ហេតុអ្វីបានជាយើងគួរព្យាយាមស្ដាប់បង្គាប់ព្រះគ្រីស្ទគ្រប់ចំណុច? ហេតុអ្វីបានជាយើងគួរព្យាយាមបម្រើទ្រង់គ្រប់ទាំងចំណុចនៃជីវិតយើង? មានហេតុផលជាច្រើន ប៉ុន្តែខ្ញុំនឹងលើកឡើងតែមួយចំនួនប៉ុណ្ណោះ។
១. ព្រះគ្រីស្ទ គឺជាព្រះអម្ចាស់លើអស់ទាំងព្រះលើសកលលោកនេះ
ហេតុផលចម្បង ហើយច្បាស់លាស់ជាងគេបំផុតនោះគឺ ព្រះគ្រីស្ទគឺជាព្រះអម្ចាស់លើអស់ទាំងព្រះលើសកលលោកនេះ។ ប្រសិនបើទ្រង់ជាព្រះអម្ចាស់លើអស់ទាំងអម្ចាស់ នោះក៏មានន័យដែលថា ទ្រង់ក៏ជាអម្ចាស់លើមុខជំនួញ លើការងារ លើការរៀនសូត្រ និងជីវិតផ្ទាល់ខ្លួនរបស់យើងនៅផ្ទះដែរ។ ម្ចាស់ជំនួញមិនមែនជាម្ចាស់ចម្បងទេ ប៉ុន្តែគាត់ស្ថិតនៅក្រោមម្ចាស់មួយទៀត គាត់គ្រាន់តែជាអ្នកមើលខុសត្រូវប៉ុណ្ណោះ។ ព្រះជាម្ចាស់ គឺជាម្ចាស់លើគ្រប់អ្វីៗទាំងអស់។ ព្រះអង្គបានប្រទានអំណោយទានដល់មនុស្សយើងទុកជាការដែលទ្រង់ទុកចិត្ត។ យើងប្រៀបដូចជាអ្នកចាត់ការលើគេហដ្ឋានមួយរបស់ព្រះជាម្ចាស់អញ្ចឹង ហើយបើដូច្នោះមែន នោះក៏មានន័យថា យើងក៏ជាអ្នកចាត់ការលើគេហដ្ឋានរបស់ព្រះគ្រីស្ទដែរ ដ្បិតទ្រង់ជាព្រះ ហើយក្នុងនាមជាមនុស្ស ព្រះជាម្ចាស់បានប្រទានផែនដីនេះដល់ទ្រង់ទុកជាមរតក៖ «ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមរតក…» (ហេព្រើរ ១:២ គកស)។ ក្នុងបរិបទនៃការគ្រោងទុករបស់ព្រះអង្គ អ្នកធ្វើការនីមួយៗត្រូវតែធ្វើនូវការអ្វីដែលព្រះអម្ចាស់បានប្រគល់ដល់គាត់ «…ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្ដារបស់ព្រះអង្គ។» (ហេព្រើរ ១:៣ គកស)។
នៅពេលដែលយើងរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទដ៏ពិត នោះយើងនឹងកាន់តែមើលឃើញពីកាតព្វកិច្ចរបស់យើងក្នុងការបម្រើព្រះគ្រីស្ទ។ គ្រីស្ទបរិស័ទដ៏ពិតគឺជាអ្នកដែលជឿទុកចិត្តលើព្រះគ្រីស្ទ។ ដោយសារតែការជឿទុកចិត្តនោះ បានជាពួកគេចុះចូលក្រោមភាពជាព្រះអម្ចាស់របស់ទ្រង់។ ពួកគេបានលន់តួថា «ព្រះយេស៊ូវជាព្រះអម្ចាស់» (រ៉ូម ១០:៩ គកស)។ ហេតុដូច្នេះហើយបានជាពួកគេជា «បាវបម្រើ ឬក៏អ្នកបម្រើ» របស់ព្រះគ្រីស្ទ (រ៉ូម ១:១; ១កូរិនថូស ៧:២២)។ «ដូឡោស៍» (doulos) គឺជាពាក្យគន្លឹះក្នុងភាសាក្រិកលើពាក្យ «បាវបម្រើ ឬអ្នកបម្រើ ឬក៏អ្នកស៊ីឈ្នួល»។ នៅជំនាន់ចក្រភពរ៉ូម អត្ថន័យដ៏សាមញ្ញនៃពាក្យនេះដែលគេបានប្រើគឺ ដើម្បីពណ៌នាអស់អ្នកដែលជាអ្នកស៊ីឈ្នួលស្រប់ច្បាប់ ហើយពួកគេត្រូវបម្រើម្ចាស់ខ្លួនរហូតទាល់ម្ចាស់ដោះលែងពួកគេ។
ពិតណាស់! ចំពោះម្ចាស់ដែលជាមនុស្ស ការដែលគាត់ត្រួតត្រាអ្នកបម្រើរបស់ខ្លួនអាចធ្វើឲ្យពួកគេមានការពិបាក។ អ្នកបម្រើរងការឈឺចាប់ដោយជិះជាន់របស់ចៅហ្វាយ! ប៉ុន្តែព្រះយេស៊ូវមិនដូច្នោះទេ ភាពជាម្ចាស់របស់ទ្រង់មកលើយើង គឺមានភាពល្អយ៉ាងពេញទី។ បាវបម្រើរបស់ទ្រង់ អាចមានភាពអរសប្បាយ ហើយក៏គួរតែអរសប្បាយក្នុងការបម្រើទ្រង់ដែរ។
