in

របៀប​ថ្វាយ​សិរីល្អ​ដល់​ព្រះ​​នៅ​កន្លែង​ធ្វើការ

How to Glorify God at Work

មាន​គេ​សួរ​ខ្ញុំ​ថា តើ​ការ​ដែល​យើង​ត្រូវ​បង្ហាត់​បង្រៀន​យុវជន​ជំនាន់​ក្រោយ​អំពី​របៀប​ធ្វើការ គឺ​ជា​ការ​ល្អ​ដែរ​ឬ​ទេ? ខ្ញុំ​បាន​ឆ្លើយ​ថា ល្អ​ណាស់ ព្រោះ​កណ្ឌ​គម្ពីរ ១កូរិនថូស ១០:៣១ បាន​លើក​ឡើង​ថា «ដូច្នេះ ទោះ​បើ​អ្នក​បរិភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ចុះ» (គកស)។

ហើយ​គេ​ក៏​បន្ត​សួរ​ខ្ញុំ​ថា៖ តើ​យុវជន​ជំនាន់​ថ្មី​អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​បាន​ដោយ​របៀប​ណា?

ខាង​ក្រោម​នេះ​ជា​ចម្លើយ​ដែល​ខ្ញុំ​បាន​ប្រាប់​ពួក​គាត់៖

ចូរ​មាន​ការ​ពឹងពាក់

ចូរ​ទៅ​ធ្វើ​ការ​ដោយ​ពឹង​លើ​ព្រះ​ជាម្ចាស់​ទាំង​ស្រុង។ «ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង» (សុភាសិត ៣:៥-៦)។ «ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ» (យ៉ូហាន ១៥:៥)។ ប្រសិន​បើ​លោក​អ្នក​គ្មាន​ព្រះ​ជាម្ចាស់ នោះ​លោក​អ្នក​នឹង​មិន​អាច​ដក​ដង្ហើម កម្រើក គិតពិចារណា មាន​អារម្មណ៍ ឬ​ក៏​និយាយ​បាន​ឡើយ។ នេះ​ខ្ញុំ​មិន​ទាន់​បាន​លើក​ឡើង​អំពី​តម្រូវការ​ខាង​ព្រលឹង​វិញ្ញាណ​របស់​លោក​អ្នក​នៅ​ឡើយ​ផង។ ចូរ​ភ្ញាក់​ឡើង​នៅ​ពេល​ព្រឹក ហើយ​ប្រាប់​ព្រះ​ជាម្ចាស់​ថា លោក​អ្នក​ត្រូវការ​ទ្រង់​យ៉ាង​ខ្លាំង។ ចូរ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ​អង្គ។

ចូរ​មាន​ភាព​ស្មោះត្រង់

ចូរ​បង្ហាញ​ភាព​ស្មោះត្រង់​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​នៅ​កន្លែង​ធ្វើការ និង​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​ដទៃ​អាច​ទុក​ចិត្ត​បាន។ ចូរ​ទៅ​ធ្វើការ​ឲ្យ​ទៀងទាត់​ម៉ោង ហើយ​ធ្វើការ​ឲ្យ​ដល់​ម៉ោង​កំណត់។ «កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ» (និក្ខមនំ ២០:១៥)។ មាន​មនុស្ស​ជា​ច្រើន​បាន​លួច​លុយ​ពី​កន្លែង​ធ្វើការ​របស់​ខ្លួន​តាម​រយៈ​ការ​ខ្ជះខ្ជាយ​ពេល​វេលា​នៅ​កន្លែង​ធ្វើការ គឺ​ច្រើន​ជាង​ចោរ​ឆក់​កាបូប​ទៅ​ទៀត។

ចូរ​ប្រើ​ជំនាញ

ចូរ​ខំ​ប្រឹង​ធ្វើការ​ឲ្យ​បាន​ល្អ! ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​ប្រទាន​ព្រះ​គុណ​ឲ្យ​លោក​អ្នក​អាច​មាន​ភាព​ស្មោះត្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ថែម​ទាំង​ប្រទាន​ជំនាញ​ជា​អំណោយ​ទាន​ដល់​លោក​អ្នក​ទៀត​ផង។ ចូរ​ឱប​ក្រសោប​អំណោយ​ទាន​នោះ ហើយ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​លើ​ជំនាញ​ទាំង​នោះ​ចុះ។ ការ​ពឹង​ពាក់ និង​ភាព​ស្មោះត្រង់ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​លូតលាស់​ខាង​ឯ​ជំនាញ។

