in

តើ​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​អ្វី?

នេះ​ជា​សំណួរ​មួយ​ដ៏​សំខាន់ ដែល​យើង​ទទួល​បាន​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ពី​ប្រិយមិត្ត​ម្នាក់​ពី​ទីក្រុង​ភ្នំពេញ។ តើ​យើង​ត្រូវ​យល់​យ៉ាង​ដូច​ម្ដេច​អំពី​ពិធី​បុណ្យ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ? ឃ្លា​នេះ​ហាក់​បី​ដូច​ជា​មាន​ន័យ​ខុសៗ​គ្នា​នៅ​ក្នុង​ព្រះ​គម្ពីរ—ហើយ​ក៏​ពិត​ជា​មាន​អត្ថន័យ​ខុសៗ​គ្នា​ចំពោះ​និកាយ និង​ក្រុម​ជំនុំ​ផ្សេងៗ​គ្នា​ដែរ។ នេះ​គឺ​ជា​សំណួរ​របស់​យើង​សម្រាប់​ថ្ងៃ​នេះ៖

«ជំរាប​សួរ លោក​គ្រូ! ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ការ​យល់ និង​ការ​ប្រកាន់​ខ្ជាប់​ទទួល​យក “ពិធី​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ” ជា​ពិសេស​ការ​បើក​សម្ដែង នៅ​ពេល​នរណា​ម្នាក់​សើច និង​រមៀល​ទៅ​វិញ​ទៅ​មក​នៅ​លើ​ឥដ្ឋ ឬ​ក៏​ដួល​សន្លប់​សាមសិប​នាទី ឬ​យូរ​ជាង​នេះ​ក៏​មាន។ ខ្ញុំ​ធ្លាប់​ឃើញ​ក្រុម​ជំនុំ​ផ្សេងៗ​ធ្វើ​បែប​នេះ ហើយ​ដាក់​ការ​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បទ​ពិសោធន៍​ទាំង​នេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​មិន​សូវ​ស្រួល​ចិត្ត​សោះ។ តើ​លោក​គ្រូ​អាច​ពន្យល់​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​សំដៅ​ទៅ​លើ “ពិធី​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ” ដូច​ដែល​វា​មាន​ការ​ជាប់​ទាក់ទង​ទៅ​នឹង ១) បទ​ពិសោធន៍​នៃ​សេចក្ដី​សង្គ្រោះ​ដំបូង​របស់​យើង ហើយ​បន្ទាប់​មក ២) ថា​តើ​វា​មែន ឬ​មិន​មែន ក្នុង​ការ​ដែល​យើង​រំពឹង​ទុក ឬ​ស្វែង​រក បន្ទាប់​ពី​ការ​ជ្រមុជ​ទឹក​ជា​បន្ត​បន្ទាប់​ដោយ​ព្រះ​វិញ្ញាណ នៅ​ក្នុង​ជីវិត​របស់​គ្រីស្ទ​បរិស័ទ​នៅ​ពេល​ក្រោយ»?

ការ​ប្រាថ្នា​ចង់​ភ្លក់​បទពិសោធន៍​ពី​ព្រះវិញ្ញាណ

បញ្ច​ទស​ទិវា​និយម គឺ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ចលនា​មួយ​នៅ​ក្នុង​គ្រីស្ទ​សាសនា ដែល​ចាត់​ទុក​ថា​បុណ្យ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​បទ​ពិសោធន៍​ទី​ពីរ ជា​ធម្មតា​បន្ទាប់​ពី​ការ​ប្រែ​ចិត្ត​ជឿ អាច​កំណត់​ចំណាំ​ដោយ​ការ​និយាយ​ភាសា​ដទៃ។ នោះ​គឺ​ជា​តួយ៉ាង​របស់​អត្ថន័យ​នៃ​បញ្ច​ទស​ទិវា​និយម។ នេះ​គឺ​ជា​ការ​សម្រាយ​ន័យ​ខ្លាំង​ពេក​ហើយ។

