in

ការ​ប្រើ​ភាព​កម្សោយ

God Loves to Work in Our Weakness

ទោះ​បី​ជាថ្មីៗ​នេះ ខ្ញុំ​ទើប​តែ​ឈប់​ទៅ​ពេទ្យ​មើល​ជំងឺ​មហារីក​របស់​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​ខ្សោយ​ខ្លាំង​ដដែល ហើយ​ក៏​មាន​ដែន​កំណត់​នៅ​ក្នុង​អ្វីៗ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ក្នុង​នាម​ជា​គ្រូ​បង្រៀន​ពេញ​ម៉ោង
និង​ក្នុង​ទំនាក់​ទំនង​ជាមួយ​មិត្តភក្ដិ បងប្អូន និង​អ្នក​ជិត​ខាង​ជា​ច្រើន​ទៀត។

បទ​ពិសោធន៍​នៃ​ភាព​កម្សោយ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាក់អន់​ចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​តាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ វា​ក៏​បាន​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​ខ្ញុំ និង​អ្នក​ដទៃ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យប្រើ​ប្រាស់​រាល់​ភាព​កម្សោយ និង​ដែន​កំណត់​របស់​យើង ដើម្បី​រំឭក​យើង​ពី​សេចក្ដី​ពិត​ដ៏​សំខាន់ៗ ហើយ​ក៏​ដើម្បី​បន្សុទ្ធ​ទំនុក​ចិត្ត​របស់​យើង​លើ​ទ្រង់​ជា​ថ្មីដែរ។

១. ភាព​កម្សោយ​រំឭក​យើង​ថា ជីវិត​របស់​យើង​គឺ​ពឹង​លើ​ព្រះ​ជាម្ចាស់​ទាំង​ស្រុង

កម្សោយ​រំឭក​យើង​ថា ជីវិត​របស់​យើង ​គឺ​ប្រៀប​ដូច​ជា​ចំហាយ​ទឹក គ្រប់​ទាំង​មនុស្ស​ប្រៀប​ដូច​ជា​ស្មៅ។ ​កម្សោយ​រំឭក​យើង​ថា ព្រះ​ជាម្ចាស់​ជា​អ្នក​ដែល​ប្រទាន​គ្រប់​ខ្យល់​ដង្ហើម​ដល់​សួត​របស់​យើង ក៏​ដូច​ជា​គ្រប់​ចង្វាក់​បេះដូង​របស់​យើង​ដែរ។ ទ្រង់​បាន​គ្រោង​ទុក​នូវ​ថ្ងៃ​ស្លាប់​របស់​យើង (យ៉ូប ១៤:៥; ទំនុកដំកើង ១៣៦:១៦)។ ទ្រង់​ជា​ព្រះ​អាទិករ​ដែល​ទ្រទ្រង់​គ្រប់​អ្វីៗ​ទាំង​អស់​តាម​រយៈ​ព្រះ​បន្ទូល​ដ៏​មាន​​អំណាច​របស់​ទ្រង់ ទ្រង់​ទ្រទ្រង់​សូម្បី​តែ​ជីវិត​ដ៏​គ្មាន​តម្លៃ​របស់​យើង (ហេព្រើរ ១:៣)។ យើង​មិន​គួរ​រស់នៅ​ដោយ​មិន​ចេះ​អរគុណ​ព្រះ​ជាម្ចាស់​សម្រាប់​ជីវិត​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​ឡើយ។

ការ​រំឭក​មួយ​នេះ​គួរ​បង្កើត​ចិត្ត​ដែល​ចេះ​អរ​ព្រះ​គុណ និង​ចិត្ត​ដែល​ចេះ​បន្ទាបខ្លួន

