in

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ល្អ​ប្រសើរ​ដោយ​របៀប​ណា? ភាគ១

ក្នុង​សេចក្ដី​អធិប្បាយ​នេះ លោក​គ្រូ ចន បាន​ពន្យល់​បន្ថែម​លើ​ប្រធាន​បទ​នៃ​របៀប​ដែល​យើង​អាច​មាន​ការ​ធានា​ថា ការ​ដាក់​វិន័យ​លើ​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំថ្ងៃ​របស់​យើង​មាន​ភាព​ត្រឹម​ត្រូវ ហើយ​មិន​គ្រាន់​តែ​ឲ្យតែ​ចាំ​នូវ​អ្វី​ដែល​យើង​អាន។ ប្រធាន​បទ​នេះ​មាន​នៅ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​គាត់​លើ​កណ្ឌ​គម្ពីរ រ៉ូម ១២:៩ ដែល​គាត់​បាន​អធិប្បាយ​នៅ​ថ្ងៃ​ទី២១ ខែ វិច្ឆិកា ឆ្នាំ២០០៤។
តោះ! ចូរ​យើង​ចាប់​ផ្ដើម​ដោយ​មើល​លើ​គំនិត​មួយ​ចំនួន​ចេញ​ពី​កណ្ឌ​គម្ពីរ​រ៉ូម អំពី​របៀប​នៃ​ការ​អាន​ខ​គម្ពីរ​ដូច​នេះ ដែល​នឹង​បំផ្លាស់​បំប្រែ​យើង​ជា​ខ្លាំង។ ក្នុង​ខ៩-១៣ យើង​ឃើញ​ថា​មាន​ការ​ដាស់​តឿន​១៣យ៉ាង។
បញ្ហា​នៅ​ពេល​ចំណាយ​ពេល​ស្ងៀម​ស្ងាត់
ឧបមា​ថា​លោក​អ្នក​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក ហើយ​លោក​អ្នក​បាន​ព្យាយាម​ធ្វើ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ល្អ​ដោយ​អាន​ព្រះ​គម្ពីរ មុន​ចេញ​ទៅ​ធ្វើ​ការ។ ខ្ញុំ​គិត​ថា​នេះ​គឺជា​ការ​ព្យាយាម​ដ៏​ល្អ។ ហើយ​យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​ព្យាយាម​ដូច្នេះ​ដែរ។ លោក​អ្នក​បាន​ព្យាយាម​អាន​ពីរ​បី​ជំពូក។ ជា​ឧទាហរណ៍ ឧបមា​ថា​លោក​អ្នក​អាន​កណ្ឌ​គម្ពីរ រ៉ូម ជំពូក១២ លោក​អ្នក​ត្រូវ​ការ​ពេល​វេលា​តែ​បី​នាទី​ក្នុង​ការ​អាន​ជំពូក​នេះ ដែល​នេះ​មាន​ន័យ​ថា ការ​ដាស់​តឿន​ទាំង១៣ខាង​ក្រោម​នេះ​យក​តែ ១៥វិនាទី​ពី​លោក​អ្នក​ទេ​ក្នុង​ការ​អាន៖
១. ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា
២. ខ្ពើម​សេចក្ដី​អាក្រក់
៣. កាន់​ខ្ជាប់​ខាង​សេចក្ដី​ល្អ
៤. ស្រឡាញ់​គ្នា​ជា​បង​ជា​ប្អូន
៥. ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​ឯ​សេចក្ដី​រាប់​អាន
៦. កុំ​ឲ្យ​ខ្ជិល​ខាង​ឯ​សេចក្ដី​ឧស្សាហ៍​ឡើយ
៧. ចូរ​ព្យាយាម​ខាង​ឯ​វិញ្ញាណ
៨. ខំ​ប្រឹង​បម្រើ​ព្រះ​អម្ចាស់
៩. ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម
១០. ចូរ​អត់​ធន់​ក្នុង​សេចក្ដី​ទុក្ខ​លំបាក
១១. ចូរ​ឲ្យ​ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន
១២. ចូរ​ផ្គត់​ផ្គង់​ឲ្យ​ខាង​សេចក្ដី​ខ្វះ​ខាត​របស់​ពួក​បរិសុទ្ធ
១៣. ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​ចៅរ៉ៅ
