in

ដំបូន្មាន​៨​យ៉ាង​សម្រាប់​គ្រីស្ទ​បរិស័ទ​ដែល​នៅ​លីវ​ពី​លោក ធីម ឃែលឺ

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ក៏​រីករាយ​ដែល​បាន​ឃើញ​មាន​មួយ​ជំពូក​ទាំង​មូល​ដែល​សរសេរ​ឡើង​សម្រាប់​អ្នក​នៅ​លីវ​គ្រីស្ទាន នៅ​ក្នុង​សៀវភៅ​ដ៏​ល្អ​របស់​លោក ធីម និង លោក​ស្រី ខេតធី ឃែលឺ ស្តី​អំពី​អាពាហ៍ពិពាហ៍។ នៅ​ក្នុង​ផ្នែក​មួយ​ដែល​មាន​ចំណង​ជើង​ថា «ដំបូន្មាន​ជាក់​ស្ដែង​មួយ​ចំនួន​សម្រាប់​អ្នក​ចង់​រៀប​អាពាហ៍ពិពាហ៍» (“Some Practical Counsel for Marriage Seekers”) គ្រួសារ​លោក​ឃែលឺ​បាន​ផ្តល់​នូវ​ព័ត៌មាន​ជំនួយ​ដ៏​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​អ្នក​នៅ​លីវ។ ខ្ញុំ​បាន​រាយ​បញ្ជី​ការ​ប្រឹក្សា​ទាំង​នោះ​នៅ​ខាង​ក្រោម រួម​ជា​មួយ​នឹង​ចំណុច​បន្ទាប់​បន្សំ​មួយ​ចំនួន​របស់​គ្រួសារ​លោក​ខែល័រ ក្នុង​ទម្រង់​ជា​ចំណុច​រង​សម្រាប់​បង្កើន​ការ​អាន។[១]

១. ចូរ​ទទួល​ស្គាល់​ថា​មាន​រដូវ​កាល​ដែល​មិន​ត្រូវ​ស្វែង​រក​ការ​រៀប​អាពាហ៍ពិពាហ៍

– មាន​ពេល​ជា​ច្រើន​ដង ឬ «កាល» ដែល​ការ​ណាត់​ជួប និង​ការ​ស្វែង​រក​អាពាហ៍ពិពាហ៍​ដ៏​សកម្ម​មិន​ចាំ​បាច់​កើត​ឡើង​នោះ​ទេ។

– នរណា​ម្នាក់​ដែល​តែង​តែ​ត្រូវ​តែ «មាន​នរណា​ម្នាក់» គឺ​ប្រហែល​ជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​យក​អាពាហ៍ពិពាហ៍​ជា​ព្រះ​ហើយ។

– នៅ​ពេល​ដែល​លោក​អ្នក​កំពុង​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ—ចាប់​ផ្ដើម​ការងារ​ថ្មី ចាប់​ផ្ដើម​សាលា​រៀន​ថ្មី ប្រឈម​មុខ​ជា​មួយ​ការ​ស្លាប់​របស់​ឪពុក​ម្តាយ ឬ​ពេល​វេលា ឬ​ព្រឹត្តិការណ៍​ណា​មួយ​ដែល​ស៊ី​ពេល​វេលា​ជា​ច្រើន—វា​ប្រហែល​ជា​មិន​មែន​ជា​ពេល​វេលា​ដ៏​ល្អ​ទេ​ក្នុង​ការ​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា។

– នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល ឬ​ក៏​ការ​ចាប់​ផ្ដើម​ជា​ថ្មី​ឡើង​វិញ លោក​អ្នក​ប្រហែល​ជា​ត្រូវ​ការ​មាន​មិត្ត​ភាព​ជា​គ្រីស្ទ​បរិស័ទ​ជិត​ស្និទ្ធ​ច្រើន​ជាង​ការ​ណាត់​ជួប និង​ការ​មាន​គំនិត​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍។