ហេតុដូច្នេះហើយបានជាយើងត្រូវតែគិតឲ្យហ្មត់ចត់អំពីជម្រៅនៃការដែលយើងបម្រើទ្រង់។ នៅពេលដែលបុគ្គលម្នាក់សម្រេចចិត្តដើរតាមព្រះយេស៊ូវ នោះមានន័យថា គាត់បានលះបង់ជីវិតគាត់ទាំងស្រុងចោល (លូកា ១៤:២៥-៣៣)។ ជីវិតរបស់គាត់លែងជា «ជីវិតខ្លួនឯង» ទៀតហើយ។ គាត់លែងថាគ្មានតួនាទីអ្វីទៀតដែរ៖ «អ្នករាល់គ្នាក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូកហើយ នោះត្រូវរាប់ថា “យើងជាបាវបម្រើឥតកម្រៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ”» (លូកា ១៧:១០ គកស)។
អ្នកដែលដើរតាមព្រះគ្រីស្ទត្រូវតែធ្វើអ្នកដើរតាមគ្រប់ពេលវេលា ជាពិសេសការប្រជុំគ្នានៅក្រុមជំនុំនៅថ្ងៃអាទិត្យ។ យើងប្រជុំគ្នាដើម្បីអបអរសាទរសេចក្ដីល្អរបស់ព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ដើម្បីសញ្ជឹងគិតលើលក្ខណសម្បត្តិរបស់ទ្រង់ ដើម្បីអរព្រះគុណទ្រង់ ដើម្បីលន់តួបាបរបស់យើង ដើម្បីទទួលបានការអត់ទោស និងដើម្បីទទួលបានអំណាចរបស់ទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ដើម្បីប្តេជ្ញាចិត្តជាថ្មីក្នុងការបម្រើទ្រង់ដែរ។ ប៉ុន្តែ ការដែលយើងបម្រើព្រះអង្គមិនមែនមានតែថ្ងៃអាទិត្យនោះទេ យើងត្រូវបន្តបម្រើទ្រង់ពេញមួយសប្ដាហ៍តែម្ដង។ គ្រីស្ទបរិស័ទដែលធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រក៏កំពុងបម្រើព្រះគ្រីស្ទដែរ។
២. សេចក្ដីស្រឡាញ់ដល់ព្រះគ្រីស្ទ
ហេតុផលមួយទៀតដែលយើងបម្រើព្រះគ្រីស្ទ គឺព្រោះយើងស្រឡាញ់ទ្រង់។ «…យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន» (១យ៉ូហាន ៤:១៩)។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបទបញ្ជារបស់ខ្ញុំចុះ» (យ៉ូហាន ១៤:១៥ គកស)។ ការដែលយើងស្រឡាញ់ព្រះគ្រីស្ទ សឲ្យឃើញថា យើងស្រឡាញ់ព្រះជាម្ចាស់ ដូចដែលមានពណ៌នានៅក្នុង «បញ្ញត្តិយ៉ាងសំខាន់ទី១» នៃកណ្ឌគម្ពីរ ម៉ាថាយ ២២:៣៧-៣៨ ថា «…ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក។
ទាំងនេះជាខគម្ពីរដែលព្រះយេស៊ូវបានលើកឡើងជាថ្មីម្ដងទៀតអំពីបញ្ញត្តិយ៉ាងសំខាន់ទី១ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាចាស់ក្នុងកណ្ឌគម្ពីរ ចោទិយកថា ៦:៥។ បញ្ញត្តិដែលមានក្នុងសញ្ញាចាស់ និងសញ្ញាថ្មីបានបង្គាប់ឲ្យយើងស្រឡាញ់ទ្រង់ជាចម្បងក្នុងជីវិតរបស់យើង។ យើងត្រូវតែស្រឡាញ់ព្រះ «ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំង» (ចោទិយកថា ៦:៥)។ យើងក៏ឃើញពីការគាំទ្រលើការស្រឡាញ់បែបនោះក្នុងបញ្ញត្តិទីមួយនៃបញ្ញត្តិទាំងដប់ផងដែរ៖ «កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ» (និក្ខមនំ ២០:៣)។ ព្រះជាម្ចាស់សក្ដិសមនឹងទទួលភក្ដីភាពពីយើងទាំងស្រុង។ យើងត្រូវមានភក្ដីភាពជាចម្បងទៅលើព្រះ មិនមែនលើរបស់អ្វីមួយ ឬក៏បុគ្គលណាផ្សេងនោះទេ។ បញ្ញត្តិទីពីរក៏រំឭកយើងអំពីការប្តេជ្ញាចិត្តនេះដែរ ដោយលើកឡើងថា ព្រះជាម្ចាស់ជាព្រះដ៏ប្រចណ្ឌ ព្រះអង្គមិនអត់ធន់នឹងការថ្វាយបង្គំរូបព្រះក្លែងក្លាយឡើយ (និក្ខមនំ ២០:៥)។
ប្រសិនបើយើងស្រឡាញ់ព្រះជាម្ចាស់ យើងគួរតែស្រឡាញ់ទ្រង់ឲ្យអស់ពីជីវិត ហើយយើងក៏គួរស្រឡាញ់ទ្រង់គ្រប់ពេលវេលាផងដែរ។ ហេតុដូច្នេះហើយបានជាយើងគួរបម្រើទ្រង់គ្រប់ពេលវេលា។
