in ,

ពេល​ដែល​ព្រះ​ជាម្ចាស់​មិន​លុប​បំបាត់​អំពើ​បាប​របស់​យើង​ភ្លាមៗ

ព្រះ​ជាម្ចាស់​ជាម្ចាស់​សន្យា​ថា​នឹង​ប្រទាន​ព្រះ​គុណ ដើម្បី​ឲ្យ​យើង​តតាំង​នឹង​អំពើ​បាប និង​ដើម្បី​យក​​ឈ្នះ​លើ​អំពើ​បាប។ យើង​ជឿ​ថា ព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​គុណ​បែប​នេះ​ដល់​រាស្ដ្រ​ទ្រង់។ នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​សម​នឹង​ទទួល​បាន​ទេ។ វា​មិន​មែន​ជា​របស់​ដែល​ទ្រង់​ជំពាក់​យើង​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ប្រទាន​វា​មក​ដែរ។ វា​គឺ​ជា​អ្វី​ដែល​យើង​មិន​ស័ក្តិ​សម​នឹង​ទទួល​បាន​ទេ តែ​គឺ​ជា​ការ​ពេញ​ហូរ​ហៀរ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​សម្រាប់​យើង​វិញ។

ហើយ​យើង​ប្រាថ្នា​ចង់​បាន​ព្រះ​គុណ​នោះ គឺ​ជា​ព្រះ​គុណ​ដែល​សម្លាប់​អំពើ​បាប ព្រះ​គុណ​ដែល​នាំ​សេចក្ដី​សុចរិត​ឲ្យ​មាន​ជីវិត ព្រះ​គុណ​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​ណា​ម្នាក់ និង​ជា​អ្វី​មួយ​ដែល​ទ្រង់​ត្រាស់​ហៅ​យើង​មក​ឲ្យ​ធ្វើ។

ព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​គុណ​នោះ ប៉ុន្តែ​សម្រាប់​ហេតុផល​មួយ​ចំនួន—ហេតុផល​ដ៏​ល្អៗ​របស់​ទ្រង់—វា​កម្រ​នឹង​មក​ដល់​យើង​ក្នុង​ទម្រង់​ដែល​យើង​ចង់​បាន​ណាស់។ ព្រះ​ជាម្ចាស់​ប្រទាន​វា​មក​មិន​មែន​តាម​ទម្រង់​ដែល​យើង​ចង់​បាន​ទេ ប៉ុន្តែ​តាម​ទម្រង់​ដែល​យើង​ត្រូវ​ការ។ យើង​ចង់​ឲ្យ​ព្រះ​ជាម្ចាស់​លុប​បំបាត់​អំពើ​បាប​របស់​យើង គឺ​លុប​បំបាត់​វា​ចោល​ភ្លាមៗ និង​ជា​រៀង​រហូត។ សេចក្តី​ប៉ងប្រាថ្នា​ទាំង​នោះ ការ​ញៀន​ទាំង​នោះ ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែង​ក្លាយ​ទាំង​នោះ—យើង​ចង់​ឲ្យ​ព្រះ​ជាម្ចាស់​លុប​បំបាត់​ចោល​នៅ​ក្នុង​មួយ​រំពេច​តែ​ម្ដង។

ព្រះ​ជាម្ចាស់​អាច​ធ្វើ​បែប​នេះ​បាន។ ទ្រង់​មាន​កម្លាំង និង​អំណាច​ព្រះ​ចេស្ដា។ ហើយ​ម្តងម្កាល ទ្រង់​ធ្វើ​បែប​នេះ​មែន ទ្រង់​ដក​អំពើ​បាប និង​សេចក្ដី​ល្បួង​ដែល​នាំ​ឲ្យ​ធ្វើ​បាប​ភ្លាមៗ ហើយ​វា​មិន​ត្រឡប់​មក​វិញ​ដោយ​មាន​កម្លាំង​ដូច​ដើម​នោះ​ទេ។

ប៉ុន្តែ ជា​ទូទៅ ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​មិន​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​លុប​បំបាត់​អំពើ​បាប​ភ្លាមៗ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គុណ​របស់​ទ្រង់​ត្រូវ​បាន​បង្ហាញ​ក្នុង​បំណង​ប្រាថ្នា​ដែល​បាន​រក​ឃើញ​ថ្មី ដើម្បី​បំផ្លាញ​អំពើ​បាប​នោះ ចោល។ ព្រះ​ជាម្ចាស់​មិន​លុប​បំបាត់​អំពើ​បាប​របស់​យើង​ទេ ប៉ុន្តែ​ទ្រង់​ប្រទាន​ឲ្យ​យើង​នូវ​ការ​ស្អប់​ថ្មី​ចំពោះ​វា និង​បំណង​ប្រាថ្នា​ថ្មី ដើម្បី​ព្យាយាម​ប្រយុទ្ធ​នឹង​វា។ ទ្រង់​មិន​ដក​វា​ចេញ​ភ្លាមៗ​ទេ ប៉ុន្តែ​ទ្រង់​បន្ថែម​ព្រះ​គុណ ដើម្បី​ឲ្យ​យើង​អាច​តស៊ូ​នឹង​វា​អស់​មួយ​ជីវិត​បាន។ ទ្រង់​បាន​បន្ថែម​ព្រះ​គុណ ដើម្បី​ឲ្យ​យើង​អាច​ឃើញ​ជោគជ័យ​ជា​បន្ត​បន្ទាប់ ដោយ​ដឹង​ពី​ភាព​កម្សោយ​របស់​យើង និង​ដង្ហោយ​ស្រែក​រក​កម្លាំង​របស់​ទ្រង់។ ទ្រង់​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ ទោះ​បី​វា​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន​ក៏​ដោយ។

ហើយ​នេះ​ក៏​ជា​ព្រះ​គុណ​ដែរ។ នេះ​ក៏​ជា​ការ​ពេញ​ព្រះ​ជាម្ចាស់​ហឬទ័យ​ដ៏​មិន​សម​ទទួល​ពី​ព្រះ​ជាម្ចាស់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។ មិន​ដឹង​ដោយ​របៀប​ណា​ទេ ការ​នេះ​ល្អ​សម្រាប់​យើង​ជាង​ជម្រើស​ផ្សេងៗ​ទៀត​ឆ្ងាយ​ណាស់។ «តែ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កម្លាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ” ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ​ចេស្ដា​នៃ​ព្រះ​គ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ» (២កូរិនថូស ១២:៩)។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ អ៊ុច អភិរិន
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា,  លោក ឯក ធីម៉ូធេ, លោក សឹម រក្សា និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ល្អ​ដែរ​ឬ​ទេ?

តើ​ការ​ចិញ្ចឹម​កូន​គឺ​ជា​រឿង​ស្មុគ​ស្មាញ ឬ​ក៏​ជា​រឿង​សាមញ្ញ?