in

ទំនួល​ខុស​ត្រូវ​​សម្រាប់​សមាជិក​ក្រុម​ជំនុំ៖ ចំណុច​៧​យ៉ាង

Your 7 Job Responsibilities as a Church Member

នៅ​ពេល​ដែល​លោកអ្នក​ឮ​ពាក្យ​ថា «ការ​ដឹកនាំ​របស់​ក្រុមជំនុំ» តើ​លោកអ្នក​គិត​យ៉ាង​ដូចម្ដេច​ដែរ? ចុះ​ការ​ប្រជុំ​របស់​សមាជិក? បន្ទប់​ប្រជុំ​របស់​គ្រូគង្វាល? ការ​គិត​អំពី​ការ​ចំណាយ​ថវិកា ឬ​ក៏​ការ​ជ្រើសរើស​ពណ៌​មក​លាប​លើ​ជញ្ជាំង? ភាគ​ច្រើន​គឺ​សុទ្ធ​តែ​មាន​ចម្ងល់​ចេញ​ពី​ការ​ទាំង​អស់​នេះ។

ប៉ុន្តែ ការ​ដឹកនាំ​ក្រុមជំនុំ គឺ​គួរ​តែ​មាន​លក្ខណៈ​លើស​ពី​នេះ ហើយ​តាម​ពិត​ទៅ វា​គួរ​តែ​ទាក់ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ក្រុមជំនុំ ព្រោះ​បុគ្គល​គ្រប់ៗ​រូប​ក៏​មាន​តួនាទី​ក្នុង​ការ​ធ្វើ​ផង​ដែរ។

ឱ! សមាជិក​ក្រុមជំនុំ​អើយ! តើ​លោកអ្នក​ដឹង​ទេ​ថា ព្រះយេស៊ូវ​បាន​ប្រទាន​ការងារ​មួយ​ដល់​លោកអ្នក​ដែរ​ឬ​ទេ? គ្រូគង្វាល​មាន​តួនាទី​យ៉ាង​ណា នោះ​លោកអ្នក​ដែល​ជា​សមាជិក​ក៏​មាន​តួនាទី​យ៉ាង​នោះ​ដែរ ហើយ​ព្រះយេស៊ូវ​បាន​អនុញ្ញាត​ឲ្យ​មាន​គ្រូគង្វាល គឺ​ដើម្បី​បង្រៀន​លោកអ្នក​ឲ្យ​ចេះ​បំពេញ​តួនាទី​របស់​ខ្លួន។

ដូច្នេះ ប្រសិន​បើ​គម្រោង​ការ​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះយេស៊ូវ គឺ​ដើម្បី​ឲ្យ​សមាជិក​ម្នាក់ៗ​មាន​តួនាទី តើ​យើង​មាន​ទំនួល​ខុស​ត្រូវ​អ្វី​ខ្លះ​នៅ​ក្នុង​តួនាទី​នោះ? ខ្ញុំ​មើល​ឃើញ​ថា យ៉ាង​តិច​មាន​ទំនួល​ខុស​ត្រូវ​ប្រាំពីរ​យ៉ាង ដែល​យើង​អាច​លើក​ឡើង​បាន។

១. ចូល​រួម​នៅ​ព្រះវិហារ​ឲ្យ​បាន​ជាប់​លាប់

ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទុក​ជា​អំណះអំណាង​ថា ខ្លួន​ជា​គ្រីស្ទបរិស័ទ ហើយ​ក៏​ជា​សមាជិក​ម្នាក់​ផង​នោះ តួនាទី​របស់​លោកអ្នក គឺ​ត្រូវ​ទៅ​ចូល​រួម​នៅ​ព្រះវិហារ​ឲ្យ​បាន​ជាប់​លាប់ ព្រោះ​ព្រះគម្ពីរ​បាន​លើក​ឡើង​អំពី​មូលដ្ឋាន​នៃ​ទំនួល​ខុសត្រូវ​នេះ​យ៉ាង​ច្បាស់។ ដូច្នេះ លោកអ្នក​អាច​ស្រឡាញ់ អាច​ធ្វើ​ការ​ល្អ និង​លើក​ទឹក​ចិត្ត​អ្នកដទៃ​បាន។

