សេចក្ដីពិតនៃព្រះគម្ពីរ គឺប្រៀបដូចជាព្រះអាទិត្យអញ្ចឹង។ ពេលថ្ងៃ ពន្លឺពីព្រះអាទិត្យច្បាស់ណាស់ ចំពោះអ្នកដែលអាចមើលបាន។ មិនមែនគ្រប់គ្នាសុទ្ធតែអាចមើលឃើញទេ ប៉ុន្តែភ្នែកខ្វាក់មិនអាចធ្វើឲ្យព្រះអាទិត្យស្រអាប់ពន្លឺបាននោះទេ។ ដើម្បីឲ្យមនុស្សខ្វាក់អាចមើលឃើញ ព្រះអាទិត្យមិនចាំបាច់បញ្ចេញពន្លឺភ្លឺជាង ឬច្បាស់ជាងនោះទេ ប៉ុន្តែពួកគេត្រូវការឲ្យភ្នែកភ្លឺ ដើម្បីមើលឃើញនូវអ្វីៗដែលមាននៅទីនោះតាំងពីយូរមកហើយ។
ដូចគ្នានឹងព្រះអាទិត្យ ព្រះគម្ពីរក៏ដូច្នោះដែរ។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរសម្រាប់អ្នកណាដែលមានត្រចៀកស្តាប់ឮ ពីព្រោះព្រះជាម្ចាស់ទ្រង់ល្អ។ ការដែលអ្នកខ្លះអះអាងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាភាពច្របូកច្របល់នៃអាថ៌កំបាំងដែលមិនអាចយល់បាន គឺគ្រាន់តែបង្ហាញអំពីភាពរឹងចចេសនៃចិត្តរបស់ពួកគេប៉ុណ្ណោះ មិនមែនបង្ហាញអំពីភាពមិនច្បាស់លាស់នៃអត្ថបទព្រះគម្ពីរនោះទេ។ ហើយប្រសិនបើចិត្តរឹងចចេសនោះនឹងទទួលយកសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអំណរ នោះគ្មានអ្វីត្រូវផ្លាស់ប្ដូរអំពីព្រះបន្ទូលនោះទេ។ ពួកគេចាំបាច់ទទួលបានភ្នែកដែលមើលឃើញនូវអ្វីដែលមាននៅទីនោះតាំងពីយូរមកហើយ។
ដូច្នេះ តើមនុស្សខ្វាក់អាចមើលឃើញពន្លឺដ៏ច្បាស់នៃសេចក្ដីពិតនៃព្រះគម្ពីរបានដោយរបៀបណា? «ជាពួកអ្នក ដែលព្រះរបស់លោកីយ៍នេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសម្តែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ» (២កូរិនថូស ៤:៤)។ តើមនុស្សខ្វាក់អាចមើលឃើញបានដោយរបៀបណា? តើនរណាអាចឲ្យពួកគេមើលឃើញបាន?
សូមអនុញ្ញាតឲ្យខ្ញុំលើកឡើងឲ្យកាន់តែមានលក្ខណៈផ្ទាល់ខ្លួនជាងនេះ។ តើអ្នកមានសង្ឃឹមក្នុងការយល់ព្រះគម្ពីរដោយរបៀបណា? ដោយការប្រឈមមុខនឹងភាពអនាធិបតេយ្យនៃការកាត់ស្រាយ ការជជែកដេញដោលខាងវេទសាស្ត្រ និងការចំអកឥតឈប់ឈររបស់ពិភពលោកចំពោះព្រះគម្ពីរ តើនរណាហ៊ានអូតថា ខ្លួនបានយល់អត្ថន័យពិតនៃព្រះបន្ទូលដ៏អស់កល្បរបស់ព្រះជាម្ចាស់នោះបាន? នៅក្រោមស្បៃងងឹតរបស់អារក្ស តើលោកអ្នកអាចមើលឃើញពន្លឺដ៏ច្បាស់នៃដំណឹងល្អដោយរបៀបណា?
