in ,

ណូអែល​ឆ្នាំ​នេះ

សូម​ស្រមៃ​អំពី​ព្រឹត្តិ​ការណ៍​នៃ​ការ​រៀបចំ​កម្ម​វិធី​ផ្សាយ​ដំណឹង​ល្អ​ដោយ​អញ្ជើញ​មនុស្ស​រាប់​ពាន់​នាក់​មក​ចូល​រួម—គឺ​មនុស្ស​រាប់​ពាន់​នាក់​ដែល​ជា​ទូ​ទៅ​យើង​ដឹង​ហើយ​ថា​គាត់​នឹង​មិន​មក​ចូល​រួម​ទេ។ សូម​ស្រមៃ​អំពី​អ្វីៗ​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​កម្ម​វិធី​នេះ​អាច​ដំណើរ​ការ​បាន។ សូម​ស្រមៃ​អំពី​ការ​ប្រមូល​ផ្ដុំ​ក្រុម​ជំនុំ​រាប់​រយ​ក្រុម​ឲ្យ​មក​ចូល​រួម​ក្នុង​កម្ម​វិធី​តែ​មួយ​នេះ។ សូម​នឹក​ស្រមៃ​អំពី​ការ​ផ្សព្វផ្សាយ ការ​ចំណូល​ចំណាយ និង​ជម្លោះ​ទាំង​ក្នុង និង​ខាង​ក្រៅ​ក្រុម!

ហើយ​ឥឡូវ​នេះ សូម​ស្រមៃ​ទៅ​មើល​ថា កម្ម​វិធី​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន។ លើក​លែង​ត្រង់​ថា ផ្ទុយ​ពី​ការ​ចែក​សំបុត្រ​ទៅ​កាន់​ភ្ញៀវ​រាប់​ពាន់​នាក់ ដើម្បី​ឲ្យ​មក​បំពេញ​នៅ​ក្នុង​ស្តាត។ ប៉ុន្តែ កម្ម​វិធី​គឺ​បាន​ប្ដូរ​មក​ជា​ការ​ហៅ​អ្នក​ជិត​ខាង​លោក​អ្នក​ឲ្យ​មក​ចូល​រួម​ពិធី​ថ្វាយ​បង្គំ​នៅ​ឯ​ក្រុម​ជំនុំ​របស់​លោក​អ្នក​ទៅ​វិញ។

តាម​ពិត​ទៅ មិន​ចាំបាច់​ស្រមៃ​ទៀត​ទេ៖ នេះ​គឺ​ជា​ឱកាស​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​ដែល​ជា​អំណោយ​ទាន​សម្រាប់​យើង​ជា​រៀង​រាល់​បុណ្យ​ណូអែល​ហើយ។

ជុំវិញ​ពិភព​លោក​មាន​គេ​ចូល​រួម​ពិធី​បុណ្យ​ណូអែល​ច្រើន​ណាស់។ ហើយ​ជា​រៀង​រាល់​ឆ្នាំ យើង​ទទួល​បាន​ការ​ផ្សព្វផ្សាយ​ដោយ​ឥត​គិត​ថ្លៃ ដោយ​សារ​ហាង​លក់​អីវ៉ាន់​តុប​តែង និង​ការ​ចាក់​បទ​ចម្រៀង​ណូអែល​ក្នុង​ហាង​របស់​ពួក​គេ​ដូច​ជា «យប់​ដ៏​សុខ​សាន្ត»។ ទោះ​បើ​បទ​ចម្រៀង​ទាំង​នោះ​មាន​ន័យ​ជា​ភាសា​ជា​អង់គ្លេស​ក៏​ដោយ​ក៏​មាន​អ្នក​ខ្លះ​យល់​ពី​អត្ថ​ន័យ​នៃ​សារ​នៅ​ក្នុង​ចម្រៀង​នោះ​នឹង​ឮ​ការ​អញ្ជើញ​ឲ្យ​មក​ស្រឡាញ់​ព្រះ​យេស៊ូវ​ដែរ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ក្នុង​ការ​រៀន​បន្ថែម​ទៀត ហើយ​ថែម​ទាំង​មក​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ ដើម្បី​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ក៏​ដូច​ជា​ច្រៀង​បទ​ចម្រៀង​សរសើរ​តម្កើង​ទ្រង់​ផង​ដែរ។

