in ,

ព្រះ​ត្រៃឯក

ចាប់​តាំង​ពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​មក​ដល់​វិវរណៈ យើង​បាន​ឃើញ​មាន​ចែង​អំពី​គោល​ជំនឿ​ដែល​ទាក់​ទង​ទៅ​នឹង​ព្រះ​ត្រៃ​ឯក ពោល​គឺ​មាន​ពាស​ពេញ​បទ​គម្ពីរ​ទាំង​មូល។ ព្រះ​ត្រៃឯក​ជំរុញ និង​សម្រេច​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​តាម​រយៈ​ការ​សិក្សា​ដំណើរ​រឿង​ទាំង​នេះ នោះ​យើង​នឹង​ទទួល​បាន​នូវ​រូប​ភាព​ដ៏​ធំ​រៀបរាប់​អំពី​របៀប​ដែល​ព្រះ​ត្រៃឯក​សម្រេច​នូវ​សេចក្ដី​សង្ឃឹម​របស់​យើង។

ព្រះ​ត្រៃឯក​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់

ដំណើរ​រឿង​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។ ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ យើង​បាន​ឃើញ​អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ផែន​ដី ព្រះ​វិញ្ញាណ​នៅ​រេរា​ពី​លើ​ទឹក ហើយ​ព្រះ​ជាម្ចាស់​ក៏​មាន​បន្ទូល​ក្នុង​ការ​បង្កើត។ តាម​រយៈ​សាច់​រឿង​នេះ យើង​អាច​សង្កេត​ឃើញ​ថា ព្រះ​វរបិតា និង​ព្រះ​វិញ្ញាណ ក៏​ដូច​ជា​ព្រះ​រាជបុត្រា​ដែល​ជា​ព្រះ​បន្ទូល ដែល​ព្រះ​ជាម្ចាស់​បាន​មាន​ព្រះ​បន្ទូល (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ទំនុក​តម្កើង ៣៣:៦; យ៉ូហាន ១:១-២)។

ជា​ថ្មី​ម្ដង​ទៀត យើង​ក៏​ឃើញ​អំពី​ពហុភាព​នៃ​ព្រះ​ត្រៃឯក​ក្នុង​ការ​បង្កើត​នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​ថា «ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង » (លោកុប្បត្ដិ ១:២៦)។ សូម​កុំ​គ្រាន់​តែ​កត់​សម្គាល់​អំពី​ពហុភាព ប៉ុន្តែ​សូម​កត់​សម្គាល់​អំពី​ភាព​ស៊ី​គ្នា​ផង​ដែរ។ ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​មក—«ទ្រង់…ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី» (លោកុប្បត្ដិ ១:២៧)។ ពហុភាព​នៃ​ព្រះ​ត្រៃឯក​ក៏​បាន​ក្លាយ​ទៅ​ជា​មូល​ដ្ឋាន​នៃ​ពហុភាព​របស់​មនុស្ស​លោក​ដែរ—គឺ​ប្រុស និង​ស្រី។ តាម​ពិត​ទៅ កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក​១១​ក៏​បាន​អះអាង​បញ្ជាក់​អំពី​ចំណុច​នេះ​ផង​ដែរ។ ប៉ម​បាបិល​ជា​កន្លែង​ទី​២ ដែល​ព្រះ​ជាម្ចាស់​មាន​បន្ទូល «ចូរ​យើង » ដែល​នោះ​ជា​ពេល​ដែល​ព្រះ​អង្គ​បាន​បំភាន់​ភាសា។ លក្ខណៈ​នៃ​ភាព​ជា​ត្រៃឯក​មាន​ភាព​ស៊ី​គ្នា​ជា​មួយ និង​ក៏​ជា​មូល​ដ្ឋាន​នៃ​ការ​មាន​ទំនាក់​ទំនង ការ​ប្រកប​គ្នា និង​រាល់​អ្វីៗ​ដែល​កើត​ឡើង​រវាង​ចំណុច​ទាំង​អស់​នោះ។

