in ,

មុន​នឹង​និយាយ​ដើម​គេ

Questions to Ask Before We Gossip

លោក​អ្នក​ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​នេះ៖ ក្រោយ​ពី​បាន​និយាយ​ជាមួយ​អ្នក​ណា​ម្នាក់​ហើយ លោក​អ្នក​បាន​ឆ្ងល់​ខ្លួន​ឯង​ថា តើ​អ្វី​ដែល​ខ្ញុំ​និយាយ គឺ​ជា​ការ​និយាយ​ដើម​គេ​មែន​ទេ? ពេល​ខ្លះ​យើង​ពិបាក​នឹង​ដឹង​ណាស់។ ការ​និយាយ​ដើម​គេ គឺ​ជា​ស្រមោល​នៃ​អំពើ​បាប វា​ជា​អំពើ​បាប​មួយ​ដែល​យើង​មិន​សូវ​ច្បាស់។ តើ​យើង​ត្រូវ​បញ្ចប់​ការ​សន្ទនា​របស់​យើង​នៅ​ពេលណា ឬ​ត្រូវ​បន្ត​នៅ​ពេល​ណា ឬ​ត្រូវ​ឲ្យ​យើង​ប្រយ័ត្ន ព្រោះ​យើង​កំពុងតែ​និយាយ​ដើមគេ? កណ្ឌ​គម្ពីរ សុភាសិត ១៨:៨ បានចែងថា «ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ។»

នៅ​ពេល​ដែល​យើង​ឮ​ព័ត៌មាន​អំពី​អ្នក​ដទៃ យើង​អាច​មាន​ជម្រើស​ពីរ​ឬ​បី៖ ដោយ​ទៅ​និយាយ​ជាមួយ​បុគ្គល​ហ្នឹង​ផ្ទាល់​អំពី​អ្វីៗ​ដែល​យើង​បាន​ឮ​អំពី​គាត់ ឬ​ទៅ​និយាយ​ជាមួយ​អ្នក​ដទៃ​អំពី​គាត់ ឬ​ក៏​មិន​និយាយ​ទៅ​កាន់​អ្នក​ណា​សោះ​ក្រៅ​តែ​ពី​ខ្លួន​ឯង និង​ព្រះ​ជាម្ចាស់។ ការ​និយាយ​ដើម គឺ​ជា​ការ​ដែល​យើង​និយាយ​ពី​ក្រោយ​ខ្នង​អ្នក​ដទៃ ដែល​ធាតុ​ពិត យើង​គួរ​និយាយ​ចំពោះ​គេ​ផ្ទាល់ ឬ​ក៏​មិន​និយាយ​ទាំង​ស្រុង​តែ​ម្ដង។ ប៉ុន្តែ ជីវិត​នៃ​ការ​រស់នៅ វា​ស្មុគស្មាញ​ណាស់។ ពេល​ខ្លះ ពេល​ដែល​យើង​មាន​បញ្ហា​ជាមួយ​នឹង​កូន​របស់​យើង ប្ដី​ប្រពន្ធ អ្នក​ជិត​ខាង ឬ​អ្នក​ដែល​យើង​ធ្វើ​ការ​ជាមួយ ឬ​ក៏​សមាជិក​ក្រុម​ជំនុំ​របស់​យើង នោះ​យើង​គួរ​តែ​រក​មិត្តភក្ដិ​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ឲ្យ​គាត់​ជួយ​អធិស្ឋាន​សម្រាប់​យើង ឬ​ក៏​ជួយ​ផ្ដល់​ប្រឹក្សា​ដល់​យើង​ទាក់ទង​នឹង​បញ្ហា​នោះ។ ខណៈពេល​​​ដែល​យើង​ស្វែងរក​ការ​ប្រឹក្សា ឬ​ក៏​លើក​សំណូម​ពរ​អធិស្ឋាន​ នោះ​ចូរ​ឲ្យ​យើង​ប្រុងប្រយ័ត្ន ព្រោះ​នោះ​ជា​ពេល​ដែល​ងាយ​ឲ្យ​យើង​ធ្លាក់​ក្នុង​ការ​និយាយ​ដើម​អ្នក​ដទៃ។

ខាង​ក្រោម​នេះ​ជា​សំណួរ​ប្រាំបី​ដែល​លោក​អ្នក​អាច​ប្រើ​ទុក​ជា​ជំនួយ​វែកញែក​ឲ្យ​ឃើញ​ថា តើ​អ្វី​ដែល​លោក​អ្នក​កំពុង​និយាយ​អំពី​អ្នក​ដទៃ​គឺ​ជា​ការ​ត្រឹម​ត្រូវ ឬ​ក៏​ជា​ការ​និយាយ​ដើម​ពី​ពួកគេ៖

១. ប្រសិនបើ​លោក​អ្នក​មាន​ជម្លោះ​ជាមួយ​អ្នក​ដទៃ តើ​លោក​អ្នក​នឹង​និយាយ​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​តែ​ពី​អំពើ​បាប​របស់​បុគ្គល​នោះ​ប៉ុណ្ណោះ ហើយ​មិន​និយាយ​ពី​អំពើ​បាប​របស់​ខ្លួន? បើ​ដូច្នោះ​មែន នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​និយាយ​ដើម​គេ​ហើយ។