រដូវ​កាល​បុណ្យ​ណូអែល​គឺ​ជា​ឱកាស​ដ៏​ល្អ​ណាស់​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ពីរ​យ៉ាង​ដែល​ក្រុម​ជំនុំ​របស់​លោក​អ្នក​អាច​ឱប​ក្រសោប​យក​ទៅ​ប្រើ​ប្រាស់​បាន។

១. ឱប​ក្រសោប​ប្រជាប្រិយ​ភាព

ដោយ​មិន​អាច​បដិសេធ​បាន រដូវ​កាល​បុណ្យ​ណូអែល​គឺ​ជា​ពេល​វេលា​ដ៏​ល្បីល្បាញ​មួយ។ ពិត​ណាស់! សារ​ដែល​គេ​ផ្សព្វផ្សាយ​ពេល​បុណ្យ​ណូអែល​ពាសពេញ​ទី​កន្លែង​អាច​ឈាន​មិន​ដល់​ចំណុច​សម្គាល់​នៃ​ដំណឹង​ល្អ​ដែរ។ ជា​ទូ​ទៅ ថ្ងៃ​បុណ្យ​សម្រាក​នេះ​មាន​ការ​ច្របូក​ច្របល់​ជំពាក់ជំពិន​ក្នុង​ការ​ទិញ​ដូរ​សម្ភារៈ​និយម​យ៉ាង​ខ្លាំង​ដោយ​សារ​មាន​អីវ៉ាន់​ចុះ​ថោក ភាព​មាន​មនោ​សញ្ចេតនា​និយម​ជ្រុល និង​ពិធី​ជប់​លៀង​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ស្រវឹង​នៅ​ថ្ងៃ​សម្រាក​នេះ។ ប៉ុន្តែ ក៏​នៅ​មាន​សល់​ឱកាស​ល្អៗ​អស្ចារ្យ​ផង​ដែរ។

ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន ពេល​ដែល​ខ្ញុំ​ឮ​ហាង​លក់​ដូរ​ខ្លះ​មាន​បទ​ច្រៀង​ដូច​ជា «អំណរ​ដល់​លោក» ចាក់​នៅ​ក្នុង​ហាង​របស់​ពួក​គេ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ដឹង​ថា មាន​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភព​លោក​ចាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម​ពិធី​ថ្វាយ​បង្គំ ដើម្បី​ឮ​អំពី​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​លោក​នេះ ដែល​អាច​រក​ឃើញ​នៅ​ក្នុង​អេម៉ាញូអែល។ ទោះ​បើ​ថា មាន​មនុស្ស​ជា​ច្រើន​ច្រៀង​បទ​ចម្រៀង​ដោយ​មិន​ជឿ​សេចក្ដី​ពិត​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​គិត​ថា​នេះ​មិន​មែន​ជា​ភាព​បរាជ័យ ឬ​ក៏​ជា​ការ​សម្ដែង​នៃ​ការ​ធ្វើ​ពុត​ពី​មនុស្ស​ជា​ច្រើន​ទេ។

