អាទិត្យមុន ខ្ញុំបាននិពន្ធអំពីគ្រីស្ទបរិស័ទ និងលុយកាក់ ហើយព្យាយាមឆ្លើយសំណួរពីរ៖ ១) តើខ្ញុំត្រូវតែឲ្យលុយខ្លះរបស់ខ្ញុំទៅអ្នកដទៃមែនឬ? ២) ហើយតើខ្ញុំគួរមានឥរិយាបថយ៉ាងដូចម្ដេចនៅពេលដែលខ្ញុំឲ្យលុយនោះ? លោកអ្នកអាចអាននៅទីនេះបាន។ ថ្ងៃនេះខ្ញុំចង់បន្តដោយសួរ និងឆ្លើយពីរសំណួរផ្សេងទៀត៖ ១) តើខ្ញុំគួរឲ្យទៅអ្នកណា? ២) តើខ្ញុំគួរឲ្យប៉ុន្មាន?
តើខ្ញុំគួរឲ្យប៉ុន្មាន?
ប្រសិនបើអ្វីដែលខ្ញុំបានលើកឡើងពីអាទិត្យមុនត្រឹមត្រូវ នោះមានន័យថា យើងមានមូលដ្ឋានហើយថាយើងត្រូវតែឲ្យលុយខ្លះរបស់យើងទៅអ្នកដទៃ។ ចំណុចនេះនាំមកនូវសំណួរមួយទៀតដែលសួរថា តើយើងគួរឲ្យលុយនោះទៅអ្នកណា? មានទីកន្លែង និងបុគ្គលដែលរាប់មិនអស់ដែលយើងអាចឲ្យបាន—យើងអាចថ្វាយទៅកាន់ព្រះវិហារ ឲ្យទៅបុគ្គលណាមួយ ឲ្យទៅអង្គការដែលធ្វើព័ន្ធកិច្ចជាមួយក្រុមជំនុំ ឬក៏អង្គការដែលមិនរកប្រាក់ចំណេញ។ ប្រសិនបើលោកអ្នកមានលុយ ដើម្បីនឹងឲ្យ នោះលោកអ្នកនឹងមិនដែលមានបញ្ហាក្នុងការរកកន្លែងដែលស័ក្ដិសមនឹងទទួល ហើយក៏ចង់ឲ្យលោកអ្នកផ្ដល់ដល់គាត់ដោយទទួលយ៉ាងស្ម័គ្រចិត្តនោះឡើយ។ ប៉ុន្តែ តើព្រះគម្ពីរមានចែងយ៉ាងដូចម្ដេចទៅ?
ខ្ញុំឃើញថា សំណួរមួយនេះមានការពិបាកឆ្លើយជាងខ្ញុំគិតដល់ទៅទៀត។ សេចក្ដីបង្រៀនចម្បងក្នុងព្រះគម្ពីរសញ្ញាថ្មីហាក់បីដូចជាលើកឡើងថា ទីកន្លែងចម្បងដែលលោកអ្នកគួរឲ្យគឺថ្វាយទៅកាន់ក្រុមជំនុំតាមតំបន់។ យ៉ាងហោចណាស់ នេះគឺជាជាគំរូដែលយើងឃើញ ទោះបើព្រះគម្ពីរមិនបានលើកឡើងចំៗក៏ដោយ។ ហើយប្រាកដណាស់ នេះក៏ជាលំនាំនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ គេមិនបានឲ្យប្រាក់តង្វាយទៅកាន់បុគ្គលនោះទេ ប៉ុន្តែបានថ្វាយទៅកាន់ព្រះជាម្ចាស់តាមរយៈបុគ្គលដែលទ្រង់បានជ្រើសរើស។
អ្វីដែលខ្ញុំសង្កេតឃើញនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺថា ទំនួលខុសត្រូវរបស់យើងទាក់ទងនឹងពេលដែលយើងមើលថែបុគ្គលណាម្នាក់ មិនថានេះទាក់ទងទៅនឹងការប្រកាសដំណឹងល្អ ឬក៏ទាក់ទងទៅនឹងការចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួន គឺវាមានការចាប់ផ្ដើមជាមួយនឹងអ្នកស្និទ្ធស្នាលជាមួយយើងជាដំបូង បន្ទាប់មកទៅកាន់អ្នកដទៃ។ គេនឹងរាប់បុគ្គលម្នាក់ថា គាត់អាក្រក់ជាងអ្នកមិនជឿទៅទៀត ប្រសិនបើគាត់មិនមើលថែគ្រួសាររបស់ខ្លួន មិនមែនថាបើគាត់មើលថែគ្រួសារដែលនៅពាក់កណ្ដាលពិភពលោកមួយទៀតនោះទេ។ បន្ទាប់មក ទំនួលខុសត្រូវរបស់គាត់គឺទៅកាន់ក្រុមជំនុំតាមតំបន់របស់ខ្លួន—គឺបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទដែលគាត់បានតាំងសញ្ញាជាមួយ។ នេះគឺជាការដ៏ងាយស្រួលអនុវត្តណាស់៖ វាជារឿងដ៏ពិបាកយល់ណាស់ប្រសិនបើគាត់ព្យាយាមថែរក្សាគ្រួសារណាមួយជាចម្បងនៅប្រទេសអាស៊ី ខណៈពេលដែលការថែរក្សាចម្បងរបស់គាត់គឺមកពីបុគ្គលណាម្នាក់នៅប្រទេសអូស្ត្រាលី។
សរុបសេចក្ដីទៅ ជាចម្បង យើងត្រូវតែបំពេញតម្រូវការសម្រាប់គ្រួសារ បន្ទាប់មកក្រុមជំនុំ ហើយក្រោយនោះទើបយើងអាចផ្គត់ផ្គង់គ្រីស្ទបរិស័ទផ្សេងទៀតបាន។ មើលទៅព្រះគម្ពីរសញ្ញាថ្មីហាក់បីដូចជាឲ្យអាទិភាពលើការផ្គត់ផ្គង់អ្នកជឿខ្ពស់ជាងការថែរក្សាអ្នកមិនជឿ។ ទាំងពីរទំនងជាសំខាន់ ប៉ុន្តែជាចម្បងយើងត្រូវផ្គត់ផ្គង់គ្រីស្ទបរិស័ទសិន មុនយើងផ្គត់ផ្គង់អ្នកមិនជឿ។ បន្ទាប់មក ពិតណាស់គឺមានពេលដែលយើងអាច និងត្រូវតែផ្គត់ផ្គង់មនុស្សគ្រប់គ្នា ជារបៀបផ្គត់ផ្គង់តម្រូវការ និងជារបៀបបើកទ្វាសម្រាប់ដំណឹងល្អ។
នេះគឺជាគំរូដែលយើងឃើញក្នុងព្រះគម្ពីរសញ្ញាថ្មី។ បន្ទាប់ពីបានផ្គត់ផ្គង់សម្រាប់គ្រួសារផ្ទាល់ខ្លួន បន្ទាប់មកទើបគេថ្វាយតាមរយៈក្រុមជំនុំ។ ខណៈពេលដែលយើងគ្មានមន្ទិលសង្ស័យត្រង់ថា គ្រីស្ទបរិស័ទក៏បានផ្គត់ផ្គង់ផ្ទាល់ៗទៅកាន់គ្រីស្ទបរិស័ទផ្សេង គំរូក្រុមជំនុំសម័យដំបូងគឺថ្វាយទៅកាន់ក្រុមជំនុំ ដើម្បីឲ្យក្រុមជំនុំចែករំលែកទៅកាន់អស់អ្នកដែលត្រូវការ។ យើងឃើញអំពីចំណុចនេះនៅក្នុងដំណើររឿងរបស់សាវ័ក ពេត្រុស និងលោក អាន្ន៉ានាស និងលោកស្រី សាភីរ៉ា ដែលជាបុគ្គលដែលបាននាំតង្វាយរបស់ខ្លួនទៅកាន់ក្រុមជំនុំ ដើម្បីឲ្យក្រុមជំនុំចែករំលែក (ទោះបើទាំងអស់មានការជំរុញចិត្តខុសៗគ្នា)។ ក្រុមជំនុំគឺជាទីកន្លែងទទួល ហើយក៏ជាទីកន្លែងចែកចាយផងដែរ។
គំនិតនេះដែលទាក់ទងទៅនឹងការថ្វាយទៅកាន់ក្រុមជំនុំជាចម្បងគឺជាគំនិតដ៏គួរឲ្យអាចយល់បានដោយមានមូលហេតុមួយចំនួន។
