តើលោកអ្នកមានអំណរដែរឬទេ?
ការដែលយើងមានឱកាសស្តាប់ព្រះបន្ទូលព្រះ ក៏ដូចជាច្រៀងសរសើរតម្កើងព្រះអង្គជាព្រះនៅលើអស់ទាំងព្រះ នេះគឺជាក្តីអំណរ។ ព្រះអង្គបានបង្កើតគ្រប់ការទាំងអស់ ដែលទ្រង់ពិតជាស័ក្តិសមឲ្យយើងសរសើរតម្កើងព្រះនាមទ្រង់។ នេះហើយជាអំណរមួយរបស់យើង ដែលជាគ្រីស្ទបរិស័ទ។ ប្រសិនបើយើងគិតជាទូទៅ មនុស្សគ្រប់គ្នាគឺចង់បានសេចក្តីអំណរ ការអរសប្បាយ និងភាពរីករាយ។ មនុស្សគ្រប់រូប គេខិតខំប្រឹងធ្វើការយ៉ាងលំបាក គេខំរៀនសូត្រ ខិតខំធ្វើអ្វីទាំងអស់គឺ ដើម្បីចង់បានអំណរ សេចក្តីសុខសាន្ត និងភាពរីករាយ មិនថា ជាតិសាសន៍ណាក៏ដោយ គឺសុទ្ធតែចង់បាននូវសេចក្តីអំណរ និងភាពសប្បាយរីករាយ ចង់បាននូវអំណរមួយដែលយូរអង្វែង មិនមែនតែមួយភ្លែតនោះទេ។
ហេតុដូច្នេះហើយបានជាមនុស្សគ្រប់គ្នាខំធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យបាននូវសេចក្តីអំណរនោះ។ ក៏ប៉ុន្តែ ពេលខ្លះមនុស្សបានស្វែងរកអំណរនោះនៅកន្លែងមិនត្រឹមត្រូវ។ សូម្បីតែមនុស្សដែលធ្វើអត្តឃាតខ្លួនឯងក៏គេគិតថា គេចង់រួចផុតពីការលំបាកដែរ គេចង់ទៅកន្លែងមួយដែលគេគិតថាមានអំណរ គេគិតថាប្រហែលជាពេលស្លាប់ទៅ នោះគេនឹងមានសេចក្តីសុខសាន្ត ឬអំណរណាមួយដែលគេចង់បាន។ ខ្ញុំជឿថា មនុស្សគ្រប់គ្នាគឺចង់បាននូវសេចក្តីអំណរមួយដ៏យូរអង្វែង ហើយស្ថិតស្ថេរ។ ពេលខ្លះ មនុស្សបានដាក់ទុនជីវិតរបស់គេនៅចំកន្លែងមួយដែលមិនត្រឹមត្រូវ។ សព្វថ្ងៃនេះ មនុស្សជាទូទៅបានដាក់ក្ដីសង្ឃឹម ក្ដីអំណរទៅលើអ្វីដែលពួកគេមានដូចជា ឡាន វីឡាស្កឹមស្កៃ ហើយមាននារីដ៏ស្រស់ស្អាត នោះគេនឹងអរសប្បាយ។ ក៏ប៉ុន្តែ ប្រសិនបើយើងពិនិត្យមើលឲ្យមែនទែន ដូចជាសេដ្ឋីមួយចំនួននៅក្នុងប្រទេសយើង នៅពេលដែលគេបានទៅដល់ចំណុចនោះ គេហាក់ដូចជាមានអារម្មណ៍ថា គេមិនទាន់ទទួលបាននូវអំណរនោះឡើយ ហើយគេក៏ចាប់ផ្ដើមស្វែងរកអ្វីមួយផ្សេងទៀត។ ចំពោះយើងដែលជាគ្រីស្ទបរិស័ទ យើងតែងតែនិយាយថា ជីវិតជាគ្រីស្ទបរិស័ទ គឺយើងមានសេចក្តីអំណរ ដែលមនុស្សមួយចំនួនមិនបានយល់ថា អ្វីទៅគឺសេចក្តីអំណរនោះ។ យើងតែងតែនិយាយថា បងប្អូនមានអំណរទេ? មានស្ត្រីម្នាក់បានចោទសួរថា៖ អ្វីទៅសេចក្តីអំណរ? ពេលខ្លះយើងមានអារម្មណ៍ថាវាជារឿងសាមញ្ញទៅហើយ ដែលយើងជាគ្រីស្ទបរិស័ទនិយាយពាក្យអំណរនេះ។ យ៉ាងណាមិញ ចំពោះអ្នកដែលពុំទាន់បានស្គាល់យើង គាត់មិនទាន់បានយល់នោះទេថា អ្វីទៅជាសេចក្តីអំណរ។ ហេតុអ្វីបានជាយើងត្រូវមានអំណរ? តើអំណរដ៏ពិតប្រាកដមានលក្ខណៈបែបណា?
