in

ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ទៅ​លើ​អំណាច​នៃ​ព្រះ​នាម​ព្រះ​យេស៊ូវ?

ហេតុអ្វី​បាន​ជា ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ទៅ​លើ​អំណាច​នៃ​ព្រះ​នាម​ព្រះ​យេស៊ូវ? នេះ​ជា​សំណួរ​មួយ​មក​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់​ម្នាក់​ឈ្មោះ ដានីញ៉ែល។ «ជម្រាប​សួរ លោក​គ្រូ! ខ្ញុំ​បាទ​មាន​សំណួរ​មួយ​សម្រាប់​លោក​គ្រូ ជា​សំណួរ​ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​មាន​ចម្ងល់​អំពី​វា​អស់​មួយ​រយៈ​ហើយ។ ហេតុ​អ្វី​បាន​ជា ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​សរសើរ​តម្កើង​ព្រះ​នាម​ព្រះ​យេស៊ូវ? ហើយ​នឹង​ការ​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ? ជា​ការ​ពិត​ណាស់ យើង​ចង់​ធ្វើ​បែប​នេះ ហើយ​វា​គឺ​ជា​លំនាំ​ដែល​យើង​ឃើញ​នៅ​ពាស​ពេញ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​តែ​ម្ដង ជា​ពិសេស​នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ (២:៣៨; ៣:៦; ៣:១៦; ៤:១០, ១៨; ៥:៤០-៤១; ៨:១២; ៩:២៧; ១០:៤៨; ១៦:១៨; ១៩:១៣; ២៦:៩) និង​នៅ​ក្នុង​កណ្ឌ​គម្ពីរ សំបុត្រ​សាវ័ក ប៉ុល (១កូរិនថូស ១:២; ភីលីព ២:១០)។ ក្នុង​ការ​សួរ​ក្នុង​របៀប​មួយ​ផ្សេង​ទៀត៖ តើ​ហេតុ​អ្វី​បាន​មាន​អំណាច​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ​ច្រើន​ជាង ការ​និយាយ​ថា មាន​អំណាច​ក្នុង​អង្គ​ព្រះ​យេស៊ូវ?» តើ​លោក​គ្រូ​នឹង​ឆ្លើយ​យ៉ាង​ណា​ទៅ​កាន់​ប្អូន​ប្រុស​ដានីញ៉ែល និង​ភរិយា​របស់​គាត់?

ចម្លើយ​សម្រាប់​សំណួរ​ចុង​ក្រោយ​គឺ​ងាយ​ទេ៖ មិន​មាន​នោះ​ទេ។ គឺ​មិន​មាន​អំណាច​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ ច្រើន​ជាង​ការ​និយាយ​ថា​មាន​អំណាច​ក្នុង​អង្គ​ព្រះ​គ្រីស្ទ​ទេ។ មាន​អំណាច​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ ពីព្រោះ​មាន​អំណាច​ក្នុង​អង្គ​ព្រះ​គ្រីស្ទ​ផ្ទាល់។ ប៉ុន្តែ ប្អូន​ប្រុស ដានីញ៉ែល ចូរ​ដឹង​ថា វា​គ្រាន់​តែ​ជា​ពាក្យ​ចម្លែក​តែ​ប៉ុណ្ណោះ។

អ្វី​ដែល​គាត់​ពិត​ជា​ចង់​ដឹង ខ្ញុំ​គិត​ថា គឺ​ជា​អ្វី​ដែល​គាត់​បាន​និយាយ​កាល​ពី​ដំបូង៖ ហេតុ​អ្វី​បាន​ជា យើង​ឃើញ​មាន​ការ​សង្កត់​ធ្ងន់​ទៅ​ការ​សរសើរ​តម្កើង​ព្រះ​នាម​ព្រះ​យេស៊ូវ និង​ការ​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះយេស៊ូវ ការ​ធ្វើ​គ្រប់​កិច្ច​ការ​ទាំងអស់​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ? តើ​អ្វី​ទៅ​ជា​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ព្រះ​នាម​ទ្រង់ ដែល​បាន​ស​បញ្ជាក់​ឲ្យ​យើង​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី? ដូច្នេះ សូម​ឲ្យ​ខ្ញុំ​សាក​ព្យាយាម​ឆ្លើយ​នូវ​សំណួរ​នោះ​ជា​បី​ចំណុច។

តើ​មាន​អ្វី​នៅ​ក្នុង​ឈ្មោះ?