នេះ​ជា​ការ​ដាស់​តឿន​១៣​យ៉ាង​ក្នុង​តែ៥ខ​គម្ពីរ។ លោក​អ្នក​ទំនង​ជា​បាន​អាន​ក្នុង​រយៈ​ពេល​តែ១៥វិនាទី។ ហើយ​បន្ទាប់​មក​លោក​បាន​បិទ​ព្រះ​គម្ពីរ អធិស្ឋាន ហើយ​ចេញ​ទៅ​ធ្វើ​ការ។ តើ​លោក​អ្នក​អាច​ចាំ​បាន​ប៉ុន្មាន​ចំណុច? ខ្ញុំ​ចង់​មាន​ន័យ​ថា តើ​ឥឡូវ​នេះ​លោក​អ្នក​កំពុង​តែ​មាន​ពេញ​ទៅ​ដោយ​ភាព​ឆេះ​ឆួល បាន​ផ្ដោត​អារម្មណ៍​លើ ហើយ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​តាម​រយៈ​ចំណុច​ទាំង១៣ថ្មី​នេះ​ក្នុង​ជីវិត​របស់​លោក​អ្នក? តើ​នេះ​ជា​ការ​ជះ​ឥទ្ធិពល​ចេញពី​ការ​អាន​ព្រះ​គម្ពីរ​នៅ​ពេល​ព្រឹក​មែន​ឬ? វា​មិន​ដំណើរ​ការ​ដូច្នេះ​នោះ​ទេ។
បើ​ដូច្នោះ តើ​យើង​គួរ​ធ្វើ​ម្ដេច​ទៅ? ពីព្រោះ​សាវ័ក ប៉ុល មិន​បាន​សរសេរ​ចំណុច​ទាំង​នោះ ដើម្បី​ចាក់​ក្រឡេច​ត្រចៀក​យើង​នោះ​ទេ។ គាត់​មិន​បាន​សរសេរ​ចំណុច​ទាំង​នោះ ដោយ​ប្រាថ្នា​មិន​ចង់​ឲ្យ​មាន​អ្វី​កើត​ឡើង​ឡើយ។ គាត់​ពិត​ជា​ចង់​ឲ្យ​ចំណុច​ទាំង១៣​នៃ​ការ​ដាស់​តឿន​នោះ​ក្លាយ​ជា​ការ​ពិត។ ហើយ​ខណៈ​ពេល​ដែល​យើង​អាន និង​អធិប្បាយ​ចំណុច​ទាំង​នោះ គឺ​ឲ្យ​វា​កាន់តែ​ក្លាយ​ជា​ការ​ពិត​នៅ​ក្នុង​ជីវិត​យើង។ ចំណុច​ទាំង​នោះ​មិន​មែន​គ្រាន់​តែ​មាន ដើម្បី​ឲ្យ​តែ​មាន​នោះ​ទេ។ ដូច្នេះ យើង​ត្រូវ​ការ​ជំនួយ​ទាក់​ទង​នឹង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ជា​មួយ​នឹង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​ព្រះ​គម្ពីរ​កាន់​តែ​មាន​អំណាច ហើយ​បំផ្លាស់​បំប្រែ​ជីវិត​យើង។ គាត់​មិន​បាន​សរសេរ​ចំណុច​ទាំង​នោះ ដោយ​ប្រាថ្នា​មិន​ចង់​ឲ្យ​មាន​អ្វី​កើត​ឡើង​ឡើយ។
សកម្ម​ភាព​តាម​រយៈ​ព្រះ​បន្ទូល និង​ព្រះ​វិញ្ញាណ
ដើម្បី​ទទួល​បាន​ជំនួយ សូម​ផ្ទៀង​ជា​មួយ​ខ្ញុំ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១៥។ ខ្ញុំ​បាន​សួរ​សាវ័ក ប៉ុល «នៅ​ត្រង់​នេះ តើ​លោក​មាន​អ្វី​ជា​ជំនួយ​សម្រាប់​យើង​ក្នុង​ការ​អាន​ជំពូក១២ទេ?»។ ហើយ​គាត់​បាន​ឆ្លើយ​ថា «មាន! គឺ​នៅ​ក្នុង [១៥:១៥-១៦] »។
ហេតុ​ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវក្លា​លើស​ទៅ​ទៀត​ដែល​មាន១ផ្នែក សម្រាប់​នឹង​រម្លឹក​ដល់​អ្នក​រាល់​គ្នា…
សូម​បង្អង់​សិន​នៅ​ចំណុច​នេះ។ ទាក់​ទង​នឹង​ព្រះ​គម្ពីរ ចំពោះ​អ្នក​ជឿ​យូរ​ហើយ សូម​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរ​គឺ​ជា​ការ​លើក​ឡើង​ដដែលៗ។ យើង​នឹង​មិន​ដែល​អាន​អ្វី​ថ្មី​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ​រាប់​រយ​ដង​ហើយ—គឺ​គ្រប់​ពាក្យ អាន​ម្ដង​ហើយ​ម្ដង​ទៀត។ ខ្ញុំ​នឹង​មិន​ដែល​ឃើញ​ការ​សរសេរ​ពាក្យ​ថ្មី​ណា​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ ខ្ញុំ​អធិស្ឋាន​ថា​ឲ្យ​ខ្លួន​ឯង​ឃើញ​ចំណុច​ថ្មី សេចក្ដី​ពិត​ថ្មី អំណាច​ថ្មី និង​ការ​អនុវត្ត​ថ្មី។ ប៉ុន្តែ ទាក់​ទង​នឹង​ពាក្យ​ពេចន៍—គឺ​ខ្ញុំ​បាន​ឃើញ​អស់​ហើយ ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​ដដែលៗ។