យើងចង់រស់នៅក្នុងជីវិតមួយដែលមានការផ្លាស់ប្រែ ហើយរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងសុខភាព និងជីវិតខាងឯព្រលឹងវិញ្ញាណ។ យើងនឹងសិក្សាពីផលផ្លែនៃព្រះវិញ្ញាណ ដែលយើងអាចរកឃើញនៅក្នុងព្រះគម្ពីរ កាឡាទី ៥:២២-២៣។ យើងនឹងផ្ដោតទៅលើលក្ខណសម្បត្តិមួយទៀតនៃផលផ្លែរបស់ព្រះវិញ្ញាណគឺ អំណរអរ។ «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ» (កាឡាទី ៥:២២-២៣)។ ដូច្នេះ យើងបានឃើញហើយថា លក្ខណសម្បត្តិមួយនៃផលផ្លែខាងឯវិញ្ញាណគឺ៖ អំណរអរ។
តើអ្វីទៅជាអំណរអរ?
យើងបានដឹងហើយថា ពេលខ្លះយើងមានការពិបាកក្នុងការពន្យល់នូវអត្ថន័យនៃពាក្យ «អំណរអរ»។ វចនានុក្រមភាសាខ្មែរបានពន្យល់ថា «អំណរ» គឺបានមកពីពាក្យ «អរ» ដែលអរនោះមានន័យថា «សប្បាយរីករាយ» នោះឯងគឺជាអត្ថន័យនៃ «អំណរ» ដែលបានមកពីពាក្យ «អរ»។ យ៉ាងណាមិញ ដោយសារតែនៅក្នុងព្រះគម្ពីរបានប្រើពាក្យសេចក្តីអំណរ ហើយវចនានុក្រមសម្តេច ជួន ណាត បោះពុម្ពក្រោយព្រះគម្ពីរដែលហាមមិនឲ្យប្រើពាក្យ «សេចក្តីអំណរ» តែអាចប្រើពាក្យ «សេចក្តីអរ» បាន ព្រោះពាក្យមិនអាចប្រើនាមជាមួយគ្នាពីរដង។ នេះគ្រាន់តែជាការប្រើពាក្យពេចន៍នៃភាសាខ្មែររបស់យើង ដែល «អំណរ» បានមកពីពាក្យ «អរ»។ ប៉ុន្តែ ប្រសិនបើយើងពិនិត្យអត្ថន័យដើមនៃពាក្យ «អំណរ» នៅក្នុងព្រះគម្ពីរ តើមានន័យយ៉ាងដូចម្តេច ជាពិសេសនៅក្នុងបរិបទនៃកណ្ឌគម្ពីរកាឡាទីនេះ។
យើងឃើញហើយថា «អំណរ» គឺជាអត្ថន័យដែលបានមកពីព្រះជាម្ចាស់។ អំណរនេះឯង គឺជាអារម្មណ៍ដ៏ល្អមួយដែលបានមកពីព្រះជាម្ចាស់ មិនមែនជាអ្វីដែលមាននៅផែនដីនេះទេ។ នេះជាអ្វីដែលព្រះជាម្ចាស់បានផ្តល់មកឲ្យមនុស្ស ហើយមានតែគ្រីស្ទបរិស័ទតែប៉ុណ្ណោះដែលអាចមានអំណរនេះបាន។ ហើយអំណរនេះឯង គឺជាអំណរមួយដែលមិនពឹងផ្អែកទៅលើស្ថានភាពនៅខាងក្រៅ ប៉ុន្តែគឺជាអំណរមួយដែលផុសចេញពីខាងក្នុង។ ទោះបើមានស្ថានភាពលំបាកកើតឡើងនៅជុំវិញក៏ដោយ ក៏អំណររបស់គ្រីស្ទបរិស័ទ គឺជាអំណរដែលមាននៅខាងក្នុង គឺជាអំណរដែលបានមកពីព្រះជាម្ចាស់ ហើយអំណរនោះឯងពឹងផ្អែកទៅលើព្រះជាម្ចាស់ ពឹងផ្អែកទៅលើចរិតលក្ខណៈរបស់ព្រះជាម្ចាស់ ជាជាងពឹងផ្អែកទៅលើអ្វីដែលនៅជុំវិញ និងអ្វីដែលបានកើតឡើង។ នេះហើយគឺជាភាពខុសគ្នាពីអំណរ ពីសេចក្តីអរ ពីការអរសប្បាយរបស់លោកីយ៍។ លោកីយ៍ព្យាយាមចង់បានការអរនោះឯង ប៉ុន្តែគេពុំអាចរកបានដោយកម្លាំងខ្លួនគេនោះទេ ហើយគេក៏មិនអាចប្រឹងឲ្យបាននោះដែរ លុះត្រាតែមកពីព្រះជាម្ចាស់។ ដូច្នេះហើយបានជាយើងឃើញ និងធ្លាប់ឮពាក្យអំណរមកពីព្រះអង្គ ដែលពាក្យដើមនៃពាក្យអំណរ បានមកពីព្រះគុណ ដែលភាសាអង់គ្លេសថា “cherish” ជាភាសាខ្មែរយើងគឺ «ព្រះគុណ»។ ព្រះគុណគឺជាអ្វីដែលព្រះអង្គបានប្រទានមក អ្វីដែលទ្រង់បានផ្តល់មក ហើយពុំមែនជាអ្វីមួយដែលបានធ្វើ និងបានមកដោយការខំប្រឹងប្រែងរបស់យើងនោះទេ ។
