ការបំពេញបន្ថែមគ្នាទៅវិញទៅមកគឺមានសារៈសំខាន់សម្រាប់ភាពជាសិស្សរបស់គ្រីស្ទបរិស័ទ ពីព្រោះគ្រូគង្វាល និងក្រុមជំនុំត្រូវបង្ហាញរូបភាពផ្សេងគ្នានៃភាពពេញវ័យនៃគ្រីស្ទបរិស័ទសម្រាប់បុរស និងស្ត្រី។
វាមានភាពងាយស្រួលណាស់ក្នុងការបង្កើតកំហុសឆ្គងក្នុងទិសដៅណាមួយ ឬផ្សេងទៀតដោយការធ្វើឲ្យទស្សនៈនៃភាពជាសិស្សមានភាពដូចគ្នា ឬដោយការសង្កត់ធ្ងន់ខ្លាំងពេក ទៅលើភាពខុសគ្នានៃភាពជាសិស្សរបស់យើង។ ទោះយ៉ាងណាក៏ដោយ ក៏ទស្សនៈដែលត្រឹមត្រូវអំពីភាពពេញវ័យរបស់គ្រីស្ទបរិស័ទ នឹងបង្ហាញពីគំរូនៃភាពពេញវ័យរបស់បុរស និងស្ត្រី ដែលមានលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នានៅក្នុងក្រុមជំនុំ ដើម្បីឲ្យពួកគាត់មានភាពស្មោះត្រង់ទៅនឹងព្រះគម្ពីរទាំងមូល។
ជាឧទាហរណ៍ គ្រីស្ទបរិស័ទគ្រប់រូប—ទាំងប្រុស ទាំងស្ត្រី—គឺត្រូវរស់នៅក្នុងជីវិតនៃការប្រែចិត្ត និងសេចក្តីជំនឿ។ គ្រីស្ទបរិស័ទគ្រប់រូបត្រូវមានភាពរីកចម្រើននៅក្នុងចំណេះពីព្រះជាម្ចាស់ និងរស់នៅស្របតាមព្រះគ្រីស្ទ។ គ្រីស្ទបរិស័ទគ្រប់រូប ត្រូវតែមានការរួបរួមនៅក្នុងការប្រកបគ្នាជាមួយគ្រីស្ទបរិស័ទផ្សេងទៀត។ ប៉ុន្តែ ប្រសិនបើថ្នាក់ថ្ងៃអាទិត្យរបស់កូនៗលោកអ្នក ការសិក្សាព្រះបន្ទូលតាមផ្ទះ និងការអធិប្បាយប្រចាំសប្ដាហ៍បង្រៀនអំពីភាពពេញវ័យរបស់គ្រីស្ទបរិស័ទមានតែប៉ុណ្ណឹង នោះវានឹងបង្ខូចដល់ភាពខុសគ្នា ដែលព្រះបានមានព្រះទ័យទុកដាក់រវាងបុរស និងស្ត្រី។ ដូច្នេះ វានឹងនាំឲ្យមានការយល់ខុសអំពី «ភាពពេញវ័យ»។
មានបីចំណុច ដែលមានសារៈសំខាន់ ដើម្បីជួយជំរុញភាពជាសិស្សរបស់លោកអ្នក នៅក្នុងនាមជាអ្នកបំពេញបន្ថែមដល់អ្នកដទៃ ហើយខ្ញុំជឿថា វាជាការតម្រង់ទិសដៅ តាមរយៈព្រះគម្ពីរ ១) ទស្សនវិស័យខាងទេវសាស្ត្រ អំពីលក្ខណៈដែលបុរសពេញវ័យខាងសេចក្តីជំនឿ ភាពខុសគ្នាពីស្ត្រីគ្រីស្ទបរិស័ទពេញវ័យខាងសេចក្តីជំនឿ។ ២) គំរូនៃភាពជាបុរស និងភាពជាស្ត្រី ដែលគោរពកោតខ្លាចព្រះ នៅក្នុងក្រុមជំនុំរបស់យើង និង ៣) យុទ្ធសាស្ត្រថែរក្សាក្រុមជំនុំសម្រាប់ការផ្លាស់ប្ដូរក្រុមជំនុំឲ្យស្របទៅតាមទិញដៅនេះ។ ខ្ញុំមិនចង់ចំណាយពេលច្រើនពេកនៅត្រង់ចំណុចនេះ ដើម្បីធ្វើការបង្ហាញលម្អិត ដោយនៅក្នុងបន្ទាត់ទាំងនេះទេ។ ខ្ញុំសង្ឃឹមថា អ្នកដទៃនឹងទទួលបានការបំផុសគំនិតឲ្យឃើញពីសារៈសំខាន់ ដើម្បីធ្វើការងារនេះ។ ប៉ុន្តែ ទាំងនេះ គឺជាគំនិតមួយចំនួន ដើម្បីចាប់ផ្ដើមដំណើរការ ក្នុងការធ្វើវា។
ទស្សនវិស័យខាងទេវសាស្ត្រ និងភាពខុសគ្នានៃដែនកំណត់នានា
អ្វីទាំងអស់នេះគឺត្រូវចាប់ផ្ដើមជាមួយអ្នកបំពេញបន្ថែមគ្នាទៅវិញទៅមកដោយទស្សនវិស័យខាងទេវសាស្ត្រ សម្រាប់ភាពជាសិស្ស។
នេះជាអ្វី ដែលពួកចាស់ទុំនៃក្រុមជំនុំរបស់ខ្ញុំ បានប្រាប់គូស្វាមីភរិយានៅក្នុងការប្រឹក្សាយោបល់ មុនពេលរៀបអាពាហ៍ពិពាហ៍ ពីដែនកំណត់នៃអាពាហ៍ពិពាហ៍របស់ពួកគេ៖ យោងតាមកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក១ បានប្រាប់ថា ទាំងបុរស និងស្ត្រី គួរតែផ្ដោតលើការនាំយកភាពជាម្ចាស់របស់ព្រះ និងការគ្រប់គ្រងរបស់ទ្រង់មកផែនដីនេះ។ ប៉ុន្តែ ដោយយោងទៅតាមកណ្ឌគម្ពីរ លោកុប្បត្ដិ ២ ពួកគេមានរបៀបផ្សេងគ្នា ក្នុងការធ្វើដូចគ្នានោះ។ ទិសដៅរបស់បុរស គឺតម្រង់ទៅសួនច្បារ ចំណែកទិសដៅរបស់ស្ត្រី គឺត្រូវតម្រង់ទៅរកបុរស និងធ្វើជាជំនួយដ៏សមរម្យដល់មនុស្សប្រុស។ នាងត្រូវប្រើប្រាស់អំណោយទាន និងទេពកោសល្យរបស់នាងទាំងអស់ ដើម្បីបង្កើនការងារគ្រប់គ្រងរបស់បុរស។
ឥឡូវនេះ វាមានភាពងាយស្រួលប្រៀបធៀបក្នុងការសម្លឹងមើលថា តើអាពាហ៍ពិពាហ៍មានអត្ថន័យយ៉ាងណា។ ជាកន្លែងនៃទំនាក់ទំនង ដែលត្រូវបានផ្តល់សិទ្ធិក្នុងការបង្កើតឡើង រវាងបុរសម្នាក់ និងស្ត្រីម្នាក់។ ប៉ុន្តែ តើមានអត្ថន័យយ៉ាងណាដែរចំពោះស្ត្រីនៅលីវក្នុងក្រុមជំនុំ ដែលពួកគាត់មិនត្រូវបានត្រាស់ហៅឲ្យចុះចូលចំពោះបុរសគ្រប់រូប ដូចជាស្ត្រីដែលមានប្ដីត្រូវធ្វើនោះ? តើវាមានអត្ថន័យយ៉ាងណានៃទំនាក់ទំនង របស់ស្ត្រីរៀបការហើយ នៅកន្លែងធ្វើការរបស់គាត់? តើវាមានអត្ថន័យយ៉ាងណានៃទំនាក់ទំនងរបស់បុរសរៀបការហើយជាមួយស្ត្រីផ្សេងនៅផ្ទះ នៅព្រះវិហារ នៅកន្លែងធ្វើការ ឬនៅទីកន្លែងសាធារណៈ?
