in

តើ​ការ​ចិញ្ចឹម​កូន​គឺ​ជា​រឿង​ស្មុគ​ស្មាញ ឬ​ក៏​ជា​រឿង​សាមញ្ញ?

តោះ! ចូរ​យើង​ចាប់​ផ្ដើម​ដោយ​មើល​រូប​ភាព​ធំ៖ ការ​ចិញ្ចឹម​កូន​គឺ​ជា​រឿង​ពិបាក ហើយ​ក៏​តម្រូវ​ឲ្យ​មាន​ការ​ទាមទារ​ពេល​វេលា​ជា​ច្រើន—ខ្ញុំ​គិត​ថា ឪពុក​ម្ដាយ​គ្រប់ៗ​រូប​នឹង​ឯក​ភាព​លើ​ចំណុច​នេះ។ ប៉ុន្តែ តើ​គោល​ដៅ និង​គោល​បំណង​នៃ​ការ​ចិញ្ចឹម​បី​ចាច់​ថែរក្សា​កូនៗ​ពិត​ជា​រឿង​ដែល​ស្មុគ​ស្មាញ​មែន​ឬ? បើ​សួរ​ម្យ៉ាង​វិញ​ទៀត​ទៅ៖ តើ​ឪពុក​ម្ដាយ​ដែល​ជា​គ្រីស្ទ​បរិស័ទ ហាក់​បីដូច​ជា​បាន​ធ្វើ​ឲ្យ​វា​សាមញ្ញ​ពេក ទាក់ទង​នឹង​ការ​ចិញ្ចឹម​កូន ឬ​ក៏​ធ្វើ​ឲ្យ​វា​ស្មុគ​ស្មាញ​ពេក។

ខ្ញុំ​ឯក​ភាព​ថា ការ​ចិញ្ចឹម​កូន​គឺជា​រឿង​ដែល​ពិបាក ដែល​ទាមទារ​ពេល​វេលា ការ​ផ្ដោត​លើ​ជា​ច្រើន និង​ការ​ធ្វើ​ដោយ​ចេតនា ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​មិន​ចាំ​បាច់​មាន​ការ​ស្មុគ​ស្មាញ​ខ្លាំង​ពេក​នោះ​ទេ។ បញ្ហា​មួយ​ដែល​យើង​មាន ក្នុង​សម័យ​ទំនើប​នេះ គឺ​ថា​មនុស្ស​យើង​ចង់​មាន​កូន ប៉ុន្តែ​ពួក​គាត់​មិន​ចង់​ធ្វើ​ជា​ឪពុក​ម្ដាយ​ទេ។ ហាក់​បី​ដូច​ជា​ថា យើង​មាន​ទស្សនៈ​ថា​កូន​យើង​គឺ​ជា​កម្មសិទ្ធិ​របស់​យើង «ខ្ញុំ​មាន​កូន ពួក​គាត់​ស្អាត​ដែរ​ឬ​ទេ?» ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គាត់​នៅ​ក្មេង ហើយ​មនុស្ស​គ្រប់​គ្នា​សរសើរ​កូន​យើង។ ប៉ុន្តែ ការ​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ឪពុក​ម្ដាយ​គឺ​ជា​ការ​ផ្ដោត​ទៅ​លើ​ពេល​វេលា​ទាំង​អស់។ ដាច់​ខាត! វា​ត្រូវ​តែ​ជា​ចំណុច​ចម្បង​មួយ ដែល​លោក​អ្នក​ត្រូវ​តែ​មាន​ចំណែក ក្នុង​ការ​ចិញ្ចឹម​កូន។