ការ​ពិត​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​ជា​ម្ចាស់​បាន​បង្កើត​ឲ្យ​របៀប​មួយ ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​រវាង​ឈ្មោះ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​បុគ្គល​ម្នាក់ និង​រឿង​ដ៏​សំខាន់​ចាំ​បាច់​អំពី​បុគ្គល​ម្នាក់​នោះ​ថា​មាន​សារៈ​សំខាន់។ ឧទាហរណ៍៖ នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ១៧:៥ លោក អាប់រ៉ាម បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា អ័ប្រាហាំ​វិញ «ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា អាប់រ៉ាម​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ័ប្រាហាំ​វិញ ដ្បិត​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន»។ ឬ​នាង សារ៉ាយ បាន​ប្ដូរ​មក​ជា សារ៉ា​វិញ «ឯ​សារ៉ាយ​ជា​ប្រពន្ធ​ឯង នោះ​ឯង​មិន​ត្រូវ​ហៅ​ថា សារ៉ាយ​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា សារ៉ា​វិញ អញ​នឹង​ឲ្យ​ពរ​ដល់​នាង ហើយ​នឹង​ឲ្យ​ឯង​មាន​កូន​ពី​នាង​ដែរ អញ​នឹង​ឲ្យ​ពរ​ដល់​នាង​ជា​ពិត នាង​នឹង​ធ្វើ​ជា​ម្តាយ​នៃ​នគរ​ផ្សេងៗ ហើយ​នឹង​មាន​ស្តេច​នៃ​សាសន៍​ជា​ច្រើន​ចេញ​ពី​នាង​មក» (លោកុប្បត្ដិ ១៧:១៥-១៦)។ ហើយ​ព្រះ​ជាម្ចាស់​បាន​ប្ដូរ​ឈ្មោះ​លោក យ៉ាកុប ទៅ​ជា​លោក អ៊ីស្រាអែល នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​ថា «ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រាអែល​វិញ ពីព្រោះ​ឯង​មាន​អំណាច​ចំពោះ​ព្រះ​ហើយ​នឹង​មនុស្ស ក៏​បាន​ឈ្នះ​ផង» (លោកុប្បត្ដិ ៣២:២៨)។

ហើយ​ការ​ដែល​សំខាន់​បំផុត គឺ​ព្រះ​នាម​របស់​ព្រះ​ផ្ទាល់​តែ​ម្ដង។ ព្រះ​អង្គ​បាន​ប្រទាន​ព្រះ​នាម​ឲ្យ​ទ្រង់​ផ្ទាល់។ នេះ​ជា​អត្ថបទ​មួយ​មាន​សារៈ​សំខាន់​បំផុត​នៅ​ក្នុង​ព្រះ​គម្ពីរ បើ​តា​ម​ខ្ញុំ​គិត។ នៅ​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ៣:១៣-១៤៖

«ម៉ូសេ​ក៏​ទូល​ទៅ​ព្រះ​ថា “មើល កាល​ណា​ទូល​បង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ‘ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា’ ហើយ​គេ​សួរ​ទូល​បង្គំ​ថា ‘តើ​ព្រះ​ទ្រង់​ព្រះ​នាម​ជា​អ្វី’ ‘នោះ​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច’ ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា ‘អញ​ជា​ព្រះ​ដ៏​ជា​ព្រះ’ រួច​ទ្រង់​មាន​បន្ទូល​ទៀត​ថា ‘ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា'”»។

