in ,

នៅជាប់ក្នុងការពិត

នៅ​ក្នុង​សង្គម​គ្រីស្ទ​បរិស័ទ យើង​ឃើញ​ថា មាន​ការ​ជា​ច្រើន​ដែល​កំពុង​កើត​មាន​ឡើង ហើយ​ក៏​មាន​សេចក្តី​បង្រៀន​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​ទៅ​នឹង​អ្វី​ដែល​ជា​សេចក្តី​ពិត​នៅ​ក្នុង​ព្រះ​គម្ពីរ។ ប៉ុន្តែ ក៏​មាន​កត្តា​មួយ​ចំនួន​ដែល​យើង​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់ ទាក់ទង​នឹង​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​រួច​មក​ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ។ យើង​ក៏​ងាយ​នឹង​ទទួល​នូវ​សេចក្តី​បង្រៀន​ផ្សេងៗ​ពី​អ្នក​ដទៃ​ទៀត ដែល​ពេល​ខ្លះ​ស្តាប់​ទៅ​ហាក់​បី​ដូច​ជា​ល្អ ប៉ះពាល់​ចិត្ត ត្រូវ​ចិត្ត​របស់​យើង ហើយ​ខ្លះ​ទៀត​ស្តាប់​ទៅ​ហើយ​គិត​ថា ដូចជា​ត្រូវ​ម៉្យាង​ដែរ។ បន្ទាប់​មក លោក​អ្នក​ក៏​ចាប់​ផ្តើម​ដើរ​តាម​នូវ​សេចក្តី​បង្រៀន​ដែល​មិន​ត្រឹមត្រូវ​នោះ ដោយ​លោក​អ្នក​មិន​បាន​យក​ចិត្ត​ទុកដាក់​ផ្ទៀង និង​ពិនិត្យ សង្កេត​មើល​នូវ​អ្វី​ដែល​ត្រឹមត្រូវ​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។

មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា នៅ​ពេល​ដែល​យើង​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ហើយ នោះ​យើង​ក៏​បាន​ទទួល​សេចក្តី​សង្គ្រោះ​រួច​ពី​បាប​ហើយ ដោយ​មិន​ចាំ​បាច់​ធ្វើ​អ្វី​ទាល់​តែ​សោះ ហើយ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា អូ! មិន​ចាំបាច់​ទៅ​ព្រះ​វិហារ ជួប​ជុំ​គ្នា ឬ​ក៏​ក្រុម​តូច ដើម្បី​នឹង​រៀន​ព្រះ​បន្ទូល ដើម្បី​នឹង​អធិស្ឋាន ឬ​ក៏​ប្រកប​គ្នា​នោះ​ទេ គឺ​គ្រាន់តែ​ជឿ​នោះ​គឺ​វា​គ្រប់​គ្រាន់​ហើយ។ ពួក​គេ​ទាំង​នោះ​ថែម​ទាំង​និយាយ​ថា ព្រះ​យេស៊ូវ​បាន​សម្អាត​យើង​រួច​ហើយ ហើយ​ក៏​បាន​អត់ទោស​នូវ​រាល់​អំពើ​បាប​របស់​យើង តាំង​ពី​អតីត​កាល បច្ចុប្បន្ន​កាល នឹង​រហូត​តទៅ​ដល់​អនាគត​កាល។ ដូច្នេះ បើ​គ្រាន់​តែ​ជឿ នោះ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ ប្រសិន​បើ​យើង​ពិនិត្យ​មើល​នៅ​ក្នុង​ព្រះ​គម្ពីរ​ឲ្យ​បាន​ហ្មត់​ចត់​យើង​ឃើញ​ថា ពិត​ប្រាកដ​ណាស់​គ្រាន់​តែ​ជឿ​នោះ​នឹង​បាន​ទទួល​នូវ​សេចក្តី​សង្គ្រោះ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​អ្វី​ទៅ​ដែល​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា លោក​អ្នក​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ​ដ៏​ពិត​ប្រាកដ? ហើយ​ព្រះ​គម្ពីរ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អស់​អ្នក​ដែល​ជឿ​ពិត​ប្រាកដ គឺ​មាន​សេចក្តី​ពិត​ពីរ​យ៉ាង។

ទី១៖ អស់​អ្នក​ណា​ដែល​ជឿ​ពិត​ប្រាកដ​នោះ​នឹង​បាន​សង្គ្រោះ នេះ​ជា​អ្វី​ដែល​ព្រះ​អម្ចាស់​យេស៊ូវ​បាន​អះអាង។ ប៉ុន្តែ ក៏​មាន​សេចក្តី​ពិត​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​បាន​លើក​ឡើង​ស្រប​គ្នា​ដែរ​ថា តើ​ធ្វើ​យ៉ាង​មិច​ឲ្យ​យើង​អាច​ដឹង​ថា គាត់​ម្នាក់​នោះ​ជា​អ្នក​ជឿ​ព្រះ​អង្គ​ដ៏​ពិត​ប្រាកដ? ហើយ​ធ្វើ​មិច​ឲ្យ​យើង​អាច​ដឹង​ថា គាត់​ម្នាក់​នោះ​នឹង​ទទួល​បាន​សេចក្តី​សង្គ្រោះ​ពិត​ប្រាកដ​មែន? ជា​ការ​ពិត​ណាស់! ពេល​ខ្លះ​លោក​អ្នក​ពិបាក​នឹង​ដឹង ព្រម​ទាំង​ពិបាក​នឹង​យល់​ផង​ដែរ។ ប៉ុន្តែ ចូរ​ក្រឡេក​មើល​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ២៤:១៣៖ «តែ​អ្នកណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ» នេះ​គឺ​ភស្តុតាង​មួយ​ដែល​លោក​អ្នក​អាច​ដឹង​បាន​ថា គាត់​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ គឺ​នៅ​ពេល​ដែល​គាត់​កាន់​ខ្ជាប់​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់។ នេះ​ហើយ​គឺ​ជា សេចក្តី​បង្រៀន​ដែល​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​លាស់។

