in , , , , , ,

ជា​ព្រះ​រាជ​បុត្រា និង​តែង​តែ​គង់​នៅ​អស់​កល្ប​ជា​និច្ច

ហេតុ​អ្វី​បាន​ជា​យើង​រាប់​គោលលទ្ធិ​នៃ​ភាព​ជា​ព្រះរាជបុត្រា​តាំងពី​អស់​កល្ប​ថា​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ?

ទេវវិទ្យា​ដែល​ល្អ​គឺ​ជា​ការ​អញ្ជើញ​យើង​ឲ្យ​មើល​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​កាន់​ចំណុច​មួយ​ចំនួន​ដែល​យើង​ជឿ។ នៅ​ពេល​យើង​និយាយ​អំពី​គោលលទ្ធិ​ដ៏​សំខាន់​បំផុត នោះ​យើង​មាន​អត្ថប្រយោជន៍​នៃ​ប្រវត្តិ​សាស្ត្រ​ដ៏​សម្បូរ​បែប​នៃ​គោលលទ្ធិ និង​ការ​លន់តួ​បាប​ក្នុង​ការ​ជួយ​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ។ ឧទាហរណ៍៖ យើង​ជឿ​ថា ព្រះ​ដ៏​ជា​ព្រះ​រាជ​បុត្រា​គឺ «ជា​ស្ងួនភ្ងា​ដ៏​អស់​កល្ប​ជា​និច្ច មិន​មែន​ជា​បុត្រា​ដែល​ព្រះ​វរបិតា​បង្កើត ព្រះ​អង្គ​គ្មាន​ការ​ចាប់ផ្ដើម ហើយ​ក៏​មាន​លក្ខណៈ​ដូច​ព្រះ​វរ​បិតា​ផង​ដែរ»។ តើ​ឃ្លា​ដែល​ថា ជា​បុត្រា​តាំង​ពី​អស់​កល្ប​មាន​ន័យ​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី​បាន​ជា​ការ​នេះ​មាន​សារៈ​សំខាន់?

ជំនឿ​នៅ​លើ​ព្រះ​យេស៊ូវ​ដែល​ថា ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​គឺ​ជា​ខ្លឹម​សារ​ដ៏​សំខាន់​ក្នុង​ភាព​ជា​គ្រីស្ទ​បរិស័ទ។ ព្រះ​គម្ពីរ ១យ៉ូហាន ៤:១៥ បាន​ចែង​ថា «អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ»។ យើង​ប្រកាស​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ចម្លើយ​នៃ​សារ​ដំណឹង​ល្អ​ដែល​ថា «ព្រះ​វរបិតា​បាន​ចាត់​ព្រះ​រាជបុត្រា​មក ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក» (១យ៉ូហាន ៤:១៤)។ ប៉ុន្តែ នៅ​ពេល​យើង​បាន​ប្រកាស​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ នោះ​យើង​នឹង​មាន​ហេតុ​ផល​ដ៏​ល្អ​មួយ​ក្នុង​ការ​សួរ​ខ្លួន​ឯង​ថា តើ​ភាព​ជា​បុត្រា​របស់​ទ្រង់​ស៊ី​ជម្រៅ​ប៉ុណ្ណា ឬ​ឈាន​ដល់​កម្រិត​ណា?

ចម្លើយ​នោះ​គឺ​ថា ភាព​ជា​បុត្រា​នៃ​ព្រះ​រាជ​បុត្រា​គឺ​មាន​ភាព​ស៊ី​ជម្រៅ​ដូច​ជា​ព្រះ​ដែរ៖ វា​ត្រឡប់​ទៅ​ក្នុង​ភាព​ជា​ព្រះ​វិញ។ មិន​ដែល​មាន​ពេល​ណា​មួយ​ដែល​ព្រះ​រាជ​បុត្រា​មិន​មែន​ជា​ព្រះ​រាជ​បុត្រា​នោះ​ឡើយ។

តើ​មាន​មធ្យោបាយ​ណា​ផ្សេង​ទៀត​ទេ?

