«អស់អ្នកដែលបង្កើតឲ្យមានសកម្មភាពក្នុងក្រុមជំនុំ» តែងតែផ្ដោតលើការបំផ្លាស់បំប្រែសង្គម ពោលគឺការបំផ្លាស់បំប្រែដ៏ប្រសិទ្ធភាព។ យើងជឿជាក់ថា បើយើងបង្កើតឲ្យមានចលនាក្នុងក្រុមជំនុំយើង នោះយើងនឹងបំផ្លាស់បំប្រែផែនដីនេះទាំងមូល។ ហេតុអ្វី? ព្រោះក្រុមជំនុំបំផ្លាស់បំប្រែមនុស្ស។ ហើយមនុស្ស ក្នុងនាមជាទូតរបស់ព្រះគ្រីស្ទ គឺជាអ្នកដែលបំផ្លាស់បំប្រែអ្នកជិតខាង ទីក្រុង ហើយនិងជាតិសាសន៍យើងទាំងមូល។
ត្រង់នេះ យើងខ្ញុំចង់មានន័យថា ផ្លាស់ប្ដូរមនុស្ស។ ផ្លាស់ប្ដូរសមាជិកក្រុមជំនុំទាំងមូល ក៏ដូចជាសមាជិកនីមួយៗផងដែរ។ ហើយមិនយូរមិនឆាប់ពួកគាត់ក៏នឹងទៅផ្លាស់ប្ដូរអ្នកដទៃ ដែលអ្នកនោះក៏នឹងទៅផ្លាស់ប្ដូរអ្នកដទៃទៀត។ល។
ប៉ុន្តែ តើយើងត្រូវបំផ្លាស់បំប្រែពួកគាត់ត្រង់ចំណុចណាខ្លះ?
យើងផ្លាស់ប្រែមនុស្សមួយចំនួនចេញពីសេចក្ដីងងឹតនៃអំពើបាបឲ្យទៅនៅក្នុងពន្លឺរបស់ព្រះគ្រីស្ទ។ សាវ័ក ប៉ុល បានលើកឡើងថា យើងបង្វែរមនុស្ស «ឲ្យបានបែរចេញពីសេចក្ដីងងឹត មករកពន្លឺ» (កិច្ចការ ២៦:១៨)។ ធាតុពិតគឺជាព្រះជាម្ចាស់គឺជាអង្គដែលធ្វើការនេះតាមរយៈយើង (កូឡូស ១:១៣)។ យើងបង្វែរពួកគាត់ពីឆ្វេងទៅស្ដាំ។ យើងបង្វែរពួកគាត់ចេញពីភាពល្ងង់ខ្លៅ និងការមិនជឿ ឲ្យទទួលបានជំនឿដែលសង្គ្រោះពួកគាត់បាន ក៏ដូចជាឲ្យពួកគាត់មានការផ្លាស់ប្រែចិត្ត (ការប្ដូរសាសនា)។ បន្ទាប់មក យើងជំរុញពួកគាត់ចេញពីភាពមិនពេញវ័យខាងឯព្រលឹងវិញ្ញាណ ឲ្យមានការពេញវ័យខាងឯព្រលឹងវិញ្ញាណវិញ (កូឡូស ១:២៨-២៩; ២ធីម៉ូថេ ៣:១៦-១៧)។
យើងផ្លាស់ប្រែមនុស្សតាមរយៈការចែករំលែកជីវិតរបស់យើងជាមួយនឹងពួកគាត់ឲ្យបានជាប់លាប់ (១ថែស្សាឡូនីច្ច ២:៨)។ សាវ័ក ប៉ុល បានលើកឡើងចំពោះអស់អ្នកដែលបានធ្លាប់ភ្លក់សេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ថា ឲ្យចេញទៅភ្ជាប់ជីវិតពួកគាត់ជាមួយនឹងអ្នកដទៃឲ្យបានជាប់លាប់ ហើយមានគោលដៅច្បាស់លាស់។
«ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្ដល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្ដីទុក្ខលំបាក ចូរខ្ជាប់ខ្លួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ។» (រ៉ូម ១២:១០, ១២-១៥ គកស)។