ទី២៖ យើង​នឹង​មើល​អំពី​ពួក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ២:១៨-២៥ «ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់​ហើយ សព្វ​ថ្ងៃ​នេះ​កើត​មាន​ពួក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ជា​ច្រើន ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា អា​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ត្រូវ​មក ហេតុ​នោះ​បាន​ជា​យើង​ដឹង​ថា នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់ គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សម្ដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ រីឯ​អ្នក​រាល់​គ្នា បាន​ព្រះ​ដ៏​បរិសុទ្ធ​ចាក់ លាប​ឲ្យ​ហើយ ក៏​ចេះ​គ្រប់​ទាំង​អស់​ផង ខ្ញុំ​សរសេរ​ផ្ញើ​មក មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ គឺ​ដោយ​ព្រោះ​បាន​ស្គាល់​ហើយ ក៏​ដឹង​ថា គ្មាន​សេចក្ដី​ភូតភរ​ណា​កើត​ពី​សេចក្ដី​ពិត​នោះ​ឡើយ តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​ជា​អ្នក​ដែល​ប្រកែក​ថា ព្រះ​យេស៊ូវ​មិន​មែន​ជា​ព្រះ​គ្រីស្ទ​នោះ​ទេ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ទាំង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​ផង អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ទទឹង​នឹង​ព្រះ​គ្រីស្ទ ឯ​អស់​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​រាជបុត្រា នោះ​ក៏​គ្មាន​ព្រះ​វរបិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះ​រាជបុត្រា នោះ​ក៏​មាន​ទាំង​ព្រះ​វរបិតា​ផង ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​ខ្លួន​ចុះ បើ​សិន​ជា​សេចក្ដី​ដែល​ឮ​តាំង​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ព្រះ​រាជបុត្រា ហើយ​ក្នុង​ព្រះ​វរបិតា​ដែរ។ នេះ​ហើយ ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​កល្ប​ជានិច្ច»។ យើង​ឃើញ​ថា សាវ័ក យ៉ូហាន បាន​បញ្ជាក់​យើង​បន្ថែម​ទៀត​ថា តើ​នរណា​ដែល​ជា​អ្នក​ប្រឆាំង និង​ទទឹង​នឹង​ព្រះ​គ្រីស្ទ? ហើយ​ជីវិត​គ្រីស្ទ​បរិស័ទ​ដែល​ពិត​ប្រាកដ​គួរ​តែ​រស់​នៅ​ក្នុង​ជីវិត​យ៉ាង​ដូច​ម្តេច?

តើ​ហេតុ​អ្វី​បាន​ជា​ការ​នៅ​ឲ្យ​ជាប់​ក្នុង​សេចក្តី​ពិត​របស់​ព្រះ​គ្រីស្ទ​ជា​ការ​ដ៏​សំខាន់​ម្ល៉េះ?

កណ្ឌ​គម្ពីរ ១យ៉ូហាន ២:២៤ បាន​ចែង​ថា «ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​ខ្លួន​ចុះ បើ​សិន​ជា​សេចក្ដី​ដែល​ឮ​តាំង​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ព្រះ​រាជបុត្រា ហើយ​ក្នុង​ព្រះ​វរបិតា​ដែរ»។ ការ​ដែល​លោក​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ពិត​នៃ​ព្រះ​គ្រីស្ទ​គឺ​ជា​អ្វី​ដែល​លោក​អ្នក​បាន​ជឿ​កន្លង​មក​ហើយ ដោយ​ទទួល​ជឿ​លើ​ដំណឹងល្អ​របស់​ផង​ព្រះ​គ្រីស្ទ​ដែរ​ថា ព្រះ​អង្គ​ទ្រង់​គឺ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ហើយ​ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​បាន​យក​និស្ស័យ​ជា​មនុស្ស​យ៉ាង​ពិត​ប្រាកដ​ផង​ដែរ។ ហើយ​ប្រសិន​បើ​មាន​អ្នកណា​ដែល​បដិសេធ​សេចក្តី​ពិត​ទាំង​នេះ ព្រះ​គម្ពីរ​បាន​ហៅ​ថា ជា​អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ។ យើង​នឹង​មើល​ពី​មូល​ហេតុ​មួយ​ចំនួន​ដែរ​ថា តើ​ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​នៅ​ជាប់​ក្នុង​សេចក្តី​ពិត​នៃ​ព្រះ​គ្រីស្ទ? មាន​ការ​បី​យ៉ាង​អំពី​ការ​នេះ៖