២. សូម​យល់​ដឹង​អំពី​អំណោយ​ទាន​នៃ​ភាព​នៅ​លីវ

– សាវ័ក ប៉ុល បាន​ហៅ​ការ​នៅ​លីវ​ថា​ជា​អំណោយ​ទាន (១កូរិនថូស ៧:៧)។

– នៅ​ក្នុង​សំណេរ​របស់​សាវ័ក ប៉ុល គឺ​គាត់​តែង​តែ​ប្រើ​ពាក្យ «អំណោយ​ទាន» ដើម្បី​សំដៅ​ទៅ​លើ​សមត្ថភាព​មួយ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​ឲ្យ​ស្អាង​អ្នក​ដទៃ​ឡើង។

– នៅ​ពេល​នោះ​សាវ័ក ប៉ុល មិន​បាន​និយាយ​អំពី​ស្ថាន​ភាព​ពិបាក​យល់ ដែល​គ្មាន​ភាព​តាន​តឹង​មួយ​ចំនួន ដែល​នឹក​មិន​ដល់​ទេ។ សម្រាប់​សាវ័ក ប៉ុល «អំណោយ​ទាន» នៃ​ការ​នៅ​លីវ​សំដៅ​ទៅ​លើ​សេរី​ភាព​ដែល​វា​ផ្ដល់​ឲ្យ​គាត់​ផ្ដោត​អារម្មណ៍​លើ​ការ​បម្រើ​ព័ន្ធ​កិច្ច ក្នុង​របៀប​ដែល​បុរសៗ​រៀប​ការ​ហើយ​មិន​អាច​ធ្វើ​បាន។

– គាត់ (សាវ័ក ប៉ុល) មិន​គ្រាន់​តែ​រក​ឃើញ​សមត្ថភាព ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដែល​បម្រើ​ព្រះ​ជាម្ចាស់ និង​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ…គាត់​ក៏​បាន​រក​ឃើញ​លក្ខណៈ​ពិសេស​នៃ​ជីវិត​នៅ​លីវ (ឧទាហរណ៍៖ ដូច​ជា​ការ​បត់​បែន​នៃ​ពេល​វេលា​បាន) ដើម្បី​បម្រើ​ព្រះ​ជាម្ចាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​បាន។

– «ការ​ត្រាស់​ហៅ​ឲ្យ​នៅ​លីវ» ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​គឺ​មិន​មែន​ជា​លក្ខ​ខណ្ឌ​ដែល​គ្មាន​ការ​តស៊ូ ឬ​ក៏​ជា​បទ​ពិសោធន៍​នៃ​ទុក្ខ​វេទនា​ផ្សេង​ទៀត​នោះ​ឡើយ…នៅ​ពេល​ដែល​លោក​អ្នក​មាន​អំណោយ​នេះ នោះ​លោក​អ្នក​ប្រាកដ​ជា​នឹង​មាន​ឧបសគ្គ ប៉ុន្តែ​រឿង​សំខាន់​នោះ​គឺ​ថា ព្រះ​ជាម្ចាស់​កំពុង​ជួយ​លោក​អ្នក​ឲ្យ​រីក​ចម្រើន​ខាង​ឯ​វិញ្ញាណ និង​បង្កើត​ផល​ផ្លែ​ក្នុង​ជីវិត​អ្នក​ដទៃ ទោះ​បី​ជា​មាន​ឧបសគ្គ​ក៏​ដោយ។

៣. សូម​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍ នៅ​ពេល​ដែល​លោក​អ្នក​កាន់តែ​ចាស់​ទៅៗ

– នៅ​ពេល​យើង​កាន់​តែ​ចាស់​ទៅៗ គឺ​មាន​ទំនោរ​ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​គិត​ថា៖ «ប្រសិន​បើ​លោក​អ្នក​ចេញ​ទៅ​ក្រៅ​ជា​មួយ​នឹង​ខ្ញុំ នោះ​លោក​អ្នក​កំពុង​គិត​អំពី​ទំនាក់​ទំនង ឬ​អាពាហ៍ពិពាហ៍​ដែល​ច្បាស់​លាស់​ហើយ»។

– ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​បំផុត​មួយ​ដែល​លោក​អ្នក​អាច​មាន គឺ​នៅ​ពេល​ដែល​អ្នក​ណា​ម្នាក់​គិត​ថា ការ​ណាត់​ជួប​នេះ​គឺ ដើម្បី​ពិចារណា​អំពី​ទំនាក់​ទំនង​ដ៏​ច្បាស់​លាស់ ហើយ​អ្នក​ម្នាក់​ទៀត​គិត​ថា វា​គ្រាន់​តែ​ជា​ការ​សប្បាយ​នៅ​ក្នុង​សង្គម និង​កម្សាន្ត​ប៉ុណ្ណោះ។

– ធ្វើ​ខ្លួន​តាម​អាយុ​កាល​របស់​លោក​អ្នក…បើ​លោក​អ្នក​នៅ​លីវ និង​នៅ​ក្នុង​វ័យ​សាមសិប​ឆ្នាំ​ជាង លោក​អ្នក​គួរ​តែ​ទទួល​ស្គាល់​ថា ប្រសិន​បើ​ខ្លួន​ទទូច​ចង់​បន្ត​ការ​កម្សាន្ត​បែប​ណាត់​ជួប​ជា​មួយ​អ្នក​ដទៃ ដែល​មាន​អាយុ​ស្របាល​លោក​អ្នក នោះ​ជា​ញឹក​ញាប់​លោក​អ្នក​នឹង​លេង​សើច​នឹង​អារម្មណ៍​របស់​គេ​ហើយ។

– កាល​ណា​លោក​អ្នក​កាន់​តែ​ចាស់​ទៅៗ នោះ​លោក​អ្នក​នឹង​ចេញ​ទៅ​ក្រៅ​ជា​ញឹក​ញាប់ ហើយ​ទាំង​ពីរ​នាក់​ត្រូវ​តែ​ទទួល​ស្គាល់​ថា ខ្លួន​កំពុង​ស្វែង​រក​ការ​រៀប​អាពាហ៍ពិពាហ៍​កាន់​តែ​ឆាប់​រហ័ស។

៤. កុំ​បណ្ដោយ​ឲ្យ​ខ្លួន​លោក​អ្នក​មាន​ទំនាក់​ទំនង​ផ្លូវ​ចិត្ត​ស៊ី​ជម្រៅ​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ

នៅ​គ្រប់​ខ​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរ​បាន​សន្មត​ថា គ្រីស្ទ​បរិស័ទ​នឹង​រៀប​ការ​ជា​មួយ​គ្រីស្ទ​បរិស័ទ​ដូច​គ្នា។

– ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​ជាម្ចាស់​គឺ​មិន​មែន​អំពី​ការ​ដែល​លោក​អ្នក​រៀប​ការ​ជា​មួយ​ពូជ​សាសន៍​ផ្សេង​ក្រៅ​នោះ​ទេ ប៉ុន្តែ​គឺ​សេចក្ដី​ជំនឿ​វិញ។

– ប្រសិន​បើ​ដៃ​គូ​របស់​លោក​អ្នក​មិន​យល់​អំពី​សេចក្ដី​ជំនឿ​គ្រីស្ទ​បរិស័ទ​របស់​លោក​អ្នក​ទេ នោះ​គាត់​ពិត​ជា​មិន​បាន​យល់​ដូច​លោក​អ្នក​យល់ ពី​ខាង​ក្នុង​ទេ។ ហើយ​ប្រសិន​បើ​ព្រះ​យេស៊ូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដួង​ចិត្ត​លោក​អ្នក នោះ​មាន​ន័យ​ថា ដៃ​គូ​របស់​លោក​អ្នក​ពិត​ជា​មិន​បាន​យល់​អំពី​លោក​អ្នក​ឡើយ។

– ប្រសិន​បើ​លោក​អ្នក​រៀប​ការ​ជា​មួយ​នឹង​បុគ្គល ដែល​មិន​កាន់​ខ្ជាប់​តាម​សេចក្ដី​ជំនឿ​ដ៏​ជ្រាល​ជ្រៅ និង​ជំនឿ​ស្នូល​ដូច​លោក​អ្នក​ទេ នោះ​លោក​អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត ដែល​ដៃគូ​របស់​លោក​អ្នក​មិន​អាច​យល់​បាន​ទាល់​តែ​សោះ។ ផ្នែក​នោះ​នៃ​ជីវិត​របស់​លោក​អ្នក—ហើយ​វា​គឺ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត—នឹង​មាន​ភាព​ស្រអាប់​ជានិច្ច និង​ជា​អាថ៌កំបាំង​ជា​រៀង​រហូត​ចំពោះ​ជីវិត​ប្ដី​ប្រពន្ធ​របស់​លោក​អ្នក។