ទី១ ក្រុមជំនុំបានតែងតាំងបុគ្គលមួយចំនួន ដើម្បីឲ្យដឹងអំពីតម្រូវការ ហើយឆ្លើយតបលើតម្រូវការនោះ។ ក្នុងក្រុមជំនុំភាគច្រើន តួនាទីមួយនេះគឺនៅលើពួកចាស់ទុំ ដែលទទួលការត្រាស់ហៅ និងការប្រដាប់ខ្លួនជាស្រេចសម្រាប់ទាំងការស្វែងយល់ និងការឆ្លើយតបញឹកញាប់ចំពោះតម្រូវការទាំងនោះ។
ទី២ អ្នកដឹកនាំក្រុមជំនុំអាចស្គាល់អំពីតម្រូវការដ៏សំខាន់បំផុតបាន។ ទាំងអ្នកចាស់ទុំ និងអ្នកត្រួតត្រាសហការជាមួយគ្នា ដើម្បីសម្គាល់ ហើយសម្រេចជាផ្លូវការក្នុងការបំពេញតម្រូវការដែលមាន។
ទី៣ ការផ្គត់ផ្គង់ទៅកាន់ព័ន្ធកិច្ចតែមួយចំនួនអាចនឹងនាំឲ្យគាត់សម្រេចកិច្ចការបានជាច្រើន។ មិនមានកំហុសទេ ប្រសិនបើលោកអ្នកផ្គត់ផ្គង់ថវិកាមួយផ្នែកទៅកាន់ព័ន្ធកិច្ចមួយនេះ ហើយខ្ញុំផ្គត់ផ្គង់ថវិកាមួយផ្នែកទៅកាន់ព័ន្ធកិច្ចមួយនោះ ប៉ុន្តែអ្វីដែលអាចនាំឲ្យមានឥទ្ធិពលយ៉ាងខ្លាំងគឺថាប្រសិនបើទាំងលោកអ្នក ហើយនិងខ្ញុំថ្វាយទៅកាន់ព័ន្ធកិច្ចដូចគ្នាតាមរយៈក្រុមជំនុំតាមតំបន់។ ការធ្វើបែបនេះនាំឲ្យយើងចាប់ដៃគ្នាក្នុងការអធិស្ឋាន និងទម្រង់ផ្គត់ផ្គង់ផ្សេងទៀតក្នុងលក្ខណៈជាសង្គម។
ទី៤ ព្រះគម្ពីរសញ្ញាថ្មីបានលើកឡើងយ៉ាងច្បាស់លាស់ថា ក្រុមជំនុំត្រូវតែញែកមនុស្សមួយចំនួន ដើម្បីធ្វើព័ន្ធកិច្ច ហើយអ្នកខ្លះទៀតឲ្យគាត់ញែកខ្លួន ដើម្បីធ្វើព័ន្ធកិច្ចទាំងស្រុង។ គ្រីស្ទបរិស័ទមួយចំនួនកាត់អត្ថន័យថា «នេះមានន័យថា គាត់គួរទទួលបានប្រាក់ខែសម្រាប់ព័ន្ធកិច្ចរបស់គាត់»។ តាមរយៈការថ្វាយតង្វាយទៅកាន់ក្រុមជំនុំជាចម្បង នេះមានន័យថា លោកអ្នកកំពុងតែផ្គត់ផ្គង់គ្រូគង្វាលរបស់ខ្លួនក្នុងព័ន្ធកិច្ច។ ហើយពិតណាស់! លោកអ្នកក៏កំពុងតែផ្គត់ផ្គង់នូវរាល់ព័ន្ធកិច្ចដែលមាននៅក្នុងក្រុមជំនុំផងដែរ តាំងពីការឲ្យជាប្រាក់ខែទៅដល់ការទិញអាគារ និងព្រះគម្ពីរ និងរាល់អ្វីៗផ្សេងទៀតដែលត្រូវការ ដើម្បីឲ្យក្រុមជំនុំបន្តទៅមុខទៀតបាន។ ប្រសិនបើលោកអ្នកទៅជួបជុំក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យ ប៉ុន្តែឲ្យលុយខ្លួនទៅព័ន្ធកិច្ចណាផ្សេង នោះមានន័យថាលោកអ្នកមិនបានផ្គត់ផ្គង់ និងទ្រទ្រង់ក្រុមជំនុំរបស់ខ្លួនទេ។