ដូច្នេះ យេហូវ៉ា ជា​នាម​ដែល​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ប្រើ​ប្រាស់​ជាង​៦​ពាន់​ដង​សម្រាប់​ព្រះ​ជាម្ចាស់—ក្នុង​ភាសា​ខ្មែរ​យើង​បាន​បក​ថា ព្រះ​អម្ចាស់—ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឃ្លា៖ «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ»។ យើង​អាច​និយាយ​ម៉្យាង​ទៀត​ថា គ្រប់​ពេល​យើង​អាន​ព្រះ​នាម​នៃ​ព្រះ គឺ​ព្រះ​នាម​អសាធារណ៍​របស់​ព្រះ​យេហូវ៉ា ទ្រង់​ចង់​ឲ្យ​យើង​ចង​ចាំ​ពី​ភាព​សំខាន់​របស់​ទ្រង់។ នេះ​គឺ​ជា​ចំណុច​សំខាន់។ «នៅ​ពេល​ឯង​និយាយ​អំពី​ព្រះ​នាម​របស់​យើង ចូរ​ចង​ចាំ​ភាព​សំខាន់​របស់​យើង។ យើង​គឺ​ពិត​ជា​យើង​មែន។ ហេតុ​ដូច្នេះ ទើប​បាន​យើង​បាន​ដាក់​ព្រះ​នាម​មួយ​ឲ្យ​ខ្លួន​ឯង​ដែល​មាន​អត្ថន័យ​មួយ។ គ្មាន​ដើម​ដំបូង គ្មាន​ទី​បញ្ចប់ គ្មាន​ការ​ក្លាយ​ជា និង​គ្មាន​ការ​ប្រែប្រួល។ យើង​គឺ​ពិត​ជា​យើង​មែន។ យើង​ជា​ម្នាក់​សេចក្ដី​ពិត។ ខ្ញុំ​ជា​ម្នាក់​អាច​ទុក​ចិត្ត​បាន»។ គ្រប់​ពេល​លោក​អ្នក​និយាយ​ថា ព្រះ​អម្ចាស់ គឺ​លោក​អ្នក​កំពុង​សំដៅ​ទៅ​ដល់​ព្រះ​នាម ព្រះ​យេហូវ៉ា សូម​ចង​ចាំ​ពាក្យ​នោះ។ នេះ​ហើយ​គឺ​ជា​ការ​សង្កេត​មើល​ទី១។

ការ​តំណាង​ឲ្យ​សេចក្ដី​ពិត

ការ​សង្កេត​ទី២ នៅ​ពេល​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​យាង​ចុះ​មក​ផែន​ដី​នេះ ក្នុង​នាម​ជា​អ្នក​តំណាង​នៃ​ព្រះ​ជាម្ចាស់​ផ្ទាល់ ហើយ​ទទួល​ព្រះ​នាម​ថា៖ យេស៊ូវ។ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប (ម៉ាថាយ ១:២១)។ «យេស៊ូវ» មាន​ន័យ​ថា អ្នក​សង្គ្រោះ។ ទ្រង់​ជា​ម្នាក់​ដែល​ចម្រើន​ឡើង ហើយ​ទ្រង់​ក៏​មិន​បាន​ថមថយ​ចុះ​វិញ​ដែរ។ «ហើយ​ព្រះ​នាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូអែល» ដែល​ប្រែ​ថា ព្រះ​អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ (ម៉ាថាយ ១:២៣)។ យើង​គួរ​តែ​ហៅ​ព្រះ​នាម​ទ្រង់​ថា ព្រះ​គ្រីស្ទ ពី​ព្រោះ​ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់។ កណ្ឌ​គម្ពីរ ម៉ាថាយ ១៦:១៦ បាន​ចែង​ថា «ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។