ក្រោយ​មក​ទៀត ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ ព្រះ​ជាម្ចាស់​បាន​បញ្ជូន​សារ​ទៅ​កាន់​នាង ហាការ និង​លោក អ័ប្រាហាំ តាម​រយៈ​ទេវតា​នៃ​ព្រះ​អម្ចាស់។ យើង​យល់​ឃើញ​ថា ទេវតា​មួយ​នេះ​គឺ​ជា​ព្រះ ព្រោះ​ទ្រង់​បាន​មាន​បន្ទូល​ដូច​ជា​ព្រះ​ក្នុង​កាលៈទេសៈ​នីមួយៗ​នៅ​ក្នុង​ស្ថានភាព​ទាំង​នោះ (លោកុប្បត្ដិ ១៦; ១៨)។ ស្រប​គ្នា​នោះ​ដែរ ទេវតា​នៃ​ព្រះ​អម្ចាស់​ក៏​មាន​ភាព​ខុស​គ្នា ​ពី​ព្រះ​ជាម្ចាស់ (ដ៏​ជា​ព្រះ​វរបិតា) ដ្បិត​ព្រះ​ជាម្ចាស់​បាន​ចាត់​ទ្រង់​ឲ្យ​ទៅ​មាន​បន្ទូល។ ភាព​តាន​តឹង​មួយ​នេះ​រវាង​ការ​មាន​ភាព​ខុស​គ្នា​ពី​ព្រះ​ជាម្ចាស់ ប៉ុន្តែ​នៅ​តែ​ជា​ព្រះ​ដូច​គ្នា គឺ​ជា​ផ្នែក​មួយ​នៃ​មូល​ដ្ឋាន​សម្រាប់​ព្រះ​ត្រៃឯក។ ព្រះ​ត្រៃឯក​មាន​ចំណែក​ក្នុង​ការ​បង្កើត​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់។

ព្រះ​ត្រៃឯក​មិន​គ្រាន់​តែ​មាន​ចំណែក​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ចំណែក​ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ និង​ការ​វង្វេង​ក្នុង​ទី​រហោស្ថាន​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ​ជំពូក១៤​មាន​ចែង​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​ទត​មើល​មក​ក្រោម​ពី​ស្ថានសួគ៌​តាម​រយៈ​ទេវតា​នៃ​ព្រះ​អម្ចាស់​នៅ​ក្នុង​សសរ​នៃ​ពពក (និក្ខមនំ ១៤:២៤)។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ទេវតា​ម្នាក់​នោះ​បាន​សម្គាល់​អង្គ​ទ្រង់​ថា​ជា​ព្រះ​ផ្ទាល់​រួច​ទៅ​ហើយ (និក្ខមនំ ១៣:២១)។ តើ​ឲ្យ​ព្រះ​ជាម្ចាស់​ទត​មើល​តាម​រយៈ​ព្រះ​ជាម្ចាស់បាន​យ៉ាង​ដូច​ម្ដេច​ទៅ​ហ្ន៎? ព្រះ​ត្រៃឯក​ពន្យល់​អំពី​របៀប​ហ្នឹង។ ព្រះ​ត្រៃឯក​មាន​ចំណែក​ក្នុង​ការ​រំដោះ​សាសន៍​អ៊‌ីស្រាអែល។ ដូច​គ្នា​ផង​ដែរ​ក្នុង​កណ្ឌ​គម្ពីរ​ជនគណនា​ជំពូក១១ ព្រះ​ជាម្ចាស់​ដែល​គង់​នៅ​ឯ​ស្ថានសួគ៌​បាន​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ទៅ​លើ​អ្នក​ដឹក​នាំ​នៃ​សាសន៍​អ៊‌ីស្រាអែល។ ស្រប​ពេល​នោះ​ដែរ សសរ​នៃ​ពពក​ក៏​នៅ​តែ​ដឹក​នាំ​ពួក​គេ​ក្នុង​ទី​រហោស្ថាន​ដែរ។ ព្រះ​ជាម្ចាស់ (ដ៏​ជា​ព្រះ​វរបិតា) នៅ​ឯ​ស្ថានសួគ៌​បាន​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​លើ​រាស្ត្រ​របស់​ទ្រង់ ហើយ​ខណៈ​ពេល​នោះ​ព្រះ​រាជ​បុត្រា​ក៏​កំពុង​នៅ​ពី​មុខ​ពួក​គេ​នៅ​ក្នុង​សសរ​នៃ​ពពក​ដែរ។ នេះ​គឺ​ជា​ព្រះ​ត្រៃឯក។ ព្រះ​ត្រៃឯក​ក៏​មាន​ចំណែក​ក្នុង​ការ​វង្វេង​នៅ​ឯ​ទី​រហោស្ថាន​ផង​ដែរ។ តក្ក​ដូច​គ្នា​មួយ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ការ​វាយ​យក​ទឹក​ដី​ដែរ (យ៉ូស្វេ ៥:១៤) ហើយ​សូម្បី​តែ​នៅ​ក្នុង​យុគសម័យ​នៃ​ស្ដេច​សាសន៍​អ៊‌ីស្រាអែល​ក៏​មាន​ដែរ (២សាំយូអែល ២៤:១៥-១៧)។ ជា​ការ​ពិត​ណាស់! ព្រះ​ត្រៃឯក​បាន​ជំរុញ និង​បំពេញ​នូវ​ផែនការ​របស់​ព្រះ​ជាម្ចាស់​មែន។