ទី១៖ យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់

នៅ​ពេល​សាវ័ក យ៉ូហាន បាន​សរសេរ​ថា «គ្រា​នេះ​ជា​ម៉ោង​ចុង​ក្រោយ​បង្អស់​ហើយ» តើ​លោក​អ្នក​គិត​ថា​វា​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ? ចម្លើយ​គឺ៖ ២០០០ ឆ្នាំ! ប៉ុន្តែ ក៏​វា​នៅ​តែ​ជា​គ្រា​ចុង​ក្រោយ​បង្អស់។ ហើយ​ខ្ញុំ​ជឿ​ថា នេះ​ហើយ​គឺ​ជា​ជីវិត​ដែល​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​គួរ​តែ​រស់​នៅ ដោយ​ដូច​ជា​គ្រា​ចុង​ក្រោយ​បង្អស់​ដែល​នឹង​ត្រូវ​មក ប្រសិន​បើ​លោក​អ្នក​ដឹង​ថា ពេល​វេលា​នេះ​គឺ​ជា​គ្រា​ចុង​ក្រោយ​បង្អស់​ហើយ នោះ​ជីវិត​របស់​លោក​អ្នក​មិន​រស់​នៅ​ដដែលៗ​ទៀត​នោះ​ទេ។ ហើយ​ប្រសិន​បើ​លោក​អ្នក​ដឹង​ថា ពេល​វេលា​នេះ​ជា​ពេល​ដែល​ព្រះ​យេស៊ូវ​នឹង​យាង​មក​ជា​លើក​ទី​ពីរ ហើយ​លោក​អ្នក​ក៏​បាន​ដឹង​ដែរ​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ផែនដី​ជា​លើក​ទី​មួយ​រួច​ហើយ គឺ​ទ្រង់​យាង​មក​សុគត​នៅ​លើ​ឈើ​ឆ្កាង ហើយ​បន្ទាប់​មក​ទ្រង់​បាន​រស់​ពី​សុគត​ឡើង​វិញ ហើយ​បាន​យាង​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា នៅ​ថ្ងៃ​មួយ​ទ្រង់​នឹង​យាង​មក​វិញ (មិន​ដឹង​ថ្ងៃ​ណា​ទេ មិន​ជាក់​លាក់​ទេ)។ ប៉ុន្តែ ព្រះ​អង្គ​ក៏​បាន​ប្រាប់​ពី​សញ្ញា​មួយ​ចំនួន​តែ​ទ្រង់​មិន​ប្រាប់​ថា ចំ​ថ្ងៃណា​នោះ​ទេ។

ដូច្នេះ ជីវិត​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​គួរ​តែ​រស់​នៅ​ដោយ​មាន​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ថា អត់​ដឹង​ថា​ព្រះ​អង្គ​យាង​មក​ពេល​ណា​នោះ​ទេ ទ្រង់​ក៏​អាច​យាង​មក​ពេល​ដែល​យើង​កំពុង​ថ្វាយ​បង្គំ​ទ្រង់​ថ្ងៃ​អាទិត្យ ថ្ងៃ​ស្អែក ឬ​ថ្ងៃ​ណា​ក៏​ថា​បាន។ ប៉ុន្តែ យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​គួរ​តែ​រស់​នៅ​ដែល​មាន​លក្ខណៈ​ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ហើយ​អធិស្ឋាន​ចាំយាម​ជានិច្ច ប្រុង​ប្រៀប​ជានិច្ច ដឹង​ខ្លួន​ជា​និច្ច ដោយ​ដឹង​ថា ព្រះ​អង្គ​ជិត​នឹង​យាង​មក​ហើយ ក៏​យើង​ត្រូវ​តែ​ដឹង​ដែរ​ថា​ពេល​នេះ​ជា​ម៉ោង​ចុង​ក្រោយ​បង្អស់​ហើយ​គឺ​គ្រា​ឥឡូវ​នេះ​ឯង។ ពិត​ប្រាកដ​ណាស់! សាវ័ក យ៉ូហាន បាន​ពិនិត្យ​មើល​អំពី​ភស្តុតាង​ឬ​សញ្ញា​មួយ​ចំនួន​ដែល​គាត់​គិត​ថា នេះ​ឯង​គឺ​ជា​គ្រា​ចុង​ក្រោយ​ហើយ។ គ្រា​ចុង​ក្រោយ​ដែល​គាត់​លើក​មក​និយាយ​នេះ​គឺ រហូត​មក​ដល់​ពេល​នេះ​គឺ​ជាង​២០០០ឆ្នាំ​មក​ហើយ ហើយ​យើង​ឃើញ​ថា ព្រះ​អង្គ​នៅ​មិន​ទាន់​យាង​មក​ទេ។ ប៉ុន្តែ ការ​នេះ​មិន​មែន​ន័យ​ថា ឲ្យ​លោក​អ្នក​បញ្ឈប់​ការ​ត្រៀម​ខ្លួន​នឹង​ចាំ​យាម​នោះ​ឡើយ។ យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​គួរ​តែ​រស់​នៅ​ក្នុង​លក្ខណៈ​មួយ​ដែល​គិត​ថា គ្រា​នេះ​ហើយ​គឺ​ជា​ម៉ោង​ចុង​ក្រោយ ទោះ​បើ​យើង​មិន​អាច​ដឹង​បាន​ក៏​ដោយ។ មាន​ទី​សម្គាល់​ដែល​អាច​បាន​បង្ហាញ​ឲ្យ​យើង​អាច​ដឹង​ដូច​ដែល​សាវ័ក យ៉ូហាន បាន​ប្រាប់៖ សញ្ញា​នោះ​គឺ​ជា​សញ្ញា​ដែល​មាន​ពួក​អា​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ជា​ច្រើន​បាន​កើត​មាន​ឡើង។

