បន្ទាប់ពីចំណាយពេលអស់មួយភាគបួននៃសតវត្សរ៍នៅព្រះវិហារ បេថ្លេហិមបាទីស្ទ លោកគ្រូ ចន ផាបភ័រ បានក្រឡេកមើលក្រោយ និងបានឆ្លុះបញ្ចាំងលើការពេញនិយមដ៏គួរឲ្យព្រួយបារម្ភបំផុតមួយដែលគាត់បានដើរតាមនៅក្នុងគ្រីស្ទបរិស័ទ។ ហើយការពេញនិយមនេះគឺជាការលើកខ្លួនឯង និងការស្រឡាញ់ខ្លួនឯង ហើយវាជាការដែលបានកើតឡើងខ្លាំងមែនទែននៅក្នុងអំឡុងឆ្នាំ ១៩៧០ ដល់ ១៩៨០។ គេបានលើកឡើងថា ការឲ្យតម្លៃលើខ្លួនឯងគឺជាគន្លឹះនៃសេចក្ដីស្រឡាញ់របស់គ្រីស្ទបរិស័ទ៖ ចូរស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ហើយបន្ទាប់មកទើបលោកអ្នកអាចស្រឡាញ់អ្នកដទៃទៀតបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ គំរូបែបនេះគឺជាការបង្ខូចទ្រង់ទ្រាយទៅវិញទេ។ ជាការពិតណាស់ អ្វីដែលព្រះគម្ពីរទាមទារឲ្យគ្រីស្ទបរិស័ទធ្វើគឺលើសឆ្ងាយជាងការលើកខ្លួនឯងទៅទៀត។ វាលើសខ្លាំងជាងនេះ ពីព្រោះព្រះគម្ពីរមិនបានត្រាស់ហៅយើងឲ្យស្រឡាញ់ខ្លួនឯងច្រើនថែមទៀតនោះទេ ប៉ុន្តែឲ្យយើងស្រឡាញ់អ្នកដទៃដោយមានចិត្តស្មោះត្រង់ និងព្យាយាមខ្នះខ្នែងដូចដែលយើងបានស្រឡាញ់ខ្លួនឯងដែរ។ ការត្រាស់ហៅឲ្យស្រឡាញ់ដែលលើសបែបនេះគឺជាការត្រាស់ហៅដែលមានការទាមទារខ្ពស់ណាស់។ លោកគ្រូ ចន ផាបភ័រ ហៅការបើកសម្ដែងបែបនេះថាជា «ការហិនវិនាស»—ហិនវិនាសដោយសារវាបានធ្វើឲ្យគ្រីស្ទបរិស័ទក្លាយជា «សាសនាដែលមិនអាចទៅរួចបាន»។ នេះជាអ្វីដែលលោកគ្រូ ចន ផាបភ័រ បានពន្យល់នៅក្នុងសេចក្ដីអធិប្បាយរបស់គាត់មួយក្នុងចំណោមសេចក្ដីអធិប្បាយទាំង ២០០៥ ចំណងជើងរបស់គាត់។
តើបំណុលនៃសេចក្ដីស្រឡាញ់ដែលយើងជំពាក់អ្នកដទៃមានទំនាក់ទំនងជាមួយនឹងការស្រឡាញ់ខ្លួនឯងដោយរបៀបណា? កណ្ឌគម្ពីរ រ៉ូម ១៣:៩ គឺជាការដកស្រង់ចេញពីកណ្ឌគម្ពីរ លេវីវិន័យ ១៩:១៨។ ទាំងព្រះយេស៊ូវ លោក យ៉ាកុប និងសាវ័ក ប៉ុល ក៏បានលើកសម្រង់សម្ដីនេះឡើងដែរ។ នេះគឺជាបញ្ញត្តិនៃសេចក្ដីស្រឡាញ់ដ៏សំខាន់បំផុត «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ សំណួររបស់ខ្ញុំគឺថា តើឃ្លាដែលថា «ស្រឡាញ់ដូចខ្លួនឯង» មានន័យយ៉ាងដូចម្ដេច—«ដូចខ្លួនឯង»?
