in

​លោក​អ្នក​ចាំបាច់​ត្រូវ​ស្គាល់​ព្រះ​យេស៊ូវ ដើម្បី​យល់​ព្រះ​គម្ពីរ៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី៥

សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ ​គឺ​ប្រៀប​ដូច​ជា​ព្រះ​អាទិត្យ​អញ្ចឹង។ ពេល​ថ្ងៃ ពន្លឺ​ពី​ព្រះ​អាទិត្យ​ច្បាស់​ណាស់ ចំពោះ​អ្នក​ដែល​អាច​មើល​បាន។ មិន​មែន​គ្រប់​គ្នា​សុទ្ធតែ​អាច​មើល​ឃើញ​ទេ ប៉ុន្តែ​ភ្នែក​ខ្វាក់​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​អាទិត្យ​ស្រអាប់​ពន្លឺ​បាន​នោះ​ទេ។ ដើម្បី​ឲ្យ​មនុស្ស​ខ្វាក់​អាច​មើល​ឃើញ ព្រះ​អាទិត្យ​មិន​ចាំបាច់​បញ្ចេញ​ពន្លឺ​ភ្លឺ​ជាង ឬ​ច្បាស់​ជាង​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​ឲ្យ​ភ្នែក​ភ្លឺ ដើម្បី​មើល​ឃើញ​នូវ​អ្វីៗ​ដែល​មាន​នៅ​ទី​នោះ​តាំង​ពី​យូរ​មក​ហើយ។

ដូច​គ្នា​នឹង​ព្រះ​អាទិត្យ ព្រះ​គម្ពីរ​ក៏​ដូច្នោះ​ដែរ។ ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​នៅ​ក្នុង​ព្រះ​គម្ពីរ​សម្រាប់​អ្នក​ណា​ដែល​មាន​ត្រចៀក​ស្តាប់​ឮ ពីព្រោះ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ។ ការ​ដែល​អ្នក​ខ្លះ​អះអាង​ថា ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​ភាព​ច្របូកច្របល់​នៃ​អាថ៌កំបាំង​ដែល​មិន​អាច​យល់​បាន គឺ​គ្រាន់​តែ​បង្ហាញ​អំពី​ភាព​រឹង​ចចេស​នៃ​ចិត្ត​របស់​ពួក​គេ​ប៉ុណ្ណោះ មិន​មែន​បង្ហាញ​អំពី​ភាព​មិន​ច្បាស់​លាស់​នៃ​អត្ថបទ​ព្រះ​គម្ពីរ​នោះ​ទេ។ ហើយ​ប្រសិន​បើ​ចិត្ត​រឹង​ចចេស​នោះ​នឹង​ទទួល​យក​សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដោយ​អំណរ នោះ​គ្មាន​អ្វី​ត្រូវ​ផ្លាស់​ប្ដូរ​អំពី​ព្រះ​បន្ទូល​នោះ​ទេ។ ពួក​គេ​ចាំបាច់​ទទួល​បាន​ភ្នែក​ដែល​មើល​ឃើញ​នូវ​អ្វី​ដែល​មាន​នៅ​ទីនោះ​តាំង​ពី​យូរ​មក​ហើយ។

ដូច្នេះ តើ​មនុស្ស​ខ្វាក់​អាច​មើល​ឃើញ​ពន្លឺ​ដ៏​ច្បាស់​នៃ​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​បាន​ដោយ​របៀប​ណា? «ជា​ពួក​អ្នក ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សម្តែង​ពី​សិរីល្អ​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ» (២កូរិនថូស ៤:៤)។ តើ​មនុស្ស​ខ្វាក់​អាច​មើល​ឃើញ​បាន​ដោយ​របៀប​ណា? តើ​នរណា​អាច​ឲ្យ​ពួក​គេ​មើល​ឃើញ​បាន?

