in

តើ​ខ្ញុំ​គួរ​រៀបការ​ជាមួយ​បុរស​នោះ​ឬ​អត់?

Should I Marry Him?

ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ណាស់ នៅពេលដែល​ឃើញ​នារីៗ​ដែល​ស្រឡាញ់​ព្រះ​ជាម្ចាស់​មាន​ចិត្ត​ប្រតិព័ទ្ធ​នឹង​បុរសៗ​ដែល​មិន​សូវ​ជា​ស្រឡាញ់ ឬ​ចង់​បម្រើ​ការងារ​ព្រះជាម្ចាស់។ ហើយ​មើល​ទៅ​បុរស​ទាំង​នោះ​មិន​ទាំង​ចង់​ទៅ​ព្រះ​វិហារ ឬ​ក៏​ស្ដាប់​នូវ​អ្វី​ដែល​ទាក់ទង​នឹង​ព្រលឹង​វិញ្ញាណ​ផង។

ខ្ញុំ​មិន​ដឹង​មូលហេតុ​ដែល​នាំ​ឲ្យ​យុវនារី​មួយ​ចំនួន​គិត​ថា ការ​រៀបការ​ជា​មួយ​បុរស​ដែល​មិន​សូវ​ស្រឡាញ់​ព្រះ​ជាម្ចាស់ ឬ​ក៏​រៀបការ​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ​លើ​ព្រះ​យេស៊ូវ នោះ​វា​ល្អ​ប្រសើរ​ជាង​ការ​ដែល​ពួកគេ​នៅលីវ​ទៅទៀត។ ទោះបើ​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ព្រះ​ពរ​ដ៏​ធំ​មួយ​ពី​ព្រះ​ជាម្ចាស់​ក៏​ដោយ ក៏​ការ​រៀបការ​ជា​មួយ​នឹង​អ្នក​ដែល​មិន​សូវ​ស្រឡាញ់​ព្រះ​ជាម្ចាស់ នោះ​នឹង​ឲ្យ​ជួប​នូវ​រឿង​ពិបាកៗ​ជា​ច្រើន ហើយ​វា​ក៏​មាន​គ្រោះ​ថ្នាក់​ណាស់​ដែរ មិន​មែន​តែ​ត្រឹម​កូន​ចៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​គ្រោះ​ថ្នាក់​ដល់​ក្រុមជំនុំ​ទាំង​មូល​ទៀត​ផង។

ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​យុវនារី​ទាំង​នោះ ពួកគេ​បាន​ជឿ​លើ​សេចក្ដី​កុហក​ដែល​ថា បុរស​ដែល​ស្រឡាញ់​ព្រះ​ជាម្ចាស់​មិន​មាន​ឡើយ ដូច្នេះ​ពួកគេ​ត្រូវ​តែ​ស្រឡាញ់​បុរស​ទី​មួយ​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ខ្លួន។

ការ​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ គឺ​អស្ចារ្យ​ណាស់! ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​ប្រពន្ធ​ចុះចូល​នឹង​ប្ដី​ដូច​ដែល​ក្រុមជំនុំ​ចុះចូល​នឹង​ព្រះ​គ្រីស្ទ​គ្រប់​ទាំង​ចំណុច។ «ប្រពន្ធ​រាល់​គ្នា​អើយ ត្រូវ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន ដូច​ជា​ចុះចូល​នឹង​ព្រះ​ជាម្ចាស់​ចុះ។ ដ្បិត​ប្ដី​ជា​ក្បាល​របស់​ប្រ​ពន្ធ ដូច​ព្រះ​គ្រីស្ទ​ជា​សិរសា​របស់​ក្រុមជំនុំ ហើយ​ព្រះ​អង្គ​ផ្ទាល់ ជា​ព្រះ​សង្គ្រោះ​របស់​រូប​កាយ។ ដូច​ជា​ក្រុមជំនុំ​ចុះចូល​នឹង​ព្រះ​គ្រីស្ទ​យ៉ាង​ណា ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ» (អេភេសូរ ៥:២២-២៤ គកស)។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ស្ត្រី​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការ​ជ្រើស​រើស​បុរស​ដែល​ខ្លួន​ត្រូវ​រៀបការ​ជា​មួយ។ ខ្ញុំ​ពិតជា​ព្រួយ​បារម្ភ​នឹង​អនាគត​កូន​ស្រី​របស់​ខ្ញុំ​ខ្លាំង​ណាស់ ពី​ព្រោះ​ថ្ងៃ​ណា​មួយ​អាច​នឹង​មាន​បុរស​ដែល​មាន​អំនួត​យ៉ាង​ខ្លាំង​នឹង​មក​ព្យាយាម​លួង​លោម​លួច​បេះដូង​កូន​ស្រី​របស់​ខ្ញុំ។ ខ្ញុំ​តែងតែ​អធិស្ឋាន​សូម​ឲ្យ​កូន​ស្រី​ខ្ញុំ​រក​បាន​បុរស​ម្នាក់​ដែល​ស័ក្ដិសម​នឹង​ឲ្យ​នាង​ចុះ​ចូល​ជាមួយ​បាន។