មកដល់ពេលនេះ ខ្ញុំបានបម្រើនៅទីនេះអស់រយៈពេល២៥ឆ្នាំហើយ។ យើងទើបតែបានធ្វើពិធីគម្រប់ខួបកាលពីយប់ថ្ងៃពុធនេះ។ ខ្ញុំអាចចាំបានកាលពី៦ឆ្នាំមុនពេលដែលខ្ញុំបានមកដល់ក្រុមជំនុំ បេថ្លេហិម ដំបូង ហើយខ្ញុំអាចនិយាយបានថា ក្នុងចំណោមការខ្វល់ខ្វាយជាច្រើនក្នុងជីវិតរបស់ខ្ញុំចាប់ពីឆ្នាំ ១៩៧៤ ដល់ ១៩៨៩ គឺជាបញ្ហាមួយនេះហើយ។ តើឃ្លាដែលថា «ដូចខ្លួនឯង» មានន័យយ៉ាងដូចម្ដេច? ខ្ញុំចង្អុលបង្ហាញពីការពិតនៃប្រវត្តិសាស្ត្របន្តិចបន្តួចដោយសារតែខ្ញុំមិនបានទទួលស្គាល់ពីបញ្ហា ឬក៏មានការមួយចំនួនបានផ្លាស់ប្ដូរបន្តិចបន្តួច។ ខ្ញុំមិនបានស្ដាប់លឺដូចកាលពី២០ទៅ៣០ឆ្នាំមុននោះទេ គម្រោងផែនការទាក់ទងទៅនឹងផ្លូវចិត្តដែលបានសង់នៅក្នុងខគម្ពីរនេះមានការខុសខ្លាំងមែនទែន។ ប៉ុន្តែ ខ្ញុំនឹងប្រាប់លោកអ្នកអំពីចំណុចនោះក្រែងលោខ្ញុំនៅមិនទទួលស្គាល់ពីបញ្ហា និងក្រែងលោលោកអ្នកក៏ទទួលស្គាល់បែបដូចនោះដែរ។ ឥលូវនេះ ខ្ញុំនឹងព្យាយាមរំដោះលោកអ្នកចេញពីការលង់បែបនេះ។
ដំណឹងល្អនៃការលើកខ្លួនឯង
អស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ គ្រីស្ទបរិស័ទបានសរសេរអត្ថបទ និងសៀវភៅដែលពួកគេបានលើកឡើងថា បញ្ញត្តិមួយនេះមានន័យថា មូលហេតុដែលមនុស្សមិនអាចស្រឡាញ់អ្នកដទៃទៀតបានគឺក៏ព្រោះតែពួកគេមិនបានរៀនពីរបៀបក្នុងការស្រឡាញ់ខ្លួនឯងឲ្យបានគ្រប់គ្រាន់សិន ហេតុដូច្នេះហើយបានជាកិច្ចការក្នុងការផ្ដល់ការសិក្សា និងកិច្ចការអប់រំ ការចិញ្ចឹមបីបាច់ថែរក្សា និងការអធិប្បាយ គឺដើម្បីជួយមនុស្សឲ្យចេះស្រឡាញ់ខ្លួនឯងខ្លាំងជាងមុន ដើម្បីឲ្យពួកគេមានធនធានក្នុងការស្រឡាញ់អ្នកដទៃទៀតបាន។ ហើយនៅក្នុងគម្រោងផែនការដ៏តូចមួយនោះ ការស្រឡាញ់ខ្លួនឯងគឺតែងតែមានន័យថា ការលើកខ្លួនឡើងឯង។
ដូច្នេះហើយបានជាដំណឹងល្អសកលដែលបានដោះស្រាយបញ្ហាទាំងអស់របស់កុមារ អាពាហ៍ពិពាហ៍ និងជម្លោះអាជីវកម្មគឺជាការខ្វះនូវការលើកខ្លួនឯង ហេតុដូច្នេះហើយ កិច្ចការរបស់អ្នកប្រឹក្សាទាំងអស់ គ្រូអធិប្បាយទាំងអស់ ឪពុកម្ដាយទាំងអស់ អ្នកអប់រំទាំងអស់ គឺជាការនាំកូនតូចៗទាំងនោះឲ្យចេះលើកខ្លួនឯងជីវិតរស់នៅរបស់ពួកគាត់ ហើយឲ្យបុគ្គលិកទាំងអស់ចេះលើកខ្លួនឯងនៅក្នុងជីវិត ហើយបន្ទាប់មក ការទាំងអស់នឹងចាប់ផ្ដើមមានភាពល្អប្រសើរឡើងជាងនេះ ពីព្រោះនៅពេលដែលពួកគេស្រឡាញ់ខ្លួនឯង នោះពួកគេនឹងឲ្យសេចក្ដីស្រឡាញ់នោះហូរហៀរទៅកាន់អ្នកដទៃទៀតដែរ។ នោះគឺជាគម្រោងផែនការបោកប្រាស់ ហើយវាក៏បានបាត់បង់នូវចំណុចសំខាន់ៗក្នុងរបៀបជាច្រើនដែរ។
ទីមួយ សេចក្ដីបង្គាប់បញ្ជាតាមបទគម្ពីរមួយនេះសន្មតថា យើងទាំងអស់គ្នាចេះស្រឡាញ់ខ្លួនឯងហើយ ហើយមិនចាំបាច់ត្រូវការឲ្យគេមកបង្រៀនទាល់តែសោះក្នុងការស្រឡាញ់ខ្លួនឯង។ វាជាការសន្មត។ មនុស្សគ្រប់ៗគ្នា ដោយមិនមានករណីលើកលែង មានទំនាក់ទំនងយ៉ាងងប់ងុលជាមួយនឹងការស្រឡាញ់ខ្លួនឯង។ លោកអ្នកមិនត្រូវការរៀនពីការនោះទាល់តែសោះ។
ហើយចំណុចទី២ វាគ្មានអ្វីទាក់ទងជាមួយនឹងការលើកខ្លួនឯងនោះទេ។ សេចក្ដីស្រឡាញ់ដែលលោកអ្នកមានសម្រាប់ខ្លួនឯងមានភាពសាមញ្ញណាស់ បំណងប្រាថ្នារបស់លោកអ្នកក្នុងការមានភាពសប្បាយរីករាយ និងការធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យជីវិតរបស់លោកអ្នកដើរនៅក្នុងផ្លូវដែលលោកអ្នកចង់បាន។ ព្រះអង្គមិនបានមានបន្ទូលថា ដំបូងលោកអ្នកត្រូវរៀនលើកខ្លួនឯងទេ ហើយបន្ទាប់មក ចេញពីការឲ្យតម្លៃយ៉ាងខ្ពស់ដល់គុណសម្បត្តិរបស់លោកអ្នក នោះឥឡូវនេះលោកអ្នកមានសេរីភាពក្នុងការស្រឡាញ់អ្នកដទៃទៀតបាន—បន្ទាប់មកជួយពួកគេឲ្យសន្មតថា ពួកគេចេះឲ្យតម្លៃខ្លួនឯងថាពួកគេអស្ចារ្យប៉ុណ្ណា។
គ្រប់គ្នាចង់បានភាពសប្បាយរីករាយ
នោះមិនមែនជារបៀបដែលសាវ័ក ប៉ុល កំពុងតែគិតនោះទេ។ ព្រះបន្ទូលមិនបានបង្គាប់ឲ្យយើងស្រឡាញ់ខ្លួនឯងនោះទេ ទាំងនោះគឺគ្រាន់តែជាការសន្មតតែប៉ុណ្ណោះ៖ ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនបានស្រឡាញ់ខ្លួនឯង—ប៉ុណ្ណឹងវាច្បាស់ល្មមដែលមិនគួរមានសំណួរអំពីវាទៀតនោះទេ។