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ជាង​នេះ។ តើ​អ្នក​មាន​សង្ឃឹម​ក្នុង​ការ​យល់​ព្រះ​គម្ពីរ​ដោយ​របៀប​ណា? ដោយ​ការ​ប្រឈម​មុខ​នឹង​ភាព​អនាធិបតេយ្យ​នៃ​ការ​កាត់​ស្រាយ ការ​ជជែក​ដេញដោល​ខាង​វេទសាស្ត្រ និង​ការ​ចំអក​ឥត​ឈប់​ឈរ​របស់​ពិភពលោក​ចំពោះ​ព្រះ​គម្ពីរ តើ​នរណា​ហ៊ាន​អូត​ថា ខ្លួន​បាន​យល់​អត្ថន័យ​ពិត​នៃ​ព្រះ​បន្ទូល​ដ៏​អស់​កល្ប​របស់​ព្រះ​ជាម្ចាស់​នោះ​បាន? នៅ​ក្រោម​ស្បៃ​ងងឹត​របស់​អារក្ស តើ​លោក​អ្នក​អាច​មើល​ឃើញ​ពន្លឺ​ដ៏​ច្បាស់​នៃ​ដំណឹងល្អ​ដោយ​របៀប​ណា?

ព្រះ​គ្រីស្ទ​គឺជា​ភាព​ច្បាស់​លាស់​របស់​យើង។ ព្រះ​រាជបុត្រា​នៃ​ព្រះ​បាន​បំភ្លឺ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត លោក​អ្នក​ចាំបាច់​ត្រូវ​ស្គាល់​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​យល់​ព្រះ​គម្ពីរ​បាន។

ព្រះ​យេស៊ូវ​ជា​ពន្លឺ
ពាក្យ​វេទសាស្ត្រ​ដែល​គេ​ប្រើ ដើម្បី​ពណ៌នា​អំពី​ការ​ដែល​ធ្វើ​ឲ្យ​ភ្នែក​ងងឹត​បាន​ភ្លឺ ដែល​ជា​ការ​ធ្វើ​ឲ្យ​ភ្នែក​ខ្វាក់​ខាង​ឯ​វិញ្ញាណ​បាន​ភ្លឺ​ឡើង គឺ​ការ​បំភ្លឺ (illumination)។ ហើយ​ជា​ធម្មតា យើង​គិត​ពី​ការ​បំភ្លឺ​ជា​កិច្ចការ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​វា​ពិត​ជា​កិច្ចការ​នៃ​ព្រះ​វិញ្ញាណបរិសុទ្ធ​មែន។ សាវ័ក ប៉ុល បាន​អធិស្ឋាន​សម្រាប់​ក្រុម​ជំនុំ​អេភេសូរ​ថា «សូម​ឲ្យ​ព្រះ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង គឺ​ជា​ព្រះ​វរបិតា​ដ៏​មាន​សិរីល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សម្តែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់ ដើម្បី​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​ឡើង» ( អេភេសូរ ១: ១៧-១៨)។ ចំពោះ​ក្រុម​ជំនុំ​កូរិនថូស សាវ័ក ប៉ុល ពន្យល់​ពី​ព័ន្ធកិច្ច​របស់​គាត់​ដោយ​លើក​ឡើង​ថា «ហើយ​យើង​ក៏​និយាយ​ពី​សេចក្ដី​ទាំង​នោះ​ឯង មិន​មែន​ដោយ​ពាក្យ​សម្ដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី ដែល​ព្រះ​វិញ្ញាណ​បង្រៀន​វិញ ព្រម​ទាំង​ផ្ទឹម​ពន្យល់​សេចក្ដី​ខាង​ឯ​វិញ្ញាណ ដោយ​សារ​សេចក្ដី​ខាង​ឯ​វិញ្ញាណ​ផង» (១កូរិនថូស ២:១៣)។ ព្រះ​វិញ្ញាណ​បំភ្លឺ​ភ្នែក​ងងឹត ដើម្បី​ឲ្យ​មើល​ឃើញ​សេចក្ដី​ខាង​ឯ​វិញ្ញាណ​បាន។