ជា​ការ​ពិត​ណាស់! យើង​ក៏​គួរ​លើក​ឡើង​ពី​ស្ត្រី​មួយ​ចំនួន​ដែល​ពួកគាត់​កំពុង​តែ​រង់ចាំ​បុរស​ទឹកដប់ ដែល​ធាតុ​ពិត​ពួកគាត់​អាច​ទទួល​បាន​ការ​ស្កប់ចិត្ត​មក​ពី​ព្រះ​គ្រីស្ទ​តែមួយ​គត់​ប៉ុណ្ណោះ។ ពួកគាត់​មិន​គួរ​មាន​ក្ដី​រំពឹង​ខ្ពស់​ពេក ដោយ​ចង់​បាន​តែ​បុរស​ទឹកដប់។ កណ្ឌ​គម្ពីរ អេភេសូរ ៥:២៥-៣១ បាន​ពណ៌នា​អំពី​ព្រះ​គ្រីស្ទ និង​ក្ដីស្រឡាញ់​ដ៏​ធំ​មហិមា​របស់​ព្រះ​គ្រីស្ទ ដែល​ខ​គម្ពីរ​នេះ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​ប្ដី​គ្រប់​រូប​ព្យាយាម​ត្រាប់​តាម​ទ្រង់​ក្នុង​គ្រប់​ចំណុច។

ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណសម្បត្តិ​ប្រាំ​យ៉ាង​របស់​បុរស​ដែល​យុវនារី​ត្រូវ​យក​មក​ពិចារណា ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​គួរ​រៀប​ការ​ជាមួយ​គាត់​ឬ​ក៏​អត់៖

១. បុរស​នោះ​ដាច់​ខាត​ត្រូវ​តែ​ជា​អ្នក​ជឿ

ប្រាកដ​ណាស់! ប្ដី​នឹង​មិន​អាច​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដោយ​គ្មាន​ចិត្ត​ងាករេ​បាន​ឡើយ លុះត្រា​តែ​គាត់​ស្រឡាញ់​ព្រះ​គ្រីស្ទ​ជា​មុន​សិន។ តាម​ពិត ប្រសិនបើ​ពួក​គាត់​ចង់​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ពួក​គាត់​ត្រូវ​តែ​ស្រឡាញ់​ព្រះ​គ្រីស្ទ​ខ្លាំង​ជាង​ការ​ដែល​ពួក​គាត់​ស្រឡាញ់​គ្នា។