«ហើយ​ចូរ​ឲ្យ​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​លើក​ទឹក​ចិត្ដ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្តិ​ល្អ។ កុំ​ឲ្យ​យើង​បោះបង់​ចោល​ការ​ជួបជុំ​គ្នា​ដូច​ជា​អ្នក​ខ្លះ​មាន​ទម្លាប់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់​មក​ជិត​ដល់​ហើយ» (ហេព្រើរ ១០:២៤-២៥ គគខ)។

នៅក្នុង ខ២៦-២៧ នៃ​កណ្ឌគម្ពីរ​ខាង​លើ​នេះ អ្នក​និពន្ធ​ក៏​បាន​ព្រមាន​អំពី​ការ​ថ្កោល​ទោស​ចុង​ក្រោយ​ផង​ដែរ ប្រសិន​បើ​លោកអ្នក​មិន​ស្ដាប់។ យើង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ណាស់។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ប្រសិន​បើ​លោកអ្នក​មិន​ចូល​រួម​ក្នុង​ក្រុមជំនុំ នោះ​លោកអ្នក​មិន​អាច​បំពេញ​ទំនួល​ខុស​ត្រូវ​ប្រាំមួយ​យ៉ាង​ផ្សេង​ទៀត​បាន​ឡើយ។ ការ​ចូល​រួម​ក្នុង​ក្រុមជំនុំ អនុញ្ញាត​ឲ្យ​លោកអ្នក​អាច​បំពេញ​ចំណុច​ទាំង​នោះ​បាន។

២. ជួយ​ការពារ​ដំណឹងល្អ

ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ទុក​ជា​អំណះអំណាង​ថា ខ្លួន​ជា​គ្រីស្ទបរិស័ទ ហើយ​ក៏​ជា​សមាជិក​ម្នាក់​ផង​នោះ លោកអ្នក​មាន​តួនាទី​ការពារ ក៏​ដូច​ជា​ថែ​រក្សា​ដំណឹងល្អ និង​ព័ន្ធកិច្ច​នៃ​ដំណឹងល្អ​ក្នុង​ក្រុមជំនុំ​ផង​ដែរ។

ចូរ​គិត​អំពី​ការ​ភ្ញាក់ផ្អើល​របស់​សាវ័ក ប៉ុល នៅ​ក្នុង​កណ្ឌគម្ពីរ កាឡាទី ១:៦ «ខ្ញុំ​ឆ្ងល់​ណាស់ ដែល​អ្នក​រាល់​គ្នា​បែរ​ចេញ​យ៉ាង​ឆាប់​រហ័ស…ហើយ​ទៅ​ឯ​ដំណឹងល្អ​ផ្សេង​ទៀត» (គគខ)។ នៅ​ក្នុង​ខ​ព្រះគម្ពីរ​នេះ គាត់​មិន​គ្រាន់តែ​និយាយ​ទៅ​កាន់​គ្រូគង្វាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​និយាយ​ទៅ​កាន់​សមាជិក​ក្រុមជំនុំ​ផង​ដែរ ហើយ​គាត់​ក៏​បាន​ប្រាប់​ពួកគេ​ឲ្យ​បដិសេធ​ចំពោះ​សាវ័ក ឬ​ក៏​ទេវតា​ណា​ដែល​មក​បង្រៀន​ដំណឹងល្អ​ខុស​ឆ្គង។