មធ្យោបាយ​ផ្សេងៗ​ទៀត​មិន​អាច​ទទួល​យក​បាន​ឡើយ។ ឧទាហរណ៍៖ ប្រសិន​បើ​មាន​នរណា​ម្នាក់​និយាយ​ថា ព្រះ​យេស៊ូវ​មិន​តែង​តែ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​រហូត​ទេ ប៉ុន្តែ​បាន​ក្លាយ​ជា​ព្រះ​រាជ​បុត្រា​នៅ​ក្នុង​ចំណុច​មួយ​ចំនួន​អំឡុង​ពេល​ព្រះអង្គ​មាន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ—ឧទាហរណ៍៖ ដូច​ជា​នៅ​ពេល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​ទ្រង់ ឬ​ពេល​ព្រះ​អង្គ​ផ្លាស់​ប្រែ ឬ​ពេល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ—ដែល​នោះ​ជា​ប្រភេទ​នៃ​ការ​ប្ដូរ​អត្ថន័យ​ដែល​មិន​សមរម្យ​បំផុត។ ការ​នោះ​នឹង​កំណត់​ភាព​ជា​ព្រះ​រាជបុត្រា​ត្រឹម​ដំណាក់​កាល​មួយ​នៃ​ព្រះ​ជន្ម​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ រួច​ហើយ​កាត់​ភាព​ជា​ព្រះ​ចេញ​មុន​ពេល​ទទួល​ស្គាល់​ពី​ដើម ឬ​ដ៏​អស់​កល្ប​របស់​ទ្រង់​ជា​មិន​ខាន។

ឬ​ក៏​ប្រ​សិន​បើ​នរណា​ម្នាក់​បាន​សារភាព​ថា តែង​តែ​មាន​រឿង​បែប​នេះ​ដូច​ជា​បុគ្គល​ទី​ពីរ​នៃ​ព្រះត្រៃឯក ប៉ុន្តែ​បុគ្គល​នោះ​មិន​មែន​ជា «ព្រះ​រាជ​បុត្រា» ទេ រហូត​ទាល់​តែ​ទ្រង់​បាន​ប្រសូត​មក។ ការ​បែប​នោះ​ក៏​ជា​ការ​កាត់​ចេញ​នូវ​ភាព​ជា​ព្រះ​រាជ​បុត្រា​មុន​ពេល​ដែល​វា​ទៅ​ដល់​ចំណុច​ពី​មុន​ដែរ។ នៅ​ក្នុង​ដំណើរ​រឿង​នេះ យើង​មាន​ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​រាជ​បុត្រា​នៅ​ខាង​យើង ប៉ុន្តែ​នៅ​ខាង​ព្រះ​ជាម្ចាស់ មិន​មាន​ភាព​ជា​ព្រះ​រាជ​បុត្រា​ទេ។ ប៉ុន្តែ ប្រសិន​បើ​ភាព​ជា​ព្រះ​រាជ​បុត្រា​មាន​ពិត​ប្រាកដ​តែ​នៅ​ខាង​យើង​ទេ ហើយ​មិន​ស្រប​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ព្រះ​ជាម្ចាស់​ទេ នោះ​តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​​គេ​ដឹង​ថា ព្រះ​ជាម្ចាស់​ទ្រង់​ចាត់​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ​ឲ្យ​មក?

ដែល​អាច​ចាត់​ឲ្យ​មក​តាំងពី​អស់កល្ប

នៅ​ពេល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ប្រាប់​យើង​ថា ព្រះវរបិតា​បាន​ចាត់​ព្រះ​រាជ​បុត្រា (១យ៉ូហាន ៤:១៤; កាឡាទី ៤:) នោះ​គេ​និយាយ​ដោយ​សន្មត​ថា ព្រះ​វរបិតា​តែង​តែ​មាន​ព្រះ​រាជ​បុត្រា​នៅ​ជា​មួយ​ព្រះ​អង្គ​ដែល​អាច​ចាត់​ឲ្យ​មក​បាន។ ព្រះ​រាជ​បុត្រា​តែង​តែ​គង់​នៅ​ទី​នោះ​ជា​មួយ​ព្រះ​វរ​បិតា៖ ព្រះ​ជា​ម្ចាស់​តែ​មួយ​តែង​តែ​ជា​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជម្រៅ​នៃ​សារ​តាម​បទ​គម្ពីរ​នៃ​សេចក្ដី​សង្គ្រោះ​ដែល​ថា អ្វី​ដែល​យើង​ជួប​ប្រទះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​គឺ​មិន​មែន​ជា​ព្រឹត្តិការណ៍ ឬ​ការ​រៀប​ចំ​ឡើយ ប៉ុន្តែ​គឺ​ថា នៅ​ពេល​យើង​ជួប​ព្រះ​រាជ​បុត្រា នោះ​យើង​ជួប​អង្គ​មួយ​ដែល «ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក» (យ៉ូហាន ១:) ជា​អង្គ​មួយ​ដែល «រស់​នៅ​អស់​កល្ប​ជានិច្ច​ដែល​ពី​ដើម​ស្ថិត​នៅ​នឹង​ព្រះ​វរបិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ» (១យ៉ូហាន ១:)

