ម៉ាកុស ៤:១ «១ ព្រះអង្គចាប់ផ្ដើមបង្រៀននៅមាត់សមុទ្រម្តងទៀត ហើយមានបណ្ដាជនច្រើនកុះករជួបជុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងចុះទៅគង់លើទូក ក្នុងសមុទ្រ ហើយបណ្ដាជនទាំងអស់ នៅលើគោក តាមមាត់សមុទ្រ»។
ក្នុងខ១ យើងឃើញថាលោក ម៉ាកុស បានប្រាប់យើងអំពីទីកន្លែងដែលព្រះយេស៊ូវបាន «ចាប់ផ្ដើមបង្រៀន» គឺនៅ «មាត់សមុទ្រ» ហើយគាត់បានបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេដោយប្រើពាក្យ «ម្ដងទៀត»។ ក្នុងជំពូកមុនៗដែលយើងបានសិក្សាជាមួយគ្នា យើងឃើញថា «សមុទ្រ» មួយនេះគឺតាមពិតទៅសំដៅទៅលើបឹងកាលីឡេ។
ទាក់ទងនឹងពេលវេលា យើងមិនបានដឹងប្រាកដទេ។ ទាក់ទងទៅនឹងអស់អ្នកដែលព្រះអង្គកំពុងបង្រៀនគឺ «បណ្ដាជនច្រើនកុះករ [ដែលបានមក] ជួបជុំគ្នានៅជុំវិញព្រះអង្គ»។ ហើយនេះក៏មិនមែនជាលើកដំបូងដែរ ដែលមានមនុស្សជាច្រើនមករកព្រះអង្គ។ យើងឃើញថា គេធ្លាប់ទៅរកព្រះអង្គនៅឯផ្ទះរបស់លោក ស៊ីម៉ូន-ពេត្រុស ក្នុងជំពូកមុនៗ។
ខណៈពេលដែលមហាជនកំពុងតែចោមរោមព្រះយេស៊ូវលោក ម៉ាកុស ក៏បានប្រាប់យើងថា «ព្រះអង្គក៏យាងចុះទៅគង់លើទូក»។ មូលហេតុគឺពីព្រោះមានមនុស្ស «កុះករ» ច្រើនពេកនៅជុំវិញទ្រង់។ ហើយមូលហេតុមួយទៀតគឺពីព្រោះនៅឆ្នេរសមុទ្រ ដូចដែលព្រះអង្គបានចុះទៅក្នុងទូកគឺប្រៀបដូចជាទីលានបញ្ចាំងល្ខោនមួយត្រង់ថា ពេលដែលព្រះអង្គមានព្រះបន្ទូល នោះទឹកសមុទ្រ ហើយនិងចំណោតនៃបឹងនឹងបង្កបង្កើតឲ្យសំឡេងរបស់ព្រះអង្គកាន់តែឮខ្លាំងឡើងៗនៅពេលដែលព្រះអង្គបង្រៀន ពីព្រោះនៅសម័យនោះមិនទាន់មានមេក្រូហ្វូន ឬក៏ធុងបាសនៅឡើយទេ ប៉ុន្តែការឈរនៅឯឆ្នេរសមុទ្រ ឬក៏នៅក្នុងទូកពេលកំពុងបង្រៀន ដូចដែលព្រះយេស៊ូវកំពុងតែធ្វើគឺជារបៀបមួយនៃការបង្រៀន ដើម្បីឲ្យមានសំឡេងខ្លាំង ពេលដែលកំពុងមាន «មហាជនច្រើន» ដូចដែលព្រះអង្គកំពុងតែជួបប្រទះនៅក្នុងខគម្ពីរមួយនេះ។
ម៉ាកុស ៤:២-៩៖ «២ ព្រះអង្គចាប់ផ្ដើមបង្រៀនពីសេចក្តីជាច្រើនដល់ពួកគេជារឿងប្រៀបធៀប ហើយនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលទៅគេថា៖ ៣ “ចូរស្តាប់! មានបុរសម្នាក់ ចេញទៅព្រោះពូជ។ ៤ ពេលគាត់ព្រោះ មានពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបហើរមកចឹកស៊ីពូជនោះអស់ទៅ។ ៥ មានពូជខ្លះធ្លាក់ទៅលើកន្លែងមានថ្ម ដែលមិនសូវមានដី ហើយពូជនោះក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ ៦ លុះថ្ងៃរះឡើង វាក៏ក្រៀមស្វិតអស់ទៅ ព្រោះគ្មានឫស។ ៧ ពូជខ្លះទៀត ធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត មិនឲ្យកើតផលបាន។ ៨ តែពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផល ក៏ចម្រើនឡើង រួចឲ្យផល ខ្លះបានមួយជាសាមសិប ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាមួយរយ។” ៩ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ “អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!”»។
ជាបន្ទាប់ នៅពេលដែល «ព្រះអង្គចាប់ផ្ដើមបង្រៀនពីសេចក្ដីជាច្រើន» គឺលោក ម៉ាកុស កំពុងតែផ្ដោតលើថា ព្រះអង្គកំពុងតែបង្រៀនអំពីដំណឹងល្អ អំពីព្រះរាជនគររបស់ព្រះជាម្ចាស់ ដូចដែលមានចែងក្នុងកណ្ឌគម្ពីរ ម៉ាកុស ១:១៤-១៥។ អ្វីដែលខុសគ្នាពីលើកមុនៗនៅពេលដែលព្រះអង្គបង្រៀនគឺត្រង់ថា ពេលនេះព្រះអង្គបង្រៀន «ជារឿងប្រៀបធៀប»។ អ្វីៗដែលព្រះអង្គបង្រៀនគឺសុទ្ធតែទាក់ទងទៅនឹងមហាបេសកកម្មដំណឹងល្អ ពោលគីគ្រប់អ្វីៗទាំងអស់ត្រូវតែសហការគ្នា ដើម្បីបំពេញមហាបេសកកម្មរបស់ព្រះជាម្ចាស់។
ប្រភេទដី
យើងអាចសង្ខេបអំពីប្រភេទដីដែលគ្រាប់ពូជបានធ្លាក់លើដូចតទៅ៖ ពូជខ្លះធ្លាក់…
១. តាមផ្លូវ
២. លើថ្ម
៣. ក្នុងគុម្ពបន្លា
៤. លើដីល្អ
ក. បានផលជា៣០
ខ. បានផលជា៦០
គ. បានផលជា១០០
ក្នុងពូជទី១ យើងឃើញថា «សត្វស្លាបហើរមកចឹកស៊ី»។ ក្នុងពូជទី២៖ «មិនសូវមានដី ហើយពូជនោះក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ លុះថ្ងៃរះឡើង វាក៏ក្រៀមស្វិតអស់ទៅ ព្រោះគ្មានឫស»។ ក្នុងពូជទី៣៖ «បន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត មិនឲ្យកើតផលបាន»។ ក្នុងពូជទី៤ដែលបាន «ធ្លាក់ទៅលើដីល្អ» ហើយក៏ «ដុះឡើងបង្កើតផល ក៏ចម្រើនឡើង រួចឲ្យផល ខ្លះបានមួយជាសាមសិប ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាមួយរយ»។
ប្រៀបធៀប
ពាក្យ «ប្រៀបធៀប» ត្រង់នេះផ្ដោតទៅលើការរៀបរាប់អំពីសេចក្ដីមួយដោយមានការប្រៀបប្រដូចទៅនឹងសេចក្ដីមួយផ្សេងទៀត។ ជាការឧបមាអំពីរឿងមួយ ដើម្បីពន្យល់អំពីរឿងមួយទៀត។ ក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូលមានរឿងប្រៀបធៀបប្រមាណ៦០រឿង ដែលភាគច្រើនមាននៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ និងកណ្ឌគម្ពីរ លូកា ហើយខ្លះនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ក៏ប៉ុន្តែមិនមាននៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ទេ។ ខ្ញុំចង់ចង្អុលបង្ហាញថា ព្រះយេស៊ូវមិនមែនជាអង្គដែលបង្កើតរឿងប្រៀបធៀបមុនគេបង្អស់នៅក្នុងព្រះគម្ពីរនោះទេ។ តាមពិតទៅ ព្រះគម្ពីរសញ្ញាចាស់មានប្រើប្រាស់របៀបបង្រៀនបែបនេះជាច្រើនលើកច្រើនសាររួចហើយ ដែលមានដូចជានៅក្នុងដំណើររឿងរបស់ស្ដេច ដាវីឌ ជាមួយនឹងនាង បាតសេបា ក្នុងកណ្ឌគម្ពីរ ២សាំយូអែល ១១។ ហើយពួកហោរាមួយចំនួន (ទាំងហោរាតូច និងហោរាធំ) ក៏បានប្រើប្រាស់របៀបបង្រៀនបែបនោះផងដែរ ឧទាហរណ៍៖ កណ្ឌគម្ពីរ អេសេគាល ១៧។
គោលបំណងនៃរឿងប្រៀបធៀប
របៀបនៃការបង្រៀនបែប «ប្រៀបធៀប» គឺត្រូវបានរចនាឡើង ដើម្បីជាការបើកសម្ដែង ឬជាការលាក់បាំងសេចក្ដីណាមួយ។ យើងដឹងអំពីចំណុចនេះ ពីព្រោះនៅក្នុងខ១១-១២៖ «១១ ព្រះអង្គមានព្រះបន្ទូលថា៖ “ព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជ្យរបស់ព្រះអង្គ ប៉ុន្តែសម្រាប់ពួកអ្នកខាងក្រៅ អ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញ ១២ ដើម្បីឲ្យគេមើលមែន តែមិនឃើញ ហើយឲ្យគេស្ដាប់មែន តែមិនយល់ ក្រែងគេវិលបែរមករកព្រះវិញ ហើយទទួលបានការអត់ទោស”។» ក្នុងខគម្ពីរទាំងនេះ ព្រះអង្គកំពុងតែដកស្រង់ចេញពីកណ្ឌគម្ពីរ អេសាយ ៦:៩-១០។
ព្រះអង្គបានបង្គាប់អស់អ្នកដែលទ្រង់កំពុងតែបង្រៀនថាឲ្យ «ចូរស្តាប់!» នៅក្នុងខ៣ ហើយបន្ទាប់មកនៅក្នុងខ៩ «ព្រះអង្គមានព្រះបន្ទូលថា៖ “អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!”»។ ចំណុចសំខាន់៖ គឺដើម្បីឲ្យយើងអាចយល់អំពីរឿងប្រៀបធៀបមួយនេះបាន ក៏ដូចជារឿងប្រៀបធៀបនានា នៅក្នុងកណ្ឌគម្ពីរទាំងមូលបាន ដាច់ខាតយើងត្រូវតែចាប់ផ្ដើមដោយ «ស្ដាប់»។ ការបង្គាប់ឲ្យស្ដាប់មួយនេះគឺមិនមែនគ្រាន់តែឲ្យឮពីត្រចៀកមួយ ហើយចេញទៅត្រចៀកមួយទៀតនោះទេ ប៉ុន្តែគឺជាការដែលយើងផ្ចង់ចិត្តគំនិត ដើម្បីឲ្យយល់អំពីនោះអត្ថន័យបាន។
នេះហើយជាមូលហេតុដែលលោក ម៉ាកុស បកស្រាយអំពីគោលបំណងនៃរឿងប្រៀបធៀបនៅក្នុងខ៣-៨ ដោយចំណាយ១០ខក្នុងការពន្យល់។ តាមពិតទៅ ក្នុងកណ្ឌគម្ពីរម៉ាកុសទាំងអស់ មានតែកន្លែងមួយទៀតទេ ក្រៅពីខប៉ុន្មាននេះដែលលោក ម៉ាកុស បានរៀបរាប់យ៉ាងក្បោះក្បាយគឺ ម៉ាកុស ១៣។ ដូចដែលយើងដឹងហើយថា កណ្ឌគម្ពីរម៉ាកុសគឺប្រៀបដូចជាកាសែត ឬក៏ទស្សនាវដ្ដីមួយដែលសង្ខេបអំពីដំណើររឿងនៃព្រះជន្មរបស់ព្រះយេស៊ូវ និងព័ន្ធកិច្ចដែលទ្រង់បានធ្វើនៅលើផែនដីនេះ។ ហេតុដូច្នេះហើយបានជាកណ្ឌគម្ពីរម៉ាកុសមានជំពូកតិចជាងកណ្ឌគម្ពីរដំណឹងល្អនានា។
