in ,

ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

១យ៉ូហាន ៤:៧-១១

«ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង» (១យ៉ូហាន ៤:៧-៨)។

មនុស្ស​គ្រប់ៗ​គ្នា​ប្រហែល​ដឹង​ហើយ​ថា មនុស្ស​គ្រប់​រូប​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ ទោះ​បី​អ្នក​មិន​ជឿ និង​អ្នក​ជឿ​ក៏​ដោយ​ក៏​ពួក​គេ​ត្រូវ​ការ​សេចក្តី​ស្រឡាញ់​ដែរ។ ប្រហែល​យើង​មិន​ចាំ​បាច់​សួរ​ថា ហេតុ​អ្វី​បាន​មនុស្ស​គ្រប់ៗ​រូប​ត្រូវ​ការ​សេចក្តី​ស្រឡាញ់​នោះ​ទេ? តែ​យើង​គួរ​តែ​សួរ​បែប​នេះ​វិញ​ថា តើ​យើង​គួរ​បង្ហាញ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​ម្តេច? ព្រះ​បន្ទូល​ព្រះ​អង្គ​បាន​បង្ហាញ និង​ពន្យល់​ពី​មូល​ហេតុ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ តើ​សេចក្តី​ស្រឡាញ់​ដែល​គ្រីស្ទ​បរិស័ទ​គួរ​តែ​មាន​ខុស​គ្នា​ពី​សេចក្តី​ស្រឡាញ់​ដែល​លោកីយ៍​មាន​យ៉ាង​ដូច​ម្តេច? សព្វ​ថ្ងៃ​នេះ មនុស្ស​តែង​តែ​ប្រើ​ពាក្យ​ថា «ស្រឡាញ់» ទៅ​កាន់​អ្វី​គ្រប់​យ៉ាង​ដែល​គេ​គិត​ថា គួរ​ឲ្យ​ស្រឡាញ់ គឺ​មាន​ដូច​ជា៖ ខ្ញុំ​ស្រឡាញ់​ឆ្កែ ខ្ញុំ​ស្រឡាញ់​ឆ្មា ខ្ញុំ​ស្រឡាញ់​តុក្កតា ខ្ញុំ​ស្រឡាញ់​ម៉ូតូ។ល។ ដូច្នេះ ពេល​ខ្លះ​វា​ក៏​ធ្វើ​ឲ្យ​មាន​ការ​ច្រឡំ​ទៅ​លើ​អត្ថន័យ​ពាក្យ «ស្រឡាញ់» នោះ។ តើ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​លក្ខណៈ​បែប​ណា?

មូល​ហេតុ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​ស្រឡាញ់​គ្នា

គឺ​ដោយ​សារ​តែ​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បង្គាប់​របស់​ព្រះ​ជាម្ចាស់។ ប្រសិន​បើ​លោក​អ្នក​មើល​កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:៧ «ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក…»។ នេះ​គឺ​ជា​អ្វី​ដែល​សាវ័ក យ៉ូហាន បាន​បន្ថែម​លើ​បញ្ញត្តិ​ដែល​គាត់​និយាយ​នៅ​កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:២៣-២៤ «ឯ​បញ្ញត្តិ​ទ្រង់​នោះ គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ»។ តើ​ពេល​ដែល​លោក​អ្នក​ឮ​ពាក្យ «បញ្ញត្តិ» តើ​លោក​អ្នក​មាន​អារម្មណ៍​បែប​ណា? ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​គេ​បង្គាប់ តើ​លោក​អ្នក​គិត​ថា មាន​ជម្រើស ឬ​ក៏​អត់? ចុះ​ពេល​ដែល​មាន​នរណា​បង្គាប់​លោក​អ្នក​ឲ្យ​ធ្វើ​អ្វី​មួយ តើ​លោក​អ្នក​មាន​ជម្រើស ឬ​អត់? ដូច្នេះ លោក​អ្នក​មិន​មាន​ជម្រើស​ទេ គឺ​លោក​អ្នក​ត្រូវ​តែ​ស្រឡាញ់។ នេះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​បាន​បង្គាប់​ឲ្យ​គ្រីស្ទ​បរិស័ទ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ លោក​អ្នក​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​នេះ​ទេ។ ប្រសិន​បើ​មាន​នរណា​ម្នាក់​ដែល​ជា​គ្រីស្ទ​បរិស័ទ​បាន​និយាយ​ថា ខ្ញុំ​មិន​អាច​ស្រឡាញ់​អ្នក​ដទៃ​បាន​ទេ។ ខ្ញុំ​គិត​ថា គាត់​គួរ​តែ​ពិចារណា​ពី​ជីវិត​នឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ឡើង​វិញ។