ដូច្នេះ សេចក្តីអំណរគឺជាអារម្មណ៍មួយដ៏ពិសេសដែលបានមកពីព្រះជាម្ចាស់ ដែលព្រះអង្គបានផ្តល់មកដោយមិនពឹងផ្អែកទៅលើស្ថានភាពនៅជុំវិញ តែពឹងផ្អែកទៅលើព្រះជាម្ចាស់ និងលក្ខណសម្បត្តិរបស់ព្រះអង្គផ្ទាល់។ ទាំងនេះគឺជាអ្វីដែលយើងចង់លើកយកមកនិយាយនៅកន្លែងនេះ។ លោកគ្រូ ចន ផាបភ័រ (John Piper) បានឲ្យនិយមន័យទៅលើពាក្យអំណរថា «អំណររបស់ព្រះគ្រីស្ទ គឺជាអារម្មណ៍ដ៏ល្អមួយនៅខាងក្នុងព្រលឹងរបស់យើង ដែលព្រះវិញ្ញាណបរិសុទ្ធបង្កើតឲ្យមានឡើងនៅពេលដែលទ្រង់បើកភ្នែកយើង ឬបណ្តាលឲ្យយើងមើលឃើញពីភាពស្រស់ស្អាត ពីសោភ័ណភាពរបស់ព្រះគ្រីស្ទនៅក្នុងព្រះបន្ទូលរបស់ផងព្រះអង្គ»។ នេះមានន័យថា ព្រះវិញ្ញាណរបស់ព្រះអង្គបណ្តាលឲ្យយើងឃើញពីសោភ័ណភាពរបស់ព្រះគ្រីស្ទនៅក្នុងព្រះបន្ទូល និងអ្វីដែលនៅក្នុងពិភពលោកនេះ។ នេះជាអំណររបស់គ្រីស្ទបរិស័ទដែលយើងចង់និយាយអំពី ហើយនេះគឺជាសេចក្តីអំណរមួយដែលជីវិតគ្រីស្ទបរិស័ទគួរតែបង្ហាញឲ្យឃើញនៅក្នុងជីវិតរបស់ពួកគាត់។ នៅពេលដែលយើងនិយាយពីគ្រីស្ទបរិស័ទគឺមានព្រះវិញ្ញាណនៅក្នុងជីវិត ហើយកាលណាដែលមានព្រះវិញ្ញាណនៅក្នុងជីវិត នោះនឹងមានផលផ្លែនៃព្រះវិញ្ញាណនៅក្នុងជីវិតដែរ។ បងប្អូនប្រហែលជាចាប់ផ្តើមគិតថា តើយើងកំពុងតែរស់នៅក្នុងអំណរដែរឬទេ? នេះគឺជាពេលមួយដែលយើងអាចសួរខ្លួនឯងថា តើមានអ្វីខុសប្លែកនៅក្នុងជីវិតរបស់ខ្ញុំ? តើខ្ញុំកំពុងរស់នៅដោយមានអំណរមកពីព្រះអង្គដែរឬទេ?
ហេតុអ្វីបានជាយើងចង់រស់នៅដោយមានអំណរ?
មុនពេលដែលខ្ញុំនិយាយថា តើយើងអាចមានអំណរយ៉ាងដូចម្តេចបាន? ខ្ញុំចង់សួរថា ហេតុអ្វីបានជាយើងចង់រស់នៅដោយមានអំណរ? ប្រសិនបើយើងពិនិត្យមើលនៅក្នុងព្រះគម្ពីរ យើងនឹងឃើញថាមានការចែងជាច្រើនទាក់ទងនឹងអំណរ ដ៏សប្បាយរីករាយ ហើយក៏មានទាំងការបង្គាប់បញ្ជាដែរ។ ខ្ញុំមានមូលហេតុពីរយ៉ាងដែលខ្ញុំចង់លើកយកមកនិយាយទីមួយគឺ អំណរគឺជាការបង្គាប់បញ្ជា។ ពេលខ្លះយើងមានអារម្មណ៍ថា ព្រះអង្គបង្គាប់យើងឲ្យធ្វើនូវអ្វីដែលយើងហាក់បីដូចជាធ្វើមិនបាន។ ព្រះអង្គបានបង្គាប់បញ្ចាយើងឲ្យយើងស្រឡាញ់ដល់ខ្មាំងសត្រូវ។ យើងដឹងហើយថា យើងមិនអាចស្រឡាញ់ខ្មាំងសត្រូវបានដោយកម្លាំងខ្លួនឯងឡើយ ប៉ុន្តែព្រះអង្គបានបង្គាប់ឲ្យយើងស្រឡាញ់។ អ្វីដែលយើងមានសង្ឃឹមនោះ គឺថា ព្រះអង្គបានផ្តល់ព្រះវិញ្ញាណបរិសុទ្ធដល់យើង ហើយព្រះវិញ្ញាណបរិសុទ្ធនឹងផ្តល់លទ្ធភាពឲ្យយើងអាចស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើងបាន។