ជា​រឿយៗ នៅ​ពេល​ដែល​យើង​សុខ​សប្បាយ គឺ​យើង​តែងតែ​ប្រឈម​មុខ​នឹង​សេចក្ដី​ល្បួង​ក្នុង​ការ​ភ្លេច​​ពឹង​លើ​ព្រះ​ជាម្ចាស់​ចំពោះ​គ្រប់​អ្វីៗ​ទាំង​អស់ (ចោទិយកថា ៦:១០-១២)។ នៅ​ពេល​ខ្លះ ​យើង​ដាក់​ទំនុក​ចិត្ត​លើ​ប្រាក់​សន្សំ ប្រាក់​ខែ​ថ្លៃ ជ័យ​ជម្នះ​ក្នុង​ព័ន្ធកិច្ច ការ​មាន​សុខភាព​ល្អ ឬ​ក៏​ការ​ចេះ​រាក់ទាក់​ចំពោះ​អ្នក​ដទៃ (ទំនុកតម្កើង ២០:៧)។ នៅ​ពេល​ដែល​​កម្សោយ​របស់​យើង​រំឭក​យើង​ថា យើង​ពឹង​លើ​ព្រះ​ជាម្ចាស់ និង​លើ​ការ​គ្រោង​ទុក​របស់​ទ្រង់​សម្រាប់​ជីវិត និង​ខ្យល់​ដង្ហើម​របស់​យើង នោះ​យើង​នឹង​ទទួល​បាន​​អំណរ​ក្នុង​ការ​ដឹង​ថា យើង​មាន​ជីវិត​ព្រោះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​មាន​ជីវិត។

២. ភាព​កម្សោយ​រំឭក​យើង​ថា ព្រះ​ជាម្ចាស់​នឹង​ប្រទាន​រូបកាយ​ថ្មី​ដល់​យើង

ការ​​ឈឺចាប់ និង​ការ​ដែល​យើង​មិន​មាន​លទ្ធភាព​​ធ្វើ​អ្វី​មួយ​បាន គឺ​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា នៅ​ពេល​អនាគត ​យើង​នឹង​ទទួល​បាន​រូបកាយ និង​ព្រលឹង​ដ៏​ល្អ​ឥត​ខ្ចោះ។ ការ​ដែល​យើង​មាន​អារម្មណ៍​ថា យើង​ជាប់​ជើង​ម្ខាង​នៅ​ក្នុង​ផ្នូរ គឺ​ជា​ការ​រំឭក​ឲ្យ​ដឹង​ថា​ យើង​ជាប់​ជើង​ម្ខាង​ទៀត​នៅ​ឯ​ស្ថាន​សួគ៌។ ការ​ដែល​យើង​កាន់​តែ​ខ្សោយ​ទៅៗ គឺ​ជា​ការ​រំឭក​ឲ្យ​ដឹង​ថា​ យើង​កំពុង​​តែ​រង់ចាំ​ការ​ដែល​យើង​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ។
លោក​គ្រូ ជេ. អាយ. ភេគ័រ បាន​សរសេរ​ដូច​នេះ​​ថា៖ «រូបកាយ​ថ្មី​របស់​យើង…នឹង​មាន​ការ​ស៊ី​សង្វាក់​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជាមួយ​ដួងចិត្ត​ថ្មីស្រឡាង និង​ល្អ​ឥត​ខ្ចោះ​របស់​យើង។ នោះ​ជា​សីលធម៌​ថ្មី ជា​ព្រលឹង​ និង​លក្ខណៈ​របស់​យើង»។ ​កម្សោយ​របស់​យើង​សព្វ​ថ្ងៃ​នេះ គួរ​​តែ​ធ្វើ​ឲ្យ​យើង​កាន់​តែ​ប្រាថ្នា​រង់ចាំ​ថ្ងៃ​ដែល​ព្រះ​គ្រីស្ទ​នឹង​ប្រទាន​ឲ្យ​យើង​ទទួល​បាន​រូបកាយ​ថ្មី ​ដែល «នឹង​មិន​ចុះ​អន់ថយ ប៉ុន្តែ​នឹង​នៅ​ថ្មី​រហូត​ដល់អស់​កល្ប​ជានិច្ច»។ លោក​គ្រូ ភេគ័រ បាន​លើក​ឡើង​ថា ក្ដី​សង្ឃឹម​របស់​គ្រីស្ទ​បរិស័ទ «មិន​មែន​ជា​ការ​យល់​ដោយ​មិន​ដឹង​អ្វី​សោះ​នៅ​ក្នុង​ភាព​ងងឹត​ទេ ប៉ុន្តែ​ជា​ការ​យល់​ដឹង​យ៉ាង​ពិត​ប្រាកដ​អំពី​អ្វី​ដែល​នឹង​កើត​មាន​ឡើង ព្រោះ​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​សន្យា​អំពី​ការ​នោះ»។

