«ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។ (កាឡាទី ២:២០)
ជាច្រើនឆ្នាំកន្លងផុតទៅនេះ ខ្ញុំបានសញ្ជឹងគិតពិចារណាទៅលើកណ្ឌគម្ពីរ កាឡាទី ២:២០។ ខគម្ពីរនេះហាក់បីដូចជាកំពុងបង្រៀនខ្ញុំថា លោក អ័ដាមដែលខ្ញុំរស់នៅក្នុងនោះគឺលោកបានស្លាប់បាត់ទៅហើយ ហើយព្រះគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញ ឥឡូវនេះទ្រង់កំពុងតែរស់នៅក្នុងខ្ញុំ។ តើនៅក្នុងអត្ថន័យមួយណាដែលថា ជីវិតដែលយើងកំពុងតែរស់នៅឥឡូវនេះគឺជាជីវិតដែលព្រះអង្គបានត្រាស់ហៅឲ្យយើងរស់នៅបែបជាជីវិតពេញលេញសម្រាប់ទ្រង់ ដើម្បីបង្ហាញឲ្យឃើញតាមរយៈយើង ហើយនិងបំបែកដែនកំណត់របស់យើង មន្ទិលសង្ស័យ និងភាពភ័យខ្លាចចោល? តើលោកអ្នកគិតយ៉ាងដូចម្ដេចដែរចំពោះខគម្ពីរមួយនេះ?
កុំខ្ជះខ្ជាយជីវិតរបស់ព្រះគ្រីស្ទ
សាវ័ក ប៉ុល បានលើកឡើងថា «ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ…» (កាឡាទី ២:២០)។ សូមកត់សម្គាល់លើចំណុចផ្ទុយគ្នាទាំងនេះ ប៉ុន្តែវាជាការពិតក្នុងពេលតែមួយក្នុងខគម្ពីរនេះដែលថា «ខ្ញុំមិនមែនរស់នៅទៀតទេ» ហើយបន្ទាប់មកគាត់លើកឡើងថា «ជីវិតដែលខ្ញុំកំពុងរស់នៅ»។ ក្នុងអត្ថន័យមួយនេះសាវ័ក ប៉ុល កំពុងលើកឡើងអំពីជីវិតដែលគាត់មិនបានរស់នៅ តែព្រះគ្រីស្ទកំពុងតែរស់នៅជំនួសទៅវិញ ហើយក្នុងអត្ថន័យមួយទៀត «តាមពិតទៅ ខ្ញុំកំពុងតែរស់នៅទេតើ»។ ប៉ុន្តែ តើគាត់ចង់មានន័យដូចម្ដេចទៅលើខគម្ពីរមួយនេះ?
ខគម្ពីរមួយនេះលើកឡើងអំពីមូលដ្ឋានគ្រឹះនៃសេចក្តីពិតទាក់ទងនឹងជីវិតជាគ្រីស្ទបរិស័ទ។ នៅពេលដែលយើងរួបរួមជាមួយព្រះគ្រីស្ទដោយជំនឿ ជាដំបូងយើងក៏ត្រូវរួបរួមជាមួយសេចក្ដីស្លាប់របស់ទ្រង់ផងដែរ។ កណ្ឌគម្ពីរ រ៉ូម ៦:៥ បានចែងថា «ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ»។ បន្ទាប់មក ចាប់តាំងពីការបះបោរចាស់របស់យើង ការមិនមានជំនឿរបស់ខ្លួនបានស្លាប់ជាមួយព្រះគ្រីស្ទ ហើយតាមរយៈការរួបរួមជាមួយនឹងការសុគតរបស់ទ្រង់ នោះយើងក៏ត្រូវបានរស់ឡើងវិញដោយសារព្រះវិញ្ញាណផងដែរ ដើម្បីឲ្យយើងអាចដើរក្នុងជីវិតថ្មីមួយនេះបាន (រ៉ូម ៦:៤)។ នៅត្រង់នេះ យើងសង្កត់ធ្ងន់អំពីជីវិតថ្មីដែលព្រះគ្រីស្ទកំពុងតែរស់នៅក្នុងយើង ដើម្បីឲ្យរាល់ផ្នែកនៃជីវិតរស់នៅរបស់យើងបើកបង្ហាញអំពីព្រះអង្គ។ ចំណុចនោះគឺជាការល្អណាស់។ តោះ! ចូរយើងនាំគ្នាមើលខគម្ពីរផ្សេងៗទៀត ដើម្បីឲ្យដឹងថាខគម្ពីរទាំងនោះមានភាពស៊ីសង្វាក់គ្នាបានដោយរបៀបណា។
ចូរស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះជាម្ចាស់វិញចុះ