នេះ​គឺ​ជា​បន្ទាត់​នៃ​ការ​គិត​តាម​ព្រះ​គម្ពីរ​ដែល​បាន​បង្ហាញ​តាំងពី​បុរាណ​នៅ​ក្នុង​សតវត្ស​ទី​៤​នៅ​ក្នុង «គោល​ជំនឿ​ណៃសៀ» (Nicean Creed) ដែល​បាន​ទទួល​ស្គាល់​ព្រះ​យេស៊ូវ​ថា​ជា​ព្រះរាជបុត្រា និង​បាន​ហៅ​ទ្រង់​ថា «បាន​បង្កើត​តាំងពី​អស់​កល្ប»។ ពាក្យ​ថា «បាន​បង្កើត» “begotten” សព្វថ្ងៃ​នេះ ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​ចាស់​គម្រិល​ហើយ ប៉ុន្តែ​វា​មាន​ន័យ​ថា «មាន​ប្រភព​មក​ពី​ព្រះវរបិតា»។ វា​ដូច​ជា​ការ​ប្រៀប​ធៀប​រវាង​ខាង​ឪពុក និង​ខាង​ម្ដាយ​ដោយ​ប្រើ​ពាក្យ «កើត» ដែរ៖ កូនៗ​កើត​មក​ពី​ប្រភព​នៃ​ឪពុក ហើយ​កើត​ចេញ​ពី​ម្ដាយ​មក។

ដោយ​ហៅ​ព្រះ​ដ៏​ជា​ព្រះ​រាជ​បុត្រា​ថា​ស្ងួនភ្ងា ប្រពៃណី​របស់​គ្រីស្ទ​បរិស័ទ​គឺ​មាន​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា ភាព​ជា​បុត្រា​របស់​ព្រះ​គ្រីស្ទ​មាន​ឫស​គល់​រហូត​ទៅ​ដល់​ភាព​នៃ​ព្រះ​មក​ម៉្លេះ។ ព្រះ​រាជ​បុត្រា​មាន​កម្មសិទ្ធិ​ក្នុង​ភាព​ជា​ព្រះ ឬ​មាន​លក្ខណៈ​ដូច​ព្រះ ដើម្បី​និយាយ​នៅ​ក្នុង​ភាសា​ទំនាក់​ទំនង​នៃ​ព្រះ​ត្រៃឯក នោះ​គឺ​ថា ព្រះ​រាជ​បុត្រា​គឺ​ជា​អង្គ​មួយ​ដែល​មាន​លក្ខណៈ​ដូច​ជា​ព្រះ​វរបិតា​ដែរ។

ហេតុ​អ្វី​បាន​ជា​ត្រូវ​ប្រើ​ភាសា​ក្រៅ​ព្រះ​គម្ពីរ?

វា​ទំនង​ជា​មាន​សុវត្ថិភាព​ជាង​ក្នុង​ការ​កម្រិត​ខ្លួន​យើង​ត្រឹម​ភាសា​ក្នុង​ព្រះ​គម្ពីរ​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ក្រៅពី​ការ​គាំ​ទ្រ​ថា ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នោះ​ដែរ។ ប៉ុន្តែ បន្ទាប់​ពី​យើង​បាន​ដក​ស្រង់​ចេញ​ពី​ភាសា​ក្នុង​ព្រះ​គម្ពីរ​រួចមក នោះ​យើង​ឃើញ​ថា តម្លៃ​នៃ​ការ​ប្រើ​ប្រាស់​ពាក្យ​គន្លឹះ​មួយ​ចំនួន​ដែល​មិន​ត្រូវ​បាន​ដក​ស្រង់​ចេញ​ដោយ​ផ្ទាល់​ពី​ព្រះ​គម្ពីរ គឺ​ជា​អ្វី​ដែល​យើង​អាច​ប្រើ​ប្រាស់ ដើម្បី​បញ្ជាក់​នូវ​អ្វី​ដែល​យើង​យល់​ពី​ព្រះ​គម្ពីរ​ចំពោះ​អត្ថន័យ​របស់​វា។