ខ្ញុំ​ទើប​តែ​បាន​អាន​ចប់​សៀវភៅ​មួយ​ក្បាល​របស់​លោក អេលេន ហីតុន អ៊ែនឌឺស៊ុន (Allan Heaton Anderson) ដែល​មាន​ចំណង​ជើង​ថា «ដល់​អវសាន​នៃ​ភព​ផែនដី៖ បញ្ច​ទស​ទិវា​និយម និង ការ​បំផ្លាស់​បំប្រែ​របស់​គ្រីស្ទ​សាសនា​ពិភព​លោក» (“To the Ends of the Earth: Pentecostalism and the Transformation of World Christianity”)។ លោក​បង្ហាញ​ថា មាន​ការ​យល់​ដឹង​ចម្រុះ​កាន់​តែ​ច្រើន​ផ្សេងៗ​ទៀត​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​កិច្ចការ​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​បញ្ច​ទស​ទិវា​និយម​សាកល គឺ​លើស​ពី​យើង​គិត​ទៅ​ទៀត។ អ្វី​ដែល​សាមញ្ញ​នៅ​ក្នុង​ចំណោម​មែក​ធាង​នៃ​បញ្ច​ទស​ទិវា​និយម គឺ​មិន​មែន​ជា​ទស្សនៈ​តែ​មួយ​នៃ​ការ​ជ្រមុជ​ក្នុង​ព្រះ​វិញ្ញាណ​ទេ ប៉ុន្តែ​ជា​ការ​សង្កត់​ធ្ងន់​លើ​លក្ខណៈ​នៃ​បទ​ពិសោធន៍​របស់​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​នៅ​ក្នុង​ជីវិត​នៃ​អ្នក​ជឿ។

ខ្ញុំ​គិត​ថា ការ​នេះ​សង្កត់​ធ្ងន់​លើ​លក្ខណៈ​នៃ​បទ​ពិសោធន៍​របស់​ព្រះ​វិញ្ញាណ​ថា​មាន​ភាព​ជាក់​លាក់ ជា​មូល​ហេតុ​ដែល​ចលនា​នោះ​មាន​កម្លាំង​សន្ទុះ និង​មាន​ប្រសិទ្ធិ​ភាព​ជា​សាកល។ មនុស្សម្នា​គ្រប់​ទី​កន្លែង​កំពុង​ស្រេក​ឃ្លាន​ចង់​ភ្លក់​នូវ​បទ​ពិសោធន៍​ផ្ទាល់ៗ មិន​គ្រាន់​តែ​អំពី​សេចក្ដី​ពិត​ខាង​ឯ​គោល​លទ្ធិ ឬ​ក៏​សេចក្ដី​ពិត​ខាង​ឯ​ប្រវត្តិ​សាស្ត្រ ដែល​ត្រូវ​បាន​អះអាង​ជា​មួយ​នឹង​គំនិត​នោះ។

នោះ​គឺ​ជា​របៀប​ដែល​ជា​ផ្នត់​គំនិត​នៃ​ការ​គិត​អំពី​គ្រីស្ទ​បរិស័ទ​នៅ​លោក​ខាងលិច។ យើង​មាន​បញ្ជី​នៃ​គោល​លទ្ធិ​នានា យើង​មាន​បញ្ជី​នៃ​អាកប្បកិរិយា​ទាំងឡាយ។ យើង​ជឿ​លើ​គោល​លទ្ធិ​នានា ហើយ​យើង​សម្ដែង​អាកប្បកិរិយា​តាម​នោះ ហើយ​យើង​សន្និដ្ឋាន​ថា​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់ ក៏​ដូច​ជា​ថា​មាន​អ្វី​ដែល​អធិធម្មជាតិ​កំពុង​តែ​កើត​ឡើង ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ធ្លាប់​បាន​ទទួល​បទ​ពិសោធន៍​អ្វី​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បញ្ច​ទស​ទិវា​និយម​កំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​របៀប​ដែល​ការ​នេះ​ទទួល​បាន ពីព្រោះ​ពួក​គេ​និយាយ​ត្រូវ​ចំពោះ​ការ​នេះ។ ពួក​គេ​ត្រូវ​ក្នុង​ការ​និយាយ​ថា ការ​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ការ​មាន​សេចក្ដី​ពិត​ដែល​បុគ្គល​ណា​ម្នាក់​អាច​ទទួល​បាន​បទ​ពិសោធន៍​នោះ។

