in ,

​តើគ្រីស្ទ​បរិស័ទ​ដែលកើត​ជា​ថ្មី​អាចបាត់​​សេចក្ដី​សង្គ្រោះ​បានដែរឬទេ?

ម្លើយ​ដែល​ចេញ​ពី​ព្រះ​គម្ពីរ​លើ​សំណួរ​នេះ​គឺ​ច្បាស់​ណាស់ ហើយ​មាន​ពេញ​ទៅ​ដោយ​អំណរ «ទេ។ បុគ្គល​ណា​ដែល​បាន​កើត​ជា​ថ្មី​ហើយ​មិន​អាច​ស្លាប់​វិញ​បាន​ឡើយ ពោល​គឺ​មិន​អាច​មិន​កើត​ម្ដង​ទៀត​បាន​នោះ​ទេ។ ខ្ញុំ​នឹង​លើក​ឡើង​នូវ​ផ្នត់​គំនិត​មួយ​ចំនួន ដែល​មាន​ចេញ​ពី​ព្រះ​គម្ពីរ ដោយ​ផ្ដោត​ទៅ​លើ​ខគម្ពីរ តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​គ្រាន់​តែ​ផ្ដោត​លើ​ទេវ​វិទ្យា​ប៉ុណ្ណោះ​ឡើយ។

គ្មាន​ការ​បោះ​បង់​ចោល

ជីវិត​ដែល​យើង​ទទួល​បាន​នៅ​ពេល​កើត​ជា​ថ្មី​គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ «ឯ​ទី​បន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​មក​យើង [បាន​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច] ហើយ​ជីវិត​នេះ គឺ​នៅ​ក្នុង​ព្រះ​រាជបុត្រា​របស់​ព្រះ​អង្គ» (១យ៉ូហាន ៥:១១)។ ព្រះ​អង្គ​មិន​បាន​ប្រទាន​ជីវិត​បណ្ដោះអាសន្ន​ដល់​យើង​ទេ។ ព្រះ​អង្គ​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​យើង។ ឥឡូវ​នេះ យើង​កំពុង​តែ​មាន​ចំណែក​ក្នុង​ជីវិត​នៃ​សម័យកាល​ដែល​នឹង​កើត​ឡើង។

នេះ​គឺ​ជា​ប្រយោគ​ដ៏​សំខាន់​មួយ​ទៀត៖ «ព្រះ​អង្គ​បាន​តម្រូវ​ទុក​ជា​មុន»។ ប្រយោគ​នោះ​មាន​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម ៨:៣០៖ «ឯ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង»។ ការ​លើក​តម្កើង [ឬ​ក៏​ការ​ទទួល​បាន​សិរីល្អ] គឺ​ជា​សណ្ឋាន​ចុង​ក្រោយ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​អចិន្ត្រៃយ៍។ ខ​គម្ពីរ​នេះ​បាន​លើក​ឡើង​ថា «បាន​ត្រាស់​ហៅ»—ដោយ​គ្មាន​ការ​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ទេ—ក៏​ទទួល​បាន​ការ​រាប់​ជា​សុចរិត ហើយ​គ្រប់​គ្នា​គឺ​ទទួល​បាន​ការ​រាប់​ជា​សុចរិត—ដោយ​គ្មាន​ការ​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ទេ—ក៏​ទទួល​បាន​ការ​លើក​តម្កើង​ដែរ។

ចម្លើយ​គឺ​ថា៖ ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​លោក​អ្នក នោះ​លោក​អ្នក​នឹង​មិន​អាច​បាត់​បង់​សេចក្ដី​សង្គ្រោះ​នេះ​បាន​ឡើយ។ ហើយ​ខ្ញុំ​នឹង​វែក​ញែក​ថា ការ​ទទួល​បាន​កា​ត្រាស់​ហៅ និង​ការ​កើត​ជា​ថ្មី​គឺ​ជា​ចំណុច​ដូច​គ្នា។ យើង​នឹង​ទទួល​បាន​ការ​រាប់​ជា​សុចរិត ហើយ​យើង​ក៏​នឹង​ទទួល​បាន​ការ​លើក​តម្កើង ពីព្រោះ​យើង​បាន​ទទួល​ការ​ត្រាស់​ហៅ—ដែល​នេះ​មាន​ន័យ​ថា យើង​បាន​កើត​ជា​ថ្មី។