២. តើ​ការ​សន្ទនា​របស់​លោក​អ្នក​ជាមួយ​នឹង​មិត្តភក្ដិ​អំពី​បុគ្គល​នោះ បាន​នាំ​ឲ្យ​ការ​សន្ទនា​នោះ​ជួយ​ដល់​បុគ្គល​ដែល​លោកអ្នក​មាន​បញ្ហា​ជាមួយ​នោះ​ដែរ​ឬ​អត់? ប្រសិនបើ​អត់​ទេ នេះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​និយាយ​ដើម​គេ​ហើយ។

៣. ប្រសិនបើ​លោក​អ្នក​កំពុង​ស្វែងរក​ប្រឹក្សា​ពី​អ្នក​ដទៃ​អំពី​របៀប​ដោះស្រាយ​បញ្ហា តើ​លោកអ្នក​មាន​បាន​រក្សា​អត្ថសញ្ញាណ​របស់​បុគ្គល​នោះ​ជា​ការ​សម្ងាត់​ដែរ​ឬ​ទេ លែង​តែ​មាន​ការ​ចាំបាច់? ប្រសិនបើ​មិន​មាន​ទេ នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​និយាយ​ដើម​គេ​ហើយ។

៤. តើ​លោក​អ្នក​អរសប្បាយ​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​នេះ​ជាមួយ​នឹង​មិត្តភក្ត​របស់​អ្នក​ដែរ​ឬ​ទេ? ប្រសិនបើ​មែន នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​និយាយ​ដើម​គេ​ហើយ។ ការ​និយាយ​ដើម​គេ គឺ​វា​ឆ្ងាញ់​ម៉ាត់​ណាស់ (សុភាសិត ១៨:៨)។ ការ​ស្វែងរក​ការ​ប្រឹក្សា​ ដើម្បី​ដោះស្រាយ​បញ្ហា​ពិបាកៗ វា​មិន​គួរ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​អរសប្បាយ​នោះ​ឡើយ។ បើ​មិន​ដូច្នោះ​ទេ នោះ​មាន​ន័យ​ថា លោកអ្នក​កំពុងតែ​និយាយ​ដើម​គេ​ហើយ។

៥. តើ​ការ​លើកដាក់​សំឡេង និង​ដួង​ចិត្ត​របស់​លោក​អ្នក​មាន​លក្ខណៈ​បែប​ណា? តើ​លោក​អ្នក​មាន​ចិត្ត​ស្លូត​បូត ចិត្ត​ចេះ​បន្ទាបខ្លួន និង​មាន​ការ​ខូច​ចិត្ត នៅ​ពេល​ដែល​លោក​អ្នក​ចែកចាយ​ពី​អំពើ​បាប​របស់​បុគ្គល​នោះ​ដែរ​ឬ​ទេ ឬ​ក៏​លោក​អ្នក​ខឹង ហើយ​គិត​ថា​ខ្លួនឯង​ជា​អ្នក​ត្រូវ ពេល​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​នោះ? ប្រសិនបើ​ដូច្នេះ នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​និយាយ​ដើម​គេ​ហើយ។

៦. តើ​លោក​អ្នក​មាន​បាន​និយាយ​ពី​បុគ្គល​នោះ​ទៅ​កាន់​ព្រះជាម្ចាស់​ច្រើន​ដូច​និយាយ​ទៅ​កាន់​មិត្តភក្តិ​ដែរ​ឬ​ទេ? ប្រសិនបើ​អត់​ទេ នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​និយាយ​ដើម​គេ​ហើយ។

៧. តើ​លោកអ្នក​មាន​កំណត់​ចំនួន​មិត្តភក្ដិ​ដែល​ត្រូវ​និយាយ​ជាមួយ​ដែរ​ទេ? បើ​អត់​មាន​ទេ នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​និយាយ​ដើម​គេ​ហើយ។ ការ​និយាយ​ដើម​គឺ​ជា​ការ​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ។ ប៉ុន្តែ ចំពោះ​ព្រះ​យេស៊ូវ​វិញ ទ្រង់​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចេះ​ដាក់​កម្រិត​លើ​ការ​ចែកចាយ​ព័ត៌មាន «បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ​នឹង​គាត់ បើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់​ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ​សារ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់ បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្ដាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ» (ម៉ាថាយ ១៨:១៥-១៧)។

