in ,

តើ​ពេល​ណា​ជា​លើក​ចុង​ក្រោយ​បង្អស់​ដែល​លោក​អ្នក​បាន​រីករាយ​ជា​មួយ​លុយ​របស់​ខ្លួន?

https://youtu.be/q6e-lWvWcQU

ខ្ញុំ​បាន​ស្តាប់​ឮ​ការ​ពិភាក្សា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ខ្ញុំ​កំពុង​តែ​ទៅ​នេះ​ទៅ​នោះ ហើយ​ចាប់​ទាន់​ត្រង់​ការ​ពិភាក្សា​បន្តិច​អំពី​លុយ និង​ភាព​សប្បាយ​រីករាយ​នៃ​ការ​មាន​វា។ ខ្ញុំ​មិន​អាច​លួច​ស្តាប់​ឲ្យ​លើស​ពី​ពីរ​ទៅ​បី​ម៉ាត់​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​គំនិត​របស់​ខ្ញុំ​ដំណើរ​ការ​បាន។ ខ្ញុំ​បាន​គិត​អំពី​របៀប​ដែល​ខ្ញុំ​ប្រើ​ប្រាស់​លុយ និង​របៀប​ដែល​យើង​ជា​គ្រីស្ទ​បរិស័ទ​ប្រើ​ប្រាស់​លុយ​របស់​យើង។ ហើយ​ខ្ញុំ​ចង​សួរ​សំណួរ​នេះ​ដល់​លោក​អ្នក៖ តើ​ពេល​ណា​ជា​លើក​ចុង​ក្រោយ​បង្អស់​ដែល​លោក​អ្នក​បាន​រីករាយ​ជា​មួយ​លុយ​របស់​ខ្លួន?

លោក​អ្នក​ដឹង​ហើយ​ថា វា​មិន​អី​ទេ។ លោក​អ្នក​មាន​ការ​អនុញ្ញាត​ឲ្យ​រីករាយ​ជា​មួយ​នឹង​លុយ​របស់​ខ្លួន។ តោះ! យើង​សាក​គិត​ជា​មួយ​គ្នា​មើល។

ខ្ញុំ​ជឿ​ជាក់​យ៉ាង​ច្បាស់​ថា អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​មាន​គឺ​ជា​របស់​ផង​ព្រះ។ យើង​មិន​មែន​ជា​ម្ចាស់​លើ​លុយ​យើង​ទេ ប៉ុន្តែ​យើង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​លុយ​របស់​ព្រះ​វិញ។ យើង​ភាគ​ច្រើន​ជឿ​លើ​ការ​នេះ ហើយ​ក៏​ព្យាយាម​រស់​នៅ​តាម​ការ​នេះ​ដែរ។ ហើយ​មាន​របៀប​ជា​ច្រើន​ដែល​យើង​អាច​មើល​ខុស​ត្រូវ​លើ​លុយ​របស់​ព្រះ​ដោយ​ស្មោះ​ត្រង់​បាន។

យើង​បម្រើ​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​ពេល​យើង​រស់​នៅ​តាម​អ្វី​ដែល​យើង​មាន។ យើង​បម្រើ​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​ពេល​យើង​សន្សំ​ទុក​សម្រាប់​ថ្ងៃ​អនាគត។ យើង​បម្រើ​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​ពេល​យើង​ផ្ដោត​លើ​ការ​សង​បំណុល។ យើង​បម្រើ​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​ពេល​យើង​បង់​វិក្កយបត្រ​របស់​យើង និង​នៅ​ពេល​ដែល​យើង​ចំណាយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​របស់​យើង។ យើង​បម្រើ​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​ពេល​ដែល​យើង​ជៀសវាង​ពី​បំណុល​លើស​លប់ ការ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ឬ​ក៏​ការ​គិត​ថា​យើង​ត្រូវ​ការ​របស់របរ​ផ្សេង​ទៀត​ឲ្យ​កាន់​តែ​ច្រើន​ក្នុង​ការ​រស់​នៅ។ យើង​បម្រើ​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​ពេល​យើង​ផ្តល់​ឲ្យ​ដោយ​មាន​ចិត្ត​ទូលាយ​ដល់​កិច្ចការ​របស់​ព្រះ​អម្ចាស់ ឬ​ជួយ​មិត្តភក្ដិ​ដែល​ខ្វះ​ខាត។ នៅ​ទី​បំផុត យើង​បម្រើ​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​នៅ​ពេល​យើង​រស់​នៅ​ដោយ​ដឹង​ថា លុយ​អាច​ក្លាយ​ជា​ព្រះ​ដ៏​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​ក៏​ជា​ឧបករណ៍​ដ៏​ល្អ​ក្នុង​ការ​បម្រើ​ព្រះ​ដែរ។