ការ​ប្រើ​ប្រាស់​ពីរ​ផ្សេងៗ​គ្នា

វា​ជា​រឿង​សំខាន់​ដែល​យើង​បញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ​នៅ​ក្នុង​ព្រះ​គម្ពីរ​ដូច​ជា «ពិធី​ជ្រមុជ​ក្នុង (ឬ​ក៏​ដោយ)ព្រះ​វិញ្ញាណ​បរិសុទ្ធ» ព្រោះ​នេះ​ជា​ពាក្យ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ។ វា​ជា​ផ្នែក​មួយ​នៃ​បទ​ពិសោធន៍​របស់​គ្រីស្ទ​បរិស័ទ។

អ្វី​ដែល​ខ្ញុំ​នឹង​ផ្ដល់​យោបល់​គឺ​ជា​របៀប​ដែល​សាវ័ក ប៉ុល បាន​ប្រើ​ប្រាស់​ឃ្លា​មួយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១២:១៣ និង​របៀប​ដែល​លោក លូកា បាន​ប្រើ​ឃ្លា​មួយ​ទៀត (ឬ​លោក លូកា ដែល​បាន​ដក​ស្រង់​ពី​ព្រះ​យេស៊ូវ) នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១:៥ គឺ​ថា​មិន​ដូច​គ្នា​ទេ។ នោះ​គឺ​ជា​ការ​សន្មត​ដំបូង​របស់​ខ្ញុំ ដែល​ការ​នេះ​នឹង​នាំ​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ជា​ច្រើន ប្រសិន​បើ​មនុស្ស​ជឿ​លើ​ការ​នេះ។ ដូច្នេះ លោក​អ្នក​អាច​ពិនិត្យ​មើល​ដោយ​ខ្លួន​ឯង​បាន។

នេះ​មាន​ន័យ​ថា នៅ​ពេល​យើង​សួរ «តើ​ឃ្លា “ជ្រមុជ​ក្នុង (ឬ​ជ្រមុជ​ដោយ) ព្រះ​វិញ្ញាណ​បរិសុទ្ធ” មាន​ន័យ​ដូច​ម្ដេច? យើង​ត្រូវ​សួរ​ថា «តើ​លោក​អ្នក​កំពុង​និយាយ​អំពី​ការ​ប្រើប្រាស់​ឃ្លា​របស់​សាវ័ក ប៉ុល ឬ​ការ​ប្រើ​ប្រាស់​ឃ្លា​របស់​លោក លូកា នៅ​ពេល​ដែល​គាត់​បាន​ដក​ស្រង់​សម្រង់​សម្ដី​របស់​ព្រះ​យេស៊ូវ»? ទាំង​ពីរ​មិន​ផ្ទុយ​គ្នា​ទេ។ ខ្ញុំ​ក៏​មិន​ប្រកែក​ថា វា​មាន​ការ​ប្រឆាំង​គ្នា​ដែរ។ ខ្ញុំ​មាន​ន័យ​ថា​ពួក​គាត់​ប្រើ​ពាក្យ​ដដែលៗ​តាម​វិធី​ផ្សេងៗ​គ្នា។ ពួក​គាត់​ប្រើ​ឃ្លា​ដូច​គ្នា​តាម​របៀប​ផ្សេងៗ​គ្នា។ ខ្ញុំ​សូម​បញ្ជាក់​ចំណុច​នីមួយ។

ការ​ទទួល​ព្រះ​វិញ្ញាណ​នៅ​ពេល​បំផ្លាស់​បំប្រែ​ចិត្ត​ជឿ

នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១២:១២-១៣ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា៖