ព្រះគ្រីស្ទគឺជាភាពច្បាស់លាស់របស់យើង។ ព្រះរាជបុត្រានៃព្រះបានបំភ្លឺព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើនិយាយម្យ៉ាងវិញទៀត លោកអ្នកចាំបាច់ត្រូវស្គាល់ព្រះយេស៊ូវ ដើម្បីឲ្យយល់ព្រះគម្ពីរបាន។
ព្រះយេស៊ូវជាពន្លឺ
ពាក្យវេទសាស្ត្រដែលគេប្រើ ដើម្បីពណ៌នាអំពីការដែលធ្វើឲ្យភ្នែកងងឹតបានភ្លឺ ដែលជាការធ្វើឲ្យភ្នែកខ្វាក់ខាងឯវិញ្ញាណបានភ្លឺឡើង គឺការបំភ្លឺ (illumination)។ ហើយជាធម្មតា យើងគិតពីការបំភ្លឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយវាពិតជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមែន។ សាវ័ក ប៉ុល បានអធិស្ឋានសម្រាប់ក្រុមជំនុំអេភេសូរថា «សូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសម្តែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់ ដើម្បីឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នា បានភ្លឺឡើង» ( អេភេសូរ ១: ១៧-១៨)។ ចំពោះក្រុមជំនុំកូរិនថូស សាវ័ក ប៉ុល ពន្យល់ពីព័ន្ធកិច្ចរបស់គាត់ដោយលើកឡើងថា «ហើយយើងក៏និយាយពីសេចក្ដីទាំងនោះឯង មិនមែនដោយពាក្យសម្ដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសម្ដី ដែលព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្ដីខាងឯវិញ្ញាណ ដោយសារសេចក្ដីខាងឯវិញ្ញាណផង» (១កូរិនថូស ២:១៣)។ ព្រះវិញ្ញាណបំភ្លឺភ្នែកងងឹត ដើម្បីឲ្យមើលឃើញសេចក្ដីខាងឯវិញ្ញាណបាន។
ប៉ុន្តែ ខណៈពេលដែលព្រះវិញ្ញាណនៃព្រះជាភ្នាក់ងារនៃការផ្លាស់ប្ដូររបស់មនុស្សក្នុងដំណើរការនៃការបំភ្លឺនោះ ព្រះយេស៊ូវគ្រីស្ទគឺជាកម្មបទនៃដំណើរការនៃការបំភ្លឺនោះ។ ព្រះអង្គជា «ពន្លឺលោកីយ៍» (យ៉ូហាន ៨:១២)។ គឺនៅក្នុងព្រះភ័ក្ត្ររបស់ព្រះយេស៊ូវ ដែលយើងមើលឃើញ «រស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ» (២កូរិនថូស ៤:៦)។ ព្រះទ្រង់ជាពន្លឺ (១យ៉ូហាន ១:៥) ជាអង្គបើកសម្ដែងឲ្យឃើញសេចក្ដីពិត ហើយព្រះគ្រីស្ទជាអង្គដែលធ្វើឲ្យយើងស្គាល់ទ្រង់បាន (យ៉ូហាន ១:១៨)។