ព្រះ​ត្រៃឯក​មិន​គ្រាន់​តែ​ជំរុញ នឹង​បំពេញ​ប្រវត្តិសាស្ត្រ​របស់​សាសន៍​អ៊‌ីស្រាអែល​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ក៏​បាន​ធ្វើ​ដូច​នោះ​ក្នុង​ការ​ទាយ​ទុក​ដែរ។ កណ្ឌ​គម្ពីរ​អេសាយ​បាន​បើក​បង្ហាញ​អំពី​ចំណុច​ទាំង​នេះ។ ហោរា អេសាយ បាន​ប្រកាស​ថា «នោះ​ខ្ញុំ​ឃើញ​ព្រះ​អម្ចាស់​ទ្រង់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​តម្កើង​ឡើង» (អេសាយ ៦:១)។ ហើយ​ក្រោយ​មក​ទៀត​ហោរា អេសាយ ក៏​បាន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដូច​គ្នា​នោះ​ដែរ ដើម្បី​បង្ហាញ​ថា ព្រះ​អង្គ​ដែល​គាត់​បាន​ឃើញ​នៅ​លើ​បល្ល័ង្ក​នោះ​គឺ​ជា​បាវ​បម្រើ​ដែល​រងទុក្ខ (អេសាយ ៥២:១៣)។ ម្ដង​ហើយ​ម្ដង​ទៀត​ហោរា អេសាយ បញ្ជាក់​ថា បាវ​បម្រើ​ដែល​រងទុក្ខ​នេះ​គឺ​ជា​ព្រះ​ផ្ទាល់។ ប៉ុន្តែ ក្នុង​បរិបទ​នៃ​កណ្ឌ​គម្ពីរ​អេសាយ​ជំពូក៥៣ យើង​បាន​ឃើញ​ថា ព្រះ​ជាម្ចាស់​គឺ​ជា​អង្គ​ដែល​ធ្វើ​ឲ្យ​បាវ​បម្រើ​រងទុក្ខ ដែល​ព្រះ​អង្គ​នោះ​គឺ​ជា​ព្រះ​ជាម្ចាស់​ផ្ទាល់។ តើ​ឲ្យ​ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ? ព្រះ​អង្គ​មិន​អាច​ធ្វើ​បាន​ឡើយ លុះ​ត្រា​តែ​មាន​ព្រះ​ត្រៃឯក។ ព្រះ​ត្រៃឯក​បាន​ជំរុញ និង​បំពេញ​ផែនការ​ធួន​នឹង​បាប​នោះ។