អ្នក​ដែល​ជឿ​ដល់​ព្រះ​អង្គ គឺ​ត្រូវ​តែ​ស្រឡាញ់។ ប៉ុន្តែ លោក​អ្នក​ក៏​ឃើញ​ហើយ​ថា កាល​ណា​មាន​សេចក្តី​បង្គាប់ នោះ​វា​មិន​មែន​កើត​ឡើង​ដោយ​ឯងៗ​នោះ​ទេ ។ នៅ​ពេល​ដែល​លោក​អ្នក​ជឿ​យ៉ាង​ពិត​ប្រាកដ នោះ​ព្រះ​អង្គ​ក៏​ផ្ដល់​នូវ​សេចក្តី​ស្រឡាញ់​ដែរ។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​នោះ​គឺ​ត្រូវ​ការ​លូត​លាស់! ប្រសិន​បើ សេចក្តី​ស្រឡាញ់​កើត​ឡើង​ដោយ​ឯងៗ​ចំពោះ​យើង​គ្រប់ៗ​គ្នា ដែល​ជា​អ្នក​ជឿ​ព្រះ​អង្គ ហើយ​យើង​មាន​សេចក្ដី​ស្រឡាញ់​ពេញ​វ័យ នោះ​ព្រះ​ទ្រង់​មិន​បង្គាប់​យើង​ឲ្យ​ស្រឡាញ់​នោះ​ទេ ពីព្រោះ​យើង​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​នោះ​រួច​ហើយ។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​គឺ​ជា​អ្វី​មួយ​ដែល​ត្រូវ​ការ​អភិវឌ្ឍន៍ និង​លូត​លាស់។ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ស្រឡាញ់ ជា​ពិសេស​ចំពោះ​មនុស្ស​មាន​បាប គឺ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ ការ​ដែល​លោក​អ្នក​ស្រឡាញ់​មនុស្ស​ដែល​ពិបាក​នឹង​ស្រឡាញ់​នោះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ប្រសិន​បើ​លោក​អ្នក​សម្លឹង​មើល​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន ប្រហែល​ជា​មាន​មនុស្ស​ខ្លះ​គួរ​ឲ្យ​ស្រឡាញ់ ខ្លះ​ទៀត​មិន​គួរ​ឲ្យ​ស្រឡាញ់​ទាល់​តែ​សោះ ពីព្រោះ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ក្នុង​ការ​ស្រឡាញ់​នរណា​ម្នាក់​ដែល​មិន​គួរ​ឲ្យ​ស្រឡាញ់។ ជា​ពិសេស​នៅ​ពេល​ដែល​លោក​អ្នក​អង្គុយ ឬ​នៅ​ក្បែរ​នរណា​ម្នាក់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ នោះ​លោក​អ្នក​នឹង​មើល​ឃើញ​នៅ​ចំណុច​អវិជ្ជមាន​ជា​ច្រើន​របស់​ពួក​គេ នោះ​លោក​អ្នក​នឹង​ចាប់​ផ្ដើម​ឃើញ​ពី​ចំណុច​ខ្សោយ​ផ្សេងៗ​របស់​ពួក​គេ ហើយ​ប្រសិន​បើ​លោក​អ្នក​មិន​ប្រយ័ត្ន​នោះ​លោក​អ្នក​អាច​និយាយ​ប្រាប់​ពី​ចំណុច​អវិជ្ជមាន​ជា​ច្រើន​របស់​គាត់​ទៅ​កាន់​អ្នក​ផ្សេង។ ការ​ធ្វើ​បែប​នោះ​គឺ​ជា​ការ​និយាយ​ដើម​គេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សេចក្ដី​ស្រឡាញ់​គឺ​ជា​អ្វី​មួយ​ដែល​ព្រះ​អង្គ​បាន​បង្គាប់​លោក​អ្នក ហើយ​និង​ខ្ញុំ ហើយ​យើង​ក៏​គ្មាន​ជម្រើស​ផ្សេង​ទៀត​ទេ។ នៅ​ពេល​ដែល​យើង​ស្រឡាញ់​ដោយ​គ្មាន​ជម្រើស នោះ​មាន​ន័យ​ថា សេចក្ដី​នោះ​ជា​ការ​ប្ដេជ្ញា​ចិត្ត ហើយ​វា​ក៏​មិន​មែន​ជា​អារម្មណ៍​នោះ​ទេ។

ពិត​ប្រាកដ​ណាស់ លោក​អ្នក​ប្រហែល​ជា​គិត​ថា តើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​ម្ដេច​បាន បើ​ខ្ញុំ​មិន​មាន​អារម្មណ៍​នោះ? មាន​អ្នក​ខ្លះ​ស្រឡាញ់​ជា​លក្ខណៈ​សង្សារ ហើយ​ប្រហែល​ជា​ពួក​គាត់​ត្រូវ​ការ​អារម្មណ៍​ស្រឡាញ់​គ្នា​ជា​មុន​សិន​ជា​មួយ​នឹង​សង្សារ​របស់​គាត់ រួច​សឹម​រៀប​ការ បន្ទាប់​ពី​រៀប​ការ​រួច​មក នោះ​ទើប​ពួក​គាត់​ធ្វើ​ការ​ប្ដេជ្ញា​នឹង​គ្នា​ជា​ក្រោយ។ ពិត​ប្រាកដ​ណាស់ ពេល​ខ្លះ​យើង​ត្រូវ​ការ​មាន​អារម្មណ៍​ជា​មុន តែ​ពេល​ខ្លះ​ប្រហែល​ជា​លោក​អ្នក​មិន​អាច​រង់ចាំ​ទទួល​អារម្មណ៍​ស្រឡាញ់​បាន​នោះ​ឡើយ ហើយ​លោក​អ្នក​មិន​អាច​រង់ចាំ​ឲ្យ​យើង​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ជា​មុន​សិន ដើម្បី​ឲ្យ​លោក​អ្នក​បង្ហាញ​ដល់​អ្នក​ដទៃ​បាន​ទេ។ ប៉ុន្តែ យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់​ព្រះ​អង្គ​ដោយ​ជំនឿ។ ឱ!ព្រះ​ជាម្ចាស់​អើយ យើង​ខ្ញុំ​សុខ​ចិត្ត​ព្រម​ស្រឡាញ់​គាត់​ម្នាក់​នោះ។ ដូច្នេះ សេចក្ដី​ស្រឡាញ់​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​អារម្មណ៍​នោះ​ឡើយ។ ប៉ុន្តែ ជា​ទូទៅ តាម​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​យើង​ម្នាក់ៗ នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​មិន​គួរ​ឲ្យ​ស្រឡាញ់ នោះ​អារម្មណ៍​របស់​យើង​នឹង​កើត​ឡើង​មាន​បន្តិច​ម្តងៗ។ សេចក្តី​ស្រឡាញ់​មិន​ពឹង​ផ្អែក​ទៅ​លើ​អារម្មណ៍​បាន​នោះ​ទេ។ អារម្មណ៍​របស់​មនុស្ស​គ្រប់ៗ​រូប​តែង​តែ​កើន​ឡើង ហើយ​ពេល​ខ្លះ​ក៏​មាន​ការ​ថយ​ចុះ ដែល​ជន​ជាតិ​ខ្មែរ​តែង​តែ​និយាយ​ថា៖ «ម្ង៉ៃ​កាត់ ម្ង៉ៃ​កោរ»។