យើងបានដឹងហើយថា អំណរគឺជាផលផ្លែខាងឯវិញ្ញាណ ហើយព្រះអង្គបានបង្គាប់យើងថា ចូរមានអំណរជានិច្ច។ «ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង» (ភីលីព ៤:៤)។ នេះគឺជាអ្វីដែលសាវ័ក ប៉ុល បានលើកយកមកដាស់តឿនពួកជំនុំនៅទីក្រុងភីលីព។ ប្រសិនបើយើងយល់ពីបរិបទរបស់សាវ័ក ប៉ុល ដែលកំពុងតែជួបប្រទះក្នុងកាលៈទេសៈពេលនោះ នោះយើងមានអារម្មណ៍ថា តើឲ្យយើងមានអំណរយ៉ាងដូចម្តេច ដែលពេលនោះសាវ័ក ប៉ុល កំពុងតែជាប់ឃុំឃាំងនៅមន្ទីរឃុំឃាំងនៅឡើយ។ សាវ័ក ប៉ុល បានដាស់តឿនទៅដល់ពួកជំនុំនៅទីក្រុងភីលីពថា ចូរអរសប្បាយឡើង។ តើលោកអ្នកយល់យ៉ាងដូចម្តេចដែរ ហើយអ្វីទៅជាសេចក្តីអំណរដ៏ពិតប្រាកដរបស់សាវ័ក ប៉ុល? ប្រសិនបើយើងពិនិត្យមើលជីវិតរបស់សាវ័ក ប៉ុល នោះយើងនឹងឃើញថា អំណររបស់គាត់មិនពឹងលើស្ថានភាពជុំវិញរបស់ខ្លួននោះទេ។ ខ្ញុំគិតថា ប្រសិនបើគាត់ពឹងផ្អែកទៅលើស្ថានភាពដែលនៅជុំវិញគាត់ ដែលកំពុងតែជាប់ឃុំនោះ នោះយើងឃើញថាពិបាកនឹងមានអំណរសប្បាយណាស់។
ប៉ុន្តែ សាវ័ក ប៉ុល មិនត្រឹមតែមានអំណរសប្បាយនៅក្នុងជីវិតរបស់គាត់ប៉ុណ្ណោះទេ គាត់ថែមទាំងប្រាប់ឲ្យពួកគេមានអំណរថែមទៀតផង។ នៅក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនិច ៥:១៦ បានចែងថា «ចូរអរសប្បាយជានិច្ច»។ យើងមិនមែនអរសប្បាយតែមួយភ្លែត ប៉ុន្តែអរសប្បាយជានិច្ច។ ពាក្យ «ជានិច្ច» មានន័យថា «រាល់ថ្ងៃ»។ នេះហើយគឺជាអ្វីមួយដែលជីវិតគ្រីស្ទបរិស័ទគួរតែបង្ហាញឲ្យឃើញ។ មានពេលខ្លះយើងហាក់ដូចជាបាត់អំណរ ពេលដែលយើងមើលទៅអ្នកដែលនៅជុំវិញយើង ពេលឃើញគេមានគ្រប់យ៉ាង ដែលតាមពិតទៅរបស់ទាំងនោះធ្វើឲ្យគេមានអំណរតែមួយភ្លែត។ បើជីវិតយើងជាគ្រីស្ទបរិស័ទបាត់អំណរ នោះខ្ញុំគិតថា មានអ្វីមួយដែលមិនត្រឹមត្រូវក្នុងជីវិតរបស់យើង ហើយយើងគួរតែពិនិត្យមើលជីវិតនេះ។ មូលហេតុទី១ ដែលគ្រីស្ទបរិស័ទត្រូវមានអំណរ គឺដោយសារព្រះអង្គបង្គាប់ ទ្រង់សព្វព្រះហឫទ័យឲ្យយើងមានអំណរ។ ទី២ អំណរគួរតែជាអត្តសញ្ញាណរបស់គ្រីស្ទបរិស័ទ ដែលគេមើលឃើញថា «អូ! គាត់មានអំណរ ទោះជាគាត់មានបញ្ហាខាងថវិកា ក្រលំបាក ប៉ុន្តែគាត់មានអំណរនៅខាងក្នុងដែលមកពីព្រះជាម្ចាស់»។ នេះហើយគឺជាអ្វីដែលខុសប្លែកពីអំណររបស់លោកីយ៍។ មួយវិញទៀត ខ្ញុំនឹងបញ្ជាក់ថា តើយើងមានសេចក្តីអំណរយ៉ាងដូចម្តេច។ យើងត្រូវដឹងថាវាជាអត្តសញ្ញាណ ជាផលផ្លែខាងឯព្រលឹងវិញ្ញាណ មិនមែនជាអ្វីដែលយើងធ្វើនោះទេ។
តើយើងអាចមានអំណរជានិច្ចបានដោយរបៀបណា?
