in ,

ការ​រាប់​ជា​សុចរិត

Justification

សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​នៃ​ដំណឹង​ល្អ​គឺ​ថា ព្រះ​ជាម្ចាស់​បាន​រាប់​មនុស្ស​មាន​បាប​ជា​សុចរិត។ នេះ​ជា​សេចក្ដី​សន្យា​មួយ ដែល​ព្រះអង្គ​ប្រកាស​នៅ​ក្នុង​ដំណឹង​ល្អ ហើយ​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ធំ​បំផុត​របស់​មនុស្ស​លោក។ បញ្ហា​ដ៏​ធំ​បំផុត​របស់​មនុស្ស​ទាំង​អស់​មិន​មែន​ជា​កង្វះ​ខាត​កម្មសិទ្ធិ ឬ​ប្រាក់​កាក់ ឬ​សុខ​ភាព​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ ហើយ​យើង​ទាំង​អស់​គ្នា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ។ ទ្រង់​មាន​សេចក្ដី​ក្រោធ​ចំពោះ​យើង ដោយ​ព្រោះ​យើង​បាន​បះបោរ​ជា​មួយ​ទ្រង់ ហើយ​យើង​ត្រូវ​មាន​ទោស ពីព្រោះ​ព្រះ​អង្គ​នឹង​វិនិច្ឆ័យ​ទោស​យើង។

ប៉ុន្តែ តាម​រយៈ​ព័ន្ធ​កិច្ច​របស់​ព្រះ​គ្រីស្ទ ជា​ពិសេស​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ យើង​ត្រឡប់​ជា​គ្មាន​ទោស​នៅ​ចំពោះ​ព្រះអង្គ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ទ្រង់​រាប់​យើង​ជា​សុចរិត។ ការ​ដែល​ព្រះ​អង្គ​រាប់​យើង​ជា​សុចរិត​មិន​ពណ៌នា​អំពី​ចរិត​លក្ខណៈ​របស់​យើង​ទេ ប៉ុន្តែ​ពណ៌នា​អំពី​តុលា​ការ​វិញ។ ការ​រាប់​ជា​សុចរិត​គឺ​ផ្ទុយ​គ្នា​នឹង​ការ​កាត់​ទោស។ នៅ​ក្នុង​តុលា​ការ បើ​ចៅ​ក្រម​សម្រេច​ចិត្ត​ថា អ្នក​ចុង​ចោទ​មាន​ទោស ចៅ​ក្រម​នោះ​នឹង​កាត់​ទោស​ហើយ​ដាក់​ទណ្ឌកម្ម ប៉ុន្តែ​បើ​ចៅ​ក្រម​សម្រេច​ចិត្ត​ថា អ្នក​ចុង​ចោទ​គ្មាន​ទោស​ទេ ចៅ​ក្រម​នោះ​នឹង​ប្រកាស​ថា គាត់​រាប់​អ្នក​ចុង​ចោទ​ជា​សុចរិត។ នេះ​គឺ​ជា​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ ដែល​ព្រះ​អង្គ​រាប់​មនុស្ស​ដែល​ទុច្ចរិត​ថា​ជា​សុចរិត​វិញ។ ម្ដង​ទៀត ការ​រាប់​ជា​សុចរិត​មិន​ពណ៌នា​អំពី​ការ​ដែល​ព្រះ​អង្គ​កែ​ប្រែ​ចរិត​លក្ខណៈ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​ជា​មនុស្ស​សុចរិត​ទេ ប៉ុន្តែ​ព្រះអង្គ​ជា​ចៅ​ក្រម​ដែល​បាន​រាប់​យើង ដែល​ជា​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ (រ៉ូម ៣:២៤-២៨; ៤:១-៥)។