វាមិនមានតម្លៃទេ ប្រសិនបើលោកអ្នកមិនទុកចិត្តលើក្រុមជំនុំខ្លួនក្នុងការប្រើប្រាស់លុយកាក់ក្នុងរបៀបដ៏មានប្រាជ្ញា ទំនងលោកអ្នកគួរស្វែងរកក្រុមជំនុំថ្មីហើយមើលទៅ! ខ្ញុំសង្ឃឹមថាលោកអ្នកនឹងរកបានក្រុមជំនុំដែលជាទីកន្លែងដែលលោកអ្នកនឹងថ្វាយតង្វាយសប្បុរស ដោយជឿទុកចិត្តថា អ្នកដឹកនាំនិងប្រើប្រាស់លុយកាក់របស់លោកអ្នកដោយឈ្លាសវៃ។ នេះមិនមែនមានន័យថា ដាច់ខាតលោកអ្នកត្រូវតែថ្វាយរាល់ការឲ្យរបស់លោកអ្នកទៅកាន់តែក្រុមជំនុំតាមតំបន់ទាំងស្រុងនោះទេ ប៉ុន្តែប្រាកដណាស់លោកអ្នកត្រូវតែទ្រទ្រង់យ៉ាងសប្បុរស។
ហើយចំណុចនេះនាំយើងមកដល់សំណួរចុងក្រោយ ហើយទំនងក៏ជាចម្លើយដែលលោកអ្នកចង់បានខ្លាំងជាងគេផងក៏មិនដឹង។
តើខ្ញុំគួរឲ្យប៉ុន្មាន?
វាគ្មានតម្លៃទេនៅពេលដែលគេសួរសំណួរនេះ ហើយជាទូទៅចង់ដឹងចម្លើយដូចនេះ៖ តើខ្ញុំចាំបាច់ត្រូវការថ្វាយតង្វាយដែរឬទេ? ជាទូទៅ គេទំនងជានឹងមិនសួរសំណួរបែបនេះ នៅពេលដែលគេចង់ថ្វាយច្រើនជាង ១០% ទៅទៀត។ ដូច្នេះ ចូរយើងឆ្លើយសំណួរនេះ៖ តើខ្ញុំគួរឲ្យ/ថ្វាយប៉ុន្មាន?
ទី១ លោកអ្នកត្រូវថ្វាយយោងទៅតាមអ្វីដែលលោកអ្នកបានទទួល។ ក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៦:២ សាវ័ក ប៉ុល បានសរសេរអំពីការដែលក្រុមជំនុំត្រូវប្រមូលជាប្រចាំអាទិត្យ ហើយបុគ្គលនីមួយៗត្រូវថ្វាយ «នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ» (គគខ)។ បើនិយាយម្យ៉ាងវិញទៀត អ្វីដែលគាត់កំពុងតែលើកឡើងគឺថាបុគ្គលនីមួយៗថ្វាយដោយមានចំនួនទឹកប្រាក់ខុសៗគ្នា។ សេចក្ដីរំពឹងគិតគឺថា បុគ្គលដែលមានលុយច្រើនគួរឲ្យច្រើនជាងបុគ្គលដែលមានលុយតិច។ ចំណុចមួយដែលយើងគួរសម្គាល់៖ ព្រះជាម្ចាស់មិនបានបង្គាប់ឲ្យយើងថ្វាយអ្វីដែលយើងមិនមាន ហើយព្រះអង្គក៏មិនបានបង្គាប់ឲ្យយើងថ្វាយលើសអ្វីដែលយើងអាចធ្វើបានដែរ។ ការថ្វាយលើសជាងអ្វីដែលលោកអ្នកមាន ការនាំឲ្យខ្លួនជាប់បំណុល ឬក៏ការនាំឲ្យខ្លួនមិនមានលទ្ធភាពបង់ប្រាក់ជំពាក់ នោះគឺមិនមែនជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានពីលោកអ្នកឡើយ។ មានអ្នកខ្លះក្នុងចំណោមលោកអ្នកបានកើតចេញពីប្រពៃណីគ្រីស្ទបរិស័ទដែលមានការរំពឹងឲ្យលោកអ្នក «ដាំគ្រាប់ពូជ» ពោលគឺការរំពឹងឲ្យលោកអ្នកធ្វើអ្វី ដោយប្រើប្រាស់លុយកាក់ដែលខ្លួនមិនមាន ដើម្បីឲ្យព្រះជាម្ចាស់ចម្រុងចម្រើនលោកអ្នក។ ការជំពាក់បំណុល ដើម្បីរំដោះខ្លួនពីបំណុលគឺមិនមែនជាអ្វីដែលព្រះគម្ពីរបានបង្រៀនឡើយ វាមិនគួរជាចំណុចដែលគួរអនុវត្ត ហើយក៏មិនមានប្រាជ្ញាដែរ។ ប្រាកដណាស់! លោកអ្នកគួរមានចិត្តសប្បុរស ប៉ុន្តែក៏គួរមានប្រាជ្ញាផងដែរ។