កណ្ឌ​គម្ពីរ ភីលីព ២:១០ បាន​ចែង​ថា ព្រះ​យេស៊ូវ​បាន​ជំនួស​ឲ្យ​គ្រប់​ទាំង​ព្រះ​នាម​នៃ​ព្រះយេហូវ៉ា ដែល​នេះ​មាន​ការ​បន្ទរ​ដូច​គ្នា នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៤៥:២៣។ នៅ​ពេល​គាត់​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​អត្ថបទ​នោះ សាវ័ក ប៉ុល បាន​ជំនួស​ព្រះ​នាម ព្រះ​យេស៊ូវ​នៅ​ក្នុង​នេះ «ដើម្បី​កាល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន​សួគ៌ នៅ​ផែន​ដី ហើយ​នៅ​ក្រោម​ផែន​ដី​ត្រូវ​លុត​ចុះ»។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ចែង​ថា គ្រប់​ទាំង​ជង្គង់​នឹង​ត្រូវ​លុត​ចុះ​ចំពោះ​ព្រះ​យេហូវ៉ា។ ដូច្នេះ សាវ័ក​ប៉ុល​និយាយ​ដោយ​សេចក្ដី​ក្លាហាន​ថា ព្រះ​យេស៊ូវ គឺ​ជា​ព្រះ​យេហូវ៉ា ហើយ​អ្វី​ក៏​ដោយ​ជា​ការ​ពិត​ដោយ​នូវ​ព្រះ​នាម​នោះ គឺ​ឥឡូវ​នឹង​ក្លាយ​ជា​ការ​ពិត​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ។

អញ្ចឹង ដូច​ដែល​ប្អូន​ប្រុស ដានីញ៉ែល បាន​លើក​ឡើង​នៅ​ក្នុង​សំណួរ​របស់​គាត់​កាល​ពី​ដំបូង ឈ្មោះ សំដៅ​ទៅ​លើ​ភាព​សំខាន់ ជា​ការ​កំណត់​ភាព​ពិត​របស់​បុគ្គល​ណា​ម្នាក់។ ហើយ​លោក​អ្នក​នឹង​ឃើញ​វា​ដដែលៗ​ថា ពាក្យ​ឈរ​នៅ​ត្រង់​ចំណុច​នៃ​ការ​កំណត់​លក្ខណៈ​ណា​មួយ​របស់​បុគ្គល​ណា​ម្នាក់​ជា​មិន​ខាន។ លោក​អ្នក​នឹង​ឃើញ​វា​ម្ដង​ហើយ​ម្ដង​ទៀត​ថា មាន​កន្លែង​ដែល​ឈ្មោះ និង​បុគ្គល​អាច​ជំនួស​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

ឧទាហរណ៍៖ នៅ​ក្នុង​កណ្ឌ​គម្ពីរ កូឡូស ៣:១៧ បាន​ចែង​ថា «ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សម្ដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​យេស៊ូវ»។ បន្ទាប់​មក ខ​គម្ពីរ​នោះ​បាន​បន្ត​យ៉ាង​ដូច​នេះ​ថា «ទាំង​អរ​ព្រះ​គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរ​បិតា ដោយ​សារ​ទ្រង់​ផង»។ ជំនួស​ដោយ​ការ​និយាយ​ព្រះនាម​ព្រះ​យេស៊ូវ​ម្ដង​ទៀត គាត់​បាន​និយាយ​ថា «ដោយ​សារ​ទ្រង់​ផង»។ ដូច្នេះ ចូរ​ធ្វើ​គ្រប់​កិច្ច​ការ​ទាំង​អស់​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ ទាំង​អរ​ព្រះ​គុណ​តាម​រយៈ​ទ្រង់​ផង ពីព្រោះ​ទ្រង់ និង​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​អាច​ប្រើ​ជំនួស​គ្នា​ទៅ​វិញ​ទៅ​មក​បាន​នៅ​ក្នុង​ខ​គម្ពីរ​នោះ។ នោះ​ហើយ​គឺ​ជា​ការ​សង្កេត​មើល​ទី២។