ប៉ុន្តែ ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់​ប្ដូរ​របស់​មនុស្ស​ក្នុង​ដំណើរ​ការ​នៃ​ការ​បំភ្លឺ​នោះ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​កម្មបទ​នៃ​ដំណើរ​ការ​នៃ​ការ​បំភ្លឺ​នោះ។ ព្រះ​អង្គ​ជា «ពន្លឺ​លោកីយ៍» (យ៉ូហាន ៨:១២)។ គឺ​នៅ​ក្នុង​ព្រះ​ភ័ក្ត្រ​របស់​ព្រះ​យេស៊ូវ ដែល​យើង​មើល​ឃើញ «រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី​ល្អ​របស់​ព្រះ» (២កូរិនថូស ៤:៦)។ ព្រះ​ទ្រង់​ជា​ពន្លឺ (១យ៉ូហាន ១:៥) ជា​អង្គ​បើក​សម្ដែង​ឲ្យ​ឃើញ​សេចក្ដី​ពិត ហើយ​ព្រះ​គ្រីស្ទ​ជា​អង្គ​ដែល​ធ្វើ​ឲ្យ​យើង​ស្គាល់​ទ្រង់​បាន (យ៉ូហាន ១:១៨)។

កាល​ព្រះ​អង្គ​គង់​នៅ​លើ​ផែនដី ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​បាន​ប្រោស​មនុស្ស​ខ្វាក់​ខាង​រូប​កាយ​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ​ថែម​ទាំង​ប្រោស​មនុស្ស​ខ្វាក់​ខាង​ឯ​វិញ្ញាណ​ផង​ដែរ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​លូកា​ជំពូក២៤ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​លេច​មក​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ឃើញ បន្ទាប់​ពី​ការ​រស់​ពី​សុគត​ឡើង​វិញ​របស់​ទ្រង់ ព្រះ​អង្គ​បាន​បំភ្លឺ​ពួក​គេ​ឲ្យ​អាន​គម្ពីរ​សញ្ញា​ចាស់​បាន​យ៉ាង​ត្រឹម​ត្រូវ។

«ក៏​មាន​បន្ទូល​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សំរេច​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យវិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក​ដំកើង​ផង នោះ​ទ្រង់​ក៏​បើក​បំភ្លឺ​សតិ​ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា គឺ​សេចក្ដី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ​គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះនាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូសាឡឹម​ទៅ»
(លូកា ២៤:៤៤-៤៧)

បន្ទាប់​ពី​ការ​យាង​ឡើង​វិញ​របស់​ទ្រង់ និង​ក្នុង​កំឡុង​ពេល​ចាក់​គ្រឹះ​នៃ​ក្រុម​ជំនុំ ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​បាន​បន្ត​បំភ្លឺ​ភ្នែក​ដែល​ងងឹត។ ដោយ​និយាយ​អំពី​នាង លីឌា ដែល​ជា​អ្នក​កោត​ខ្លាច​ព្រះ​នៅ​ក្រុង​ភីលីព លោក លូកា បាន​សរសេរ​ថា «ព្រះ​អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ» (កិច្ចការ ១៦:១៤)។ គឺ​ជា​ព្រះ​គ្រីស្ទ​ដែល​ពន្លឺ​របស់​ទ្រង់​បើក​ដួង​ចិត្ត ដើម្បី​បណ្ដាល​ឲ្យ​មនុស្ស​មាន​បាប​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ទទួល​ជឿ។

សាវ័ក ប៉ុល បាន​បន្ត​សរសេរ​ថា «ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ» (រ៉ូម ១០:១៧ គកស១៦) ។ «ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ» គឺ​ជា​ព្រះ​បន្ទូល​ដែល​ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល ជា​សារ​ដំណឹង​ល្អ​ដែល​អ្នក​នាំ​សារ​ដ៏​ស្មោះ​ត្រង់​បាន​និយាយ​ឲ្យ​ឮ​ដល់​ត្រចៀក ហើយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ​មាន​បន្ទូល​ទៅ​កាន់​ដួង​ចិត្ត។ បើ​គ្មាន​ព្រះ​បន្ទូល​ដែល​ព្រះ​គ្រីស្ទ​មាន​ព្រះ​បន្ទូល​ទេ នោះ​ក៏​គ្មាន​ជំនឿ​ដែរ។ ជំនឿ​ដែល​អាន ហើយ​ជឿ​ព្រះ​បន្ទូល​ដ៏​ច្បាស់​លាស់​របស់​ព្រះ​ជាម្ចាស់​ ត្រូវ​មាន​តាម​រយៈ​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​ជា​សំឡេង​របស់​ព្រះ​គ្រីស្ទ។

