in

លក្ខណសម្បត្តិ​៩​យ៉ាង​នៃ​បុរស​ពិត

Nine Attributes of a Real Man

ក្នុង​នាម​ជា​បុរស​ម្នាក់ ដែល​ឪពុក​ខ្ញុំ​មិន​សូវ​នៅ​ជា​មួយ​ប៉ុន្មាន ខ្ញុំ​តែង​តែ​មាន​ការពិបាក​ក្នុង​ការ​ផ្ដល់​អត្ថន័យ​ទៅ​លើ​ភាព​ជា​បុរស ព្រោះ​មើល​ទៅ​វា​ងាយស្រួល​ក្នុង​ការ​ឲ្យ​អត្ថន័យ​លើ​ភាព​ជា​បុរស ប៉ុន្តែ ធាតុ​ពិត​មិន​ស្រួល​ដូច​ដែល​មនុស្ស​យើង​ថា​ទេ។ គ្មាន​អ្នក​ណា​បង្ហាញ​ខ្ញុំ​ឲ្យ​ឃើញ​ពី​អត្ថ​ន័យ​ដ៏​ពិត​នៃ​ភាព​ជា​បុរស​ឡើយ។ ប្រភព​នៃ​ទុក្ខ​ព្រួយ និង​ការ​សោកស្ដាយ​កើត​ឡើង​ដោយ​សារ​ឪពុក​ខ្ញុំ​មិន​នៅ​ជា​មួយ ប៉ុន្តែ​ការ​នោះ​ក៏​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​រក​ចម្លើយ​មក​ពី​ព្រះ​ជាម្ចាស់ ដែល​មាន​ភាព​ស្កប់ស្កល់ និង​ភាព​ជា​កូន​ប្រុស។ ព្រះ​អង្គ​ជា​ព្រះ​វរបិតា​ដ៏​ស្មោះត្រង់​តែ​មួយ​អង្គ​គត់​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌។

ការ​រក​បាន​អត្ថ​ន័យ​ដ៏​ច្បាស់​លាស់ ហើយ​ជាក់​លាក់​អំពី​ភាព​ជា​បុរស គឺ​មាន​ការ​ពិបាក​ណាស់ ជា​ពិសេស​បើ​យើង​រក​អត្ថ​ន័យ​នោះ​ចេញ​ពី​លោកីយ៍ ជាជាង​ចេញពី​ព្រះ​គម្ពីរ។ ចូរ​គិត​មើល​ថា តើ​យើង​បាន​ដឹង​រឿង​អ្វី​ខ្លះ​ពី​ភាព​ជា​បុរស​ចេញ​ពី​សហគមន៍​យើង? ក្មេង​ប្រុស​ម្នាក់​ងាយ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​មើល​រូប ឬ​ក៏​រឿង​អាសអាភាស ឬ​ការ​ប្រើ​ពាក្យ​សម្ដី​អាសអាភាស​ណាស់។ ទោះ​បើ​ឪពុកម្ដាយ​ក្មេង​ប្រុស​នោះ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​ការពារ​គាត់​ពី​ការ​មើល​រូបភាព ឬ​រឿង​អាសអាភាស​នៅ​ក្នុង​ទូរទស្សន៍ និង​អ៊ីនធឺណិត​ក៏​ដោយ ក៏​គាត់​ប្រហែលជា​បាន​ជួប​ប្រទះ​ខ្លះៗ​តាមរយៈ​មិត្តភក្ដិ​របស់​គាត់​រួច​ហើយ​ដែរ។ តាំងពី​ដើម​មក ក្មេង​ប្រុសៗ​តែងតែ​មាន​ការ​យល់​ខុស​អំពី​ការ​រួម​ភេទ ហើយ​ការ​យល់​ខុស​បែប​នេះ​ក៏​បាន​ប៉ះពាល់​ដល់​ទស្សនៈ​នៃ​ភាព​ជា​បុរស​ដែរ។ តើ​យើង​គួរ​មាន​ការ​យល់​ដឹង​បែប​ណា អំពី​ភាព​ជា​បុរស ខណៈពេល​ដែល​កំពុង​ជួប​ប្រទះ​នឹង​អត្ថន័យ​ខុស​ឆ្គង​បែប​នេះ?