នេះគឺជាឧទាហរណ៍នៅក្នុងកណ្ឌគម្ពីរ អេភេសូរជំពូក ៥។ សាវ័ក ប៉ុល កំពុងនិយាយអំពីប្ដីប្រពន្ធនៅក្នុងកណ្ឌគម្ពីរអេភេសូរនៅក្នុងជំពូកទី៥។ គាត់កំពុងតែប្រើប្រាស់បញ្ញត្តិនៃការស្រឡាញ់អ្នកជិតខាងមកអនុវត្តចំពោះប្ដីប្រពន្ធផងដែរ។ ដូច្នេះ ក្នុងអត្ថន័យនេះ តើឲ្យប្ដីអាចស្រឡាញ់ប្រពន្ធបានដោយរបៀបណា? វាមានដំណើរការដូចនេះ៖ «ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ»។ ហើយបន្ទាប់មក គាត់ក៏បានបន្ថែមឃ្លាដ៏សំខាន់គួរឲ្យភ្ញាក់ផ្អើលនៅក្នុងខ២៩ទៀតថា «ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ» (អេភេសូរ ៥:២៨-២៩)។ គ្មាននរណាម្នាក់ស្អប់ខ្លួនឯងនោះទេ ប៉ុន្តែតែងតែចិញ្ចឹម និងថ្នាក់ថ្នមខ្លួនគាត់វិញ។ គ្រប់គ្នាទាំងអស់ដោយមិនមានការលើកលែង សុទ្ធតែស្រឡាញ់ខ្លួនឯង—មិនថាការលើកខ្លួនរបស់គាត់មានលក្ខណៈទាប ឬខ្ពស់នោះទេ។
គ្រប់គ្នាចង់មានអាហារបរិភោគ ហើយនិងធ្វើស្ទើរតែគ្រប់យ៉ាង ដើម្បីឲ្យបានវាមកបរិភោគ ប្រសិនបើយើងឃ្លានខ្លាំង។
គ្រប់គ្នាចង់មានទឹកផឹក ហើយមិនឲ្យខ្លួនស្លាប់ដោយសារការស្រេកឃ្លាននោះទេ ហើយយើងនឹងធ្វើស្ទើរតែគ្រប់យ៉ាង ដើម្បីឲ្យខ្លួនយើងទទួលបានទឹកផឹក ប្រសិនបើយើងស្រេកមែន។
គ្រប់គ្នាចង់គេចឲ្យផុតពីការមានរបួស និងការស្លាប់ ហើយយើងនិងធ្វើគ្រប់យ៉ាង ដើម្បីគេចចេញពីការដើរកាត់មុខរទេះភ្លើង ឬមុខឡាន ឬពីការផឹកថ្នាំពុល ឬក៏ការដែលនាំឲ្យខ្លួនយើងស្លាប់ក្នុងរបៀបផ្សេងៗទៀតដែរ។
យើងស្រឡាញ់ជីវិត និងសុខភាពរបស់យើងខ្លាំងណាស់។ ហើយប្រសិនបើមាននរណាម្នាក់លើកឡើងដោយបដិសេធថា «ចុះសម្រាប់ពួកអ្នកដែលទទួលបានការរីករាយពីការឈឺចាប់ និងពួកអ្នកធ្វើអត្តឃាតខ្លួនឯងវិញ? តើពួកគេជាករណីលើកលែង ឬយ៉ាងណា? ខ្ញុំចង់មានន័យថា ពួកគេមិនបានមើលថែខ្លួនឲ្យបានល្អទេ មែនអត់?»។ ចម្លើយគឺថា ពួកអ្នកដែលទទួលបានការរីករាយពីការឈឺចាប់ និងពួកអ្នកដែលធ្វើអត្តឃាតខ្លួនឯងមិនមែនជាករណីលើកលែងនោះទេ ក្នុងច្បាប់នេះ។
អ្នកដែលទទួលបានការរីករាយចេញពីការឈឺចាប់គឺជាម្នាក់ដែលមានមូលហេតុក្រៀមក្រំ និងគួរឲ្យញញើត ហើយស្វែងរកការរីករាយបានដោយធ្វើឲ្យខ្លួនឯងមានការឈឺចាប់ ឬការទទួលបានភាពអរសប្បាយនឹងការយកចិត្តទុកដាក់របស់គ្រូពេទ្យ។ ខ្ញុំធ្លាប់បាននិយាយជាមួយអ្នកដែលធ្លាប់បានអារដៃខ្លួនឯង។ ខ្ញុំបានសួរស្ត្រីវ័យក្មេងម្នាក់ដែលយើងធ្លាប់បានធ្វើការជាមួយ «ហេតុអ្វីបានជាអ្នកអារខ្លួនឯងបែបនេះ?» គាត់មានស្នាមរបួសដាចយ៉ាងធំនៅលើក្បាលពោះរបស់គាត់។ គាត់បានឆ្លើយថា «ដោយសារនោះវាជាពេលតែមួយគត់ដែលមាននរណាម្នាក់បានប៉ះខ្ញុំ» គាត់ចង់ឲ្យមាននរណាម្នាក់មកប៉ះគាត់។ គាត់ស្រឡាញ់ខ្លួនគាត់ខ្លាំងណាស់។ «សូមប៉ះខ្ញុំមក! លោកគ្រូពេទ្យ! សូមប៉ះខ្ញុំមក!»។