ផែនដី​មួយ​ដែល​គ្មាន​ងារ

អ្វី​ដែល​ប្អូន​ប្រុស ដានីញ៉ែល កំពុង​តែ​ចង់​សួរ ក៏​ដូច​ជា​សំណួរ​ដែល​ខ្ញុំ​ចង់​សួរ​ដែរ៖ តើ​ហេតុ​អ្វី? យើង​រាល់​គ្នា​បាន​ឃើញ​ការ​ទាំងអស់​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ថា ឈ្មោះ​ពិត​ជា​សំខាន់​ណាស់ ហើយ​ឈ្មោះ​ពិត​ជា​តំណាង​ឲ្យ​ភាព​សំខាន់។ យើង​បាន​សម្រួល​ភាសា​របស់​យើង​ទៅ​នឹង​ការ​នោះ។ យើង​មិន​ទាំង​ហ៊ាន​ព្រិច​ភ្នែក​ផង នៅ​ពេល​យើង​អធិស្ឋាន​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ ឬ​ធ្វើ​ការ​អ្វី​មួយ​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ។ ប៉ុន្តែ​ហេតុ​អ្វី​ការ​យោង​នេះ​ជា​ញឹក​ញាប់​មាន​លក្ខណៈ​គួរ​ឲ្យ​កត់​សំគាល់​ទៅ​នឹង​ឈ្មោះ? ហើយ​នេះ​ជា​ការ​ខិត​ខំ​ប្រឹង​របស់​ខ្ញុំ​ក្នុង​ការ​ឆ្លើយ ព្រោះ​ព្រះ​គម្ពីរ​មិន​បាន​បញ្ជាក់​ប្រាប់​ក្នុង​របៀប​ទេវសាស្ដ្រ ក្នុង​របៀប​ជា​ប្រព័ន្ធ ដោយ​និយាយ​ថា «នេះ​ជា​ការ​ពន្យល់​អំពី​មូល​ហេតុ​ដែល​ខ្ញុំ​ប្រើ​ឈ្មោះ​ជា​ច្រើន​ដង» បែប​នេះ។

សូម​ស្រ​ម៉ៃ​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង បើ​ជា​មិន​មាន​ឈ្មោះ​នោះ​ទេ។ មិន​មាន​ការ​សំគាល់ មិន​មាន​សូម្បី​តែ​លេខ។ លោក​អ្នក​មិន​មាន​លេខ​សូម្បី​តែ​តួ​លេខ​សោះ។ លោក​អ្នក​មិន​ត្រូវ​បាន​សំគាល់​ដោយ​ប្រើ​លេខ​សំគាល់​ខ្លួន ៧២៣៨៩។ តើ​យើង​នឹង​បាត់​បង់​អ្វី​ខ្លះ ប្រសិន​បើ​គ្មាន​នរណា​ម្នាក់​មាន​ឈ្មោះ គ្មាន​នរណា​ម្នាក់​មាន​លេខ​សំគាល់​ខ្លួន ហើយ​គ្មាន​នរណា​ម្នាក់​មាន​ការ​កំណត់​ជា​ផ្លូវ​ការ​លើ​ខ្លួន​នោះ​ទេ? តើ​យើង​នឹង​ត្រូវ​បាត់​បង់​អ្វី​ខ្លះ?

វា​ហាក់​ដូច​ជា​ថា យើង​នឹង​បាត់​បង់​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ទៅ​កាន់​នរណា​ម្នាក់​ដោយ​ផ្ទាល់​ខ្លួន។ តើ​លោក​អ្នក​អាច​នឹង​ទទួល​ចំណាប់​អារម្មណ៍​បាន​ដោយ​របៀប​ណា? វា​ដូច​ជា​មិន​សូវ​ជិត​ដិត​សោះ​ក្នុង​ការ​និយាយ​ទៅ​កាន់​មនុស្ស​ម្នាក់​ថា «ហេ៎ អ្នក» ហើយ​វា​ពិបាក​ក្នុង​ការ​និយាយ «ហេ៎ អ្នក» បែប​នេះ​ជា​ច្រើន​ដង។ ហើយ​លោក​អ្នក​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​ទី​ពេញ​ចិត្ត​ដល់​នរណា​ម្នាក់​បាន​ឡើយ​នៅ​ក្នុង​ការ​សន្ទនា​ដោយ​ការ​និយាយ​តែ​ពាក្យ «ហេ៎ អ្នក» រហូត​បែប​នេះ ហើយ​មិន​ដែល​ប្រើ​ការ​ពាក្យ​សំគាល់​ខ្លួន​សម្រាប់​សំគាល់​ថា​ពួក​គេ​ម្នាក់​ជា​នរណា។ដូច្នេះ នេះ​ជា​ចំណុច​ទី១។ យើង​នឹង​បាត់​បង់​របៀប​ផ្ទាល់​ខ្លួន​ក្នុង​ការ​និយាយ។

