យើងអាចឃើញរង្វាស់នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើងតាមរយៈការពីរយ៉ាង។ ទីមួយ គឺកម្រិតនៃការបូជារបស់ព្រះគ្រីស្ទ ដើម្បីជួយសង្គ្រោះយើងពីទណ្ឌកម្មនៃអំពើបាបរបស់យើង។ ទីពីរ គឺកម្រិតនៃភាពមិនស័ក្តិសមនឹងឲ្យទ្រង់សង្គ្រោះយើង។
យើងអាចមើលឃើញពីរង្វាស់នៃការបូជារបស់ទ្រង់នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ៣:១៦ ដែលចែងថា «ទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១»។ យើងក៏អាចឃើញពីរង្វាស់នៃការបូជានៅក្នុងពាក្យថា ព្រះគ្រីស្ទ ផងដែរ។ នេះគឺជាព្រះនាមមួយដែលផ្អែកលើងារក្នុងភាសាក្រិកថា គ្រីស្ទុស (Χριστός) ដែលមានន័យ «ម្នាក់ដែលទទួលការចាក់ប្រេងតាំង» ហើយភាសាហេព្រើរថា «ព្រះមែស្ស៊ី»។ នេះគឺជាងារដ៏ខ្ពង់ខ្ពស់ថ្លៃថ្នូរ។ ព្រះមែស្ស៊ីគឺជាអង្គដែលនឹងត្រូវធ្វើជាស្ដេចនៃសាសន៍អ៊ីស្រាអែល។ ទ្រង់នឹងច្បាំងឈ្នះលើសាសន៍ រ៉ូម ហើយនឹងនាំមកនូវសន្តិភាព និងសុវត្ថិភាពដល់សាសន៍អ៊ីស្រាអែល។ ដូច្នេះហើយបុគ្គលដែលព្រះជាម្ចាស់បានបញ្ជូនមកដើម្បីសង្គ្រោះមនុស្សមានបាប គឺជាបុត្រាផ្ទាល់របស់ទ្រង់ជាបុត្រាតែមួយគត់របស់ទ្រង់ និងជាបុគ្គលដែលបានតាំងឡើងជាស្ដេចនៃសាសន៍អ៊ីស្រាអែល ហើយក៏ជាស្ដេចនៃពិភពលោកទាំងមូលផងដែរ (អេសាយ ៩:៦-៧)។
នៅពេលដែលយើងផ្ដល់គំនិតបន្ថែមលើការពិចារណាស្ដីពីការសុគតលើឈើឆ្កាងដ៏គួរឲ្យរន្ធត់ដែលព្រះគ្រីស្ទបានទ្រាំទ្រ នោះយើងនឹងឃើញច្បាស់ថា ការបូជាដែលព្រះវរបិតា និងព្រះរាជបុត្រាបានធ្វើ គឺធំធេងមិនអាចពណ៌នាបាន ហើយក៏មិនអាចវាស់បានដែរ។ បើយើងគិតពីភាពឆ្ងាយពីគ្នារវាងព្រះ និងមនុស្សលោក ការបូជានេះមានតម្លៃខ្លាំងណាស់។ ប៉ុន្តែព្រះជាម្ចាស់បានជ្រើសយកការបូជានេះ ដើម្បីសង្គ្រោះយើង។
រង្វាស់នៃសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងនៅតែមានការកើនឡើងថែមទៀត នៅពេលដែលយើងគិតពីភាពមិនស័ក្ដិសមរបស់យើងក្នុងការទទួលក្ដីស្រឡាញ់។ «កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង! រីឯព្រះវិញ ទ្រង់សម្ដែងសេចក្ដីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ» (រ៉ូម ៥:៧-៨ គកស)។ យើងសមនឹងទទួលការដាក់ទណ្ឌកម្មដែលមកពីព្រះជាម្ចាស់ មិនមែនការបូជាដែលមកពីព្រះជាម្ចាស់នោះទេ។
ខ្ញុំធ្លាប់ឮគេនិយាយថា «ព្រះជាម្ចាស់មិនមែនសុគតដើម្បីសង្គ្រោះសត្វនោះទេ តែទ្រង់សុគតដើម្បីសង្គ្រោះមនុស្សលោកទៅវិញទេ ព្រោះមនុស្សមានតម្លៃជាងសត្វ»។ បើដូច្នេះមែន នោះព្រះគុណលែងជាព្រះគុណទៀតហើយ។ យើងអាក្រក់ជាងសត្វទៅទៀត ព្រោះពួកវាមិនដែលធ្វើបាបសោះ។ ពួកវាមិនបានប្រឆាំង ឬប្រព្រឹត្តនឹងព្រះជាម្ចាស់ដោយព្រហើនកោងកាច ដោយគិតថាព្រះជាម្ចាស់មិនមែនជាអ្វីដែលសំខាន់សម្រាប់ពួកគេនោះទេ។ ព្រះជាម្ចាស់មិនចាំបាច់សុគតសម្រាប់សត្វទាំងនោះទេ ព្រោះពួកវាមិនមែនអាក្រក់ដល់ថ្នាក់នោះឡើយ ប៉ុន្តែយើងទៅវិញទេដែលមានបាប។ បំណុលរបស់យើងគឺធំធេងណាស់ ហើយមានតែយញ្ញបូជាដែលមកពីព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចដោះបំណុលយើងបាន។
មានហេតុផលតែមួយគត់ដែលបណ្ដាលឲ្យព្រះជាម្ចាស់បូជាព្រះយេស៊ូវសម្រាប់យើង ហើយយើងមិនមែនជាហេតុផលដែលបណ្ដាលឲ្យទ្រង់ធ្វើដូច្នោះនោះទេ។ ប៉ុន្តែ «ព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់» ទៅវិញនោះទេដែលជាហេតុផល (អេភេសូរ ១:៧)។ ព្រះជាម្ចាស់ប្រទានព្រះគុណនោះមកដោយឥតគិតថ្លៃ។ ការបូជារបស់ព្រះជាម្ចាស់មិនមែនជាការឆ្លើយតបទៅនឹងតម្លៃរបស់យើងនោះទេ តែជាការឆ្លើយតបទៅនឹងតម្លៃដ៏ធំធេងរបស់ព្រះជាម្ចាស់ទៅវិញនោះទេ។ តាមពិត សរុបសេចក្តីទៅ សេចក្ដីស្រឡាញ់គឺជាហេតុដែលនាំឲ្យទ្រង់ប្រទានព្រះគុណដល់យើង។ សេចក្តីស្រឡាញ់នោះ គឺជាភាពឆេះឆួលដែលទ្រង់ចង់បានមនុស្សមានបាបដែលមិនស័ក្តិសមនឹងទទួលព្រះគុណរបស់ទ្រង់ ដោយទ្រង់បានបង់ថ្លៃយ៉ាងធំធេង ដើម្បីឲ្យយើងមានអំណរយ៉ាងក្រៃលែងរហូតតទៅ។ ជាពិសេស ទ្រង់ចង់ប្រទានឲ្យយើងមានអំណរជាមួយនឹងសិរីល្អដែលគ្មានទីបញ្ចប់របស់ទ្រង់។
កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង! រីឯព្រះវិញ ទ្រង់សម្ដែងសេចក្ដីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
(រ៉ូម ៥:៧-៨ គកស)ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
(យ៉ូហាន ៣:១៦)ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់។
(អេភេសូរ ១:៧)
ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ប្រើដោយមានការអនុញ្ញាត
មតិយោបល់
Loading…