មូលហេតុដែលគាត់ចំណាយពេលជាច្រើនក្នុងការពន្យល់រឿងប្រៀបធៀបមួយនេះ ពីព្រោះប្រសិនបើយើងមិនអាចយល់អំពីអត្ថន័យនៃរឿងប្រៀបធៀបមួយនេះបាននោះទេ នោះយើងក៏នឹងមិនអាចយល់រឿងប្រៀបធៀបផ្សេងៗទៀតបានផងដែរ។
ម៉ាកុស ៤:១០៖ «កាលព្រះអង្គគង់នៅដោយឡែកពីបណ្ដាជន អស់អ្នកដែលនៅជុំវិញព្រះអង្គ ជាមួយអ្នកទាំងដប់ពីរ ទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនោះ។»
មកដល់ខ១០ យើងមិនដឹងថា ពេលវេលាបានកន្លងផុតយូរប៉ុណ្ណានោះទេបន្ទាប់ពីខ៩ ប៉ុន្តែយើងដឹងថាលោក ម៉ាកុស កំពុងតែរៀបរាប់អំពីទីកន្លែងថ្មីមួយទៀត ទោះបើគាត់មិនបានបញ្ជាក់ក៏ដោយ។ «កាលព្រះអង្គគង់នៅដោយឡែកពីបណ្ដាជន» ដែលអ្នកស្ដាប់គឺមិនមែនជា «អស់អ្នកដែលនៅជុំវិញព្រះអង្គ» ដែលនោះសំដៅលើមហាជននៅក្នុងខ១ ប៉ុន្តែគឺ «អ្នកទាំងដប់ពីរ» ដែលនេះដូចដែលយើងដឹងហើយថា គឺកំពុងតែសំដៅទៅលើពួកសិស្សទាំង១២នាក់របស់ព្រះអង្គ ដែលទ្រង់បានត្រាស់ហៅ។
លោក ម៉ាកុស បានប្រាប់យើងនៅក្នុងខ១៣ និងខបន្តបន្ទាប់ដូចតទៅ៖
«១៣ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ “តើអ្នករាល់គ្នាមិនយល់រឿងប្រៀបធៀបនេះទេឬ? ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងរឿងប្រៀបធៀបបាន? ១៤ អ្នកព្រោះពូជ គឺព្រោះព្រះបន្ទូល ១៥ មនុស្សខ្លះប្រៀបបាននឹងដីផ្លូវ ដែលព្រះបន្ទូលព្រោះចុះទៅ កាលគេឮ អារក្សសាតាំងក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភ្លាម។ ១៦ មនុស្សខ្លះទៀត ប្រៀបបាននឹងដីមានថ្ម ដែលពូជធ្លាក់លើ។ កាលគេឮព្រះបន្ទូល គេទទួលភ្លាមដោយអំណរ ១៧ តែមិនចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺនៅជាប់តែមួយរយៈខ្លីប៉ុណ្ណោះ លុះពេលកើតមានទុក្ខលំបាក ឬការបៀតបៀនចូលមក ដោយព្រោះព្រះបន្ទូល គេក៏បោះបង់ចោលភ្លាម។ ១៨ មនុស្សខ្លះទៀតប្រៀបបាននឹងគុម្ពបន្លាដែលពូជព្រោះចុះទៅ។ អ្នកទាំងនេះគឺជាពួកអ្នកដែលឮព្រះបន្ទូល ១៩ តែការខ្វល់ខ្វាយអំពីជីវិតនេះ ចិត្តលោភចង់បានទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នាផ្សេងៗដទៃទៀតចូលមក ក៏ខ្ទប់ព្រះបន្ទូលជិត មិនឲ្យបង្កើតផលបានឡើយ។ ២០ ប៉ុន្តែ មនុស្សខ្លះទៀតប្រៀបបាននឹងដីល្អដែលពូជព្រោះចុះទៅ។ គេឮព្រះបន្ទូលហើយទទួលយក រួចបង្កើតផល ខ្លះបានមួយជាសាមសិប ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាមួយរយ»។
តើអ្នកជាដីប្រភេទណា?