ការ​ហៅ​ឲ្យ​មាន​ជីវិត

ប្រភេទ​នៃ​ការ​ត្រាស់​ហៅ​ដែល​សាវ័ក ប៉ុល កំពុង​តែ​មាន​ប្រសាសន៍​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:៣០ គឺ​ជា​ការ​ត្រាស់​ហៅ​លោក ឡាសារ តាម​រយៈ​ព្រះ​យេស៊ូវ ឲ្យ​ចេញ​ពី​ផ្នូរ «ឡាសារ! ខ្ញុំ​ដឹង​ថា​ឯង​ស្លាប់​ហើយ ប៉ុន្តែ​ចូរ​ចេញ​មក» (សូម​មើល​កណ្ឌ​គម្ពីរ យ៉ូហាន ១១:៤៣)។ ការ​ត្រាស់​ហៅ​បង្កើត​ឲ្យ​មាន​ជីវិត ហើយ​នោះ​ឯង​គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​ដែល​ជា​គ្រីស្ទ​បរិស័ទ៖ ការ​ត្រាស់​ហៅ​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យភាព​របស់​ព្រះ​ជាម្ចាស់​បង្កើត​ឲ្យ​មាន​ជីវិត។ នេះ​មាន​ន័យ​ថា មាន​សេចក្ដី​សន្យា​ជា​មួយ​នឹង​ការ​ត្រាស់​ហៅ​នេះ​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​ខគម្ពីរ​មួយ​ចំនួន​ដែល​បង្ហាញ​អំពី​ការ​ត​ភ្ជាប់​នេះ៖

កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:២៣២៤ «សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំងស្រុងរហូត​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​យាង​មក។ ព្រះ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ​ត្រង់ ហើយ​ព្រះ​អង្គ​នឹង​សម្រេច​ការ​នេះ»។ នៅ​ក្នុង​ខ​នេះ​មាន​ផ្នត់​គំនិត​ដូច​គ្នា៖ ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​លោក​អ្នក នោះ​ព្រះ​អង្គ​ក៏​នឹង​នៅ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​ដែរ។ ព្រះ​អង្គ​នឹង​រក្សា​លោក​អ្នក​ឲ្យ​នៅ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ។

ឬ​ក៏​ជា​ថ្មី​ម្ដង​ទៀត៖ នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១:៩៖ ព្រះ​គ្រីស្ទ «នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់​ខ្ជួន រហូត​ដល់​ចុង​បញ្ចប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​កន្លែង​បន្ទោស​បាន នៅ​ថ្ងៃ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង។ ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​ជា​មួយ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​របស់​យើង»។ ដូច្នេះ ឥឡូវ​លោក​អ្នក​អាច​ត្រឡប់​បក​ក្រោយ​វិញ ហើយ​មើល​អំពី​មូល​ហេតុ (នៅ​ក្នុង រ៉ូម ៨:៣០) ដែល​ថា​ហេតុ​អ្វី​អស់​អ្នក​ដែល​ទទួល​បាន​ការ​ត្រាស់​ហៅ​ក៏​នឹង​ទទួល​បាន​ការ​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ទទួល​បាន​ការ​រាប់​ជា​សុចរិត​ក៏​នឹង​ទទួល​ការ​លើក​តម្កើង—ពីព្រោះ​ព្រះ​ជាម្ចាស់​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់។ គ្មាន​អ្វី​ដើរ​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ។

ការ​រក្សា​ទុក​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​គ្រោង​ទុក

មាន​មនុស្ស​ជា​ច្រើន​បាន​គិត​ថា សុវត្ថិភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ប្រៀប​ដូច​ជា​ថ្នាំ​វ៉ាក់សាំង​មួយ។ ពួក​គេ​គិត​ថា «កាល​ខ្ញុំ​មាន​អាយុ​៦​ឆ្នាំ ខ្ញុំ​បាន​អធិស្ឋាន ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​លើ​ដៃ​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​មិន​អាច​មាន​ជំងឺ​នៃ​ការ​ត្រូវ​បណ្ដាសា​បាន​ឡើយ។ វា​មិន​មែន​ជា​របៀប​នោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ប្រៀប​ដូច​ជា​ការ​ចូល​ទទួល​ពិធី​ព្យាបាល​ដោយ​ចិត្ត​វិទ្យា​អស់​មួយ​ជីវិត​ជា​មួយ​នឹង​គ្រូ​ពេទ្យ​ដែល​និយាយ​ថា «អ្នក​គឺ​ជា​អ្នក​ជំងឺ​របស់​ខ្ញុំ។ អ្នក​នឹង​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​ប្រាប់ ហើយ​ខ្ញុំ​នឹង​នាំ​អ្នក​ឲ្យ​ដល់​ទី​បញ្ចប់ ល្អ​ទាំង​ស្រុង​នៅ​ថ្ងៃ​ចុង​ក្រោយ