នេះ​គឺ​ជា​រឿង​នៃ​ការ​ប្រៀប​ធៀប​អំពី​អ្នក​ព្រោះ​គ្រាប់​ពូជ​ដែល​កំពុង​តែ​ដំណើរ​ការ​ឡើង (ម៉ាថាយ ១៣:១-២៣)។ នៅ​រដូវ​ណូអែល ព្រះ​បន្ទូល​គឺ​ត្រូវ​បាន​សាប​ព្រោះ​ជា​ច្រើន និង​គ្រប់​ទី​កន្លែង។ មាន​គ្រាប់​ពូជ​ដែល​បាន​ធ្លាក់​លើ​ផ្លូវ​ជា​ច្រើន ហើយ​ហាក់​បី​ដូច​ជា​មិន​មាន​ផល​ផ្លែ (ខ១៩); ហើយ​គ្រាប់​ពូជ​ខ្លះ​ក៏​បាន​ទទួល​ដំណឹង​ល្អ​ដោយ​មាន​អំណរ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ក្រោម​បញ្ហា​នៃ​ឆ្នាំ​ថ្មី (ខ២០-២១); ហើយ​គ្រាន់​តែ​មាន​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​ដែល​បាន​ដុះ​ឡើង​ធំ​ពេញវ័យ​រហូត​ដល់​បង្កើត​បាន​ជា​ផល​ផ្លែ (ខ២៣)។ យើង​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​នៅ​ពេល​ដែល​មាន​មនុស្ស​ច្រើន​ប្រភេទ​មក​ចូល​រួម​ក្រុម​ជំនុំ​យើង ហើយ​ក៏​បាន​បង្ហាញ​អំពី​ការ​ឆ្លើយ​តប​ខុសៗ​គ្នា​ទៅ​កាន់​ព្រះ​បន្ទូល​ដែរ។ ដូច​អ្នក​សាប​ព្រោះ យើង​ព្រោះ​គ្រាប់​ពូជ​ឲ្យ​បាន​ច្រើន ហើយ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ក្នុង​ការ​ច្រូត​កាត់​ចុះ (១កូរិនថូស ៣:៧)។

ការ​ឱប​ក្រសោប​រដូវ​កាល​ដែល​មាន​ប្រជាប្រិយ​ភាព​នេះ​មាន​ន័យ​ថា​យើង​រាប់​ពិធី​បុណ្យ​ណូអែល​ទុក​ជា​ឱកាស​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ ដែល​នោះ​ឯង​គឺ​ជា​អត្ថ​ន័យ។ ចូរ​ផ្ដោត​លើ​ការ​អាន​ព្រះ​គម្ពីរ និង​ការ​អធិប្បាយ​ដោយ​យក​ដំណឹង​ល្អ​ធ្វើ​ជា​មូល​ដ្ឋាន។

សូម​វិនិយោគ​លើ​ការ​ផ្សព្វ​ផ្សាយ​ខ្លះៗ​ផង​ដែរ។ ចូរ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​លោក​អ្នក ដើម្បី​ផ្សព្វផ្សាយ​អំពី​ប្រធាន​បទ​ល្អៗ​នៃ​ពិធី​បុណ្យ​ណូអែល។ ចែក​ក្រដាស​ផ្សព្វផ្សាយ​នៅ​តាម​ភូមិ។ ទៅ​លេង​អ្នក​ជិត​ខាង​របស់​លោក​អ្នក ដើម្បី​អញ្ជើញ​ពួក​គេ​ផ្ទាល់​តែ​ម្ដង។