ខ្សែ​ភាព​យន្ត​ក៏​បាន​ផ្ដល់​អត្ថ​ន័យ​ដ៏​ខុស​ឆ្គង​អំពី​ភាព​ជា​បុរស​ដែរ។ តើ​យើង​គួរ​មាន​ការ​យល់​ដឹង​បែប​ណា អំពី​ភាព​ជា​បុរស ខណៈពេល​ដែល​កំពុង​ជួប​ប្រទះ​នឹង​អត្ថ​ន័យ​ខុស​ឆ្គង​?

ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​ប្រុស

ដោយសារ​ព្រះ​ជាម្ចាស់​ជា​អ្នក​បង្កើត​មនុស្ស​ប្រុស​មក ទ្រង់​អាច​ផ្ដល់​អត្ថ​ន័យ​អំពី​មនុស្ស​ប្រុស​ប្រសើរ​ជាង​​អ្វី​ដែល​លោកីយ៍​នេះ​បាន​ផ្ដល់​ឲ្យ។ នៅពេលដែល​ព្រះ​អង្គ​កំពុង​បង្កើត​របស់​សព្វ​សារ​ពើ​ទាំង​អស់ ទ្រង់​បាន​លូក​ព្រះ​ហស្ដ​សូន​មនុស្ស​ប្រុស​ចេញ​ពី​ដីមក។ ទ្រង់​បាន​បង្កើត​មនុស្ស​ប្រុស​ដោយ​យក​ព្រះ​ហឫទ័យ​ទុកដាក់ មាន​ភាព​ស្និទ្ធស្នាល និង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អ្វីៗ​ទាំង​អស់។ នៅ​ចុងបញ្ចប់ យើង​ឃើញ​ថា ព្រះ​បាន​បង្កើត​មនុស្ស​ប្រុស​ឲ្យ​មាន​រូប​ដូច​អង្គ​ទ្រង់។

ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលី​ដី​មក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង (លោកុប្បត្តិ ២:៧)។

នៅ​ក្នុង​បរិបទ​នៃ​កណ្ឌ​គម្ពីរ​លោកុប្បត្តិ ជំពូក​២ យើង​ឃើញ​ពី​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ឲ្យ​អត្ថ​ន័យ​អំពី​ភាព​ជា​បុរស មុន​ទ្រង់​បង្កើត​ស្ត្រី​មក៖ គោល​បំណង​នៃ​ការងារ​របស់​គាត់ កម្រិត​នៃ​អំណាច​របស់​គាត់ ព្រំដែន​នៃ​ការ​ស្ដាប់​បង្គាប់​របស់​គាត់ និង​ការ​ដែល​គាត់​ចង់​មាន​ប្រពន្ធ។

យើង​អាច​ស្គាល់​អត្ថ​ន័យ​អំពី​ភាព​ជា​បុរស​តាមរយៈ​ព្រះ​ជាម្ចាស់​តែ​មួយ​អង្គ​គត់ ពោល​គឺ​មិន​មែន​តាមរយៈ​លោកីយ៍ វប្បធម៌ និង​ទី​កន្លែង​ផ្សេងៗ​​ឡើយ។ ជា​ចុងក្រោយ តាមរយៈ​ការ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​ប្រុស​មក គឺ​យើង​អាច​យល់​ពី​អត្ថន័យ​នៃ​ភាព​ជា​បុរស​បាន​យ៉ាង​ច្បាស់លាស់។

មនុស្ស​១០០% ព្រះ​១០០%

ចំណុច​នោះ​មិន​ចប់​ត្រឹម​នេះ​ឡើយ ប៉ុន្តែ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ព្រះគម្ពីរ​បាន​បង្រៀន​យើង​ពី​លក្ខណសម្បត្តិ​នៃ​ភាព​ជា​បុរស។