ឱ! គ្រីស្ទបរិស័ទ​គ្រប់​រូប​អើយ! នេះ​មាន​ន័យ​ថា លោកអ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រៀន​សូត្រ​ឲ្យ​យល់​ពី​ដំណឹងល្អ។ តើ​លោកអ្នក​អាច​ពន្យល់​ដំណឹងល្អ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៦០​វិនាទី​បាន​ដែរ​ឬ​ទេ? តើ​លោកអ្នក​អាច​នឹង​ពន្យល់​អំពី​ទំនាក់ទំនង​រវាង​ជំនឿ និង​ការ​ប្រព្រឹត្តិ​បាន​ដែរ​ឬ​ទេ? តើ​គ្រីស្ទបរិស័ទ​អាច​រស់​នៅ​ក្នុង​លក្ខណៈ​ដែល​មិន​ទាន់​បាន​បំផ្លាស់​បំប្រែ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន​បាន​ដែរ​ឬ​ទេ? ហេតុអ្វី? ហេតុអ្វី​បាន​ជា​គ្រីស្ទបរិស័ទ ចាំបាច់​ត្រូវ​អះអាង​អំពី​គោលជំនឿ​នៃ​ព្រះត្រៃឯក? តើ​ការ​ធ្វើ​ល្អ ការ​ប្រកប​គ្នា និង​ការ​រាក់ទាក់ អាច​នឹង​លើក​តម្កើង​ព័ន្ធកិច្ច​នៃ​ដំណឹងល្អ​យ៉ាង​ដូច​ម្ដេច? តើ​ហេតុអ្វី​បាន​ក្រុមជំនុំ​មិន​គួរ​អនុញ្ញាត​ឲ្យ​គោលការណ៍​នៃ​គណបក្ស​ណា​មួយ មក​ប៉ះពាល់​ដល់​អត្តសញ្ញាណ និង​ព័ន្ធកិច្ច​របស់​ខ្លួន?

ឱ! គ្រីស្ទបរិស័ទ​គ្រប់​រូប​អើយ! នេះ​ហើយ​ជា​សំណួរ​មួយ​ចំនួន​ដែល​លោកអ្នក​ត្រូវ​ឆ្លើយ ដើម្បី​ការពារ​ដំណឹងល្អ។ ចូរ​កុំ​ច្រឡំ​ថា ខ្ញុំ​ចង់​ឲ្យ​លោកអ្នក​ទៅ​រក​ចម្លើយ ដោយ​មិន​ពឹង​លើ​គ្រូគង្វាល​របស់​លោកអ្នក​ឡើយ។ ពួកគាត់​គួរ​តែ​មាន​ចំណែក​នៅ​ក្នុង​ការ​បង្រៀន​អំពី​ចម្លើយ​ចំពោះ​សំណួរ​នេះ។ ប្រសិន​បើ​ពួកគាត់​មិន​បង្រៀន​ចម្លើយ​ទាំង​នោះ​ទេ នោះ​ប្រហែល​ជា​មាន​ន័យ​ថា ព្រះវិហារ​របស់​លោកអ្នក​មិន​សូវ​ល្អ​ទេ។

ចូរ​ស្គាល់​ដំណឹងល្អ ហើយ​ដឹង​ថា ដំណឹងល្អ​ទាមទារ​អ្វី​ខ្លះ​នៅ​ក្នុង​ក្រុមជំនុំ និង​នៅ​ក្នុង​ជីវិត​របស់​គ្រីស្ទបរិស័ទ។

៣. ជួយ​គាំ​ទ្រ​ដល់​អ្នក​ជឿ​ដំណឹងល្អ

ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ទុក​ជា​អំណះអំណាង​ថា ខ្លួន​ជា​គ្រីស្ទបរិស័ទ ហើយ​ក៏​ជា​សមាជិក​ម្នាក់​ផង​នោះ លោកអ្នក​មាន​តួនាទី​ការពារ​ដំណឹងល្អ និង​ព័ន្ធកិច្ច​នៃ​ដំណឹងល្អ តាមរយៈ​ការ​ដែល​លោកអ្នក​គាំទ្រ​ថា បុគ្គល​ម្នាក់​ជា​អ្នក​ជឿ ឬ​មិន​ជឿ​លើ​ដំណឹងល្អ។