ព្រះ​ជាម្ចាស់​មិន​រាប់​យើង​ថា​ជា​សុចរិត​តាម​រយៈ​អំពើ​ល្អ​របស់​យើង​នោះ​ទេ គឺ​មិន​មែន​ដោយ​ព្រោះ​យើង​បាន​ស្ដាប់​បង្គាប់​ទ្រង់​ឡើយ ប៉ុន្តែ​ព្រះអង្គ​បាន​រាប់​យើង​ជា​សុចរិត ពីព្រោះ​ព្រះ​យេស៊ូវ​បាន​ទទួល​ទណ្ឌកម្ម​របស់​យើង​នៅ​លើ​ឈើ​ឆ្កាង។ បើ​ព្រះអង្គ​រាប់​យើង​ជា​សុចរិត​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង នោះ​ព្រះ​គ្រីស្ទ​មិន​ចាំ​បាច់​ត្រូវ​សុគត​ជំនួស​យើង​នៅ​លើ​ឈើ​ឆ្កាង​ឡើយ។ ដូច្នេះ របៀប​ដែល​យើង​ទទួល​ព្រះ​ពរ​នេះ​ពី​ព្រះ​អង្គ​គឺ យើង​ត្រូវ​ជឿ​លើ​ព្រះ​យេស៊ូវ មិន​មែន​ដោយ​ការ​ស្ដាប់​បង្គាប់​របស់​យើង​ឡើយ (រ៉ូម ៣:២៨-៣០; ៥:១; កាឡាទី ២:១៦ និង ៣:១១)។ នេះ​មាន​ន័យ​ថា យើង​មិន​ទុក​ចិត្ត​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​យើង​ទេ ប៉ុន្តែ​ទុក​ចិត្ត​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ទ្រង់​បាន​សុគត​ជំនួស​យើង។ បើ​យើង​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​របស់​យើង នោះ​មាន​ន័យ​ថា​យើង​មិន​ពឹង​ផ្អែក​លើ​ព្រះ​គុណ​របស់​ព្រះ​អង្គ ដែល​យើង​ទទួល​តាម​រយៈ​ព្រះគ្រីស្ទ​ឡើយ (រ៉ូម ៣:២៤; ៤:៥ និង​កាឡាទី ៥:៤)។

នៅ​ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ ការ​បក​ប្រែ​ចាស់​បាន​បក​ប្រែ​ភាសា​ក្រិក​ដោយ​ប្រើ​ពាក្យ «រាប់​ជា​សុចរិត»។ នេះ​ជា​ការ​បក​ប្រែ​ត្រឹម​ត្រូវ​តាម​អត្ថ​ន័យ​នៃ​ភាសា​ក្រិក។ ប៉ុន្តែ ការ​បក​ប្រែ​ថ្មី​បាន​បក​ប្រែ​ភាសា​ក្រិក​ដោយ​ពាក្យ​ «ប្រោស​យើង​ឲ្យ​បាន​សុចរិត»។ បើ​ជន​ជាតិ​ខ្មែរ​អាន​ពាក្យ​ទាំង​នេះ​ហើយ​គិត​ថា នេះ​ពណ៌នា​អំពី​អ្វី​ដែល​ព្រះ​អង្គ​ធ្វើ​នៅ​ក្នុង​យើង គឺ​ព្រះ​អង្គ​កែ​ប្រែ​ចរិត​លក្ខណៈ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​ជា​មនុស្ស​មាន​ចរិត​លក្ខណៈ​សុចរិត នោះ​ការ​បក​ប្រែ​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ តាម​ពិត​ទៅ ក្នុង​ព្រះ​គ្រីស្ទ ព្រះ​ជាម្ចាស់​បាន​កែ​ប្រែ​ចរិត​លក្ខណៈ​របស់​យើង​មែន ប៉ុន្តែ​ពាក្យ​ភាសា​ក្រិក​នេះ​មិន​ពណ៌នា​អំពី​សកម្មភាព​នេះ​ទេ ប៉ុន្តែ​ពិពណ៌នា​អំពី​តុលា​ការ​វិញ ពោល​គឺ​ព្រះ​ជាម្ចាស់​ដែល​ជា​ចៅ​ក្រម​នឹង​វិនិច្ឆ័យ​ទោស​ប្រជាជន​ទាំង​ឡាយ ហើយ​មនុស្ស​ទាំង​អស់​មាន​ទោស​នៅ​ចំពោះ​ព្រះអង្គ។ ប៉ុន្តែ ដោយ​សារ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​យេស៊ូវ​មក ដើម្បី​សុគត​ជំនួស​យើង គឺ​ទ្រង់​បាន​ទទួល​ទណ្ឌកម្ម​របស់​យើង​នៅ​លើ​ឈើ​ឆ្កាង​ហើយ ប្រយោជន៍​ឲ្យ​ព្រះ​អង្គ​នឹង​អាច​រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​គ្រីស្ទ​ថា​ជា​សុចរិត​វិញ​បាន។

និពន្ធ​ដោយ៖ ក្រុម​ដៃគូដំណឹងល្អ
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក ឈាង បូរ៉ា
ដកស្រង់ខ្លះៗចេញពី dkdl.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម

ការរួមគ្នាជាមួយ​ព្រះគ្រីស្ទ