ទេវវិទូនៃសាស្ត្រយូដាមួយចំនួនបានលើកឡើងថា នៅពេលព្រឹកមនុស្សប្រុសដែលជាសាសន៍យូដាតែងតែអធិស្ឋានអរព្រះគុណព្រះអង្គថា «ទូលបង្គំអរព្រះគុណព្រះអង្គដែលទូលបង្គំមិនបានកើតមកជាមនុស្សស្រី និងជាសាស្ត្រដទៃ»។
ប៉ុន្តែ តើបងប្អូនធ្លាប់ងឿងឆ្ងល់ទេថា ហេតុអ្វីបានជាសាវ័ក ម៉ាថាយ (១:១-១៧) បានសរសេរបញ្ចូលឈ្មោះស្ត្រីប្រាំនាក់នៅក្នុងបញ្ជីពង្សាវតាររបស់ព្រះយេស៊ូវដែរឬទេ? គាត់បានធ្វើបែបនោះ ដើម្បីបង្ហាញថា ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ ដោយប្រើប្រាស់មនុស្សគ្រប់គ្នា ក្នុងគ្រប់កាលៈទេសៈ។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ?
នៅក្នុងសម័យបុរាណ ការរាយឈ្មោះស្ត្រីក្នុងបញ្ជីពង្សាវតារគឺមិនត្រឹមតែជារឿងមិនធម្មតាប៉ុណ្ណោះនោះទេ។ ប៉ុន្តែតាមការសង្កេតមើលក្នុងបញ្ជីមួយនេះ យើងឃើញថាស្ត្រី៥នាក់ បើមើលទៅពួកគាត់សុទ្ធតែជាមនុស្សដែលមានប្រវត្តិមិនល្អ លើកលែងនាង ម៉ារា។ តើស្ត្រីទាំងប្រាំនាក់នេះនឹងបង្រៀនយើងអ្វីខ្លះ?
១. នាង តាម៉ារ
ក្នុងខ៣ យើងឃើញអំពីនាង តាម៉ារ (ខ៣ «យូដាយកនាងតាម៉ារ បង្កើតបានពេរេស និងសេរ៉ាស…») ហើយក្នុងកណ្ឌគម្ពីរលោកុប្បត្ដិជំពូក៣៨ យើងអាចអានអំពីដំណើររឿងនៃជីវិតរបស់នាងយ៉ាងលម្អិតថែមទៀតបាន។ តែបើយើងនិយាយសង្ខេបទៅយើងឃើញថាលោក យូដា មិនបានឲ្យកូនប្រុសគាត់ឈ្មោះ សេឡា ទៅកាន់នាង តាម៉ារ បន្ទាប់ពីព្រះបានប្រហារលោក អ៊ើរ និងលោក អូណាន់៖ «…ជាមនុស្សកាចអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ប្រហារគាត់ទៅ» (លោកុប្បត្ដិ ៣៨:៧)។
ក្រោយមក ខណៈពេលដែលនាង តាម៉ារ បានឮដំណឹងថា ឪពុកក្មេករបស់គាត់កំពុងធ្វើដំណើរទៅកាត់រោមចៀម នាងក៏បានដោះសំលៀកបំពាក់កាន់ទុក្ខចេញ «រួចក៏យកស្បៃមកគ្រលុំខ្លួនបាំងមុខ ទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែមតាមផ្លូវទៅឯធីមណា» (លោកុប្បត្ដិ ៣៨:១៤)។ ហើយកាលលោក យូដា ឃើញនាង លោកក៏ស្មានថា នាងជាស្រីសំផឹង ដូច្នេះលោកក៏សុំដេកជាមួយនាងភ្លាម ហើយចេញពីការនោះ នាងក៏មានផ្ទៃពោះ បានបង្កើតកូនភ្លោះប្រុសពីរនាក់ ដាក់ឈ្មោះថា ពេរេស និងសេរ៉ាស។
យើងឃើញថា ព្រះជាម្ចាស់នៅតែធ្វើការ ហើយប្រើប្រាស់ដំណើររឿងមួយនេះ ដើម្បីសម្រេចគោលបំណងរបស់ទ្រង់ ទោះបើមានការបោកបញ្ឆោតគ្នាទៅវិញទៅមក និងការកុហកគ្នាក៏ដោយ។ ព្រះអង្គនៅតែបន្តគ្រប់គ្រងដោយប្រើប្រាស់គាត់ ដើម្បីឲ្យព្រះយេស៊ូវបានប្រសូត។
២. នាង រ៉ាហាប
