ដូចដែលយើងបានរៀបរាប់កាលពីលើកមុន តាមគំនិតរបស់ខ្ញុំកណ្ឌគម្ពីរ ១យ៉ូហាន ២:១២-១៤ គឺជាបទគម្ពីរមួយដ៏ល្អបំផុតសម្រាប់គ្រូគង្វាលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល។ សាវ័ក យ៉ូហាន បានបញ្ជាក់ដល់អ្នកអានរបស់គាត់ថាគឺជាអ្នកដែលមានជីវិតអស់កល្បជានិច្ច ដោយមានការបែងចែករវាងភាពចាស់ទុំខាងឯវិញ្ញាណ និងសេចក្ដីសង្គ្រោះ ហើយណែនាំលោកអ្នកជឿទាំងអស់ឲ្យរីកចម្រើនខាងឯវិញ្ញាណ។ សាវ័ក យ៉ូហាន បានចូលមកជិតអ្នកដែលមានវ័យក្មេងក្នុងសេចក្ដីជំនឿ—ជាពួកអ្នកដែលមិនសូវចាស់ទុំ កម្សាន្តចិត្តពួកគាត់ដោយការធានាដល់ពួកគាត់ថា កង្វះភាពចាស់ទុំរបស់ពួកគាត់មិនមែនជាសញ្ញានៃការគ្មានសេចក្ដីសង្គ្រោះនោះទេ។
សាវ័ក យ៉ូហាន បានផ្តល់ឲ្យយើងនូវបីក្រុម ដែលយើងអាចវាយតម្លៃពីកន្លែងដែលយើងកំពុងស្ថិតនៅខាងឯព្រលឹងវិញ្ញាណ កន្លែងដែលយើងត្រូវទៅ និងរបៀបដែលយើងទៅដល់ទីនោះបាន—កុមារភាពខាងឯព្រលឹងវិញ្ញាណ មនុស្សពេញវ័យខាងឯព្រលឹងវិញ្ញាណ និងភាពចាស់ទុំខាងឯព្រលឹងវិញ្ញាណ ឬក៏ឪពុកខាងឯវិញ្ញាណ។ ថ្ងៃនេះ យើងនឹងពិនិត្យមើលក្រុមទីមួយ គឺកុមារភាពខាងឯវិញ្ញាណ។
យើងទាំងអស់គ្នាចាប់ផ្ដើមជីវិតជាគ្រីស្ទបរិស័ទក្នុងភាពជាកុមារខាងឯព្រលឹងវិញ្ញាណដូចដែលសាវ័ក យ៉ូហាន បានកត់សម្គាល់នៅក្នុងខទី១២ និង១៣។ ជាធម្មតា កុមារភាព (ឬក៏«កូនក្មេង») ខាងឯព្រលឹងវិញ្ញាណគឺជាអ្នកដែលទើបនឹងប្រែចិត្តជឿ។ ឃ្លានេះមិនសំដៅទៅលើអាយុកាលនៃរាងកាយរបស់អ្នកនោះទេ។ ប្រសិនបើលោកអ្នកបានប្រែចិត្តជឿនៅអាយុ៥ ឬ៥០ឆ្នាំ នោះលោកអ្នកជាកុមារខាងឯព្រលឹងវិញ្ញាណនៅចំណុចនោះ។
យើងក៏អាចនិយាយបានថា កុមារភាពខាងឯវិញ្ញាណមិនជាប់ទាក់ទងនឹងរយៈពេលនៃពេលវេលាដែលលោកអ្នកបានសង្គ្រោះនោះទេ។ ប្រាកដណាស់ អ្នកដែលជឿថ្មីៗនឹងឃើញថាខ្លួននៅក្នុងចំណុចនេះ ប៉ុន្តែការលូតលាស់ខាងឯវិញ្ញាណមិនកើតឡើងជាចាំបាច់ជាមួយនឹងពេលវេលាដែលកន្លងផុតទៅនោះទេ។ មនុស្សណាម្នាក់អាចក្លាយជាអ្នកជឿមួយរយៈ ប៉ុន្តែអាចនៅតែជាក្មេងខ្ចីខាងឯព្រលឹងវិញ្ញាណ និងមានការលូតលាស់យឺតៗ។ មិនមែនគ្រប់គ្នាសុទ្ធតែលូតលាស់ក្នុងល្បឿនដូចៗគ្នានោះទេ។ សូម្បីតែនៅក្នុងជីវិតជាគ្រីស្ទបរិស័ទម្នាក់ៗផ្ទាល់ខ្លួនក៏យើងនឹងជួបប្រទះរដូវកាលនៃការរីកចម្រើនខ្លាំងជាងរដូវកាលផ្សេងៗទៀត ហើយយើងក៏ទំនងជាអាចរីកចម្រើនក្នុងការញែកជាបរិសុទ្ធរបស់យើងលឿនជាងពេលផ្សេងៗទៀតផងដែរ។ រឿងសំខាន់ដែលយើងទាំងអស់គ្នាចង់ឃើញនៅក្នុងជីវិតរបស់យើងនោះគឺការបន្តក្នុងភាពរីកលូតលាស់ ប៉ុន្តែល្បឿនរបស់វាគឺប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត—ហើយសូម្បីតែពីរដូវកាលមួយទៅរដូវកាលមួយទៀតនៅក្នុងជីវិតរបស់យើងដែរ។
សាវ័ក យ៉ូហាន បានប្រើបទគម្ពីរនេះ ដើម្បីគូសចំណាំជាក់លាក់លើអស់អ្នកដែលស្ថិតនៅជាកុមារភាពខាងឯព្រលឹងវិញ្ញាណ—ជាដំបូងនោះគឺថា ចំពោះអំពើបាបរបស់អ្នកដែលមានជំនឿក្មេងខ្ចីខាងឯវិញ្ញាណ នោះព្រះជាម្ចាស់បានអត់ទោសឲ្យសម្រាប់ជាប្រយោជន៍ដល់ព្រះនាមរបស់ព្រះគ្រីស្ទ។
ការពិតដែលជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់គ្រីស្ទបរិស័ទគ្រប់ៗរូបគឺថា (មិនថាលោកអ្នកទទួលបានសេចក្ដីសង្គ្រោះ៥០ឆ្នាំ ឬក៏៥វិនាទីនោះទេ) ព្រះជាម្ចាស់បានអត់ទោសអំពើបាបរបស់លោកអ្នករួចហើយ។ នេះគឺជាចំណុចចាប់ផ្ដើមសម្រាប់អ្នកជឿគ្រប់ៗរូប។ ប្រសិនបើលោកអ្នកទទួលបានសេចក្តីសង្គ្រោះ វាមិនសំខាន់ត្រង់ថា លោកអ្នកបានទទួលបានសេចក្តីសង្គ្រោះយូរប៉ុណ្ណានោះទេ។ អំពើបាបរបស់លោកអ្នក គ្រប់អំពើបានទាំងអស់—ពីអតីតកាល ពីបច្ចុប្បន្នកាល និងនៅអនាគត—ទទួលបានកាអត់ទោសដោយសារព្រះគ្រីស្ទហើយ។ លោកអ្នកមិនទទួលបានការអត់ទោស នៅពេលដែលលោកអ្នកកំពុងរីកលូតលាស់នោះទេ ហើយក៏ថាលោកអ្នកទទួលបាននូវការឈរនៅចំពោះព្រះយ៉ាងត្រឹមត្រូវ តាមរយៈការញែកជាបរិសុទ្ធរបស់លោកអ្នកដែរ។
ការលើកឡើងនេះរបស់សាវ័ក យ៉ូហាន គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាមានន័យថា លោកអ្នកសុទ្ធតែទទួលបានការអត់ទោសយ៉ាងពេញលេញ និងដោយសេរី—ព្រមទាំងអាចឈរបានដោយត្រឹមត្រូវនៅចំពោះព្រះផងដែរ—មុនពេលមានការញែកជាបរិសុទ្ធណាមួយបានកើតឡើង។ នោះមានន័យថា ការលូតលាស់ខាងឯព្រលឹងវិញ្ញាណរបស់លោកអ្នកមិនជាប់ទាក់ទងនឹងការអត់ទោស ការរាប់ជាសុចរិតឬក៏ការដែលព្រះជាម្ចាស់ទទួលយកលោកអ្នកនោះទេ។