សម្រាប់​នឹង​រម្លឹក—សូម​កុំ​ប្រកាន់​ក្រុម​តូច ឬ​ក៏​ការ​ចំណាយ​ពេល​ថ្វាយ​បង្គំ​ព្រះ​ជា​គ្រួសារ អាន​ព្រះ​គម្ពីរ ឬ​ក៏​ស្ដាប់​សេចក្ដី​អធិប្បាយ ដែល​ទាំង​នោះ​ជា​ការ​រម្លឹក​ដល់​លោក​អ្នក​អំពី​អ្វី​ដែល​ខ្លួន​បាន​ដឹង​ហើយ ពីព្រោះ​ព្រះ​ជាម្ចាស់​មាន​ព្រះ​ហឫទ័យ​នៅ​ក្នុង​សេចក្ដី​ពិត​ចាស់ៗ​ទាំង​នោះ ដែល​លោក​អ្នក​បាន​ស្គាល់ ដែល​តាម​ពិត​ទៅ​លោក​អ្នក​មិន​ទាន់​បាន​ដែល​ធ្លាប់​ឃើញ និង​មាន​បំណង​ព្រះ​ហឫទ័យ​​ក្នុង​ការ​បំផ្លាស់​បំប្រែ​ជីវិត​លោក​អ្នក​ក្នុង​ចំណុច​ដែល​មិន​ទាន់​បាន​ទទួល​ការ​បំផ្លាស់​បំប្រែ​នៅ​ឡើយ។ ដូច្នេះ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន៖ គោល​បំណង​ចម្បង​របស់​ព្រះ​គម្ពីរ​គឺ​សម្រាប់​រម្លឹក​គ្រីស្ទ​បរិស័ទ ហើយ​នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​ណាស់​ទាក់​ទង​ទៅ​នឹង​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ។ សាវ័ក ប៉ុល បាន​សរសេរ​ដូច​ត​ទៅ៖
ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវក្លា​លើស​ទៅ​ទៀត ដែល​មាន១ផ្នែក សម្រាប់​នឹង​រម្លឹក​ដល់​អ្នក​រាល់​គ្នា ដោយ​សារ​ព្រះ​គុណ​ដែល​ព្រះ​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ…
ដូច្នេះ ព្រះ​គម្ពីរ​គឺ​ជា​អំណោយ​ទាន​ដែល​ពេញ​ទៅ​ដោយ​ព្រះ​គុណ។ សាវ័ក ប៉ុល បាន​ទទួល​ព្រះ​គុណ​ក្នុង​ការ​សរសេរ​មក​កាន់​យើង។ សូម​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​នឹង​ព្រះ​គម្ពីរ។ (ខ១៦)៖
…ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ភ្នាក់​ងារ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដល់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​ធ្វើ​ការងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​ឲ្យ​ការ​ប្រមូល​ពួក​សាសន៍​ដទៃ បាន​ទុក​ជា​ដង្វាយ​ថ្វាយ​ព្រះ ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ទទួល បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង។
«ពួក​សាសន៍​ដទៃ» មាន​រួម​ទាំង​យើង​ជា​ច្រើន​នាក់ ហើយ​ឥឡូវ​នេះ​យើង​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា ជា​យញ្ញ​បូជា​នៃ​ការ​ថ្វាយ​បង្គំ។ ការ​នេះ​គួរ​រម្លឹក​យើង​អំពី កណ្ឌ​គម្ពីរ រ៉ូម ១២:១៖ «ឲ្យ​បាន​ថ្វាយ​រូប​កាយ​ទុក​ជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង» សាវ័ក ប៉ុល កំពុង​តែ​លើក​យើង​ឡើងជា​យញ្ញ​បូជា​នៃ​ការ​ថ្វាយ​បង្គំ​ដល់​ព្រះ​ជាម្ចាស់ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ​ឲ្យ​ក្លាយ​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ជាម្ចាស់។