នៅ​ក្នុង​ការ​ដាក់​វិន័យ​ក្រុមជំនុំ សាវ័ក ប៉ុល មិនមែន​និយាយ​ទៅ​កាន់​តែ​គ្រូគង្វាល​នៅ​ក្នុង​ក្រុង​កូរិនថូស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​បាន​និយាយ​ទៅ​កាន់​ក្រុមជំនុំ​កូរិនថូស​ទាំង​មូល​តែ​ម្ដង (១កូរិនថូស ៥:១-១៣; ២កូរិនថូស ២:៦-៨)។ ឱ! គ្រីស្ទបរិស័ទ​គ្រប់​រូប​អើយ! លោកអ្នក​ក៏​ដូច​គ្នា​ដែរ! លោកអ្នក​ក៏​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​កាត់​កាល ឬ​មិន​កាត់​កាល​សមាជិក​ណា​មួយ​ចោល​ដែរ ព្រោះ​ព្រះយេស៊ូវ​បាន​ប្រទាន​អំណាច​នោះ​ដល់​លោកអ្នក។ ប្រសិន​បើ​លោកអ្នក​មិន​អើពើ​ចំពោះ​ការ​នេះ​ទេ មាន​ន័យ​ថា លោកអ្នក​កំពុង​តែ​បង្កើត​ឲ្យ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ភាព​ធម្មតា ហើយ​មិន​យូរ​មិន​ឆាប់​វា​នឹង​បង្កើត​ឲ្យ​មាន​ទេវវិទ្យា​ដែល​មិន​ពឹង​លើ​ព្រះគម្ពីរ។

ប្រាកដ​ណាស់! តួនាទី​នេះ គឺ​ធំ​ជាង​ការ​ដែល​គ្រាន់​តែ​មក​ប្រជុំ ឬក៏​បោះ​ឆ្នោត​ឲ្យ​សមាជិក​ថ្មី។ ចំណុច​នេះ​មាន​ន័យ​ថា លោកអ្នក​ព្យាយាម​ស្គាល់​អ្នកដទៃ និង​ឲ្យ​អ្នកដទៃ​ស្គាល់​លោកអ្នក​ពេញ​មួយ​សប្ដាហ៍​តែ​ម្ដង។ លោកអ្នក​មិន​អាច​គាំ​ទ្រ ឬ​ក៏​មើល​ការ​ខុស​ត្រូវ​ដោយ​សេចក្ដី​ទៀងត្រង់​ចំពោះ​អ្នក​ដែល​លោកអ្នក​មិន​ស្គាល់​បាន​ឡើយ។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា លោកអ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ស្គាល់​គ្រប់​សមាជិក​ទាំង​អស់​ក្នុង​ក្រុមជំនុំ​របស់​លោកអ្នក​ឡើយ។ លោកអ្នក​ត្រូវ​តែ​សហការ​ជាមួយ​គ្នា ដើម្បី​ឲ្យ​បាន​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ ចូរ​រក​វិធីសាស្ត្រ​អញ្ជើញ​សមាជិក​នៅ​ក្នុង​ក្រុមជំនុំ​របស់​លោកអ្នក​ឲ្យ​មាន​ចំណែក​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​លោកអ្នក។ សាវ័ក ប៉ុល បាន​ផ្ដល់​វិធីសាស្ត្រ​មួយ​ចំនួន៖

«ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន ហើយ​ចូរ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ផ្ដល់​កិត្តិយស ចូរ​ឧស្សាហ៍ កុំ​ខ្ជិល​ឡើយ ចូរ​បម្រើ​ព្រះអម្ចាស់​ដោយ​វិញ្ញាណ​ឆេះឆួល។ ចូរ​អរសប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​ស៊ូទ្រាំ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​លំបាក ចូរ​អធិស្ឋាន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ចូរ​ផ្គត់ផ្គង់​ពួក​បរិសុទ្ធ​ដែល​មាន​សេចក្ដី​ត្រូវ​ការ ហើយ​ត្រូវ​ចេះ​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ផង» (រ៉ូម ១២:១០-១៣ គគខ)។

តើ​លោកអ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​មាន​ចែង​នៅ​ក្នុង​ខ​ព្រះគម្ពីរ​នេះ?

៤. ចូល​រួម​ការ​ប្រជុំ​របស់​សមាជិក

តើ​លោកអ្នក​អាច​ការពារ​ដំណឹងល្អ ហើយ​គាំ​ទ្រ​អ្នក​ជឿ​ផ្សេង​ទៀត​បាន​យ៉ាង​ដូចម្ដេច? គឺ​លោកអ្នក​អាច​ធ្វើ​ការ​នេះ​បាន​តាមរយៈ​ការ​ចូល​រួម​ក្នុង​ការ​ប្រជុំ​សមាជិក។