«ដ្បិត​ដូច​ជា​រូប​កាយ​១​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏​ពិត គង់​តែ​រួម​គ្នា​មក​ជា​រូប​តែ​១​ទេ នោះ​ព្រះ​គ្រីស្ទ​ក៏​ដូច្នោះ​ដែរ ១៣ ដ្បិត​យើង​ទាំង​អស់​គ្នា ទោះ​បើ​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រេក បាវ​បំរើ ឬ​អ្នក​ជា​ក្តី យើង​បាន​ទទួល​បុណ្យ​ជ្រមុជ ចូល​ក្នុង​រូប​កាយ​តែ​១ ដោយសារ​ព្រះ​វិញ្ញាណ​តែ​១ ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះ​វិញ្ញាណ​តែ​១​ដែរ។»

តាម​ពិត​ទៅ ខ្ញុំ​គិត​ថា ជាក់​ស្ដែង​គ្រប់​គ្នា​យល់​ស្រប​តាម​ការ​យល់​របស់​សាវ័ក ប៉ុល នៅ​ចំណុច​នេះ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​ថា ជា​កិច្ចការ​ដែល​ព្រះ​វិញ្ញាណ​បង្រួបបង្រួម​យើង​ឲ្យ​ទៅ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​រូប​កាយ​របស់​ទ្រង់​ដែល​ជា​ក្រុម​ជំនុំ។ ម្យ៉ាង​ទៀត វា​ជា​ការ​បំផ្លាស់​បំប្រែ​ចិត្ត ជា​ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ។ នេះ​គឺ​ជា​អត្ថន័យ​នៃ​ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ៖ ត្រូវ​បាន​ជំរុញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​របៀប​ដែល​យើង​ត្រូវ​បាន​នាំ​មក​ចូល​សេចក្តី​ជំនឿ និង​ការ​រួបរួម​ទៅ​នឹង​ព្រះ​យេស៊ូវ។

ការ​ប្រទាន​អំណាច​ដោយ​ព្រះ​វិញ្ញាណ
ខ្ញុំ​គិត​ថា នោះ​មិន​ជា​របៀប​ដែល​ព្រះ​យេស៊ូវ និង​លោក លូកា បាន​ប្រើ​ប្រាស់​ឃ្លា​ដូច​គ្នា​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១:៤-៥ ទេ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ពេល​លោក លូកា បាន​ដក​ស្រង់​សម្រង់​សម្ដី​ទ្រង់៖

«រួច​មក កាល​បាន​ប្រជុំ​ទាំង​អស់​គ្នា​ហើយ នោះ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូសាឡឹម​ឡើយ ដោយ​ព្រះបន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្តី​សន្យា​នៃ​ព្រះវរបិតា “ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ”»។

លោក​បាន​ស្រង់​សម្រង់​សម្ដី​របស់​លោក យ៉ូហាន-បាទីស្ទ ពី​កណ្ឌ​គម្ពីរ លូកា ៣:១៦ ដែល​សាវ័ក យ៉ូហាន បាន​លើក​ឡើង​ថា «ឯ​ខ្ញុំៗ ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​ក៏​ពិត ប៉ុន្តែ​មាន​ព្រះ​១​អង្គ​មក ដែល​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌​បាទ​ទ្រង់​ផង ព្រះអង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​និង​ភ្លើង​វិញ»។

ខ្ញុំ​គិត​ថា ព្រះ​យេស៊ូវ​មិន​បាន​មាន​ន័យ​ថា ពួក​សាវ័ក​នឹង​ប្រែ​ចិត្ត​ពី​ការ​មិន​ជឿ​ទៅ​ជា​ជឿ​ក្នុង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នេះ ដែល​ពួក​គាត់​ត្រូវ​តែ​ចាំ​នៅ​ក្រុង​យេរូសាឡឹម​ទេ។ ខ្ញុំ​គិត​ថា លោក លូកា បាន​ឃើញ​ពួក​សាវ័ក​ថា​ពិត​ជា​ពួក​អ្នក​ជឿ​ដែល​បាន​កើត​ជា​ថ្មី​ដ៏​ស្មោះ​ត្រង់​មែន មុន​ពេល​សេចក្ដី​សន្យា​នៃ​ពិធី​ជ្រមុជ​ទឹក​នេះ​បាន​កើត​ឡើង​ចំពោះ​ពួក​គេ។