ការ​មើល​ថែ មិន​មែន​គ្រាន់​តែ​ជា​ការ​គ្រប់​គ្រង​ទេ

ដូច្នេះ ខ្ញុំ​គិត​ថា​ការ​ស្គាល់​ព្រះ​ជាម្ចាស់ និង​ត្រាប់​តាម​គំរូ​របស់​ទ្រង់​សម្រាប់​កូនៗ​យើង គឺ​ជា​រូប​ភាព​ធំ​ដ៏​ពិត—ត្រង់​ថា ខ្ញុំ​គឺ​ជា​គ្រីស្ទ​បរិស័ទ ខ្ញុំ​ស្រឡាញ់​ព្រះ​ជាម្ចាស់ និង​ខ្ញុំ​ចង់​នាំ​ឲ្យ​កូនៗ​របស់​ខ្ញុំ​ចូល​មក​ក្នុង​ពិភព​នៃ​វិញ្ញាណ​ទាំង​មូល​នៃ​ព្រះ​ដ៏​អស្ចារ្យ ដើម្បី​ឲ្យ​ពួក​គាត់​ស្រឡាញ់​ទ្រង់​និង​មាន​អំណរ​ក្នុង​ទ្រង់។ ហើយ​បន្ទាប់​មក​ជួយ​ឲ្យ​ពួក​គាត់​ឃើញ និង​ឱប​ក្រសោប​សេចក្ដី​ល្អ​នៃ​ផ្លូវ​របស់​ព្រះ​ជាម្ចាស់ និង​ទ្រព្យ​សម្បត្តិ​ដ៏​ពិត​នៃ​សេចក្ដី​ពិត​របស់​ទ្រង់។ នេះ​គឺជា​ទិស​ដៅ​ដែល​ខ្ញុំ​ចង់​ទៅ​ដល់ ជា​មួយ​នឹង​កូនៗ​របស់​ខ្ញុំ ក្នុង​គ្រប់​ពេល​វេលា។

ក្នុង​ពាក្យ​ពេចន៍​ដ៏​សាមញ្ញ​បំផុត នេះ​គឺជា​ទស្សនៈ​ត្រួសៗ ដែល​ខ្ញុំ​ចង់​ឲ្យ​ឪពុក​ម្ដាយ​ទាំង​អស់​ទទួល​បាន៖ គោល​ដៅ​របស់​យើង​គឺ​មិន​មែន​គ្រាន់​តែ​ដើម្បី​គ្រប់​គ្រង​លើ​អាកប្ប​កិរិយា​ប៉ុណ្ណោះ​នោះ​ទេ។ គោល​ដៅ​ដ៏​ពិត​នោះ​គឺ ការ​ថែរក្សា​ដួង​ចិត្ត​របស់​កូនៗ​យើង​ទេ។ ការ​អប់រំ​គឺជា​គោល​ដៅ​ត្រង់​ថា ទំនួល​ខុស​ត្រូវ​របស់​យើង​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​គឺ​មិនមែន​គ្រាន់តែ​ដើម្បី​ត្រួត​ពិនិត្យ ឃាត់​ឃាំង ដាក់​កំហិត​លើ​ជម្រើស ឬ​ក៏​ដើម្បី​គ្រប់​គ្រង​លើ​កូន ដើម្បី​ឲ្យ​គាត់​អាច​បត់​បែន​តាម​ច្បាប់​របស់​យើង ហើយ​ធ្វើ​តាម​អ្វី​ដែល​យើង​ចង់​ឲ្យ​គាត់​ធ្វើ​តាម​នោះ​ទេ។ ខ្ញុំ​គិត​ថា ឪពុក​ម្ដាយ​ជា​ច្រើន​មិន​បាន​ធ្វើ​អ្វី​លើស​ពី​ការ​ផ្ដោត​បែប​នេះ សូម្បី​តែ​ឪពុក​ម្ដាយ​ដែល​ជា​គ្រីស្ទ​បរិស័ទ​ដែរ។

