ម៉ាកុស ៣:១-៦៖ «១ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ២ ពួកគេតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ៣ ព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ “ចូរក្រោកឡើង ហើយចេញមកខាងមុខ!” ៤ បន្ទាប់មក ព្រះអង្គសួរគេថា៖ “នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់?” ប៉ុន្តែ គេនៅស្ងៀម។ ៥ ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ “ចូរលាតដៃរបស់អ្នកទៅ!” បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។ ៦ ពួកផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយពួកហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីរកវិធីបំផ្លាញព្រះអង្គ» (ម៉ាថាយ ១២ៈ៩-១៤ លូកា ៦.៦-១១)។
សំណួរដែលព្រះយេស៊ូវបានឆ្លើយគឺថា «នៅថ្ងៃសប្ប័ទ “តើច្បាប់អនុញ្ញាតឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់?”»។
ប្រធានបទស្នូល៖ ដំណើររឿងមួយនេះប្រកាសប្រាប់យើងថា ព័ន្ធកិច្ចដំណឹងល្អនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់មិនមានព្រំដែន សូម្បីតែលើក្រឹត្យវិន័យនៃថ្ងៃសប្ប័ទ។
ទាក់ទងនឹងទីកន្លែង និងពេលវេលាលោក ម៉ាកុស បានសរសេរនៅក្នុងខ១ថា «ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត» ដែលនេះមានន័យថាទីកន្លែងគឺ «ក្នុងសាលាប្រជុំ» ហើយពេលវេលាគឺថ្ងៃឈប់សម្រាក ឬក៏ថ្ងៃសប្ប័ទនៅជំនាន់នោះដែលត្រូវនឹងថ្ងៃសៅរ៍បច្ចុប្បន្ននេះ។ ឃ្លា «ម្តងទៀត» បញ្ជាក់ប្រាប់យើងថា នេះមិនមែនជាលើកដំបូងដែលព្រះយេស៊ូវយាងចូលសាលាប្រជុំនោះទេ ប៉ុន្តែគឺជាទម្លាប់របស់ទ្រង់។ លើកដំបូងគឺនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ១:២១ នៅពេលដែលព្រះអង្គព្យាបាលបុរសដែលមានវិញ្ញាណអាក្រក់ចូល ហើយការនោះក៏បានកើតឡើងនៅថ្ងៃសប្ប័ទដែរ។ ហើយការព្យាបាលដែលយើងកំពុងតែសិក្សាជាមួយគ្នាក្នុងបរិបទថ្ងៃនេះក៏បានកើតឡើងនៅក្នុងសាលាប្រជុំ និងនៅថ្ងៃសប្ប័ទផងដែរ។ អំឡុងពេលនៃថ្ងៃសប្ប័ទគឺចាប់ផ្ដើមនៅពេលដែលថ្ងៃលិចនៅថ្ងៃសុក្ររហូតដល់ថ្ងៃលិចវិញនៅថ្ងៃសៅរ៍។
ប៉ុន្តែ នេះក៏មិនមែនជាលើកដំបូងដែលពួកផារិស៊ី និងអ្នកដឹកនាំសាសនាយូដាបានមកជំទាស់ជាមួយនឹងព្រះយេស៊ូវ ទាក់ទងទៅនឹងប្រធានបទនៃថ្ងៃសប្ប័ទផងដែរ។ លើកដំបូងគឺនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ១:២១ ហើយបន្ទាប់មកនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ២:២៣-២៨ ដែលព្រះយេស៊ូវបានប្រកាសថា «ព្រះបានបង្កើតថ្ងៃសប្ប័ទសម្រាប់មនុស្ស មិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ។ ដូច្នេះ កូនមនុស្សនេះហើយជាម្ចាស់នៃថ្ងៃសប្ប័ទ» (២៧-២៨)។
