ប្រាជ្ញាពីលោកគ្រូ ដាវិឌ ផូលីសិន (David Powlison) ដែលជាអ្នកប្រឹក្សាម្នាក់ដែលលោកអ្នកអាចត្រាប់តាមជាប្រចាំថ្ងៃដែលទាក់ទងទៅនឹងការបារម្ភជាច្រើន។
តើលោកអ្នកចង់ឮពីការពណ៌នាដ៏ល្អមួយអំពីអ្វីដែលនឹងកើតឡើងនៅពេលបារម្ភដែរឬទេ?
«បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន
នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។»
សម្រង់សម្ដីនេះគឺដកចេញពីកណ្ឌគម្ពីរ សុភាសិត ២៥:២៨។ តើលោកអ្នកអាចគ្រប់គ្រងលើខ្លួនឯងបានដោយរបៀបណា ពេលពួកបាតុកម្មពាសពេញផ្លូវនៃគំនិតរបស់ខ្លួន? ការវាយប្រហារពីពួកភេរវជន ក្រុមជើងកាងនៃពួកឧក្រិដ្ឋជន ពួកភេរវកម្មគ្រាប់បែក ទីក្រុងទទួលការវាយលុក ភ្លើងឆេះគ្រប់ទីកន្លែង មានសត្វតោរត់តាមផ្លូវ និងភាពវឹកវរ។ គំនិតរបស់លោកអ្នកបាត់បង់ការគ្រប់គ្រង។ ការភ័យខ្លាច និងការបារម្ភក៏មកគ្រប់គ្រង។ គ្មានអ្វីមានប្រសិទ្ធភាព ឬក៏នៅប្រាកដប្រជាឡើយ។
ការបារម្ភគឺជាបទពិសោធន៍មួយដែលមនុស្សគ្រប់រូបជួបប្រទះ ហើយលោកអ្នកត្រូវតែប្រឈមមុខជាមួយវាដោយមានផែនការ។ សូមកត់សម្គាល់ថា នេះមិនមែនជារូបមន្តឡើយ។ នៅពេល [ដែលគ្រូបាល់ទាត់អាជីពចូលទីលានប្រកួត] គាត់មិនដឹងថាមានចំណុចណាមួយនឹងកើតឡើងបន្ទាប់ពីគេផ្លុំកញ្ចែ ដើម្បីចាប់ផ្ដើមទេ។ គាត់មិនដឹងថាអ្នកណានឹងយកបាល់បានមុនរហូតទាល់តែគេបានបោះកាក់សិន។ ប៉ុន្តែ មិនមែនមានន័យថា គាត់មិនបានត្រៀមខ្លួនជាស្រេចនោះទេ។ គាត់ចូលទៅដោយមានយុទ្ធសាស្ត្រប្រកួត ការណែនាំជាមូលដ្ឋានសម្រាប់ការប្រកួតដែលនឹងកើតឡើង។
ខ្ញុំចង់ផ្ដល់ជូនលោកអ្នកនូវចំណុច៦យ៉ាង ដែលជាយុទ្ធសាស្ត្រក្នុងការប្រកួតសម្រាប់ពេលដែលលោកអ្នកចាប់ផ្ដើមបារម្ភ និងការដិតជាប់ក្នុងអារម្មណ៍។
១. ឈ្មោះ
ជាដំបូង សូមដាក់ឈ្មោះលើសម្ពាធ។ លោកអ្នកតែងតែបារម្ភអំពីចំណុចណាមួយ។ តើមានរឿងអ្វីដែលតែងតែមកថ្ពក់លោកអ្នក? តើលោកអ្នកចូលចិត្តបារម្ភអំពីអ្វី? តើលោកអ្នកមាន «មូលហេតុល្អៗ» អ្វីទាក់ទងនឹងការបារម្ភ?
ទង្វើនៃការដាក់ឈ្មោះលើវាជាទូទៅក៏អាចជួយបានដែរ។ ក្នុងបទពិសោធន៍នៃការបារម្ភ វាហាក់បីដូចជារឿងរាប់លានអញ្ចឹង។ វាដូចជាលោកអ្នកលេងកង់បង្វិល វិលទៅវិលមកហើយវាក៏នៅតែវិលទៅវិលមកជាច្រើនដដែលៗ។ ប៉ុន្តែ តាមពិតទៅ លោកអ្នកគ្រាន់តែលេងកង់បង្វិលតែ ៦យ៉ាងប៉ុណ្ណោះ—ឬក៏ថាដិតជាប់ក្នុងរឿងតែមួយប៉ុណ្ណោះ។ វានឹងជាជំនួយដល់លោកអ្នកក្នុងការដាក់ឈ្មោះលើរឿងមួយនោះ ឬក៏រឿងទាំង ៦យ៉ាងនោះ ដែលវិលទៅវិលមក។ ការព្រួយបារម្ភគឺជាអារម្មណ៍ដែលមិនមានទីបញ្ចប់ និងព្រំដែន—ប៉ុន្តែវាមានព្រំដែន ហើយក៏ជារឿងចំៗដែរ។
២. អត្តសញ្ញាណ
ទី២ សូមបញ្ជាក់អំពីរបៀបដែលលោកអ្នកចែកចាយការបារម្ភ។ សូមកត់ចំណាំសញ្ញាសម្គាល់។ តើការបារម្ភកើតឡើងដោយរបៀបណាក្នុងជីវិតរបស់លោកអ្នក?