-លោក​អ្នក​មិន​គួរ​តាំង​ចិត្ត​រៀប​ការ​ជា​មួយ​បុគ្គល​ដែល​មិន​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ដូច​គ្នា​នឹង​លោក​អ្នក​នោះ​ឡើយ។

5. ចូរ​មាន​អារម្មណ៍​ថា «ទាក់​ទាញ​ចិត្ត» ក្នុង​ន័យ​ដ៏​ទូលំ​ទូលាយ​បំផុត

– សាវ័ក ប៉ុល បាន​បង្រៀន​ថា ការ​ទាក់​ទាញ​ចិត្ត​គឺ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍ (១កូរិនថូស ៧:៩)។ ប៉ុន្តែ សូម​ឲ្យ​យើង​ចូល​កាន់​តែ​ជ្រៅ​ទៀត…សូម​ហៅ​វា​ថា «ការ​ទាក់​ទាញ​ចិត្ត​ដ៏​ទូលំ​ទូលាយ»។ តើ​វា​ជា​អ្វី? ផ្នែក​ខ្លះៗ​គឺ​ការ​ទាក់​ទាញ​ទៅ​នឹង​ចរិត​លក្ខណៈ​របស់​នរណា​ម្នាក់ ឬ​ផល​ផ្លែ​ខាង​ឯ​វិញ្ញាណ (កាឡាទី ៥:២២)។

– ដៃ​គូ​អាពាហ៍ពិពាហ៍​អាច​និយាយ​បាន​ថា «ខ្ញុំ​បាន​ឃើញ​អ្វី​ដែល​លោក​អ្នក​កំពុង​តែ​ក្លាយ​ទៅ​ជា និង​អ្វី​ដែល​លោក​អ្នក​នឹង​ក្លាយ​ទៅ​ជា (ទោះ​បី​ជា​និយាយ​តាម​ត្រង់​ទៅ លោក​អ្នក​មិន​ទាន់​ទៅ​ដល់​ចំណុច​នោះ​នៅ​ឡើយ​ទេ)។ ប៉ុន្តែ ពន្លឺ​នៃ​អនាគត​របស់​លោក​អ្នក​ទាក់​ទាញ​ចិត្ត​ខ្ញុំ។

– ដៃគូ​អាពាហ៍ពិពាហ៍​អ្នក​គួរ​តែ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​យើង​អាច​ហៅ​ថា «រឿង​ព្រេង» របស់​លោក​អ្នក។ លោក ស៊ី.អេស. ល៊ូហ្វីស (C.S. Lewis) បាន​និយាយ​អំពី «ខ្សែ​អំបោះ​អាថ៌កំបាំង» ដែល​បង្រួប​បង្រួម​សៀវភៅ តន្ត្រី ទី​កន្លែង ឬ​កន្លែង​កម្សាន្ត ដែល​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត។ ជួន​កាល លោក​អ្នក​នឹង​ជួប​មនុស្ស​ម្នាក់​ដែល​មាន​ខ្សែ​អំបោះ​រឿង​ព្រេង​អាថ៌កំបាំង​ដូច​គ្នា​នឹង​លោក​អ្នក​ដែរ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ខ្សែ​អំបោះ​នោះ​ផ្ទាល់។ នេះ​គឺ​ជា​ប្រភេទ​នៃ​ការ​ទាក់​ទាញ​ចិត្ត​ដ៏​ទូលំ​ទូលាយ ដែល​លោក​អ្នក​គួរ​ស្វែង​រក​នៅ​ក្នុង​ដៃ​គូ​នា​ពេល​អនាគត​របស់​លោក​អ្នក។