កណ្ឌ​គម្ពីរ យេរេមា ៣២:៤០ គឺ​ជា​ខ​គម្ពីរ​ដែល​ខ្ញុំ​ចូល​ចិត្ត​យ៉ាង​ខ្លាំង ទាក់​ទង​នឹង​ប្រធាន​បទ​នៃ​ការ​រក្សា​ទុក៖ «យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជានិច្ច​ថា យើង​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ យើង​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​យើង​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​យើង»។ ដូច្នេះ ការ​តាំង​សេចក្ដី​សញ្ញា​ដែល​ព្រះ​គ្រីស្ទ​បាន​ទិញ​ជា​មួយ​នឹង​ព្រះ​លោហិត​របស់​ទ្រង់​គឺ​ជា​សេចក្ដី​សញ្ញា​នៃ​ការ​រក្សា​ទុក។ វា​មិន​មែន​គ្រាន់​តែ​ជា​សុវត្ថិ​ភាព​ក្នុង​របៀប​បែប​ម៉ាស៊ីន​ណា​នោះ​ទេ។ ប៉ុន្តែ គឺ​ជា​ការ​រក្សា​ទុក​ដោយ​មាន​សកម្ម​ភាព។ ព្រះ​ជាម្ចាស់​មាន​សកម្ម​ភាព​ក្នុង​ជីវិត​របស់​ខ្ញុំ។

ពេល​ខ្ញុំ​សួរ​អ្នក​ដទៃ​ថា៖ «តើ​អ្នក​គិត​ថា​អ្នក​នឹង​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​នៅ​ពេល​ដែល​អ្នក​ភ្ញាក់​ពី​ដំណេក​នៅ​ពេល​ព្រឹក​ដោយ​របៀប​ណាមាន​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ទាក់​ទង​នឹង​សំណួរ​ប្រភេទ​ដូច​នេះ។ ពួក​គេ​ឆ្លើយ​តប​ថា៖ «អូ៎! ពីព្រោះដូច​អ្នក​ដឹង​ហើយវា​ដូច​ជា​ការ​ធ្វើ​ជា​មនុស្ស​អញ្ចឹង។ ទេ! វា​មិន​មែន​ដូច​ជា​ការ​ធ្វើ​ជា​មនុស្ស​ទេ។ លោក​អ្នក​នឹង​ភ្ញាក់​ពី​ដំណេក​នៅ​ថ្ងៃ​ស្អែក​ជា​គ្រីស្ទ​បរិស័ទ ពីព្រោះ​ព្រះ​ជាម្ចាស់​ទ្រង់​ស្មោះ​ត្រង់។ ព្រះ​ជាម្ចាស់​នឹង​ដាស់​លោក​អ្នក​ពី​ដំណេក ហើយ​នឹង​ដាក់​នូវ​ជំនឿ​របស់​ព្រះ​អង្គ​ក្នុង​លោក​អ្នក។

ព្រះ​អង្គ​រក្សា​ទុក​ដោយ​ស្មោះ​ត្រង់

នេះ​គឺ​ជា​ខ​គម្ពីរ​មួយ​ចំនួន​ទៀត​ដែល​លើក​ឡើង​អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់៖ «ខ្ញុំ​ជឿ​ជាក់​ថា ព្រះ​អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ» (ភីលីព ១:)។ មូល​ហេតុ​ដែល​សាវ័ក ប៉ុល មាន​ប្រសាសន៍​បែប​នោះ​គឺ​ដោយ​សារ​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់​មាន​ការ​ទាក់​ទង​គ្នា​ជា​មួយ​នឹង​ការ​ត្រាស់​ហៅ​របស់​គាត់ និង​ការ​កើត​ជា​ថ្មី​របស់​គាត់។

ឬ​ក៏​កណ្ឌ​គម្ពីរ យូដាស ១:២៤ «រី​ឯ​ព្រះ​អង្គ​ដែល​អាច​រក្សា​អ្នក​រាល់​គ្នា​មិន​ឲ្យ​ជំពប់​ដួល…»។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ណាស់​ដែល​ព្រះ​ជាម្ចាស់​បាន​រក្សា​ខ្ញុំ​ទុក។