ពិតហើយ ទាំងនេះគឺជាសំណួរ ដែលបុរសជាគ្រីស្ទបរិស័ទមានភាពពេញវ័យត្រូវជួយឆ្លើយដល់បុរសជាគ្រីស្ទបរិស័ទ ដែលមានភាពក្មេងខ្ចី ហើយស្ត្រីជាគ្រីស្ទបរិស័ទមានភាពពេញវ័យត្រូវជួយឆ្លើយដល់ស្ត្រីជាគ្រីស្ទបរិស័ទក្មេងខ្ចីដែរ។ ទាំងនេះ គឺជាប្រភេទនៃសំណួរ ដែលអាចត្រូវបានសួរ នៅក្នុងថ្នាក់ថ្ងៃអាទិត្យ ក្រុមតូច ឬការសិក្សាព្រះគម្ពីរក្នុងក្រុមជំនុំ។
ដើម្បីបំពេញ «ទស្សនៈវិស័យខាងទេវសាស្ត្រ» នៃភាពជាបុរស និងភាពជាស្ត្រី យើងត្រូវពិចារណាអំពីលក្ខណៈដែលកណ្ឌគម្ពីរ លោកុប្បត្ដិ ២ ដែលអាចមានទំនាក់ទំនងនឹងបទគម្ពីរផ្សេងទៀត នៅក្នុងព្រះគម្ពីរ និងភាពប្លែកខុសៗគ្នានៅតាមផ្ទះនីមួយៗ ដែនកំណត់នៅកន្លែងធ្វើការ ដែនកំណត់នៅព្រះវិហារ និងដែនកំណត់នៅទីសាធារណៈ។ បន្ទាប់មក យើងត្រូវជួយបងប្អូនរួមជំនឿរបស់យើង ឲ្យរស់នៅក្នុងភាពជាបុរស និងភាពជាស្ត្រីជាគ្រីស្ទបរិស័ទ គឺតម្រូវឲ្យពួកគាត់រស់នៅ ក្នុងដែនកំណត់ទាំងអស់នោះ ដោយមិនគ្រាន់តែសំដៅទៅលើជីវិតគ្រីស្ទបរិស័ទក្នុងលក្ខណៈទូទៅប៉ុណ្ណោះទេ។
ឧទាហរណ៍នៃដែនកំណត់មួយ៖ ក្រុមជំនុំក្នុងតំបន់
ជាឧទាហរណ៍ នៅក្នុងក្រុមជំនុំក្នុងតំបន់ ភាពជាបុរសហាក់ដូចជា ត្រូវបានចងភ្ជាប់ទៅនឹងការបង្រៀនព្រះបន្ទូល។ដូច្នេះ បុរសជាគ្រីស្ទបរិស័ទគ្រប់រូប គួរតែរៀនឲ្យមានចំណាប់អារម្មណ៍ពិសេស ក្នុងការរៀនព្រះបន្ទូល និងការបង្កើនការងារព័ន្ធកិច្ចរបស់ខ្លួន។ មិនមែនបុរសជាគ្រីស្ទបរិស័ទគ្រប់រូប សុទ្ធតែមាន អំណោយទាននៃការបង្រៀន នៅក្នុងក្រុមជំនុំនោះទេ ប៉ុន្តែបុរសជាគ្រីស្ទបរិស័ទគ្រប់រូប គួរតែត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការបង្រៀននៅកន្លែងណាមួយ (ដូចជានៅក្នុងផ្ទះ)។ ហើយបុរសជាគ្រីស្ទបរិស័ទគ្រប់រូប មានអំណោយទានមួយចំនួនដូចជា អំណោយនៃការគ្រប់គ្រង ឬអំណោយនៃការកសាងទំនាក់ទំនង ដែលគាត់អាចប្រើប្រាស់ ដើម្បីបង្កើនដល់ការងារព័ន្ធកិច្ចនៃការប្រកាសព្រះបន្ទូលនៅក្នុងក្រុមជំនុំ។