៦.កុំ​បណ្តោយ​ឲ្យ​រឿងរ៉ាវ​ងប់ងុល​លឿន​ពេក

– ការ​ណាត់​ជួប​គ្នា​បែប​សម័យ​ទំនើប​តែង​តែ​នាំ​ឲ្យ​មាន​ការ​រួម​ភេទ​ឆាប់​រហ័ស​ពេក​ហើយ ហើយ​ពេល​ដែល​រឿង​នោះ​បាន​កើត​ឡើង នោះ​ការ​ឈ្លក់​វង្វេង​នឹង​ស្នេហា​អាច​លេច​ឡើង​ភ្លាមៗ​ដែរ។ បទ​ពិសោធន៍​បែប​នោះ មាន​ទំនោរ​រា​រាំង​ដល់​ការ​វាយ​តម្លៃ​ជាក់​ស្ដែង​ថា តើ​បុគ្គល​នោះ​ពិត​ជា​នរណា?

– ប្រភេទ​ស្នេហា​ដែល​នៅ​ស្ថិត​ស្ថេរ​អស់​មួយ​ជីវិត​គឺ​មិន​មែន​មាន​ត្រឹម​តែ​ផ្នែក​អារម្មណ៍​ប៉ុណ្ណោះ​នោះ​ទេ។ វា​ត្រូវ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុត​មាំ​គ្រប់​គ្រាន់ ដើម្បី​ជំរុញ​យើង​ឲ្យ​រីករាយ ដោយ​មិន​មាន​ការ​រអ៊ូរទាំ មាន​ការ​បម្រើ​អ្នក​ដទៃ​ដោយ​ចេះ​លះបង់ សូម្បី​តែ​ក្នុង​រដូវ​កាល​ដែល​ជៀស​មិន​រួច នៅ​ពេល​ដែល​អារម្មណ៍​នោះ​ស្ងួត ឬ​ត្រជាក់​ក៏​ដោយ។ ស្នេហា​បែប​នោះ​កើត​ចេញ​ពី​ការ​ទាក់​ទាញ​ចិត្ត​ដ៏​ទូលំ​ទូលាយ​នេះ​ទៅ​លើ​អត្ត​ចរិត អនាគត និង​បេសកកម្ម​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់​នោះ។

-វិធី​មួយ​ដែល​លោក​អ្នក​អាច​វិនិច្ឆ័យ​បាន​ថា តើ​លោក​អ្នក​បាន​ឆ្លង​ផុត​ដំណាក់​កាល​នៃ​ការ​រំជើប​រំជួល​ឬ​យ៉ាង​ណា គឺ​ត្រូវ​សួរ​នូវ​សំណួរ​មួយ​ចំនួន​នេះ៖ តើ​លោក​អ្នក​បាន​ឆ្លង​កាត់ និង​ដោះ​ស្រាយ​ជម្លោះ​ដ៏​មុត​ស្រួច​មួយ​ចំនួន​ហើយ​ឬ​នៅ? តើ​លោក​អ្នក​បាន​ឆ្លង​កាត់​វដ្ដ​នៃ​ការ​ប្រែ​ចិត្ត និង​ការ​អត់​ទោស​ដែរ​ឬ​ទេ? តើ​លោក​អ្នក​បាន​បង្ហាញ​អ្នក​ដទៃ​ថា លោក​អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ដែល​កើត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​គ្នា​រវាង​គ្នា​នឹង​គ្នា​បាន​ហើយ​ឬ​នៅ?

– មធ្យោបាយ​សំខាន់​មួយ​សម្រាប់​លោក​អ្នក ដើម្បី​ជៀសវាង​ភាព​ងងឹត​ងងុល និង​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​នៃ​ការ​ងប់ងុល​លឿន​ពេក គឺ​ការ​បដិសេធ​ការ​រួម​ភេទ​មុន​ពេល​រៀប​ការ។ ការ​ពិត​ជាក់​ស្ដែង​គឺ​ថា សកម្ម​ភាព​ផ្លូវ​ភេទ​បង្ក​ឲ្យ​មាន​តណ្ហា​យ៉ាង​ជ្រាល​ជ្រៅ​នៅ​ក្នុង​លោក​អ្នក​ចំពោះ​អ្នក​ដទៃ​ដែល​លោក​អ្នក​នឹង​ត្រូវ​មើល​គាត់/នាង​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន។