នេះគឺជាកម្រិតមូលដ្ឋានបំផុតរបស់ដំណឹងល្អ។ ហើយអ្វីដែលសាវ័ក យ៉ូហាន កំពុងលើកឡើងនោះគឺថា ប្រសិនបើលោកអ្នកនៅជាកុមារខាងឯព្រលឹងវិញ្ញាណ នោះលោកអ្នកដឹងអំពីដំណឹងល្អ។ លោកអ្នកដឹងថា ព្រះជាម្ចាស់បានអត់ទោសបាបរបស់លោកអ្នក ដោយសារព្រះនាមរបស់ព្រះគ្រីស្ទ មិនមែនដោយសារលោកអ្នកទេ។ លោកអ្នកមិនបានរួមចំណែកអ្វីដល់ការលោះបាបរបស់លោកអ្នកទាល់តែសោះ គឺមានតែអំពើបាបដែលត្រូវការការអត់ទោសបាបប៉ុណ្ណោះ។ ហើយបុគ្គលដែលបានសង្គ្រោះថ្មោងថ្មី— បុគ្គលដែលឮដំណឹងល្អ ហើយជឿលើព្រះគ្រីស្ទ—ពួកគាត់យល់អំពីមូលដ្ឋាននៃការពិតនេះ៖ ឥឡូវនេះ ពួកគាត់ទទួលបានការអត់ទោសចេញពីអំពើបាបរបស់ខ្លួន ដែលនេះជាគំនិតដ៏ពេញដោយសិរីល្អ និងជាការពិតដ៏អស្ចារ្យ—ដោយសារតែអ្វីដែលព្រះគ្រីស្ទបានសម្រេច!
ជីវិតខាងឯព្រលឹងវិញ្ញាណចាប់ផ្ដើមដោយសារព្រះជាម្ចាស់បានអត់ទោសចំពោះអំពើបាបរបស់យើង ដោយសារព្រះគ្រីស្ទ និងអ្វីដែលទ្រង់បានសម្រេច—ដើម្បីឲ្យទ្រង់ទទួលបានសិរីល្អទាំងអស់ ហើយឲ្យយើងទទួលបានសេចក្ដីអំណរនៃសេចក្ដីសង្គ្រោះនោះ។
ចំណុចទីពីរសម្រាប់អស់អ្នកដែលនៅជាកុមារខាងឯព្រលឹងវិញ្ញាណគឺថា ពួកគាត់ស្គាល់ព្រះវរបិតា។ ព្រះវរបិតាត្រូវបានលើកឡើងនៅទីនេះជាពិសេស ដោយសារតែទំនាក់ទំនងឪពុកម្ដាយ និងកូនដែលសាវ័ក យ៉ូហាន ចង់គូសបញ្ជាក់លើ។ ដូចដែលយើងជាច្រើនបានយល់ ពីសភាវគតិកុមារស្គាល់ឪពុកម្តាយរបស់ខ្លួន—ទោះបីជាពួកគាត់ប្រហែលជាមិនដឹងច្រើនអំពីឪពុកម្ដាយនៅដើមជីវិតរបស់ខ្លួនក៏ដោយ។
ចំណុចដដែលនេះក៏ជាការពិតសម្រាប់អ្នកជឿថ្មីៗជាមួយព្រះដែរ។ ពួកគាត់ដឹងថា ព្រះជាម្ចាស់ជាព្រះវរបិតារបស់ពួកគាត់ ហើយពួកគាត់ក៏បានស្គាល់សម្លេងរបស់ព្រះវរបិតារបស់ខ្លួន នៅពេលពួកគាត់បានឮព្រះបន្ទូល។ ពួកគាត់ប្រហែលជាពិបាកយល់ព្រះបន្ទូល ប៉ុន្តែមានអ្វីមួយអំពីព្រះបន្ទូលរបស់ព្រះ ដែលទាក់ទាញពួកគាត់ ដែលនិយាយទៅកាន់ពួកគាត់ ដែលកម្សាន្តចិត្តរបស់ពួកគាត់ ដែលមានការធានាដល់ពួកគាត់អំពីព្រះវត្តមានរបស់ព្រះ ការយកព្រះទ័យទុកដាក់ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកគាត់។