ពេល​ខ្លះ មាន​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ល្អ ពួក​គេ​តែង​តែ​បង្ហាញ​សេចក្តី​ស្រឡាញ់​ទៅ​អ្នក​ដទៃ​ដូច​ជា៖ បែប​រួសរាយ ញញឹម ជួយ​អ្នក​ដទៃ និយាយ​លេង​សើច ទៅ​កាន់​មនុស្ស​គ្រប់ៗ​គ្នា ប៉ុន្តែ ថ្ងៃ​បន្ទាប់​មក​ពួក​គេ​បាន​មាន​អារម្មណ៍​មិន​ល្អ ដូច្នេះ ពួក​គេ​ហាក់​បី​ដូច​នៅ​ស្ងៀម​ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ​ទៅ​វិញ។ សរុប​សេចក្តី​មក សេចក្តី​ស្រឡាញ់​គឺ​ការ​ប្ដេជ្ញា​ចិត្ត មិន​មែន​ជា​អារម្មណ៍​នោះ​ទេ។ ហើយ​នៅ​ដែល​លោក​អ្នក ហើយ​និង​ខ្ញុំ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត ជា​ញយៗ​គឺ​តែង​តែ​តម្រូវ​ឲ្យ​មាន​ការ​លះបង់ ប្រសិន​បើ លោក​អ្នក​គ្មាន​ការ​លះ​បង់​ផ្ទាល់​ខ្លួន​ទេ ដោយ​និយាយ​ថា ខ្ញុំ​នឹង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដោយ​លោក​អ្នក​មិន​ធ្វើ​អ្វី​សោះ ដោយ​មិន​បង្ហាញ​ពី​ការ​លះបង់​ថា ទោះ​បើ​ជា​មាន​អ្វី​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ស្រឡាញ់​គាត់ ទោះ​បើ​គាត់​មាន​ការ​លំបាក​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ស្រឡាញ់​គាត់ ទោះ​បើ​ពេល​ខ្លះ​គាត់​ជា​មនុស្ស​រឹង​ចចេស ឬ​មាន​បញ្ហា​អ្វី​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ស្រឡាញ់​គាត់។

នេះ​ហើយ​គឺ​ជា​ការ​ដែល​យើង​បង្ហាញ​ថា​យើង​ស្តាប់​បង្គាប់​ព្រះ​អង្គ។ ហើយ​សេចក្តី​ស្រឡាញ់​គឺ​ជា​បញ្ញត្តិ​របស់​ព្រះ​អង្គ ដែល​យើង​គឺ​ជា​អ្នក​ដែល​ចុះ​ចូល​ជា​មួយ​ព្រះ​អង្គ គឺ​យើង​ត្រូវ​តែ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​នោះ។ ដូច​គ្នា​ផង​ដែរ សេចក្តី​ស្រឡាញ់​មិន​អាច​កើត​ឡើង​បាន​ដោយ​ឯងៗ​នោះ​ទេ ប្រសិន​បើ​យើង​មិន​អនុវត្ត និង​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​នោះ​ចំពោះ​អ្នក​ដទៃ ហើយ​វា​ក៏​លូត​លាស់​ផង​ដែរ។ ឧទាហរណ៍៖ សេចក្តី​ស្រឡាញ់​របស់​លោក​អ្នក​ប្រៀប​ដូច​ជា​សេចក្តី​សង្គ្រោះ ហើយ​សាវ័ក យ៉ូហាន បាន​មាន​ប្រសាសន៍​ថា អស់​អ្នក​ណា​ដែល​ជឿ​លើ​ព្រះ​អង្គ នោះ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​គឺ​មាន​ន័យ​ថា គាត់​បាន​សេចក្តី​សង្គ្រោះ។ ប៉ុន្តែ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា យើង​ត្រូវ​តែ​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​យើង។ មនុស្ស​គ្រប់ៗ​គ្នា​គឺ​មាន​សាច់​ដុំ ហើយ​សាច់​ដុំ​របស់​យើង​នឹង​មិន​រីក​ចម្រើន​ធំ​ឡើង​បាន​នោះ​ទេ​ប្រសិន​បើ​យើង​មិន​ហាត់​ប្រាណ។ ពិត​ប្រាកដ​ណាស់ អ្នក​ដែល​ជឿ​នឹង​មាន​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះ ប៉ុន្តែ​វា​មិន​អាច​ពេញ​វ័យ​ឡើង​ដោយ​ឯងៗ​បាន​នោះ​ទេ គឺ​ត្រូវ​ការ​ហ្វឹក​ហាត់ និង​លូត​លាស់។ វា​ប្រៀប​ដូច​ជា​យើង​ហាត់​ប្រាណ ដើម្បី​ឲ្យ​មាន​សាច់​ដុំ​ធំ​អញ្ចឹង​ដែរ។ ចំណែក​ឯ​លោក​អ្នក​វិញ តើ​លោក​អ្នក​ធ្វើ​លំហាត់​ប្រាណ​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង​យ៉ាង​ដូច​ម្តេច​ចំពោះ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន?