សាវ័ក ប៉ុល បាទ​សរសេរ​កណ្ឌ​គម្ពីរ រ៉ូម ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ទាំង​លោក​អ្នក និង​យើង​ខ្ញុំ។ តើ​ពាក្យ «ស្រួល​ទទួល» បាន​រម្លឹក​អ្វី​ដល់​លោក​អ្នក​ទេ ចេញ​ពី​កណ្ឌ​គម្ពីរ រ៉ូម ១២:២ «បាន​ផ្លាស់​ប្រែ​វិញ…ឲ្យ​បាន​ស្គាល់…ដែល…ស្រួល​ទទួល»។ ចូរ​ឱប​ក្រសោប​ចំណុច​ដែល​ថា ព្រះ​ជាម្ចាស់​ស្រួល​ទទួល​លោក​អ្នក។ ហើយ​នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​ដូច្នោះ នោះ​ការ​នេះ​នឹង​កើត​ឡើង៖ ការ​ថ្វាយ​សាសន៍​ដទៃ​ជា​យញ្ញ​បូជា​នៃ​ការ​ថ្វាយ​បង្គំ​ខាង​ឯ​វិញ្ញាណ។ នេះ​គឺ​ជា​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​ការ​សរសេរ​ឡើង​នូវ​កណ្ឌ​គម្ពីរ រ៉ូម ដូច្នេះ​នៅ​ពេល​ដែល​លោក​អ្នក​អាន នេះ​គឺ​ជា​អ្វី​ដែល​គួរ​តែ​កើត​ឡើង។
ឃ្លា​បន្ទាប់​គឺ​ជា​ឃ្លា​ដែល​សម្រេច​រក​អ្វីៗ​ទាំង​អស់៖ «បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង»។ ទាំង​លោក​អ្នក ហើយ​និង​ខ្ញុំ​ដឹង​ហើយ​ថា ការ​អាន​ព្រះ​គម្ពីរ​មាន​ឥទ្ធិពល​សូន្យ ដោយ​ឡែក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ តាម​ពិត​ទៅ ប្រសិន​បើ​យើង​ព្យាយាម​អាន​ព្រះ​គម្ពីរ​ដោយ​មិន​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​ជា​មួយ នោះ​យើង​នឹង​ក្លាយ​ជា​អ្នក​ក្រឹត្យ​វិន័យ​និយម​ដ៏​ធំ​មួយ ដោយ​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​ខ្លួន​បំពេញ​តាម​ក្រម​សីលធម៌៖ «ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន សូម​មើល​ខ្ញុំ!»។ តាម​ពិត​ទៅ ផ្ទុយ​ពី​នោះ អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ។
ឧបមា​ថា​លោក​អ្នក​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក ហើយ​លោក​អ្នក​បាន​ព្យាយាម​ធ្វើ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ល្អ​ដោយ​អាន​ព្រះ​គម្ពីរ មុន​ចេញ​ទៅ​ធ្វើ​ការ។ ខ្ញុំ​គិត​ថា​នេះ​គឺជា​ការ​ព្យាយាម​ដ៏​ល្អ…
និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា និង​លោក ជួប ប៊ុនហាក់
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្តី​តាំង​សញ្ញា

ស្ទើរ​តែ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ហេតុ​ផល​បួន​យ៉ាង​ត្រូវ​ពិចារណា​មើល​​ខ្លួន​ឯង