ព្រះយេស៊ូវបានប្រាប់យើងថា «អ្នកព្រោះពូជ» គឺជាអ្នក «ព្រោះ [ / ឬក៏ជាអ្នកប្រកាស] ព្រះបន្ទូល»។ ហើយ «មនុស្ស» គឺ «ប្រៀបបាននឹងដី» ផ្សេងៗ។ ដូច្នេះ សំណួរដែលខ្ញុំចង់ឲ្យអ្នកព្យាយាមឆ្លើយ ខណៈពេលដែលយើងបន្តសិក្សាជាមួយគ្នាគឺសួរខ្លួនឯងថា៖ «តើអ្នកជាដីប្រភេទណា?»។
ដីតាមផ្លូវ
ក្នុងខ១៥ ព្រះយេស៊ូវបានបកស្រាយអំពីដីតាមផ្លូវ «ដែលព្រះបន្ទូលព្រោះចុះទៅ កាលគេឮ អារក្សសាតាំងក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភ្លាម»។ តើអ្នកជាប្រភេទមនុស្សដែលអារក្សសាតាំងមកឆក់យកព្រះបន្ទូល បន្ទាប់ពីបានឮមែនឬ? នេះប្រៀបដូចជាពេលដែលចាស់ៗធ្លាប់និយាយថា៖ «វាស្ដាប់ តែវាមិនឮ ឬក៏ចូលត្រចៀកមួយ ហើយចេញតាមត្រចៀកមួយទៀតបាត់ហើយ»។ មនុស្សប្រភេទនេះគឺជាមនុស្សដែលបោះបង់ព្រះយេស៊ូវចោល ដោយត្រឡប់ទៅថ្វាយបង្គំអារក្សសាតាំងវិញ បន្ទាប់ពីពេលដែលគេទើបតែបានងក់ក្បាល ដោយទទួលជឿនូវអ្វីដែលយើងកំពុងតែបង្រៀន ប៉ុន្តែដោយសារមានការចាក់ចុចអំពីនេះ ឬក៏នោះទាក់ទងទៅនឹងជីវិតរបស់ពួកគេ នោះពួកគេក៏ត្រឡប់ទៅរកធាតុដើមវិញ។ ខ្ញុំស្គាល់បុគ្គលម្នាក់ដែលធ្លាប់ប្រាប់ខ្ញុំថា គាត់បានចំណាយពេលជាច្រើនក្នុងការរៀនសូត្រអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ មុនគាត់ទទួលពិធីជ្រមុជទឹក ប៉ុន្តែវាពិតជារឿងគួរឲ្យសោកស្តាយណាស់ដោយគាត់បានទៅរកគ្រូទាយ បន្ទាប់ពីគាត់បានឮអ្នកជិតខាងនិយាយនេះនោះទាក់ទងនឹងកាលៈទេសៈដែលគាត់កំពុងតែស្ថិតក្នុង។
ដីដែលមានថ្ម
ទាក់ទងទៅនឹងដីដែលមានថ្ម ព្រះយេស៊ូវបានពន្យល់ថា «កាលគេឮព្រះបន្ទូល គេទទួលភ្លាម ដោយអំណរ តែមិនចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺនៅជាប់តែមួយរយៈខ្លីប៉ុណ្ណោះ លុះពេលកើតមានទុក្ខលំបាក ឬការបៀតបៀនចូលមក ដោយព្រោះព្រះបន្ទូល គេក៏បោះបង់ចោលភ្លាម»។ តើបងប្អូនជាប្រភេទមនុស្សដែលពេលឮព្រះបន្ទូល ហើយទទួលយកភ្លាមដោយមានអំណរ ប៉ុន្តែមិនបានចាក់ឫស