នៅ​ក្នុង​ដំណើរ​នេះ យើង​ក៏​អាច​បង្កើត​ទំនាក់​ទំនង​ផ្លូវ​ការ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ជា​មួយ​លុយ​ដែល​លុយ​គ្រាន់​តែ​ក្លាយ​ជា​មធ្យោបាយ​លើស​ជាង​ឧបករណ៍។ រាល់​ប្រាក់​ដុល្លារ​មាន​ការងារ​មួយ​ការ​បង់—ជា​វិក្កយបត្រ និង​ការ​បង់​រំលោះ ហើយ​សន្សំ​ប្រាក់​សម្រាប់​ចូល​និវត្តន៍ ក៏​ដូច​ជា​ការ​ជួយ​ឧបត្ថម្ភ​ដល់​បេសកជន​ផ្សេងៗ។ រាល់​ប្រាក់​ដុល្លារ​មាន​ការងារ ប៉ុន្តែ​ការងារ​ទាំង​នោះ​មិន​ច្រើន​ទេ​ដែល​ផ្តល់​ឲ្យ​មាន​ការ​សប្បាយ​ចិត្ត។ យើង​ប្រើ​ប្រាស់​លុយ​របស់​យើង​ដោយ​កាតព្វកិច្ច ប៉ុន្តែ​កម្រ​នឹង​រីករាយ​ជា​មួយ​នឹង​វា​ណាស់។

មាន​រឿង​ល្អៗ​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​ជា​មួយ​លុយ​របស់​យើង​បាន។ ប៉ុន្តែ ខ្ញុំ​គិតថា រឿង​ល្អ​មួយ​ដែល​យើង​ប្រហែល​ជា​ងាយ​នឹង​ខក​ខាន​គឺ ការ​គ្រាន់​តែ​រីករាយ​ជា​មួយ​វា។

តើ​មាន​ពេល​ណា​ជា​លើក​ចុង​ក្រោយ​បង្អស់ ដែល​លោក​អ្នក​បាន​ផ្តល់​ឲ្យ​កូន​ម្នាក់ៗ​២០​ដុល្លារ ហើយ​កំណត់​ឲ្យ​ពួក​គាត់​ទិញ​អ្វីៗ​ដោយ​សេរី​នៅ​ក្នុង​ហាង​លក់​ប្រដាប់​ក្មេង​លេង ឬ​ហាង​លក់​សៀវភៅ? តើ​មាន​ពេល​ណា​ជា​ពេល​ចុង​ក្រោយ​បង្អស់​ដែល​លោក​អ្នក​រីករាយ​នឹង​ការ​សម្រាក​លម្ហែ​កាយ​ពិត​ប្រាកដ? តើ​មាន​ពេល​ណា​ដែល​លោក​អ្នក​ទៅ​ហាង​ពិសេស ហើយ​ទិញ​នំ និង​របស់​ឈ្ងុយ​ឆ្ងាញ់? តើ​មាន​ពេល​ណា​ជា​លើក​ចុង​ក្រោយ​បង្អស់​ដែល​លោក​អ្នក​បាន​អង្គុយ ហើយ​ពិសា​កាហ្វេ​មួយ​ពែង​ដែល​ថ្លៃ ប៉ុន្តែ​ពិត​ជា​ឆ្ងាញ់​មែន? តើ​លោក​អ្នក​បាន​ទិញ​សៀវភៅ​ថ្មី​ចុង​ក្រោយ​នៅ​ពេល​ណា ហើយ​ទិញ​ដោយ​គ្រាន់​តែ​ចង់​ទិញ? តើ​ពេល​ណា​ជា​លើក​ចុង​ក្រោយ​បង្អស់ ដែល​លោក​អ្នក​បាន​ទិញ​ភួង​ផ្កា​ដ៏​ប្រណិត​ជូន​ភរិយា? តើ​ពេល​ណា​ជា​លើក​ចុង​ក្រោយ​បង្អស់​ដែល​លោក​អ្នក​បាន​រីករាយ​ជា​មួយ​លុយ​របស់​ខ្លួន?