ដូច្នេះ ដើម្បី​អាច​អាន​ព្រះ​គម្ពីរ​ឲ្យ​បាន​ត្រឹម​ត្រូវ លោក​អ្នក​ត្រូវ​ស្គាល់​ព្រះ​គ្រីស្ទ។ គឺ​មាន​តែ​ព្រះ​គ្រីស្ទ​មួយ​អង្គ​គត់ ដែល​ប្រទាន​ភ្នែក​ខាង​ឯ​វិញ្ញាណ​ដល់​មនុស្ស​ខ្វាក់​ខាង​ឯ​វិញ្ញាណ​បាន។ ដោយ​និយាយ​អំពី​ជនជាតិ​យូដា​ដែល​ខ្វាក់​ខាង​ឯ​វិញ្ញាណ​សាវ័ក ប៉ុល បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បើ​គ្មាន​ព្រះ​គ្រីស្ទ «ចិត្ត​គេ​បាន​រឹង​ទទឹង​វិញ ដ្បិត​ដរាប​ដល់​ឥឡូវ​នេះ កាល​បើ​គេ​មើល​ក្នុង​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​ដដែល ឥត​បក​ចេញ​ឡើយ ដែល​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះ​គ្រីស្ទ» (២កូរិនថូស ៣:១៤)។ ប្រសិន​បើ​លោក​អ្នក​អាន​គម្ពីរ​សញ្ញា​ចាស់ ឬ​គម្ពីរ​សញ្ញា​ថ្មី​ដោយ​គ្មាន​ព្រះ​គ្រីស្ទ នោះ​មាន​ន័យ​ថា​លោក​អ្នក​មាន​ស្បៃ​មួយ​បាំង​មុខ​ហើយ។ មាន​តែ​ព្រះ​យេស៊ូវ​ទេ​ដែល​អាច​ដក​វា​ចេញ​បាន ហើយ​ប្រទាន​ឲ្យ​លោក​អ្នក​នូវ​ការ​យល់​ដឹង​អំពី​ព្រះ​បន្ទូល​របស់​ទ្រង់។

ព្រះ​គ្រីស្ទ​ធ្វើ​ឲ្យ​កាន់​តែ​ច្បាស់

តើ​ពន្លឺ​នៃ​ការ​បំភ្លឺ​របស់​ព្រះ​យេស៊ូវ ដែល​ប៉ះពាល់​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ចិត្ត​មនុស្ស បង្ហាញ​អ្វី​ដល់​យើង​ឲ្យ​ពិត​ប្រាកដ? តើ​មនុស្ស​ខ្វាក់​មើល​ឃើញ​អ្វី ពេល​ដែល​ព្រះ​យេស៊ូវ​ប្រោស​ពួក​គេ​ឲ្យ​ជា? តើ​មនុស្ស​ដែល​មាន​ភ្នែក​ភ្លឺ​មើល​ឃើញ​អ្វី​រាល់​ថ្ងៃ? ភ្នែក​ដែល​ដំណើរ​ការ​ល្អ​មើល​ឃើញ​ពិភព​លោក​ដែល​ពិត​ជា​នៅ​ទី​នោះ​ជុំ​វិញ​ពួក​គេ។ ពួក​គេ​មើល​ឃើញ​អ្វី​ដែល​ពិត។

ម្យ៉ាង​វិញ​ទៀត កិច្ចការ​នៃ​ការ​បំភ្លឺ​របស់​ព្រះ​គ្រីស្ទ​មិន​បាន​ផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ថ្មីៗ​ក្រៅ​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បើក​បង្ហាញ​នោះ​ទេ ប៉ុន្តែ​បង្ហាញ​យើង​នូវ​អ្វី​ដែល​ពិត​ជា​នៅ​ទី​នោះ ហើយ​តែង​តែ​មាន​យ៉ាង​ច្បាស់​នៅ​ក្នុង​អត្ថបទ​នៃ​ព្រះ​គម្ពីរ។ ដូច​ដែល​លោក ជេ.អាយ. ផាឃើរ (J. I. Packer) បាន​លើក​ឡើង​ថា «កិច្ចការ​នៃ​ព្រះ​វិញ្ញាណ​ក្នុង​ការ​ផ្ដល់​នូវ​ចំណេះ​ដឹង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «ការ​បំភ្លឺ» ឬ​ការ​ធ្វើ​ឲ្យ​ភ្លឺ។ វា​មិន​មែន​ជា​ការ​ផ្តល់​នូវ​ការ​បើក​សម្ដែង​ថ្មីៗ​នោះ​ទេ ប៉ុន្តែ​ជា​កិច្ចការ​នៅ​ខាង​ក្នុង​ខ្លួន​យើង​ដែល​អាច​ឲ្យ​យើង​យល់ និង​ស្រឡាញ់​ការ​បើក​សម្ដែង​ដែល​មាន​នៅ​ចំពោះ​មុខ​យើង​នៅ​ក្នុង​អត្ថ​បទ​ព្រះ​គម្ពីរ ដូច​ដែល​បាន​ស្ដាប់​ឮ និង​អាន ហើយ​ដូច​ដែល​បាន​ពន្យល់​ដោយ​គ្រូៗ និង​អ្នក​និពន្ធ​ជា​ច្រើន។