កាលព្រះអង្គគង់នៅលើផែនដី ព្រះយេស៊ូវមិនគ្រាន់តែបានប្រោសមនុស្សខ្វាក់ខាងរូបកាយប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងប្រោសមនុស្សខ្វាក់ខាងឯវិញ្ញាណផងដែរ។ នៅក្នុងកណ្ឌគម្ពីរលូកាជំពូក២៤ នៅពេលដែលព្រះយេស៊ូវបានលេចមកឲ្យពួកសិស្សរបស់ទ្រង់ឃើញ បន្ទាប់ពីការរស់ពីសុគតឡើងវិញរបស់ទ្រង់ ព្រះអង្គបានបំភ្លឺពួកគេឲ្យអានគម្ពីរសញ្ញាចាស់បានយ៉ាងត្រឹមត្រូវ។
«ក៏មានបន្ទូលថា នេះហើយជាសេចក្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្ដីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ទ្រង់មានបន្ទូលទៅគេថា គឺសេចក្ដីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត នឹងសេចក្ដីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡឹមទៅ»
(លូកា ២៤:៤៤-៤៧)
បន្ទាប់ពីការយាងឡើងវិញរបស់ទ្រង់ និងក្នុងកំឡុងពេលចាក់គ្រឹះនៃក្រុមជំនុំ ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់បានបន្តបំភ្លឺភ្នែកដែលងងឹត។ ដោយនិយាយអំពីនាង លីឌា ដែលជាអ្នកកោតខ្លាចព្រះនៅក្រុងភីលីព លោក លូកា បានសរសេរថា «ព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្ដី ដែលប៉ុលអធិប្បាយ» (កិច្ចការ ១៦:១៤)។ គឺជាព្រះគ្រីស្ទដែលពន្លឺរបស់ទ្រង់បើកដួងចិត្ត ដើម្បីបណ្ដាលឲ្យមនុស្សមានបាបយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ទ្រង់ ហើយទទួលជឿ។
សាវ័ក ប៉ុល បានបន្តសរសេរថា «ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ» (រ៉ូម ១០:១៧ គកស១៦) ។ «ព្រះបន្ទូលរបស់ព្រះគ្រីស្ទ» គឺជាព្រះបន្ទូលដែលព្រះគ្រីស្ទបានមានបន្ទូល ជាសារដំណឹងល្អដែលអ្នកនាំសារដ៏ស្មោះត្រង់បាននិយាយឲ្យឮដល់ត្រចៀក ហើយព្រះវិញ្ញាណនៃព្រះគ្រីស្ទមានបន្ទូលទៅកាន់ដួងចិត្ត។ បើគ្មានព្រះបន្ទូលដែលព្រះគ្រីស្ទមានព្រះបន្ទូលទេ នោះក៏គ្មានជំនឿដែរ។ ជំនឿដែលអាន ហើយជឿព្រះបន្ទូលដ៏ច្បាស់លាស់របស់ព្រះជាម្ចាស់ ត្រូវមានតាមរយៈព្រះបន្ទូលនៃព្រះ ដែលជាសំឡេងរបស់ព្រះគ្រីស្ទ។
ដូច្នេះ ដើម្បីអាចអានព្រះគម្ពីរឲ្យបានត្រឹមត្រូវ លោកអ្នកត្រូវស្គាល់ព្រះគ្រីស្ទ។ គឺមានតែព្រះគ្រីស្ទមួយអង្គគត់ ដែលប្រទានភ្នែកខាងឯវិញ្ញាណដល់មនុស្សខ្វាក់ខាងឯវិញ្ញាណបាន។ ដោយនិយាយអំពីជនជាតិយូដាដែលខ្វាក់ខាងឯវិញ្ញាណសាវ័ក ប៉ុល បានបញ្ជាក់យ៉ាងច្បាស់ថា បើគ្មានព្រះគ្រីស្ទ «ចិត្តគេបានរឹងទទឹងវិញ ដ្បិតដរាបដល់ឥឡូវនេះ កាលបើគេមើលក្នុងសញ្ញាចាស់ នោះនៅតែមានស្បៃដដែល ឥតបកចេញឡើយ ដែលស្បៃនោះត្រូវតែសូន្យបាត់ទៅ ក្នុងព្រះគ្រីស្ទ» (២កូរិនថូស ៣:១៤)។ ប្រសិនបើលោកអ្នកអានគម្ពីរសញ្ញាចាស់ ឬគម្ពីរសញ្ញាថ្មីដោយគ្មានព្រះគ្រីស្ទ នោះមានន័យថាលោកអ្នកមានស្បៃមួយបាំងមុខហើយ។ មានតែព្រះយេស៊ូវទេដែលអាចដកវាចេញបាន ហើយប្រទានឲ្យលោកអ្នកនូវការយល់ដឹងអំពីព្រះបន្ទូលរបស់ទ្រង់។
ព្រះគ្រីស្ទធ្វើឲ្យកាន់តែច្បាស់
តើពន្លឺនៃការបំភ្លឺរបស់ព្រះយេស៊ូវ ដែលប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តមនុស្ស បង្ហាញអ្វីដល់យើងឲ្យពិតប្រាកដ? តើមនុស្សខ្វាក់មើលឃើញអ្វី ពេលដែលព្រះយេស៊ូវប្រោសពួកគេឲ្យជា? តើមនុស្សដែលមានភ្នែកភ្លឺមើលឃើញអ្វីរាល់ថ្ងៃ? ភ្នែកដែលដំណើរការល្អមើលឃើញពិភពលោកដែលពិតជានៅទីនោះជុំវិញពួកគេ។ ពួកគេមើលឃើញអ្វីដែលពិត។
ម្យ៉ាងវិញទៀត កិច្ចការនៃការបំភ្លឺរបស់ព្រះគ្រីស្ទមិនបានផ្តល់ឲ្យយើងនូវព័ត៌មានថ្មីៗក្រៅពីអ្វីដែលព្រះគម្ពីរបានបើកបង្ហាញនោះទេ ប៉ុន្តែបង្ហាញយើងនូវអ្វីដែលពិតជានៅទីនោះ ហើយតែងតែមានយ៉ាងច្បាស់នៅក្នុងអត្ថបទនៃព្រះគម្ពីរ។ ដូចដែលលោក ជេ.អាយ. ផាឃើរ (J. I. Packer) បានលើកឡើងថា «កិច្ចការនៃព្រះវិញ្ញាណក្នុងការផ្ដល់នូវចំណេះដឹងនេះត្រូវបានគេហៅថា «ការបំភ្លឺ» ឬការធ្វើឲ្យភ្លឺ។ វាមិនមែនជាការផ្តល់នូវការបើកសម្ដែងថ្មីៗនោះទេ ប៉ុន្តែជាកិច្ចការនៅខាងក្នុងខ្លួនយើងដែលអាចឲ្យយើងយល់ និងស្រឡាញ់ការបើកសម្ដែងដែលមាននៅចំពោះមុខយើងនៅក្នុងអត្ថបទព្រះគម្ពីរ ដូចដែលបានស្ដាប់ឮ និងអាន ហើយដូចដែលបានពន្យល់ដោយគ្រូៗ និងអ្នកនិពន្ធជាច្រើន។
សូមពិចារណាអំពីការអធិស្ឋានដែលបានលើកឡើងជាញឹកញាប់អំពីការបំភ្លឺនៅកណ្ឌគម្ពីរ ទំនុកដំកើង ១១៩:១៨ ដែលបានចែងថា៖ «សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យនៅក្នុងក្រឹត្យវិន័យរបស់ទ្រង់»។ អ្នកនិពន្ធទំនុកតម្កើងនេះមិនអធិស្ឋានសុំ «សំឡេងតូចៗមួយ» សុបិនតាមទំនាយមួយ ឬនិមិត្តមួយមកពីស្ថានសួគ៌នោះទេ។ គាត់អធិស្ឋានសូមឲ្យយល់ពីសេចក្ដីពិតដែលមាននៅក្នុងគម្ពីរ ដើម្បីមើលឃើញនូវអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលរួចហើយ ចេញពីក្រឹត្យវិន័យរបស់ទ្រង់។