លោក លូកា បាន​បញ្ចប់​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់​ជា​មួយ​នឹង​ការ​ពិពណ៌នា​របស់​ពួក​សាវ័ក មុន​ពេល​ដែល​ពួក​គាត់​គួរ​តែ​រង់ចាំ ដែល​ហៅ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​កណ្ឌ​គម្ពីរ លូកា ២៤:៥២-៥៣៖ «គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​ទ្រង់ រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡឹម​វិញ ដោយ​អំណរ​ជា​ខ្លាំង ក៏​នៅ​ក្នុង​ព្រះវិហារ​ជានិច្ច ទាំង​សរសើរ ហើយ​លើក​តម្កើង​ព្រះ»។ នៅ​ត្រង់​នេះ​មាន​ពួក​បុរស​មួយ​ក្រុម​ដែល​កំពុង​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ។ ពួក​គាត់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។ ពួក​គាត់​សរសើរ​តម្កើង​ព្រះ​តាម​រយៈ​ព្រះ​យេស៊ូវ​នៅ​ក្នុង​ព្រះ​វិហារ។ ពួក​គាត់​មិន​មែន​ជា​ពួក​សាវ័ក​ដែល​មិន​ទាន់​បាន​ផ្លាស់​ប្រែ​ជា​ថ្មី ដែល​កំពុង​រង់​ចាំ​នៅ​ក្នុង​ការ​កើត​ជា​ថ្មី ដោយ​ការ​យាង​មក​ដល់​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នោះ​ឡើយ។

ការ​ស្នើ​សុំ​ការ​ជ្រមុជ​ជា​ថ្មី

តើ​ព្រះ​យេស៊ូវ​មាន​ន័យ​ដូច​ម្ដេច​នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១:៥ និង​កណ្ឌ​គម្ពីរ លូកា ជំពូក៣? ខ្ញុំ​គិត​ថា នៅ​ពេល​ទ្រង់​មាន​ព្រះ​បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ នោះ​ទ្រង់​មាន​ន័យ​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​អំណាច​ដ៏​ចម្លែក​អស្ចារ្យ​សម្រាប់​ការ​តម្កើង​ព័ន្ធ​កិច្ច​របស់​ព្រះ​គ្រីស្ទ។ នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​ទ្រង់​ចង់​សំដៅ​ទៅ​លើ។ អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​អំណាច​ដ៏​ចម្លែក​អស្ចារ្យ​សម្រាប់​ការ​តម្កើង​ព័ន្ធ​កិច្ច​របស់​ព្រះ​គ្រីស្ទ។

បទ​ពិសោធន៍​នោះ​អាច​នឹង​កើត​ឡើង​ក្នុង​លក្ខណៈ​មិន​ធម្មតា ជា​បទ​ពិសោធន៍​មិន​ស្ទាក់ស្ទើរ​ក្រោយ​ពី​ការ​ប្រែ​ចិត្ត​ជឿ—មួយ​ថ្ងៃ មួយ​សប្ដាហ៍ មួយ​ឆ្នាំ ឬ​មួយ​នាទី—កើត​ជា​បន្ត​ដោយ​ការ​ចាក់​បង្ហូរ ចាក់​បំពេញ ឬ​ការ​ជ្រមុជ​នៃ​ព្រះ​វិញ្ញាណ​ជា​បន្ត​បន្ទាប់​ជានិច្ច​ជា​កាល ពេញ​មួយ​ជីវិត។ ឬ​ក៏​ថា បទ​ពិសោធន៍​នេះ​នឹង​កើត​មក​ក្នុង​ពេល​នៃ​ការ​ប្រែ​ចិត្ត​ទទួល​ជឿ ហើយ​បទ​ពិសោធន៍​នៃ​ការ​ផ្ដល់​អំណាច​ក្នុង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​កើត​មាន​ជា​បន្ត​បន្ទាប់​ក៏​ថា​បាន។ វា​អាច​កើត​ឡើង​នៅ​ក្នុង​របៀប​ផ្សេងៗ​គ្នា ការ​ទទួល​ការ​ចាក់​បំពេញ និង​ការ​ទទួល​បាន​ព្រះ​ពរ​ពេញ​មួយ​ជីវិត ដែល​ការ​នោះ​មិន​អាច​ទាយ​ដឹង​ជា​មុន​បាន ហើយ​ក៏​មាន​លក្ខណៈ​ផ្សេងៗ​គ្នា។