សូម​ពិចារណា​អំពី​ការ​អធិស្ឋាន​ដែល​បាន​លើក​ឡើង​ជា​ញឹក​ញាប់​អំពី​ការ​បំភ្លឺ​នៅ​កណ្ឌ​គម្ពីរ ទំនុកដំកើង ១១៩:១៨ ដែល​បាន​ចែង​ថា៖ «សូម​បំភ្លឺ​ភ្នែក​ទូល​បង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យ​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​ទ្រង់»។ អ្នក​និពន្ធ​ទំនុក​តម្កើង​នេះ​មិន​អធិស្ឋាន​សុំ «សំឡេង​តូចៗ​មួយ» សុបិន​តាម​ទំនាយ​មួយ ឬ​និមិត្ត​មួយ​មកពី​ស្ថានសួគ៌​នោះ​ទេ។ គាត់​អធិស្ឋាន​សូម​ឲ្យ​យល់​ពី​សេចក្ដី​ពិត​ដែល​មាន​នៅ​ក្នុង​គម្ពីរ ដើម្បី​មើល​ឃើញ​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​រួច​ហើយ ចេញ​ពី​ក្រឹត្យវិន័យ​របស់​ទ្រង់។

ឬ​សូម​គិត​អំពី​របៀប​ដែល​សាវ័ក ប៉ុល បាន​សរសេរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ២:១២ យ៉ាង​ដូច្នេះ​ថា៖ «ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ​វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះ​គុណ ដែល​ព្រះ​បាន​ផ្តល់​មក​យើង»។ ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​បំភ្លឺ​តាម​រយៈ​ព្រះ​វិញ្ញាណ​របស់​ទ្រង់? ព្រះ​វិញ្ញាណ​បំភ្លឺ​ភ្នែក​ងងឹត​ឲ្យ​យល់​ពី​អ្វី​ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​យើង ដោយ​សេរី​នូវ​អ្វី​ដែល «ព្រះ​ទ្រង់​បាន​សម្ដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយ​សារ​ព្រះ​វិញ្ញាណ​ទ្រង់» (១កូរិនថូស ២:១០)។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ព្រះ​អង្គ​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​អ្វី​ដែល​មាន​នៅ​ទី​នោះ​រួច​ហើយ យ៉ាង​ពិត​ប្រាកដ ជាក់​ស្ដែង យ៉ាង​ច្បាស់ និង​យ៉ាង​ប្រចក្ស តាម​រយៈ​ការ​បើក​សម្ដែង​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​គម្ពីរ។ មូល​ហេតុ​ដែល​យើង​មិន​យល់​សេចក្ដី​ពិត​ពី​មុន​មក មិន​មែន​ជា​ការ​បរាជ័យ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​មាន​បន្ទូល​មិន​ច្បាស់ ឬ​មាន​បន្ទូល​មិន​គ្រប់​គ្រាន់​នោះ​ទេ ប៉ុន្តែ​ជា​ភាព​បរាជ័យ​របស់​យើង​ក្នុង​ការ​មិន​មើល​ឃើញ​នូវ​អ្វី​ដែល​ច្បាស់​លាស់​នៅ​ទី​នោះ​ទៅ​វិញ​ទេ។