ពេលខ្លះយើងនិយាយថា «ចូរមានអំណរ» នោះស្រួលថាណាស់ ប៉ុន្តែការអនុវត្តនៅក្នុងការរស់នៅប្រចាំថ្ងៃ មិនងាយស្រួលឡើយ។ វាស្រដៀងគ្នានឹងសេចក្តីស្រឡាញ់៖ វាជាការងាយស្រួលដែលយើងនិយាយថា ស្រឡាញ់ទៅលើនរណាម្នាក់ ប៉ុន្តែពេលអនុវត្ត នោះវាមិនមែនជាការងាយស្រួលទេ ពេលដែលយើងស្រឡាញ់មនុស្សមិនគួរឲ្យស្រឡាញ់។ យើងដឹងហើយថា អំណរគឺជាផលផ្លែនៃព្រះវិញ្ញាណ ហើយអំណរដ៏ពិតប្រាកដនោះគួរតែផុសចេញពីខាងក្នុង។ ទោះជាយ៉ាងណាក្តី ព្រះអង្គក៏សព្វព្រះហឫទ័យឲ្យយើងសហការជាមួយទ្រង់ដែរ។ យើងត្រូវតែងាកទៅរកព្រះអង្គ ដើម្បីឲ្យយើងបាននូវផលផ្លែនោះ។ អត្ថបទមួយបាននិយាយទាក់ទងពីផលផ្លែនៃព្រះវិញ្ញាណដែលទទួលបានសេចក្តីអំណរ គឺគាត់បានសរសេរប្រៀបធៀបទៅនឹងផ្លែឈើ នៅពេលដែលគេបេះ ប្រៀបដូចដែលព្រះវិញ្ញាណបានបេះផ្លែឈើនោះទម្លាក់មក។ ផ្លែឈើបានបេះទម្លាក់មកហើយ ប៉ុន្តែសំណួរសួរថា តើយើងព្រមរើសផ្លែឈើ ឬក៏ព្រមយកកញ្ឆេរមកត្រង ដើម្បីទទួលយកផលផ្លែនោះ ឬក៏យើងនឹងផ្កាប់
កញ្ឆេររបស់យើងនៅពេលដែលផលផ្លែបានជ្រុះមក?
ដូចគ្នានេះដែរ ជីវិតជាគ្រីស្ទបរិស័ទ នៅពេលដែលយើងជឿព្រះអង្គពិតប្រាកដ ហើយព្រះបន្ទូលបានប្រាប់ហើយថា នៅពេលដែលយើងជឿលើព្រះអង្គ នោះទ្រង់បានប្រទានព្រះវិញ្ញាណដែលជារបស់ផងព្រះអង្គ។ ហើយអំណរគឺជាលក្ខណសម្បត្តិមួយនៃផលផ្លែរបស់ព្រះវិញ្ញាណ។ នៅពេលដែលយើងមានព្រះវិញ្ញាណ ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណធ្វើការនៅក្នុងជីវិតរបស់យើង នោះផលផ្លែនោះឯងនឹងបង្ហាញឲ្យឃើញ។ តើយើងបានសហការជាមួយនឹងព្រះវិញ្ញាណ ដើម្បីទទួលបាននូវផលផ្លែនោះដែរឬទេ ឬក៏យើងបានផ្កាប់កញ្ឆេរនោះ រួចមានអារម្មណ៍ថា ទទេស្អាត? នេះគឺជាចំណុចមួយដែលខ្ញុំចង់ឲ្យយើងទាំងអស់គ្នាឆ្លុះបញ្ចាំងពីជីវិតរបស់យើង៖តើយើងកំពុងតែមានលក្ខណសម្បត្តិនៃផលផ្លែខាងឯវិញ្ញាណ គឺអំណរអរដែរឬទេ? ប្រសិនបើក្នុងជីវិតរបស់យើងហាក់ដូចជាមិនមាន តើមានអ្វីខុស ឬមានអ្វីកើតឡើងនៅក្នុងជីវិតរបស់យើង? យើងនឹងពិនិត្យមើលជាមួយគ្នាពីឧបសគ្គមួយចំនួននៅខាងក្រោមទៀត។
ខ្ញុំចង់លើកឡើងថា តើយើងអាចមានអំណរបានដោយរបៀបណា? កណ្ឌគម្ពីរកាឡាទី ៥:១៦ បានប្រាប់យើងថា ចូរឲ្យបានដើរក្នុងព្រះវិញ្ញាណ។ យើងឃើញហើយថា ផលផ្លែនៃព្រះវិញ្ញាណ ហើយសេចក្តីអំណរដែលយើងអាចមានបាន គឺតាមរយៈការដែលយើងដើរដោយព្រះវិញ្ញាណ និងអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំជីវិតរបស់យើង។ នេះហើយគឺជាអាថ៌កំបាំងនៃជីវិតដែលមានអំណរ។ កណ្ឌគម្ពីរ យ៉ូហាន ១៥:៥ បានចែងថា «ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ»។ នេះគឺជាអាថ៌កំបាំងនៃការដែលយើងមើលឃើញពីផលផ្លែនៃព្រះវិញ្ញាណ គឺនៅពេលដែលយើងនៅជាប់ជាមួយនឹងព្រះអង្គយ៉ាងជិតស្និទ្ធ។ តើយើងបានចំណាយពេលជាមួយនឹងព្រះអង្គដែរឬទេ? តើយើងបានអនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ផងព្រះអង្គដឹកនាំជីវិតយើងដែរឬទេ? យើងដឹងហើយថា ការដែលនៅជាប់ជាមួយព្រះអង្គ គឺជាការប្រកបស្និទ្ធស្នាលជាមួយនឹងទ្រង់ ហើយនិងការស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ។ តើយើងស្គាល់ព្រះបន្ទូលរបស់ព្រះអង្គដែរឬទេ? ព្រះបន្ទូលនេះហើយ គឺជាអាថ៌កំបាំងនៃការដែលព្រះអង្គផ្តល់ផលផ្លែនៃព្រះវិញ្ញាណ គឺសេចក្តីអំណរ។ នៅពេលដែលយើងស្គាល់ពីលក្ខណសម្បត្តិរបស់ផងព្រះអង្គ ការនោះនឹងធ្វើឲ្យយើងកាន់តែទុកចិត្តលើព្រះអង្គខ្លាំងឡើងៗ។ នៅពេលដែលយើងទុកចិត្តព្រះអង្គ ហើយមានកាលៈទេសៈជាច្រើនកើតឡើងចំពោះយើងដូចជា ទុក្ខលំបាកផ្សេងៗ ខ្លះមានជំងឺប្រចាំកាយ បងប្អូនរបស់ខ្លួនឈឺ ហើយខ្លះទៀតមានបញ្ហាក្នុងជីវិត។ ក្នុងកាលៈទេសៈបែបនេះ បើយើងមិនយល់ពីលក្ខណសម្បត្តិរបស់ព្រះអង្គ នោះវានឹងធ្វើឲ្យចិត្តយើងចាប់ផ្ដើមងាករេ សង្ស័យព្រះអង្គ។ ហើយយើងក៏ចាប់ផ្ដើមគិតថា តើព្រះអង្គឆ្លើយតបនឹងសេចក្តីទូលអង្វររបស់ខ្ញុំដែរឬទេ តើព្រះអង្គនឹងបំពេញសេចក្តីសន្យារបស់ព្រះអង្គដែរឬទេ? តែនៅពេលដែលយើងបានចំណាយពេលជាមួយនឹងព្រះអង្គ នៅពេលដែលយើងស្គាល់ព្រះអង្គ យើងដឹងថាព្រះអង្គទ្រង់ស្មោះត្រង់ អ្វីដែលព្រះអង្គសន្យានោះទ្រង់នឹងបំពេញ។ នៅពេលដែលយើងជួបបញ្ហាលំបាកយើងអាចនិយាយទៅកាន់ព្រះអង្គថា «អរគុណព្រះអង្គចំពោះការលំបាកដែលកើតឡើង ដ្បិតខ្ញុំជឿថា គ្រប់ការទាំងអស់កើតឡើងផ្សំគ្នាសម្រាប់ជាការល្អចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ»។ ប្រសិនបើយើងស្រឡាញ់ព្រះអង្គ នោះយើងអាចមើលឃើញពីផែនការធំដែលព្រះអង្គបានរៀបចំសម្រាប់យើង នោះយើងនឹងទុកចិត្តព្រះអង្គ ហើយសេចក្តីអំណរនឹងអាចផុសចេញពីគំនិតរបស់យើង។ ផ្ទុយទៅវិញប្រសិនបើយើងមិនបានស្គាល់ព្រះអង្គឲ្យបានច្បាស់ នៅពេលដែលមានព្យុះភ្លៀងអ្វីកើតឡើង នោះយើងនឹងចាប់ផ្តើមរង្គើ និងចាប់ផ្តើមងាកទៅរកអ្វីផ្សេងទៀត ដើម្បីបំពេញនូវសេចក្តីអំណរនោះជាមិនខាន។ ដូច្នេះ អំណរដ៏ពិតប្រាកដ គឺជាការមានទំនុកចិត្តដែលពឹងផ្អែកទៅលើលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ជាជាងពឹងផ្អែកលើស្ថានភាពដែលនៅជុំវិញ។
ឧបសគ្គក្នុងការមានអំណរ