ប៉ុន្តែ អ្វី​ដែល​យើង​ចង់​ធ្វើ​នោះ​គឺ ថែរក្សា​ដួង​ចិត្ត​របស់​គាត់។ យើង​ចង់​ឲ្យ​ពួក​គាត់​យល់ថា ដួង​ចិត្ត​ពួក​គាត់​គឺ​ជា​រន្ធ​អណ្ដូង​នៃ​ជីវិត៖ «ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក» (សុភាសិត ៤:២៣)។ ហើយ​ជា​លទ្ធផល គ្រប់​ជម្រើស សេចក្ដី​ប្រាថ្នា និង​គោល​បំណង​របស់​បុគ្គល​ណា​ម្នាក់​គឺ​មាន​ចង​ភ្ជាប់​នៅ​ក្នុង​ចិត្ត ហេតុ​ដូច្នេះ​ហើយ​បានជា​យើង​ធ្វើ​ការ​សម្រេច​ចិត្ត និង​ការ​ជ្រើសរើស ដោយ​មាន​មូល​ដ្ឋាន​លើ​អ្វី​ដែល​ជា​ចំណាប់​អារម្មណ៍​យើង និង​សំខាន់​ដល់​យើង។

ការ​និយាយ​ទៅ​កាន់​ដួង​ចិត្ត​របស់​កូន​យើង

នេះ​គឺ​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ​ក្នុង​គ្រប់​ដំណាក់​កាល​នៃ​ការ​ចិញ្ចឹម​កូន។ ហើយ​របៀប​ដែល​យើង​ធ្វើនឹង​មាន​លក្ខណៈ​ខុសៗ​គ្នា​ពី​របៀប​ដែល​យើង​ធ្វើ​ជា​មួយ​នឹង​កូន​ដែល​មាន​អាយុ​ពីរ​ឆ្នាំ និង​ជាមួយ​កូន​ដែល​មាន​វ័យ​ជំទង់។ កូន​ដែល​មាន​អាយុ​ពីរ​ឆ្នាំ​នឹង​មិន​មាន​ការ​យល់​ដឹង​ខ្លួន​ឯង​អំពី​ការ​ជំរុញ។ យើង​មិន​អាច​សួរ​គាត់​អំពី​ដួង​ចិត្ត​របស់​គាត់​បាន​ឡើយ។ ដ្បិត​គាត់​មិន​ទាំង​យល់​បាន​ផង។ គាត់​មិន​ស្គាល់​ពាក្យ​ដើម្បី​និយាយ មិន​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ មិន​ទាន់​មាន​ចំណេះ​ដឹង ហើយ​គាត់​ក៏​ថែម​ទាំង​មិន​ទាន់​មាន​ខួរ​ក្បាល ដើម្បី​ធ្វើ​អន្តរ​អំពើ​លើ​សំណួរ​នេះ​ផង។ ដូច្នេះ យើង​ចាប់​ផ្ដើម​និយាយ​ជា​មួយ​កូនៗ​របស់​យើង​អំពី​ដួង​ចិត្ត នៅពេល​ដែល​យើង​ប្រដៅ​គាត់។ ឧទាហរណ៍៖ កូន​ពៅ​យើង​រុញ​ប្អូនស្រី​របស់​គាត់ ហើយ​ដណ្ដើម​យក​របស់​លេង​គាត់ ពិត​ណាស់​យើង​ចង់​កែ​តម្រង់​អាកប្ប​កិរិយា​នោះ៖ «អត់​ទេ​កូន! អត់​ទេ! កូន​មិន​អាច​ធ្វើ​ដូច​នេះ​បាន​ទេ។ ប្អូន​ស្រី​កូន​កំពុង​តែ​លេង​របស់​នោះ។ យើង​ត្រូវ​តែ​ឲ្យ​គាត់​លេង​វិញ»។