ហើយយើងផ្លាស់ប្រែមនុស្សដោយបន្តចែកចាយដល់ពួកគាត់អំពីព្រះយេស៊ូវ សូម្បីតែក្រោយពេលដែលពួកគាត់បានទទួលជឿព្រះគ្រីស្ទរួចទៅហើយ «ដោយនិយាយសេចក្ដីពិតដោយសេចក្ដីស្រឡាញ់» ដើម្បីឲ្យអវយវៈរបស់ព្រះគ្រីស្ទលូតលាស់ឡើង ក៏ដូចជាមានការស្ដារឡើងវិញ មានភាពម៉ត់ចត់ និងមានការបំផ្លាស់បំប្រែ (អេភេសូរ ៤:១៥)។ នេះឯងជារបៀបដែលយើងផ្លាស់ប្រែមនុស្ស។
ជំហាន៨យ៉ាងក្នុងការឲ្យបានពេញវ័យខាងឯព្រលឹងវិញ្ញាណ
ពិតណាស់ របៀប ឬក៏ជំហាននៃគំនិតទាក់ទងនឹងការនាំមនុស្សឲ្យទទួលជឿលើព្រះយេស៊ូវ ហើយបន្តលូតលាស់ គឺអាចមានការខុសៗគ្នាច្រើនណាស់។ ក្នុងអត្ថបទនេះ យើងខ្ញុំបានដកស្រង់ចេញពីសៀវភៅ The Trellis and the Vine និពន្ធដោយលោកគ្រូ Colin Marshall និងលោកគ្រូ Tony Payne។
ព្រះគម្ពីរបានផ្ដល់ការណែនាំ គំរូ និងរបៀបជាច្រើនក្នុងការជួយណែនាំគ្រីស្ទបរិស័ទដែលមានប្រវត្តិខុសៗគ្នា និងបុគ្គលិកភាពខុសៗគ្នា ដើម្បីឲ្យគាត់អាចចេញទៅបម្រើមហាបេសកកម្ម។ យើងខ្ញុំចូលចិត្តជំហានទាំងប៉ុន្មាននេះ ព្រោះអ្នកនិពន្ធបានសម្រាយរបៀបនៃការលូតលាស់បានយ៉ាងច្បាស់លាស់ ហើយងាយនឹងយកទៅអនុវត្ត។ នៅពេលដែលយើងខ្ញុំគិតអំពីជំហាននីមួយៗនេះទាក់ទងនឹងអ្នកជិតខាងរបស់យើងខ្ញុំ យើងខ្ញុំតែងតែឃើញថា យើងខ្ញុំមិនទាន់ចេះមានចិត្តស្កប់ស្កល់នៅឡើយទេ ហើយក៏តែងតែមានការលើកទឹកចិត្តឲ្យកាន់តែចេះព្យាយាមចាប់ផ្ដើមនាំអ្នកដទៃឲ្យស្គាល់ព្រះយេស៊ូវថែមទៀត។
សូមយកជំហានដែលលោកអ្នកគិតថាអាចជាជំនួយ ហើយបង្កើតឲ្យចេញជារបៀបដែលលោកអ្នកអាចយកទៅប្រើបានក្នុងរបៀបដែលបង្ហាញថាយើងពិតជាស្រឡាញ់ និងពិតជាបង្ហាត់បង្រៀនដល់អ្នកជិតខាងរបស់លោកអ្នក ដែលមានរួមទាំងអ្នកជឿ និងអ្នកមិនជឿផងដែរ។
១. ទំនាក់ទំនង
សូមជួបអ្នកជិតខាងរបស់លោកអ្នក ហើយព្យាយាមចងចាំឈ្មោះរបស់ពួកគាត់។ ចូរព្យាយាមស្គាល់របៀបដ៏ជាក់លាក់ក្នុងការស្រឡាញ់ និងថែពួកគាត់។ ចាំព័ត៌មានជាគោលៗរបស់ពួកគាត់៖ ត្រូវចាំពីមូលហេតុដែលនាំពួកគាត់ឲ្យប្ដូរទីលំនៅមកនៅក្បែរលោកអ្នក ព័ត៌មានអំពីគ្រួសាររបស់គាត់ ការងាររបស់ពួកគាត់ ទំនាក់ទំនងចម្បងៗរបស់ពួកគាត់។
ទោះបើពួកគាត់មិនសូវនិយាយស្ដីច្រើនក៏ដោយ ក៏លោកអ្នកគួរតែព្យាយាមយកចិត្តទុកដាក់ និងផ្ដោតលើអ្វីដែលពួកគាត់ចែកចាយផងដែរ ហើយចូរកុំធ្វើការនោះដោយគ្រាន់តែសម្ដែងឡើយ ប៉ុន្តែចូរស្រឡាញ់ពួកគាត់តាមរយៈការស្គាល់ពួកគាត់។
២. ការសន្ទនា
ចូរបង្កើតទម្លាប់នៃការចេះសួរសំណួរល្អៗ ដើម្បីបង្កើតឲ្យមានការសន្ទនាដ៏មានន័យខ្លឹមសារ។ ចូរព្យាយាមចេះសួរដេញដោលពួកគាត់រហូតដល់ពួកគាត់ហ៊ានបើកចំហជីវិតរបស់ពួកគាត់ដល់លោកអ្នក។ មនុស្សជាច្រើនគ្រាន់តែជួបប្រទះនឹងការនិយាយគ្នាធម្មតាៗទេ ដោយមិនសូវប្រទះនឹងការសន្ទនាដែលមានការស៊ីជម្រៅ ឬក៏ពោរពេញដោយខ្លឹមសារឡើយ។ ចូរប្រាប់ពួកគាត់ថា លោកអ្នកជាមិត្តភក្ដិដែលហ៊ានមានទំនាក់ទំនងដែលមានភាពស្អិតល្មូន។ ជាដំបូង ចូរហ៊ានចែកចាយពីជីវិតលោកអ្នកដោយមានការបើកចំហអំពីរឿងរ៉ាវដ៏ឈឺចាប់របស់ខ្លួនសិន។ ចូរលើកទឹកចិត្តពួកគាត់ឲ្យហ៊ានចែកចាយកាន់តែច្រើនទៀតពីជីវិតរបស់ពួកគាត់ ដោយលោកអ្នកធ្វើជាគំរូជាមុនសិន។
ការសន្ទនាធម្មតាៗ គឺជាការនិយាយជាប្រចាំថ្ងៃ ដែលមានដូចតទៅ៖ «សុខសប្បាយទេ?» «បានមើលបាល់ទាត់អត់យប់មិញ?» «ញ៉ាំបាយនៅ?» ទោះបើការសន្ទនាបែបនេះមានសារៈសំខាន់ក៏ដោយ ក៏យើងចងចាំថា នេះគួរស្ថិតក្រោមជំហានទី១ «ទំនាក់ទំនង»។ ក្នុងការសន្ទនា គឺយើងគួរព្យាយាមស្គាល់គ្នាឲ្យបានច្រើន ឬក៏ថាយើងមានអារម្មណ៍ ឬក៏កំពុងគិតពីអ្វី តែអ្វីដែលយើងចង់បាននោះគឺចង់ឃើញគាត់ហ៊ានបើកចំហអំពីជីវិតគាត់លើសមុនៗ ជាពិសេសទាក់ទងនឹងរឿងរ៉ាវដែលយើងធ្លាប់ឆ្លងកាត់ដែលមានការឈឺចាប់។ ការសន្ទនាដែលមានន័យខ្លឹមសារសបញ្ជាក់ថា យើងកំពុងបង្កើតឲ្យមានមិត្តភាពដ៏ល្អ។ ដើម្បីឲ្យដល់កម្រិតនេះ យើងត្រូវការចំណាយពេលវេលាច្រើន ចេះស្ដាប់ ចេះសួរសំណួរដេញដោល និងចេះហ៊ានចែកចាយពីខ្លួនឯងផ្ទាល់ពីរឿងដ៏ឈឺចាប់មួយចំនួនរបស់យើង។
៣. សង្គម
ជំហានមួយនេះអាចកើតឡើងមុន ឬក៏ក្រោយជំហានបន្ទាប់ ដែលជាការផ្សាយដំណឹងល្អ។ សង្គម និងដំណឹងល្អគឺជាជំហានដ៏ខ្លាំងមួយដែលជះលើភាពបន្តបន្ទាប់នៃជំហានទាំងប្រាំបីនេះ ប៉ុន្តែចំណុចទាំងពីរនេះមានភាពខុសគ្នាយ៉ាងខ្លាំងដល់កម្រិតដែលយើងខ្ញុំគិតថា អាចបំបែកជាពីរបាន។