ជាចុងក្រោយ តើអ្វីខ្លះជាឧបសគ្គដែលធ្វើឲ្យយើងបាត់ ឬមិនមានអំណរបាន? ប្រាកដណាស់! ជីវិតយើងរស់នៅជាគ្រីស្ទបរិស័ទ យើងដឹងច្បាស់ថា យើងមិនមែនមានអំណរគ្រប់ពេលនោះទេ ដែលពេលខ្លះមានអ្វីផ្សេងៗនៅក្នុងជីវិតរបស់យើង ដែលធ្វើឲ្យយើងមានអារម្មណ៍ហាក់ដូចជាបាត់នូវក្តីអំណរ។ ឧបសគ្គមួយដែលនៅក្នុងចំណោមឧបសគ្គផ្សេងៗទៀតសម្រាប់គ្រីស្ទបរិស័ទនោះគឺ អំពើបាប។ អំពើបាបធ្វើឲ្យយើងបាត់នូវសេចក្តី
អំណរ។ យើងដឹងហើយថា នៅពេលដែលអំពើបាបបានចូលមក យើងចាប់ផ្តើមមានអារម្មណ៍ថាមានពិរុទ្ធភាពដោយមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួន ដែលតែងតែគិតថាខ្លួនយើងបានធ្វើខុសអ្វីម៉្យាង។ ចំពោះអស់អ្នកដែលបន្ទាបខ្លួន គាត់នឹងសោកស្តាយចំពោះអំពើបាបដែលគាត់បានធ្វើ។ ទោះជាយ៉ាងណាក៏យើងនៅអាចបាត់នូវសេចក្តីអំណរមួយភ្លែតបានដែរ តែមិនអាចបាត់រហូតនោះទេ។ ប៉ុន្តែ បើយើងស្គាល់ពីលក្ខណសម្បត្តិរបស់ផងព្រះអង្គ នោះយើងដឹងថា យើងចូលទៅកាន់ព្រះអង្គ នៅពេលដែលយើងធ្វើបាប យើងអាចស្វែងរកនូវការអត់ទោសមកពីព្រះអង្គបាន។ នេះហើយគឺជាសេចក្តីសង្ឃឹមដែលយើងមានវិញ។ យ៉ាងណាមិញអំពើបាបគឺជាឧបសគ្គមួយដ៏ធំសម្រាប់យើង ដែលវាអាចលួចនូវសេចក្តីអំណរយើងដែលជាគ្រីស្ទបរិស័ទបាន។
ការមួយទៀតដែលអាចធ្វើឲ្យយើងបាត់នូវសេចក្តីអំណរ គឺជាការដែលយើងកំពុងស្ថិតនៅក្នុងសេចក្តីល្បួង
ផ្សេងៗពីអ្វីដែលនៅជុំវិញ ដែលយើងដឹងហើយថាអារក្សសាតាំងវាតែងតែចាំគ្រហឹម និងអូសទាញអ្នកដែល
ខ្សោយ។ នៅពេលដែលយើងទទួលនូវសេចក្តីល្បួង នោះពេលខ្លះវានឹងធ្វើឲ្យយើងរសាយចិត្តបាត់នូវសេចក្តីអំណរ។ ដូច្នេះហើយបានជាព្រះគម្ពីរតែងតែរម្លឹកប្រាប់យើងថា ចូរឲ្យយើងថ្វាយការលំបាក និងសេចក្តីល្បួងដែលយើងជួបប្រទះទៅកាន់ព្រះអង្គ ថ្វាយការទាំងអស់ទៅកាន់ព្រះអង្គ (១ពេត្រុស ៥:៧)។
ឧបសគ្គមួយទៀតនោះគឺ អំពើបាបមួយដែលទាក់ទងនឹងអំនួត ការដែលមិនចេះស្កប់ចិត្ត និងការដែលមិនចេះអរព្រះគុណដល់ព្រះអង្គ។ ការមិនស្កប់ចិត្តនេះហើយដែលនាំឲ្យយើងមិនចេះអរព្រះគុណព្រះអង្គ។ ការទាំងពីរនេះគឺទាក់ទងគ្នា។ ការដែលយើងចេះអរព្រះគុណចំពោះអ្វីដែលយើងមាននោះបណ្តាលឲ្យយើងស្កប់ចិត្ត ប៉ុន្តែកាលណាយើងមិនចេះអរព្រះគុណនូវអ្វីដែលយើងមាន នោះយើងក៏មិនចេះស្កប់ចិត្តឡើយ។ ហើយនៅពេលដែលយើងមិនស្កប់ចិត្ត នោះយើងមិនបានអរព្រះគុណព្រះអង្គទេ។ នៅពេលដែលយើងមិនស្កប់ចិត្តនៅខាងក្នុង នោះយើងនឹងមិនមានអំណរនៅក្នុងជីវិតឡើយ ហើយយើងចេះតែដេញចង់បានបន្តទៀត ដែលមិនចេះគ្រប់គ្រាន់ដែលមានភាពលំបាកក្នុងការបំពេញចិត្តនៅខាងក្នុងរបស់យើង។ យើងដឹងហើយថា មានតែព្រះគ្រីស្ទទេដែលអាចបំពេញនូវភាពខ្វះចន្លោះនៅក្នុងចិត្តរបស់យើងបាន។