នោះគឺជាគោលការណ៍ដំបូងនៃរបៀបឲ្យ៖ យ៉ាងតិចបំផុតគឺលោកអ្នកគួរថ្វាយតាមដែលព្រះជាម្ចាស់បានប្រទានដល់លោកអ្នក។
ទី២ នេះគឺជាចំណុចស្រដៀងគ្នាណាស់ លោកអ្នកគួរថ្វាយដល់ថ្នាក់ថាវាជាការលះបង់។ ប្រសិនបើលោកអ្នកបានថ្វាយចំនួនទឹកប្រាក់ ដែលវាមិនប៉ះពាល់លោកអ្នក—ប្រសិនបើប្រាក់ខែប្រចាំឆ្នាំរបស់លោកអ្នកគឺ $១០.០០០ សម្រាប់មួយឆ្នាំ នោះលោកអ្នកថ្វាយ $១០០ ឬក៏ថា ប្រាក់ខែប្រចាំឆ្នាំរបស់លោកអ្នកគឺ $៥០.០០០ សម្រាប់មួយឆ្នាំ នោះលោកអ្នកថ្វាយ $២៥០ ឬក៏ថា ប្រាក់ខែប្រចាំឆ្នាំរបស់លោកអ្នកគឺ $៥០.០០០.០០០ សម្រាប់មួយឆ្នាំ នោះលោកអ្នកថ្វាយ $២០.០០០—នោះមានន័យថា ការថ្វាយរបស់លោកអ្នកគ្មានការលះបង់ទេ។ ការថ្វាយគួរជះឥទ្ធិពលលើលោកអ្នក។ ប្រសិនបើលោកអ្នកមិនទទួលបានការជះឥទ្ធិពល ប្រសិនបើលោកអ្នកមិនឆាចោលផែនការមួយចំនួនដោយសារការថ្វាយ នោះមានន័យថា ទំនងលោកអ្នកមិនទាន់បានថ្វាយល្មមគ្រប់គ្រាន់នៅឡើយទេ។ ទៅដល់ចុងឆ្នាំ មានអារម្មណ៍ដ៏រំភើបមួយដែលកើតឡើង នៅពេលដែលលោកអ្នកមើលចំនួនទឹកប្រាក់ដែលលោកអ្នកបានថ្វាយ ហើយឃើញថាខ្លួនបានលះបង់។ លោកអ្នកអាចសង្កេតឃើញថាលោកអ្នកអាចទិញកុំព្យូទ័រថ្មីបាន ឬក៏សាងសង់អាគារណាមួយ ឬក៏ទិញឡានថ្មី ប៉ុន្តែលោកអ្នកបានជ្រើសរើសបម្រើ និងថ្វាយព្រះកិត្តិយសដល់ព្រះអម្ចាស់។ នោះគឺជាការលះបង់ដែលថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ស្រឡាញ់ការនោះណាស់។ ព្រះជាម្ចាស់ក៏ប្រទានពរលើការនោះផងដែរ។
ហើយនោះគឺជាគោលការណ៍ទី២៖ យ៉ាងតិចណាស់ ចូរថ្វាយដល់ថ្នាក់ថាវាប៉ះពាល់លើផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។
