in

​ធ្វើ​​គំរូ​​ក្នុង​ការ​ប្រព្រឹត្ត

Do You Set an Example in Your Conduct?

ថ្ងៃ​នេះ ខ្ញុំ​ចង់​បំភ័យ​បងប្អូន​បន្តិច។ យ៉ាង​ហោច​ណាស់ ខ្ញុំ​ចង់​សម្លុត​បងប្អូន​បន្តិច។ តាម​ពិត​ទៅ ខ្ញុំ​ចង់​ឲ្យ​ព្រះ​គម្ពីរ​បំភ័យ និង​សម្លុត​បងប្អូន ដើម្បី​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​ធ្វើ​នូវ​អ្វី​មួយ​ដែល​បងប្អូន​ដឹង​ថា​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន។ ការ​លើក​ទឹក​ចិត្ត​នេះ​គឺ​សម្រាប់​គ្រីស្ទ​បរិស័ទ​គ្រប់​រូប ប៉ុន្តែ​ជា​ពិសេស​គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ដល់​គ្រីស្ទ​បរិស័ទ​ដែល​មាន​វ័យ​ក្មេង ពោល​គឺ​ក្មេង​ជំទង់ និង​អ្នក​ដែល​មាន​អាយុ​២០​ឆ្នាំ​ជាង។

១ធីម៉ូថេ ៤:១២ ចែង​ថា «កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​ខាង​ឯ​ពាក្យ​សម្ដី ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​សេចក្ដី​បរិសុទ្ធ» (គគខ)។ ទោះ​បី​ជា​លោក ធីម៉ូថេ នៅ​ក្មេង​នៅ​ឡើយ​ក៏​ដោយ ក៏​សាវ័ក ប៉ុល នៅ​តែ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​រស់​នៅ​ដោយ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដទៃ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ ហើយ​ត្រាប់​តាម​គាត់ ពោល​គឺ​ឲ្យ​គាត់​រស់​នៅ​ក្នុង​របៀប​មួយ​ដែល​បង្ហាញ​ថា គាត់​ពិត​ជា​មាន​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​ត្រាប់​តាម

ចូរ​ធ្វើ​ជា​គំរូ​ក្នុង​ការ​ប្រព្រឹត្ត​របស់​បងប្អូន

ខ្ញុំ​គិត​ថា បងប្អូន​បាន​ដឹង​ហើយ​ថា ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​រស់​នៅ​ដោយ​ធ្វើ​ជា​គំរូ​នៅ​ក្នុង​អាកប្បកិរិយា​របស់​បងប្អូន។ ឪពុកម្ដាយ​តែង​តែ​ប្រាប់​ដល់​កូន​បង​ឲ្យ​ធ្វើ​ជា​គំរូ​ដល់​បងប្អូន​របស់​ខ្លួន។ ព្រះ​គម្ពីរ​បាន​ប្រាប់​គ្រីស្ទ​បរិស័ទ​ក្មេងៗ​អំពី​អត្ថ​ប្រយោជន៍​នៃ​ជីវិត​រស់​នៅ​របស់​ពួក​គេ ចំពោះ​ភ្នែក​អ្នក​មិន​ជឿ​នៅ​លើ​ផែន​ដី​នេះ។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​មាន​អាកប្បកិរិយា​ដែល​បង្ហាញ​ពី​ព្រះ​គ្រីស្ទ​នៅ​គ្រប់​ទី​កន្លែង ឧទាហរណ៍ នៅ​សាលា​រៀន នៅ​កន្លែង​ធ្វើ​ការ នៅ​ពេល​បងប្អូន​និយាយ​លេង​ជាមួយ​អ្នក​ជិត​ខាង និង​ជាមួយ​អ្នក​ទិញ​អីវ៉ាន់ ក៏​ដូច​ជា​នៅ​ពេល​ដែល​បងប្អូន​ជួប​ជុំ​ជាមួយ​នឹង​ក្រុម​គ្រួសារ​ផង​ដែរ ពោល​គឺ​បងប្អូន​មិន​ធ្វើ​អ្វី​ដែល​អ្នក​មិន​ជឿ​ធ្វើ មិន​មើល​អ្វី​ដែល​អ្នក​មិន​ជឿ​មើល មិន​សើច​អំពី​អ្វី​ដែល​អ្នក​មិន​ជឿ​សើច។ បងប្អូន​ត្រូវ​រស់​នៅ​ដូច​ជា​អំបិល និង​ពន្លឺ​ចំពោះ​អស់​អ្នក​ដែល​រស់​នៅ​ជុំវិញ​ខ្លួន (ម៉ាថាយ ៥:១៣-១៦)។ បងប្អូន​ដឹង​អំពី​ការ​នេះ​ហើយ។ មាន​គេ​ប្រាប់​ប្អូន​អំពី​ចំណុច​ទាំង​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ។