នេះ​គឺ​ជា​ជំហាន​ដ៏​ជាក់​លាក់​ដែល​យើង​ប្រើ​នៅពេល​ដែល​យើង​និយាយ​ថា ព្រះ​រាជបុត្រា​មក​ពី​ព្រះ​វរបិតា​តាំង​ពី​អស់​កល្ប​មក​ម៉្លេះ។ យើង​កំពុង​បញ្ជាក់​ថា នៅ​ពេល​ដែល​យើង​និយាយ​ថា «ព្រះ​រាជ​បុត្រា» យើង​មិន​មែន​មាន​ន័យ​ថា គ្រាន់​តែ​ជា​អ្វី​ដែល​មាន​ភាព​ទាក់​ទង​ជា​មួយ​នឹង​ប្រភេទ​នៃ​កូន​ចិញ្ចឹម​ណា​មួយ​នោះ​ទេ។ ឧទាហរណ៍៖ យើង​មិន​មែន​មានន័យ​ថា ព្រះ​រាជ​បុត្រា​នេះ​ក្មេង​ជាង ឬ​មាន​ម្ដាយ​ជា​ព្រះ ឬ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ការ​គ្រប់​គ្រង​របស់​ឪពុក​ម្ដាយ​នោះ​ទេ។

ការ​គាំ​ទ្រ​ការ​ចាប់​កំណើត​តាំង​ពី​អស់​កល្ប​របស់​ទ្រង់​បង្ហាញ​ថា យើង​កំពុង​ផ្ដោត​លើ​ទំនាក់ទំនង​ដ៏​អស់​កល្ប និង​ពិសេស​មួយ​ជា​មួយ​ភាព​ជា​ព្រះ ជាជាង​ផ្ដោត​ទៅលើ​ទំនាក់​ទំនង​ដោយ​សេរី​ចំពោះ​គ្រប់​ទាំង​ទិដ្ឋភាព​នៃ​ភាព​ជា​កូន​នៅ​ផែន​ដី​ជា​មួយ​នឹង​ភាព​ជា​ព្រះ​រាជ​បុត្រា​ដ៏​ជា​ព្រះ​ ។ ព្រះ​រាជ​បុត្រា​មក​ពី​ព្រះ​វរបិតា ពោល​គឺ​មាន​ភាព​អស់​កល្ប​ដូចគ្នា ភាព​ជា​ព្រះ​ដូចគ្នា និង​មាន​ភាព​ស្មើ​គ្នា។ ភាព​ជា​ព្រះ​រាជ​បុត្រា​តាំង​ពី​អស់​កល្ប​មក​មាន​ន័យ​ថា យើង​មិន​គួរ​យក​គំនិត​ទាំង​អស់​របស់​យើង​អំពី​ភាព​ជា​កូន ហើយ​អនុវត្ត​គំនិត​ទាំង​នោះ​ទៅ​លើ​ទ្រង់​ឡើយ ប៉ុន្តែ យើង​គួរ​រៀន​ចេញ​ពី​ព្រះរាជបុត្រា​ដ៏​អស់កល្ប​នូវ​អ្វី​ដែល​ព្រះអង្គ​មានន័យ​ដោយ​ការ​ហៅ​អង្គ​ទ្រង់​ថា​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​នោះ​វិញ។

ហេតុ​អ្វី​បាន​ជា​ការ​នេះ​សំខាន់?