ក្រុមជំនុំ​នីមួយៗ​មាន​ការ​សម្រេច​ចិត្ត​ខុសៗ​គ្នា ហើយ​ការ​នោះ​គឺ​ជា​រឿង​ធម្មតា​ទេ។មិន​ថា​ក្រុមជំនុំ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​ណា​ក៏​ដោយ​អំពី​គោលជំនឿ​នៃ​ដំណឹងល្អ និង​អ្នក​ជឿ​ដំណឹងល្អ គឺ​លោកអ្នក​គួរតែ​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។

លោកអ្នក​មិន​អាច​ធ្វើ​ការ​របស់​លោកអ្នក​បាន​ឡើយ ប្រសិន​បើ​លោកអ្នក​មិន​ទៅ​កន្លែង​ធ្វើ​ការ​របស់​លោកអ្នក។

ពិត​ណាស់ ការ​ប្រជុំ​របស់​សមាជិក​តែងតែ​មាន​ប្រវត្តិ​មិន​សូវ​ល្អ ហើយ​ខ្ញុំ​យល់​ពី​អារម្មណ៍​មួយ​នោះ។ ការ​ប្រជុំ​តែងតែ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឥតប្រយោជន៍ ប៉ុន្តែ ចូរ​កុំ​បោះបង់​អាពាហ៍ពិពាហ៍​ដែល​មាន​ការ​លំបាក​ឡើយ។ ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់ ខ្ញុំ​មាន​ចំណែក​នៅ​ក្នុង​ការ​ប្រជុំ​របស់​សមាជិក​នៃ​ក្រុមជំនុំ​មួយ​ចំនួន​ដែល​ការ​ប្រជុំ​នោះ ធ្វើ​ឲ្យ​ខ្ញុំ​កក់ក្ដៅ ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ពោល​គឺ​ដូច​ជា​ការ​ដែល​គ្រួសារ​ជួបជុំគ្នា​ដែរ។ ការ​ប្រជុំ​បែប​នោះ គឺ​ពឹង​ទៅ​លើ​អ្នកដឹកនាំ​ការ​ប្រជុំ និង​របៀប​ដែល​គេ​គ្រោង​ប្រជុំ ហើយ​ក៏​ពឹង​ទៅ​លើ​លោកអ្នក​ផង​ដែរ។

៥. ដាក់​វិន័យ​លើ​សមាជិក​ក្រុមជំនុំ

ក្នុង​នាម​ជា​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ទុក​ជា​អំណះអំណាង​ថា ខ្លួន​ជា​គ្រីស្ទបរិស័ទ ហើយ​ក៏​ជា​សមាជិក​ម្នាក់​ផង​នោះ លោកអ្នក​មាន​តួនាទី​ការពារ​ដំណឹងល្អ និង​ព័ន្ធកិច្ច​នៃ​ដំណឹងល្អ តាមរយៈ​ការ​ដែល​លោកអ្នក​លើក​សមាជិក​ក្រុមជំនុំ​ឡើង។

ចូរ​ចងចាំ​កណ្ឌគម្ពីរ អេភេសូរ ៤:១៥-១៦។ ក្រុមជំនុំ​ស្ដារ​គ្នា​ឡើង​ក្នុង​ក្ដី​ស្រឡាញ់​នៅ​ពេល​ដែល​បុគ្គល​ម្នាក់ៗ​បំពេញ​ចំណែក​រៀងៗ​ខ្លួន។ លោកអ្នក​មាន​តួនាទី​ក្នុង​ការ​ស្ដារ​ក្រុមជំនុំ​ឡើង​វិញ ហើយ​ចំណែក​មួយ​នៃ​ការ​ស្ដារ​ឡើង​វិញ​នោះ គឺ​ព័ន្ធកិច្ច​នៃ​ព្រះបន្ទូល។ ប៉ុន្មាន​ខ​ក្រោយ​មក​ទៀត សាវ័ក ប៉ុល បាន​សរសេរ​ថា «កុំ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​ពាក្យ​ល្អៗ​សម្រាប់​ការ​ស្អាង​ចិត្ដ​តាម​ដែល​ត្រូវ​ការ ដើម្បី​ផ្ដល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្ដាប់» (អេភេសូរ ៤:២៩ គគខ)។ ចូរ​ញែក​ពេល​វេលា​សម្រាប់​ឲ្យ​គេ​មក​និយាយ​ជាមួយ​លោកអ្នក។ តើ​លោកអ្នក​មាន​ចិត្ត​ចង់​ស្ដាប់​គេ​ដែរ​ឬ​ទេ?