ជា​ទូទៅ សេចក្តី​ស្រឡាញ់​ត្រូវ​មាន​ការ​លះបង់ (ការ​ហាត់​ប្រាណ​ក៏​ត្រូវ​មាន​ការ​លះបង់ ពេល​ខ្លះ​ពេល​ព្រឹក​លោក​អ្នក​មិន​ចង់​ងើប​ពី​ដំណេក​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​លះបង់)។ ដូច​គ្នា​នេះ​ដែរ ដើម្បី​ឲ្យ​សាច់​ដុំ​នៃ​សេចក្តី​ស្រឡាញ់​របស់​លោក​អ្នក​រីក​ចម្រើន​ធំ​ឡើងៗ​បាន ទាល់​តែ​លោក​អ្នក​ហាត់​ប្រាណ ហើយ​ពេល​ខ្លះ​គឺ​តម្រូវ​ឲ្យ​លោក​អ្នក​លះបង់ និង​ត្រូវ​ការ​អត់ធ្មត់ និង​ពេល​វេលា​ផង​ដែរ។ ដូច្នេះ មូល​ហេតុ​ដែល​យើង​ត្រូវ​តែ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ដោយ​សារ​តែ​សេចក្តី​ស្រឡាញ់​ជា​បញ្ញត្តិ និង​ជា​សេចក្តី​បង្គាប់​ដែល​មក​ពី​ព្រះ​ជាម្ចាស់។

ព្រះ​ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្តី​ស្រឡាញ់

កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:៧-៨ បាន​ចែង​ដូច​ត​ទៅ «…ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ​អង្គ…» ព្រះ​ជាម្ចាស់​​ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ នោះ​ហើយ​គឺ​ជា​ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ​តាំង​ពី​អស់​កល្ប​រៀង​មក។ នៅ​ក្នុង​ទំនាក់​ទំនង​នៃ​សេចក្តី​ស្រឡាញ់ នោះ​ព្រះ​អង្គ​បាន​ប្រកប​ជាមួយ​ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ចរិត​លក្ខណៈ​របស់​ព្រះ​ជាម្ចាស់។ ដោយ​ព្រោះ​ទ្រង់​គឺ​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​អង្គ​ក៏​ត្រូវតែ​មាន​សេចក្តី​ស្រឡាញ់​ដូច​ទ្រង់​ផង​ដែរ។ នេះ​ហើយ​គឺ​ជា​ហេតុ​ផល​ដែល​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ វា​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​លោក​អ្នក ហើយ​និង​ខ្ញុំ ដែល​មាន​ព្រះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​យើង​ក៏​អាច​ឃើញ​ពី​ប្រភព​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង​គឺ​មក​ពី​ព្រះ​អង្គ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

ព្រះ​បាន​ស្រឡាញ់​យើង​ជា​ខ្លាំង

កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:៩-១១៖ «សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សម្ដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ​សារ​ទ្រង់ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​មក ទុក​ជា​តង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង ពួក​ស្ងួនភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ»

នេះ​ជា​ការ​អស្ចារ្យ​យ៉ាង​ខ្លាំង ដែល​ពេល​ខ្លះ​លោក​អ្នក​មាន​អារម្មណ៍​ថា លោក​អ្នក​មិន​ស័ក្ដិសម​នឹង​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ​អង្គ ប៉ុន្តែ​ព្រះ​គម្ពីរ នៅ​ត្រង់​ខ១១​បាន​ចែង​ថា «ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ»។ ត្រង់​ពាក្យ​ថា «ស្រឡាញ់​យើង» គឺ​មាន​រួម​បញ្ចូល​ទាំង​លោក​អ្នក ហើយ​និង​ខ្ញុំ​ដែរ​ថា ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​លោក​អ្នក ហើយ​និង​ខ្ញុំ។ ហើយ​លោក​អ្នក​ចាប់​ផ្ដើម​សួរ​ខ្លួន​ឯង​ថា តើ​លោក​អ្នក​ជា​នរណា? ឬ​ក៏​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​លោក​អ្នក​ដូច្នេះ? តើ​ខ្ញុំ​ស័ក្តិសម​ឲ្យ​ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ? ប្រហែល​សំណួរ​ទាំង​នេះ​គឺ​ជា​សំណួរ​ដែល​អាច​ប៉ះពាល់​អារម្មណ៍​យើង។ ប្រសិន​បើ​លោក​អ្នក​មិន​ស័ក្តិសម​ឲ្យ​ព្រះ​អង្គ​ស្រឡាញ់​លោក​អ្នក​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ព្រះ​អង្គ​បាន​ស្រឡាញ់​លោក​អ្នក តើ​វា​មាន​ហេតុ​ផល​អ្វី ដែល​លោក​អ្នក​មិន​អាច​ស្រឡាញ់​អ្នក​ដទៃ​បាន​ទៅ? តើ​វា​មាន​ហេតុ​ផល​អ្វី ដែល​លោក​អ្នក​ពិបាក​ក្នុង​ការ​ស្រឡាញ់​អ្នក​ដទៃ? ឬ​ក៏​ដោយ​សារ​បុគ្គលិក​លក្ខណៈ ការ​មាន​មានះ និង​ការ​ចចេស​របស់​អ្នក​ដទៃ ឬ​ក៏​យ៉ាង​ណា តែ​ផ្ទុយ​ទៅ​វិញ​ព្រះ​អង្គ​ទ្រង់​ទត​មើល​ក្នុង​ជីវិត​លោក​អ្នក។ ហើយ​ព្រះ​អង្គ​ក៏​អាច​សួរ​សំណួរ​ដល់​យើង​ថា «តើ​លោក​អ្នក​ស្រឡាញ់​អ្នក​ដទៃ​ប៉ុណ្ណា?» គ្រប់ៗ​គ្នា​នឹង​ឈរ​នៅ​មុខ​បល្ល័ង្ក​នៃ​ទ្រង់ ហើយ​ព្រះ​អង្គ​នឹង​ជំនុំ​ជម្រះ​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ​មក​លើ​អ្នក​ដទៃ។