ព្រះ​អង្គ​បាន​រក្សា​ខ្ញុំ។ ព្រះ​អង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជំពប់​ដួល ដែល​ការ​នោះ​នឹង​នាំ​ឲ្យ​មាន​ការ​ខូច​ព្រះ​នាម​របស់​ទ្រង់ ហើយ​បំផ្លាញ​ក្រុម​ជំនុំ។ ខ្ញុំ​មិន​បាន​ក្រឡេក​មើល​ក្រោយ​វិញ ហើយ​បន្ទាប់​មក​វាយ​ស្មា​សរសើរ​ខ្លួន​ឯង​ថា «ឯង​ពិត​ជា​មនុស្ស​ល្អ​មែន» ទេ។ ប៉ុន្តែ ខ្ញុំ​លើក​ឡើង​វិញ​ថា «អស្ចារ្យ​ណាស់! អស្ចារ្យ​ណាស់! គឺ​ព្រះ​អង្គ​ហើយ​ដែល​បាន​រក្សា​ខ្ញុំ​ទុក…»

យុថ្កា​នៃ​ការ​ធានា​របស់​យើង

មក​ដល់​ចំណុច​នេះ ខ្ញុំ​គិត​ថា នៅ​សល់​តែ​សំណួរ​គន្លឹះ​មួយ​ទៀត​ទេ ដែល​មនុស្ស​ជា​ច្រើន​តែង​តែ​សួរ៖ «ចុះ​ចំណែក​ឯ​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​វិញ? ពួក​គេ​ធ្លាប់​ធ្វើ​ជា​អ្នក​ជំនួយ​ការ ឬ​ក៏​ជា​អ្នក​ចាស់​ទុំ ហើយ​មើល​ទៅ​ហាក់​បី​ដូច​ជា​ថា​ពួក​គាត់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​កាល​កំពុង​រៀន​នៅ​មហាវិទ្យាល័យ។ មក​ដល់​ពេល​នេះ ពួក​គាត់​បាន​បម្រើ​អស់​រយៈ​ពេល​បួន​ដប់​ឆ្នាំ​ហើយ ហើយ​ឥឡូវ​ពួក​គាត់​ក៏​បាន​បោះ​បង់​ទាំង​អស់​ចោល​ដែរ។ មាន​អ្នក​ខ្លះ​ក៏​បាន​ស្លាប់​ក្នុង​ស្ថាន​ភាព​ហ្នឹង​នោះ​ដែរ។ ចុះ​ចំណែក​ឯ​ពួក​គេ​វិញ

ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​មាន​ខគម្ពីរ​គន្លឹះ​ពីរ​ទៀត​ដែល​ពួក​គេ​គួរ​ចំណាយ​ពេល​គិត​ឲ្យ​បាន​យូរ។ ខ​គម្ពីរ​ដំបូង​គឺ ១យ៉ូហាន ២:១៩៖ «គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​គ្នា​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​យើង​ហើយ។ ប៉ុន្តែ ដែល​គេ​បាន​ចេញ​ទៅ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​គ្នា​ទេ»។ ពាក្យ «ពី​ពួក​យើង» ក្នុង​ខ​គម្ពីរ​នេះ​ពិត​ជា​មាន​ន័យ​ថា «កើត​ជា​ថ្មី​ជា​មួយ​យើង ការ​ផ្សាំ​ក្នុង​ព្រះ​គ្រីស្ទ​ជា​មួយ​យើង»—ប៉ុន្តែ ពួក​គេ​មិន​ដូច្នោះ​ទេ។ មើល​ទៅ​ពួក​គេ​ហាក់​បី​ដូច​ជា​មាន​លក្ខណៈ​ដូច​គ្នា។ ពួក​គេ​ថែម​ទាំង​និយាយ​នូវ​ចំណុច​មួយ​ចំនួន​ត្រឹម​ត្រូវ​ផង​ដែរ។ ពួក​គេ «បាន​ភ្លក់ព្រះ​ចេស្ដា​ទាំងឡាយ​នៃ​បរលោក» (ហេព្រើរ ៦:)។ ប៉ុន្តែ ពួក​គេ​មិន​បាន​កើត​ពី​ព្រះ​ជាម្ចាស់​ទេ។