មូលដ្ឋានគ្រឹះ​នៃ​ជំនឿ​គ្រីស្ទបរិស័ទ គឺ​ការ​ស្ដារ​អ្នក​ជឿ​ដទៃទៀត​ឡើង។ នេះ​ជា​ចំណែក​នៃ​ការ​បំពេញ​មហា​បេសកកម្ម និង​ការ​បង្កើត​សិស្ស។

៦. ផ្សាយ​ដំណឹងល្អ​ដល់​អ្នកដទៃ

ប្រសិន​បើ​តាមរយៈ​ការ​រួបរួម​ជាមួយ​នឹង​លោក អ័ដាម​ទី​ពីរ ព្រះជាម្ចាស់​បាន​តាំង​លោកអ្នក​ឲ្យ​ធ្វើ​ជា​សង្ឃ​ហ្លួង នោះ​មាន​ន័យ​ថា ជីវិត​ទាំង​មូល​របស់​លោកអ្នក គួរ​តែ​បង្ហាញ​ពី​ដំណឹងល្អ ទាំង​សម្ដី និង​ទង្វើ​របស់​លោកអ្នក។ លោកអ្នក​ជា​ទូត​របស់​ព្រះជាម្ចាស់។ យើង​គួរ​តែ​លើក​យក​ការ​លើក​ទឹក​ចិត្ត និង​គំរូ​របស់​សាវ័ក ប៉ុល មក​ពិនិត្យ​មើល​ឡើង​វិញ៖

«ព្រះអង្គ​បាន​ប្រគល់​ព្រះបន្ទូល​នៃ​ការ​ផ្សះផ្សា​នោះ​ដល់​យើង ហេតុ​នេះ​យើង​ជា​ទូត​របស់​ព្រះគ្រីស្ទ​ហាក់​ដូចជា​ព្រះជាម្ចាស់​កំពុង​ដាស់តឿន​តាមរយៈ​យើង ដូច្នេះ យើង​តំណាង​ឲ្យ​ព្រះគ្រីស្ទ សូម​អង្វរ​ថា ចូរ​ផ្សះផ្សា​ជាមួយ​ព្រះជាម្ចាស់​ចុះ» (២កូរិនថូស ៥:១៩ក-២០ គគខ)។

គ្រីស្ទបរិស័ទ​គ្រប់​រូប​សុទ្ធ​តែ​បាន​ទទួល​ការ​ផ្សះផ្សា ហើយ​នេះ​មាន​ន័យ​ថា ពួកគេ​ក៏​បាន​ឮ​ដំណឹង​អំពី​ការ​ផ្សះផ្សា​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ទទូច​សូម ហើយ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​អង្គ​ផ្សះផ្សា​ជាមួយ​អ្នក​មាន​បាប​ដទៃ​ទៀត។

នេះ​គឺ​ជា​តួនាទី​របស់​លោកអ្នក ហើយ​បទ​បញ្ជា «ចូរ​ទៅ​បង្កើត​សិស្ស» ក៏​ជា​តួនាទី​របស់​លោកអ្នក​ផង​ដែរ (ម៉ាថាយ ២៨:១៩ គគខ)។

៧. ដើរ​តាម​អ្នកដឹកនាំ​របស់​លោកអ្នក

គ្រូគង្វាល និង​អ្នកដឹកនាំ​មាន​តួនាទី​បង្រៀន​ដល់​ពួក​បរិសុទ្ធ (សមាជិក​ក្រុមជំនុំ) ឲ្យ​ចេះ​បំពេញ​ព័ន្ធកិច្ច គឺ​បំពេញ​ចំណុច​ទាំង​ប្រាំ​មួយ​ខាង​លើ​នេះ (អេភេសូរ ៤:១២)។ ប្រសិនបើ​គ្រូគង្វាល​មិន​បង្រៀន​អំពី​ដំណឹងល្អ អំពី​ការ​វែកញែក​ដំណឹងល្អ និង​អំពី​ទំនួល​ខុស​ត្រូវ​របស់​សមាជិក​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​នោះ មាន​ន័យ​ថា គ្រូគង្វាល​កំពុង​តែ​បង្រៀន​មិន​ល្អ​អំពី​តួនាទី​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​ពួកគេ។