ព្រះ​អង្គ​ស្រឡាញ់​លោក​អ្នក​ខ្លាំង​ណាស់។ តើ​លោក​អ្នក​មាន​ហេតុ​ផល​អ្វី ដែល​លោក​អ្នក​មិន​អាច​ស្រឡាញ់​អ្នក​ដទៃ​បាន? តើ​លោក​អ្នក​អាច​ដឹង​ដោយ​របៀប​ណា​ថា ព្រះ​ជាម្ចាស់​ទ្រង់​ស្រឡាញ់​លោក​អ្នក? ពេល​ខ្លះ​លោក​អ្នក​ហាក់​បី​ដូច​ជា​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​មិន​ស្រឡាញ់​លោក​អ្នក​ទេ ប៉ុន្តែ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ព្រះ​អង្គ​បាន​សម្ដែង​ឲ្យ​យើង​ដឹង​រួច​ហើយ។ នៅ​ត្រង់​ខ៩​ដោយ​ចែង​ថា «ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​មក ទុក​ជា​តង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង»។ នៅ​ពេល​លោក​អ្នក​យល់​ថា តាំង​ពី​មុន​អស់​កល្ប​រៀង​មក គឺ​ព្រះ​ជាម្ចាស់​មាន​លក្ខណៈ​បី​អង្គ គឺ​ព្រះវ​បិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​ប្រកប​គ្នា​ដោយ​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ល្អ​មួយ​តាំង​ពី​ដើម​រៀង​មក ដោយ​ព្រះ​អង្គ​ទ្រង់​គឺ​ជា​ព្រះ​ត្រៃ​ឯក ដែល​អង្គ​នីមួយៗ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា ពេញ​ទៅ​ដោយ​សេចក្តី​ស្រឡាញ់។