ព្រះ​ត្រៃឯក​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី

ចំណុច​នេះ​នាំ​យើង​ចូល​ទៅ​កាន់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​ដើម្បី​ឲ្យ​យើង​យល់​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត ព្រះ​ត្រៃឯក​ក្ដោប​ចូល​គ្នា​នូវ​ព្រឹត្តិការណ៍ និង​ទេវវិទ្យា​នៃ​ប្រយោគ​មួយ​នេះ។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ព្រះ​យេស៊ូវ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ជាម្ចាស់ (យ៉ូហាន ៤:៣៤) ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ដឹក​នាំ​ព្រះ​យេស៊ូវ (ម៉ាថាយ ៤:១)។ ព្រះ​វរបិតា និង​ព្រះ​វិញ្ញាណ​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​រាជ​បុត្រា​យ៉ាង​ពិសេស (ម៉ាថាយ ៣:១៦-១៧; ហេព្រើរ ២:៤)។ បើ​គ្មាន​ព្រះ​ត្រៃឯក នោះ​ក៏​មិន​អាច​មាន​ព្រះ​គ្រីស្ទ​បាន​ដែរ។ ព្រះ​ត្រៃឯក​ក៏​បាន​ជំរុញ និង​បំពេញ​បេសកកម្ម​នៃ​ពួក​ក្រុម​ជំនុំ​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ ក្រុម​ជំនុំ​បាន​ទទួល​ព្រះ​វិញ្ញាណ (កិច្ចការ ២:២-៤) ដើម្បី​ឲ្យ​ប្រកាស​អំពីព្រះ​រាជ​បុត្រា (កិច្ចការ ២:២២) ដែល​កំពុង​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​វរបិតា (កិច្ចការ ២:៣៤-៣៦)។ ដាច់​ខាត! ការ​ធ្វើ​បន្ទាល់ និង​បេសកកម្ម​នៃ​ក្រុម​ជំនុំ​តម្រូវ​ឲ្យ​មាន​ព្រះ​ត្រៃឯក។