ការ​រំឭក​មួយ​នេះ​គួរ​បង្កើត​ឲ្យ​មាន​សេចក្ដី​ក្ដី​សង្ឃឹម​នៅ​ក្នុង​ចិត្ត ហើយ​ទ្រាំទ្រ​នៅក្នុង​ជំនឿ

កណ្ឌ​គម្ពីរ រ៉ូម ៥:១-៥ បាន​លើក​ឡើង​ថា អស់​អ្នក​ណា​ដែល​​មាន​​អំណរ​ នៅ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រងទុក្ខ នោះ​ពួក​គេ​ក៏​នឹង​ចេះ​ទ្រាំទ្រ​ក្នុង​ការ​ល្បងល ការ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់ និង​ការ​លូតលាស់​ដែល​កាន់​តែ​មាន​រូប​អង្គ​ដូច​ជា​ព្រះ​គ្រីស្ទ​ដែរ។ ការ​នេះ​អាច​កើត​មាន​ឡើង ព្រោះ​ពួក​គេ​ក្រឡេក​ត្រឡប់​ទៅ​មើល​សេចក្ដី​មេត្តាករុណា​ដែល​ឈើឆ្កាង​បាន​ផ្សះផ្សា ហើយ​ពួក​គេ​ក៏​សម្លឹង​មើល​ទៅ​ខាង​មុខ​អំពី​ការ​ដែល​ព្រះ​គ្រីស្ទ​នឹង​រំដោះ​ពួក​គេ នៅ​ពេល​ដែល​ទ្រង់​យាង​ត្រឡប់​មក​វិញ​ជា​លើក​ទៅ​ពីរ​ដែរ។ រ៉ូម ៨:២៥ បាន​លើក​ឡើង​ថា «បើ​យើង​សង្ឃឹម​នឹង​បាន​អ្វី ដែល​មើល​មិន​ឃើញ​វិញ នោះ​យើង​នឹង​រង់ចាំ​នៅ​ដោយ​អំណត់»។

៣. ភាព​កម្សោយ​រំឭក​យើង​ថា យើង​ស័ក្ដិសម​នឹង​ទទួល​សេចក្ដី​ក្រោធ មិន​មែន​ព្រះ​គុណ​ទេ

​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក រួម​ទាំង​មនុស្ស​លោក គឺ​សុទ្ធតែ​ស្ថិត​ក្រោម​ភាព​ពុករលួយ ការ​ឈឺចាប់ និង​ភាព​កម្សោយ ដោយ​ព្រោះ​តែ​អំពើ​បាប​ដែល​ឪពុកម្ដាយ​ដំបូង​យើង​បាន​ធ្វើ (រ៉ូម ៨:១៨-២១)។ យើង​ទាំង​អស់​គ្នា​ក៏​សម​នឹង​ទទួល​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ផង​ដែរ ព្រោះ​យើង​បាន​ប្រព្រឹត្ត​បាប​ដោយ​ខ្លួន​ឯង​ជា​ច្រើន (រ៉ូម ៣:២៣) ហើយ​យើង​ក៏​សម​នឹង​ទទួល​​រង​ទុក្ខ​​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​នេះ​ដែរ។ យើង​មិន​សម​នឹង​ទទួល​សិរីល្អ​ទេ សូម្បី​តែ​បន្តិច​ក៏​មិន​សម​ផង តែ​យើង​សម​នឹង​ទទួល​ទម្ងន់​នៃ​សេចក្ដី​ក្រោធព្រះ​​វិញ (២កូរិនថូស ៤:១៧)។