ខណៈពេលដែលអ្នកជិតខាង អ្នកធ្វើការជាមួយអ្នក ឬក៏មិត្តអ្នករៀនជាមួយ ចាប់ផ្ដើមដឹងថាលោកអ្នកជាអ្នកជឿព្រះយេស៊ូវ ហើយលោកអ្នកក៏បានចាប់ផ្ដើមមានការសន្ទនាដែលមានខ្លឹមសារ ចូរណែនាំគាត់ឲ្យស្គាល់សង្គមលោកអ្នកដែលជាគ្រីស្ទបរិស័ទ។ ក្រុមជំនុំរបស់លោកអ្នកគឺជាសង្គមរបស់លោកអ្នក។ ព្រះយេស៊ូវបានបង្រៀនថា មនុស្សម្នានឹងស្គាល់ព្រះវរបិតាជាអង្គដែលចាត់ទ្រង់ឲ្យមកតាមរយៈការរួបរួមគ្នាដែលមានក្នុងអ្នកជឿ (យ៉ូហាន ១៧:២១, ២៣)។ ហើយព្រះយេស៊ូវក៏បានលើកឡើងផងដែរថា មនុស្សម្នានឹងដឹងថា យើងជាសិស្សរបស់ទ្រង់តាមរយៈក្ដីស្រឡាញ់របស់យើងចំពោះគ្នានឹងគ្នា (យ៉ូហាន ១៣:៣៤-៣៥)។
ប៉ុន្តែ អស់អ្នកដែលមិននៅក្នុងព្រះគ្រីស្ទនឹងមិនអាចឃើញក្ដីស្រឡាញ់របស់យើងចំពោះគ្នានឹងគ្នា (ឬក៏ភាពរួបរួមគ្នារបស់យើងក្នុងភាពខុសគ្នារបស់យើង) លុះត្រាតែគាត់ឃើញជីវិតដែលចេះចែករំលែកគ្នាក្នុងក្រុមជំនុំរបស់យើង។ ត្រង់នេះ យើងខ្ញុំមិនគ្រាន់តែចង់លើកឡើងអំពីពេលដែលលោកអ្នកជួបគ្នា ដើម្បីថ្វាយបង្គំនោះទេ ប៉ុន្តែយើងខ្ញុំក៏កំពុងសំដៅលើពេលដែលលោកអ្នកជុំគ្នាក្រៅម៉ោងថ្វាយបង្គំផងដែរ។ ដូច្នេះ ចូររកវិធី ដើម្បីនាំពួកគាត់ឲ្យមានចំណែកក្នុងសង្គមរបស់លោកអ្នកចុះ។
ពេលដែលមិត្តភក្ដិរបស់លោកអ្នកមកចូលរួមក្នុងសង្គម កុំសម្ដែងដោយបម្រើ ឬក៏ស្ដារក្រុមជំនុំរបស់លោកអ្នក ទោះបីដូចជាមិត្តភក្ដិនោះ (ដែលមិនមែនជាអ្នកជឿ) មិននៅទីនោះ។ ធ្វើដូចធម្មតាដូចសព្វដង។ កុំធ្វើពុត ដោយព្យាយាមធ្វើនូវអ្វីដែលលោកអ្នកមិនដែលធ្វើពីមុនឡើយ។ ចូរស្ដារគ្នាទៅវិញទៅមក។ ចូរស្រឡាញ់គ្នាទៅវិញទៅមក។ មិនយូរមិនឆាប់ ពួកគាត់នឹងឃើញនូវអ្វីដែលពួកគាត់មិនធ្លាប់ប្រទះពីមុន។ ពួកគាត់នឹងឃើញក្ដីស្រឡាញ់ ដែលជាក្ដីស្រឡាញ់ពីស្ថានសួគ៌។ ពួកគាត់នឹងចាប់ផ្ដើមបានភ្លក់អំណាចនៃឥទ្ធិពលដែលមកពីដំណឹងល្អ។ គ្មានសង្គមណាលើផែនដីនេះចែកចាយជីវិតគ្នាដូចដែលក្រុមជំនុំគ្រីស្ទបរិស័ទទេ។
៤. ដំណឹងល្អ