នៅ​ពេល​ដែល​យើង​កែ​តម្រង់​កូនៗ យើង​ត្រូវ​តែ​ប្រើ​ភាសា​បេះ​ដូង​ក្នុង​ការ​ពណ៌នា៖ «កូន! កូន​ឯង​កំពុង​តែ​មិន​មាន​ចិត្ត​ល្អ​ដាក់​ប្អូន​ស្រី។ កូន​កំពុង​តែ​ស្រឡាញ់​ខ្លួន​ឯង ហើយ​មិន​ស្រឡាញ់​ប្អូន​ទេ។ កូន​កំពុង​តែ​បម្រើ​ខ្លួន​ឯង មិន​មែន​បម្រើ​ប្អូន។ កូន​ត្រូវ​តែ​ឲ្យ​របស់​លេង​នោះ​ទៅ​កាន់​ប្អូន​វិញ។ ប្អូន​កំពុងតែ​លេង​ជា​មួយ​នឹង​របស់​នោះ។ នេះ​គឺ​ជា​របៀប​ដែល​កូន​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្អូន»។

ដូច្នេះ សូម្បី​តែ​នៅ​ពេល​ដែល​យើង​កំពុង​តែ​កែ​តម្រង់​កូន​របស់​យើង​ដែល​មាន​អាយុ​ពីរ​ឆ្នាំ យើង​ត្រូវ​តែ​និយាយ​ឲ្យ​លើស​ពី​ការ​គ្រាន់​តែ «ឲ្យ​របស់​នោះ​ទៅ​ប្អូន​វិញ​ភ្លាម។ នេះ​មិន​ល្អ​ទេ។ កុំ​ធ្វើ​ជា​មនុស្ស​អាក្រក់។ ត្រូវ​ធ្វើ​ល្អ​ដាក់​ប្អូន»។ ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដូច​នោះ​មិន​មាន​អត្ថន័យ​ទេ។ ចំពោះ​គាត់ វា​មិន​មាន​ន័យ​អ្វី​ឡើយ។ ដូច្នេះ យើង​ត្រូវ​ផ្ដល់​អត្ថន័យ​លើ​ពាក្យ​ទាំង​នោះ ដោយ​និយាយ​សំដៅ​ទៅ​កាន់​ដួង​ចិត្ត​វិញ។ ហើយ​ចំពោះ​កូនៗ​ដែល​មាន​វ័យ​ជំទង់ ពិត​ណាស់​យើង​អាច​និយាយ​អំពី​បញ្ហា​ដួង​ចិត្ត​បាន​ជ្រៅ​ជ្រះ​ជាង​នោះ ហើយ​ក៏​ថែម​ទាំង​អាច​បង្រៀន​គាត់​អំពី​អាកប្ប​កិរិយា​នៃ​ដួង​ចិត្ត និង​អំពី​របៀប​ដែល​អាកប្ប​កិរិយា​នោះ​ទទួល​ការ​រុញ​ច្រាន​ពី​អ្វីៗ​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ជុំ​វិញ​ពួក​គាត់។

សរុប​សេចក្ដី​ទៅ តាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ តាម​ពិត​ទៅ​គោល​បំណង​នៃ​ការ​ចិញ្ចឹម​កូន គឺ​ដើម្បី​ឲ្យ​ពួក​គាត់​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ដែល​ពេញ​ដោយ​ជំនឿ។

ពិត​ណាស់ យើង​ក៏​ចង់​ឲ្យ​កូន​យើង​យល់​អំពី​ធាតុ​ពិត​នៃ​ពិភព​លោក​ដែល​នៅ​ជុំ​វិញ​ពួក​គាត់​ផង​ដែរ។ ត្រង់​ថា មាន​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌។ ព្រះ​អង្គ​ពេញ​ទៅ​ដោយ​សិរី​ល្អ។ ព្រះ​អង្គ​ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស។ ហើយ​យើង​ក៏​ចង់​ឲ្យ​ពួក​គាត់​ឃើញ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ផង​ដែរ។

និពន្ធដោយ៖ លោកគ្រូ Tedd Tripp
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ពេល​ដែល​ព្រះ​ជាម្ចាស់​មិន​លុប​បំបាត់​អំពើ​បាប​របស់​យើង​ភ្លាមៗ

មូល​ហេតុ​ដែល​អ្នក​អាច​ត្រូវ​បាន​ល្បួង​មិន​ឲ្យ​សូវ​ខ្វល់​អំពី​ព្រះ​វិហារ​របស់​អ្នក