តាមរយៈ​ការ​ដែល​យើង​អាន​ព្រះ​គម្ពីរ​អំពី​រឿង​ដ៏​អស្ចារ្យ ដែល​ព្រះ​ជាម្ចាស់​បាន​ចែង​ទុក​ឲ្យ​យើង ហើយ​តាមរយៈ​ការ​ដែល​យើង​ព្យាយាម​ស្វែងរក​បុរស​ទុក​ជា​តំណាង​នៅ​ក្នុង​ចំណោម​ស្ដេច សង្ឃ ហោរា ទាហាន និង​អ្នក​ដឹក​នាំ​ផ្សេងៗ​ទៀត យើង​ឃើញ​ថា​មាន​ចំណុច​មួយ​ចំនួន​ដូច​ជា​​មិន​ទាន់​ត្រឹម​ត្រូវ​សោះ។ អំពើ​បាប​បាន​បំផ្លាញ​ភាព​ដ៏​ពិត​របស់​បុរស។ ពី​វីរបុរស​មួយ​ទៅ​វីរបុរស​មួយ យើង​តែង​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ដែល​ពួក​គាត់​ត្រូវ​របួស ខូច មាន​កំហុស និង​ងាយ​ក្នុង​ការ​មិន​ចង់​ស្ដាប់​ព្រះ​ជាម្ចាស់ ក៏​ដូច​ជា​ការ​ចង់​ធ្វើ​អាក្រក់​ទាំង​ស្រុង​តែ​ម្ដង។ ប៉ុន្តែ តាមរយៈ​វីរបុរស​នោះ យើង​ក៏​ឃើញ​សិរីល្អ​ខ្លះៗ​អំពី​ភាព​ជា​បុរស​ដែរ​ដូច​ជា ជំនឿ​ដែល​មិន​ប្រែ​ប្រួល ជំនឿ​ស៊ប់​ដែល​មិន​ប្រែ​ប្រួល ការ​បម្រើ​ដោយ​បន្ទាបខ្លួន​ទាំង​មាន​ការ​លះបង់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​គ្រាន់​តែ​ឃើញ​ខ្លះៗ​ប៉ុណ្ណោះ។

ប៉ុន្តែ នៅពេលដែល​ព្រះ​អង្គ​បាន​យាង​មក​លើ​ផែនដី​នេះ​ផ្ទាល់ គឺ​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​យើង​ឃើញ​ពី​អត្ថ​ន័យ​ដ៏​ពិត​នៃ​ភាព​ជា​បុរស។ ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​បាន​​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​អត្ថ​ន័យ​ដ៏​ពិត​នៃ​ភាព​ជា​បុរស​ដ៏​ល្អ​ឥតខ្ចោះ។

តាមរយៈ​ការ​សិក្សា​អំពី​ជីវិត​របស់​ព្រះ​យេស៊ូវ នោះ​យើង​នឹង​ឃើញពី​លក្ខណសម្បត្តិ និង​ការ​ប្តេជ្ញាចិត្ត​ជា​ច្រើនដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​របៀប​ដែល​បុរស​ម្នាក់​រស់នៅ​យ៉ាង​ស្មោះ​ត្រង់​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់។ ប្រសិនបើ​លោកអ្នក​ជា​បុរស​​ដែល​កំពុង​ស្វែងរក​និយម​ន័យ​នៃ​ភាព​ជា​បុរស​ដ៏​ពិត នោះ​ចូរ​ពិចារណា​ពី​លក្ខណសម្បត្តិ​៩​យ៉ាង​នៃ​ការ​ប្តេជ្ញាចិត្ត​ខាង​ក្រោម​នេះ។ ការ​ព្យាយាម​សង្វាត​ឲ្យ​បាន​លក្ខណសម្បត្តិ​ទាំង​នេះ​ក្នុង​ភាព​ជា​​អ្នកដឹកនាំ ជា​បុគ្គលិក ជា​ប្ដី ជា​ឪពុក ឬ​ធ្វើ​ជា​កូន​ប្រុស នោះ​នឹង​ជួយ​លោកអ្នក​យ៉ាង​ខ្លាំង។

១. គាត់​ប្តេជ្ញាចិត្ត​ធ្វើ​តាម​អំណាច​ដ៏​ធំ​ជាង​គាត់

ព្រះ​យេស៊ូវ​ត្រាស់​ហៅថា «ចូរ​មក​តាម​ខ្ញុំ» ប៉ុន្តែ បុរស​ម្នាក់​​និយាយ​ថា «ព្រះ​អម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ បាន​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន» (ម៉ាថាយ ៨:២១)។ ទ្រង់​តប​ថា «ចូរ​មក​តាម​ខ្ញុំ​វិញ ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួកគេ​ចុះ» (ម៉ាថាយ ៨:២២)។ មាន​ម្នាក់​ទៀត​ថា «ព្រះ​អម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន» (លូកា ៩:៦០)។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ» (លូកា ៩:៦២)។