ប្រសិនបើលោកអ្នកបានមានការសន្ទនាដែលមានន័យខ្លឹមសារជាមួយនឹងបុគ្គលដែលឥឡូវជាមិត្តភក្តថ្មីរបស់លោកអ្នក ហើយថែមទាំងបានណែនាំគាត់ឲ្យបានស្គាល់សង្គមរបស់លោកអ្នក នោះមានន័យថា គាត់ទំនងជាបានឮដំណឹងល្អហើយ យ៉ាងតិចផ្នែកខ្លះៗនៃដំណឹងល្អ។ មកដល់ជំហាននេះ គាត់ប្រហែលជាបានឮពាក្យមួយឃ្លាអំពីឃ្លាអំពីព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ ក៏ដូចជាថា តើព្រះអង្គមានអត្ថន័យអ្វីក្នុងជីវិតរបស់លោកអ្នក និងក្នុងជីវិតក្រុមជំនុំរបស់លោកអ្នក។
មិនយូរមិនឆាប់ យើងនឹងត្រូវឈានដល់ចំណុចដែលយើងត្រូវពន្យល់ដល់ពួកគាត់ឲ្យស្គាល់យ៉ាងច្បាស់អំពីដំណឹងល្អ ក៏ដូចជាដាស់តឿនពួកគាត់ឲ្យមានការឆ្លើយតប។ តើអ្វីទៅជាដំណឹងល្អ? លោកអ្នកទំនងជាពន្យល់សាច់រឿងខុសពីរបៀបដែលខ្ញុំនឹងពន្យល់ ប៉ុន្តែបើលោកអ្នកមិនទាន់ស្គាល់ពីរបៀបនៃការពន្យល់ សូមចូលអានក្នុងគេហទំព័រនេះ ដែលយើងខ្ញុំបានពន្យល់ពីរបៀបនៃពន្យល់ដំណឹងល្អដល់អ្នកមិនជឿ ក្នុងភាសាអង់គ្លេស។ មិនថាលោកអ្នកប្រើរបៀបណាក៏ដោយ សូមពន្យល់ឲ្យខ្លីពីចំណុចស្នូលនៃដំណឹងល្អ។
មកដល់ចំណុចនេះ លោកអ្នកអាចសាកសួរគាត់ ឲ្យអានព្រះគម្ពីរជាមួយលោកអ្នក ដែលចេញពីការនេះនឹងនាំឲ្យលោកអ្នកកាន់តែមានការសន្ទនាថែមទៀតទាក់ទងនឹងដំណឹងល្អ។
៥. ការប្ដូរសាសនា
ប្រសិនបើគាត់យល់អំពីដំណឹងល្អ ចូរសំណូមពរឲ្យគាត់ទទួលជឿលើព្រះយេស៊ូវ ហើយបែរចេញពីអំពើបាបរបស់ខ្លួន។ ជំនឿកើតឡើងតាមរយៈការឮសារនៃដំណឹងល្អរបស់ព្រះគ្រីស្ទ (រ៉ូម ១០:១៧)។ ផ្ទុយពីជំនឿគឺការកែប្រែចិត្តទៅរកព្រះយេស៊ូវ ដែលនោះជាការលែងទុកចិត្តជឿលើខ្លួនឯង បែរចេញពីបាបរបស់ខ្លួន បែរចេញពីការសង្វាតឲ្យបានសុចរិតដោយខ្លួនឯង ក៏ដូចជាការបែរចេញពីរបៀបដែលដេញរកភាពអរសប្បាយក្នុងជីវិតនេះដោយខ្លួនឯង។
នៅពេលដែលបុគ្គលណាម្នាក់កែប្រែចិត្តចេញពីភាពអាត្មានិយម និងអំពើបាបរបស់ខ្លួន ហើយជឿទុកចិត្តលើព្រះយេស៊ូវ នោះមានន័យថា គាត់បានផ្លាស់ប្ដូរសាសនាហើយ។ ដូច្នេះ ចូរប្រាប់គាត់ឲ្យស្រែកហៅរកព្រះនាមព្រះអម្ចាស់ (រ៉ូម ១០:១៣)។ ប្រសិនបើគាត់បានផ្លាស់ប្ដូរសាសនា នោះមានន័យថា គាត់បានចេញពីនគរនៃសេចក្ដីងងឹត ហើយបានចូលទៅក្នុងអាណាចក្រនៃព្រះរាជបុត្រា (កូឡូស ១:១៣)។ ឥឡូវនេះ គាត់គឺជាគ្រីស្ទបរិស័ទថ្មី។
អញ្ចឹងធ្វើអ្វីទៀត?
