in ,

​រៀប​ការភេទ​ដូច​គ្នា​

បុគ្គល​ម្នាក់​បាន​ទូរស័ព្ទ​មក ហើយ​សួរ​ថា «លោក​គ្រូ ប្រសិន​បើ​មាន​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​គ្រូ​បាន​អញ្ជើញ​លោក​គ្រូ​ឲ្យ​ទៅ​ចូល​រួម​កម្មវិធី ដែល​គេ​ហៅ​ថា​ពិធី​មង្គល​ការ​ភេទ​ដូច​គ្នា នោះ​លោក​គ្រូ​នឹង​ទៅ​ចូល​រួម​ដែរ​ឬ​ទេ?»

បើ​គ្រាន់​តែ​គិត​លើ​គំនិត​មួយ​នេះ វា​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​បាត់​ទៅ​ហើយ? ចម្លើយ​របស់​យើង​ខ្ញុំ​គឺ​ថា «ទេ!»។ យើង​ខ្ញុំ​នឹង​មិន​ទៅ​ទេ។ ហើយ​ការ​ដែល​មិន​ទៅ​ចូល​រួម​ពិធី​មួយ​នេះ​គឺ​ប្រៀប​ដូច​ជា​ការ​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​របស់​ឪពុក​ម្នាក់​ខ្ទេចខ្ទាំ​អញ្ចឹង។ ខាង​ក្រោម​នេះ​គឺ​ជា​មូល​ហេតុ​ដែល​យើង​ខ្ញុំ​មិន​ទៅ​ចូល​រួម៖

ការ​ឲ្យ​អត្ថន័យ​លើ​ពាក្យ «អាពាហ៍ពិពាហ៍»

ទី១ វា​មិន​មែន​ជា​ពិធី​មង្គលការ​នោះ​ទេ ពីព្រោះ​វា​មិន​មែន​ជា​ពិធី​អាពាហ៍ពិពាហ៍​ការ​ចាប់​ផ្តើម​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ ដូច្នេះ ការ​ទៅ​ចូល​រួម​ដោយ​រាប់​វា​ថា​ជា​ពិធី​មង្គល​ការ​គឺ​ជា​ការ​ខុស​ឆ្គង​ហើយ ពោល​គឺ​ជា​ការ​កុហក។ ការ​ដែល​មាន​ពិធី​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​គឺ​មិន​អាច​ទៅ​រួច​បាន​ទេ។

ព្រះ​ជាម្ចាស់​បាន​ផ្ដល់​អត្ថន័យ​លើ​ពិធី​អាពាហ៍ពិពាហ៍​ថា ជា​សេចក្ដី​ចំណង​ជីវិត​រវាង​បុរស និង​ស្ត្រី​ម្នាក់​ក្នុង​នាម​ជា​ប្តី​និង​ប្រពន្ធ។ ពិធី​អាពាហ៍ពិពាហ៍​នៃ​ភេទ​ដូច​គ្នា​គឺ​មិន​ដូច្នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វា​មិន​មែន​ជា​ពិធី​អាពាហ៍ពិពាហ៍​ការ​ចាប់​ផ្តើម​ទំនាក់​ទំនង​គ្រួសារ និង​ពិធី​មង្គល​ការ​ឡើយ។ យើង​ខ្ញុំ​នឹង​មិន​កុហក​ខ្លួន​ឯង​ដោយ​រាប់​វា​ថា​ជា​ពិធី​មង្គល​ការ​ដោយ​ទៅ​ចូល​រួម។