កណ្ឌ​គម្ពីរ ២កូរិនថូស ៦:១៤ បាន​ចែង​ថា​យើង «មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ»។ ទោះ​បើ​ធាតុ​ពិត យើង​មិន​អាច​ដឹង​បាន​ថា បុរស​នោះ​ពិតជា​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឬ​ក៏​មិន​បាន ក៏​អ្នក​ក្នុង​នាម​ជា​បុត្រី​របស់​ស្ដេច​ត្រូវ​តែ​ដឹង​ច្បាស់​ខ្លួន​ឯង​ថា អ្នក​នឹង​ត្រូវ​រៀបការ​ជាមួយ​នឹង​អ្នកជឿ​មែន។ ជីវិត​អាពាហ៍ពិពាហ៍​មាន​ន័យ​ថា ថវិកា​ដែល​អ្នក​ចំណាយ​គឺ​ប្រើ​រួម​គ្នា ដើរ​លេង​កំសាន្ត​ជា​មួយ​គ្នា បង្ហាត់បង្រៀន​កូនៗ​ជា​មួយ​គ្នា មើល​ទូរទស្សន៍​ជា​មួយ​គ្នា ជ្រើស​រើស​មិត្តភក្ដិ​ជា​មួយ​គ្នា ក៏​ដូច​ជា​មាន​ចំណុច​ផ្សេង​ទៀត​ជា​ច្រើន​ដែល​អ្នក​នឹង​ធ្វើ​ជា​មួយ​គ្នា​ក្នុង​នាម​ជា​ប្ដីប្រពន្ធ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការ​រៀបការ​ជា​មួយ​នឹង​អ្នក​មិន​ជឿ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ដល់​ព្រលឹង​វិញ្ញាណ​របស់​អ្នក។

ប្រសិនបើ​អ្នក​រៀបការ​ជា​មួយ​នឹង​បុរស​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ នោះ​មាន​ន័យ​ថា អ្នក​ស្អប់​កូនៗ​របស់​អ្នក​ហើយ។ ហើយ​ក៏​មាន​ន័យ​ថា អ្នក​កំពុង​រៀបចំ​ឲ្យ​បុរស​នោះ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ឯ​ស្ថាននរក​ឲ្យ​មក​បង្ហាត់​បង្រៀន​កូនៗ​របស់​អ្នក លុះត្រា​តែ​គាត់​លន់តួ​បាប ហើយ​ទទួល​ជឿ​ព្រះ​គ្រីស្ទ នោះ​ទើប​បាន​អាច​បែរ​ចេញ​ពី​ផ្លូវ​នោះ​បាន។

២. បុរស​នោះ​ដាច់​ខាត​ត្រូវ​ស្រឡាញ់​ដោយ​ចេះ​លះបង់

«ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុម​ជំនុំ​ដែរ» (អេភេសូរ ៥:២៥ គកស)។

យើង​អាច​សួរ​សំណួរ​បែប​នេះ​ថា៖ តើ​បុរស​នោះ​នឹង​នៅ​តែ​បន្ត​ស្រឡាញ់​ខ្ញុំ នៅ​ពេល​គាត់​មិន​មាន​អារម្មណ៍​ថា​ស្រឡាញ់​ខ្ញុំ?

ការ​ដែល​ព្រះគ្រីស្ទ​បាន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់ ហើយ​បាន​ស៊ូទ្រាំ​រងទុក្ខ​នៅ​លើ​ឈើឆ្កាង ដើម្បី​ឲ្យ​ក្ដី​អំណរ​កើត​មាន​ជា​យ៉ាង​ណា នោះ​ប្ដី​គ្រប់​រូប​ក៏​ត្រូវ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​បែប​យ៉ាង​នោះ​ដែរ ទោះ​ជា​នៅពេលដែល​ខ្លួន​មិន​មាន​ចិត្ត​ចង់​ស្រឡាញ់​ប្រពន្ធ​ក៏​ដោយ។

