះតម្រិះរបស់ព្រះអង្គបានឡើយ (យ៉ូប ៤២:២)។ លើសពីនោះទៅទៀត ឱព្រះជាម្ចាស់អើយ! សូមជួយយើងខ្ញុំក្នុងការផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់យើងខ្ញុំទៅលើទ្រង់ ព្រោះទ្រង់យកព្រះហឫទ័យទុកដាក់នឹងយើងខ្ញុំ (១ពេត្រុស ៥:៦-៧)។
ព្រះជាម្ចាស់មិនបោះបង់មនុស្សមានបាបចោលឡើយ។ ព្រះអង្គក៏មិនដើរចេញពីអស់អ្នកដែលបណ្ដោយខ្លួនឲ្យទៅមើលរូបភាព ឬក៏វីដេអូអាសអាភាសដែរ។ ចូររង់ចាំនៅក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់។ «ចូរស្អាងខ្លួននៅក្នុង…ព្រះវិញ្ញាណបរិសុទ្ធ៖ ចូររក្សាជំនឿនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលនាំទៅរកជីវិតអស់កល្បជានិច្ចផង» (យូដាស ១:២០-២១)។ ចូរស្គាល់ចំណុចខុសគ្នារវាងព្រះជាម្ចាស់ និងការដែលអារក្សសាតាំងបន្លំខ្លួនធ្វើដូចជាព្រះជាម្ចាស់ ដើម្បីនឹងបោកបញ្ឆោតលោកអ្នក៖ ភាពស្អប់ខ្ពើម ការដើរចេញ ការគ្មានពេលវេលា និងការមិនចាប់អារម្មណ៍។ ចូរស្គាល់ព្រះភក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់៖ មានពេញដោយសេចក្ដីស្រឡាញ់ ការអត់ធ្មត់ ព្រមទាំងធ្វើការនៅក្នុងលោកអ្នក គ្មានអ្វីមួយធ្វើឲ្យទ្រង់ភ្ញាក់ផ្អើល គ្មានការបន្ទន់ចិត្ត ក៏គ្មានការរាថយនៅក្នុងការឈោងចាប់លោកអ្នកផងដែរ។ ព្រះអង្គនឹងមិនបោះបង់លោកអ្នកចោលឡើយ។
មតិយោបល់
Loading…