កណ្ឌគម្ពីរ អេភេសូរ ៤:១៣ បានលើកឡើងថា ព្រះជាម្ចាស់បានប្រទានអំណោយទានខាងឯព្រលឹងវិញ្ញាណ ដើម្បីឲ្យប្រើប្រាស់ក្នុងការស្ដារអវយវៈរបស់ព្រះគ្រីស្ទឡើង «រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ»។ មានការបកប្រែព្រះគម្ពីរជាភាសាអង់គ្លេសខ្លះថា យើងនឹងក្លាយជា «ល្អឥតខ្ចោះ» (ជាជាង «ពេញវ័យ») ហើយចេញពីការនេះ ក៏មានមនុស្សមួយចំនួនបានមានគំនិតយ៉ាងខុសឆ្គងថា យើងនឹងអាចឈោងដល់ចំណុចនៃការល្អឥតខ្ចោះក្នុងជីវិតនេះដោយគ្មានអំពើបាបបាន។ ព្រះគម្ពីរបានបង្រៀនថា ខណៈពេលដែលយើងកំពុងរស់នៅក្នុងសាច់ឈាមនេះ យើងនឹងតែងតែបន្តតយុទ្ធជាមួយនឹងលក្ខណៈនៃអំពើបាប (សូមអានក្នុងកណ្ឌគម្ពីរ រ៉ូម ៧:១៤-២៤)។ គ្មានបុគ្គលណាដែលនឹង «ល្អឥតខ្ចោះ» (គ្មានបាប) បានទេ រហូតដល់ពេលយើងទៅនៅស្ថានសួគ៌សិន។
ពាក្យ «ពេញវ័យ» ដែលបានបកប្រែក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:១៣ គឺជាពាក្យពីភាសាក្រិក «ធេលេអូស៍» (“teleios”)។ ពាក្យនេះមានការប្រើប្រាស់ក្នុងព្រះគម្ពីរសញ្ញាថ្មីក្នុងអត្ថន័យ «ល្អឥតខ្ចោះ» «ពេញខ្នាត» «លូតលាស់ធំធាត់ពេញទី» និង «ពេញវ័យ»។ អ្វីដែលកណ្ឌគម្ពីរ អេភេសូរ ៤:១៣ កំពុងតែបង្រៀននោះគឺថា ដរាបណាយើងកាន់តែលូតលាស់ក្នុងព្រះគ្រីស្ទ នោះយើងនឹងកាន់តែខ្លាំងឡើង ហើយកាន់តែមានការរួបរួមក្នុងក្រុមជំនុំ។ ខគម្ពីរមួយនេះមិនបានបង្រៀនថា យើងនឹងឈប់ប្រព្រឹត្តអំពើបាបទេ។
កណ្ឌគម្ពីរ កូឡូស ១:២៨ គឺជាខគម្ពីរមួយទៀតដែលមនុស្សមួយចំនួនមានការយល់ច្រឡំពេលខ្លះ ក្នុងការបកប្រែមួយចំនួនថាសាវ័ក ប៉ុល ចង់ «ថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ»។ ហើយក្នុងកណ្ឌគម្ពីរ កូឡូស ៤:១២ ថាសាវ័ក ប៉ុល អធិស្ឋាន «ឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក»។ ក្នុងខគម្ពីរទាំងពីរនេះ យើងគួរយល់ពាក្យក្រិក «ល្អឥតខ្ចោះ» ថាឲ្យមានអត្ថន័យ «លូតលាស់ធំធាត់ពេញទី» ឬក៏ «ពេញវ័យ» មិនមែន «គ្មានអំពើបាប» ទេ។
ក្នុងនាមជាមនុស្ស យើងស្ថិតក្រោមលក្ខណសម្បត្តិរបស់លោក អ័ដាម លើផែនដីនេះ។ មិនថាយើងខំប្រឹងប៉ុណ្ណាក៏ដោយក្នុងការមិនប្រព្រឹត្ត ក៏យើងនៅបន្តប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ចំណុចនេះគឺពិតសម្រាប់មនុស្សគ្រប់ៗរូប។ សាវ័ក ប៉ុល បានស្ដីបន្ទោសដាក់សាវ័ក ពេត្រុស ដោយសារគាត់បង្ហាញការពេញចិត្តបែបលម្អៀង (កាឡាទី ២:១១-១៣)។ ក្នុងព័ន្ធកិច្ចរបស់សាវ័ក ប៉ុល ពេលក្រោយទៀត គាត់បានហៅខ្លួនឯងថា ជាមនុស្សមានបាបលេខមួយ (១ធីម៉ូថេ ១:១៥)។ ទាំងសាវ័ក ពេត្រុស សាវ័ក យ៉ាកុប សាវ័ក យ៉ូហាន និងសាវ័ក ប៉ុល សុទ្ធតែបានសារភាពថា ពួកគាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ។ តើឲ្យអ្នក ហើយនិងខ្ញុំអះអាងខុសពីពួកគាត់បានយ៉ាងដូចម្តេចទៅ?
ការមានលក្ខណសម្បត្តិដ៏ល្អឥតខ្ចោះដ៏ពិតប្រាកដនឹងមិនអាចកើតមានឡើងបានទេ លុះត្រាតែព្រះជាម្ចាស់យាងមកយកក្រុមជំនុំសិន គឺពេលដែលយើងនឹងងើបឡើងទៅជួបព្រះយេស៊ូវលើអាកាស (១ថែស្សាឡូនីច ៤:១៧)។ នៅគ្រានោះ អស់អ្នកដែលស្លាប់ក្នុងព្រះគ្រីស្ទនឹងទទួលបានការរស់ឡើងវិញ ហើយរូបកាយនៃអ្នកដែលកំពុងរស់នៅក៏នឹងទទួលបានការបំផ្លាស់បំប្រែ (ភីលីព ៣:២០, ២១; ១កូរិនថូស ១៥:៥៤)។ យើងនឹងឈរនៅពីមុខបល្ល័ង្កនៃការថ្កោលទោសរបស់ព្រះគ្រីស្ទ (២កូរិនថូស ៥:១០) ដែលនៅពេលនោះព្រះអង្គនឹងកាត់ក្ដីលើព័ន្ធកិច្ចនានារបស់យើង ហើយក៏នឹងប្រទានរង្វាន់ផងដែរ (១កូរិនថូស ៣:៩-១៥)។ ការប្រោសលោះរបស់យើងនឹងឈានដល់ទីបញ្ចប់ ហើយអំពើបាបរបស់យើងក៏នឹងលែងមានយ៉ាងអស់កល្បជានិច្ចដែរ។ យើងនឹងរស់នៅ ហើយសោយរាជ្យជាមួយនឹងព្រះគ្រីស្ទក្នុងលក្ខណៈដែលគ្មានអំពើបាបយ៉ាងអស់កល្បជានិច្ច។
មតិយោបល់
Loading…