– ដាក់​ការ​អភិវឌ្ឍ​មិត្ត​ភាព​លើ​ការ​អភិវឌ្ឍ​ចរិតលក្ខណៈ។

៧. ទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​កុំ​ក្លាយ​ជា​ប្ដី/ប្រពន្ធ​ក្លែង​ក្លាយ​សម្រាប់​អ្នក​ដែល​មិន​បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​លោក​អ្នក​ឡើយ

– ខណៈ​ពេល​ដែល​គូ​ខ្លះ​អាច​ឆាប់​គិត​ច្បាស់​លាស់​លឿន​ពេក​ក៏​មាន​គូ​ផ្សេង​ទៀត​ដែល​នឹង​មាន​សមាជិក​ម្នាក់ ដែល​នឹង​មាន​ការ​ស្ទាក់ស្ទើរ​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​ទំនាក់​ទំនង ឬ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​ដែរ។

– ប្រសិន​បើ​ទំនាក់​ទំនង​បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​គ្មាន​មុខ​សញ្ញា​នៃ​ភាព​ស៊ី​ជម្រៅ ឬ​ឈាន​ទៅ​រក​ជីវិត​អាពាហ៍ពិពាហ៍​នោះ​ទេ នោះ​ប្រហែល​ជា​មាន​បុគ្គល​ម្នាក់​បាន​ដឹង​ដល់​កម្រិត​នៃ​ទំនាក់​ទំនង (ការ​មិន​ចង់​រៀប​អាពាហ៍ពិពាហ៍) ដែល​គាត់/នាង​កំពុង​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន​ហើយ និង​មាន​អារម្មណ៍​ថា​មិន​ត្រូវ​ឈាន​ទៅ​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ទេ។

៨. សូម​ទទួល និង​ស្នើ​សុំ​មតិយោបល់​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន

– គោល​ការណ៍​មូល​ដ្ឋាន​គឺ​ត្រឹម​ត្រូវ និង​សំខាន់។ អាពាហ៍ពិពាហ៍​មិន​គួរ​តែ​មាន​បុគ្គល​ម្នាក់​តឹងរ៉ឹង ឬ​ក៏​ការ​សម្រេច​ចិត្ត​ឯកតោ​ភាគី​នោះ​ទេ។ វា​សំខាន់​ពេក​ហើយ ហើយ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​យើង​ក៏​ងាយ​យល់​ច្រឡំ​ផង​ដែរ។

– នៅ​ក្នុង​សហគមន៍​យើង​មាន​ដៃ​គូ​រៀប​ការ​ជា​ច្រើន ដែល​មាន​ប្រាជ្ញា​ច្រើន​សម្រាប់​ឲ្យ​អ្នក​នៅ​លីវ​អាច​ស្ដាប់​តាម​បាន។ អ្នក​នៅ​លីវ​គួរ​តែ​ទទួល​មតិយោបល់​ពី​នាក់​នៅ​ជុំ​វិញ​ខ្លួន​ក្នុង​គ្រប់​ជំហាន នៅ​ពេល​ស្វែង​រក​ជីវិត​អាពាហ៍ពិពាហ៍។

– តាម​ពិត​ទៅ ខ្ញុំ​ចង់​ណែនាំ​រឿង​មួយ​បន្ថែម​ទៀត។ ជីវិត​អាពាហ៍ពិពាហ៍​របស់​គ្រីស្ទ​បរិស័ទ​គួរ​តែ​ជា​បែប​សហគមន៍ ដែល​នេះ​មាន​ន័យ​ថា​គ្រីស្ទ​បរិស័ទ​ដែល​បាន​រៀប​ការ​ហើយ​គួរ​តែ​ស្វែង​រក​វិធី​ផ្សេងៗ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ជា​មួយ​អ្នក​នៅ​លីវ និង​គូ​ស្វាមី​ភរិយា​ផ្សេង​ទៀត នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ដែរ។