តើ​ពួក​អា​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ជា​នរណា?

ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​នៅ​ត្រង់​ខ១៩​ថា «គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សម្ដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ»។ ប្រហែល​ជា​លោក​អ្នក​អាច​មាន​គំនិត​គិត​ថា ពួក​អា​ទទឹង​នឹង​ព្រះ​គ្រីស្ទ​គឺ​ជា​ម្នាក់​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ដែល​នឹង​មក ប៉ុន្តែ​ព្រះ​គម្ពីរ​នៅ​ខ​នេះ​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា មាន​ការ​មួយ​ចំនួន​ដែល​ទទឹង​នឹង​ព្រះ​គ្រីស្ទ ដែល​មាន​ការ​ពីរ​យ៉ាង​គឺ ទី១ អ្នក​ដែល​នៅ​ខាង​ឯ​ព្រះ​គ្រីស្ទ ទី២ អ្នក​ដែល​ទទឹង​នឹង​ព្រះ​គ្រីស្ទ (ហើយ​អត់​មាន​អ្នក​នៅ​កណ្តាល​ធ្វើ​អាជ្ញា​កណ្តាល​នោះ​ទេ)។ ប្រសិន​បើ​លោក​អ្នក​មិន​នៅ​ខាង​ព្រះ​គ្រីស្ទ នោះ​មាន​ន័យ​ថា លោក​អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ហើយ។

ខ១៩​បាន​ប្រាប់​យើង​ថា ពួក​អ្នក​ដែល​ទទឹង​នឹង​ព្រះ​គ្រីស្ទ​គឺ​ជា​ពួក​អ្នក​ដែល​ដើរ​ចេញ​ពី​ជំនឿ​ដើម​នៃ​ពួក​ជំនុំ គឺ​ជា​អ្នក​ដែល​បដិសេធ​ព្រះ​គ្រីស្ទ និង​ជា​អ្នក​ដែល​បដិសេធ​ជំនឿ ដែល​ពួក​ជំនុំ​លោក​អ្នក​កំពុង​តែ​ជឿ ហើយ​អ្វី​ដែល​ពួកគេ​បាន​ឮ​ពី​មុន​មក ពី​សេចក្តី​ពិត​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​គេ​ចាប់​ផ្តើម​ដើរ​ចេញ​ពី​ជំនឿ​ដើម ព្រម​ទាំង​ដើរ​ចេញ​ពី​សេចក្តី​បង្រៀន​នៃ​ពួក​ជំនុំ រួម​ទាំង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក​ដើម​ផង​ដែរ។ ហើយ​ពួក​គេ​ទាំង​នោះ​បាន​គិត​ថា មាន​ការ​បើក​សម្ដែង​មួយ​ថ្មី​ទៀត​មក​ពី​ព្រះ​ជាម្ចាស់​សម្រាប់​ពួកគេ ដើម្បី​ឲ្យ​គេ​អះអាង​ថា មាន​សេចក្តី​ពិត​មួយ​ផ្សេង​ទៀត ដែល​ការ​នោះ​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត និង​បន្លំ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​ដឹង​ហើយ​ថា​សេចក្តី​បង្រៀន​ដ៏​ត្រឹមត្រូវ​ពី​ដើម​រៀង​មក គឺ​ល្មម​គ្រប់​គ្រាន់​រួច​ហើយ​ព្រមទាំង​មាន​ការ​បើក​សម្ដែង​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​គឺ​វា​ល្មម​គ្រប់​គ្រាន់​រួច​ទៅ​ហើយ ហើយ​ក៏​មិន​ត្រូវ​មាន​ការ​បើក​សម្ដែង​ថ្មី​ណា​ផ្សេងៗ​ទៀត​នោះ​ដែរ។