ជំនួសឲ្យក្រុមជំនុំមួយដែលសំបូរទៅដោយបុរសអសកម្ម ជាអ្នកដែលប្រញាប់ប្រញាល់រត់ទៅរករថយន្ត ជាមួយក្រុមគ្រួសាររបស់ពួកគាត់ នៅពេលដែលកម្មវិធីថ្វាយបង្គំត្រូវបានបញ្ចប់នោះ ហើយសូមធ្វើការពិចារណាប្រៀបធៀបពីក្រុមជំនុំមួយ មានពេញទៅដោយបុរស ដែលកំពុងតែដើរតម្រង់ទៅមុខ ដើម្បីបង្កើនការងារព័ន្ធកិច្ចនៃការប្រកាសព្រះបន្ទូល។ សូមពិចារណាមើលពីបុរស ដែលធ្វើកិច្ចការបែបនេះ នៅក្នុងក្រុមជំនុំ ដូចជាព័ន្ធកិច្ចបម្រើផ្នែកភ្លេង ព័ន្ធកិច្ចកុមារ នៅកម្មវិធីមួយចំនួន ក្រោយបញ្ចប់ការថ្វាយបង្គំនៅក្នុងក្រុមជំនុំ ការផ្សាយដំណឹងល្អ និងការមើលថែអ្នកដែលមិនមែនជាសមាជិកក្រុមជំនុំ។ ខ្ញុំហ៊ាននិយាយថា ក្រុមជំនុំក្រុមដែលសំបូរបុរសបែបនោះ នឹងក្លាយជាក្រុមជំនុំមួយ ដែលមានភាពងាយស្រួល សម្រាប់ស្ត្រីដែលគោរពកោតខ្លាចព្រះ ឲ្យក្លាយជាស្ត្រីដែលគោរពកោតខ្លាចព្រះ។
ម៉្យាងទៀត ស្ត្រីតែងតែជាប់គាំងក្នុងការមានគំនិតផ្ដួចផ្ដើម និងការដឹកនាំនៅក្នុងក្រុមជំនុំ ដោយសារបុរសបានបរាជ័យក្នុងការធ្វើដូច្នេះដែរ។ ប៉ុន្តែ ចំពោះវិសាលភាព ដែលបុរសធ្វើការយ៉ាងលំបាក នៅក្នុងសួនច្បារនៃព្រះវិហារ ដោយពួកគាត់បានសាបព្រោះគ្រាប់ពូជ និងភ្ជួររាស់ដី ហើយស្ត្រីជាគ្រីស្ទបរិស័ទវិញ ត្រូវបង្ហាញការងារល្អរបស់ពួកគាត់ ដោយពួកគាត់ត្រូវធ្វើការជួយដល់បុរសទាំងនោះ។ ពួកគាត់ធ្វើដូច្នេះតាមគំរូនៃអ្នកដឹកនាំដ៏គួរឲ្យគោរព ដោយស្ត្រីធ្វើការពង្រីកកិច្ចការរបស់ព្រះបន្ទូល ទៅក្នុងផ្នែកដែលបុរសអាចពិបាកក្នុងការធ្វើ ដូចជាព័ន្ធកិច្ចទាក់ទងនឹងជីវិតរបស់កុមារ ឬស្ត្រីវ័យក្មេង។