ខ្ញុំ​គិត​ថា វា​អាច​នឹង​ជា​កំហុស​មួយ​ក្នុង​ការ​កំណត់​ការ​ជ្រមុជ​ក្នុង ដោយ ឬ​ជា​មួយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​មួយ​បន្ទាប់​ពី​ការ​ប្រែ​ចិត្ត​ជឿ។ ទោះ​បី​ជា​លោក​អ្នក​អាច​មាន​បទ​ពិសោធន៍​នេះ​ក៏​ដោយ ក៏​នោះ​មិន​មាន​ន័យ​ថា វា​ជា​របៀប​ធម្មតា​ដែល​យើង​គួរ​យល់​អំពី​ការ​ជ្រមុជ​​ទេ។ ខ្ញុំ​គិត​ថា ប្រភេទ​នៃ​ការ​ពេញ និង​ការ​ផ្ដល់​អំណាច​ដែល​យើង​ទទួល​បាន​ក្នុង​បទ​ពិសោធន៍​ដូច​នេះ​ក៏​មាន​តម្រូវ​ការ​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ​នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ។ វា​មិនមែន​ជា​អ្វី​ដែល​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​លក្ខណៈ​ដូច​គ្នា​សម្រាប់​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​គ្រីស្ទ​បរិស័ទ​នោះ​ទេ។

ខ្ញុំ​គិត​ថា វា​ជា​រឿង​ត្រឹម​ត្រូវ​ក្នុង​ការ​ចង់​ទទួល​បាន​ការ​ជ្រមុជ​ជា​ថ្មី។ នោះ​គឺ​ជា​ភាសា​របស់​ពួក​ព្យួរីតិន (Puritans)។ នោះ​គឺ​ជា​ភាសា​នៃ លោក ម៉ាទីន ឡយ ចូនស៍ (Martyn Lloyd-Jones)។ នេះ​គឺ​ជា​ភាសា​របស់​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត ពេល​ខ្ញុំ​នៅ​លើ​វេទិកា និង​អធិប្បាយ។ ខ្ញុំ​និយាយ​ថា «ឱ​ព្រះ​អម្ចាស់​អើយ! ទូល​បង្គំ​ត្រូវ​ការ​ជ្រមុជ​ជា​ថ្មី។ ទូល​បង្គំ​ត្រូវ​ការ​ចាក់​ប្រេង​តាំង​ជា​ថ្មី។ ទូល​បង្គំ​ត្រូវ​ការ​ការ​ចាក់​បំពេញ​ជា​ថ្មី។ ទូល​បង្គំ​ត្រូវ​ការ​ចាក់​បង្ហូរ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។