ប៉ុន្តែ តើ​បងប្អូន​ដឹង​ថា បងប្អូន​ត្រូវ​ធ្វើ​ជា​គំរូ​ក្នុង​លក្ខណសម្បត្តិ និង​ភាព​ពេញ​វ័យ ចំពោះ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត និង​សូម្បី​តែ​គ្រីស្ទ​បរិស័ទ​ដែល​មាន​អាយុ​ចាស់​ជាង​បងប្អូន មាន​ប្រាជ្ញា​ជាង​បងប្អូន និង​កោត​ខ្លាច​ព្រះ​អង្គ​ជាង​បងប្អូនដែរ​ឬ​ទេ? ចំណុច​នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច ហើយ​តក់​ស្លុត​ណាស់! ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​នោះ​ជា​អ្វី​ដែល​សាវ័ក ប៉ុល បាន​បង្គាប់​ដល់​លោក ធីម៉ូថេ​ដែរ។ ពោល​នោះ លោក ធីម៉ូថេ​មាន​វ័យ​ក្មេង​ណាស់ គឺ​ក្មេង​រហូត​ដល់​អាច​នឹង​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​ដែល​មាន​វ័យ​ចាស់​ជាង​គាត់​មើល​ងាយ​គាត់​បាន ដោយ​សារ​ពួក​គេ​គិត​ថា លោក ធីម៉ូថេ ក្មេង​ពេក ដូច្នេះ​គាត់​មិន​អាច​បង្រៀន​ពួក​គេ​បាន​ឡើយ។ ប៉ុន្តែ​សាវ័ក ប៉ុល នៅ​តែ​ប្រាប់​លោក ធីម៉ូថេ ឲ្យ​ធ្វើ​ជា​គំរូ​ដល់​ពួក​គេ​ក្នុងការ​​ប្រព្រឹត្ត​របស់​គាត់។

«គំរូ» គឺ​ជា​ពាក្យ​ទូទៅ​មួយ។ នេះ​ជា​ពាក្យ​ដែល​និយាយ​អំពី​ចំណុច​គ្រប់​យ៉ាង​នៃ​ជីវិត។ នៅ​ក្នុង​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​គាត់​ធ្វើ ក៏​ដូច​ជា​ឥរិយាបថ​របស់​គាត់ គឺ​គាត់​ត្រូវ​តែ​ធ្វើ​ជា​គំរូ។ នៅ​ក្នុង​ចំណុច​គ្រប់​យ៉ាង​របស់​គាត់ គឺ​គាត់​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដទៃ។ គ្មាន​ចំណុច​ណា​មួយ​នៅ​ក្នុង​ជីវិត​របស់​គាត់​ដែល​គាត់​មិន​អាច «ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​ខាង​ឯ…ការ​ប្រព្រឹត្ត» ឡើយ។ លោក ធីម៉ូថេ បាន​ទទួល​ការ​បង្គាប់​នេះ ដូច្នេះ​បងប្អូន​ក៏​ត្រូវ​តែ​ទទួល​យក​ការ​បង្គាប់​នេះ​ដែរ។ បងប្អូន​មិន​អាច​បដិសេធ​មិន​ទទួល​យក​ការ​នេះ ដោយ​សារបង​ប្អូន​ជា​បុគ្គល​ដែល​មាន​វ័យ​ក្មេង​ក្នុង​ការ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដទៃ​ឡើយ។ លោកគ្រូ ភីលីព រ័យខិន (Philip Ryken) បាន​មាន​ប្រសាសន៍​ថា «លោក​អ្នក​ត្រូវ​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​របស់​លោក​អ្នក​នៅ​ផ្ទះ នៅ​ក្នុង​ក្រុម​ជំនុំ នៅ​ផ្សារ នៅ​តាម​ផ្លូវ​ថ្នល់ នៅ​កន្លែង​ដើរ​លេង និង​នៅ​កន្លែង​កាត់​សក់»។ នៅ​គ្រប់​ពេល​វេលា គ្រប់​វិធី និង​គ្រប់​ចំណុច​នៃ​ជីវិត គឺ​ព្រះ​ជាម្ចាស់​បង្គាប់​ឲ្យ​បងប្អូន​ធ្វើ​ជា​គំរូ​ពី​ការកោត​ខ្លាច​ព្រះ​ដល់​អ្នក​ជឿ​ដទៃ​ទៀត។