វា​ជា​ការ​ល្អ​ក្នុង​ការ​អនុវត្ដ​ការ​គ្រប់​គ្រង​ខ្លួន​ជា​មួយ​នឹង​លុយ​របស់​យើង ហើយ​ក៏​ជា​ការ​ល្អ​ក្នុង​ការ​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ល្អ​ដែរ។ ប៉ុន្តែ វា​ក៏​ជា​ការ​ល្អ​ក្នុង​ការ​រីករាយ​ជា​មួយ​នឹង​វា​ផង​ដែរ។ ដោយ​សារ​លុយ​មាន​លក្ខណៈ​លើស​ពី​គ្រាន់​តែ​ជា​ឧបករណ៍​មួយ វា​ក៏​ជា​មធ្យោបាយ​នៃ​ការ​រីករាយ​ផង​ដែរ។

ហើយ​នេះ​គឺ​រឿង​ល្អ៖ នៅ​ពេល​ដែល​អ្នក​គ្រប់​គ្រង​លុយ​របស់​ខ្លួន​បាន​ប្រសើរ​ជាង​មុន​ដូច​ជា​លុយ​របស់​ព្រះ នោះ​លោក​អ្នក​ក៏​នឹង​កាន់​តែ​រីករាយ​ជា​មួយ​ការ​សប្បាយ​ជា​មួយ​ការ​ដ៏​តិច​តួច​នេះ​ដែរ។ នៅ​ពេល​ដែល​អ្វី​គ្រប់​យ៉ាង​ដែល​លោក​អ្នក​ចង់​បាន​ពី​លុយ គឺ​ការ​សប្បាយ​ចិត្ត នោះ​វា​នឹង​ផ្តល់​នូវ​ការ​ខូច​ខាត ដែល​មិន​ចេះ​រីង​ស្ងួត​ជា​មិន​ខាន។ ប៉ុន្តែ នៅ​ពេល​ដែល​លោក​អ្នក​ចាត់​ចែង​វា​ដោយ​ស្មោះ​ត្រង់ នោះ​ការ​សប្បាយ​តិច​តួច​ទាំង​នោះ​នឹង​កាន់​តែ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ផ្អែម​ល្ហែម​ដ៏​ប្រសើរ។

ដូច្នេះ ចូរ​ប្រើ​ប្រាស់​លុយ​របស់​អ្នក ហើយ​ប្រើ​ប្រាស់​វា​ដោយ​មាន​ប្រាជ្ញា ហើយ​ប្រើ​ប្រាស់​វា ដើម្បី​សិរី​ល្អ​ទៅ​ដល់​ព្រះ។ ប៉ុន្តែ កុំ​ភ្លេច​រីក​រាយ​ជា​មួយ​វា​ផង​ដែរ។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក ពេជ្រ ប៊ុនណា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការលន់តួ

ការងាររបស់ខ្ញុំពេល​ខ្លះ​ត្រូវស៊ី​ផឹក​កំដរ​ភ្ញៀវ តើ​ខ្ញុំ​អាច​បាត់​បង់​សេចក្តី​សង្គ្រោះ​ដែរ​ឬ​ទេ?