បុណ្យណូអែល៖ ការអស្ចារ្យអំពីការដែលព្រះបន្ទូលដ៏គង់នៅគ្រប់ទីកន្លែងបានយាងមកយកកំណើតជាមនុស្ស
«ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ»
(ហេព្រើរ ១៣:៨)
រៀងរាល់ឆ្នាំ នៅពេលនេះគឺជាពេលដែលយើងអបអរសាទរអំពីកំណើតរបស់ព្រះឱរសព្រះយេស៊ូវ និងអំពីស្ត្រីព្រហ្មចារី ម៉ារា។ល។ ខ្ញុំគិតថា មិនមែនមនុស្សគ្រប់គ្នាដែលកំពុងអបអរសាទរបុណ្យណូអែល ដឹងថាខ្លួនកំពុងអបអរសាទរការដែលទ្រង់យាងមកយកកំណើតជាមនុស្សទេ។ ការអស្ចារ្យផ្សេងៗទៀតដែលបានកើតឡើង គឺ ដោយសារតែការអស្ចារ្យដ៏សំខាន់នេះ៖ ព្រះបានយកកំណើតជាមនុស្ស។ ក្នុងការដែលទ្រង់យាងមកយកកំណើតជាអ្នកស្រុកណាសារ៉ែតឈ្មោះយេស៊ូវ តាមរយៈការយាងមកសណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបន្ទូលមិនបានឈប់ធ្វើជាព្រះនោះឡើយ។ ព្រះឱរសយេស៊ូវមានភាពជាព្រះ១០០% និងមនុស្ស១០០% តាំងពីពេលដែលទ្រង់បានយាងមកទុំនៅក្នុងផ្ទៃពោះរហូតដល់ពេលទ្រង់ប្រសូតមកក្នុងស្នូកសត្វ។
នោះហើយជាអត្ថន័យនៃបុណ្យណូអែល (Charlie Brown)។
យើងនឹងមានអារម្មណ៍ស្មុគ្រស្មាញយ៉ាងខ្លាំង នៅពេលដែលយើងចំណាយពេលវេលាយូរក្នុងការគិតអំពីការដែលព្រះយេស៊ូវជាព្រះ១០០% និងជាមនុស្ស១០០% ក្នុងពេលតែមួយ។ ទោះបើគោលជំនឿនៃការយាងមកយកកំណើតពិតជាមានការបង្ខិតបង្ខំចំពោះយើង មានចំណុចដ៏អស្ចារ្យ មានភាពស៊ីគ្នានឹងព្រះបន្ទូល និងចំណុចចាំបាច់សម្រាប់ការសង្គ្រោះក៏ដោយ ក៏នៅមានចំណុចដែលពិបាកយល់ផងដែរ។ ប៉ុន្តែ មិនថ្វីទេ។ បើនិយាយឲ្យចំទៅ ការដែលព្រះយេស៊ូវយាងមកយកកំណើតជាមនុស្សមិនមែនដើម្បីឲ្យយើងវិភាគទេ តែដើម្បីឲ្យយើងថ្វាយបង្គំវិញ។
ប៉ុន្តែ នៅពេលដែលយើងអានកណ្ឌគម្ពីរ កូឡុស ២:៩ «ដ្បិតមានគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះសណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង» យើងនឹងកាន់តែពិបាកយល់អំពីការយាងមកយកកំណតើតបស់ទ្រង់។ ព្រះឱរសយេស៊ូវ ដែលគេបានរុំនឹងសំពត់ផ្ដេកនៅក្នុងស្នូកសត្វ ក៏នៅតែជាព្រះដ៏គង់នៅគ្រប់ទីកន្លែងនៃចក្រវាឡទាំងមូលដដែល។ ការដែលព្រះអង្គគង់នៅគ្រប់ទីកន្លែង គឺជាលក្ខណៈសម្បត្តិមួយរបស់ទ្រង់ដែលយើងមិនអាចនិយាយរំលងបាន។ ព្រះអង្គមិនអាចមិនគង់គ្រប់ទីកន្លែងបានឡើយ។ ដូច្នេះ ចំពោះចំណុចដែលថា ព្រះយេស៊ូវគ្រីស្ទជាព្រះដែលបានយាងមកយកកំណើតជាមនុស្ស មិនអាចមានន័យថា ទ្រង់លែងគង់នៅគ្រប់ទីកន្លែងទៀតនោះទេ។
លោកគ្រូ លូវី ប៊័រខោថ៍ (Louis Berkhof) បានឯកភាពដោយលើកឡើងថា៖
«គោលជំនឿនៃការបង្កើត និងគោលជំនឿនៃការយាងមកយកកំណើតជាមនុស្ស តែងតែនាំមកនូវបញ្ហាមួយត្រង់កន្លែងដែលយើងព្យាយាមរកចំណុចភ្ជាប់ជាមួយនឹងការដែលថា ព្រះជាម្ចាស់មិនមានការបំផ្លាស់បំប្រែ… ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនៅតែអាចដោះស្រាយបញ្ហានេះបានដែរ៖ យើងត្រូវតែទទួលស្គាល់ថា ភាពជាព្រះរបស់ព្រះជាម្ចាស់មិនបានទទួលការផ្លាស់ប្រែឡើយ នៅពេលដែលទ្រង់យាងមកយកកំណើតជាមនុស្ស ។»
លោកអ្នកប្រហែលជានិយាយថា «ថាម៉េច?»។ តើព្រះយេស៊ូវមិនបានឈប់រាប់សេចក្ដីដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ទេឬអី? មែន! ប៉ុន្តែ អ្វីដែលលោកសាវក ប៉ុល កំពុងនិយាយនៅក្នុងកណ្ឌគម្ពីរ ភីលីព ២:៥-៨ មិនមែនអំពីចំណុចដែលថា ព្រះយេស៊ូវលែង «រាប់» ឬក៏ «នៅរាប់» ភាពជាព្រះដ៏ពេញសិទ្ធិរបស់ទ្រង់ទេ ប៉ុន្តែអ្វីដែលសាវក ប៉ុល កំពុងនិយាយនោះគឺអំពីចំណុចដែលថា ទ្រង់មិនបានយកផលប្រយោជន៍ ឬភាពស្មើនឹងព្រះមកទាស់នឹងបទពិសោធន៍នៃភាពជាមនុស្ស១០០%របស់ទ្រង់។ អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់មិនបានទាញហ្វ្រាំងសង្គ្រោះបន្ទាន់ទេ។
ផ្ទុយទៅវិញ អ្វីដែលយើងមើលឃើញនៅក្នុងការអស្ចារ្យនៃការដែលព្រះយេស៊ូវជាព្រះផង និងជាមនុស្សផង គឺជាការពង្រីកដ៏អស្ចារ្យមួយ មិនមែនជាការបង្រួញនោះទេ។ ប្រាកដណាស់ ព្រះយេស៊ូវបាន «លះបង់ព្រះអង្គទ្រង់» (ភីលីព ២:៧) ប៉ុន្តែនេះមិនមែនមានន័យថា ទ្រង់បានបាត់បង់ភាពជាព្រះរបស់ទ្រង់ទេ តែផ្ទុយទៅវិញ វាជាការវាយតម្លៃទៅលើភាពសុញគំនិតអំពីការយាងមកយកកំណើតជាមនុស្សប៉ុណ្ណោះ។ ការយាងមកយកកំណើតជាមនុស្ស