របៀប​ចង​ភ្ជាប់​នៃ​ស្ថានសួគ៌

ទី២ ចំណង​មួយ​នេះ—ប្រសិន​បើ​លោក​អ្នក​ហ៊ាន​ហៅ​វា​ថា​ដូច្នោះ—គឺ​មិន​មាន​ការ​ចង​ភ្ជាប់​គ្នា​នៅ​ឯ​ស្ថាន​សួគ៌​ឡើយ។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា «ដូច្នេះ អ្វី​ដែល​ព្រះ​បាន​ផ្សំ​ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​គេ​ឡើយ» (ម៉ាថាយ ១៩:៦)។ នេះ​ហើយ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពិធី​មង្គលការ​អស្ចារ្យ។ ពិធី​មង្គលការ​គឺ​មិន​មែន​ជា​ការ​សម្រេច​របស់​មនុស្ស​លោក​នោះ​ទេ។ ព្រះ​ជាម្ចាស់​ជា​អង្គ​ផ្សំផ្គុំ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ១០:៩ ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ថា​ពិធី​អាពាហ៍ពិពាហ៍​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឯ​ស្ថានសួគ៌—មិន​មែន​គ្រាន់​តែ​រវាង​មនុស្ស​ពីរ​នាក់ ឬ​ក៏​គ្រូ​គង្វាល​ម្នាក់ ឬ​ក៏​ចៅ​ក្រម​នោះ​ឡើយ។ ការ​ផ្សំ​ផ្គុំ​បុរស​ពីរ​នាក់ ឬ​ក៏​ស្ត្រី​ពីរ​នាក់​គឺ​មិន​មាន​ការ​ចង​ក្រង​នៅ​ឯ​ស្ថាន​សួគ៌​ទេ។ ហើយ​ការ​ដែល​លើក​ជា​សំណើ​ថា​វា​គឺ​ជា​ពិធី​អាពាហ៍ពិពាហ៍​គឺ​ជា​បទ​ល្មើស​ចំពោះ​ស្ថាន​សួគ៌។

កុំ​អប​អរ​សាទរ​នឹង​អំពើ​បាប​ឡើយ

ទី៣ ការ​ជូន​ពរ​លើ​ព្រឹត្តិ​ការណ៍​នេះ​គឺ​ជា​សម្អប់។ ចំពោះ​​យើង​ខ្ញុំ វា​គឺ​ជា​សម្អប់​ក្នុង​ការ​ជូន​ពរ​ព្រឹត្តិ​ការណ៍​នេះ ពីព្រោះ​វា​គឺ​ជា​ការ​អះអាង​លើ​ជីវិត និង​របៀប​រស់​នៅ​ដែល​នឹង​នាំ​ឲ្យ​ធ្លាក់​ស្ថាន​នរក។ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «សូម​កុំ​ច្រឡំ​ឲ្យ​សោះ! ពួក​សហាយស្មន់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​ផិតក្បត់ ពួក​ប្រុស​ពេស្យា ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ចោរ ពួក​លោភលន់ ពួក​ប្រមឹក ពួក​ជេរប្រមាថ ពួក​បោក​ប្រាស់ នោះ​មិន​អាច​គ្រង​ព្រះ​រាជ្យ​របស់​ព្រះ​ទុក​ជា​មរតក​បាន​ឡើយ» (១កូរិនថូស ៦:៩-១០)។ ពួក​គេ​នឹង​មិន​អាច​គ្រង​បាន​ទេ។

ការ​អប​អរ​សាទរ​ជីវិត​រស់​នៅ​មួយ​នេះ​គឺ​ជា​ការ​អប​អរ​សាទរ​ការ​បំផ្លាញ​មនុស្ស​ជាតិ​ចោល ហើយ​នេះ​គឺ​ជា​ការ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ណាស់។ វា​ដូច​ជា​ការ​ជួប​ជុំ​គ្នា ដើម្បី​អប​អរ​សាទរ​ការ​ធ្វើ​ជា​ចោរ ការ​ប្រមឹក និង​ការ​បោក​ប្រាស់​អ្នក​ដទៃ​អញ្ចឹង។ វា​ប្រៀប​ដូច​ជា​ការ​លើក​ឡើង​ថា «តោះ! ចូរ​យើង​ជួប​ជុំ​គ្នា ដើម្បី​អប​អរ​សាទរ​ភាព​លោភលន់។ ចូរ​យើង​ជួប​ជុំ​គ្នា ដើម្បី​អប​អរ​សាទរ​អំពើ​ផិត​ក្បត់។» បុគ្គល​ណា​ដែល​ចូល​រួម​ការ​អប​អរ​សាទរ​អំពើ​បាប​ក៏​កំពុង​តែ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ផង​ដែរ។ ហើយ​យើង​ខ្ញុំ​ក៏​មិន​គួរ​ប្រព្រឹត្ត​អំពើ​បាប​ទេ។