២.គាត់​ប្តេជ្ញាចិត្ត​លះបង់​គ្រប់​អ្វីៗ​ទាំង​អស់​ដើម្បី​ធ្វើ​ជា​សិស្ស

«បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្ដាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ឯង​ផង អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ» (លូកា ១៤:២៦)។ ទាក់ទង​នឹង​បរិបទ​នេះ​លោក​គ្រូ វិលាម មេកដានុល (William MacDonald) បាន​លើក​ឡើង​ដូច​ត​ទៅ៖ «នេះ​មិន​មែន​មាន​ន័យ​ថា យើង​ត្រូវ​តែ​មាន​សម្អប់ ឬ​បំណង​អាក្រក់​ចំពោះ​ញាតិ​សន្ដាន​របស់​យើង​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​គ្រីស្ទ គឺ​ធំ​ក្រៃ​លែង ហើយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ញាតិ​សន្ដាន​មិន​អាច​ប្រៀប​ស្មើ​នឹង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ទ្រង់​បាន​ឡើយ។ តាម​ពិត​ឃ្លា​ដែល​ពិបាក​ជាង​គេ​នៅ​ក្នុង​ខគម្ពីរ​នេះ​គឺ៖ «​សូម្បីតែ​ជីវិត​របស់​ខ្លួន»។ ការ​ស្រឡាញ់​ខ្លួន​ឯង​គឺ​ជា​ឧបសគ្គ​មួយ​ដ៏​មុត​ស្រួច​ជាង​គេ​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់។ ដរាប​ណា​យើង​មិន​សុខ​ចិត្ត​ប្រគល់​ជីវិត​របស់​យើង​ដើម្បី​ទ្រង់​ទេ នោះ​យើង​ក៏​មិន​ទាន់​រស់នៅ​តាម​របៀប​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នៅ​ឡើយ១។ (ដក​ស្រង់​ចេញ​ពី​សៀវភៅ៖ សិស្ស​ដ៏​ពិត​របស់​ព្រះ​យេស៊ូវ)។

៣. គាត់​ប្តេជ្ញាចិត្ត​ស្ដាប់​បង្គាប់​ដោយ​មាន​ចិត្ត​រីករាយ

ក្រោយ​ពី​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​នូវ​ព្រះ​បន្ទូល​ខាង​លើ មាន​សិស្ស​ទ្រង់​ជា​ច្រើន​បាន​ដក​ខ្លួន​ចេញ និង​មិន​ដើរ​តាម​ទ្រង់​ទៀត​។ ដូច្នេះ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​១២​ថា «អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ?»។ សាវ័ក ស៊ីម៉ូន-ពេត្រុស ក៏​ទូល​ឆ្លើយ​ថា «ព្រះ​អម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច…ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ពិត» (យ៉ូហាន ៦:៦៦-៦៩)។

៤. គាត់​ប្តេជ្ញាចិត្ត​ដាក់​វិន័យ​ខាង​ឯ​ព្រលឹង​វិញ្ញាណ

«កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ» (ម៉ាកុស ១:៣៥)។ ចូរ​ត្រាប់​តាម​ទង្វើ​ព្រះ​យេស៊ូវ។ ចូរ​ចំណាយ​ពេល​អធិស្ឋាន និង​អាន​ព្រះ​គម្ពីរ ក៏​ដូច​ជា​ចំណាយ​ពេល​ប្រកប​គ្នា​ជា​មួយ​នឹង​អ្នក​នៅ​ក្នុង​ក្រុមជំនុំ ដើម្បី​ឲ្យ​លូត​លាស់​ខាង​ឯ​ព្រលឹង​វិញ្ញាណ។

៥. គាត់​ប្តេជ្ញាចិត្ត​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​លើ​ទ្រង់​ថា «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច» (យ៉ូហាន ៨:៣១-៣២)។ ចូរ​យើង​អាន​ព្រះ​គម្ពីរ ទន្ទេញ​ឲ្យ​ចាំ​មាត់ ហើយ​លាក់​ព្រះ​បន្ទូល​ក្នុង​ចិត្ត​យើង «ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត ប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ» (ទំនុកតម្កើង ១១៩:១១)។