៨. តើ​អស់​អ្នក​ដែល​លោក​អ្នក​កំពុង​ចែកចាយ​ព័ត៌មាន​ដែល​ងាយ​ធ្វើ​ឲ្យ​អន់​ចិត្ត​ទាំង​នេះ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នោះ​អត់? បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេស៊ូវ​ក្នុង​ការ​ដែល​យើង​និយាយ​ជាមួយ​​អ្នក​ដទៃ គឺ​មិន​មែន​ដើម្បី​ឲ្យ​យើង​បញ្ចេញ​តែ​ភាព​ក្ដៅ​ក្រហាយ​ប៉ុណ្ណោះ​ទេ។ បុគ្គល​ដែល​យើង​បាន​ចែកចាយ​ជាមួយ គាត់​ត្រូវ​ត្រៀម​ខ្លួន​ទៅ​ជួប​អ្នក​ដែល​យើង​មាន​ទំនាស់​ជាមួយ ដើម្បី​ធ្វើ​ជា​ស្មរបន្ទាល់ «តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់​ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ​សារ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់» (ម៉ាថាយ ១៨:១៦)។ ប្រសិន​បើ​លោក​អ្នក​មិន​ទទួល​ស្គាល់​ថា អស់​អ្នក​ដែល​លោក​អ្នក​បាន​ចែកចាយ​​ជាមួយ​ត្រូវ​មាន​ទូលនាទី​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​នោះ​ទេ នោះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​និយាយ​ដើម​គេ​ហើយ។

វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ដែល​ខ្ញុំ​ជា​អ្នក​និពន្ធ ក៏​ធ្លាប់​ធ្លយ​ខ្លួន​ទៅ​ក្នុង​និយាយ​ដើម​គេ​ជា​ច្រើន​ដង​មក​ហើយ​ដែរ។ ប្រមាណ​ជា​បី​បួន​ឆ្នាំ​មុន ខ្ញុំ​បាន​ស្ដាប់​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​បុគ្គល​ម្នាក់។ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​មិន​ចាំ​រឿង​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ចាំ​បាន​ថា កាល​នោះ​ពេល​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ ខ្ញុំ​ពិត​ជា​ចង់​ចែកចាយ​រឿង​នោះ​នឹង​ប្រពន្ធ​ខ្ញុំ​ណាស់។ ប៉ុន្តែ ខ្ញុំ​បាន​គិត ហើយ​សួរ​ខ្លួន​ឯង​ថា ម៉េច​បាន​ជា​ខ្ញុំ​ចង់​ចែកចាយ​រឿង​នេះ?

តើ​រឿង​នេះ​ទាក់ទង​អី​នឹង​ខ្ញុំ ឬ​ក៏​ប្រពន្ធ​ខ្ញុំ? គ្មាន​សោះ។

តើ​ប្រពន្ធ​ខ្ញុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទាក់ទង​នឹង​រឿង​នេះ? គ្មាន​សោះ។

តើ​ខ្ញុំ​ចង់​ចែកចាយ​រឿង​នេះ ដើម្បី​ឲ្យ​គាត់​ជួយ​ខ្ញុំ​ក្នុង​ការ​ទៅ​ជួយ​បុគ្គល​នោះ? អត់​សោះ។

ខ្ញុំ​បាន​ទទួល​ស្គាល់​ថា នេះ​ជា​ការ​និយាយ​ដើម​គេ​ទេ។ ដូច្នេះ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ឡើយ។ តាមរយៈ​រឿង​នេះ ព្រះ​ជាម្ចាស់​បាន​ទទួល​ព្រះ​កិត្តិយស ឯ​សហគមន៍​ខ្ញុំ អាពាហ៍ពិពាហ៍​ខ្ញុំ និង​ព្រលឹង​ខ្ញុំ​បាន​ទទួល​ការ​ការពារ​ពី​ព្រះអង្គ​ពី​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​ការ​និយាយ​ដើម​គេ។

ការ​និយាយ​ដើម​គេ​បង្កើត​ឲ្យ​មាន​ទំនាស់ បាត់បង់​ទំនុកចិត្ត និង​បំផ្លាញ​សហគមន៍ ក៏​ដូច​ជា​មិត្ត​ភាព «ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ជា​ខ្ញុំ​ចូល​ចិត្ត​នោះ​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ឃើញ​ខ្ញុំ ដូច​ជា​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ដែរ ក្រែង​កើត​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ឈ្នានីស គ្នាន់​ក្នាញ់ បាក់​បែក បរិហារ បង្កាច់ ឆ្មើង​ឆ្មៃ ហើយ​វឹក​វរ​ឡើង» (២កូរិនថូស ១២:២០)។ កណ្ឌគម្ពីរ សុភាសិត ១៦:២៨ ក៏​បាន​ចែង​ដែរ​ថា «មនុស្ស​វៀច​វេរ គេ​សាប​ព្រោះ​សេចក្ដី​ទាស់​ទែង​គ្នា ហើយ​អ្នក​បេះ​បួយ ក៏​នាំ​ឲ្យ​ទាំង​មិត្រ​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ»។

ដូច្នេះ ចូរ​គេច​ចេញ​ពី​វា ហើយ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រើ​ម៉ាត់​យើង​ឲ្យ​ទៅ​ជា​ប្រភព​នៃ​ជីវិត​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង។ សុភាសិត ១០:១១ «មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្ដូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់»។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មនុស្សសម័យទំនើប និងពិភពស្រមើស្រមៃរបស់ពួកគេ

ម្ដេច​បាន​ជា​ឲ្យ​របស់​នេះ​មក​ទូលបង្គំ ព្រះ​អង្គ?