៦. ការប្ដេជ្ញាចិត្ត
ព្រះយេស៊ូវមិនសព្វព្រះហឫទ័យឲ្យយើងលាក់ជំនឿរបស់យើងលើទ្រង់ទុកតែឯងនោះទេ។ ការដែលបុគ្គលម្នាក់ពិតជាបានទុកចិត្តលើព្រះ ហើយដើរតាមទ្រង់ នោះគាត់ក៏នឹងហ៊ានបើកសម្ដែងពីការនោះដល់អ្នកដទៃឲ្យឃើញដែរ។ ការបង្ហាញជាសាធារណៈជាដំបូង គឺតាមរយៈគាត់ទទួលពិធីជ្រមុជទឹក (ម៉ាថាយ ២៨:១៩; កិច្ចការ ២:៣៨-៤១) ហើយបន្ទាប់ពីនោះគឺការប្ដេជ្ញាចិត្តខ្លួនឯងក្នុងការចុះចូលនឹងក្រុមជំនុំរបស់ព្រះយេស៊ូវគ្រីស្ទតាមតំបន់។
ដូច្នេះ ចូរជួយគ្រីស្ទបរិស័ទថ្មីឲ្យប្រកាសខ្លួនជាសាធារណៈដោយចុះចូលនឹងក្រុមជំនុំដែលផ្ដោតលើដំណឹងល្អជាគោល ដោយទទួលពិធីជ្រមុជទឹក ក៏ដូចជាបន្តនៅសាធារណៈតាមរយៈការធ្វើជាសមាជិកក្នុងក្រុមជំនុំ (ដោយធ្វើពិធីលៀងព្រះអម្ចាស់ឲ្យបានជាប់លាប់)។
៧. ការលូតលាស់
ប្រសិនបើបុគ្គលនោះបានប្ដេជ្ញាចិត្តក្នុងការធ្វើជាសមាជិក នោះមានន័យថា លោកអ្នកត្រូវតែជួយគាត់ឲ្យមានការលូតលាស់ កាត់ស្រាយ និងទទួលយកនូវអ្វីដែលព្រះគម្ពីរបង្រៀន ហើយជួយគាត់ឲ្យមានការ ថ្លឹងថ្លែងក្នុងចរិតលក្ខណៈនៃជីវិតរស់នៅរបស់គាត់។ ចូរបង្រៀនគាត់អំពីព្រះគម្ពីរ និងទេវវិទ្យា (២ធីម៉ូថេ ៣:១៦-១៧)។ លើសពីនេះទៅទៀត ចូរបន្តប្រកាសអំពីព្រះគ្រីស្ទទៅកាន់គាត់។ សាវ័ក ប៉ុល បានប្រកាសអំពីព្រះយេស៊ូវតាមរយៈការទូន្មាន ការបង្រៀនដោយគ្រប់ទាំងប្រាជ្ញា ទាំងខំធ្វើការយ៉ាងនឿយហត់សម្រាប់អំណររបស់ពួកគេដោយពឹងលើឫទ្ធិបារមីរបស់ព្រះជាម្ចាស់ (កូឡូស ១:២៨-២៩)។
ការបន្តបង្ហាត់បង្រៀនអំពីព្រះគម្ពីរ និងទេវវិទ្យាដល់អ្នកដែលទើបតែជឿនឹងបន្តពង្រឹងជីវិតគាត់ពីការដឹងខុសត្រូវ។ ចូរស្ដីបន្ទោស ដាស់តឿន និងកែតម្រង់គាត់ចេញពីផ្លូវខុស។ ចូរបង្រៀនគាត់ឲ្យស្ដាប់បង្គាប់នូវរាល់គ្រប់អ្វីៗដែលព្រះគ្រីស្ទបានបញ្ជា (ម៉ាថាយ ២៨:២០)។ ចូរបង្រៀនគាត់ចេះស្ដីបន្ទោស ដាស់តឿន និងកែតម្រង់លោកអ្នកឲ្យចេញពីផ្លូវខុសផងដែរ។ ទំនាក់ទំនងបែបនេះនឹងពង្រឹងចរិតលក្ខណៈនៃជីវិតរស់នៅរបស់គាត់ខណៈពេលដែលគាត់សម្លាប់អំពើបាប និងកាន់តែចេះស្រឡាញ់ព្រះជាម្ចាស់តាមរយៈការរស់នៅ និងការសម្រេចចិត្តរបស់គាត់។