អ្នក​អាច​នឹង​ដឹង​បាន​ដោយ​ខ្លួន​ឯង​ថា បុរស​ដែល​កំពុងតែ​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមជំនុំ​ដោយ​ចិត្ត​លះបង់​នោះ​នឹង​នៅ​តែ​ស្រឡាញ់​អ្នក​ឬ​ក៏​អត់​ នៅពេលដែល​គាត់​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក និង​នៅពេលដែល​គាត់​ហ៊ាន​លះបង់​ពេលវេលា​ផ្ទាល់​ខ្លួន ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ ដោយ​មិន​រំពឹង​ចង់​បាន​អ្វី​ជា​ការ​តប​ស្នង​មក​វិញ។ បុរស​នោះ​ជា​ម្នាក់​ដែល​មិន​មាន​ភាព​អាត្មានិយម​ក្នុង​ទំនាក់ទំនង​របស់​គាត់​ឡើយ ប៉ុន្តែ​គាត់​ជា​ម្នាក់​ដែល​ហ៊ាន​លះបង់​ពេលវេលា​របស់​ខ្លួន ដើម្បី​នឹង​ឈោងចាប់​អស់​អ្នក​ដែល​មិន​អាច​នឹង​ផ្ដល់​អ្វី​មក​គាត់​វិញ​បាន។ គាត់​ក៏​ជា​បុគ្គល​មិន​រអ៊ូរទាំ ឬ​ក៏​ងាយ​នឹង​លះបង់​ចោល​ការ​សិក្សា ការងារ ក៏​ដូច​ជា​មិត្តភក្ដិ ឬ​គ្រួសារ ពេល​ដែល​គាត់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជាមួយ​គ្នា។ គាត់​មិន​មែន​ជា​បុគ្គល​ដែល​បោះបង់​អ្វី​មួយ​ចោល​នៅ​ពាក់​កណ្ដាល​ទី​ទេ។ ហើយ​ប្រសិនបើ​បុរស​នោះ​ជា​បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​ដោយ​ចេះ​លះបង់ នោះ​មាន​ន័យ​ថា បុរស​នោះ​ក៏​នឹង​បន្ត​រស់នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​អ្នក​ដែរ នៅពេលដែល​អ្នក​ទាំង​ពីរ​ប្រឈមមុខ​នឹង​ទុក្ខ​លំបាក ហើយ​បុរស​នោះ​នឹង​នៅ​តែ​បន្ត​បម្រើ​ព្រះ​អង្គ​រហូត​ដល់​គាត់​ស្លាប់ មិន​ថា​មាន​ទុក្ខវេទនា ឬ​ក៏​ការ​បៀតបៀន​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។

៣. បុរស​នោះ​ដាច់​ខាត​ត្រូវ​ស្រឡាញ់​ព្រះ​បន្ទូល

«ដើម្បី​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ​ដោយ​បាន​លាង​សម្អាត​នឹង​ទឹក គឺ​ដោយ​ព្រះ​បន្ទូល» (អេភេសូរ ៥:២៦ គកស)។

នេះ​ជា​ចំណុច​សំខាន់​ណាស់! តើ​ចំណុច​នេះ​ទាក់ទង​នឹង​ចំណុច​ទី​មួយ​ដោយ​របៀប​ណា? ប្រសិនបើ​បុរស​ណា​ម្នាក់​ពិតជា​ចង់​ធ្វើ​ជា​អ្នកដឹកនាំ​ខាង​ព្រលឹង​វិញ្ញាណ​ក្នុង​គ្រួសារ​គាត់​មែន បុរស​នោះ​ដាច់ខាត​ត្រូវ​តែ​ស្រឡាញ់​ព្រះ​បន្ទូល​។ គាត់​ជា​អ្នក​ដែល​ស្រឡាញ់​ឱប​ក្រសោប​ព្រះ​បន្ទូល (ទំនុកតម្កើង ១)។ គាត់​នឹង​ទទួល​ស្គាល់​ថា ​ព្រះ​បន្ទូល​នោះ​ហើយ​ដែល​បណ្ដាល​ឲ្យ​ចិត្ត​គាត់ និង​ចិត្ត​អ្នកដទៃ​មាន​ការ​ផ្លាស់​ប្រែ។ គាត់​នឹង​ដឹង​ថា ជំនឿ​កើត​ឡើង​ដោយ​ការ​ឮ ហើយ​ការ​ឮ​នោះ​កើត​ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ «ដូច្នេះ​ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ» (រ៉ូម ១០:១៧ គកស)។ គាត់​រក្សា​ជីវិត​រស់នៅ​ក្នុង​ភាព​បរិសុទ្ធ ដោយ​ព្យាយាម​រស់នៅ​តាម​ព្រះ​បន្ទូល «មនុស្ស​កំឡោះ​នឹង​សម្អាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ​សារ​អ្វី គឺ​ដោយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​នៃ​ទ្រង់» (ទំនុកតម្កើង ១១៩:៩)។