ប៉ុន្តែ ព្រះ​ជាម្ចាស់​បាន​ចាក់​អំណោយ​ទាន​ដ៏​ល្អៗ​ជា​ច្រើន​នៅ​ក្នុង​ជីវិត​នេះ ហើយ​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​បាន​ទទួល​អំណោយ​ទាន​ដ៏​ល្អ​បំផុត ពោល​គឺ​ព្រះ​គ្រីស្ទ​ផ្ទាល់​ដែល​ទ្រង់​ជា​ជីវិត និង​ជា​ទ្រព្យ​សម្បត្តិ​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ព្រះ​យេស៊ូវ​បាន​រំដោះ​យើង​ចេញ​ពី​សេចក្ដី​ក្រោធ​ដ៏​យុត្តិធម៌ ទ្រង់​បាន​សង្គ្រោះ​យើង ព្រះ​ជាម្ចាស់​បាន​អត់​ទោស​យើង បាន​ផ្សះផ្សា​យើង​ទៅ​កាន់​ទ្រង់​វិញ ហើយ​បាន​រាប់​យើង​ជា​​សុចរិត និង​បាន​យក​យើង​ធ្វើ​ជា​កូន​ចិញ្ចឹម​ផង​ដែរ។ នេះ​ជា​ក្ដី​មេត្តាករុណា​ដ៏​អស្ចារ្យ​មែន!

ការ​រំឭក​មួយ​នេះ​គួរ​បង្កើត​ឲ្យ​ចេះ​យល់​ចិត្ត​អ្នក​ដទៃ និង​ចេះ​សម្ដែង​សេចក្ដី​សប្បុរស

ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​មនុស្ស​ខ្សោយ​ឲ្យ​មានជីវិតរស់នៅ​ជា​ថ្មី ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ទទួល​ការ​រំឭក​ពី​សេចក្ដី​មេត្តាករុណា​ដ៏​អស្ចារ្យ និង​ការ​ដែល​ទ្រង់​អត់​ធ្មត់​ចំពោះ​គេ «ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក
ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ​គ្រីស្ទ​ដែរ។ ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន​ភ្ងា ហើយ​ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់ ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​តង្វាយ ហើយ​ជា​យញ្ញ​បូជា សម្រាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះ» (អេភេសូរ ៤:៣២-៥:២)។

៤. ភាព​កម្សោយ​បន្សុទ្ធ​យើង​ឲ្យ​កាន់​តែ​ទុក​ចិត្ត​លើ​ការ​គ្រោង​ទុក​ដែល​ប្រកប​ដោយ​ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់

យើង​រៀន​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់ នៅ​ពេល​ដែល​យើង​ដក​ពិសោធ​ពី​ការ​ដែល​ថា គ្មាន​អ្វី​អាច​ពង្រាត់​យើង​ចេញ​ពី​វិញ្ញាណ​របស់​ទ្រង់​បាន​ឡើយ។ ព្រះ​ជាម្ចាស់​មិន​ដែល​ដើរ​ចេញ​ពី​យើង ហើយ​ក៏​មិន​ដែល​បោះបង់​យើង​ចោល​ដែរ មិន​ថា​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាកធំ​ប៉ុណ្ណា​ក៏​ដោយ (យ៉ូស្វេ ១:៩; ហេព្រើរ ១៣:៥)។ យើង​យល់​ថា ទ្រង់​ជ្រាប​គ្រប់ទាំង​អស់ ​ទ្រង់​កំពុង​ធ្វើការ​​គ្រប់​ពេល​វេលា ឧទាហរណ៍៖ ក្នុង​ការ​ល្បងល​របស់​យើង ទោះ​បើ​យើង​មិន​អាច​យល់​ក៏​ដោយ។

ដូច្នេះ យើង​ក៏​ចាប់​ផ្ដើម​ឈប់​រអ៊ូរទាំ​អំពី​អ្វី​ដែល​យើង​មិន​មាន ដ្បិត​ទ្រង់​បាន​ប្រទាន​ច្រើន​ណាស់​ដល់​យើង។ យើង​ចាប់​ផ្ដើម​ចេះ​ចុះ​ចូល​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ជាម្ចាស់​នៃ​យើង​យ៉ាង​ជាប់​លាប់ មិន​ថា​ទ្រង់​នាំ​អ្វី​មក​ក្នុង​ជីវិត​យើង​ក៏​ដោយ។ ភាព​រឹង​ចចេស​របស់​យើង​ចេះ​មាន​ការ​ទន់ភ្លន់​ដោយ​ចុះចូល។ យើង​ក៏​នឹង​ចាប់​ផ្ដើម​លូតលាស់​ក្នុង​ព្រះ​គុណ និង​ចំណេះដឹង​របស់​ព្រះ​អម្ចាស់​ដែរ (២ពេត្រុស ៣:១៨)។