ខណៈ​ពេល​ដែល​លោក​អ្នក​អញ្ជើញ​មិត្តភក្ដិ និង​ក្រុម​គ្រួសារ សូម​ប្រាកដ​ថា​ធ្វើ​នូវ​ចំណុច​គន្លឹះ​ពីរ​យ៉ាង​នេះ៖ ដាក់​ខ្លួន​ក្នុង​ការ​អញ្ជើញ ហើយ​នាំ​មិត្តភក្ដិ​របស់​លោក​អ្នក​មក​ចូល​រួម​កម្ម​វិធី។ ការ​ដាក់​ខ្លួន​ក្នុង​ការ​អញ្ជើញ​មាន​ន័យ​ថា លោក​អ្នក​ចៀស​ចេញ​ពី​ផ្លូវ​ដែល​ថា​ពួក​គេ​អាច​មក ឬ​ក៏​មិន​មក​តាម​តែ​ចិត្ត​របស់​ពួក​គេ។ កុំ​និយាយ​មិន​ច្បាស់ ឬ​ក៏​មិន​បង្ហាញ​ចំណាប់​អារម្មណ៍។ សូម​ប្រាប់​ពួក​គាត់​ថា «កម្ម​វិធី​នេះ​សំខាន់​ណាស់​ចំពោះ​ខ្ញុំ ហើយ​វា​នឹង​ពិត​ជា​មាន​ន័យ​ណាស់ ប្រសិន​បើ​លោក​អ្នក​មក​ចូល​រួម»។ នោះ​ឯង​គឺ​ជា​អត្ថ​ន័យ​ដែល​ថា ដាក់​ខ្លួន​ឯង​ចូល​ក្នុង​ការ​អញ្ជើញ។

ប៉ុន្តែ កុំ​ភ្លេច​នាំ​មិត្តភក្ដិ​របស់​លោក​អ្នក​មក​ចូល​រួម​កម្ម​វិធី​ផង។ ជា​ដំបូង លោក​អ្នក​អាច​អញ្ជើញ​ពួក​គាត់​ទៅ​ចូល​រួម​ញ៉ាំ​បាយ​ពេល​ល្ងាច ឬ​ក៏​ក្រោយ​មក​ពេល​ថ្ងៃ។ សូម​ទៅ​យក​ពួក​គាត់​ឲ្យ​មក​ចូល​រួម​កម្ម​វិធី។ សូម​ធ្វើ​ឲ្យ​ការ​អញ្ជើញ​នេះ​ធំ​ជាង​មុន ដោយ​ស្វាគមន៍​ពួក​គាត់​ចូល​មក​ក្នុង​ជីវិត​របស់​លោក​អ្នក​ផ្ទាល់ ដើម្បី​រារាំង​កុំ​ឲ្យ​ពួក​គាត់​គេច​ពី​ឱកាស​នេះ​បាន!

ហើយ​នៅ​ពេល​ដែល​ភ្ញៀវ​មក​ដល់ សូម​មាន​អ្វី​មួយ​ដើម្បី​ឲ្យ​ពួក​គាត់​ជា​អំណោយ​ដែរ។ លោក​អ្នក​អាច​ជូន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ឬ​ក៏​កូន​សៀវភៅ​មួយ​និយាយ​អំពី​ពិធី​បុណ្យ​ណូអែល​ក្នុង​លក្ខណៈ​ជា​កាដូ​ដល់​ពួក​គាត់។ សូម​រៀបចំ​ផែនការ​បង្កើត​កម្ម​វិធី​អញ្ជើញ​ពួក​គាត់​ឲ្យ​មក​ចូល​រួម​ឆ្នាំ​ថ្មី​ដែរ។ សូម​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​លោក​អ្នក​ក្លាយ​ជា​ទី​កន្លែង​ស្វាគមន៍​តាម​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​ចុះ។

សូម​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ពេលវេលា​នេះ​គឺ​ជា​ពេលវេលា​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​ដ៏​ធំ​បំផុត​ដែល​មាន​នៅ​ក្នុង​ការ​ចង​ចាំ ព្រោះ​វា​ពិត​ជា​ធំ​មែន។