យើងដឹងហើយថាកណ្ឌគម្ពីរ លោកុប្បត្ដិ ២:១-៣ គឺជាពេលដំបូងដែលព្រះជាម្ចាស់បង្គាប់ឲ្យមានថ្ងៃសប្ប័ទ ហើយក៏បានបញ្ជាឲ្យរក្សាទុកថ្ងៃសម្រាកនោះនៅក្នុងកណ្ឌគម្ពីរ និក្ខមនំ ១៦:២៦, ២៩; ២០:៨-១១ និងចោទិយកថា ៥។
ពួកផារិស៊ីបានបង្កើតច្បាប់ជាច្រើនបន្ថែមទៀតក្នុងការបកស្រាយការរក្សាទុកថ្ងៃសម្រាក។ មានសៀវភៅមួយមានចំណងជើងជាភាសាអង់គ្លេស Talmud ដែលក្នុងសៀវភៅនោះមាន២៤ជំពូក ទាក់ទងទៅនឹងការកាត់ស្រាយថ្ងៃសប្ប័ទ។ មានគ្រូម្នាក់បានលើកឡើងថា គាត់បានចំណាយពេលអស់រយៈពីរឆ្នាំកន្លះក្នុងការសិក្សាតែមួយជំពូក ដើម្បីឲ្យយល់ឲ្យបានល្អិតល្អន់។ ឧទាហរណ៍៖ បុគ្គលម្នាក់អាចធ្វើដំណើរបានត្រឹមតែ ១៨២៨ ម៉ែត្រ ឬក៏ស្មើទៅនឹង ២៣៩៩ ជំហាន។ នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ៥ យើងឃើញថា ពួកផារិស៊ីបានថែមច្បាប់មិនឲ្យបុគ្គលដែលបានឈឺអស់រយៈពេល ២៨ ឆ្នាំ ដើរដោយកាន់កន្ទេលរបស់គាត់ថែមទៀតផង។
មានច្បាប់ដូចជាថា ប្រសិនបើគាត់យកផ្លែអូលីវមកញាំដាក់នៅក្នុងមាត់ទាំងមូលហើយខ្ជាក់ចេញវិញដោយសារវាល្វីង នោះគាត់មិនអាចដាក់ទៅក្នុងមាត់វិញបានទេ ពីព្រោះវាបង្ហាញថា អណ្ដាតរបស់យើងបានធ្វើការរួចស្រេចទៅហើយ។ ហើយប្រសិនបើបោះរបស់អ្វីមួយទៅខាងលើ នោះមិនអាចចាប់ដៃផ្សេងបានទេ ព្រោះជាអំពើបាប ឬក៏ការដែលងូតទឹកក៏មិនអាចងូតបានដែរព្រោះ ទឹកដែលហូរអាចនឹងសម្អាតក្ដារ ឬក៏ថ្ម ឬក៏ដីដែលយើងកំពុងឈរលើ។ ក៏ដូចជាជាងដេរមិនអាចកាន់ម្ជុលដេរបាន សិស្សមិនអាចកាន់ប៊ិច គ្រូមិនអាចកាន់សៀវភៅបាន ហើយមានច្បាប់ច្រើនទាក់ទងទៅនឹង ស្រា ទឹកឃ្មុំ ទឹកដោះគោ ឬក៏ទាក់ទងទៅនឹងសូម្បីតែការស្ដោះទឹកមាត់ ក៏ពួកគាត់មានបន្ថែមច្បាប់ថាថ្ងៃសប្ប័ទ គួរធ្វើអ្វី ហើយមិនគួរធ្វើអ្វីបានដែរ ឬទាក់ទងនឹងការនិពន្ធសៀវភៅ ឬក៏ការបោកខោអាវ។ល។
តាមរយៈការមានព័ត៌មាននេះ នោះយើងអាចយល់អំពីមូលហេតុដែលពួកផារិស៊ីកំពុងតែដាក់ «បុរសម្នាក់ស្វិតដៃម្ខាង» ដើម្បីល្បងលមើលថា “តើព្រះអង្គនឹងធ្វើដូចម្ដេច?”។ យើងដឹងថា ពួកគេកំពុងតែល្បងល ឬក៏ព្យាយាមបង្ករឿង ឬក៏រករឿងព្រះយេស៊ូវ ពីព្រោះនៅក្នុងខ២បានប្រាប់យើងថា «ពួកគេតាមមើលព្រះអង្គ»។ ពាក្យ «តាមមើល» ត្រង់នេះក្នុងអត្ថន័យដើមគឺកំពុងតែផ្ដោតទៅលើការព្យាយាមរករឿង ដោយដាក់បញ្ហានៅពីមុខ ឬក៏បង្កើតជាស្ថានភាពនៃកាលៈទេសៈណាមួយ ដើម្បីអាចបង្កចេញជារឿងរ៉ាវបាន។