ជាធម្មតា អ្នកជឿថ្មោងថ្មីមិនអាចប្រាប់លោកអ្នកច្រើនទេអំពីព្រះជាម្ចាស់។ ការយល់ដឹងរបស់ពួកគាត់អំពីព្រះ ជាម្ចាស់មានកម្រិតតិចតួចណាស់នៅពេលនោះ ប៉ុន្តែសេចក្តីស្រឡាញ់របស់ពួកគាត់ចំពោះព្រះជាម្ចាស់ និងការយល់ដឹងរបស់ពួកគាត់ថា ព្រះជាម្ចាស់ជាព្រះវរបិតារបស់ពួកគាត់នៅស្ថានសួគ៌គឺជាការពិត ជាសេចក្តីស្រឡាញ់ពិតដូចកូនក្មេងមានចំពោះព្រះជាម្ចាស់។ ពួកគាត់ដឹងថា ខ្លួនបានកើតជាថ្មី ហើយពួកគាត់ដឹងថា ព្រះជាម្ចាស់ពិតជាព្រះវរបិតារបស់ពួកគាត់មែន។ ខ្ញុំបានឃើញរឿងបែបនេះម្តងហើយម្តងទៀតជាច្រើនឆ្នាំកន្លងមកនេះ៖ អ្នកជឿថ្មោងថ្មីដែលមានការយល់ដឹងអំពីព្រះជាម្ចាស់តិចតួច ប៉ុន្តែពួកគាត់ចង់ស្គាល់អំពីព្រះសូរសៀងរបស់ព្រះនៅក្នុងព្រះគម្ពីរ។ ហើយពួកគាត់បានដាក់ចិត្តចូលទាំងស្រុង ដោយបានស្រេកឃ្លានចង់រៀនព្រះបន្ទូលរបស់ព្រះ ដើម្បីស្វែងយល់បន្ថែមអំពីព្រះអង្គដែលបានសង្គ្រោះពួកគាត់ និងបានអត់ទោសបាបរបស់ពួកគាត់។
ដូច្នេះ នេះគឺជាកន្លែងដែលវាចាប់ផ្ដើម។ អ្នកជឿគ្រប់រូបបានមកដល់ចំណុចនេះ ហើយជាការពិតណាស់នៅពេលដែលយើងរីកចម្រើន នោះយើងមិនដែលទុកចំណុចនេះចោលនោះទេ ដោយសារអំពើបាបរបស់យើងនៅតែទទួលបានការអត់ទោស ហើយយើងនៅតែស្គាល់ព្រះវរបិតា។ ប៉ុន្តែ ចំណុចទាំងពីរនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់សម្រាប់អស់អ្នកដែលនៅមានវ័យក្មេងខ្ចីក្នុងជំនឿរបស់ខ្លួន។ ចំណុចបន្ទាប់ យើងនឹងមើលអំពីការបង្គាប់របស់សាវ័ក យ៉ូហាន ទៅកាន់ពួកមនុស្សពេញវ័យខាងឯវិញ្ញាណ ដើម្បីមើលអំពីដំណាក់កាលនៃភាពចាស់ទុំខាងឯវិញ្ញាណនៅក្នុងជីវិតរបស់អ្នកជឿ។
ជាធម្មតា កុមារភាពខាងឯព្រលឹងវិញ្ញាណគឺជាអ្នកដែលទើបនឹងប្រែចិត្តជឿ។ ឃ្លានេះមិនសំដៅទៅលើអាយុនៃរាងកាយរបស់អ្នកនោះទេ…
មតិយោបល់
Loading…