នៅ​ក្នុង​សៀវភៅ Finishing Our Course with Joy របស់​លោក​គ្រូ ភេគ័រ គាត់​បាន​សរសេរ​អំពី​ភាព​ពេញ​វ័យ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ថា «ភាព​ពេញ​វ័យ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ គឺជា​ការ​មាន​ទំនាក់​ទំនង​ដ៏​ស៊ី​ជម្រៅ​ជាមួយ​ព្រះ​ត្រៃឯក​របស់​យើង ​តាម​រយៈ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ជា​ការ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​អ្នក​ជឿ និង​អ្នក​មិន​ជឿ ដោយ​បង្ហាញ​ថា​ យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ យល់​ចិត្ត​ពួក​គេ មាន​ភាព​កក់​ក្ដៅ ការ​មើល​ថែ ប្រាជ្ញា ការ​យល់​ស៊ី​ជម្រៅ ការ​វែកញែក និង​ការ​យល់​ដឹង»។

ការ​រំឭក​មួយ​នេះ​គួរ​បង្រៀន​យើង​ឲ្យ​ចេះ​គិត​ពី​អ្នក​ដទៃ​យ៉ាង​ត្រឹម​ត្រូវ មិន​ថាឋានៈ​ខ្ពស់​ ឬទាប​ជាង​ខ្លួន​នោះ​ទេ

​កម្សោយ​នៅ​ក្នុង​អ្នក​ជឿ​មាន​ច្រើន​ប្រភេទ​ណាស់៖ អ្នក​ឈឺ អ្នក​ពិការ មនុស្ស​ចាស់ អ្នក​ក្រ អ្នក​ដែល​មិន​សូវ​ឆ្លាត អ្នក​ដែល​មិន​សូវ​មាន​ការងារ​ល្អៗ អ្នក​ដែល​សង្គម​មិន​រាប់​អាន (គេ​មិន​សូវ​មាន​ឱកាស​ធ្វើ​អ្វី​ទេ ដូច្នេះ​អ្នក​ដទៃ​ក៏​មិន​សូវ​មាន​ការ​រំពឹង​ពី​ពួក​គេ​ដែរ)។ ខ្ញុំ​បាន​ជួប​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ការ​រៀប​រាប់​ខាង​លើ​នេះ​ជា​ច្រើន ហើយ​ពួក​គាត់​សុទ្ធតែ​ជា​អ្នក​ដែល​ចេះ​យល់​ចិត្ត មើល​ថែ​អ្នក​ដទៃ និង​មាន​ប្រាជ្ញា​ពូកែ​ណាស់។ ព្រះ​ជាម្ចាស់​បាន​ល្បងល​ទំនាក់​ទំនង​របស់​ពួក​គេ​ជាមួយ​ទ្រង់ ហើយ​តាម​រយៈ​ការ​នោះ​យើង​ឃើញ​ថា ​ពួក​គេ​មាន​លក្ខណៈ​សម្បត្តិ​ស្មោះ​ត្រង់​ជា​មួយ​ទ្រង់។