យើងកាន់តែដឹងថា ពួកគេកំពុងតែព្យាយាមរករឿងព្រះយេស៊ូវ ពីព្រោះចុងខ២បានបញ្ចប់ដូចនេះ «ក្រែងលោព្រះអង្គប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ»។ ពួកគេកំពុងតែតាមមើលព្រះយេស៊ូវ «ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ»។ នេះពិតជាគួរឲ្យសោកស្តាយណាស់ ពីព្រោះពួកគេបានយក «បុរសស្វិតដៃនោះ» (ខ៣) មកធ្វើជានុយ។ បើយើងគិតទៅ ពួកគេគួរតែចង់ឃើញព្រះយេស៊ូវព្យាបាលបុរសម្នាក់នេះ ដើម្បីឲ្យគាត់អាចបន្តធ្វើការចិញ្ចឹមជីវិតជីវ៉ាបន្តទៀត និងគ្រួសាររបស់គាត់ ប៉ុន្តែពួកគេបែរជាយកឱកាសនេះ ដើម្បីចង់ចោទប្រកាន់ព្រះយេស៊ូវទៅវិញ។ យើងមិនដឹងពិតប្រាកដ ប៉ុន្តែប្រវត្តិវិទូមួយចំនួនបានសន្មតថា បុរសម្នាក់នេះទំនងជាមេជាងសំណង់ថ្ម នៅសម័យនោះ ដែលត្រូវការប្រើប្រាស់ដៃ ដែលស្វិតរបស់គាត់ ដែលជាដៃស្ដាំ ដើម្បីរកស៊ី។
ដោយសារព្រះអង្គជ្រាបថា ពួកគេកំពុងតែចង់រករឿងព្រះអង្គ ហេតុដូច្នេះហើយបានជាទ្រង់មានព្រះបន្ទូលថា៖ «ចូរក្រោកឡើង ហើយចេញមកខាងមុខ!»។ ក្នុងភាសាដើម ឃ្លានេះសំដៅទៅលើការដែលព្រះអង្គបង្គាប់ឲ្យបុរសម្នាក់នោះមកឈរនៅ «កណ្ដាលទីកន្លែងប្រជុំ» មូលហេតុគឺដើម្បីឲ្យទាំងអស់គ្នាអាចឃើញអ្វីដែលទ្រង់កំពុងតែត្រៀមនឹងធ្វើ។ ហើយអ្វីដែលព្រះអង្គកំពុងរៀបនឹងធ្វើគឺ ដើម្បីប្រកាសប្រាប់យើងថា ព័ន្ធកិច្ចដំណឹងល្អនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់មិនមានព្រំដែន សូម្បីតែលើក្រឹត្យវិន័យនៃថ្ងៃសប្ប័ទ។ មិនមានព្រំដែនយ៉ាងដូចម្ដេច? មិនមានព្រំដែនត្រង់ថាព័ន្ធកិច្ចរបស់ទ្រង់គឺ ដើម្បីប្រកាសអំពី «ពេលវេលាបានសម្រេចហើយ ឯព្រះរាជ្យរបស់ព្រះក៏មកជិតបង្កើយ ដូច្នេះចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ» (ម៉ាកុស ១:១៤-១៥)។
ចាប់តាំងពីដើមព័ន្ធកិច្ចរបស់ទ្រង់គឺ ដើម្បីប្រកាសអំពីសេចក្ដីសង្គ្រោះ។ ហេតុដូច្នេះហើយបានជានៅក្នុងខ៤ព្រះអង្គមានបន្ទូលដូចតទៅ៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់?»។ ដែលត្រង់នេះព្រះអង្គចង់មានន័យថា ប្រសិនបើព្រះអង្គចង់រក្សាថ្ងៃសប្ប័ទ នោះទ្រង់ត្រូវតែ «ធ្វើអាក្រក់ ឬក៏សម្លាប់» ដែលនេះបង្ហាញថា ច្បាប់របស់ពួកផារិស៊ីគ្មានសេចក្ដីមេត្តាករុណាឡើយ។ ប៉ុន្តែ ប្រសិនបើព្រះអង្គមិនចង់រក្សាថ្ងៃសប្ប័ទ នោះទ្រង់ត្រូវតែ «សង្គ្រោះជីវិត» ដោយព្យាបាលបុរសស្វិតដៃម្ខាងម្នាក់នេះ។