មូល​ហេតុ​នេះ​ឯង​បាន​ជា​ព្រះ​ត្រៃឯក​ជា​មូល​ដ្ឋាន​នៃ​គោល​ជំនឿ​របស់​ក្រុម​ជំនុំ។ ដូច​ដែល​បាន​លើក​ឡើង ព្រះ​ត្រៃឯក​ជា​មូល​ដ្ឋាន​នៃ​ផែនការ​ធួន​នឹង​បាប។ ជា​មូល​ដ្ឋាន​នៃ​ការ​ដែល​យើង​ទទួល​ជឿ និង​ការ​កើត​ជា​ថ្មី ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​បំផ្លាស់​បំប្រែ​ដួង​ចិត្ត​របស់​យើង (ទីតុស ៣:៥) ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ (កិច្ចការ ១៦:៣១) និង​បង្វែរ​យើង​ឲ្យ​ទៅ​កាន់​ព្រះ​វរបិតា​វិញ (១ថែស្សាឡូនីច ១:៩)។ ជា​មូល​ដ្ឋាន​នៃ​ការ​ញែក​ជា​បរិសុទ្ធ​របស់​យើង ខណៈ​ពេល​ដែល​ទ្រង់​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​លក្ខណសម្បត្តិ​ដូច​ជា​ព្រះ​គ្រីស្ទ (រ៉ូម ៨:២៩) តាម​រយៈ​ការ​ដែល​ព្រះ​វិញ្ញាណ​ធ្វើ​ការ​នៅ​ក្នុង​ចិត្ត​របស់​យើង (២កូរិនថូស ៣:១៨) ដើម្បី​ប្រយោជន៍​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​វរបិតា (អេភេសូរ ១:១៤)។ ជា​មូល​ដ្ឋាន​នៃ​គោល​ជំនឿ​របស់​យើង​ទាក់​ទង​នឹង​ការ​អធិស្ឋាន ដ្បិត​យើង​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជាម្ចាស់ (ម៉ាថាយ ៦:៩) តាម​រយៈ​ព្រះ​រាជ​បុត្រា (យ៉ូហាន ១៤:១៤) ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ទទូច​អង្វរ​ជំនួស​យើង (រ៉ូម ៨:២៦)។ ជា​មូល​ដ្ឋាន​នៃ​ការ​ដែល​យើង​ថ្វាយ​បង្គំ ខណៈ​ពេល​ដែល​យើង​ដឹង​ថា មាន​ព្រះ​តែ​មួយ (១កូរិនថូស ១២:៦; ចោទិយកថា ៦:៤) ហើយ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​យើង​នៅ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​វរបិតា (អេភេសូរ ១:១៤) ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​រាជ​បុត្រា (២កូរិនថូស ៤:៤-៦) និង​ចុះ​ចូល​ចំពោះ​ព្រះ​វិញ្ញាណ ដែល​លើក​ឡើង​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់ (ហេព្រើរ ៣:៧-១១)។ ជីវិត​រស់​នៅ និង​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​មាន​ភាព​ស្អិតល្មួត​ជា​មួយ​នឹង​ព្រះ​ត្រៃឯក។

គ្រា​ចុង​ក្រោយ​ក៏​មាន​បើក​សម្ដែង​អំពី​ព្រះ​ត្រៃឯក​ផង​ដែរ។ បើ​គ្មាន​ព្រះ​ត្រៃឯក នោះ​យើង​ក៏​នឹង​មិន​អាច​មាន​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​បាន​ដែរ​ដូច​នៅ​ក្នុង​កណ្ឌ​គម្ពីរ​២ថែស្សាឡូនិច្ច​ជំពូក២​បាន​ចែង។ ការ​ថ្កោល​ទោស​មួយ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​អង្គ​ដែល​ឃាត់​ឃាំង ដក​អង្គ​ទ្រង់​ផ្ទាល់​ចេញ ហើយ​ពេល​ដែល​ព្រះ​វរបិតា​ចាត់​អ្នក​បោកប្រាស់​ឲ្យ​មក​ជះ​ឥទ្ធិពល​លើ​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ទទួល​ជឿ​លើ​ព្រះ​រាជ​បុត្រា។ ដូច​គ្នា​នោះ​ដែរ នៅ​ឯ​សវនាការ​នៃ​ស្ថានសួគ៌ ដែល​ពេល​នោះ​គឺ​ជា​គ្រា​ចុង​ក្រោយ​នៃ​ការ​បញ្ចប់​ប្រវត្តិ​សាស្ត្រ (វិវរណៈ ៤-៥) យើង​នឹង​ឃើញ​អំពី​ការ​ដែល​ព្រះ​វរបិតា​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​រាជ​បុត្រា ក្នុង​នាម​ជា​ស្ដេច ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ចាក់​ប្រេង​តាំង​លើ​ព័ន្ធ​កិច្ច​របស់​ទ្រង់ (វិវរណៈ ១:៤; ៥:៦-៨)។ នៅ​ចុង​បញ្ចប់ ព្រះ​ត្រៃឯក​នឹង​សោយ​រាជ្យ​លើ​ស្ថានសួគ៌ និង​ផែនដី​ថ្មី ហើយ​ក៏​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​ផង​ដែរ (វិវរណៈ ២២:៣; សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១:៤)។ ចំណុច​ទាំង​អស់​នេះ​បង្ហាញ​ថា បុគ្គល​ទាំង​នេះ​មាន​ឋានៈ​ស្មើ​គ្នា ហើយ​ក៏​តែ​មួយ ដ្បិត​មាន​ព្រះ​តែ​មួយ​គត់ (ចោទិយកថា ៦:៤)។ ស្រប​គ្នា​នោះ​ដែរ បុគ្គល​ទាំង​នោះ​ក៏​ជា​បុគ្គល​ដែល​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​ផង។ គ្រា​ចុង​ក្រោយ​នៃ​ប្រវត្តិ​សាស្ត្រ​នឹង​បើក​សម្ដែង​សិរី​ល្អ​យ៉ាង​ពេញ​ទី​នៃ​ព្រះ​ត្រៃឯក។ ដូច​ដែល​ព្រះ​ត្រៃឯក​មាន​ភាព​សំខាន់​នៅ​ដើម​ដំបូង នោះ​ព្រះ​ត្រៃឯក​ក៏​នឹង​មាន​ភាព​សំខាន់​នៅ​គ្រា​បញ្ចប់​ផង​ដែរ។