សូមកត់សម្គាល់ ខ្ញុំបានផ្តល់នូវឧទាហរណ៍មួយអំពីរបៀប ដែលមើលទៅមានភាពខុសគ្នានៅក្នុងកន្លែង រវាងភាពជាបុរសខុសៗគ្នា និងភាពជាស្ត្រីនៅក្នុងព្រះគម្ពីរ ពោលគឺក្រុមជំនុំក្នុងតំបន់។ ដូច្នេះ ការបង្រៀនអ្នកជឿ ដែលមានជំនឿនៅក្មេងខ្ចីឲ្យចូលរួមជាមួយក្រុមជំនុំក្នុងតំបន់ មិនគួរមានការបែងចែកជាភេទប្រុស ឬភេទស្រីនោះទេ។ មែនហើយ មានចំណុចរួមនៃចំណុចទាំងនេះ៖ គ្រីស្ទបរិស័ទគ្រប់រូបគួរតែមានចំណាប់អារម្មណ៍ ក្នុងការបង្កើនការងារនៃការប្រកាសព្រះបន្ទូល។ ប៉ុន្តែ មានចំណុចខុសៗគ្នានៅត្រង់នេះ៖ បុរសគួរតែរៀនឲ្យមានគំនិតក្នុងការផ្ដួចផ្ដើម និងភាពជាអ្នកដឹកនាំ ខណៈដែលស្ត្រីវិញ គួរតែរៀន ដើម្បីចេះជួយសម្របសម្រួល លើកទឹកចិត្ត និងជួយដល់ការងាររបស់បុរស។
នៅក្នុងគ្រប់កន្លែងទាំងអស់ ខ្ញុំយល់ថា វាមានសុវត្ថិភាពជាងក្នុងការសម្លឹងមើលជាទូទៅ ដែលស្ត្រីនឹងបន្តស្វែងរកភាពជាស្ត្រីដែលគោរពកោតខ្លាចព្រះ ឲ្យបានល្អប្រសើរជាងមុន នៅពេលដែលពួកគាត់ត្រូវបានហ៊ុំព័ទ្ធដោយបុរសដែលបន្តស្វែងរកភាពជាបុរសរបស់ខ្លួន ដោយការគោរពកោតខ្លាចព្រះ។ នៅពេលដែលស្ត្រីមិនធ្វើដូច្នេះ នោះមានតែបុរសខ្លួនឯងប៉ុណ្ណោះ ដែលត្រូវទទួលយកការស្តីបន្ទោស។
យុទ្ធសាស្ត្រថែរក្សាក្រុមជំនុំ
ខ្ញុំសូមប្ដូរពីទស្សនៈទេវសាស្ត្រទៅជាយុទ្ធសាស្ត្រថែរក្សាក្រុមជំនុំ សម្រាប់ភាពជាសិស្ស និងអ្នកដឹកនាំក្រុមជំនុំគួរតែបង្រៀនពីរូបភាពនៃភាពពេញវ័យរបស់គ្រីស្ទបរិស័ទខុសៗគ្នាទាំងនេះ ដូចជានៅក្នុងកម្មវិធីកុមារ កម្មវិធីយុវជន ព័ន្ធកិច្ចបុរស និងស្ត្រី ហើយនិងព័ន្ធកិច្ចទូទៅទៀតរបស់ក្រុមជំនុំក្នុងការអធិប្បាយ។ ការបង្រៀនកើតឡើងនៅកន្លែងមួយចំនួនក្នុងជីវិតរបស់ក្រុមជំនុំ ហើយមានតម្លៃក្នុងការពិនិត្យមើលពួកគាត់ម្តងម្នាក់ៗ។ តើការណែនាំនៅក្នុងចំណុចនីមួយៗមានលក្ខណៈស៊ីសង្វាក់គ្នាជាមួយនឹងភេទទាំងពីរ ឬក៏មានលក្ខណៈជំរុញខុសគ្នាពីព្រះគម្ពីរឬ?