សម្រាប់មនុស្សមួយចំនួន វាគឺជាការមានអារម្មណ៍អួលដើមក ឬក៏ការមិនស្រួលចិត្តបែបមិនច្បាស់លាស់។ វាគឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខ នៅពេលដែលលោកអ្នកក្រោកឡើង ហើយនិយាយថា៖ «មើល៍! ភ្លើងពណ៌ក្រហមនៅលើផ្ទាំងប៉ាណ្ណូ!»។ ជាជាងគ្រាន់តែបណ្ដោយខ្លួនទៅតាមការបារម្ភ លោកអ្នកអាចដាក់ឈ្មោះលើវាបាន។
សម្រាប់មនុស្សមួយចំនួនទៀត វាគឺជាការកើតឡើងម្ដងហើយម្ដងទៀតដោយមានគំនិតដិតជាប់ក្នុងអារម្មណ៍៖ «មើល៍! ឥឡូវនេះគឺជាលើកទីបួនហើយដែលខ្ញុំបានអនុញ្ញាតឲ្យរឿងនេះកើតឡើងក្នុងគំនិតរបស់ខ្ញុំ»។
ចំពោះមនុស្សមួយចំនួនទៀត កំហឹងគឺជាសញ្ញាសម្គាល់។ ពួកគេមានការក្ដៅក្រហាយ ប៉ុន្តែនៅពេលដែលពួកគេគិតត្រឡប់ក្រោយវិញ នោះពួកគេនឹងទទួលស្គាល់ថា «ខ្ញុំបានមានអារម្មណ៍ភ័យខ្លាច និងបារម្ភអំពីរឿងណាមួយ»។
សម្រាប់មនុស្សមួយចំនួនទៀត ការបារម្ភលេចឡើងក្នុងរូបរាងកាយពួកគេ (ឧទាហរណ៍៖ ការឈឺក្បាលយ៉ាងខ្លាំង) ឬក៏ក្នុងការព្យាបាលដ៏ថោកទាបដែលកើតចេញពីអំពើបាប ដើម្បីធ្វើឲ្យយើងមានអារម្មណ៍ល្អប្រសើរ (ឧទាហរណ៍៖ ការញ៉ាំការ៉េមកីលើសកំណត់ ឬក៏ការចុះចាញ់ក្រោមការប្រាថ្នាចង់ផឹកស្រាដែលមានជាតិអាកុលខ្លាំងៗ)។ សូមកត់ចំណាំសញ្ញាសម្គាល់នោះ។ តើចំណុចទាំងអស់នោះអាចក្លាយជាចំណុចសម្គាល់បានដោយរបៀបណាចំពោះលោកអ្នក? «ខ្ញុំកំពុងតែចាញ់វា។ ខ្ញុំក៏កំពុងតែភ្លេចព្រះជាម្ចាស់ ហើយពន្លឺភ្លើងពិលរបស់ខ្ញុំក៏កាន់តែងងឹតទៅៗដែរ»។
៣. សួរ
ទី៣ ចូរសួរខ្លួនឯងថា «ហេតុអ្វីបានជាខ្ញុំបារម្ភអញ្ចឹង?»។
ការបារម្ភតែងតែមានតក្កនៅខាងក្នុងវា។ អ្នកបារម្ភគឺជា «មនុស្សមានជំនឿតិច» (ម៉ាថាយ ៨:២៦)។ ប្រសិនបើខ្ញុំបានភ្លេចព្រះជាម្ចាស់ តើនរណា ឬក៏អ្វីបានបណ្ដេញទ្រង់ចេញពីគំនិតរបស់ខ្ញុំ ហើយបានចាប់ផ្ដើមត្រួតត្រាជំនួសកន្លែងទ្រង់? ចូរបញ្ជាក់អត្តសញ្ញាណនៃអ្នកប្លន់នោះ។ អ្នកបារម្ភបានធ្លាក់ចូលចំណុចបន្ទាប់បន្សំណាមួយនៃរាល់ «សេចក្តីលោភ» (លូកា ១២:១៥)។ តើខ្ញុំចង់បានអ្វី ត្រូវការអ្វី ឃ្លានអ្វី ទាមទារអ្វី ឬក៏ចង់បំពេញភាពត្រេកត្រអាលមួយណា? ឬក៏ដោយសារយើងបារម្ភថានឹងបាត់បង់អ្វីៗដែលយើងកំពុងតែស្រេកឃ្លាន តើខ្ញុំកំពុងខ្លាចថានឹងបាត់បង់អ្វី ឬក៏ថានឹងមិនដែលទទួលបានអ្វីទៅ? សូមកត់ចំណាំភាពត្រេកត្រអាលជាក់លាក់ខាងឯសាច់ឈាមចុះ។ អ្នកបារម្ភ «ចង់ស្វែងរក» អំណោយទានជាជាងអង្គដែលប្រទាន។ ពួកគេដាក់ទ្រព្យសម្បត្តិក្នុងទីកន្លែងខុសឆ្គង។ តើខ្ញុំតែងតែគិតអំពីអ្វី ដែលការនោះនាំឲ្យខ្ញុំសង្វាតដេញតាមវាយ៉ាងអស់ពីចិត្ត? ចូរកត់ចំណាំអំពីអ្វីដែលលោកអ្នកចង់បានចុះ។