យើងខ្ញុំចង់នៅបន្តមើលកណ្ឌគម្ពីរកាឡាទីបន្តិចទៀតសិន។ យើងទើបតែមើលកណ្ឌគម្ពីរ កាឡាទី ២:២០ ប៉ុន្តែឥឡូវនេះ តោះចូរយើងនាំគ្នាទៅមើលកណ្ឌគម្ពីរ កាឡាទី ៥:២៤ សិនដែលថា៖ «ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្តីរំជួល និងសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានផង»។ អ្វីដែលបានចូលរួមស្លាប់ជាមួយព្រះគ្រីស្ទគឺ ការប៉ងប្រាថ្នាចាស់ៗរបស់យើង ដែលមានដូចជាការប៉ងប្រាថ្នាដែលបំផ្លិចបំផ្លាញ អំពើបាប និងការប៉ងប្រាថ្នាដែលមិនថ្វាយព្រះកិត្តិយសដល់ព្រះគ្រីស្ទ។ ទាំងនេះឯងគឺជារបៀបដែលយើងបង្ហាញព្រះគ្រីស្ទឥឡូវនេះ។ យើងមានបំណងប្រាថ្នាថ្មីៗ។ បំណងប្រាថ្នារបស់ទ្រង់ចាប់ផ្តើមគ្រប់គ្រងលើជីវិតរបស់យើង។
ជាថ្មីម្ដងទៀត៖ «ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកីយ៍បានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយ៍ដែរ» (កាឡាទី ៦:១៤)។ ការដែលបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទនោះមានន័យថា យើងមិនមែនជាទាសកររបស់លោកីយ៍នេះទៀតទេ។ យើងមានសេរីភាពហើយ។
យើងមិនមែនគ្រាន់តែបន្ទោរ ត្រាប់តាម ឬក៏ឆ្លុះបញ្ចាំងពីស្តង់ដារនៃលោកីយ៍នេះទេ ដែលទាំងអស់នោះមានន័យថា អំពើបាបរបស់យើងបានដាច់ចេញពីយើងហើយ។ កណ្ឌគម្ពីរ រ៉ូម ៦:៧ បានចែងថា «ដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ»។ សាវ័ក ប៉ុល បន្តទៀតថា «ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ (រ៉ូម ៦:១១)។ នេះហើយគឺជារបៀបដែលយើងត្រូវរស់នៅក្នុងព្រះគ្រីស្ទយេស៊ូវ។ យើងរស់នៅក្នុងជីវិតដែលមានជ័យជម្នះលើអំពើបាបដែលទ្រង់បានសុគត ដើម្បីយកឈ្នះលើវារួចទៅហើយ។
នេះគឺជាចំណុចវិជ្ជមានមួយនៃការលើកឡើងក្នុង កណ្ឌគម្ពីរ រ៉ូម ៦:១៣ «ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នា [ដៃ ជើង និងអណ្ដាត] ទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង»។ យើងខ្ញុំគិតថាឃ្លា «ប្រដាប់ប្រដាសុចរិត» គឺជារបៀបនៃការនិយាយម្យ៉ាងទៀត ដែលថា «ការបង្ហាញឲ្យឃើញពីររបៀបដែលព្រះគ្រីស្ទរស់នៅយ៉ាងសុចរិតនៅក្នុងលោកីយ៍នេះ»។
ក្លិនក្រអូបនៃព្រះគ្រីស្ទ
មួយវិញសោត របៀបម្យ៉ាងទៀតដែលសាវ័ក ប៉ុល កំពុងលើកឡើងគឺថា ប្រសិនបើយើងទទួលរងទុក្ខសម្រាប់ព្រះគ្រីស្ទ នោះ «យើងខ្ញុំផ្ទុកសេចក្តីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្ដែងមក ក្នុងរូបកាយយើងខ្ញុំដែរ» (២កូរិនថូស ៤:១០)។ នោះគឺជាចំណុចដែលបង្ហាញយ៉ាងច្បាស់លាស់៖ ព្រះជន្មរបស់ទ្រង់បានសម្ដែងឲ្យឃើញក្នុងរូបកាយរបស់យើងដែលរងទុក្ខ។