២. ចូរ​ឱប​ក្រសោប​ភាព​ចម្លែក

ពិត​ណាស់! វា​មិន​ល្មម​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​ផ្ដោត​តែ​ទៅ​លើ​រដូវ​កាល​ដែល​មាន​ប្រជាប្រិយ​ភាព​បែប​នេះ។ តាម​ពិត​ទៅ វា​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់។ ប្រសិន​បើ​យើង​គ្រាន់​តែ​ចង់​បង្កើន​តួលេខ​នៃ​អ្នក​ចូល​រួម​ការ​ថ្វាយ​បង្គំ នោះ​យើង​នឹង​ប្រឈម​មុខ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​បញ្ឈប់​សារ ដោយ​ផ្ដោត​តែ​ទៅ​លើ​ភាព​ស្រស់​ឆើត​ឆាយ​ពី​សម្បក​ក្រៅ​តែ​ប៉ុណ្ណោះ។ យើង​ទំនង​ជា​យក​សត្វ​លា​ដែល​នៅ​រស់​មែន​ទែន​មក​ចូល​រួម​ការ​សម្ដែង ដើម្បី​រម្លឹក​ខួប​ព្រះ​យេស៊ូវ​គ្រីស្ទ ប៉ុន្តែ​មិន​បាន​ប្រកាស​ដំណឹង​ល្អ​សោះ។ យើង​ទំនង​ជា​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​កម្ម​វិធី​សប្បាយៗ ប៉ុន្តែ​មិន​ផ្ដោត​ទៅ​លើ​ការ​ប្រកាស​ដំណឹង​ល្អ​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​យើង​គិត​ថា​វា​ទំនង​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​ជឿ​អន់​ចិត្ត។ នេះ​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ។

ភាព​ចម្លែក​នៃ​ពិធី​បុណ្យ​ណូអែល—រឿង​ដ៏​ចម្លែក​នៃ​ការ​ដែល​ព្រះ​បាន​យាង​មក​យក​សណ្ឋាន​ជា​មនុស្ស—គឺ​មិន​មែន​ជា​ចំណុច​មួយ​ដែល​យើង​មើល​រំលង​នោះ​ទេ។ មនុស្ស​មួយ​ចំនួន​និង​មាន​ទស្សនៈ​លើ​ពិធី​បុណ្យ​ណូអែល​ថា​ជា​ថ្ងៃ​ឈប់​សម្រាក​ធម្មតា ផ្ដោត​លំៗ និង​បង្ហាញ​មិត្តភាព​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​តុប​តែង​បុណ្យ​ណូអែល​ដែល​យើង​ស្រឡាញ់—គ្រួសារ ម្ហូប​អាហារ ពិធី​ជប់លៀង—គឺ​គ្រាន់​តែ​ជា​ចំណុច​ពី​ខាង​ក្រៅ​ទៅ​កាន់​ខាង​ក្នុង​ប៉ុណ្ណោះ។ ព្រះ​គ្រីស្ទ​គឺ​ជា​ចំណុច​ស្នូល។

ដូច្នេះ ដាច់​ខាត យើង​ត្រូវ​តែ​ចម្លែក។ ការ​យាង​មក​យក​កំណើត​មាន​ន័យ​ថា យើង​មិន​អាច​រាប់​ចំណុច​នេះ​ថា​ជា​ទូ​ទៅ​ពេល​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ សាសនា ឬ​ក៏​អ្វីៗ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ទេ។ ចំណុច​ចម្លែក​នៃ​ពិធី​បុណ្យ​ណូអែល​មាន​ន័យ​ថា ព្រះ​បាន​បង្ហាញ​រូប​អង្គ​ទ្រង់​ក្នុង​លក្ខណៈ​ជា​សាច់​ឈាម ហើយ​ព្រះ​អង្គ​ក៏​មាន​ព្រះ​នាម​ដែរ។ ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​គឺ​ជា «វិញ្ញាណ​ដ៏​ពិត​នៃ​ពិធី​បុណ្យ​ណូអែល»។ ដាច់​ខាត! យើង​ត្រូវ​តែ​ផ្ដោត​លើ​ទ្រង់​ដោយ​មិន​មាន​ការ​សោក​ស្ដាយ។