ការដែលបានរៀបរាប់ខាងលើនេះ គឺជាបន្ទុកចំពោះអស់អ្នកដែលចូលចិត្តគ្រប់គ្រង់ខ្លួនឯង។ ប៉ុន្តែវាគ្មានអ្វីជាបន្ទុកទេ។ ព្រះជាម្ចាស់សក្ដិសមឲ្យយើងស្រឡាញ់ណាស់។ ព្រះអង្គគួរឲ្យស្រឡាញ់លើសគ្រប់អ្វីៗទាំងអស់។ ហើយព្រះគ្រីស្ទដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ ទ្រង់សក្ដិសមឲ្យយើងស្រឡាញ់លើសអ្វីៗទាំងអស់។ ព្រះអង្គបានសម្ដែងក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងក្នុងការដែលទ្រង់បានសង្គ្រោះយើង ហើយរាប់យើងជាសុចរិតដោយព្រះគុណរបស់ទ្រង់។ ការដែលយើងអរព្រះគុណទ្រង់ គឺជាការដែលបង្ហាញថាយើងស្រឡាញ់ទ្រង់ (រ៉ូម ៥:៨; ៨:៣២; ១យ៉ូហាន ៤:៧-១២)។
លើសពីនេះទៅទៀត ព្រះគ្រីស្ទក៏បានសន្យាចំពោះយើងដែរថា ទ្រង់នឹងគង់នៅជាមួយយើង។ យើងមានព្រះវត្តមានទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គបានប្រទានដល់យើង។ តាមរយៈព្រះវត្តមានទ្រង់ ទ្រង់បំផ្លាស់បំប្រែយើង ហើយក៏ប្រទានកម្លាំងដល់យើង ដើម្បីឲ្យយើងអាចនឹងបន្តបម្រើទ្រង់ (ម៉ាថាយ ២៨:២០; រ៉ូម ៥:៥; ២កូរិនថូស ៣:១៨)។
ក្នុងជីវិតនេះ សេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់មិនទាន់ជាល្អឥតខ្ចោះនៅឡើយទេ។ យើងនៅតែធ្លាក់ក្នុងអំពើបាប។ ប៉ុន្តែ ពេលដែលយើងលន់តួបាប នោះព្រះគ្រីស្ទនឹងអត់ទោសឲ្យ (១យ៉ូហាន ១:៩)។
៣. អំណរនៃការបម្រើព្រះគ្រីស្ទ
ការដែលយើងពិភាក្សាអំពីតួនាទីរបស់យើង ពេលខ្លះអាចក្លាយជាបន្ទុក។ ប៉ុន្តែ យោងតាមបទគម្ពីរ តួនាទីរបស់យើងមិនជាបន្ទុកអ្វីទេ ពេលដែលយើងប្រកបជាមួយព្រះគ្រីស្ទ។
«ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង តើអ្នកណាជាអ្នកឈ្នះលោកីយ៍ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ» (១យ៉ូហាន ៥:៣-៥)។ ព្រះយេស៊ូវបានសន្យាថា យើងនឹងទទួលបានក្ដីអំណរក្នុងការដែលយើងបម្រើទ្រង់ «ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង នេះជាសេចក្តីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » (យ៉ូហាន ១៥:១១-១២)។ ចំពោះភ្នែកអ្នកដែលមើលពីក្រៅ គេប្រហែលជានឹងគិតថា ការធ្វើជាសិស្សរបស់ព្រះយេស៊ូវហាក់បីដូចមានន័យថា យើងបានលះបង់នូវរាល់គ្រប់អ្វី ដែលមើលទៅអាចនឹងផ្ដល់ការអរសប្បាយដល់យើង។ អាថ៌កំបាំងនៃការបម្រើព្រះជាម្ចាស់គឺដូចនេះ លះបង់ចោលទាំងអស់ នោះយើងនឹងទទួលបាននូវអ្វីៗដែលមានន័យលើសនោះទៅទៀត។
«អ្នកណាដែលរកចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិត នោះនឹងបានគង់នៅវិញ» (លូកា ១៧:៣៣)។
«អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ បើអ្នកណាបំរើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបីខ្ញុំនៅឯណាក្តី អ្នកបំរើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបំរើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ» (យ៉ូហាន ១២:២៥-២៦)។
«ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ» (ម៉ាថាយ ១៦:២៦ គកស)។
មតិយោបល់
Loading…