ជាការពិត វាក៏ដូចគ្នាជាមួយនឹងការធ្វើអត្តឃាតដែរ។ មានហេតុផលតែមួយគត់ដែលនាំឲ្យមនុស្សសម្លាប់ខ្លួន គឺដោយសារជីវិតរបស់គេមានការឈឺចាប់ខ្លាំងពេក ពួកគេមិនអាចប្រឈមនឹងវាបានទៀតនោះទេ ហើយពួកគេចង់គេចឲ្យផុតពីវា។ ពួកគេគ្រាន់តែចង់ចេញឲ្យផុតពីការឈឺចាប់ ដែលនោះក៏ជាការស្រឡាញ់ខ្លួនឯងដែរ។ «ខ្ញុំមិនចង់មានការឈឺចាប់ទៀតទេ»។
គ្រប់គ្នាចូលចិត្តឲ្យគេសរសើរ ហើយដាច់ចេញពីព្រះគុណ នោះពួកយើងទាំងអស់គ្នាប្រសប់ក្នុងការនិយាយ និងធ្វើការអ្វីមួយ ដើម្បីឲ្យគេចូលចិត្ត និងលើកមុខមាត់យើង។ យើងត្រូវការកិច្ចការដ៏ធំនៃព្រះគុណដ៏ក្រៃលែងក្នុងការរំដោះលោកអ្នកចេញពីរូបព្រះទាំងនោះ។ យើងស្រឡាញ់ការសរសើរពីមនុស្ស។ មនុស្សគ្រប់គ្នាមានសេចក្ដីស្រឡាញ់សម្រាប់ខ្លួនឯង។ ព្រះយេស៊ូវមិនបានបង្គាប់វានោះទេ ព្រះអង្គជ្រាបពីវាហើយ។
ចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃ
ឥឡូវនេះ មានមនុស្សជាច្រើនគិតថា វានឹងលើសពេកហើយ ប្រសិនបើព្រះយេស៊ូវបានមានបន្ទូលថា «ដូច្នេះ ចូរឈប់ស្រឡាញ់ខ្លួនឯងដូចនោះ ហើយចូរចាប់ផ្ដើមបំពេញកាតព្វកិច្ចនៃក្ដីស្រឡាញ់ទៅកាន់អ្នកដទៃចុះ។ ចូរឈប់មានចំណង់ខ្លាំងក្នុងការស្វែងរកសុភមង្គលដល់ខ្លួនឯង និងដល់សុខុមាលភាពខ្លួនឯងចុះ។ ចូរបញ្ឈប់ការនោះ សម្លាប់ការនោះ ឆ្កាងការនោះ ស្លាប់នៅក្នុងការនោះ និងចាប់ផ្ដើមធ្វើអ្វីដែលមិនហូរចេញពីសេចក្ដីប៉ងប្រាថ្នា ដើម្បីភាពអរសប្បាយរបស់លោកអ្នក ហើយចូរគ្រាន់តែធ្វើវាទៅតាមកាតព្វកិច្ច ហើយក្នុងសេចក្ដីស្រឡាញ់ផង»។ មានមនុស្សមួយចំនួនអាចនឹងនិយាយថា នោះវាលើសច្រើនណាស់ ហើយខ្ញុំគិតថា វាក៏អាចដូចនោះដែរ។
ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយក៏វាមិនច្រើនដូចអ្វីដែលព្រះយេស៊ូវបានមានបន្ទូល និងដូចអ្វីដែលសាវ័ក ប៉ុល បានមានប្រសាសន៍ និងលោក យ៉ាកុប បានលើកឡើង និងកណ្ឌគម្ពីរលេវីវិន័យបានចែងនោះទេ។ ផ្ទុយទៅវិញ ពួកគាត់បានលើកឡើងថា «ចូរស្រឡាញ់អ្នកជិតខាងក្នុងរបៀបដូចនោះ៖ ដូចដែលលោកអ្នកស្រឡាញ់ខ្លួនឯងយ៉ាងសម្បើមនោះដែរ។ ចូរធ្វើឲ្យបំណងប្រាថ្នារបស់លោកអ្នកបានកើតឡើង ចូរធ្វើឲ្យបំណងប្រាថ្នារបស់លោកអ្នកក្នុងការមានភាពអរសប្បាយក្លាយជារង្វាស់នៃសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនក្លាយជាភាពអរសប្បាយដល់អ្នកដទៃចុះ»។ លោកអ្នកនិយាយពីភាពច្រើនលើសលប់ លោកអ្នកនិយាយអំពីការផ្លាស់ប្ដូរនៃជីវិត អំពីការដែលបេះដូងលោតស្ទើរតែផ្ទុះ និងអំពីសេចក្ដីបង្គាប់បញ្ជាដែលមិនអាចទៅរួចបាន។ ចូរស្រឡាញ់អ្នកជិតខាងរបស់ខ្លួនដូចដែលលោកអ្នកស្រឡាញ់ខ្លួនឯងចុះ។
ប្រសិនបើលោកអ្នកមានភាពស្វាហាប់ក្នុងការស្វែងរកសុភមង្គលសម្រាប់ខ្លួនឯង ចូរមានភាពស្វាហាប់ក្នុងការស្វែងរកសុភមង្គលដល់អ្នកជិតខាងរបស់ខ្លួនផងចុះ។
ប្រសិនបើលោកអ្នកមានគំនិតឆ្នៃប្រឌិតក្នុងការស្វែងរកសុភមង្គលសម្រាប់ខ្លួនឯង ចូរមានគំនិតឆ្នៃប្រឌិតក្នុងការស្វែងរកសុភមង្គលដល់អ្នកជិតខាងរបស់លោកអ្នកដែរ។
ប្រសិនបើលោកអ្នកមានការតស៊ូ និងទ្រាំទ្រក្នុងការស្វែងរកសុភមង្គលសម្រាប់ខ្លួនឯង ចូរមានការតស៊ូ និងទ្រាំទ្រក្នុងការស្វែងរកសុភមង្គលដល់អ្នកជិតខាងរបស់លោកអ្នកដែរ។
សាវ័ក ប៉ុល មិនបានលើកឡើងជាចម្បងថាឲ្យស្វែងរកអ្នកជិតខាងរបស់លោកអ្នកដូចអ្វីដែលលោកអ្នកចង់បាននោះទេ៖ គាត់កំពុងលើកឡើងថា «ចូរស្វែងរកប្រយោជន៍សម្រាប់ពួកគេនៅក្នុងរបៀបដូចគ្នាទៅនឹងការដែលលោកអ្នកស្វែងរកសម្រាប់ខ្លួនឯងវិញ។ ចូរកំណត់កម្រិតសម្រាប់ស្វែងរកខ្លួនរបស់លោកអ្នកផ្ទាល់ ដែលវាខ្ពស់ ជារង្វាស់ក្នុងការស្វែងរកប្រយោជន៍សម្រាប់ពួកគេដែរ»។
ការច្រើនហួសហេតុ សេចក្ដីបង្គាប់ដែលមិនអាចទៅរួច
នេះគឺជាការហិនវិនាសមួយ។ លោកអ្នកកំពុងអង្គុយនៅផ្ទះ។ លោកអ្នកមានចិត្តរីករាយជាមួយអារម្មណ៍ពេលល្ងាច។ វាមានអារម្មណ៍ល្អ—ការមើលទូរទស្សន៍ មើលវីដេអូ បរិភោគអាហារឆ្ងាញ់ៗ ហើយជជែកគ្នាលេង។ ហើយស្រាប់តែលោកអ្នកឮសេចក្ដីបង្គាប់របស់ព្រះយេស៊ូវថា «ចូរស្រឡាញ់អ្នកជិតខាងដូចដែលលោកអ្នកចង់បានពេលវេលាល្ងាចនេះដែរចុះ»។ នេះគឺជាការហិនវិនាសមួយ។ ចូរវាស់ស្ទង់ការស្វែងរកសុភមង្គលរបស់អ្នកដទៃដោយស្វែងរកសុភមង្គលរបស់ខ្លួនឯង។