ដោយគ្រាន់តែនៅជាប់តែមួយរយៈខ្លីមែនឬ? បងប្អូន! មនុស្សបែបនេះគឺជាមនុស្សដែល «បោះបង់» ព្រះបន្ទូលចោលនៅពេលដែល «មានទុក្ខលំបាក ឬក៏ការបៀតបៀន» កើតឡើងនៅក្នុងជីវិតរបស់ពួកគេ ដោយសារពួកគេជឿព្រះយេស៊ូវ។ តើបងប្អូនជាមនុស្សដែលមានចិត្តងាយក្នុងការបោះបង់ព្រះយេស៊ូវចោលនៅពេលដែលមានទុក្ខលំបាក ឬក៏ការបៀតបៀនមែនឬ? តាមពិតទៅ ទុក្ខលំបាក ឬក៏ការបៀតបៀនគឺជារបៀបមួយរបស់ព្រះជាម្ចាស់ក្នុងការចម្រាញ់ និងជម្រុះអ្នកជឿពិត ឬក៏មិនពិតចោលពីក្រុមជំនុំរបស់ទ្រង់។
ដីដែលមានគុម្ពបន្លា
ខ១៨ប្រាប់យើងអំពីប្រភេទមនុស្សដែល «ប្រៀបបាននឹងគុម្ពបន្លា»។ មនុស្សបែបនេះ «គឺជាពួកអ្នកដែលឮព្រះបន្ទូល តែការខ្វល់ខ្វាយអំពីជីវិតនេះ ចិត្តលោភចង់បានទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នាផ្សេងៗដទៃទៀតចូលមក ក៏ខ្ទប់ព្រះបន្ទូលជិត មិនឲ្យបង្កើតផលបានឡើយ»។ តើបងប្អូនជាមនុស្សដែល «ខ្វល់ខ្វាយអំពីជីវិតនេះ» មែនឬ? «ចិត្តលោភចង់បានទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នាផ្សេងៗដទៃទៀត» មែនឬ? ចង់បានបុណ្យស័ក្តិ កេរ្តិ៍ឈ្មោះ កិត្តិយស?
ខ្ញុំមិនដឹងថាបងប្អូនជាមនុស្សប្រភេទណានោះទេ ប៉ុន្តែទាំងនេះគឺជាសំណួរដែលយើងត្រូវសួរខ្លួនឯង ហើយស្វែងរកចម្លើយខ្លួនឯងដោយឆ្លើយយ៉ាងស្មោះត្រង់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ពីព្រោះប្រសិនបើបងប្អូនជាមនុស្សប្រភេទ «គុម្ពបន្លា» នោះវានឹង «ខ្ទប់ព្រះបន្ទូលជិត មិនឲ្យបង្កើតផលបាន» ជាមិនខាន។
ឬក៏ថា បងប្អូនជាមនុស្សប្រភេទ «ដីល្អ» ដែលខ២០បានលើកឡើង? នៅក្នុងខនេះ យើងឃើញថាប្រភេទដីល្អមាន៣យ៉ាង៖ ១. ដីដែលបង្កើតផលបានជា៣០ ២. ជា៦០ និង៣. ជា១០០។ សរុបសេចក្ដីទៅ ដីមាន៦ប្រភេទ។
ប្រាកដណាស់! យើងទាំងអស់គ្នាសុទ្ធតែជាមនុស្សដែលមិនចង់ធ្វើជាប្រភេទដីដែលគ្រាប់ពូជបានធ្លាក់ ១. តាមផ្លូវ ២. នៅលើថ្ម ៣. ឬក៏ក្នុងគុម្ពបន្លាឡើយ ប៉ុន្តែជាមនុស្សដែលមានប្រភេទដីទី៤. «ដីល្អ» ដែលអាចបង្កើតផល ១. ជា៣០ ២. ជា៦០ និង៣. ជា១០០បាន។