ការ​ពោរពេញ និង​ការ​ផ្ដល់​អំណាច
ខ្ញុំ​គិត​ថា ភាសា​គឺ​ផ្សេងៗ​ពី​គ្នា​នៅ​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ សម្រាប់​ការ​ទាំង​អស់​នោះ ដែល​មិន​បាន​នៅ​បន្ត​ទៀត​ទេ។ លោក​អ្នក​មាន​សាវ័ក ប៉ុល នៅ​ស្រុក​គីទីម ហើយ​គាត់​រៀប​នឹង​និយាយ។ កណ្ឌ​គម្ពីរ​បាន​ចែង​ថា គាត់​បាន​ទទួល​ការ​ចាក់​បំពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ បន្ទាប់​មក​គាត់​មាន​អំណាច​ដ៏​ចម្លែក​អស្ចារ្យ​ក្នុង​ការ​ចាត់​ការ​ពួក​ចេះ​អាគម​អាបធ្មប់​នៅ​លើ​កោះ​នោះ (កិច្ចការ ១៣:៨-១២)។ នេះ​គឺ​ជា​ប្រភេទ​នៃ​រឿង​ដែល​ខ្ញុំ​គិត​ថា ព្រះ​យេស៊ូវ​កំពុង​មាន​បន្ទូល៖ «យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​បទ​ពិសោធន៍​នេះ នៅ​ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ទៅ​កាន់​លោកីយ៍»។ សូម​ឲ្យ​ខ្ញុំ​បាន​ផ្ដល់​នូវ​ចំណុច​៤​នៃ​មូល​ហេតុ​ដែល​ខ្ញុំ​គិត​ថា​លោក លូកា និង​ព្រះ​យេស៊ូវ​បាន​ប្រើ​ពាក្យ​ក្នុង​របៀប​នោះ។

ចំណុច​ទី​មួយ៖ លោក លូកា បាន​ពិពណ៌នា​ការ​ជ្រមុជ​ដំបូង​នៃ​ព្រះ​វិញ្ញាណ​ថា ជា​ការ​ចាក់​បំពេញ។ គាត់​បាន​ប្រើ​ពាក្យ​ការ​ពេញ​ជា​ភាសា​និយាយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ២:៤។ គាត់​បាន​លើក​ឡើង​ថា «ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា [ការ​ជ្រមុជ​នោះ]»(កិច្ចការ ១:៤-៥) ហើយ​បន្ទាប់​មក ពេល​គាត់​បាន​ពណ៌នា​អំពី​ការ​នេះ​នៅ​ក្នុង​ជំពូក​ទី២ ខ៤ នោះ​គាត់​បាន​លើក​ឡើង​ថា «នឹង​ទទួល​បុណ្យ​ជ្រមុជ [ពេញ] ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ»។ សម្រាប់​គាត់ នេះ​គឺ​ជា​សេចក្ដី​ពិត​ផ្ទួនៗ​គ្នា៖ ការ​ពេញ​លេញ និង​ការ​ជ្រមុជ។ ជា​បន្ត​បន្ទាប់​មក​ទៀត​នៅ​ពាស​ពេញ​កណ្ឌ​គម្ពីរ​កិច្ចការ​ពាក្យ «ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ» គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ម្ដង​ទៀត​នៅ​ក្នុង​ជីវិត​របស់​អ្នក​ជឿ មិន​គ្រាន់​តែ​កើត​ឡើង​តែ​ម្ដង​នោះ​ទេ។

ចំណុច​ទី​ពីរ៖ លោក លូកា បាន​លើក​ឡើង​ថា ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​គឺ​ជា​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​ពី​កណ្ឌ​គម្ពីរ យ៉ូអែល​ជំពូក​ទី២ («ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា»)។ បន្ទាប់​មក សេចក្ដី​សន្យា​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូអែល ក៏បាន​ទទួល​ការ​បំពេញ​ និង​ពន្យល់​នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ២:១៦។ សេចក្ដី​សន្យា​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូអែល​ជំពូក​ទី២​គឺ​មិន​មែន​ជា​សេចក្ដី​សន្យា​នៃ​ការ​តាំង​សញ្ញា​ថ្មី​នៃ​ការ​កើត​ជា​ថ្មី​ទេ។ តែ​គឺ​ជា​ការ​តាំង​សញ្ញា​នៃ​សេចក្ដី​សន្យា​នៃ​អំណាច​ពួក​ហោរា៖ អ្នក​រាល់​គ្នា​នឹង​និយាយ​ដោយ​អំណាច​ចម្លែក​អស្ចារ្យ។