ដូច្នេះ តើយើងធ្វើអ្វីទៅទាក់ទងនឹងការថ្វាយតង្វាយ? តើសព្វថ្ងៃនេះ ព្រះជាម្ចាស់នៅបន្តតម្រូវឲ្យយើងថ្វាយ ១០% មែនឬ? បើនិយាយខ្លីទៅ ព្រះគម្ពីរសញ្ញាថ្មីមិនបានលើកឡើងអំពីចំណុចនោះយ៉ាងច្បាស់លាស់ទេ។ ព្រះគម្ពីរសញ្ញាថ្មីមិនបានអះអាងថា យើងគួរបន្តធ្វើបែបនោះ ហើយក៏មិនដែលលុបចោលផងដែរ? ប៉ុន្តែ អ្វីដែលច្បាស់លាស់គឺថា គ្រប់ច្បាប់នៃព្រះគម្ពីរសញ្ញាថ្មីគឺមិនបានទម្លាក់ទាបជាងមុននោះទេ ប៉ុន្តែគឺត្រូវបានបង្កើនឡើងខ្ពស់ជាងមុនបន្ទាប់ពីព្រះគ្រីស្ទ។ ព្រះគម្ពីរសញ្ញាចាស់បានព្រមានជំទាស់អំពីការផិតក្បត់។ ព្រះយេស៊ូវបានព្រមានជំទាស់អំពីការមើលដោយមានអារម្មណ៍ស្រើបស្រាល។ ព្រះគម្ពីរសញ្ញាចាស់បានព្រមានជំទាស់អំពីការសម្លាប់។ ព្រះយេស៊ូវបានព្រមានជំទាស់អំពីការមានគំនិតដែលពេញដោយការស្អប់។ ច្បាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺជាចំណុចចាប់ផ្ដើមទៅលើប្រភេទច្បាប់នៃការស្ដាប់បង្គាប់ដ៏ល្អប្រសើរលើសដើម។ ដោយមានការស្ដាប់បង្គាប់ព្រះគ្រីស្ទ និងដោយសារអ្វីដែលព្រះគ្រីស្ទបានសម្រេច នោះកម្រិតគឺត្រូវបានលើកឡើង។
ចំណុចនេះស្តាប់ទៅហាក់បីដូចជាថា ១០% គឺគ្រាន់តែជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះ។ ដោយសារមិនមានការបង្គាប់យ៉ាងច្បាស់លាស់ ដូច្នេះយើងត្រូវតែប្រើប្រាស់ប្រាជ្ញា និងសតិសម្បជញ្ញៈ ប៉ុន្តែខ្ញុំមិនអាចគិតដល់ថា ព្រះគ្រីស្ទបានទម្លាក់កម្រិតចំនួនថ្វាយនោះទេ។ ក្នុងយុគសម័យច្បាប់ ១០% គឺគ្រាន់តែជាការស្ដាប់បង្គាប់ដ៏សាមញ្ញប៉ុណ្ណោះ។ ក្នុងយុគសម័យនៃព្រះគុណឥឡូវនេះ ព្រះគុណដែលគ្មានលុយអាចទិញបាន តើឲ្យយើងអាចលើកឡើងដូចនេះបានយ៉ាងដូចម្ដេចទៅ៖ «ឥឡូវនេះ ខ្ញុំមានសេរីភាពក្នុងព្រះគ្រីស្ទក្នុងការមិនថ្វាយអ្វីទេ» ឬក៏ថា «ខ្ញុំមានសេរីភាពក្នុងព្រះគ្រីស្ទក្នុងការថ្វាយអ្វីដែលជាការសេសសល់នៅចុងខែ ឬអ្វីដែលនៅសល់ក្នុងហោប៉ៅរបស់ខ្ញុំនៅចុងសប្តាហ៍»។ ដូច្នេះខ្ញុំចង់លើកទឹកចិត្តឲ្យលោកអ្នកគិតថា ១០% គឺគ្រាន់តែជាចំណុចចាប់ផ្ដើម ហើយបន្តបង្កើនការឲ្យ/ថ្វាយពីចំណុចនោះទៅ។
ដូច្នេះ តើលោកអ្នកគួរឲ្យប៉ុន្មានទៅ? ចូរថ្វាយស្ម័គ្រពីចិត្ត និងអំណរ សូមថ្វាយជាចម្បងទៅកាន់ក្រុមជំនុំតាមតំបន់របស់ខ្លួន ហើយថ្វាយដល់ថ្នាក់ថាវាល្មមគ្រប់គ្រាន់ក្នុងការជះឥទ្ធិពលលើលោកអ្នកបាន។ សូមប្រព្រឹត្តចំណុចទាំងនោះ ដោយទូលថ្វាយទៅកាន់ព្រះអម្ចាស់ នោះលោកអ្នកនឹងក្លាយជាព្រះពរដល់អ្នកដទៃជាមិនខាន។
មតិយោបល់
Loading…