ការអនុវត្ត
មិនថាយើងជាប្រភេទដីល្អដែលបង្កើតផលផ្លែខុសៗគ្នាក៏ដោយ ក៏អ្វីដែលលោក ម៉ាកុស ចង់ឲ្យយើងធ្វើនោះគឺថា៖ ចេញទៅប្រកាសដំណឹងល្អ ហើយកុំខ្វល់ខ្វាយអំពីយុទ្ធសាស្ត្រ ដូចដែលមនុស្សមួយចំនួនសព្វថ្ងៃនេះផ្ដោតលើឡើយ។ តួនាទីរបស់យើងដែលជាអ្នកជឿគឺប្រកាសដំណឹងល្អ ដែលនេះមានន័យថា យើងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រាប់ពូជដែលធ្លាក់លើដីទាំងប៉ុន្មានដែលយើងបានសិក្សាជាមួយគ្នាគឺមិនមែនជាកំហុសរបស់អ្នកព្រោះនោះទេ ប៉ុន្តែគឺជាតួនាទីរបស់ព្រះជាម្ចាស់ទេតើក្នុងការធ្វើឲ្យវាដុះ ឬក៏មិនដុះឡើង។ ចូរយើងឈប់ខ្វល់ខ្វាយថា មនុស្សដែលយើងកំពុងតែប្រកាសដំណឹងល្អ ឬក៏បង្រៀនព្រះបន្ទូលរបស់ព្រះអង្គទៅកាន់គឺជាមនុស្សដែលជាប្រភេទដីណាចុះ ប៉ុន្តែសូមទុកឲ្យព្រះអង្គជាអ្នកបារម្ភវិញ។ តួនាទីរបស់យើងខ្លះគឺគ្រាន់តែជាអ្នកព្រោះ ខ្លះជាអ្នកដាំ ឬក៏ខ្លះជាអ្នកស្រោចទឹក ប៉ុន្តែនៅចុងបញ្ចប់គឺព្រះអង្គទេដែលជាអង្គដែលធ្វើឲ្យដុះ ឬក៏មិនដុះ ដូចដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៣:៥-៩។
ជំរាបសួរ! នាងខ្ញុំមានចម្ងល់មួយ នាងខ្ញុំបានអានដល់ឃ្លាដែលសរសេរថា÷ {សរុបសេចក្តីទៅ ដីមាន៦ប្រភេទ} ។ តែតាមរយ:ការអាននាងខ្ញុំដឹងត្រឹមការប្រៀបធៀបដីជាមួយប្រភេទមនុស្ស គឺមានតែ៤ប្រភេទដីទេ គឺទី១ ដីតាមផ្លូវ ទី២គឺដីដែលមានថ្ម ទី៣គឺដីដែលមានគុម្ពបន្លា និងទី៤គឺដីល្អ។ ដូចនេះឃ្លាខាងលើ ដែលលើកឡើងថា សរុប….ដីមាន៦ប្រភេទនោះ ដី២ប្រភេទទៀតនាងខ្ញុំអត់បានឃើញមានបកស្រាយក្នុងអត្ថបទទេ។ សូមអរគុណ និងសូមអធ្យាស្រ័យផងដែរប្រសិននាងខ្ញុំអានពុំសព្វជ្រុងជ្រោយ។ សូមព្រះប្រទានពរ!
អរគុណបង បងអានត្រូវហើយ! គ្រាន់តែអ្នកនិពន្ធចង់និយាយលម្អិតចំណុចបន្ទាប់បន្ថែមទៀត ត្រង់ចំណុចទី៤ (ដីល្អ) ដែលមានការបង្កើតជាផលផ្លែ ១. ជា៣០ ២. ជា៦០ ៣. ជា១០០។