ឱ! គ្រីស្ទបរិស័ទ​គ្រប់​រូប​អើយ! នេះ​មាន​ន័យ​ថា លោកអ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​តាម​អ្វី​ដែល​គ្រូគង្វាល​របស់​លោកអ្នក​បង្រៀន និង​ណែនាំ​ដល់​លោកអ្នក។ ចូរ​រក្សា​ទុក​រាល់​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​លោកអ្នក​បាន​រៀន​សូត្រ​ពី​ពួកគេ (២ធីម៉ូថេ ១:១៣)។ ចូរ​ស្ដាប់​តាម​ការ​បង្រៀន ហើយ​ត្រាប់​តាម​ទង្វើ​របស់​ពួកគេ ទាំង​គោល​បំណង ជំនឿ សេចក្ដី​ស្រឡាញ់ ការ​ទ្រទ្រាំ និង​ការ​ដែល​អ្នកដទៃ​បៀតបៀន ហើយ​ធ្វើ​បាប​ពួកគេ​ផង។ (២ធីម៉ូថេ ៣:១០-១១)។

ចូរ​ធ្វើ​ជា​បុត្រាបុត្រី​ដែល​មាន​ប្រាជ្ញា​ដូច​ក្នុង​កណ្ឌគម្ពីរ​សុភាសិត ដោយ​ជ្រើសរើស​ផ្លូវ​នៃ​ប្រាជ្ញា ការ​មាន​បាន និង​ជីវិត​ដែល​កោតខ្លាច​ព្រះ ព្រមទាំង​ការ​ណែនាំ​របស់​ទ្រង់។ ប្រាជ្ញា​ល្អ​ប្រើ​ជាង​មាស​ប្រាក់​ទៅ​ទៀត។

អំណាច​តម្រូវ​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ

ព្រះគម្ពីរ​ផ្ដល់​អំណាច​ចុង​ក្រោយ ដូច្នេះ សមាជិក​ក្រុមជំនុំ​មាន​ទំនួល​ខុស​ត្រូវ។ ការ​មាន​អំណាច​ក៏​តម្រូវ​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​ផង​ដែរ។ តាមរយៈ​ការ​ចូល​រួម​ជាមួយ​ក្រុមជំនុំ លោកអ្នក​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ក្រុមជំនុំ​របស់​លោកអ្នក​បង្រៀន និង​ការ​ដាក់​វិន័យ​លើ​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុមជំនុំ​របស់​លោកអ្នក។

• លោកអ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​អ្វី​មួយ ប្រសិន​បើ​គ្រូគង្វាល​ចាប់​ផ្ដើម​បង្រៀន​ដំណឹងល្អ​ខុស​ឆ្គង។

• លោកអ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ជួយ​សមាជិក​ថ្មី​ឲ្យ​យល់​អំពី​ដំណឹងល្អ។

• លោកអ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ជួយ​សមាជិក​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ ហើយ​លោកអ្នក​ក៏​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ថែ​រក្សា និង​ការ​ថែ​បំប៉ន ដើម្បី​ឲ្យ​សមាជិក​នោះ​កាន់តែ​មាន​សភាព​ដូច​ជា​រូប​អង្គ​នៃ​ព្រះគ្រីស្ទ​ដែរ។

• លោកអ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ដេញ​សមាជិក​ចេញ​ពី​ការ​ប្រកប​គ្នា​របស់​ក្រុមជំនុំ ប្រសិន​បើ​គាត់​មិន​ប្រព្រឹត្តិ​តាម​អ្វី​ដែល​មាត់​គាត់​បាន​និយាយ។