៤. ស្ដាប់
ទី៤ តើព្រះយេស៊ូវបានប្រទានមូលហេតុដ៏ល្អប្រសើរមួយណាដល់លោកអ្នក ដើម្បីកុំឲ្យលោកអ្នកបារម្ភ? តើអ្វីទៅជាសេចក្ដីសន្យាទាំងនោះដែលយើងទើបតែបាននិយាយអំពីវា? សូមត្រឡប់ក្រោយវិញ ហើយជ្រើសរើសយកមួយ ដើម្បីដាក់ក្នុងចិត្តរបស់លោកអ្នក។
ខ្ញុំបានរាយចុះ៧សម្រាប់លោកអ្នក។ ចំណុច៧យ៉ាងដែលព្រះយេស៊ូវបានធានាអំពីរបៀបដែលព្រះជាម្ចាស់ដំណើរការចក្រវាលរបស់ទ្រង់។ យើងបានលើកឡើងចំណុចទី៦ «ព្រះជាម្ចាស់គឺជាព្រះវរបិតារបស់លោកអ្នក» ពីព្រោះវាគឺជាមូលហេតុដ៏ល្អបំផុតក្នុងចំណោមមូលហេតុដ៏ប្រសើរទាំងនោះ។ ប៉ុន្តែ ទាំងអស់គឺជាមូលហេតុដ៏ល្អៗ។ នេះហើយគឺជាមូលហេតុដែលព្រះយេស៊ូវបានលើកឡើងអំពីពួកវា។ យើងគឺជាមនុស្សធម្មតា។ វាគឺជារឿងពិបាកក្នុងការចងចាំចំណុចទាំង៧យ៉ាងនោះក្នុងពេលតែមួយ ដូច្នេះសូមជ្រើសរើសយកតែមួយបានហើយ។ សម្រាប់ខ្ញុំ មួយខែកន្លងមកនេះ ចំណុចដែលជាជំនួយសម្រាប់ខ្ញុំគឺ «ប្រសិនបើព្រះជាម្ចាស់ផ្គត់ផ្គង់សត្វចាប តើទ្រង់បានផ្គត់ផ្គង់ខ្ញុំដែរមែនឬ»។ វាធ្វើឲ្យខ្ញុំសើច បើគ្រាន់តែគិតអំពីវា ហើយការបារម្ភមិនអាចកើតឡើងស្របគ្នាជាមួយនឹងចិត្តដែលពោរពេញទៅដោយសំណើចបានឡើយ! សត្វចាបទាំងនោះបានទាញយកសេចក្ដីល្បួងជាច្រើននៃការបារម្ភ។ វាជួយខ្ញុំច្រើនណាស់។ សូមយកសេចក្ដីសន្យាមួយ ហើយប្រើប្រាស់វាចុះ។
៥. និយាយ
ទី៥ ចូរទៅព្រះវរបិតារបស់លោកអ្នក។ ហើយនិយាយទៅកាន់ព្រះអង្គ។
វាមិនមែនហាក់បីដូចជាថាព្រះវរបិតារបស់លោកអ្នកមិនយកចិត្តទុកដាក់អំពីអ្វីដែលលោកអ្នកបារម្ភនោះទេ៖ មិត្តភក្ដិរបស់លោកអ្នក សុខភាពរបស់លោកអ្នក លុយកាក់របស់លោកអ្នក កូនចៅរបស់លោកអ្នក។ល។ ព្រះវរបិតារបស់លោកអ្នកជ្រាបអំពីអ្វីដែលលោកអ្នកត្រូវការ។ លោកអ្នកអាចចូលទៅកាន់ព្រះអង្គដោយនាំយកនូវអ្វីដែលលោកអ្នកបារម្ភ។ សូមផ្ទេរទុក្ខកង្វល់របស់លោកអ្នកទៅកាន់ទ្រង់ ពីព្រោះទ្រង់យកចិត្តទុកដាក់ចំពោះលោកអ្នក។ លោកអ្នកត្រូវតែផ្ទេរទុក្ខកង្វល់របស់លោកអ្នកជាមួយនឹងទ្រង់។ ពួកវាតែងតែនៅក្រៅការគ្រប់គ្រងរបស់លោកអ្នក!