បន្ថែមពីលើការបង្រៀន អ្នកដឹកនាំក្រុមជំនុំគួរតែធ្វើការបង្កើនឲ្យមានគំរូដ៏ល្អនៃភាពជាបុរស និងភាពជាស្ត្រីទៅដល់ហ្វូងចៀមតាមរយៈព្រះគម្ពីរ។ តើបុរសប្រភេទណាខ្លះដែលត្រូវបានទទួលស្គាល់ថា ជាពួកចាស់ទុំនៅក្នុងក្រុមជំនុំ? តើស្ត្រីណាខ្លះ ដែលត្រូវបានទទួលស្គាល់ជាសាធារណៈនៅក្នុងការអធិស្ឋាននៃការថែរក្សាក្រុមជំនុំ? តើបុរស និងស្ត្រីត្រូវបង្ហាញអ្វីនៅចំពោះមុខក្រុមយុវជននៅក្នុងក្រុមជំនុំ?
ជាញឹកញាប់ណាស់ ដែលការពិភាក្សាអំពីការបំពេញបន្ថែមនិយម បានជាប់គាំងនៅដែនបន្ទាត់នៃការពិភាក្សានីមួយៗ។ ឧទាហរណ៍ មនុស្សតែងតែជាប់គាំងចំពោះបញ្ហាដូចជា តើវាសមរម្យទេ សម្រាប់ស្ត្រីពេញវ័យ ដែលធ្វើការបង្រៀនបុរសជំទង់នៅថ្នាក់វិទ្យាល័យ។ ពួកគេបានចោទសួរថា តើខ្សែបន្ទាត់កំណត់នៅឯណា? ប៉ុន្តែ ការផ្ដោតទៅលើដែនបន្ទាត់នៃអ្វីដែលស្របតាមច្បាប់ គឺដូចជាគូស្នេហ៍មួយគូ ដែលកំពុងណាត់ជួបគ្នា ហើយបានសួរគ្នាទៅវិញទៅមកថា «តើយើងអាចធ្វើអ្វីឲ្យគ្នាបានខ្លះ ជាមួយរូបរាងកាយរបស់យើង? ការកាន់ដៃគ្នា?
ការផ្តល់ស្នាមថើបឲ្យគ្នា?»
មានកន្លែងសម្រាប់ការសួរជាសំណួរបែបនេះ ប៉ុន្តែអ្វីដែលត្រូវការជាដំបូង គឺការប្រាប់ពីភាពវិជ្ជមានអំពីរបៀបធ្វើការបង្កើនភាពជាបុរស និងភាពជាស្ត្រី ដោយយោងតាមព្រះគម្ពីរ ក្នុងចំណោមយុវជនជាបុរស និងយុវជនជាស្ត្រី នៅក្នុងក្រុមជំនុំ។គូស្នេហ៍ដែលណាត់ជួបគ្នានោះ គួរជំនួសឲ្យការសួរគ្នាថា «តើយើងអាចរួមរស់ជាមួយគ្នាយូរប៉ុណ្ណា?» ពួកគេគួរសួរបែបនេះវិញថា «តើយើងអាចបម្រើគ្នាទៅវិញទៅមក ហើយរៀបចំអ្នកដទៃឲ្យបានល្អបំផុត សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគាត់យ៉ាងដូចម្តេច?» ដូចគ្នាផងដែរ នៅក្នុងក្រុមជំនុំ យើងគួរសួរជាសំណួរថា «តើយើងអាចជួយស្ត្រីជំទង់នៅថ្នាក់វិទ្យាល័យទាំងនេះឲ្យក្លាយជាស្ត្រីពេញវ័យនៅក្នុងសេចក្តីជំនឿ ហើយជួយបុរសជំទង់នៅថ្នាក់វិទ្យាល័យទាំងនេះឲ្យក្លាយជាបុរសពេញវ័យក្នុងសេចក្តីជំនឿបានដោយរបៀបណា?»