ចំណុច​ទី​បី៖ លោក លូកា បាន​ពណ៌នា​អំពី​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​ថា​ជា​ការ​ទទួល​បាន​អំណាច​សម្រាប់​ការ​ធ្វើ​ជា​ទី​បន្ទាល់ (កិច្ចការ ១:៨)។ គាត់​បាន​លើក​ឡើង​ថា «កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ នោះ​គឺ​ជា​ការ​ពណ៌នា​ភ្លាមៗ​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង ប្រសិន​បើ​អ្នក​រាល់​គ្នា​រង់​ចាំ​ការ​ជ្រមុជ​នោះ។ ដូច្នេះ វា​គឺ​ជា​ការ​ប្រទាន​អំណាច​សម្រាប់​ប្រសិទ្ធភាព​នៃ​ការ​លើក​តម្កើង​ព្រះ​គ្រីស្ទ​ជា​សកល។

ទី​បួន៖ ចំណុច​ចុង​ក្រោយ​លោក លូកា បាន​លើក​ឡើង​ថា ការ​ជ្រមុជ​ក្នុង​ព្រះ​វិញ្ញាណ​គឺ​ជា​ការ​គ្រប​ដណ្ដប់​ដោយ​ព្រះ​ចេស្ដា​ពី​ស្ថាន​លើ ដើម្បី​ឲ្យ​ព្រះ​រាជសារ​របស់​ព្រះ​គ្រីស្ទ​អាច​ចេញ​ទៅ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ទូទាំង​ពិភព​លោក។ នោះ​គឺ​ជា​ភាសា​នៅ​ក្នុង​កណ្ឌ​គម្ពីរ លូកា ២៤:៤៩ ដែល​នៅ​ត្រង់​នោះ​គាត់​ប្រាប់​ពួក​គេ «ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូសាឡឹម ដរាប​ដល់​ព្រះ​ចេស្ដា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្ដប់​លើ​អ្នក​រាល់​គ្នា»។

ចុះ​ភាសា​ដទៃ​វិញ?
ការ​យល់​ដឹង​របស់​ខ្ញុំ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ថា​សាវ័ក ប៉ុល ប្រើ​ប្រាស់​ឃ្លា​នេះ​ក្នុង​ទម្រង់​មួយ ដើម្បី​សំដៅ​ទៅ​លើ​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​កើត​ជា​ថ្មី។ លោក លូកា បាន​ប្រើ​ប្រាស់​ទម្រង់​មួយ​នៃ​ឃ្លា​នេះ​នៅ​ពេល​គាត់​ដក​ស្រង់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​សម្រាប់​ការ​ប្រទាន​អំណាច​ដោយ​ព្រះ​វិញ្ញាណ។

ដើម្បី​ឆ្លើយ​សំណួរ​អំពី​អំណោយ​ទាន​ប្លែកៗ វា​អាច ឬ​មិន​អាច​មាន​រួម​បញ្ចូល​សញ្ញា​ផ្សេងៗ ដូច​ជា​ភាសា​ដទៃ ឬ​ការ​បង្ហាញ​មិន​ធម្មតា​ផ្សេង​ទៀត។ ខ្ញុំ​គិត​ថា គ្រីស្ទ​បរិស័ទ​គ្រប់​រូប​គួរ​តែ​ស្វែង​រក​ពិធី​បុណ្យ​ជ្រមុជ​ថ្មីៗ​ក្នុង​ន័យ​នេះ​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​ឲ្យ​ព័ន្ធ​កិច្ច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

ប្រសិន​បើ​លោក​អ្នក​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់ នោះ​លោក​អ្នក​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ។ ប៉ុន្តែ តើ​វា​ដូច​គ្នា​នឹង​ការ​ជ្រមុជ​នៅ​ក្នុង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ? លោក​គ្រូ ចន បាន​ពន្យល់​អំពី​របៀប​ខុសៗ​គ្នា។

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, លោក​ ឈាង បូរ៉ា និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​កណ្ឌ​ហេណុក​និយាយ​អំពី​អ្វី? តើ​គ្រីស្ទ​បរិស័ទ​គួរ​តែ​យល់​ដឹង​ដូចម្ដេច​ខ្លះ​អំពី​កណ្ឌ​នេះ?

ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​ហាក់​ដូច​ជា​មិន​ច្បាស់? ៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី៣