តើ​បងប្អូន​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​ជឿ​អំពី​ការ​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ? តើ​អ្នក​ជឿ​ដទៃ​ទៀត​សម្លឹង​មើល​មក​បងប្អូន​ដោយ​ទុក​ជា​គំរូ​ដែល​ពួក​គេ​គួរ​ត្រាប់​តាម​ដែរ​ឬ​ទេ? ខ្ញុំ​ចង់​ឲ្យ​បងប្អូន​គិត​ពី​ចំណុច​នេះ​នៅ​ក្នុង​គ្រប់​ចំណុច​ទាំង​អស់​នៃ​ជីវិត​របស់​បងប្អូន​ដោយ​ខ្លួន​ឯង​ផ្ទាល់ ព្រោះ​ខ្ញុំ​ចង់​លើក​ឡើង​តែ​ពី​ឥរិយាបថ​របស់​បងប្អូន​ទាក់​ទង​នឹង​ក្រុម​ជំនុំ​តាម​តំបន់​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​បងប្អូន​ជួប​ជុំ​គ្នា​ជាមួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត តើ​បងប្អូន​មើល​ឃើញ​ខ្លួន​ឯង​ថា បាន​ធ្វើ​ជា​គំរូ​ក្នុង​ការ​ប្រព្រឹត្ត​ដល់​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​ដែរ​ឬ​ទេ? ឱ​អ្នក​អាន​រាល់​គ្នា​អើយ! នេះ​ហើយ​ជា​អ្វី​ដែល​ព្រះ​បាន​ហៅ​បងប្អូន​ឲ្យ​មក​ធ្វើ!

តាម​រយៈ​ទស្សនៈ​របស់​គ្រីស្ទ​បរិស័ទ​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​អាយុ​ជិត​៤០​ឆ្នាំ ខ្ញុំ​អាច​លើក​ឡើង​យ៉ាង​ច្បាស់​ថា គ្មាន​អ្វី​លើក​ទឹក​ចិត្ត​ខ្ញុំ​ខ្លាំង​ជាង​ការ​ដែល​ខ្ញុំ​ឃើញ​គ្រីស្ទ​បរិស័ទ​វ័យ​ក្មេង​រស់​នៅ​ដោយ​ធ្វើ​ជា​គំរូ​នោះ​ទេ។ ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដែល​គ្រីស្ទ​បរិស័ទ​ក្មេងៗ​ជម្រុញ​ឲ្យ​ខ្ញុំ​កាន់​តែ​កោត​ខ្លាច​ព្រះ ដោយ​រស់​នៅ​ធ្វើ​ជា​គំរូ។ ដូច្នេះ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ដែល​ជា​គ្រីស្ទ​បរិស័ទ​មាន​វ័យ​ក្មេង ឲ្យ​ព្យាយាម​រស់​នៅ​ធ្វើ​ជា​គំរូ​ដល់​ក្រុម​ជំនុំ​របស់​បងប្អូន​តាម​រយៈ​ការ​ប្រព្រឹត្ត​​របស់​ប្អូន។ ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​សម្រាប់​គ្រីស្ទ​បរិស័ទ​ដែល​មាន​វ័យ​ក្មេង៖