- តើកូនចៅរបស់លោកអ្នកនឹងមានលក្ខណៈយ៉ាងដូចម្ដេច?
- តើលោកអ្នកនឹងកើតជំងឺភ្លេចភ្លាំងមែនឬ?
- តើនឹងមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ច?
- តើលោកអ្នកនឹងរៀបការដែរឬទេ?
- តើនឹងមានជំងឺបូសកើតឡើងដែរឬទេ?
- តើឪពុករបស់លោកអ្នកនឹងទទួលជឿលើព្រះអម្ចាស់ដែរឬទេ?
- តើលោកអ្នកនឹងមានលុយសម្រាប់បង់ការចំណាយខែក្រោយដែរឬទេ?
លោកអ្នកមានមូលហេតុល្អៗទាក់ទងនឹងការបារម្ភលើចំណុចទាំងអស់នេះ ប៉ុន្តែលោកអ្នកនៅមានមូលហេតុល្អប្រសើរជាងនេះទៅទៀតក្នុងការយកវាទៅកាន់អង្គដែលស្រឡាញ់លោកអ្នកបាន។ ដូចជាទារកម្នាក់ដែលអ្នកម្ដាយឲ្យដើរតាមពីក្រោយគាត់ ដូច្នេះសូម្បីតែចំណុចបញ្ចប់ដ៏ជ្រៅនៃជីវិតក៏មានសុវត្ថិភាពផងដែរ។
៦. ឲ្យ
ជាចុងក្រោយ ចូរឲ្យ។ ប្រព្រឹត្ត ឬក៏និយាយអ្វីមួយដែលមានប្រយោជន៍។ យកចិត្តទុកដាក់លើបុគ្គលណាម្នាក់។ សូមផ្គត់ផ្គង់ ដើម្បីបំពេញតម្រូវការមនុស្ស។
ក្នុងកន្លែងដ៏ងងឹតមួយ ពេលពិភពលោកនេះមានការច្របូកច្របល់យ៉ាងខ្លាំង ពេលមានពួកបាតុកម្មលើផ្លូវ ពេលជីវិតមានការលំបាកយ៉ាងខ្លាំង គឺតែងតែមានរឿងដ៏ត្រឹមត្រូវក្នុងការប្រព្រឹត្តិ។ គឺតែងតែមានរបៀបណាមួយដែលលោកអ្នកអាចប្រគល់ជីវិតរបស់លោកអ្នកចំពោះ [ក្នុងការជួយ]។ ពេលមើលទៅ វាហាក់បីដូចជាបញ្ហាធំធេងណាស់។ លោកអ្នកអាចបារម្ភ បារម្ភ បារម្ភ បារម្ភ។ ប៉ុន្តែ អ្វីដែលព្រះអង្គបានត្រាស់ហៅឲ្យលោកអ្នកធ្វើគឺតូច គឺតូចខ្លាំងមែនទែន។ តែងតែមានអ្វីមួយដែលលោកអ្នកអាចប្រគល់ជីវិតរបស់លោកអ្នកចំពោះ [ក្នុងការជួយ] និងរបៀបណាមួយដែលលោកអ្នកអាចផ្គត់ផ្គង់ឲ្យបាន។ ព្រះយេស៊ូវបានលើកឡើងបន្ថែមទៀតអំពីចំណុចនេះក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៦ ដែលជាខគម្ពីរស៊ីគ្នាចំពោះយើង៖ «ថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។ សូមខ្វល់ខ្វាយតែអំពីបញ្ហាសម្រាប់ថ្ងៃនេះបានហើយ។ សូមគិតអំពីតែភារកិច្ចសម្រាប់ថ្ងៃនេះបានហើយ។ ចូរថ្វាយភាពមិនប្រាកដប្រជានៃថ្ងៃស្អែកទៅកាន់ព្រះវរបិតារបស់លោកអ្នកចុះ។
មតិយោបល់
Loading…