ដើម្បី​ឲ្យ​ជីវិតអាពាហ៍ពិពាហ៍​មាន​ពេញ​ដោយ​សុភមង្គល និង​ជា​អាពាហ៍ពិពាហ៍​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ នោះ​បុរស​ដែល​អ្នក​ស្រឡាញ់​ដាច់ខាត​ត្រូវ​ស្រឡាញ់​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ត្រាប់តាម​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ និង​ជា​អ្នក​ដែល​ចង់​សិក្សា​រៀនសូត្រ​ព្រះ​បន្ទូល​របស់​ព្រះ​បន្ថែម។

តើ​បុរស​នោះ​អាច​ទទួល​យក​ការ​បង្រៀន​ពី​អ្នក​ផ្សេង​បាន​ដែរ​ឬ​ទេ? តើ​គាត់​ចង់​ស្គាល់​ព្រះ​ជាម្ចាស់​ថែម​ទៀត​ទេ? តើ​គាត់​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដោយ​ខ្លួន​ឯង​ដែរ​ឬ​ទេ? តើ​គាត់​មាន​ចិត្ត​ឆេះឆួល​ចង់​ស្ដាប់​ការ​អធិប្បាយ​ដែរ​ឬ​ទេ?

នៅ​ក្នុង​ក្រុមជំនុំ គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ឲ្យ​នារី​ស្វែងរក​បុរស​បែប​នោះ។ ប្រសិនបើ​អ្នក​ទៅ​ក្រុមជំនុំ​ដែល​បង្រៀន​ព្រះ​បន្ទូល​យ៉ាង​ស្មោះត្រង់ នោះ​អ្នក​នឹង​មាន​សុវត្ថិភាព​ជាង​ការ​ទៅ​កន្លែង​ផ្សេង ព្រោះ​បុរស​ដែល​ទៅ​ក្រុមជំនុំ​បែប​នោះ​គាត់​មាន​ចំណាប់​អារម្មណ៍​នឹង​ព្រះ​បន្ទូល។

៤. បុរស​នោះ​ដាច់​ខាត​ត្រូវ​សង្វាត​តាម​ភាព​បរិសុទ្ធ

«ដើម្បី​ថ្វាយ​ក្រុម​ជំនុំ​នេះ​ដល់​ព្រះ​អង្គ ទុក​ជា​ក្រុម​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​មួយ​ដូច​នោះ​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ» (អេភេសូរ ៥:២៧ គកស)។

ក្រោយ​ពី​រៀបការ​រួច ទើប​ខ្ញុំ​ដឹង​ពី​កម្រិត​នៃ​អំពើ​បាប​របស់​ខ្ញុំ។

ជីវិត​អាពាហ៍ពិពាហ៍ គឺ​ការ​យក​មនុស្ស​អាត្មានិយម​ពីរ​នាក់​ឲ្យ​មក​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ។ ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​រស់​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ជំរុញ​យើង​ឲ្យ​សង្វាត​តាម​ភាព​បរិសុទ្ធ។ ហើយ​ឧបករណ៍​ដ៏​ល្អ​បំផុត​មួយ​ដែល​ព្រះជាម្ចាស់​ប្រើ ដើម្បី​ញែក​យើង​ជា​បរិសុទ្ធ គឺ​ប្ដី​ប្រពន្ធ។

ខ្ញុំ​នឹង​មិន​ឲ្យ​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​របស់​ខ្ញុំ​ទៅ​លើ​បុគ្គល​ណា​ផ្សេង ក្រៅ​តែ​ពី​បុគ្គល​ដែល​ខ្ញុំ​បាន​រៀបការ​ជាមួយ​នោះ​ឡើយ។ គាត់​ជា​បុគ្គល​ដែល​ឃើញ​ពី​ចិត្ត​ល្អ និង​ចិត្ត​អាក្រក់​របស់​ខ្ញុំ។ គាត់​ឃើញ​ពី​រឿងរ៉ាវ​ជីវិត​របស់​ខ្ញុំ ដែល​មនុស្ស​ភាគច្រើន​មិន​អាច​មើល​ឃើញ។ គាត់​នឹង​ឃើញ​ពី​អំពើ​បាប​ដែល​ខ្ញុំ​ប្រព្រឹត្ត។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ត្រង់​ថា តើ​បុគ្គល​នោះ​នឹង​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ឆ្ពោះ​ទៅ​កាន់​ភាព​ដូច​ព្រះគ្រីស្ទ​បាន​ដែរ​ឬ​ក៏​អត់ ពេល​ឃើញ​ខ្ញុំ​ប្រព្រឹត្ត​ដូច​នេះ?