ខ២២​បាន​បញ្ជាក់​ប្រាប់​យើង​ថា «តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​ជា​អ្នក​ដែល​ប្រកែក​ថា ព្រះ​យេស៊ូវ​មិន​មែន​ជា​ព្រះ​គ្រីស្ទ​នោះ​ទេ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ទាំង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​ផង អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ទទឹង​នឹង​ព្រះ​គ្រីស្ទ»។ អ្នក​ដែល​ទទឹង​នឹង​ព្រះ​គ្រីស្ទ​គឺ​ជា​អ្នក​ចាប់​ផ្តើម​បដិសេធ​ព្រះ​អង្គ ដោយ​ពួក​ទាំង​នោះ​បាន​លើក​ឡើង​ថា ព្រះ​អង្គ​មិន​មែន​ជា​ព្រះ​គ្រីស្ទ ព្រះ​អង្គ​មិន​មែន​ជា​ព្រះ​ដែល​នាំ​មក​នូវ​សេចក្តី​សង្គ្រោះ​នោះ​ទេ ហើយ​ព្រះ​អង្គ​គ្រាន់​តែ​ជា​ម្នាក់​ដែល​មិន​ស្មើ​នឹង​ព្រះ​វរបិតា​នោះ​ដែរ។ ពួក​គេ​ថែម​ទាំង​ថា ព្រះ​យេស៊ូវ​គ្រាន់​តែ​ជា​ហោរា​ម្នាក់​ប៉ុណ្ណោះ ហើយ​ថា​ទ្រង់​មិន​មែន​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​អស់​កល្ប​ជានិច្ច​ឡើយ។ ដូច្នេះ អ្នក​ដែល​បដិសេធ​ព្រះ​គ្រីស្ទ គឺ​ជា​អ្នក​ដែល​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ហើយ។ ហើយ​លោក​អ្នក​ក៏​បាន​ឃើញ​មាន​កើត​ឡើង​ជា​ច្រើន​ក្នុង​សម័យ​កាល​យើង​នេះ ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា នេះ​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​យើង​ថា នេះ​ជា​គ្រា​ម៉ោង​ចុង​ក្រោយ​ហើយ ដូច្នេះ យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​គួរ​ត្រៀម​ខ្លួន ហើយ​ប្រុង​ប្រយ័ត្ន​ជានិច្ច។ កណ្ឌ​គម្ពីរ ម៉ាថាយ ២៤:៥ បាន​ចែង​ថា «ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា “ខ្ញុំ​នេះ​ជា​ព្រះ​គ្រីស្ទ” ហើយ​អ្នក​ទាំង​នោះ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ​ផង»។ មាន​ក្រុម​ខុស​ឆ្គង​មួយ​ចំនួន​ដូច​ជា​ក្រុម អាន់ សាំងហុង ដោយ​ក្រុម​នេះ​បាន​អះអាង​ថា​លោក អាន់ សាំងហុង ជា​ព្រះ​គ្រីស្ទ​ចុង​ក្រោយ​ដែល​បាន​យាង​មក ដើម្បី​នឹង​សង្គ្រោះ​មនុស្ស​លោក ហើយ​ថែម​ទាំង​បង្រៀន​ថា អស់​អ្នក​ណា​ដែល​ជឿ នោះ​ត្រូវ​តែ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ ព្រះ​នាម ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​នាម អាន់ សាំងហុង ទើប​បាន​សេចក្តី​សង្គ្រោះ។

ដូច្នេះ លោក​អ្នក​បាន​ឃើញ​សព្វ​ថ្ងៃ​នេះ​ហើយ​ថា មាន​មនុស្ស​ដែល​គេ​អះអាង​ខ្លួន​គេ​ថា គេ​ជា​ព្រះ​គ្រីស្ទ។ កណ្ឋ​គម្ពីរ ម៉ាថាយ ២៤:២៤ ចែង​ថា «ដ្បិត​នឹង​មាន​ព្រះ​គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សម្គាល់​យ៉ាង​ធំ ហើយ​និង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន»។ នេះ​ហើយ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​យើង​ដឹង​ថា យើង​កំពុង​រស់​នៅ ក្នុង​គ្រា​ចុង​ក្រោយ ចូរ​ឲ្យ​លោក​អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច ចូរ​ឲ្យ​យើង​នៅ​ជាប់​ក្នុង​សេចក្តី​ពិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដែល​លោក​អ្នក​កំពុង​ជឿ​នៅ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា វា​គ្រប់​គ្រាន់​ល្មម​សម្រាប់​ជំនឿ​របស់​យើង​ក្នុង​ការ​ទៅ​រក​សេចក្តី​សង្គ្រោះ​រួច​ហើយ។ ចូរ​ឲ្យ​យើង​នៅ​ជាប់​នឹង​ព្រះ​គ្រីស្ទ​ចុះ!

ជា​ចុង​ក្រោយ៖ ដើម្បី​ឲ្យ​លោក​អ្នក​អាច​ដឹង​ថា ពួក​អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ជា​នរណា? កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:៣ ចែង​ថា «តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​អា​ទទឹង​ព្រះ​គ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ៍​ហើយ»។ គ្រា​នេះ​ហើយ​គឺ ជា​គ្រា​ចុង​ក្រោយ​បង្អស់។ ចូរ​ឲ្យ​យើង​នៅ​ជាប់​ក្នុង​សេចក្តី​ពិត​នៃ​ព្រះ​គ្រីស្ទ។