ការ​ឲ្យ​តម្លៃ​ការ​តាំង​សេចក្ដី​សញ្ញា

ទី៤ ពិធី​មួយ​នេះ​នឹង​ប្រមាថ​ព្រះ​គ្រីស្ទ និង​ក្រុម​ជំនុំ។ ព្រះ​ជាម្ចាស់​បាន​រចនា​ពិធី​អាពាហ៍ពិពាហ៍ ដើម្បី​បង្ហាញ​ការ​តាំង​សញ្ញា​របស់​ព្រះ​គ្រីស្ទ​ចំពោះ​កូន​ក្រមុំ​របស់​ទ្រង់ ពោល​គឺ​ក្រុម​ជំនុំ។ ការ​អប​អរ​សាទរ​ការ​ផ្សំ​ផ្គុំ​ដែល​គ្មាន​កូន​ក្រមុំ​ថា​ជា​ពិធី​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​បង្ខូច និង​បង្ខាត​រឿង​ប្រៀប​ប្រដូច​ដែល​ល្អ​បំផុត​លើ​លោក​នេះ។

ខូច​ចិត្ត តែ​នៅ​មាន​ការ​បើក​ចំហ

ទី៥ យើង​ខ្ញុំ​នឹង​មិន​ទៅ​ចូល​រួម ពីព្រោះ​ទម្ងន់​នៃ​ការ​ឈឺ​ចិត្ត និង​ការ​ស្រឡាញ់ និង​ការ​ស្អប់​ខ្ពើម​នឹង​ទំនង​យក​ឈ្នះ​លើ​អារម្មណ៍​រំភើប​របស់​យើង​ខ្ញុំ​ជា​មិន​ខាន។ យើង​ខ្ញុំ​គិត​ថា ខ្លួន​មិន​អាច​ទំនង​នៅ​រហូត​ដល់​ចប់​កម្មវិធី​បាន​ឡើយ។

ហើយ​ចំណុច​ចុង​ក្រោយ​ដែល​ខ្ញុំ​នឹង​លើក​ឡើង​គឺ​ថា៖ ការ​ដែល​យើង​ខ្ញុំ​មិន​ទៅ​ចូល​រួម​គឺ​មិន​មែន​ជា​ការ​ដែល​យើង​ខ្ញុំ​ដក​ខ្លួន​ចេញ​ពី​កូន​របស់​ខ្លួន​ឡើយ—ប៉ុន្តែ​គឺ​ជា​ការ​ដែល​គាត់​ដក​ខ្លួន​ចេញ​ពី​ខ្ញុំ​វិញ​ទេ​តើ។ យើង​ខ្ញុំ​នៅ​មាន​ជំហរ​ដដែល៖ បើក​ដៃ​រង់ចាំ​ទទួល​ការ​ដែល​កូន​វង្វេង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ត្រៀម​ចិត្ត​ក្នុង​ការ​អត់​ទោស​ផង​ដែរ។

គ្រីស្ទ​បរិស័ទ​មិន​ប្រារព្ធ​អ្វី​ដែល​មិន​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​ជាម្ចាស់។ នៅ​ក្នុង​អត្ថបទ​នេះ លោក​គ្រូ​បាន​លើក​ឡើង​មូល​ហេតុ​ប្រាំ​យ៉ាង​ដែល​គាត់​នឹង​មិន​ចូល​រួម​វិធី​អាពាហ៍ពិពាហ៍​ដែល​មាន​ភេទ​ដូច​គ្នា។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ក្រោម​ព្រះបាទ​នៃ​ព្រះរាជបុត្រា

ព្រះហត្តរបស់ព្រះគ្រីស្ទ