ចំណុច​ទី២ យើង​ពិបាក​ក្នុង​ការ​និយាយ​ពី​នរណា​ម្នាក់ ប្រសិន​បើ​យើង​ចង់​ពិភាក្សា​អំពី​ពួក​គេ។ ខ្ញុំ​មិន​សំដៅ​ទៅ​លើ​ការ​និយាយ​ពី​ពួក​គេ​ក្នុង​ន័យ​និយាយ​ដើម​គេ​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​សំដៅ​ទៅ​លើ​ការ​និយាយ​លេង​ក្នុង​របៀប​មួយ​វិជ្ជមាន​អំពី​នរណា​ម្នាក់។ សូម្បី​តែ​ឈ្មោះ​ពួក​គេ​ក៏​យើង​មិន​យើង​មិន​ស្គាល់​ដែរ។ តើ​យើង​អាច​ដឹង​ថា យើង​កំពុង​និយាយ​ពី​នរណា​ម្នាក់​ដោយ​របៀប​ណា ប្រសិន​បើ​យើង​មិន​ស្គាល់​ឈ្មោះ​របស់​គេ​ផង​នោះ? យើង​មិន​អាច​សូម្បី​តែ​និយាយ​អំពី​ពួក​គេ​ផង ឲ្យ​យើង​អាច​នឹង​សរសើរ​គេ​បាន​យ៉ាង​ម៉េច​ទៅ។

ចំណុច​ទី៣ យើង​ពិបាក​ក្នុង​ការ​ច្រៀង​ចម្រៀង​សរសើរ​ដល់​នរណា​ម្នាក់ ប្រសិន​បើ​យើង​មិន​ទាំង​ស្គាល់​ឈ្មោះ​គេ​ផង។ ដូច្នេះ បើ​មិន​មាន​ឈ្មោះ​ទេ គ្រប់​ទាំង​អស់​នឹង​ត្រូវ​ដួល​រលំ—គ្រប់​រាល់​ទំនាក់​ទំនង​ដែល​ជាប់​ទាក់​ទង​គ្នា​នឹង​ត្រូវ​កាត់​ផ្ដាច់។ ព្រះ​ជាម្ចាស់​បាន​ជ្រាប​អំពី​រឿង​នេះ​ជា​មុន បាន​ជា​ទ្រង់​បាន​ចាប់​ផ្ដើម​ពិភព​លោក​នេះ​ដោយ​ការ​ដាក់​ឈ្មោះ​ឲ្យ​របស់​សព្វ​សារពើ។ ក្រោយ​ពី​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឈ្មោះ​ឲ្យ​របស់​សព្វ​សារពើ​ហើយ លោក អ័ដាម ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​របស់​សព្វ​សារពើ​បន្ត​ពី​ទ្រង់ គាត់​បាន​ដាក់​ឈ្មោះ​ដល់​គ្រប់​ទាំង​សត្វ ហើយ​គាត់​ក៏​បាន​ដាក់​ឈ្មោះ​មួយ​ឲ្យ​ប្រពន្ធ​របស់​គាត់​ផង​ដែរ។ ហើយ​ការ​នោះ​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​អាច​កើត​ឡើង​បាន។ ក្រោយ​មក​ទៀត ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឈ្មោះ​ត្រូវ​គ្នា​ទៅ​នឹង​អ្វី​ដែល​សំខាន់​ដែល​មនុស្ស​ណា​ម្នាក់​មាន ឬ​នឹង​មាន។