ឬសូមគិតអំពីរបៀបដែលសាវ័ក ប៉ុល បានសរសេរនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ២:១២ យ៉ាងដូច្នេះថា៖ «ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្តល់មកយើង»។ ហេតុអ្វីបានជាព្រះជាម្ចាស់បំភ្លឺតាមរយៈព្រះវិញ្ញាណរបស់ទ្រង់? ព្រះវិញ្ញាណបំភ្លឺភ្នែកងងឹតឲ្យយល់ពីអ្វីដែលព្រះអង្គបានប្រទានមកយើង ដោយសេរីនូវអ្វីដែល «ព្រះទ្រង់បានសម្ដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់» (១កូរិនថូស ២:១០)។ បើនិយាយម្យ៉ាងវិញទៀត ព្រះអង្គបង្ហាញឲ្យយើងឃើញនូវអ្វីដែលមាននៅទីនោះរួចហើយ យ៉ាងពិតប្រាកដ ជាក់ស្ដែង យ៉ាងច្បាស់ និងយ៉ាងប្រចក្ស តាមរយៈការបើកសម្ដែងរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរ។ មូលហេតុដែលយើងមិនយល់សេចក្ដីពិតពីមុនមក មិនមែនជាការបរាជ័យរបស់ព្រះជាម្ចាស់ក្នុងការមានបន្ទូលមិនច្បាស់ ឬមានបន្ទូលមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែជាភាពបរាជ័យរបស់យើងក្នុងការមិនមើលឃើញនូវអ្វីដែលច្បាស់លាស់នៅទីនោះទៅវិញទេ។
ដូច្នេះ ការបំភ្លឺមិនមែនជាការបើកសម្ដែងនោះទេ។ ពេលដែលព្រះយេស៊ូវបំភ្លឺភ្នែកចិត្តរបស់យើង ទ្រង់ធ្វើឲ្យឃើញប្រចក្ស។ ការបំភ្លឺធ្វើឲ្យយើងមើលឃើញកាន់តែច្បាស់។ ព្រះគ្រីស្ទបើកពន្លឺ ដើម្បីឲ្យយើងអាចមើលឃើញសេចក្ដីពិតនៃអ្វីដែលព្រះអង្គបាន និងកំពុងមានបន្ទូលកន្លងមកជាបន្តបន្ទាប់។ នេះជារបៀបដែលលោក ខាល អេហ្វ. អេច. ហិនរី (Carl F. H. Henry) បានលើកឡើង៖
«ការដែលព្រះវិញ្ញាណបំភ្លឺសេចក្តីពិត គឺមិនមែនដោយការលាតត្រដាងខ្លឹមសារដ៏អាថ៌កំបាំងនៅខាងក្នុង ដែលបានលាក់ទុកនៅពីក្រោយការបើកសម្ដែងនោះទេ…ប៉ុន្តែដោយផ្ដោតលើសេចក្ដីពិតនៃការបើកសម្ដែងដូចដែលបានបើកសម្ដែងកន្លងមក។ ព្រះវិញ្ញាណបំភ្លឺ និងកាត់ស្រាយដោយការនិយាយឡើងវិញនូវអត្ថន័យតាមវេយ្យាករណ៍នៃព្រះគម្ពីរ។ ក្នុងការធ្វើដូច្នេះ ព្រះអង្គមិនអាចកែប្រែ ឬពង្រីកសេចក្តីពិតនៃការបើកសម្ដែងឡើយ»។