ដូច្នេះ ការ​បំភ្លឺ​មិន​មែន​ជា​ការ​បើក​សម្ដែង​នោះ​ទេ។ ពេល​ដែល​ព្រះ​យេស៊ូវ​បំភ្លឺ​ភ្នែក​ចិត្ត​របស់​យើង ទ្រង់​ធ្វើ​ឲ្យ​ឃើញ​ប្រចក្ស។ ការ​បំភ្លឺ​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​កាន់​តែ​ច្បាស់។ ព្រះ​គ្រីស្ទ​បើក​ពន្លឺ ដើម្បី​ឲ្យ​យើង​អាច​មើល​ឃើញ​សេចក្ដី​ពិត​នៃ​អ្វី​ដែល​ព្រះ​អង្គ​បាន និង​កំពុង​មាន​បន្ទូល​កន្លង​មក​ជា​បន្ត​បន្ទាប់។ នេះ​ជា​របៀប​ដែល​លោក ខាល អេហ្វ. អេច. ហិនរី (Carl F. H. Henry) បាន​លើក​ឡើង៖

«ការ​ដែល​ព្រះ​វិញ្ញាណ​បំភ្លឺ​សេចក្តី​ពិត គឺ​មិន​មែន​ដោយ​ការ​លាតត្រដាង​ខ្លឹម​សារ​ដ៏​អាថ៌កំបាំង​នៅ​ខាង​ក្នុង ដែល​បាន​លាក់​ទុក​នៅ​ពី​ក្រោយ​ការ​បើក​សម្ដែង​នោះ​ទេ…ប៉ុន្តែ​ដោយ​ផ្ដោត​លើ​សេចក្ដី​ពិត​នៃ​ការ​បើក​សម្ដែង​ដូច​ដែល​បាន​បើក​សម្ដែង​កន្លង​មក។ ព្រះ​វិញ្ញាណ​បំភ្លឺ និង​កាត់​ស្រាយ​ដោយ​ការ​និយាយ​ឡើង​វិញ​នូវ​អត្ថន័យ​តាម​វេយ្យាករណ៍​នៃ​ព្រះ​គម្ពីរ។ ក្នុង​ការ​ធ្វើ​ដូច្នេះ ព្រះ​អង្គ​មិន​អាច​កែ​ប្រែ ឬ​ពង្រីក​សេចក្តី​ពិត​នៃ​ការ​បើក​សម្ដែង​ឡើយ»។

ទាំង​អស់​នេះ​គឺ​មាន​ន័យ​ថា គោលលទ្ធិ​នៃ​ការ​បំភ្លឺ​មិន​ទាស់​ប្រឆាំង​នឹង​គោលលទ្ធិ​នៃ​ភាព​ច្បាស់​លាស់​នៃ​ព្រះ​គម្ពីរ​នោះ​ទេ ប៉ុន្តែ​គាំទ្រ​គោលលទ្ធិ​នេះ​ទៅ​វិញ​ទេ។ ព្រះ​យេស៊ូវ​បំភ្លឺ​ភ្នែក​យើង ដើម្បី​ឲ្យ​យើង​អាច​ឈប់​នាំ​សេចក្ដី​ងងឹត​របស់​យើង​មក​កាន់​អត្ថ​បទ​ព្រះ​គម្ពីរ​តទៅ​ទៀត ប៉ុន្តែ​ឲ្យ​មើល​ឃើញ​ពន្លឺ​នៃ​សេចក្ដី​ពិត​ចែង​ចាំង​ពាសពេញ​អត្ថ​បទ​ព្រះ​គម្ពីរ​នោះ​វិញ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​លោក​អ្នក​ចាំបាច់​ត្រូវ​ស្គាល់​ព្រះ​យេស៊ូវ ដើម្បី​យល់​ព្រះ​គម្ពីរ។