ក្លិនក្រអូបរបស់ព្រះគ្រីស្ទក៏ជារបៀបមួយទៀតនៃការបើកសម្ដែងអំពីចំណុចនេះដែរ។ សាវ័ក ប៉ុល បានបន្តលើកឡើងថា «តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រីស្ទ ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទូទៅគ្រប់កន្លែងផង» (២កូរិនថូស ២:១៤)។ យើងគឺជាក្លិនក្រអូបរបស់ព្រះគ្រីស្ទ។ យើងខ្ញុំគិតថា នេះគឺជារបៀបមួយទៀតនៃការនិយាយថាជីវិតរបស់យើងគឺជារបស់ព្រះគ្រីស្ទ។
នៅពេលដែលអ្នកដទៃដឹងពីចិត្តគំនិត អាកប្បកិរិយា និងទង្វើរបស់យើងខាងឯវិញ្ញាណ—ពេលដែលពួកគាត់ហិតក្លិនរបស់យើងខាងឯវិញ្ញាណ—នោះអ្វីដែលពួកគាត់ស្រូបបានគឺជាក្លិនក្រអូបរបស់ព្រះគ្រីស្ទទៅកាន់ព្រះជាម្ចាស់ក្នុងចំណោមអស់អ្នកដែលទទួលបានសេចក្តីសង្គ្រោះ និងទៅកាន់អស់អ្នកដែលកំពុងវិនាស (២កូរិនថូស ២:១៥)។ កុំខ្ជះខ្ជាយក្លិនដ៏ក្រអូបរបស់ព្រះគ្រីស្ទដែលមាននៅក្នុងលោកអ្នកឲ្យសោះ។
មនុស្សថ្មី
របៀបមួយទៀតដែលគាត់និយាយអំពីចំណុចនោះគឺនៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៣:១៨ ខគម្ពីរនេះគឺជារបៀបដែលយើងពិតជាមានលក្ខណៈដូចជាព្រះគ្រីស្ទមែនទែន៖ «ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ»។ មួយទៀតសោត ការដែលយើងឃើញព្រះគ្រីស្ទក្នុងលោកីយ៍នេះកាន់តែច្បាស់ នោះយើងក៏កាន់តែផ្លាស់ប្រែឲ្យដូចជារូបអង្គទ្រង់ ហើយជីវិតរបស់យើងក៏កាន់តែដូចគ្នាទៅនឹងជីវិតរបស់ទ្រង់ដែរ ដើម្បីឲ្យអ្នកដ៏ទៃអាចមើលឃើញ។
យើងមិនត្រូវខ្ជះខ្ជាយជីវិតរបស់យើងតាមរយៈការដែលខំឲ្យមានលក្ខណៈកាន់តែដូចលោកីយ៍នេះនោះឡើយ។ យើងមិនព្យាយាមខ្ជះខ្ជាយជីវិតរបស់យើង តាមរយៈការដែលយើងកាន់តែមានលក្ខណៈដូចព្រះគ្រីស្ទឲ្យខ្លាំងឡើងៗនោះទេ និងកាន់តែឃើញទ្រង់ច្បាស់ថែមទៀត ហើយការកាន់តែស្គាល់ព្រះអង្គឲ្យស៊ីជម្រៅជាងមុន ព្រមទាំងការកាន់តែមានរូបអង្គទ្រង់ជាងមុននៅក្នុងលោកីយ៍នេះដែរ។
នេះគឺជាចំណុចចុងក្រោយដែលសាវ័ក ប៉ុល បានលើកឡើងអំពីជីវិតដែលយើងរស់នៅក្នុងព្រះគ្រីស្ទ និងការមិនខ្ជះខ្ជាយជីវិតរបស់ព្រះគ្រីស្ទនៅក្នុងយើង៖ «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ» (កាឡាទី ៣:២៧)។ ជាថ្មីម្ដងទៀត «គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ» (រ៉ូម ១៣:១៤)។ ឬក៏ម្យ៉ាងទៀត៖ «ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក» (កូឡូស ៣:១០)។