«ប៉ុន្តែ» ចម្លើយរបស់ពួកគេគឺថា «គេនៅស្ងៀម»។ ការនៅស្ងៀមមួយនេះមិនមែនមានន័យថា ពួកគេមិនដឹងចម្លើយនោះទេ ប៉ុន្តែមានន័យថា ពួកគេមានចិត្តរឹងរូស។ ពួកគេដឹងអំពីចំណុចត្រឹមត្រូវដែលខ្លួនគួរធ្វើ ប៉ុន្តែពួកគេបែរជាធ្វើមិនដឹងដោយនៅស្ងៀម។
បងប្អូន! យើងដឹងថា ពួកគេមានចិត្តរឹងរូស ពីព្រោះនៅក្នុងដើមខ៥ និងខ៦មានចែងដូចតទៅ៖ «ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ…ពួកផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយពួកហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីរកវិធីបំផ្លាញព្រះអង្គ»។
ជាដំបូង ព្រះយេស៊ូវបានលើកឡើងអំពីចិត្តរឹងរូសរបស់ពួកគេ ហើយបន្ទាប់មកយើងក៏ឃើញអំពីការឆ្លើយតបរបស់ពួកគេត្រង់ថា ពួកគេរកវិធីសាស្ត្រដើម្បី «បំផ្លាញព្រះអង្គ» ចោល។
ខ្ញុំចង់ចាកប្រធានបទបន្តិចដោយលើកឡើងថា ការខឹង ឬក៏ការ «ក្រោធ» មានពីរប្រភេទ៖ ១) ការខឹងដោយបរិសុទ្ធឬក៏សុចរិត និង២) ការខឹងដោយមិនបរិសុទ្ធឬក៏មិនសុចរិត។ នៅក្នុងបរិបទនេះ យើងដឹងថា ព្រះយេស៊ូវមានសេចក្ដីក្រោធដោយបរិសុទ្ធ ពីព្រោះព្រះអង្គមិនអាត្មានិយមដូចពួកផារិស៊ីដែលគ្មានសេចក្ដីមេត្តាករុណា ហើយប្រើប្រាស់បុរសម្នាក់នេះធ្វើជានុយ ដើម្បីរកកំហុសចោទប្រកាន់ព្រះយេស៊ូវនោះទេ។
សេចក្ដីក្រោធបែបនេះក៏បានកើតឡើងនៅពេលដែលព្រះអង្គសម្អាតព្រះវិហារ ដោយបណ្ដេញអ្នកលក់ដូរចេញ នឹងផ្កាប់តុអ្នកដូរលុយ (ម៉ាថាយ ២១:១២-១៣)។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់យើងដឹងថា កំហឹងរបស់លោក ម៉ូសេ សុចរិត ឬក៏បរិសុទ្ធនៅពេលដែលគាត់បំបែកផ្ទាំងថ្មក្រឹត្យវិន័យ ដែលព្រះអង្គបានប្រទានឲ្យសាសន៍អ៊ីស្រាអែល បន្ទាប់ពីគាត់បានចុះពីលើភ្នំស៊ីណាយនៅក្នុងកណ្ឌគម្ពីរ និក្ខមនំ ៣១-៣២ ពីព្រោះគាត់ខឹងសាសន៍អ៊ីស្រាអែលត្រង់ថា ពួកគេបានថ្វាយបង្គំរូបព្រះក្លែងក្លាយ។
ដូចគ្នាផងដែរ ព្រះយេស៊ូវមានសេចក្ដីក្រោធត្រង់នេះចំពោះពួកផារិស៊ី ពីព្រោះពួកគេមិនចង់ឃើញព្រះអង្គព្យាបាលបុរសដែលមានដៃស្វិតម្ខាងនេះ ដោយសារពួកគេចង់រក្សាច្បាប់នៃថ្ងៃសម្រាកជាជាងសង្គ្រោះជីវិត។ ផ្ទុយពីពួកផារិស៊ី យើងឃើញថា ព័ន្ធកិច្ចដំណឹងល្អនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់មិនមានព្រំដែន សូម្បីតែលើក្រឹត្យវិន័យនៃថ្ងៃសប្ប័ទត្រង់ថា នៅក្នុងចុងខ៥ ព្រះអង្គបានមានព្រះបន្ទូលទៅបុរសនោះថា៖ «“ចូរលាតដៃរបស់អ្នកទៅ!” បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម»។