ហេតុ​ដូច្នេះ​ហើយ សេចក្ដី​បង្រៀន​មួយ​នេះ​មាន​តាំង​ពី​ក្នុង​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ​ចាប់​តាំង​ពី​កណ្ឌ​គម្ពីរ​ដំបូង និង​រហូត​មក​ដល់​កណ្ឌ​គម្ពីរ​ចុង​ក្រោយ។ ព្រះ​ជាម្ចាស់​បាន​តាក់​តែង​ដំណើរ​រឿង​ទាំង​មូល ដើម្បី​ឲ្យ​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​ត្រៃឯក ហើយ​បើ​គ្មាន​ព្រះ​ត្រៃឯក នោះ​ដំណើរ​រឿង​នេះ​ក៏​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ប្រសិន​បើ​មាន​តែ​ព្រះ​ជាម្ចាស់​តែ​មួយ​អង្គ​គត់ នោះ​ព្រះ​គ្រីស្ទ​នឹង​មិន​អាច​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​វរបិតា​របស់​ទ្រង់​ក្នុង​ដំណឹង​ល្អ​នោះ​បាន​ទេ ដ្បិត​ទាំង​ពីរ​មិន​អាច​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​បាន​នោះ​ឡើយ។ ប្រសិន​បើ​មាន​តែ​ព្រះ​ជាម្ចាស់​តែ​មួយ​អង្គ​គត់ នោះ​ព្រះ​វរបិតា​នឹង​មិន​អាច​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​រាជ​បុត្រា ដែល​ព្រះ​វិញ្ញាណ​ប្រទាន​អំណាច​ចេស្ដា​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ​នោះ​បាន​ឡើយ។ លើស​ពី​នោះ​ទៅ​ទៀត បើ​ព្រះ​រាជ​បុត្រា​មិន​មែន​ជា​ព្រះ នោះ​ទង្វើ​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ​គឺ​ជា​ការ​ប្រមាថ​ហើយ។ លើស​ពី​នេះ​ទៅ​ទៀត បើ​គ្មាន​ព្រះ​ត្រៃឯក នោះ​ក៏​មិន​អាច​មាន​ឈើ​ឆ្កាង​បាន​ដែរ។ តើ​ឲ្យ​ព្រះ​គ្រីស្ទ​ផ្គាប់​ចិត្ត​នរណា​ក្នុង​ការ​សុគត​របស់​ទ្រង់ បើ​មាន​តែ​មួយ​បុគ្គល​ក្នុង​ព្រះ​ត្រៃឯក? តើ​នរណា​ទទួល​ព័ន្ធ​កិច្ច​នៃ​ការ​ធួន​នឹង​បាប​របស់​ព្រះ​អង្គ? ហើយ​ឲ្យ​កាន់​តែ​លើស​ពី​នេះ​ថែម​ទៀត បើ​ព្រះ​គ្រីស្ទ​មិន​មែន​ជា​ព្រះ តើ​ឲ្យ​ការ​សុគត​របស់​ទ្រង់​ផ្គាប់​ចិត្ត​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​បាន​ដោយ​របៀប​ណា​ទៅ ហើយ​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សុចរិត​របស់​ព្រះ​ជាម្ចាស់​ដោយ​របៀប​ណា​ដែរ (២កូរិនថូស ៥:២១)?