លើស​ពី​នេះ​ទៅ​ទៀត កណ្ឌ​គម្ពីរ​ហេព្រើរ​ជំពូក​៦​ក៏​ជា​កន្លែង​ជំពប់​ដ៏​ធំ​មួយ​សម្រាប់​អស់​អ្នក​ដែល​ធ្លាប់​ទទួល​បទ​ពិសោធន៍​ខាង​ឯ​វិញ្ញាណ ប៉ុន្តែ​នៅ​បាត់​បង់​ឡើយ។ ប៉ុន្តែ ខ្ញុំ​គិត​ថា កណ្ឌ​គម្ពីរ ហេព្រើរ ៣:១៤ គឺ​ជា​ខ​គម្ពីរ​គន្លឹះ​ក្នុង​កណ្ឌ​គម្ពីរ​នេះ៖ «ប្រសិន​បើ​យើង​កាន់​ខ្ជាប់​តាម​ចិត្ត​ជឿ​ជាក់​ដែល​យើង​មាន​តាំង​ពី​ដំបូង រហូត​ដល់​ចុង​បំផុត​មែន នោះ​យើង​ពិត​ជា​មាន​ចំណែក​ជា​មួយ​ព្រះ​គ្រីស្ទ​ហើយ»

អ្នក​និពន្ធ​មិន​បាន​លើក​ឡើង​ថា «ប្រសិន​បើ​លោក​អ្នក​កាន់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ទំនុក​ចិត្ត​របស់​លោក​អ្នក​រហូត​ដល់​ទី​បញ្ចប់ នោះ​លោក​អ្នក​នឹង​មាន​ចំណែក​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ» នោះ​ទេ។ គាត់​បាន​លើក​ឡើង​ថា «យើង​ដឹង​ហើយ​ថា យើង​ធ្លាប់​មាន—ចាប់​តាំង​ពី​ដើម​ដំបូង​នៃ​ជីវិត​របស់​យើង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ—ការ​មាន​ចំណែក​ក្នុង​ព្រះ​គ្រីស្ទ ដោយ​សារ​យើង​ស៊ូទ្រាំ​ដល់​ទី​បញ្ចប់។ នេះ​មាន​ន័យ​ថា​ការ​ស៊ូទ្រាំ​ក្នុង​ជំនឿ​គឺ​ជា​ភស្តុតាង​ដែល​ថា​យើង​មាន​ចំណែក​ក្នុង​ព្រះ​គ្រីស្ទ​មែន។

ហើយ​ពេល​យើង​មិន​មាន​ការ​ស៊ូទ្រាំ​ដូច​នោះ នោះ​មាន​ន័យ​ថា យើង​ក៏​មិន​ដែល​មាន​ការ​ធានា​អះអាង​ដែរ។ នេះ​គឺ​ជា​គន្លឹះ៖ ដូច្នេះ ការ​ធានា​គឺ​មិន​មែន​ជា​ដំណើរ​ការ​ស្វ័យប្រវត្តិ​ឡើយ។ វា​គឺ​ជា​ការ​ធានា​ដែល​មាន​ឫស​ក្នុង​ទំនុក​ចិត្ត​របស់​យើង​ក្នុង​អធិបតេយ្យ​ភាព​ដ៏​ធំធេង​ក្នុង​ព្រះ​ដែល​រក្សា​ការ​តាំង​សេចក្ដី​សញ្ញា​នោះ ដែល​បាន​ចាត់​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​ជំនួស​មនុស្ស​មាន​បាប ហើយ​ខណៈ​ពេល​ដែល​យើង​សម្លឹង​មើល​ព្រះ​អង្គ នោះ​ព្រះ​វិញ្ញាណ​នឹង​ធ្វើ​ជា​ស្មរ​បន្ទាល់​ថា​យើង​គឺ​ជា​កូន​របស់​ព្រះ​មែន (រ៉ូម ៨:១៦)

បុគ្គល​ដែល​បាន​កើតជា​ថ្មី​ហើយ​មិន​អាច​លែង​បាន​កើត​ជា​ថ្មី​ម្ដង​ទៀត​បាន​នោះ​ទេ។ ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឈ្មោះ​របស់​លោក​អ្នក​ហើយ នោះ​ព្រះអង្គ​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​រក្សា​លោក​អ្នក​ទុក​រហូត​ដល់ទី​បញ្ចប់។

និពន្ធដោយ៖ អ្នកគ្រូ John Piper
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងកញ្ញា សួន សុជាតា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដើម្បីឲ្យមានការលូតលាស់

ភាពអរសប្បាយគឺជាគោលបំណងសាមញ្ញ