វាពិតជាអស្ចារ្យខ្លាំងណាស់ ព្រះយេស៊ូវមិនបានរក្សាថ្ងៃសប្ប័ទ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យក្នុងការសង្គ្រោះជីវិតដោយត្រង់នេះយើងឃើញថា ព្រះអង្គបានព្យាបាលបុរសដែលមានដៃស្វិតម្ខាងនោះឲ្យ «បានជាដូចដើម»។ ទង្វើនៃការព្យាបាលមួយនេះរបស់ព្រះយេស៊ូវបានញែកទ្រង់ចេញពីពួកផារិស៊ី។ ជម្លោះទី៦នេះគឺកំពុងតែផ្ដោតទៅលើសេចក្ដីប្រកាសដំណឹងល្អនៃព័ន្ធកិច្ចរបស់ព្រះអង្គ មិនមែនលើការកាត់ស្រាយខុសៗគ្នាទាក់ទងទៅនឹងក្រឹត្យវិន័យនៃថ្ងៃសប្ប័ទត្រង់ថា យើងគួរធ្វើ ឬក៏មិនធ្វើអ្វីនោះទេ។
ហើយការនៅស្ងៀមរបស់ពួកផារិស៊ី និងការឆ្លើយតបរបស់ពួកគេបានបង្ហាញថា ពួកគេក៏បានបដិសេធសេចក្ដីប្រកាសដំណឹងល្អនៃព័ន្ធកិច្ចរបស់ព្រះយេស៊ូវរួចស្រេចទៅហើយ។ តាមពិតទៅ តាមរយៈការបញ្ចប់ជម្លោះមួយនេះគឺលោក ម៉ាកុស កំពុងតែផ្ដល់ជាតម្រុយដល់យើងថា នៅចុងបញ្ចប់ព្រះយេស៊ូវនឹងត្រូវបានពួកគេបដិសេធ ហើយសម្លាប់ចោលដូចដែលមានចែងអំពីព្រះមេស្ស៊ីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលព្រះអង្គបានយាងមក ដើម្បីនឹងបំពេញទំនាយទាំងនោះ។
សរុបសេចក្ដីទៅ បងប្អូន! ព័ន្ធកិច្ចដំណឹងល្អនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់មិនមានព្រំដែនទេ សូម្បីតែលើក្រឹត្យវិន័យនៃថ្ងៃសប្ប័ទក៏គ្មានដែរ។
ដូច្នេះ តើយើងបានទទួលសេចក្ដីសង្គ្រោះរបស់ទ្រង់ហើយឬនៅ? មិនថាយើងស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ព្រះអង្គនៅតែមានអំណាចក្នុងការសង្គ្រោះយើងបានផងដែរ។ ដូចដែលយើងបានឃើញហើយថា ព្រះអង្គបានត្រាស់ហៅ ហើយសង្គ្រោះលោក លេវី ហើយបន្ទាប់មកបានទៅចូលរួមពិធីជប់លៀងនៅឯផ្ទះរបស់គាត់ ដែលក្នុងភ្នែកប្រពៃណីគឺកំពុងតែបញ្ជាក់ថា ទ្រង់កំពុងតែមានទំនាក់ទំនងជាមួយនឹងមនុស្សបាតសង្គម ដែលសង្គមមិនឲ្យតម្លៃ។
ព្រះអង្គជា «កូនមនុស្ស» ដែល «ជាម្ចាស់នៃថ្ងៃសប្ប័ទ» (២:២៨) ហើយក្នុងទ្រង់យើងក៏អាចទទួលបានសេចក្ដីសង្គ្រោះនេះផងដែរ។ ដូច្នេះ សូមបើកមាត់ដោយ «ប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្គ្រោះដោយមាត់ប្រកាសប្រាប់» (រ៉ូម ១០:៩-១០)។
គំនិតគោលមកពី៖ លោកគ្រូ Guelich, R. A. (ឆ្នាំ ១៩៨៩). ម៉ាកុស ១-៨:២៦ (Vol. 34A, ទំព័រទី១៤០). Dallas: Word, Incorporated។
មតិយោបល់
Loading…