៨. ការចេញទៅ
ក្នុងជីវិតយើង យើងនឹងមិនដែលឈានដល់ចំណុចដែលយើងអាចលើកឡើងថា យើងមានចំណេះដឹងយ៉ាងគ្រប់គ្រាន់ខាងឯព្រះគម្ពីរហើយ ឬក៏ថាយើងបានបរិសុទ្ធគ្រប់លក្ខណ៍ហើយនោះដែរ។ ដោយសារយើងមានអភ័យឯកសិទ្ធិក្នុងការបម្រើគ្នាទៅវិញទៅមក ចូរយើងបម្រើ។ ព្រះយេស៊ូវបានបង្គាប់យើងឲ្យចេញទៅបង្កើតសិស្ស ដូច្នេះ ចូរបង្រៀនគាត់ឲ្យចេញទៅបង្កើតសិស្ស ដែលសិស្សគាត់ក៏នឹងចេះចេញទៅបង្កើតសិស្សថែមទៀតដែរ។
ចូរបង្រៀនគាត់ឲ្យចេះមានទំនាក់ទំនង ការសន្ទនា ចេះអញ្ជើញអ្នកដទៃឲ្យមកចូលរួមក្នុងសង្គម ចេះផ្សាយដំណឹងល្អ ចេះនាំអ្នកដទៃឲ្យចេះប្ដូរជំនឿសាសនា ចេះមានការប្ដេជ្ញាចិត្ត ចេះលូតលាស់ក្នុងក្រុមជំនុំ និងជាមួយអ្នកជិតខាង។ ដែលចេញពីការនេះ គាត់ក៏នឹងចេះបង្រៀនអ្នកដទៃឲ្យចេះចេញទៅធ្វើដូចគាត់។ ខណៈពេលដែលគាត់កាន់តែចេះធ្វើបែបនេះ នោះគាត់ក៏នឹងកាន់តែមានលក្ខណៈដូចជារូបអង្គព្រះយេស៊ូវគ្រីស្ទក្នុងក្ដីស្រឡាញ់ ក៏ដូចជាកាន់តែពេញវ័យខាងឯវិញ្ញាណ។ ហើយខណៈពេលដែលគាត់កាន់តែពេញវ័យខាងឯវិញ្ញាណ នោះក្រុមជំនុំក៏នឹងកាន់តែលូតលាស់ ហើយអស់អ្នកដែលមិនទាន់ជឿក៏នឹងចាប់ផ្ដើមជឿ ហើយក៏នឹងចូលក្រុមជំនុំដែរ។
លោកអ្នកទំនងជាស្គាល់មនុស្សជាច្រើននៅលើជំហាននីមួយៗនេះ។ តើពួកគាត់ឈ្មោះអ្វី? ចូរព្យាយាមគិតទៅមើលថា តើពួកគាត់កំពុងស្ថិតនៅក្នុងជំហានណាឲ្យបានជាក់លាក់ ហើយថា តើពួកគាត់ត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យឈានដល់ជំហានមួយទៀត។ សូមលើកទឹកចិត្តពួកគាត់ឲ្យមានភាពពេញវ័យខាងឯវិញ្ញាណ។ សូមអធិស្ឋានឲ្យពួកគាត់កាន់តែលូតលាស់។ ចូរវិនិយោគពេលវេលារបស់លោកអ្នកក្នុងការជួយពួកគាត់។ ចូរបង្កើតឲ្យមានការបំផ្លាស់បំប្រែនៅកន្លែងដែលលោកអ្នកកំពុងរស់នៅដោយមានសកម្មភាព ក៏ដូចជាផ្លាស់ប្ដូរអស់អ្នកដែលនៅជុំវិញលោកអ្នក។
មតិយោបល់
Loading…