តើ​អ្នក​ណា​បង្រៀន​លោកអ្នក​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ខាង​លើ​នេះ? គឺ​គ្រូគង្វាល​របស់​លោកអ្នក។ ចូរ​ដាក់​បញ្ចូល​នូវ​ទំនួល​ខុស​ត្រូវ​របស់​លោកអ្នក​ជាមួយ​នឹង​ទំនួល​ខុស​ត្រូវ​របស់​ពួកគេ នោះ​លោកអ្នក​នឹង​ទទួល​បាន​គម្រោងការ​ដែល​ព្រះយេស៊ូវ​មាន​សម្រាប់​ការ​បង្កើត​សិស្ស។

លើស​ពី​៧៥​នាទី

នៅ​ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ជា​សមាជិក​ក្នុង​ក្រុមជំនុំ​របស់​ខ្ញុំ យើង​តែងតែ​ឲ្យ​ក្រុម​គ្រូគង្វាល​សម្ភាស​ពួកគេ ហើយ​សុំ​ឲ្យ​ពួកគេ​ចែក​ចាយ​ទី​បន្ទាល់​របស់​ខ្លួន និង​ពន្យល់​ដំណឹងល្អ​ដល់​យើង។ ក្រោយ​ពី​យើង​បាន​សម្ភាស​ពួកគេ​រួច​ហើយ ប្រសិន​បើ​យើង​ចង់​ប្រាប់​ក្រុម​ជំនុំ​ថា យើង​ចង់​ឲ្យ​ពួកគេ​ក្លាយ​ជា​សមាជិក​នៅ​ក្នុង​ក្រុមជំនុំ​របស់​យើង គឺ​ខ្ញុំ​តែងតែ​លើក​ឡើង​ថា៖

«មិត្ត​អើយ! តាមរយៈ​ការ​ចូល​រួម​ក្នុង​ក្រុមជំនុំ​នេះ លោកអ្នក​នឹង​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ជាមួយ​ក្រុមជំនុំ​ក្នុង​ការ​ដែល​យើង​បន្ត​ប្រកាស​ដំណឹងល្អ​យ៉ាង​ត្រឹមត្រូវ ឬ​ក៏​អត់។ នេះ​មាន​ន័យ​ថា លោកអ្នក​នឹង​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វីៗ​ដែល​ក្រុមជំនុំ​នេះ​បង្រៀន ក៏​ដូច​ជា​សមាជិក​នឹង​បន្ត​រស់​នៅ​ដោយ​ស្មោះ​ត្រង់ ឬ​ក៏​អត់​នោះ​ដែរ។ ថ្ងៃ​មួយ លោកអ្នក​នឹង​ឈរ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​របស់​ព្រះជាម្ចាស់ ហើយ​រៀបរាប់​អំពី​របៀប​ដែល​លោកអ្នក​ប្រើប្រាស់​អំណាច​នេះ។ តើ​លោកអ្នក​ហ៊ាន​អង្គុយ​ចុះ ដោយ​មិន​ទាន់​ឲ្យ​គេ​ស្គាល់​លោកអ្នក ហើយ​ចំណាយ​ពេល​៧៥​នាទី ដើម្បី​ស្ដាប់​គេ​រាល់​ថ្ងៃ​អាទិត្យ​ដែរ​ឬ​ទេ? ឬ​តើ​លោកអ្នក​ហ៊ាន​ចូល​រួម​ដោយ​អស់​ពី​ចិត្ត និង​សិក្សា​អំពី​ដំណឹងល្អ ដោយ​ព្រោះ​នោះ​ជា​រង្វាន់​ដ៏​ល្អ​បំផុត ព្រម​ទាំង​បង្កើត​ទំនាក់ទំនង ក៏​ដូចជា​បង្កើត​សិស្ស​ដែរ​ឬ​ទេ? យើង​ត្រូវ​ការ​អ្នក​ច្រូត​ថែម​ទៀត ហើយ​យើង​សង្ឃឹម​ថា លោកអ្នក​នឹង​ចូល​រួម​ជាមួយ​យើង។

ចុះ​ចំណែក​លោកអ្នក​វិញ តើ​លោកអ្នក​យល់​អំពី​ព័ន្ធកិច្ច​នេះ​ដែរ​ឬ​ទេ?

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Jonathan Leeman
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទ្រង់​​ទទួល​យក​ចរិត​ហ្សីន​របស់​ខ្ញុំ

ទំនួល​ខុស​ត្រូវ