​កម្សោយ​របស់​យើង ​គឺ​ជា​ការ​រំឭក​យើង​ថា ចំណុច​សម្គាល់​របស់​យើង​អំពី​ការ​លូតលាស់​ខាង​ឯ​វិញ្ញាណ​មិន​មែន​ជា​សមត្ថភាព​អ្វី​ដែល​លោកីយ៍​នេះ​នឹង​សរសើរ​នោះ​ទេ ឧទាហរណ៍៖ ការ​បង្កើត​ឲ្យ​មាន​ផល​ផ្លែ​ច្រើន ក៏​ដូចជា​ការ​ពូកែ​វោហារ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន។ «ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កម្សោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស» (១កូរិនថូស ១:២៧)។ ដូច្នេះ ​ចូរ​យើង​នាំ​គ្នា​ទៅ​ចំណាយ​ពេល​ជាមួយ​មនុស្ស​បែប​នោះ មិន​មែន​គ្រាន់តែ​ដើម្បី​បម្រើ​គេ​ទេ ប៉ុន្តែ​គឺ​ដើម្បី​រៀន​ពី​ពួក​គេ។ ចូរ​រៀន​ពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ចុះ។
ចូរ​មើល​ពី​ដែន​កំណត់​របស់​ពួក​គេ​ចំពោះ​ព្រះ​គ្រីស្ទ។ ចូរ​ស្ដាប់​ទីបន្ទាល់​ដែល​ពួក​គេ​រៀប​រាប់​ដោយ​​អំណរ​អំពី​សេចក្ដី​សប្បុរស ព្រះ​គុណ និង​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ចុះ។

អ្នក​ខ្សោយ​នឹង​មាន​ជ័យ​ជម្នះ​ក្នុង​លោកីយ៍​នេះ

នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល យើង​ឃើញ​មាន​ចំណុច​ជា​ច្រើនស្ដីពី​ការ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ទាញ​ចំណាប់​អារម្មណ៍​មក​លើ​ទ្រង់​ផ្ទាល់ ដោយ​ទ្រង់​បណ្ដុះ​ទំនុក​ចិត្ត​រាស្ត្រ​របស់​ទ្រង់ តាម​រយៈ​ការ​ដែល​ទ្រង់​ធ្វើ​នៅក្នុង​ជីវិត​របស់​ពួក​គេ មិន​ថា​គេ​មាន​​កម្សោយ ឬ​មាន​ដែន​កំណត់​ក៏​ដោយ។ ចូរ​ពិចារណា​ពី​លោកស្រី សារ៉ា និង​រ៉ាជែល​ដែល​ជា​ស្ត្រី​អារ អំពើ​ផ្ដេសផ្ដាស​របស់​លោក ​ម៉ូសេ ទ័ព​ដ៏​តូច​របស់​លោក ​គេឌាន នាង ​ម៉ារា​ដែល​ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ដែល​មាន​វ័យ​ក្មេង​ម្នាក់ និង​លោក ​ពេត្រុស​ដែល​ជា​មនុស្ស​ឆ្លេឆ្លា។ល។ ព្រះ​យេស៊ូវ​ផ្ទាល់​ដែល​ជា​កូន​ចៀម​ត្រូវ​គេ​សម្លាប់ ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដែរ​ថា កូន​ចៀម​ដ៏​ទន់ភ្លន់​នឹង​មាន​ជ័យ​ជម្នះ​លើ​លោកីយ៍​នេះ។

ភាព​ដ៏​អស្ចារ្យ ហើយ​ក៏​គួរ​ឲ្យ​អស់​សំណើច អំពី​ប្រាជ្ញា​នៃ​ឈើ​ឆ្កាង​ គឺ​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស​ពួក​ល្ងង់​ល្ងើ
ពួក​អ្នក​ខ្សោយ ពួក​អ្នក​អន់ និង​អស់​អ្នក​ដែល​គេ​ស្អប់ ដើម្បី​ឲ្យ​ពួក​អ្នក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស ហើយ​ក៏​ដើម្បី​នឹង​បិត​មាត់​របស់​ពួក​អ្នក​មាន​អំនួត​ដែរ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ប្រើ​ប្រាស់​រាល់​កម្សោយ និង​ដែន​កំណត់​របស់​យើង ដើម្បី​រំឭក​យើង​ពី​សេចក្ដី​ពិត​ដ៏​សំខាន់ៗ ហើយ​ក៏​ដើម្បី​បន្សុទ្ធ​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​ទ្រង់​ជា​ថ្មី​ដែរ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Travis Myers
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.desiringgod.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អំណាចនៃការ​​អត់ទោសបាប

សម្អាតបញ្ញាចិត្ត