មុន​នឹង​អ្នក​ចាប់​ផ្ដើម​សួរ​ថា តើ​បុរស​នោះ​នឹង​មើល​ថែរក្សា​ព្រលឹង​វិញ្ញាណ និង​ការ​ញែក​ជា​បរិសុទ្ធ​របស់​អ្នក អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​សិន​ថា តើ​គាត់​មាន​មើល​ថែ​ខ្លួន​ឯង​ដែរ​ឬ​ទេ?

ប្រសិនបើ​បុរស​ម្នាក់​មិន​រាប់​អំពើ​បាប​ខ្លួន​ថា ជា​រឿង​ដ៏​ធ្ងន់ធ្ងរ ហើយ​ប្រសិនបើ​គាត់​មាន​ពេញ​ទៅ​ដោយ​អំនួត ហើយ​ចូល​ចិត្ត​និយាយ​តែ​ពី​អ្វី​ដែល​គាត់​បាន​សម្រេច​ឬ​ក៏​មាន​ជ័យជម្នះ ឬ​ក៏​ចូល​ចិត្ត​ចង្អុល​ពី​ទម្ងន់​នៃ​អំពើ​បាប​អ្នក​ដទៃ នោះ​មាន​ន័យ​ថា គាត់​​ជា​បុរស​ដែល​មិន​អើពើ​ពី​ការសង្វាត​ឲ្យ​បាន​បរិសុទ្ធ។ ក្នុង​កាលៈទេសៈ​ដូច​នេះ ដាច់ខាត​អ្នក​ត្រូវ​តែ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​គាត់ ព្រោះ​ការ​នោះ​បង្ហាញ​ថា បុរស​មិន​អាច​នឹង​ដឹកនាំ​អ្នក​ក្នុង​ការ​ញែក​ជា​បរិសុទ្ធ​បាន​ឡើយ ប្រសិនបើ​គាត់​មិន​ទាំង​ដឹក​នាំ​ខ្លួន​ឯង​បាន​ផង​នោះ។

តើ​អ្នក​អាច​នឹង​ទុក​ចិត្ត​បុរស​នោះ​ឲ្យ​ទៅ​ដឹកនាំ​កូនៗ​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​ភាពបរិសុទ្ធ​បាន​ដោយ​របៀប​ណា​ទៅ បើ​គាត់​មិន​ទាំង​សង្វាត​ដេញ​តាម​ភាព​បរិសុទ្ធ​ផង​នោះ?

តើ​អ្នក​អាច​នឹង​ជឿ​ទុក​ចិត្ត​បាន​ថា បុរស​នោះ​នឹង​រត់​គេច​ពី​ស្ត្រី​ដែល​មក​លួងលោម​គាត់​បាន​ដោយ​របៀបណា?