ទី២៖ យើង​បាន​ស្គាល់​សេចក្តី​ពិត​ហើយ

ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​នៅ​ជាប់​ក្នុង​សេចក្តី​ពិត​របស់​ព្រះ​គ្រីស្ទ? ចម្លើយ​គឺ៖ ដោយ​សារ​យើង​បាន​ស្គាល់​សេចក្តី​ពិត​ហើយ។ ខ្ញុំ​ជឿ​ថា ប្រសិន​បើ​យើង​មិន​បាន​ស្គាល់​សេចក្តី​ពិត​អំពី​ព្រះ​គ្រីស្ទ​ទេ នោះ​យើង​ក៏​មិន​អាច​ទទួល​ជឿ​លើ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ដែរ។ លោក​អ្នក​ដឹង​ច្បាស់​ហើយ​ថា ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​របស់​លោក​អ្នក ហើយ​ព្រះ​វិញ្ញាណ​បាន​ធ្វើ​ការ​ប៉ះពាល់​ចិត្ត​របស់​លោក​អ្នក ដើម្បី​ឲ្យ​លោក​អ្នក​អាច​យល់​បាន​នូវ​ដំណឹង​ល្អ​របស់​ផង​ព្រះ​គ្រីស្ទ ហើយ​អាច​នឹង​ទទួល​យក​នូវ​សេចក្តី​ពិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ក្នុង​ជីវិត​របស់​លោក​អ្នក​បាន។ ដូច្នេះ លោក​អ្នក​ឃើញ​ថា ព្រះ​ជាម្ចាស់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​កាន់​យើង ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នោះ​ឯង​បាន​បង្រៀន​យើង​នូវ​សេចក្តី​ពិត​របស់​ផង​ព្រះ​ជាម្ចាស់ និង​សេចក្តី​ពិត​ពី​សេចក្តី​សង្គ្រោះ​របស់​ទ្រង់។ ត្រង់​ខ២០ ពាក្យ​ថា «ក៏​ចេះ​គ្រប់​ទាំង​អស់​ផង» នៅ​គម្ពីរ​បក​ប្រែ​ថ្មី​ឆ្នាំ២០១៦ បាន​សរសេរ​ថា «អ្នក​បាន​ស្គាល់​សេចក្ដី​ពិត​ហើយ»។ តើ​វា​មាន​ន័យ​យ៉ាង​ដូច​ម្តេច? តើ​នេះ​ចង់​មាន​ន័យ​ថា នៅ​ពេល​លោក​អ្នក​ទទួល​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ នោះ​លោក​អ្នក​នឹង​ចេះ​គ្រប់​ទាំង​អស់ ដូច​ជា​ចេះ​កុំព្យូទ័រ ចេះ​និយាយ​ភាសា​អង់គ្លេស​ទេ! មិន​ដូច្នោះ​ឡើយ។ នេះ​គឺ​ចង់​បង្ហាញ​ថា លោក​អ្នក​ចេះ​ពី​សេចក្តី​ពិត ដែល​នាំ​លោក​អ្នក​ទៅ​រក​សេចក្តី​សង្គ្រោះ​វិញ​បាន។ កណ្ឌ​គម្ពីរ យ៉ូហាន ១៤:២៦ «តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​វរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រម្លឹក​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ»។ ដូច្នេះ លោក​អ្នក​ដឹង​ហើយ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​បង្រៀន​យើង​ពី​គ្រប់​ទាំង​សេចក្តី​ពិត ដែល​នាំ​ទៅ​រក​សេចក្តី​សង្គ្រោះ ហើយ​ទ្រង់​ក៏​រម្លឹក​គ្រប់​ទាំង​សេចក្តី ដែល​ព្រះ​យេស៊ូវ​បាន​ប្រាប់​ដល់​យើង​រាល់​គ្នា។

សរុប​សេចក្តី​មក ព្រះ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​មិន​បង្រៀន​អ្វី​ដែល​ថ្មី ក្រៅ​ពី​អ្វី​ដែល​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ​ទេ។ ប្រសិន​បើ​មាន​នរណា​ម្នាក់​ដែល​មក ហើយ​និយាយ​នឹង​លោក​អ្នក​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ​នៅ​សេចក្តី​ពិត​ថ្មី​មួយ​ទៀត ហើយ​គេ​ចាប់​ផ្ដើម​ដើរ​តាម នោះ​ហើយ​ដែល​ជា​បញ្ហា​ធំ។ មាន​សាសនា​មួយ​ក្រុម​ទៀត​គឺ​ជា​សាសនា «មរមន» (Mormon) ដែល​ពួក​នេះ​មាន​ឯកសណ្ឋាន​ស្អាត​បាត (អាវ​ស ខោ​ខ្មៅ មាន​ក្រវ៉ាត់ក) ពួក​គេ​តែង​តែ​ជិះកង់ ហើយ​ផ្សាយ​ដំណឹង​ល្អ អ្នក​ដឹកនាំ​របស់​ពួក​គេ​មាន​ឈ្មោះ​ថា លោក យ៉ូសែប ស្មីត (Joseph Smith)។ គាត់​ម្នាក់​នេះ​បាន​និយាយ​ថា គាត់​ជា​ម្នាក់​ដែល​បាន​ទទួល​ការ​បើក​សម្ដែង​ពី​ព្រះ​ជាម្ចាស់​ចុង​ក្រោយ​បង្អស់​សម្រាប់​គាត់ ដោយ​ឲ្យ​គាត់​បាន​សរសេរ​ព្រះ​គម្ពីរ​មួយ​ផ្សេង​ទៀត​យក​មក​បន្ថែម​ជំនួស​លើ​ព្រះ​គម្ពីរ «បរិសុទ្ធ» ដែល​ពួក​គេ​គិត​ថា កាល​នោះ​ឯង​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​រួម​ទាំង​ទេវតា​របស់​ព្រះ​បាន​បើក​សម្ដែង​ឲ្យ​គាត់​សរសេរ​នឹង​ធ្វើ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ប្រាប់​ហើយ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​នឹង​រម្លឹក​ពី​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ក្នុង​ព្រះ​គម្ពីរ។