– សូម​គិត​អំពី​ឥទ្ធិពល​នៃ​ការ​នេះ​ដែល​អាច​នឹង​មាន! អ្នក​នៅ​លីវ​ត្រូវ​តែ​មើល​ឃើញ​ថា ជីវិត​អាពាហ៍ពិពាហ៍​លំបាក និង​មាន​ភាព​រុងរឿង​ខ្លាំង​ប៉ុណ្ណា មិន​មែន​គ្រាន់​តែ​ភាព​ស្កប់​ចិត្ត​ប៉ុណ្ណា​នោះ​ទេ។ មាន​មធ្យោបាយ​តែ​មួយ​គត់​ដែល​ការ​នេះ​អាច​កើត​ឡើង​បាន គឺ​គូ​ស្វាមី​ភរិយា​ដែល​បាន​រៀប​ការ​រួច​ហើយ​ត្រូវ​តែ​ចែក​រំលែក​ជីវិត​របស់​ពួក​គេ​ជា​មួយ​អ្នក​នៅ​លីវ ដើម្បី​ឲ្យ​អ្នក​នៅ​លីវ​អាច​យល់​បាន​ថា តើ​អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ពិត​បែប​ណា​ឲ្យ​ប្រាកដ។

ធនធាន​បន្ថែម​ចំពោះ​ភាព​នៅ​លីវ៖

ម្ចាស់​ស្នេហ៍

លើស​ពី​រាត្រី​ទឹក​ឃ្មុំ

ដៃ​គូ​ជីវិត

អាពាហ៍ពិពាហ៍​ដែល​អ្នក​ប្រាថ្នា

ទឹម​នឹម​ស្រៀក

ភាសា​នៃ​សេចក្តី​ស្រឡាញ់​ទាំង​៥

កំណត់​ចំណាំ៖

១. ខ្ញុំ​យក​ខ្លឹម​សារ​នៃ​ការ​ប្រកាស​នេះ​ចេញ​ពី​ជំពូក​ទី​ប្រាំពីរ «ភាព​នៅ​លីវ និង​អាពាហ៍ពិពាហ៍» (Singleness and Marriage) នៃ​សៀវភៅ​របស់​លោក ធីម និង​លោក​ស្រី ឃេតធី ខែល័រ ស្តី​អំពី​ជីវិត​អាពាហ៍ពិពាហ៍។ ដូច​ដែល​លោក​អ្នក​អាច​ប្រាប់​បាន ខ្ញុំ​មិន​បាន​ចម្លង​គ្រប់​ពាក្យ​នៃ​ជំពូក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ជ្រើស​រើស​យក​ប្រយោគ​មួយ​ចំនួន ដែល​ខ្ញុំ​គិត​ថា​លេច​ធ្លោ​ជាង​គេ។ ខ្ញុំ​ក៏​បាន​កែ​សម្រួល​ប្រយោគ​ទាំង​នោះ​ខ្លះៗ ដើម្បី​ឲ្យ​អាច​អាន​បាន​ប្រសើរ​ជាង​មុន​សម្រាប់​ការ​បង្ហោះ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ផ្លាស់​ប្ដូរ ឬ​បន្ថែម​ការ​គិត​របស់​ខ្ញុំ​ទៅ​លើ​អ្វី​ដែល​គ្រួសារ​លោក​ខែល័រ​បាន​សរសេរ​ហើយ​នោះ​ទេ។ សូម​មើល​ជំពូក​ទី៧ នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «អត្ថន័យ​នៃ​អាពាហ៍ពិពាហ៍» (The Meaning of Marriage) សម្រាប់​ខ្លឹម​សារ​ដ៏​មាន​ប្រយោជន៍​បន្ថែម​ទៀត អំពី​ភាព​នៅ​លីវ​របស់​គ្រីស្ទ​បរិស័ទ។

និពន្ធ​ដោយ៖ David Kaywood
បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក
ជំនួយការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ,
លោក ឯក សត្យា, លោក ហុង សម្ភស និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី gospelrelevance.com ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ស្រឡាញ់​ព្រះ ខ្លាំង​ជាង​ការ​កម្សាន្ត​សប្បាយ​របស់​ខ្ញុំ?

សេចក្តី​តាំង​សញ្ញា