តើ​ភាព​ជា​បុត្រា​តាំង​ពី​អស់​កល្ប​មាន​សារៈសំខាន់​ប៉ុណ្ណា? តម្លៃ​មូល​ដ្ឋាន​របស់​វា​គឺ​ថា វា​បាន​ប្រាប់​អំពី​សេចក្ដី​ពិត​ដែល​ថា តើ​ព្រះ​ដ៏​ជា​ព្រះ​រាជ​បុត្រា​ជា​នរណា​ដោយ​យោង​តាម​បទ​គម្ពីរ។ ទោះបី​​វា​ជា​ការ​ពិត​ដោយ​គ្មាន​ផល​ប៉ះពាល់​ជាក់​ស្ដែង​បន្ថែម​ទៀត​ក៏​ដោយ ក៏​ការ​នោះ​មាន​ភាព​គ្រប់​គ្រាន់​ដែរ ពីព្រោះ​ការ​ប្រកាស​ពី​ភាព​ជា​បុត្រា​ដ៏​អស់​កល្ប​របស់​ព្រះរាជបុត្រា​នឹង​ជួយ​យើង​ក្នុង​ការ​រក្សា​លំនឹង​មិន​មែន​គ្រាន់​តែ​ក្នុង​ជំនឿ​លើ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើ​គ្រប់​ចំណុច​ទាំង​អស់​ដែល​យើង​និយាយ​អំពី​ព្រះរាជបុត្រា​ផង​ដែរ។

ប៉ុន្តែ វា​ជា​គោល​លទ្ធិ​ដែល​មាន​អត្ថន័យ​ជាក់​ស្ដែង​ផង​ដែរ ដោយ​សារ​តែ​ភាគ​ច្រើន​វា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​គោលលទ្ធិ​នៃ​សេចក្ដី​សង្គ្រោះ។ យើង​បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ការ​តាម​ដាន​រក​ប្រភព​នៃ​ភាព​ជា​កូន​ចិញ្ចឹម​រហូត​ដល់​ភាព​ជា​ព្រះ ដើម្បី​ប្រកាស​ឲ្យ​កាន់តែ​ច្បាស់​ជាង​មុន​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់។ ការ​មាន​ភាព​រីក​ចម្រើន​ក្នុង​ភាព​ជា​កូន​ចិញ្ចឹម​ក្នុង​ភាព​ជា​ព្រះ ក្នុង​អង្គ​ដែល «បាន​មក​ពី​ព្រះ​វរបិតា​តាំង​ពី​អស់​កល្ប ប៉ុន្តែ​ព្រះ​ជាម្ចាស់​មិន​បាន​សូន្យ ឬ​ក៏​បង្កើត​ទ្រង់​ឡើង ព្រះ​អង្គ​គ្មាន​ការ​ចាប់​ផ្ដើម ហើយ​ក៏​មាន​លក្ខណៈ​ដូច​ព្រះ​វរ​បិតា​ផង​ដែរ» ក៏​មាន​ន័យ​ថា ភាព​ជា​កូន​ចិញ្ចឹម​របស់​យើង​មាន​ឫសគល់​ក្នុង​ព្រះ​ជាម្ចាស់​ផង​ដែរ។

នៅពេល​ព្រះជាម្ចាស់​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ព្រះ​អង្គ​បាន​ធ្វើ​ដូច​នោះ​ដោយ​ទ្រង់​បាន​យាង​មក​ឯ​យើង​នៅ​ពេល​ដែល​យើង​ត្រូវការ​ទ្រង់​យ៉ាង​ខ្លាំង ហើយ​ព្រះអង្គ​បាន​នាំ​យើង​ចូល​ក្នុង​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ដោយ​ទទួល​បាន​ព្រះពរ និង​ការ​រួបរួម។ ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​អំពី​ព្រះជន្ម​នៃ​ភាព​ជា​ព្រះ​របស់​ព្រះ​អង្គ​មក​កាន់​យើង​ដោយ​មិន​បាន​ធ្វើ​ឲ្យ​ខូច​ភាព​ជា​ព្រះ​របស់​ព្រះអង្គ ឬ​បំផ្លាញ​ភាព​ជា​មនុស្ស​របស់​យើង​ឡើយ ពី​ព្រោះ​ព្រះ​ដ៏​ជា​ព្រះវរបិតា​បាន​បញ្ជូន​ព្រះ​ដ៏​ជា​ព្រះរាជបុត្រា និង​ព្រះ​ដ៏​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មក​ហ៊ុមព័ទ្ធ​យើង​នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នោះ​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​តែ​មួយ​គត់​របស់​យើង។