ដូច្នេះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​មែន​បើក​សម្ដែង​សេចក្តី​ពិត​បន្ថែម​ទៀត ខុស​អំពី​អ្វី​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​នោះ​ឡើយ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​សាវ័ក យ៉ូហាន ប្រាប់​យើង​ឲ្យ​ដឹង​ថា ចូរ​យើង​ល្បងល​មើល​វិញ្ញាណ តើ​វិញ្ញាណ​នោះ​មក​ពី​ព្រះ ឬ​ក៏​យ៉ាង​ណា? កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:១ ចែង​ថា «ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែងក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ៍​នេះ​ហើយ»។ ពិត​ប្រាកដ​ណាស់! ព្រះ​វិញ្ញាណ​នឹង​បើក​សម្ដែង​ឲ្យ​យើង​ស្គាល់​នូវ​សេចក្តី​ពិត និង​ស្គាល់​សេចក្តី​ពិត​អំពី​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​មាន​តែ​អង្គ​ព្រះ​យេស៊ូវ​មួយ​ប៉ុណ្ណោះ ដែល​អាច​នាំ​យើង​ទៅ​រក​សេចក្តី​សង្គ្រោះ​បាន ហើយ​តាម​រយៈ​អ្វី​ដែល​យើង​ជឿ​លើ​ព្រះ​អង្គ ដែល​ទ្រង់​បាន​យក​និស្ស័យ​ជា​មនុស្ស​យ៉ាង​ពិត​ប្រាកដ ហើយ​ទ្រង់​ក៏​ជា​ព្រះ​យ៉ាង​ពិត​ប្រាកដ​ដដែល ដោយ​តាម​រយៈ​ព្រះ​អង្គ នោះ​ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​បាប​របស់​យើង នោះ​ជា​សេចក្តី​ពិត នឹង​ជា​អ្វី​ដែល​ព្រះ​អង្គ​បាន​បើក​សម្ដែង​ឲ្យ​បាន​ដឹង ថែម​ទាំង​ឮ​រួច​ទៅ​ហើយ។ ដូច្នេះ ចូរ​យើង​នៅ​ជាប់​នឹង​សេចក្តី​ពិត​នោះ​ចុះ ដោយ​មិន​ត្រូវ​ដេញ​តាម​ការ​បើក​សម្ដែង​ផ្សេងៗ​ទៀត ដែល​ផ្ទុយ​ពី​សេចក្តី​បង្រៀន​នៃ​ព្រះ​គម្ពីរ​នោះ​ឡើយ។ ដូច្នេះ ចូរ​យើង​នៅ​ជាប់​នឹង​សេចក្តី​ពិត​នៃ​ព្រះ​គ្រីស្ទ ដ្បិត​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ។ ហើយ​ដោយ​សារ​យើង​បាន​ស្គាល់​សេចក្តី​ពិត នោះ​យើង​គួរ​បន្ត​នៅ​ជាប់​នឹង​ព្រះ​បន្ទូល​របស់​ផង​ព្រះ​អង្គ​ផង​ដែរ។

ទី៣៖ ចូរ​បន្ត​នៅ​ឲ្យ​ជាប់​ក្នុង​សេចក្តី​ពិត

ការ​ដែល​យើង​នៅ​ក្នុង​សេចក្តី​ពិត​ព្រះ​គ្រីស្ទ នោះ​នាំ​យើង​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច នេះ​ហើយ​ជា​ការ​សំខាន់។ បន្ទាប់​ពី​យើង​បាន​ស្គាល់​សេចក្តី​ពិត​រួច​ហើយ ចូរ​នៅ​បន្ត​ឲ្យ​ជាប់​ក្នុង​សេចក្តី​ពិត​នោះ​ចុះ។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ហេតុ​អ្វី​បាន​យើង​ត្រូវ​បន្ត​នៅ​ជាប់​ក្នុង​សេចក្តី​ពិត ដែល​នាំ​យើង​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច? ខ២៣ បាន​ចែង​ថា «ឯ​អស់​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​រាជបុត្រា នោះ​ក៏​គ្មាន​ព្រះ​វរបិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះ​រាជបុត្រា នោះ​ក៏​មាន​ទាំង​ព្រះ​វរបិតា​ផង»។ នៅ​ពេល​យើង​នៅ​ជាប់​នឹង​សេចក្តី​ពិត​ផង​ព្រះ​គ្រីស្ទ នោះ​យើង​ក៏​ទទួល​ស្គាល់​ព្រះ​រាជបុត្រា កាល​ណា​យើង​ទទួល​ស្គាល់​ព្រះ​រាជបុត្រា នោះ​យើង​ក៏​ទទួល​ស្គាល់​ព្រះ​វរបិតា​ផង​ដែរ។