តើ​បុរស​នោះ​បាន​ចុះចូល​ជា​មួយ​នឹង​បុរស​ផ្សេងៗ​ក្នុង​ការ​ដែល​គេ​កែ​តម្រង់​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​ដែល​គេ​ប្រព្រឹត្ត​អ្វី​ខុស​ដែរ​ឬ​អត់? តើ​គាត់​បាន​ប្រឹក្សា​ជាមួយ​បុរស​ដែល​មាន​វ័យ​ចាស់​ជាង​គាត់ ឬ​អ្នក​ដែល​មាន​ជំនឿ​រឹង​មាំ​ជាង​គាត់​ដែរ​ឬ​ទេ? តើ​គាត់​ចូល​ចិត្ត​មើល​រឿង​ប្រភេទ​អី? តើ​គាត់​ចូល​ចិត្ត​ស្ដាប់​តន្ត្រី​ប្រភេទ​ណា? តើ​គាត់​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ និង​ចូល​ចិត្ត​ស្ដាប់​ការ​អធិប្បាយ​ដែល​ចាក់ចុច​ចិត្ត​របស់​គាត់​ដែរ​ឬ​ទេ? កណ្ឌ​គម្ពីរ ហេព្រើរ ៤:១២ បាន​ចែង​ថា «…ឯ​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សម្រេច​ដែរ»។ តើ​គាត់​បាន​​លន់តួ​បាប​របស់​ខ្លួន​ដែរ​ឬ​ទេ? តើ​គាត់​ពិតជា​ទទួល​ជឿ​ថា គាត់​ស័ក្ដិសម​នឹង​ទៅ​ស្ថាននរក​ដោយ​សារ​អំពើ​បាប​របស់​ខ្លួន​ដែរ​ឬ​ទេ?

អ្នក​ត្រូវ​ការ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ទាំង​អស់​នេះ​ផង​ដែរ ពីព្រោះ​បុរស​នោះ​អាច​នាំ​អ្នក​បាន​ទៅ​ដល់​ត្រឹម​តែ​​កម្រិត​មួយ​ដែល​គាត់​មាន​បំណង​នាំ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

៥. គាត់​ដាច់​ខាត​ត្រូវ​អ្នក​ផ្គត់ផ្គង់ និង​ជា​អ្នក​ការពារ

«ដូច្នេះ​ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ឲ្យ​ដូច​ជា​ស្រឡាញ់​រូបកាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង​ហើយ។ ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ម្នាក់​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម ដូច​ព្រះ​គ្រីស្ទ​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​ដល់​ក្រុម​ជំនុំ។» (អេភេសូរ ៥:២៨-២៩ គកស)។

ពិត​ណាស់! ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ប្ដី​ឲ្យ​មក​ផ្គត់ផ្គង់ ហើយ​ការពារ​គ្រួសារ​របស់​គាត់។ បន្ទាប់​ពី​បុរស និង​ស្ត្រី​បាន​រៀបការ​ជាមួយ​គ្នា នោះ​មាន​ន័យ​ថា ពួកគាត់​បាន​ត្រឡប់​ជា​សាច់​តែ​មួយ ហើយ​ប្ដី​មិន​មែន​គ្រាន់តែ​ខ្វល់​តែ​ពី​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ត្រូវ​ចេះ​ស្រឡាញ់​ប្រពន្ធ​ខ្លួន នៅពេលដែល​អ្នក​ទាំង​ពីរ​នៅ​មាន​ដង្ហើម។

បុរស​អាត្មានិយម​នឹង​មិន​អាច​គិត​ពី​អ្នក​ដទៃ​​ក្រៅពី​ខ្លួន​ឯង​បាន​ឡើយ ហើយ​ការ​នោះ​នឹង​បណ្ដាល​ឲ្យ​ប្រពន្ធ​គាត់​គិត​ចង់​ឲ្យ​អ្នក​ដទៃ​មក​ថែរក្សា​គាត់​ជំនួស​វិញ។ ការ​ដែល​នារី​ម្នាក់​ត្រូវ​រៀបការ​ជា​មួយ​នឹង​បុរស​ម្នាក់​ដែល​អាច​ផ្គត់ផ្គង់​ប្រពន្ធ​ខ្លួន ជា​ការ​សំខាន់​ណាស់ ហើយ​មិនមែន​គ្រាន់​តែ​ផ្គត់ផ្គង់​ខាង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​ខាង​ព្រលឹង​វិញ្ញាណ​ផង​ដែរ។

ហេតុ​អ្វី​បាន​ជា​ចំណុច​ទាំង​នេះ​សំខាន់​ម៉្លេះ?