ស្ត្រីទី២ដែលយើងឃើញនៅក្នុងបញ្ជីពង្សាវតាររបស់ព្រះយេស៊ូវគឺនាង រ៉ាហាប (ក្នុងខ៥ «សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូស…»)។ យោងតាមកណ្ឌគម្ពីរយ៉ូស្វេជំពូក២ និង៦ យើងឃើញថានាង រ៉ាហាប គឺជាស្រីសំផឹងម្នាក់ដែរ តាមមុខរបរ (ការរកស៊ីរបស់គាត់គឺលក់ខ្លួន) ប៉ុន្តែ ព្រះអង្គនៅតែមិនរារាំងកាលៈទេសៈនោះ ក្នុងការប្រើប្រាស់នាងជា ជីដូនរបស់ព្រះយេស៊ូវដែរ។
៣. នាង រស់
ក្នុងខ៥ដដែលនៃជំពូក១ យើងឃើញឈ្មោះនាង រស់ («…បូអូសយកនាងរស់ បង្កើតបានអូបិឌ…»)។ នាង រស់ កើតចេញពីពូជសាសន៍ម៉ូអាប់។ កណ្ឌគម្ពីរលោកុប្បត្ដិជំពូក១៩បានរៀបរាប់អំពីប្រវត្តិនៃដើមចមនៃជាតិសាសន៍ម៉ូអាប់ ដែលកើតមកតាម រយៈកូនស្រីលោក ឡុត ដែលបានបង្អកស្រាឪពុកខ្លួន រហូតដល់ស្រវឹង ហើយក៏បានរួមដំណេកជាមួយនឹងគាត់ ហើយក៏មានកូនដែលជាជាតិសាសន៍ម៉ូអាប់មក។
យោងតាមកណ្ឌគម្ពីរ ចោទិយកថា ២៣:៣ សាសន៍ម៉ូអាប់មិនអាចចូលព្រះវិហារបានរហូតដល់១០ដំណក្រោយមក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែរាប់បញ្ចូលទាំងសាសន៍បែបនេះចូលក្នុងពង្សាវតាររបស់ព្រះរាជបុត្រាទ្រង់ដែរ។ បងប្អូន យើងទាំងអស់គ្នាក៏មិនមែនកើតពីសាសន៍យូដាដែរ ប៉ុន្តែព្រះអង្គនៅតែជ្រើសរើសរាប់យើងបញ្ចូលក្នុងគ្រួសារទ្រង់។
៤. «ប្រពន្ធរបស់អ៊ូរី»
ហើយចំណែកឯ «ប្រពន្ធរបស់អ៊ូរី» ក្នុងខ៦ ស្ដេច ដាវីឌ បានយកនាងក៏បង្កើតបានលោក សាឡូម៉ូន។ ជាជាងប្រើឈ្មោះនាង បាតសេបា សាវ័ក ម៉ាថាយ បានប្រើឃ្លា «ប្រពន្ធរបស់អ៊ូរី» ដើម្បីសបញ្ជាក់ដោយបើកអាក្រាតអំពីភាពធ្ងន់ធ្ងរនៃអំពើបាបដ៏គួរឲ្យស្អប់ខ្ពើមរបស់ស្ដេច ដាវីឌ ដែលជាដំបូងទ្រង់បានប្រព្រឹត្តអំពើផិតក្បត់ដោយយកប្រពន្ធរបស់អ្នកដទៃ ហើយក៏បានធ្វើជាតួសម្លាប់ប្ដីរបស់ស្ត្រីនោះផងដែរ។
បើយើងនិយាយឲ្យខ្លីទៅ ស្ត្រីទាំងនោះហាក់បីដូចជាសុទ្ធតែមានរឿងអាស្រូវខាងឯផ្លូវភេទ ដែលរួមទាំងនាង ម៉ារា ដែលមានកូនក្នុងផ្ទៃ ខណៈពេលដែលទើបតែភ្ជាប់ពាក្យនៅឡើយ។
៥. នាង ម៉ារា
ប៉ុន្តែ យើងដឹងហើយថានាង ម៉ារា បានមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណបរិសុទ្ធបានចាប់បដិសន្ធិលើនាង។ យោងតាមខ១៦ យើងឃើញថានាង ម៉ារា មិនមានរឿងអាស្រូវខាងឯផ្លូវភេទទេ ពីព្រោះសាវ័ក ម៉ាថាយ បានពណ៌នាអំពីលោក យ៉ូសែប ថា៖ «ជាប្ដីនាង ម៉ារា» ជាជាងថាជាឪពុករបស់ព្រះយេស៊ូវ ឬក៏ថាតាមរយៈគាត់ នោះនាង ម៉ារា បានបង្កើតព្រះយេស៊ូវនោះឡើយ។
តាមពិតទៅកិរិយាសព្ទដែលសាវ័ក ម៉ាថាយ បានប្រើប្រាស់គឺជាកិរិយាសព្ទអសកម្ម ទាក់ទងលើពាក្យ «បង្កើត» ដែលនេះមានន័យថាលោក យ៉ូសែប គ្មានចំណែកក្នុងការបង្កបង្កើតព្រះយេស៊ូវក្នុងផ្ទៃនាង ម៉ារា ទេ។