សាវ័ក ប៉ុល បានរាប់ព្រះគ្រីស្ទថា ជាឯកសណ្ឋានថ្មី ទីសម្គាល់ថ្មី និងជានិមិត្តសញ្ញាថ្មីរបស់យើង ។ ចូរប្រដាប់ខ្លួនដោយព្រះអង្គចុះ។ អ្វីដែលយើងយកមកប្រដាប់ខ្លួន ឬក៏ស្លៀកពាក់ ដើម្បីបិទបាំង ជានិមិត្តសញ្ញា ឬក៏ជាទីសម្គាល់មិនមែនគ្រាន់តែគ្របបាំងយើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានក្លាយជាអត្តសញ្ញាណថ្មីមួយរបស់យើង សភាពលក្ខណៈរបស់យើងនៅលើផែនដីនេះ។ យើងមិនត្រូវខ្ជះខ្ជាយលក្ខណសម្បត្តិរបស់ព្រះគ្រីស្ទនោះឡើយ។
របៀបរបស់ព្រះវិញ្ញាណបរិសុទ្ធ
សំណួរចុងក្រោយគឺ៖ តើយើងរស់នៅដោយបង្ហាញអំពីអត្តសញ្ញាណរបស់យើងមួយនេះដែលថា «មិនមែនខ្ញុំ តែព្រះគ្រីស្ទគង់ក្នុងខ្ញុំ» លើលោកនេះដោយរបៀបណាទៅ? យើងខ្ញុំនឹងលើកជាចំណុចសង្ខេបខ្លីៗពីរតែប៉ុណ្ណោះ។ កណ្ឌគម្ពីរ កាឡាទី ២:២០ បានចែងថា យើងរស់នៅដោយសារជំនឿ៖ «ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ»។ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយជំនឿ។ ការដែលយើងជ្រើសរើសការដើរតាមព្រះអង្គដោយចេតនានៅក្នុងជីវិតថ្មីមួយនេះគឺជាការទុកចិត្តលើព្រះគ្រីស្ទ។
ប៉ុន្តែ កណ្ឌគម្ពីរ រ៉ូម ៧:៤-៦ មានចែងថា «អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ…. [យើង] បានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ»។
ក្នុងន័យមួយទៀត មានពេលមួយយើងធ្លាប់បានគិតថា ការដែលយើងខំប្តូរផ្តាច់កាន់តាមច្បាប់វិន័យគឺជាកូនសោនៃការទទួលបានជីវិតអស់កល្ប ប៉ុន្តែយើងបានស្លាប់នៅក្នុងសេចក្តីនេះរួចហើយ។ យើងបានស្លាប់នៅក្នុងច្បាប់វិន័យនេះក្នុងអត្ថន័យនេះ។ ហើយឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធគឺជាកូនសោ គឺជារបៀបរបស់ព្រះវិញ្ញាណបរិសុទ្ធ ពោលគឺជារបៀបដែលទ្រង់ធ្វើការនៅក្នុងយើងតាមរយៈជំនឿ។ នេះគឺជារបៀបថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ។ ចំណុចរួមគឺត្រង់ថា នៅពេលដែលយើងទទួលបានសេចក្ដីសង្គ្រោះ នោះយើងទាំងអស់គ្នាក៏បានរួបរួមជាមួយព្រះគ្រីស្ទដោយព្រះវិញ្ញាណបរិសុទ្ធផងដែរ។ រូបកាយចាស់របស់យើង—ការគ្មានជំនឿ ការបះបោរ ការស្រឡាញ់ខ្លួនឯង—បានស្លាប់ជាមួយទ្រង់រួចបាត់ទៅហើយ។
ព្រះវិញ្ញាណបរិសុទ្ធបានបង្កើតរូបកាយថ្មីរបស់យើងតាមរយៈជំនឿ ហើយរូបអង្គនៃរូបកាយថ្មីមួយហ្នឹងគឺជាព្រះគ្រីស្ទ ពោលគឺព្រះគ្រីស្ទផ្ទាល់ ពីជំហានមួយទៅកាន់ជំហានមួយទៀតនៃការទទួលសិរីល្អ។ ពិតណាស់! យើងមិនត្រូវខ្ជះខ្ជាយជីវិតរបស់ព្រះគ្រីស្ទ និងជីវិតរបស់ព្រះគ្រីស្ទដែលកំពុងរស់នៅក្នុងយើងទេ។ នេះគឺជាទេវវិទ្យាដ៏ល្អ!
មតិយោបល់
Loading…