ជាចុងក្រោយ ឧបសគ្គមួយទៀតគឺការដែលយើងខ្វះនូវសេចក្តីអធិស្ឋាន ឬអត់មានសេចក្តីអធិស្ឋាននៅក្នុងជីវិតរបស់យើង។ យើងដឹងហើយថាជាទូទៅអ្នកដែលមិនអធិស្ឋានគឺជាអ្នកដែលមិនបានពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ឬព្រះអម្ចាស់នោះទេ ប៉ុន្តែគេពឹងផ្អែកទៅលើកម្លាំងខ្លួនឯងថាគេពិតជាអាចធ្វើដោយខ្លួនឯងបាន។ ប៉ុន្តែ នៅពេលដែលយើងខំប្រឹងដោយខ្លួនឯង នោះជីវិតរបស់យើងនឹងបាត់នូវសេចក្តីអំណរដែលមកពីព្រះអង្គ ហើយនៅពេលដែលយើងមិនចេះអធិស្ឋាន នោះនៅពេលដែលយើងជោគជ័យយើងក៏មិនចេះអរព្រះគុណចំពោះព្រះអង្គដែរ ដោយគិតថា គឺខ្ញុំជាអ្នកធ្វើដោយយើងមិនបានអរព្រះគុណព្រះអង្គ។ នេះហើយធ្វើឲ្យយើងមានភាពខ្សោះល្វើយ ហើយនិងខ្សោយខាងអំណរអរនៅក្នុងជីវិតរបស់យើង។
ចុងក្រោយ នេះគឺការមួយសំខាន់ និងជាឱកាសឲ្យយើងពិនិត្យមើលពីជីវិតរបស់យើងដែរ ហើយជាពិសេសចំពោះអស់អ្នកដែលមិនមានអំណរយ៉ាងពិតប្រាកដនោះគឺអាចថា យើងមិនមានសេចក្តីអំណរមកពីព្រះអង្គគឺមកពីយើងមិនទាន់បានសេចក្តីសង្គ្រោះនៅឡើយ។ នេះជាពេលដែលយើងអាចឆែកមើលពីជីវិតរបស់យើង។ កណ្ឌគម្ពីរម៉ាថាយជំពូក១៣បាននិយាយពីដីបីប្រភេទដែលព្រះអង្គបានសាបព្រោះគ្រាប់ពូជទៅ។ ប៉ុន្តែ គ្រាប់ពូជមួយបានដុះលើដីដែលមានថ្ម ដែលជាដីនៅលើថ្មពីដំបូងដូចជាមានជីវិតរស់នៅ។ យើងឃើញថា នៅពេលយើងជឿលើព្រះអង្គដំបូង គឺយើងមានអំណរណាស់ មកធ្វើការបម្រើជាមួយគេ ដែលគេធ្វើអ្វីក៏ធ្វើហ្នឹងជាមួយគេដែរ។ ហើយគ្រាប់ពូជដែលដុះលើថ្មនោះនៅពេលដែលត្រូវខ្យល់ត្រូវថ្ងៃ វាចាប់ផ្តើមក្រៀមស្វិតទៅ ហើយក្តីអំណរ និងជីវិតនោះក៏ចាប់ផ្តើមបាត់បន្តិចម្តងៗ។
នេះបង្ហាញថា យើងមិនទាន់ជាប់ជាមួយនឹងព្រះគ្រីស្ទនៅឡើយ ដែលយើងមិនទាន់បានសង្គ្រោះពីព្រះអង្គនៅឡើយ ដែលព្រះវិញ្ញាណបរិសុទ្ធមិនទាន់មាននៅក្នុងជីវិតរបស់យើងនៅឡើយ។ សម្រាប់បងប្អូនដែលចង់បានអំណរដ៏ពិតប្រាកដ ដែលជាសេចក្តីអំណរដែលនៅយូរអង្វែង គឺជាសេចក្តីអំណរដែលមិនពឹងផ្អែកទៅលើកាលៈទេសៈដែលនៅជុំវិញ ប៉ុន្តែគឺជាសេចក្តីអំណរដែលនៅខាងក្នុងដែលមកពីព្រះវិញ្ញាណរបស់ផងព្រះអង្គនោះគឺយើងអាចទទួលសេចក្តីអំណរនោះបាននេះគឺជាពេលដែលបងប្អូនបានឆែកមើលពីជីវិតរបស់បងប្អូន។ នេះជាឱកាសមួយដែលឲ្យបងប្អូនបានពិនិត្យមើលថាតើក្តីអំណររបស់ខ្ញុំនៅតែមាន ហើយតើខ្ញុំនៅតែបន្តរីកចម្រើនខាងឯជីវិតជាគ្រីស្ទបរិស័ទ ដែលបង្ហាញទៅអ្នកដទៃទៀតដែលគេអាចមើលឃើញថា យើងជាគ្រីស្ទបរិស័ទមែនដែលមានសេចក្តីអំណរនៅក្នុងជីវិត។ អំណរមិនមែនមានន័យថា ទាល់តែយើងមានសំណើចរហូតនោះទេ ពេលខ្លះយើងក៏មានបញ្ហាក្នុងជីវិតដែរ ពេលខ្លះយើងក៏មានជំងឺ ពេលខ្លះមានបងប្អូនស្លាប់ ពេលខ្លះក៏យើងមានបញ្ហាដែរ។ ប៉ុន្តែ អំណរមាននៅខាងក្នុងដ៏ជ្រៅ បើមានបញ្ហាយើងនៅតែមានសេចក្តីសង្ឃឹមពីសេចក្តីអំណរនោះ។
មតិយោបល់
Loading…