ជា​ធម្មតា ភាព​ចាំបាច់​នៃ​ការ​បំភ្លឺ​បង្ក​ឲ្យ​មាន​សំណួរ​មួយ​លើក​ឡើង​ថា៖ «តើ​អ្នក​មិន​ជឿ​អាច​យល់​ព្រះ​គម្ពីរ​បាន​ឬ​ទេ?» ចម្លើយ​គឺ «បាន! ប៉ុន្តែ​ក្នុង​កម្រិត​មួយ​រហូត​ទាល់​តែ​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ពន្លឺ​ដែល​មក​ពី​ព្រះ​របស់​ទ្រង់»។ ភាសា​គឺ​ជា​ព្រះ​គុណ​ទូទៅ ដូច្នេះ​តាម​រយៈ​វេយ្យាករណ៍ និង​ការ​ប្រើ​ប្រាស់​ពាក្យ​ក្នុង​ព្រះ​គម្ពីរ នោះ​អ្នក​មិន​ជឿ​នឹង​អាច​មាន​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន។ ប៉ុន្តែ ដូច​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង មនុស្ស​ខាង​សាច់​ឈាម​នឹង​មិន «ទទួល» សេចក្ដី​ខាង​ឯ​ព្រះ​នោះ​ទេ (១កូរិនថូស ២:១៤)។ គេ​បដិសេធ​ការ​សន្និដ្ឋាន ដូច្នេះ​តាម​មធ្យោបាយ​ណា​មួយ គេ​ក៏​ត្រូវ​តែ​បដិសេធ​សេចក្ដី​ថ្លែង​រួម​ដែរ។

ប្រសិន​បើ​លោក​អ្នក​មិន​អាន​ព្រះ​គម្ពីរ​ដោយ​មាន​គោល​ដៅ​ចុង​ក្រោយ​នៃ​ការ​មើល​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​ភ័ក្ត្រ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ នោះ​លោក​អ្នក​នឹង​មិន​យល់​ព្រះ​គម្ពីរ​បាន​ឡើយ។ យើង​ត្រូវ​មើល​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ តាម​រយៈ​អំណាច​បំភ្លឺ​របស់​ទ្រង់ ដើម្បី​កោត​សរសើរ​យ៉ាង​ពិត​ប្រាកដ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​បន្ទូល​ទ្រង់​មាន​លក្ខណៈ​យ៉ាង​ដូច្នេះ ហើយ​កោត​សរសើរ​អំពី​អ្វី​ដែល​ព្រះ​បន្ទូល​ទ្រង់​ធ្វើ។ បើ​គ្មាន​ការ​បំភ្លឺ​ទេ នោះ​ព្រះ​គម្ពីរ​គឺ​គ្រាន់​តែ​ជា​សៀវភៅ​សិក្សា​មួយ​ក្បាល​ដ៏​ល្អ​បំផុត​ប៉ុណ្ណោះ។ ជា​មួយ​នឹង​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ នោះ​ព្រះ​គម្ពីរ​គឺ​ជា​ទ្វារ​របស់​យើង​ទៅ​កាន់​ស្ថានសួគ៌។

យើង​ត្រូវ​ការ​ព្រះ​គ្រីស្ទ​បើក​ភ្លើង ដើម្បី​កុំ​ឲ្យ​យើង​អាន​ក្នុង​ទី​ងងឹត។ ដូច្នេះ សូម​ឲ្យ​ការ​អធិស្ឋាន​របស់​លោក​ស្ពើចិន (Spurgeon) ជា​ការ​អធិស្ឋាន​របស់​យើង​ផ្ទាល់​ដែរ៖ «ឱ​ព្រះ​អម្ចាស់​អើយ សូម​តម្កល់​ព្រះ​គម្ពីរ​សម្រាប់​កូន។ កូន​ចង់​បាន​គម្ពីរ​ដែល​មាន​ការ​ពន្យល់។ សូម​បំភ្លឺ​ព្រះ​គម្ពីរ បញ្ចេញ​ពន្លឺ​លើ​ព្រះ​គម្ពីរ ដ្បិត​កូន​មិន​អាច​អាន​ព្រះ​គម្ពីរ​ឲ្យ​មាន​ប្រយោជន៍​បាន​ទេ លុះ​ត្រា​តែ​ទ្រង់​បំភ្លឺ​មក​កាន់​កូន»។

អាន​បន្ថែម ផ្នែក​ទី១, ផ្នែក​ទី២, ផ្នែក​ទី៣, ផ្នែក​ទី៤, ផ្នែក​ទី៦

និពន្ធ​ដោយ៖ Dan Crabtree
បក​ប្រែ​ដោយ៖ ជឿន ជីវិចន្ធា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា,
លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ពុន ចន្ថា និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី thecripplegate.com ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?

ហេតុ​ផល៥​យ៉ាង​យើង​មិន​បង្កើត​សិស្ស (ភាគ៣)