និយាយ​ទៅ វា​គ្រាន់​តែ​ជា​ផ្ដល់​នូវ​ការ​អត្ថាធិប្បាយ​បន្តិច​បន្តួច​នៅ​ចំណុច​នេះ ខ្ញុំ​គ្រាន់​តែ​លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ​ឲ្យ​ព្យាយាម​គិត​បន្តិច នៅ​ពេល​ពួក​គេ​ដាក់​ឈ្មោះ​ឲ្យ​កូនៗ​សំណព្វ​ចិត្ត​របស់​ខ្លួន ដើម្បី​ដាក់​ឈ្មោះ​មួយ​ដែល​មាន​អត្ថន័យ​ឲ្យ​ពួក​គេ អញ្ចឹង​នៅ​ពេល​ពួក​គេ​ធំ​ឡើង​គេ​បាន​ប្រសើរ​ដូច​ជា​ឈ្មោះ​របស់​ពួក​គេ។ សូម​កុំ​គ្រាន់​តែ​គិត​ថា «អូ! ស្ដាប់​ទៅ​ឡូយ​ណាស់»។ ប្រាកដ​ណាស់ ជីវិត​ពិត​គឺ​មាន​ន័យ​លើស​ពី​ការ​ស្ដាប់​ទៅ​ឡូយ​ណាស់​ហ្នឹង​ទៅ​ទៀត។ សូម​បិទ​វង់​ក្រចក​ត្រឹម​តែ​ប៉ុណ្ណេះ​សិន​ចុះ។ សម្រាប់​ការ​ពន្យល់​អំពី​ការ​នេះ ចាំ​ជួប​គ្នា​នៅ​ពេល​ក្រោយ​ទៀត។

សម្រាប់​ជា​កិត្តិសព្ទ​នៃ​ព្រះ​នាម​ទ្រង់

ដូច្នេះ នេះ​ជា​ចំណុច​ជាប់​ទាក់​ទង​គ្នា៖ ការ​សំដៅ​ទៅ​លើ​ព្រះ​នាម​ព្រះយេស៊ូវ​យ៉ាង​ញឹក​ញាប់ ជា​របៀប​មួយ​នៃ​ការ​និយាយ​ថា «មនុស្ស​ម្នាក់​នេះ​មិន​អាច​ប្រព្រឹត្ត​នឹង​គាត់​ដោយ​ស្ងាត់ៗ​បាន​ទេ។ ទ្រង់​មិន​ត្រូវ​បាន​លាក់​ទុក​ទេ ជា​ការ​លាក់​របស់​សំខាន់​មួយ​ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​លោក​អ្នក ឬ​នៅ​ក្នុង​ទូរ​សំលៀក​បំពាក់​របស់​លោក​អ្នក។ យើង​ត្រូវ​តែ​បង្ហាញ​ទ្រង់​ជា​សាធារណៈ សាកល​លោក​ត្រូវ​តែ​ទទួល​ស្គាល់​ទ្រង់ ទទួល​ស្គាល់​ថា​ជា​មនុស្ស​ម្នាក់​ដែល​មាន​អត្តសញ្ញាណ ដែល​មនុស្ស​ទាំងឡាយ​ត្រូវ​និយាយ​ទៅ​កាន់ និង​មនុស្ស​ទាំងឡាយ​និយាយ​អំពី—នោះ​មនុស្ស​ទាំងពួង​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​អំពី​ទ្រង់»។ ការ​សង្កត់​ធ្ងន់​ទៅ​លើ​ព្រះ​នាម​ទ្រង់​ចាប់​ផ្ដើម​ពី​ការ​ផ្ដោត​សំខាន់​ទៅ​លើ​សាធារណភាព​របស់​ទ្រង់ នៅ​ខាង​ក្រៅ និង​ការ​ប្រកាស​ជា​សាកល​របស់​ចំណាប់​អារម្មណ៍​នៃ​មហាជន​ទាំងឡាយ។