គឺជាការដែលព្រះយេស៊ូវបានស្ម័គ្រព្រះទ័យក្នុងការដាក់ចុះនូវភាពជាព្រះរបស់ទ្រង់ ដោយបដិសេធមិនប្រើភាពជាព្រះនោះតាមដែលទ្រង់ចង់ប្រើ មិនមែនជាការដាក់ចុះបែបដកចេញនូវភាពជាព្រះរបស់ទ្រង់ចោលនោះទេ។ នេះមានន័យថា មិនមែនក្នុងពេលតែមួយ ទ្រង់បាត់បង់ភាពជាព្រះដោយព្រោះទ្រង់បានយាងមកយកកំណើតជាមនុស្ស ឬក៏ថាទ្រង់បានបាត់បង់ភាពជាមនុស្សដោយសារទ្រង់ជាព្រះនោះទេ។
លោកគ្រូ ចន កាល់វិន (John Calvin) បានលើកឡើងថា៖
«ដ្បិតសូម្បីតែព្រះបន្ទូលដែលមិនអាចវាស់ស្ទង់បាន នៅពេលដែលទ្រង់រួបរួមជាមួយមនុស្សក្លាយទៅជាបុគ្គលតែមួយ ក៏យើងមិនត្រូវគិតថា ទ្រង់បាត់បង់ភាពជាព្រះរបស់ទ្រង់ដែរ។ នេះជាចំណុចមួយដ៏អស្ចារ្យ៖ ព្រះរាជបុត្រានៃព្រះបានយាងចុះពីស្ថានសួគ៌មកផែនដីក្នុងលក្ខណៈដែលថា ទោះបីជាទ្រង់បានយាងមកយកកំណើតក្នុងផ្ទៃស្ត្រីក្រមុំព្រហ្មចារី ហើយរស់នៅលើផែនដីនេះ និងត្រូវបានគេឆ្កាងក៏ដោយ ក៏ទ្រង់មិនបានចេញពីស្ថានសួគ៌ដែរ ប៉ុន្តែទ្រង់បានបន្តគង់នៅលើពិភពលោកនេះ ដូចដែលទ្រង់បានគង់នៅតាំងពីដើមមកម៉្លេះ»។
តាមរយៈសម្ដីរបស់លោកគ្រូ ចន កាល់វិន (John Calvin) ការដែលព្រះជាម្ចាស់បានយាងមកយកកំណើតជាមនុស្សតាមរយៈព្រះគ្រីស្ទ មិនមែនមានន័យថា ទ្រង់បានយាងចេញពីស្ថានសួគ៌នោះទេ តែគឺទ្រង់បានយាងចុះមកផែនដីនេះទេតើ ហើយវាលើសពីការដែលទ្រង់យាងចេញទៅទៀត។ នៅក្នុងសេចក្ដីអត្ថាធិប្បាយរបស់គាត់អំពីកណ្ឌគម្ពីរ យ៉ូហាន គាត់បានសរសេរថា «ព្រះគ្រីស្ទដែល «គង់នៅស្ថានសួគ៌» បានបំពាក់សណ្ឋានជាមនុស្ស ដើម្បីឲ្យទ្រង់លូកព្រះហស្ដរបស់ទ្រង់មកលើយើង ដើម្បីនឹងលើកយើងឡើងទៅស្ថានសួគ៌ជាមួយនឹងទ្រង់ផ្ទាល់។»
ចូរយើងទទួលយកចំណុចរបស់លោកគ្រូ ចន កាល់វិន (John Calvin)៖ នេះជាចំណុចមួយដ៏អស្ចារ្យ ! នៅថ្ងៃបុណ្យណូអែលនេះ ចូរយើងទទួលយកការអស្ចារ្យនៃការយាងមកយកកំណើតជាមនុស្សរបស់ព្រះគ្រីស្ទ ដែលការនោះបានសម្ដែងឲ្យយើងឃើញអំពីភាពជាព្រះ១០០% និងជាមនុស្ស១០០%របស់ព្រះយេស៊ូវ ព្រោះការនោះបានប្រកាសដល់យើងអំពីដំណឹងល្អដ៏ធំបំផុតនៃភាពជាព្រះ១០០%សម្រាប់ភាពជាមនុស្ស១០០%។
មតិយោបល់
Loading…