លើសពីនោះទៅទៀតកណ្ឌគម្ពីរ ម៉ាថាយ ១:២៥ ក៏បានចែងថាលោក យ៉ូសែប «…មិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចម្បងមក» សិន។ ដូចដែលមានរៀបរាប់នៅខាងលើ ស្ត្រីទាំងអស់នោះសុទ្ធតែមានរឿងអាស្រូវ ហើយពោរពេញទៅដោយអំពើបាប ឬក៏ថាជីដូនជីតារបស់ពួកគាត់សុទ្ធតែមានប្រវត្តិអតីត ជាអ្នកដែលប្រព្រឹត្តអំពើបាបយ៉ាងខ្លាំងក្លា ប៉ុន្តែ ទោះជាយ៉ាងណាក៏ព្រះជាម្ចាស់នៅតែជ្រើសរើសប្រើប្រាស់កាលៈទេសៈនៃជីវិតរបស់ពួកគាត់ ក្នុងការបំពេញផែនការរបស់ទ្រង់ដែរ។ ព្រះអង្គនៅតែជាតួអង្គដែលគ្រប់គ្រងលើដំណើររឿងទាំងអស់នេះ។
យើងទាំងអស់គ្នាក៏សុទ្ធតែមានរឿងអាស្រូវក្នុងជីវិតផងដែរ។ ក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៤:៧ សាវ័ក ប៉ុល បានលើកឡើងថាយើងជា «ភាជនៈដី» ដែលនេះមានន័យថា យើងងាយ ក៏ដូចជាធ្លាប់បាក់បែក ប៉ុន្តែព្រះអង្គនៅតែជ្រើសរើសសង្គ្រោះយើង និងនៅតែប្រើប្រាស់យើង។
សាវ័ក ប៉ុល បានសរសេរក្នុងកណ្ឌគម្ពីរ អេភេសូរ ២:១-១០ ថាពីដើមយើងស្លាប់ ប្រព្រឹត្តរំលងទាស់នឹងព្រះអង្គ ប៉ុន្តែដោយសារព្រះអង្គស្រឡាញ់យើងជាខ្លាំង ដូច្នេះទ្រង់ក៏បានសង្គ្រោះយើងដោយព្រះគុណតាមរយៈជំនឿ (យ៉ូហាន ៣:១៦)។
បងប្អូន ខ្ញុំមិនដឹងថា សព្វថ្ងៃនេះបងប្អូនកំពុងតែស្ថិតនៅក្នុងកាលៈទេសៈនៃជីវិតយ៉ាងដូចម្ដេចនោះទេ ប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថាព្រះអង្គជ្រាប ហើយព្រះអង្គក៏កំពុងតែធ្វើការនៅក្នុងជីវិតយើងទាំងអស់គ្នា ដើម្បីសម្រេចនូវផែនការមួយដ៏ធំដែលយើងមិនអាចទាំងដឹងបានផង សម្រាប់សិរីល្អរបស់ទ្រង់។ ដូច្នេះ ខ្ញុំចង់លើកទឹកចិត្តបងប្អូនឲ្យបន្តនៅទុកចិត្តលើព្រះអង្គ មិនថាបងប្អូនកំពុងតែជួបស្ថានភាពដ៏លំបាកខ្លាំងប៉ុណ្ណាក៏ដោយ។ ព្រះអង្គបានប្រើប្រាស់សូម្បីតែស្រីសំផិង និងអ្នកសម្លាប់គេ ដើម្បីនឹងសម្រេចផែនការរបស់ទ្រង់។
សរុបសេចក្ដីទៅ យើងឃើញថាសាវ័ក ម៉ាថាយ បាននិពន្ធកណ្ឌដំណឹងល្អរបស់គាត់ក្នុងជំពូក១ ខ១-១៧ ដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ ដោយប្រើប្រាស់មនុស្សគ្រប់គ្នា ក្នុងគ្រប់កាលៈទេសៈ។
មិនថាយើងកំពុងតែស្ថិតក្នុងកាលៈទេសៈនៃជីវិតយើងយ៉ាងណាក៏ដោយក៏យើងអាចនៅទុកចិត្តបានផងដែរថា ព្រះជាម្ចាស់នៅកំពុងតែធ្វើការ ព្រះអង្គនឹងរក្សាសេចក្តីសន្យារបស់ទ្រង់ ក៏ដូចជានឹងបន្តធ្វើការនៅក្នុងជីវិតយើង។
«ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ» វិញ (ភីលីព ១:៦)។
មតិយោបល់
Loading…