ដូច្នេះ សូមព្យាយាមសួរសំណួរបែបនេះម្តងទៀត៖ តើវាមិនអីមែនទេ សម្រាប់ស្ត្រីពេញវ័យ ដែលធ្វើការបង្រៀនបុរសជំទង់នៅថ្នាក់វិទ្យាល័យ? និយាយឲ្យត្រង់ទៅ ខ្ញុំមិនប្រាកដថា វាស្របតាមច្បាប់ ឬអត់ ក្នុងការអនុញ្ញាតឲ្យស្ត្រីពេញវ័យធ្វើកិច្ចការនោះ ប៉ុន្តែខ្ញុំយល់ថា ខ្ញុំចង់ឲ្យបុរសជំទង់នៅថ្នាក់វិទ្យាល័យទាំងនោះ រៀនពីអត្ថន័យនៃភាពជាបុរស ដោយពួកគាត់ត្រូវមានគំនិតផ្ដួចផ្ដើម សម្រាប់កិច្ចការក្នុងក្រុមជំនុំ។ហើយខ្ញុំចង់ឲ្យស្ត្រីជំទង់នៅថ្នាក់វិទ្យាល័យរៀនពីអត្ថន័យនៃការស្រឡាញ់ ការបញ្ជាក់ និងការគាំទ្រចំពោះការដឹកនាំរបស់បុរសនៅក្នុងក្រុមជំនុំ។ ដូច្នេះ ខ្ញុំនឹងមានការប្រុងប្រយ័ត្ន អំពីគំរូ ដែលខ្ញុំធ្វើការបង្ហាញទៅដល់ពួកគេ។ ក្នុងស្ថានភាពភាគច្រើន ខ្ញុំនឹងឲ្យបុរសពេញវ័យក្នុងសេចក្តីជំនឿ ជាអ្នកស្រឡាញ់ព្រះគម្ពីរ ហើយមានគំនិតផ្តួចផ្តើមក្នុងការបង្រៀន ដើម្បីបង្រៀនសមាជិកក្រុមទាំងអស់ ហើយខណៈដែលមានស្ត្រីពេញវ័យក្នុងសេចក្តីជំនឿជាអ្នកគាំទ្រ និងជួយការងារព័ន្ធកិច្ចនោះ។
ការបំពេញបន្ថែមនិយម និងគោលដៅនៃភាពជាសិស្ស
ជាទូទៅ អ្នកបំពេញបន្ថែមឲ្យអ្នកដទៃមានសារៈសំខាន់ចំពោះភាពជាសិស្សនៃគ្រីស្ទបរិស័ទ ដោយព្រោះវាផ្តល់ឲ្យភាពជាសិស្សនោះនូវគោលដៅមួយដែលត្រូវធ្វើ។ ក្នុងនាមខ្ញុំជាបុរសម្នាក់ ខ្ញុំចង់ជួយបុរសផ្សេងទៀត ដែលខ្ញុំចំណាយពេលជាមួយនឹងការយល់ដឹងពីអត្ថន័យ ដើម្បីក្លាយជាអ្នកដឹកនាំ និងអ្នកផ្ដួចផ្ដើមគំនិត មានភាពក្លាហាន ជាអ្នកការពារ និងមានការលះបង់ ដើម្បីជួយអ្នកដែលទន់ខ្សោយជាងខ្ញុំ។ចំណែកឯប្រពន្ធខ្ញុំវិញ ដែលគាត់បានចំណាយពេលជាមួយនឹងការយល់ដឹងពីអត្ថន័យនៃការធ្វើជាអ្នកគាំទ្រ អ្នកជួយ អ្នកសម្របសម្រួល អ្នកប្រឹក្សាយោបល់ និងជាអ្នកស្តីបន្ទោស។ល។
ខ្ញុំចង់ជួយបុរសឲ្យមានការយល់ដឹងពីរបៀបធ្វើកិច្ចការនេះនៅក្នុងក្រុមជំនុំ នៅផ្ទះ និងកន្លែងផ្សេងទៀត ទៅតាមភាពសមរម្យដែលអាចធ្វើទៅបាន។ប្រពន្ធរបស់ខ្ញុំចង់ជួយស្ត្រីឲ្យមានការយល់ដឹងពីរបៀបធ្វើកិច្ចការនេះ នៅក្នុងក្រុមជំនុំ នៅផ្ទះ និងកន្លែងផ្សេងទៀត ទៅតាមភាពសមរម្យដែលអាចធ្វើទៅបាន។
យើងនឹងឆ្លើយសំណួរកាន់តែពិបាកនឹងសួរបន្តិចទៀតនេះ៖ តើភាពជាបុរស និងភាពជាស្ត្រីនៅក្នុងព្រះគម្ពីរមើលទៅមានលក្ខណៈដូចទៅនឹងដែនកំណត់ដទៃទៀតនៃជីវិតដែរ ឬទេ? ហើយតើយើងនឹងធ្វើអ្វី ដើម្បីបង្កើនគំរូទាំងនេះ ក្នុងនាមយើងជាសិស្ស?