  • រ៉ូម ១:៥ «ដែល​យើង​ខ្ញុំ​បាន​ទទួល​ព្រះ​គុណ នឹង​ងារ​ជា​សាវ័ក ដោយ​សារ​ទ្រង់ សម្រាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្ដី​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទុក​ជា​ប្រយោជន៍​ដល់​ព្រះ​នាម​ទ្រង់»។
  • រ៉ូម ៩:១៧ «ដ្បិត​មាន​បទ​គម្ពីរ​សម្ដែង​ដល់​ផារ៉ោន​ថា «អញ​បាន​តាំង​ឯង​ឡើង​សម្រាប់​ការ​នេះ​ឯង គឺ​ដើម្បី​សម្ដែង​ឫទ្ធិបារមី​អញ​ក្នុង​ខ្លួន​ឯង ប្រយោជន៍​ឲ្យ​គេ​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទូទៅ​ពេញ​លើ​ផែន​ដី»»។
  • រ៉ូម ១៥:៩ «ហេតុ​នោះ​បាន​ជា​ទូល​បង្គំ​នឹង​សរសើរ​តម្កើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូល​បង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ​នាម​ទ្រង់»។
  • រ៉ូម ១០:១៣ «ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ»។

ដូច្នេះ របៀប​មួយ​ក្នុង​ការ​គិត​អំពី​ការ​នេះ គឺ​ព្រះ​នាម​ព្រះ​យេស៊ូវ​ដើរ​ទន្ទឹម​នឹង​ព្រះ​កិត្តិសព្ទ​នៃ​ព្រះ​យេស៊ូវ។ ខ្ញុំ​គិត​ថា ប្រហែល​ជា​វិធី​ងាយ​ស្រួល​មួយ​ក្នុង​ការ​ចងចាំ​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​ព្យាយាម​និយាយ។ ព្រះ​នាម​ព្រះ​យេស៊ូវ​ដើរ​ទន្ទឹម​នឹង​ព្រះ​កិត្តិសព្ទ​របស់​ព្រះ​យេស៊ូវ។។ ឈ្មោះ គឺ​ជា​វិធី​មួយ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ជា​វិធី​មួយ​ក្នុង​ការ​ទំនាក់​ទំនង​ទៅ​កាន់​ពិភព​លោក​ទាំង​មូល ដូច​ជា​បុគ្គល​ដែល​លោក​អ្នក​កំពុង​តែ​និយាយ​អំពី។ ហើយ​ព្រះ​យេស៊ូវ​មាន​ព្រះ​វត្តមាន ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ដើម្បី​ឲ្យ​គេ​ថ្លែង​ទៅ​កាន់ ព្រម​ទាំង​សរសើរ​តម្កើង​នៅ​ពាសពេញ​ពិភព​លោក។ ពាក្យ​ថា ឈ្មោះ ត្រូវ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​សាធារណជន​ទាំងឡាយ ដែល​ជា​គោល​ដៅ​ផ្ទាល់​មាត់​ចំពោះ​ព្រះ​កិត្តិនាម​ទ្រង់។

ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​អំណាច និង​ភាព​ធំ​អស្ចារ្យ​នៃ​ព្រះ​នាម​ព្រះ​យេស៊ូវ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​បញ្ជាក់​ពី​ឈ្មោះ​ទ្រង់ ហើយ​មិន​លើ​ភាព​ជា​បុគ្គល​ទ្រង់​ទៅ​វិញ?

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មូល​ហេតុ​ប្រាំ​យ៉ាង​យើង​មិន​បង្កើត​សិស្ស (ភាគ១)

ព្រះ​គម្ពីរ​គឺ​មាន​ភាព​ច្បាស់​លាស់​ចំពោះ​អ្នក​ដែល​ស្ដាប់​បង្គាប់៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល​ ផ្នែក​ទី៤