• នៅ​ទី​នោះ។ ចូរ​ចូល​រួម​គ្រប់​ពេល​ដែល​ក្រុម​ជំនុំ​ប្រជុំ​គ្នា។ ចូរ​ទទួល​ស្គាល់​ថា ការ​ចូល​រួម​ក្នុង​ក្រុម​ជំនុំ គឺ​ជា​អាទិភាព​ចម្បង​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ហើយ​បងប្អូន​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្វី​មក​ប៉ះ​ពាល់​ពេល​វេលា​នោះ​ឡើយ លុះ​ត្រា​តែ​មាន​ករណី​លើក​លែង​ដែល​មិន​អាច​ចៀស​ផុត។ ប្រសិនបើ​បងប្អូន​អនុញ្ញាត​ឲ្យ​កីឡា​មក​ទាក់​ទាញ​បងប្អូន​ពី​អាទិត្យ​មួយ​ទៅ​អាទិត្យ​មួយ នោះ​ប្អូន​ត្រូវ​តែ​គិត​ដោយ​យក​ចិត្ត​ទុក​ដាក់​ថា តើ​ការ​ដែល​ខ្ញុំ​ទៅ​មើល​កីឡា​គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​មែន​ឬ? ចូរ​កុំ​ឲ្យ​ការ​ឈឺ​ស្កាត់​តិច​តួច​រារាំង​មិន​ឲ្យ​បងប្អូន​ទៅ​ព្រះវិហារ​ឡើយ។ ប្រសិនបើ​បងប្អូន​នៅ​រៀន​នៅ​ឡើយ ចូរ​ធ្វើ​កិច្ចការ​សាលា​ឲ្យ​ហើយ​នៅ​ថ្ងៃ​សៅរ៍ ដើម្បី​ឲ្យ​បងប្អូន​ទំនេរ​អាច​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ។ ទាល់​តែ​បងប្អូន​នៅ​ជិត​អ្នក​ផ្សេង ទើបបង​ប្អូន​អាច​ធ្វើ​ជា​គំរូ​ដល់​ពួក​គេ​បាន។

• ចូរ​ចូល​ឲ្យ​ស៊ប់។ នៅ​ពេល​ដែល​បងប្អូន​ទៅ​ដល់​ព្រះ​វិហារ ចូរ​ចូល​ឲ្យ​ស៊ប់។ វិធី​មួយ​ដែល​បងប្អូន​អាច​ធ្វើ​ការ​នេះ​បាន គឺ​ត្រូវ​មាន​ចិត្ត​រាក់​ទាក់​ក្នុង​ការ​និយាយ​ស្ដី​ជា​មួយ​អ្នក​ដទៃ និង​ស្ដាប់​គេ​នៅ​ពេល​ដែល​គេ​និយាយ។ អ្វីៗ​ដែល​បងប្អូន​​ចូល​ចិត្ត​ធ្វើ​នោះ​គឺ ការ​ទៅ​និយាយ​ជាមួយ​អស់​អ្នក​ដែល​បងប្អូន​ស្គាល់។ ដូច្នេះ​ហើយ ចូរ​ជម្រុញ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ទៅ​និយាយ​ជាមួយ​អ្នក​ដទៃ​ដែល​ខុស​ពី​ខ្លួន ពោល​គឺ​អ្នក​ដែល​មាន​វ័យ​ចាស់ ឬ​ក្មេង​ជាង​ខ្លួន មាន​សញ្ជាតិ​ខុស​ពី​ខ្លួន ឬ​ក៏​មនុស្ស​ពិការ​ជា​ដើម។ ចូរ​ធ្វើ​ជា​មិត្តភក្ដិ​ជាមួយ​អ្នក​ដែល​មិន​សូវ​មាន​គេ​រាប់​អាន ហើយ​ព្យាយាម​ស្គាល់​ពួក​គេ។

• ចូរ​ធ្វើ​ជា​អ្នក​បម្រើ។ ចូរ​ស្វែង​រក​ការ​បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស​នៅ​ក្នុង​ព័ន្ធកិច្ច​ដែល​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍។ មាន​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា ព្រះ​បាន​ត្រាស់​ហៅ​ពួក​គេ​ឲ្យ​ដឹក​នាំ​ចម្រៀង ឬ​ក៏​លេង​ភ្លេង​នៅ​មុខ​ក្រុម​ជំនុំ ប៉ុន្តែ​បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​យក​សម្រាម​បោះ​ចោល ឬ​ក៏​រៀប​ចំកៅ​អី​ឲ្យ​គេ​អង្គុយ។ ចូរ​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​ដែល​អ្នក​ដទៃ​ទៀត​គិត​ថា​ថោក​ទាប ជា​ពិសេស​កិច្ចការ​ដែល​អ្នក​ដទៃ​ទៀត​មិន​ចង់​ធ្វើ ហើយ​ចូរ​ធ្វើ​កិច្ចការ​ទាំង​នោះ​ដោយ​អំណរ ក៏​កុំ​ទាម​ទារ​ឲ្យ​អ្នក​ដទៃ​ទៀត​ដឹង​គុណ​ខ្លួន​ឡើយ។