ការបំពេញបន្ថែមនិយម និងដំណឹងល្អ
តើការសង្កត់ធ្ងន់ទៅលើភាពខុសគ្នាទាំងនេះ ពិតជាមានសារៈសំខាន់មែន ឬទេ? ពិតប្រាកដហើយ។ ព្រះបានតភ្ជាប់កិច្ចការទាំងអស់ទៅក្នុងការបង្កើតនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក ២។ ហេតុអ្វី? នោះ គ្រប់ទាំងរបស់ដែលជាស្នាព្រះហស្តនៃការបង្កើតទាំងអស់ នឹងមានរូបភាពនៃដំណឹងល្អ ហើយដែល សាវ័ក ប៉ុល ក្រោយមកបានមានប្រសាសន៍ថា ស្វាមី និងភរិយា ត្រូវបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេ ចំពោះគ្នាទៅវិញទៅមក (អេភេសូរ ៥)។ នៅពេលក្រុមជំនុំណាមួយមានគំរូនៃភាពជាបុរស និងភាពជាស្ត្រីតាមលក្ខណៈនៅក្នុងព្រះគម្ពីរ នោះវានឹងធ្វើឲ្យដំណឹងល្អកាន់តែមានភាពងាយស្រួលក្នុងការយល់។
បើគ្មានគំរូបែបដូច្នេះទេ ដំណឹងល្អ គឺពិតជាពិបាកក្នុងការពន្យល់ ហើយវាស្ទើរតែដូចជាអ្នកបកប្រែព្រះគម្ពីរម្នាក់ ដែលគាត់ចង់ធ្វើការពណ៌នាពន្យល់អំពី ព្រះយេស៊ូវថាជា «កូនចៀម» នៃព្រះ ទៅក្នុងវប្បធម៌នៃមនុស្សព្រៃម្នាក់ ដែលគាត់មិនធ្លាប់ឮអំពីកូនចៀម ឬយញ្ញបូជាអញ្ចឹងដែរ។ តើវាគួរឲ្យភ្ញាក់ផ្អើលទេដែលថា អារក្សដែលស្អប់ដំណឹងល្អចង់ធ្វើឲ្យបុរស និងស្ត្រីមានភាពដូចគ្នា ដោយធ្វើឲ្យរូបភាពមួយចំនួន មានសភាពមិនច្បាស់លាស់ ដើម្បីបង្ហាញពីដំណឹងល្អ?
លោកអ្នកអាចថែរក្សាសេចក្តីជំនឿរបស់លោកអ្នកទៅលើដំណឹងល្អ ដោយមិនគិតពីទស្សនៈនៃអ្នកបំពេញបន្ថែមនៃភាពជាសិស្ស ប៉ុន្តែទស្សនវិស័យរបស់លោកអ្នក អំពីភាពជាសិស្សនេះ នឹងធ្វើការប្រឆាំងជាមួយជំនឿដែលលោកអ្នកកំពុងតែមាន ហើយវាបង្ហាញថា មិនមែនជាជំនឿសមស្របនោះឡើយ។
កំណត់ចំណាំពីអ្នកកែសម្រួល៖ កំណែនៃអត្ថបទនេះត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងទស្សនាវដ្ដី នៅខែកក្កដា-សីហា ឆ្នាំ២០១០៖ ការគង្វាលស្ត្រី។
មតិយោបល់
Loading…