ខ២៤-២៥ បន្ត​ទៀត​ថា «ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​ខ្លួន​ចុះ បើ​សិន​ជា​សេចក្ដី​ដែល​ឮ​តាំង​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ព្រះរាជបុត្រា ហើយ​ក្នុង​ព្រះវរបិតា​ដែរ នេះ​ហើយ ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​កល្ប​ជានិច្ច»។ ទាំង​នេះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​បន្ត​នៅ​ជាប់​ក្នុង​សេចក្តី​ពិត​នៃ​ព្រះ​គ្រីស្ទ ហើយ​គ្រីស្ទ​បរិស័ទ​ដែល​ពិត​ប្រាកដ​នឹង​នៅ​តែ​បន្ត​នៅ​ជាប់​ក្នុង​សេចក្តី​ពិត​របស់​ផង​ព្រះ​គ្រីស្ទ​ដែរ។ នៅ​ពេល​ដែល​យើង​ទទួល​ស្គាល់​ភាព​ជា​ព្រះ​របស់​ព្រះ​គ្រីស្ទ និង​ភាព​ជា​មនុស្ស ១០០% របស់​ព្រះ​គ្រីស្ទ ហើយ​ទទួល​ស្គាល់​ថា ព្រះ​អង្គ​អាច​អត់​ទោស​បាប​ឲ្យ​យើង​បាន ហើយ​នោះ​ឯង​ដែល​នាំ​យើង​ទៅ​រក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:១១-១២៖ «នេះ​ហើយ​ជា​សេចក្ដី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះរាជបុត្រា​នៃ​ទ្រង់ ឯ​អ្នក​ណា​ដែល​មាន​ព្រះរាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ»

ដូច្នេះ យើង​ដឹង​ហើយ​អ្នក​ដែល​មាន ព្រះ​រាជបុត្រា នោះ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ហើយ​យើង​ក៏​ដឹង​ផង​ដែរ​ថា អ្នក​ដែល​នឹង​បាន​សេចក្តី​សង្គ្រោះ​ក៏​នឹង​មាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច។ គាត់​ជា​អ្នក​ដែល​រក្សា​ខ្ជាប់ខ្ជួន​នៃ​ជំនឿ​នៅ​ក្នុង​សេចក្តី​ពិត​នោះ​រហូត​ដល់​ចុង​បំផុត​ទៅ។ ចូរ​ឲ្យ​យើង​រស់​នៅ​ដូច​ជា​នៅ​ចុង​គ្រា​ក្រោយ​បង្អស់​ហើយ ដោយ​មើល​ឃើញ​សញ្ញា​មួយ​ចំនួន ដែល​យើង​អាច​គិត​ថា ព្រះ​អង្គ​អាច​យាង​មក​នៅ​ពេល​ណា​មួយ​ក៏​បាន។ សំណួរ​សួរ​ថា៖ តើ​លោក​អ្នក​ប្រុង​ប្រៀប​រួច​ជា​ស្រេច​ហើយ​ឬ​នៅ? តើ​យើង​បាន​នៅ​ជាប់​នឹង​ព្រះ​បន្ទូល​ផង​ព្រះ​ជាម្ចាស់​ដែរ​ឬទេ? នេះ​ជា​គោល និង​ជា​គោល​គន្លឹះ​ដែល​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ។ តើ​យើង​បាន​ស្គាល់​ព្រះ​បន្ទូល​ផង​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ? ប្រសិន​បើ​យើង​មិន​បាន​ស្គាល់ មិន​បាន​អាន​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ នោះ​យើង​នឹង​ងាយ​ធ្លាក់​ក្នុង​សេចក្តី​ល្បួង និង​ការ​បោក​បញ្ឆោត​នៃ​ការ​បង្រៀន​ខុស​ឆ្គង​ផ្សេងៗ​ជា​មិន​ខាន។ ហើយ​វា​ក៏​ជា​អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្មាន​អាថ៌កំបាំង​ណា​ផ្សេង​ទៀត​ដែល​ក្រៅ​ពី​ព្រះ​បន្ទូល​របស់​ផង​ព្រះ​ម្ចាស់​នោះ​ទេ។ នៅ​ពេល​ណា​យើង​នៅ​ជាប់​នឹង​ព្រះ​បន្ទូល​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​នៅ​ជាប់​នឹង​យើង នោះ​នាំ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច។

និពន្ធដោយ៖ លោកគ្រូ ជឿន ជីវិចន្ធា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​,លោក ធីម៉ូថេ ឯក​ និង​ លោក សួន ចាន់រួម
ដកស្រង់ និងកែសម្រួលចេញពី youtube.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ភស្ដុតាងពិត

ប្រព្រឹត្តដោយស្រឡាញ់