• ចូរ​ធ្វើ​ឲ្យ​គេ​ឃើញ។ នៅ​ពេល​ដែល​បងប្អូន​កំពុង​ថ្វាយ​បង្គំ ចូរ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ជឿ​ដទៃ​ទៀត តាម​រយៈ​ការ​ដែល​បងប្អូន​ច្រៀង​ដោយ​អំណរ។ នៅ​ពេល​ដល់​ម៉ោង​ស្ដាប់​ការ​អធិប្បាយ ចូរ​ធ្វើ​ជា​គំរូ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​អធិប្បាយ។ នៅ​ពេល​ដែល​បងប្អូន​អនុវត្ត​នូវ​អ្វី​ដែលបង​ប្អូន​បាន​រៀន ចូរ​បង្ហាញ​ពី​ការ​នោះ​ដល់​អ្នក​ជឿ​ដទៃ​ទៀត ដោយ​ចេះ​បន្ទាប​ខ្លួន និង​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ហើយ​នៅ​ពេល​ដែល​បងប្អូន​ប្រកប​គ្នា​ជា​មួយ​ក្រុម​ជំនុំ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​គាត់ ដោយ​ហ៊ាន​លះ​បង់​ភាព​ស្រណុក​ស្រួល​របស់​ខ្លួន ដើម្បី​ប្រយោជន៍​អ្នក​ដទៃ។

ចំណុច​ខាង​លើ​នេះ គឺ​គ្រាន់​តែ​ជា​សំណូម​ពរ​មួយ​ចំនួន​ប៉ុណ្ណោះ។ តាម​រយៈ​វិធី​នេះ និង​វិធី​ផ្សេងៗ​ទៀត បងប្អូន​អាច​នឹង​ធ្វើ​ជា​គំរូ​ដល់​អ្នក​ជឿ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ នេះ​ហើយ​ជា​ការ​ត្រាស់​ហៅ​ដ៏​ខ្ពង់​ខ្ពស់ និង​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់​ចំពោះ​បងប្អូន ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ​ដែល​មាន​វ័យ​ក្មេង។ តើ​បងប្អូន​នឹង​ទទួល​យក​ការ​ត្រាស់​ហៅ​នេះ​ដែរ​ឬ​ទេ?

សំណួរ​សម្រាប់​ពិចារណា៖

១. តើ​ការ​ដែល​បងប្អូន​ដឹង​ថា ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​រស់​នៅ​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​របស់​ខ្លួន ជា​ពិសេស​គឺ​ធ្វើ​ជា​គំរូ​ដល់​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត ធ្វើ​ឲ្យ​បងប្អូន​មាន​ការ​ភ័យ​ខ្លាច​ដែរ​ឬ​ទេ?

២. នៅ​ក្នុង​ជីវិត​របស់​បងប្អូន​សព្វ​ថ្ងៃ​នេះ តើ​បងប្អូន​គិត​ថា ខ្លួន​កំពុង​បម្រើ​ដោយ​ធ្វើ​ជា​គំរូ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ដោយ​របៀប​ណា? ចូរ​អធិស្ឋាន ហើយ​អរគុណ​ព្រះ​ជាម្ចាស់។ នៅ​ក្នុង​ជីវិត​របស់​បងប្អូន​សព្វ​ថ្ងៃ​នេះ តើ​បងប្អូន​គិត​ថា ខ្លួន​កំពុង​ធ្វើ​ជា​គំរូ​អាក្រក់​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ដោយ​របៀប​ណា? ចូរ​អធិស្ឋាន ហើយ​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​អត់​ទោស​ឲ្យ​បងប្អូន ហើយ​ទូល​សូម​ទ្រង់​ឲ្យ​ប្រទាន​ព្រះ​គុណ​ដល់​បងប្អូន​ក្នុង​ការ​ផ្លាស់​ប្រែ។

៣. តើ​បងប្អូន​បម្រើ​នៅ​ក្នុង​ព័ន្ធកិច្ច​ណា​ខ្លះ ក្នុង​ព្រះ​វិហារ​របស់​បងប្អូន? តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​បងប្អូន​គិត​ថា ខ្លួន​គួរ​តែ​បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ?

៤. តើ​បងប្អូន​គិត​ថា ខ្លួន​មាន​ការ​ពិបាក​ក្នុង​ការ​ប្រកប​គ្នា​ជាមួយ​អ្នក​ដែល​មាន​លក្ខណៈ​ខុស​ពី​បងប្អូន​ដែរ​ឬ​ទេ? តើ​បងប្អូន​នឹង​ផ្លាស់​ប្ដូរ ឬ​ក៏​មិន​ផ្លាស់​ប្ដូរ​?

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ត​តយុទ្ធ

ហេតុផល​ហាសិប​យ៉ាងដែល​ព្រះគ្រីស្ទ​យាង​មក​សុគត