«ប៉ុន្តែ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​គោរព​ប្ដី​របស់​ខ្លួន​ដែរ» (អេភេសូរ ៥:៣៣ គកស)។

ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ឱកាស​មួយ ដើម្បី​ឲ្យ​យើង​កាន់តែ​យល់​អំពី​ដំណឹងល្អ។ ហើយ​វា​ក៏​ជា​ឱកាស​មួយ ដើម្បី​ឲ្យ​យើង​បង្ហាញ​អំពី​ដំណឹងល្អ​ដល់​លោកីយ៍​ដែល​កំពុង​ស្លាប់ ដល់​លោកីយ៍​ដែល​មិន​ស្គាល់​ពី​គន្លឹះ​នៃ​សេចក្ដី​ស្រឡាញ់​ដូច​នេះ​ទាល់តែ​សោះ។

ជីវិត​អាពាហ៍ពិពាហ៍​ដែល​សង់​គ្រឹះ​លើ​ដំណឹងល្អ គឺ​ជា​រូបភាព​ដ៏​ស្រស់ស្អាត​មួយ​ដែល​ចង្អុល​បង្ហាញ​អំពី​ចំណុច​នៃ​សេចក្ដី​ពិត​ដ៏​ខ្ពស់​បំផុត។

ស្វាមី​ដែល​បម្រើ​ភរិយា​ខ្លួន ហើយ​ដឹកនាំ​នាង​ដោយ​ក្ដី​ស្រឡាញ់ គឺ​ជា​រូបភាព​ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ និង​ការ​ដែល​ទ្រង់​បាន​លះបង់​ព្រះជន្ម ដើម្បី​កូន​ក្រមុំ​របស់​ទ្រង់​ដែល​ជា​ក្រុមជំនុំ​យ៉ាង​ដូច្នោះ​ដែរ។ ហើយ​ការ​ដែល​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ព្រម​ដាក់​ក្ដី​ប្រាថ្នា​របស់​ខ្លួន ហើយ​ឱប​ក្រសោប​នូវ​តួនាទី​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​ក្នុង​ការ​ធ្វើ​ជា​អ្នក​ជំនួយ​ដល់​ប្ដី​ខ្លួន​ដោយ​ក្ដី​ស្រឡាញ់ និង​ដោយ​ការ​លះបង់ នោះ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​ល្អ​ស្ដី​ពី​ការ​ដែល​ក្រុមជំនុំ​ចុះចូល​ចំពោះ​ព្រះគ្រីស្ទ ហើយ​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​ទ្រង់។

នៅ​ស្ថាន​សួគ៌​មិន​មាន​ការ​រស់នៅ​ជា​ប្ដីប្រពន្ធ​ដូច​នៅ​ផែនដី​ឡើយ។ ខ្ញុំ​សុំ​កែ​សម្ដី​ត្រង់​នេះ​បន្តិច។ នៅ​ស្ថាន​សួគ៌​មាន​តែ​ការ​រៀប​វិវាហមង្គល​មួយ​ប៉ុណ្ណោះ គឺ​រវាង​ព្រះ​គ្រីស្ទ និង​ក្រុមជំនុំ​របស់​ទ្រង់។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​យើង​គឺ​ខ្ពង់ខ្ពស់​ណាស់ ពីព្រោះ​បេសកកម្ម​របស់​យើង​គឺ ដើម្បី​បង្ហាញ​ប្រាប់​ដំណឹងល្អ​ទៅ​កាន់​លោកីយ៍​ដែល​កំពុង​តែ​ស្លាប់ តាមរយៈ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់។ វា​គឺ​ជា​ការ​ដ៏​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ទទួល​ស្គាល់​ថា ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ឱកាស ហើយ​ក៏​ជា​អភ័យឯកសិទ្ធិ ដើម្បី​ឲ្យ​យើង​បង្ហាញ​ប្រាប់​ដំណឹងល្អ​ទៅ​កាន់​លោកីយ៍​ដែល​កំពុង​តែ​ស្លាប់​នេះ មិន​មែន​ឲ្យ​យើង​រក​ភាព​អរសប្បាយ​សម្រាប់​ខ្លួន​ឯង​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​មែន​ទែន​ក្នុង​ការ​ជ្រើស​រើស​គូរ​អនាគត​របស់​ខ្លួន។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.thecripplegate.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

18 Points
Upvote Downvote

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចូរ​បន្ទាបខ្លួន

ឲ្យ​ខ្ញុំទាំង​អស់