ទាំងអស់នេះគឺមានន័យថា គោលលទ្ធិនៃការបំភ្លឺមិនទាស់ប្រឆាំងនឹងគោលលទ្ធិនៃភាពច្បាស់លាស់នៃព្រះគម្ពីរនោះទេ ប៉ុន្តែគាំទ្រគោលលទ្ធិនេះទៅវិញទេ។ ព្រះយេស៊ូវបំភ្លឺភ្នែកយើង ដើម្បីឲ្យយើងអាចឈប់នាំសេចក្ដីងងឹតរបស់យើងមកកាន់អត្ថបទព្រះគម្ពីរតទៅទៀត ប៉ុន្តែឲ្យមើលឃើញពន្លឺនៃសេចក្ដីពិតចែងចាំងពាសពេញអត្ថបទព្រះគម្ពីរនោះវិញ។ នេះហើយជាមូលហេតុដែលលោកអ្នកចាំបាច់ត្រូវស្គាល់ព្រះយេស៊ូវ ដើម្បីយល់ព្រះគម្ពីរ។
ជាធម្មតា ភាពចាំបាច់នៃការបំភ្លឺបង្កឲ្យមានសំណួរមួយលើកឡើងថា៖ «តើអ្នកមិនជឿអាចយល់ព្រះគម្ពីរបានឬទេ?» ចម្លើយគឺ «បាន! ប៉ុន្តែក្នុងកម្រិតមួយរហូតទាល់តែព្រះគ្រីស្ទបានប្រទានពន្លឺដែលមកពីព្រះរបស់ទ្រង់»។ ភាសាគឺជាព្រះគុណទូទៅ ដូច្នេះតាមរយៈវេយ្យាករណ៍ និងការប្រើប្រាស់ពាក្យក្នុងព្រះគម្ពីរ នោះអ្នកមិនជឿនឹងអាចមានសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ ប៉ុន្តែ ដូចដែលសាវ័ក ប៉ុល បានលើកឡើង មនុស្សខាងសាច់ឈាមនឹងមិន «ទទួល» សេចក្ដីខាងឯព្រះនោះទេ (១កូរិនថូស ២:១៤)។ គេបដិសេធការសន្និដ្ឋាន ដូច្នេះតាមមធ្យោបាយណាមួយ គេក៏ត្រូវតែបដិសេធសេចក្ដីថ្លែងរួមដែរ។
ប្រសិនបើលោកអ្នកមិនអានព្រះគម្ពីរដោយមានគោលដៅចុងក្រោយនៃការមើលឃើញសិរីល្អនៃព្រះជាម្ចាស់នៅក្នុងព្រះភ័ក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទទេ នោះលោកអ្នកនឹងមិនយល់ព្រះគម្ពីរបានឡើយ។ យើងត្រូវមើលសិរីល្អរបស់ព្រះគ្រីស្ទ តាមរយៈអំណាចបំភ្លឺរបស់ទ្រង់ ដើម្បីកោតសរសើរយ៉ាងពិតប្រាកដថា ហេតុអ្វីបានជាព្រះបន្ទូលទ្រង់មានលក្ខណៈយ៉ាងដូច្នេះ ហើយកោតសរសើរអំពីអ្វីដែលព្រះបន្ទូលទ្រង់ធ្វើ។ បើគ្មានការបំភ្លឺទេ នោះព្រះគម្ពីរគឺគ្រាន់តែជាសៀវភៅសិក្សាមួយក្បាលដ៏ល្អបំផុតប៉ុណ្ណោះ។ ជាមួយនឹងពន្លឺនៃព្រះគ្រីស្ទ នោះព្រះគម្ពីរគឺជាទ្វាររបស់យើងទៅកាន់ស្ថានសួគ៌។
យើងត្រូវការព្រះគ្រីស្ទបើកភ្លើង ដើម្បីកុំឲ្យយើងអានក្នុងទីងងឹត។ ដូច្នេះ សូមឲ្យការអធិស្ឋានរបស់លោកស្ពើចិន (Spurgeon) ជាការអធិស្ឋានរបស់យើងផ្ទាល់ដែរ៖ «ឱព្រះអម្ចាស់អើយ សូមតម្កល់ព្រះគម្ពីរសម្រាប់កូន។ កូនចង់បានគម្ពីរដែលមានការពន្យល់។ សូមបំភ្លឺព្រះគម្ពីរ បញ្ចេញពន្លឺលើព្រះគម្ពីរ ដ្បិតកូនមិនអាចអានព្រះគម្ពីរឲ្យមានប្រយោជន៍បានទេ លុះត្រាតែទ្រង់បំភ្លឺមកកាន់កូន»។
អានបន្ថែម ផ្នែកទី១, ផ្នែកទី២, ផ្នែកទី៣, ផ្នែកទី៤, ផ្នែកទី៦។
មតិយោបល់
Loading…