ព្រះ​ត្រៃឯក​ក្ដោប​នូវ​ផែនការ និង​សេចក្ដី​ពិត​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​គ្នា​ទាំង​អស់។

ការ​យក​ព្រះ​ត្រៃឯក​ធ្វើ​ជា​មូល​ដ្ឋាន​នៃ​ទំនាក់​ទំនង និង​ការ​ទាក់ទង​គ្នា

ហើយ​ការ​នេះ​ក៏​កាន់​តែ​មាន​មូល​ដ្ឋាន​គ្រឹះ​លើស​ពី​នោះ​ទៅ​ទៀត—ដូច​ដែល​យើង​បាន​ឃើញ​រួច​ទៅ​ហើយ—បើ​គ្មាន​ព្រះ​ត្រៃឯក នោះ​យើង​ក៏​នឹង​គ្មាន​មូល​ដ្ឋាន​នៃ​ការ​ទាក់ទង​គ្នា​ផង​ដែរ។ បើ​ព្រះ​ជាម្ចាស់​មាន​តែ​មួយ​អង្គ​ឯក​គត់ តើ​ឲ្យ​ទ្រង់​មាន​បន្ទូល​ជា​មួយ​នរណា​ចុះ? តើ​ឲ្យ​ទ្រង់​មាន​ព្រះ​ចិន្តា​ទាក់ទង​នឹង​ការ​មាន​ទំនាក់​ទំនង និង​ការ​ទាក់ទង​គ្នា​មក​ពី​ណា​បាន​ទៅ? បើ​គ្មាន​ព្រះ​ត្រៃឯក នោះ​យើង​ក៏​នឹង​មិន​អាច​មាន​គ្រីស្ទ​សាសនា​បាន​ដែរ ពីព្រោះ​ព្រះ​ជាម្ចាស់​នឹង​គ្មាន​ហេតុ​ផល​នៃ​ការ​បើក​សម្ដែង​រូប​អង្គ​ទ្រង់​ឡើយ។ តាម​ពិត​ទៅ បើ​គ្មាន​ព្រះ​ត្រៃឯក នោះ​យើង​ក៏​នឹង​មិន​អាច​មាន​ជីវិត​រស់​នៅ​បាន​ដែរ។ តើ​ឲ្យ​ព្រះ​ជាម្ចាស់​បង្កើត​យើង​មក​ដើម្បី​អ្វី​ទៅ? ពោល​គឺ​នឹង​មិន​មាន​មូល​ដ្ឋាន​សម្រាប់​ការ​មាន «បុគ្គល​ម្នាក់​ទៀត» បាន​ទេ!

ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ការ​មាន​ទំនាក់​ទំនង​បាន​កើត​មាន​ឡើង ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ឥត​ខ្ចោះ៖ ពហុ​បុគ្គល​នៃ​ព្រះ​ត្រៃឯក​ដែល​លើក​ឡើង​នូវ​ចំណុច​ដូចៗ​គ្នា ដ្បិត​ទាំង​អស់​គឺ​តែ​មួយ។ ខណៈ​ពេល​ដែល​បុគ្គល​នីមួយៗ​នៃ​ព្រះ​ត្រៃឯក​ធ្វើ​ការ​ក្នុង​ជីវិត​របស់​យើង​ដោយ​តាំង​សេចក្ដី​សញ្ញា​ថ្មី នោះ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជាម្ចាស់​ក្នុង​ការ​ប្រកប​គ្នា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់​រវាង​ទ្រង់​ផ្ទាល់។ យើង​ចូល​រួម​ក្នុង​ការ​ប្រកប​គ្នា​យ៉ាង​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​អង្គ (១យ៉ូហាន ១:៣-៤)។ នេះ​ឯង​គឺ​ជា​ភាព​អស្ចារ្យ​នៃ​ការ​ដែល​ព្រះ​ត្រៃឯក​មាន​ចំណែក​ក្នុង​ផែនការ​របស់​ព្រះ​ជាម្ចាស់ និង​ក្នុង​ជីវិត​របស់​យើង។