តើលោកអ្នកស្វែងរកសុខុមាលភាពដោយរបៀបណា? ចូរស្វែងរកសុខុមាលភាពរបស់ពួកគេក្នុងរបៀបនោះដែរ។
តើលោកអ្នកឃ្លានទេ? ចូរស្វែងរកអ្នកជិតខាងណាដែលឃ្លានហើយផ្គត់ផ្គង់ដល់គាត់ផង។
តើលោកអ្នកស្រេកទឹកដែរឬទេ? ចូរចម្អែតភាពស្រេកដល់អ្នកជិតខាងរបស់ខ្លួនឯងដែរ។
តើលោកអ្នកមានអារម្មណ៍ឯកាដែរឬទេ? ចូរស្វែងរកម្នាក់ដែលកំពុងឯកា ហើយធ្វើជាមិត្តនឹងគេចុះ។
តើលោកអ្នកកំពុងភ័យខ្លាចមែនទេ? ចូរស្វែងរកនរណាម្នាក់ ដើម្បីកម្សាន្តចិត្តគាត់ចុះ។
លោកអ្នកចង់ទទួលបានពិន្ទុល្អសម្រាប់ការប្រឡងខាងមុខនេះ។ អ្នកដទៃក៏ដូចគ្នាដែរ ចូរជួយពួកគេ។
នេះគឺជាការជ្រុលពេក។ វាជ្រុលហួសហេតុជាងការនិយាយថា «ចូរឈប់ប្រាថ្នា ហើយចាប់ផ្ដើមបំពេញកាតព្វកិច្ចចុះ»។ វាជារឿងជ្រុលជាងនេះទៅទៀត ពីព្រោះវាបានលើកឡើងថា «ឥឡូវនេះ ការប៉ងប្រាថ្នាដ៏សម្បើមទាំងនេះដែលខ្ញុំមានសម្រាប់សុភមង្គលមិនបានយកចេញឆ្ងាយពីខ្ញុំនោះទេ៖ ពួកគេបានផ្លាស់ប្ដូរទៅជាប្រភេទផ្សេងនៃតន្ត្រីវិញ។ កម្លាំងដូចគ្នាទៅនឹងពីមុន ការចង់បានដូចគ្នា សេចក្ដីប៉ងប្រាថ្នាដូចគ្នា ឥឡូវនេះ ក្លាយជាបំណងប្រាថ្នាសម្រាប់លោកអ្នក និងសម្រាប់សេចក្ដីសង្គ្រោះរបស់លោកអ្នក សម្រាប់សុភមង្គល និងការល្អសម្រាប់លោកអ្នក។ ក្រពះរបស់លោកអ្នកនឹងបានឆ្អែត គំនិតរបស់លោកអ្នកនឹងទទួលបានការអប់រំ ហើយជីវិតរបស់លោកអ្នកមានសារៈសំខាន់។ គ្រប់របស់ទាំងអស់ដែលខ្ញុំចង់បាន ឥឡូវនេះខ្ញុំចង់បានដោយកម្លាំងដូចគ្នា ហើយចង់បានសម្រាប់លោកអ្នកដែរ»។
ជំនឿគ្រីស្ទបរិស័ទគឺជាសាសនាដែលមិនអាចទៅរួចបាន។ នេះគឺជាស្តង់ដារដែលលើសលប់ ហើយវាធ្វើឲ្យខ្ញុំរងចាំយ៉ាងយូរ ដើម្បីឲ្យមានការអស្ចារ្យបានកើតឡើងចំពោះខ្ញុំ។
បញ្ញត្តិរបស់ព្រះយេស៊ូវឲ្យយើងស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងមិនមែនជាការត្រាស់ហៅឲ្យយើងលើកតម្លៃខ្លួនឯងទេ។ បញ្ញត្តិនោះគឺជាបញ្ជាឲ្យយើងស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃក្នុងរបៀបដូចដែលយើងស្វែងរកសម្រាប់ខ្លួនឯងដែរ។
មតិយោបល់
Loading…