៦. គាត់​ប្តេជ្ញាចិត្ត​លូត​លាស់​ជា​ពិសេស​ខាង​ឯ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ

«ព្រះ​វរ​បិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន» (យ៉ូហាន ១៥:៨)។ «…ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់​ អំណរ​អរ មេត្រី​ភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រឹត្យ​វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ» (កាឡាទី ៥:២២-២៣)។ ចូរ​យើង​សង្វាត​ឲ្យ​បាន​ផលផ្លែ​ទាំង​នោះ។ បើ​លោក​អ្នក​ចង់​ស្វែង​យល់​ថែម​ទៀត​អំពី​ផល់ផ្លែ​នៃ​ព្រះ​វិញ្ញាណ សូម​ចូល​ទៅ​កាន់​គេហទំព័រ៖ shalomphnompenh.com ហើយ​ស្ដេប់​នូវ​ការ​អធិប្បាយ។

៧. គាត់​ប្តេជ្ញាចិត្ត​បំពេញ​បេសកកម្ម​របស់​ព្រះ​ជាម្ចាស់

«ដូច្នេះ ចូរ​ទៅ​បង្កើត​សិស្ស​ពី​គ្រប់​ជនជាតិ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួកគេ​នៅ​ក្នុង​ព្រះនាម​ព្រះវរបិតា ព្រះរាជ​បុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់គ្នា ហើយ​មើល៍ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​គ្រប់​​ពេលវេលា​រហូត​ដល់​អស់​កល្ប» (ម៉ាថាយ ២៨:១៩-២០ គគខ)។

៨. គាត់​ប្តេជ្ញាចិត្ត​ស្រឡាញ់​អ្នក​ដទៃ​ដោយ​ស្មោះ​ត្រង់

ព្រះ​យេស៊ូវ​បាន​ប្រទាន​បទ​បញ្ជា​ថ្មី​ដល់​យើង «ខ្ញុំ​ឲ្យ​បញ្ញត្តិ​ថ្មី​មួយ​ដល់​អ្នក​រាល់គ្នា គឺ​ឲ្យ​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​ស្រឡាញ់​គ្នា​ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ។ មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ គឺ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក» (យ៉ូហាន ១៣:៣៤-៣៥ គគខ)។ ការ​ស្រឡាញ់​អ្នកដទៃ​គឺ​ពិតជា​ការ​ពិបាក​ណាស់។ ដូច្នេះ ចូរ​យើង​ប្ដេជ្ញាចិត្ត​ព្យាយាម​ស្រឡាញ់​អ្នក​ដទៃ​ដោយ​ស្មោះ​ត្រង់។

៩. គាត់​ប្ដេជ្ញាចិត្ត​រស់​នៅ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​បងប្អូន​រួម​ជំនឿ

«ហើយ​ចូរ​ឲ្យ​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​លើក​ទឹកចិត្ដ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្តិ​ល្អ។ កុំ​ឲ្យ​យើង​បោះបង់​ចោល​ការ​ជួបជុំ​គ្នា​ដូច​ជា​អ្នក​ខ្លះ​មាន​ទម្លាប់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​យើង​លើកទឹកចិត្ត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់​មក​ជិត​ដល់​ហើយ» (ហេព្រើរ ១០:២៤-២៥ គគខ)។ យើង​ងាយ​រត់​គេច​ចេញ​ពី​ស្រុកកំណើត​របស់​យើង​ណាស់ នៅពេលដែល​យើង​ជួប​ប្រទះ​បញ្ហា។ ប៉ុន្តែ ទាក់ទង​ទៅ​នឹង​ជីវិត​ខាង​ព្រលឹង​វិញ្ញាណ ចូរ​យើង​កុំ​គេច​វេស​ពី​អ្នក​ជឿ តែ​ចូរ​ប្ដេជ្ញាចិត្ត​រស់នៅ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​បងប្អូន​រួម​ជំនឿ​វិញ។

កំណត់​យោង
១. ដក​ស្រង់​ចេញ​ពី​សៀវភៅ៖ «សិស្ស​ដ៏​ពិត​របស់​ព្រះ​យេស៊ូវ» និពន្ធ​ដោយ​លោក​គ្រូ វិលាម មេកដានុល ជំពូក​ទី​១ ទំព័រ​១៤។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Vince Miller
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​សម្រេច

ស្គាល់​ព្រះ