ពិត​ប្រាកដ​ណាស់! ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​មក ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ ហើយ​ក៏​បង្ហាញ​ថា ទ្រង់​គឺ​ជា​ព្រះ​ដ៏​ធំ​សម្បើម និង​ជា​ព្រះ​ដែល​ពិត​ប្រាកដ។ ប៉ុន្តែ ដោយ​សារ​តែ​ការ​មិន​ស្ដាប់​បង្គាប់ នោះ​ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់​ក្នុង​អំពើ​បាប ហើយ​ក៏​ដោយ​សារ​លទ្ធផល​នៃ​អំពើ​បាប គឺ​ជា​សេចក្តី​ស្លាប់​រហូត​អស់​កល្ប​ជានិច្ច​ដោយ​គ្មាន​ផ្លូវ​ដែល​អាច​ជួយ​ឲ្យ​ត្រឡប់​មក​វិញ​បាន។ ដោយ​សារ​ព្រះ​អង្គ​ជ្រាប​ថា គ្មាន​ផ្លូវ​ណា​ដែល​អាច​សង្គ្រោះ​មនុស្ស​មាន​បាប​បាន នោះ​ទ្រង់​ក៏​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​តែ​មួយ​ឲ្យ​យាង​ចុះ​មក​ក្នុង​លោកីយ៍​នេះ ដើម្បី​សុគត​នៅ​លើ​ឈើ​ឆ្កាង​ទុក​ជា​តង្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​យើង។ នេះ​មាន​ន័យ​ថា ឲ្យ​សម​នឹង​អំពើ​បាប និង​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នៅ​លើ​ឈើ​ឆ្កាង​ឲ្យ​សព្វ​គ្រប់​អស់​ហើយ និង​គ្រប​បាំង​អំពើ​បាប​របស់​យើង។ ដែល​នេះ​មាន​ន័យ​បន្ថែម​ទៀត​ថា វា​ល្មម មិន​ខ្វះ។ ទ្រង់​ធ្វើ​បែប​នេះ​សម្រាប់​ឲ្យ​យើង​មាន​ជីវិត​រស់​នៅ​ជា​មួយ​នឹង​ព្រះ​អង្គ​ឡើង​វិញ​បាន។ សេចក្តី​ទាំង​នេះ​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​លោក​អ្នក ហើយ​និង​ខ្ញុំ។ ហើយ​វា​ក៏​ជា​ហេតុ​ផល​ដែល​យើង​ត្រូវ​តែ​ស្រឡាញ់​ដល់​អ្នក​ដទៃ​ដែរ។

ហេតុ​ដូច្នេះ «សេចក្តី​ស្រឡាញ់» មាន​ន័យ​ថា ជា​ការ​ប្ដេជ្ញា​ចិត្ត ដែល​ទាម​ទារ​ឲ្យ​មាន​ការ​លះបង់។ ក្នុង​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ នោះ​យើង​ត្រូវ​មាន​ការ​លះបង់ ដូច​ដែល​ព្រះ​ជា​ម្ចាស់​បាន​ចាត់​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​អង្គ​មក​ផែនដី​ផង​ដែរ។ ហើយ​ការ​ដែល​ត្រូវ​ការ​លះបង់​គឺ ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ទទួល​នូវ​សេចក្តី​ស្រឡាញ់​នោះ។ សរុប​សេចក្តី​មក​វិញ សេចក្តី​ស្រឡាញ់​គឺ​ជា​ការ​ទាមទារ​ឲ្យ​មាន​ការ​លះបង់ ដើម្បី​ផល​ប្រយោជន៍​ល្អ​បំផុត​ដល់​អ្នក​ដែល​ទទួល​នូវ​សេចក្តី​ស្រឡាញ់។ ចុះ​តើ​អ្វី​ទៅ​ជា ផល​ប្រយោជន៍​ដ៏​ល្អ​បំផុត​ដែល​អ្នក​ដទៃ​អាច​នឹង​ទទួល​បាន? នោះ​គឺ​ជា​ការ​ដែល​នាំ​មនុស្ស​ឲ្យ​ស្គាល់​ព្រះ​អង្គ ដើម្បី​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ ជីវិត​អស់​កល្ប​ជានិច្ច​គឺ​ជា​ការ​ល្អ​បំផុត! ចំណែក​ឯ​អ្នក​ដទៃ ដែល​ជា​គ្រីស្ទ​បរិស័ទ​រួច​ហើយ អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​នាំ​ពួក​គេ​ឲ្យ​កាន់​តែ​មាន​ក្តី​ស្រឡាញ់​ដែល​លូត​លាស់ ហើយ​មាន​ភាព​ពេញ​វ័យ​ឡើងៗ។

ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ការ​ធ្វើ​បែប​នោះ​នឹង​នាំ​ឲ្យ​លោកីយ៍​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ព្រះ ហើយ​ក៏​ជា​សញ្ញា​មួយ​នៃ​ចំណុច​ស្នូល​នៃ​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​ដែរ។ ចូរ​រស់​នៅ​ដោយ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ទៅ​ដល់​អ្នក​ដទៃ ដែល​នៅ​ជុំ​វិញ​ខ្លួន​ដោយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។

និពន្ធដោយ៖ លោកគ្រូ ជឿន ជីវិចន្ធា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​,លោក ធីម៉ូថេ ឯក​ និង​ លោក សួន ចាន់រួម
ដកស្រង់ និងកែសម្រួលចេញពី youtube.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​កិត្តិយស និង​បេសកកម្ម​នៃព្រះអង្គ

សាសនាឥស្លាម