ការ​អធិប្បាយ​អំពី​ការ​ផ្គាប់​ចិត្ត​ដ៏​រុងរឿង​របស់​ព្រះ​គ្រីស្ទ​ក៏​នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ទាំង​អ្នក​ជឿ និង​អ្នក​មិន​ជឿ​ដូច​គ្នា។ ការ​នេះ​ក៏​នឹង​ជួយ​ឲ្យ​យើង​គិត​ពី​គ្រោះ​ថ្នាក់​នៃ «ការ​ដាក់​នុយ ហើយ​ប្ដូរ» ត្រង់​ថា​យើង​បាន​អញ្ជើញ​ភ្ញៀវ​របស់​យើង​ឲ្យ​មក​ចូល​រួម​ពិធី​បុណ្យ​ណូអែល ប៉ុន្តែ​ក៏​បាន​ប្ដូរ​យ៉ាង​លឿន​មក​និយាយ​អំពី​អ្វី​ផ្សេង​ទៀត។ តម្រូវ​ការ​ដ៏​ធំ​បំផុត​សម្រាប់​មនុស្ស​លោក​ទាំង​អស់​គឺ​ព្រះ​គ្រីស្ទ។ ពួក​គេ​មិន​ត្រូវ​ការ​បទ​ចម្រៀង​ពិសេស ឬ​ក៏​ការ​រាំ​ពិសេស ឬ​ក៏​ម្ហូប​អាហារ​ពិសេស​នោះ​ទេ (ទោះ​បើ​ថា​ចំណុច​ទាំង​អស់​នោះ​ក៏​អាច​ប្រើ​ប្រាស់​បាន​សម្រាប់​ជា​ការ​ចង្អុល​អ្នក​ចូល​រួម​ទៅ​កាន់​ព្រះ​គ្រីស្ទ)។ សូម​ជូន​ព្រះ​គ្រីស្ទ​ទៅ​កាន់​ពួក​គេ​នៅ​ពិធី​បុណ្យ​ណូអែល​ឆ្នាំ​នេះ​ចុះ។

ចូរ​ឱប​ក្រសោប​ភាព​ចម្លែក! សូម​អធិប្បាយ​អំពី «ព្រះ​អម្ចាស់​យេស៊ូវ​ដ៏​តូច» ដែល​ជា​ព្រះ​អង្គ​សង្គ្រោះ​នៅ​ភូមិ​ស្ដេច ដាវីឌ អេម៉ាញូអែល​ដ៏​ជា​ព្រះ​រាជបុត្រា​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក «ដល់​យើង» (អេសាយ ៩:៦)។ នេះ​គឺ​ជា​ដំណឹង​ល្អ​ដ៏​ពិត។ សូម​ចំណាយ​ពេល​ឲ្យ​បាន​យូរ​ក្នុង​ចំណុច​នៃ​ការ​យាង​មក​យក​កំណើត។ ចូរ​បង្កើត​ភាព​សប្បាយ​អ៊ូអរ​ក្នុង​ពិធី​បុណ្យ​ណូអែល​ផ្ទាល់—ដែល​ជា​ចំណុច​ដ៏​ពិត។ នេះ​គឺ​ជា​អំណោយ​ទាន​ដ៏​ធំធេង​បំផុត​ក្នុង​អត្ថ​ន័យ។ ហើយ​បន្ទាប់​មក អញ្ជើញ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ឲ្យ​មាន​អំណរ​ក្នុង​អំណោយ​ទាន​មួយ​នេះ​ផង​ដែរ។

កម្ម​វិធី​នៃ​ការ​ប្រកាស​ដំណឹង​ល្អ​ដ៏​ធំ​បំផុត​ឆ្នាំ​នេះ​កំពុង​តែ​ហៀប​នឹង​កើត​ឡើង​ហើយ។ តើ​លោក​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ?
និពន្ធដោយ៖ លោកគ្រូ Glen Scrivener
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុុង, លោក ប៊ុន ធីម៉ូថេ, លោក វែល ណាថាន​, លោក នាង និត និងលោកស្រី ថា សំបូរ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អ្នកណាដែលសូម

ស្អប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់