ការ​យក​ធ្វើ​ជា​កូន​ចិញ្ចឹម​ទៅ​ក្នុង​ភាព​ជា​កូន​ដ៏​អស់​កល្ប​ជា​និច្ច

ភាព​ជា​កូន​ចិញ្ចឹម​ដែល​យើង​បាន​ទទួល ជា​កូន​ចិញ្ចឹម​ក្នុង​នាម​ជា​បុត្រា​បុត្រី គឺ​ជា​កូន​ចិញ្ចឹម​ដែល (នៅ​ក្នុង​ភាព​ជា​ព្រះ​ដ៏​ជា​ព្រះ​រាជបុត្រា) បាន​ត្រឡប់​ទៅ​ក្រោយ​ទៅ​ក្នុង​ព្រះ​ជាម្ចាស់​វិញ។ អ្នក​ដែល​ទទួល​ការ​ប្រោស​លោះ​បាន​ត្រឡប់​ជា​កូន​ចិញ្ចឹម​ដោយសារ​ព្រះគុណ ប៉ុន្តែ​អ្វី​ដែល​ជា​បុគ្គល​ទី​ពីរ​ក្នុង​ព្រះ​ត្រៃឯក​គឺ​ដោយ​ធម្មជាតិ។ ភាព​ជា​កូន​ចិញ្ចឹម​គឺ​ផ្សារភ្ជាប់​នឹង​ច្រវាក់​មួយ​ខ្សែ​ដែល​មាន​ព្រះ​ជាម្ចាស់​នៅ​ចុង​ម្ខាង ហើយ​សេចក្ដី​សង្គ្រោះ​របស់​យើង​នៅ​ចុង​ម្ខាង​ទៀត។ ព្រះ​រាជបុត្រា​តែ​មួយ​បាន​ប្រសូត​មក ហើយ​នាំ​មក​នូវ​ការ​ប្រកប​គ្នា​ជា​មួយ​កូនៗ​ដែល​បាន​ទទួល​មក​ធ្វើ​ជា​កូន​ចិញ្ចឹម។ កាល​ណា​យើង​សារភាព​ដោយ​ទទួល​ស្គាល់​កាន់​តែ​ច្បាស់ និង​ប្រាកដ​អំពី​ព្រះ​ដ៏​ជា​ព្រះ​រាជ​បុត្រា​ស្ងួនភ្ងា​ដ៏​អស់​កល្ប​ជា​និច្ច នោះ​យើង​ក៏​កាន់​តែ​នឹង​យល់​អំពី​ការ​កើត​ជា​ថ្មី​របស់​យើង​ក្នុង​នាម​ជា​កូន​ចិញ្ចឹម​ផង​ដែរ។

គោល​លទ្ធិ​នៃ​ភាព​ជា​ព្រះរាជបុត្រា​តាំង​ពី​អស់​កល្ប​គឺ​ជា​កំណប់​នៃ​ទេវ​សាស្ត្រ​របស់​គ្រីស្ទ​បរិស័ទ។ ក្រៅ​ពី​វា​ជា​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះ​គម្ពីរ ភាព​ជា​ព្រះរាជបុត្រា​តាំង​ពី​អស់​កល្ប​បាន​ក្លាយ​ជា​គោល​ជំហរ​តាម​ប្រពៃណី​យ៉ាង​ជ្រាលជ្រៅ​ដែល​បាន​ប្រកាស​ដោយ​ក្រុម​ជំនុំ​ជា​ច្រើន​សតវត្ស​មក​ហើយ។ ហើយ​វា​ក៏​បាន​ក្លាយ​ជា​បទ​ពិសោធន៍​នៃ​សេចក្ដី​សង្គ្រោះ និង​ជា​ជីវិត​របស់​គ្រីស្ទ​បរិស័ទ ដែល​ជា​ជីវិត​នៃ​កូន​ចិញ្ចឹម​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ជម្រៅ​ដ៏​អស់​កល្ប​នៃ​ព្រះរាជបុត្រា​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

និពន្ធ​ដោយ៖ លោក Justin Taylor
បក​ប្រែ​ដោយ៖ លោក ខែម បូឡុង
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​កញ្ញា សឿន ចាន់
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី thegospelcoalition.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​ជា​ពន្លឺ

តើ​អ្វី​ទៅ​ជា​អត្ថន័យ​​បុណ្យ​ណូអែល?