ចំណុច​ដែល​យើង​ត្រូវ​យល់

ដោយ​ហេតុ​នោះ​ហើយ យើង​អាច​យល់​អំពី​ចំណុច​ខាង​ក្រោម​នេះ​ទាក់ទង​ទៅ​នឹង​ព្រះ​ត្រៃឯក៖

ព្រះ​ត្រៃឯក​មាន​ភាព​ម៉ត់ចត់​ណាស់។ គ្រីស្ទ​សាសនា​ឈរ ឬ​ក៏​ដួល​រលំ​គឺ​អាស្រ័យ​លើ​សេចក្ដី​បង្រៀន​នេះ ហើយ​យើង​ក៏​ត្រូវ​តែ​ទទួល​ស្គាល់​យ៉ាង​ពេញ​ទី​ដែរ។

ព្រះ​ត្រៃឯក​មាន​ភាព​សម​ហេតុ​សម​ផល។ ព្រះ​ត្រៃឯក​មិន​មែន​គ្រាន់​តែ​ជា​ចំណុច​សម​ហេតុ​សម​ផល​នោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​រាល់​ចំណុច​ផ្សេងៗ​ទៀត​សម​ហេតុ​សម​ផល​ផង​ដែរ។ បើ​គ្មាន​ព្រះ​ត្រៃឯក នោះ​ផែនការ​របស់​ព្រះ​ជាម្ចាស់ គោល​ជំនឿ​ខាង​ឯ​ទេវវិទ្យា និង​រាល់​ចំណុច​នៃ​ជីវិត​របស់​យើង​ក៏​នឹង​ដួល​រលំ​ដូច​គ្នា​ដែរ។

ព្រះ​ត្រៃឯក​មាន​ភាព​សម្បើម​អស្ចារ្យ​ណាស់។ សេចក្ដី​បង្រៀន​នៃ​ព្រះ​ត្រៃឯក​ធ្វើ​ឲ្យ​យើង​អាច​មាន​លទ្ធភាព​ប្រកប​គ្នា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ក្នុង​លក្ខណៈ​ដ៏​ស្និទ្ធ​ស្នាល។ វា​ពិត​ជា​អភ័យឯកសិទ្ធិ​មែន​ក្នុង​ការ​ដែល​យើង​អាច​មាន​ចំណែក​ក្នុង​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​ត្រៃឯក​ក្នុង​របៀប​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ទ្រង់។ ការ​នេះ​ពិត​ជា​សម្បើម​អស្ចារ្យ​មែន!

និពន្ធ​ដោយ៖ លោក​គ្រូ Abner Chou
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក​ស្រី ថាវ ប៊ុនរី និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី tms.edu ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. ជាការយល់ខុសឆ្គងទាំងស្រុង ព្រោះអ្នកដែលបង្កើតគោលលទ្ធិនេះអត់ដែលឃើញព្រះជាម្ចាស់និងបានទៅទស្សនកិច្ចនៅឋានសួគ៌ទេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សូម្បី​តែ​១​ក៏​គ្មាន​ផង

មិនចូលចិត្តអ្នកជឿព្រះយេស៊ូវ៖ ទីបន្ទាល់