ចូរ​បង្កើត​ឧត្តម​ភាព

នៅ​ពេល​ដែល​លោក​អ្នក​កាន់​តែ​មាន​ឥទ្ធិពល និង​ឱកាស នោះ​ចូរ​ព្យាយាម​បង្កើត​សីលធម៌​នៅ​កន្លែង​ធ្វើការ ដើម្បី​ឲ្យ​រចនា​សម្ព័ន្ធ គោល​នយោបាយ ក្ដី​រំពឹង និង​គោល​បំណង​នៅ​កន្លែង​នោះ ឲ្យ​កាន់​តែ​ក្លាយ​ទៅ​ជា​អ្វី​ដែល​ព្រះ​គ្រីស្ទ​សព្វ​ព្រះ​ហឫទ័យ។ ចូរ​ចាំ បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​យើង គឺ​ឲ្យ​យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ហើយ​ឲ្យ​យើង​មាន​អំណរ​ក្នុង​ទ្រង់ (ទំនុកតម្កើង ១៤៥)។ នោះ​ឯង​ជា​ឧត្តម​ភាព​មួយ​ដែល​យើង​គួរ​មាន​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។

ចូរ​ជះ​ឥទ្ធិពល

ចូរ​ព្យាយាម​ជះ​ឥទ្ធិពល​នៅ​កន្លែង​ធ្វើការ​របស់​លោក​អ្នក ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​មួយ​ដែល​ជួយ​ជីវិត​អ្នក​ដទៃ ដោយ​មិន​បំផ្លាញ​ព្រលឹង​វិញ្ញាណ​របស់​ពួក​គេ។ មាន​កន្លែង​ធ្វើ​ការ​ខ្លះ ជា​កន្លែង​ដែល​ជះ​ឥទ្ធិពល​ដល់​អ្នក​ដទៃ ប៉ុន្តែ​ក៏​ជា​កន្លែង​ដែល​បំផ្លាញ​ពួក​គេ​ផង​ដែរ ឧទាហរណ៍៖ ការ​បង្កើត​រូប​អាសអាភាស វីដេអូ​ហ្គេម កន្លែង​យក​កូន​ចេញ ការ​ឆបោក​អ្នក​ដទៃ។ល។ ប៉ុន្តែ​ក៏​នៅ​មាន​កន្លែង​ធ្វើការ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​អាច​ជួយ​បង្កើត​ការ​ជះ​ឥទ្ធិពល​ដែរ ជា​កន្លែង​ដែល​ផ្ដល់​ជីវិត​ដោយ​មិន​បំផ្លាញ​ព្រលឹង​អ្នក​ដទៃ។ នៅ​ពេល​ដែល​លោក​អ្នក​មាន​ឱកាស ចូរ​ព្យាយាម​ជះ​ឥទ្ធិពល ដែល​ជា​ប្រភព​នៃ​ជីវិត​ដល់​អ្នក​ដទៃ។

ចូរ​ចេះ​ទាក់ទង​គ្នា

កន្លែង​ធ្វើការ គឺ​ជា​កន្លែង​មួយ​សម្រាប់​បង្កើត​ទំនាក់​ទំនង។ យើង​អាច​មាន​ទំនាក់​ទំនង នៅ​ពេល​ដែល​យើង​ចេះ​ទាក់ទង​គ្នា។ ចូរ​បញ្ចេញ​ទស្សនៈ​ជា​គ្រីស្ទ​បរិស័ទ​របស់​លោក​អ្នក​នៅ​ក្នុង​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក។ ចូរ​កុំ​លាក់​ពន្លឺ​របស់​លោក​អ្នក​ក្រោម​កញ្ជើ​ឡើយ តែ​ចូរ​ដាក់​នៅ​កន្លែង​ដែល​អ្នក​ដទៃ​អាច​មើល​ឃើញ។ ចូរ​ធ្វើ​ការ​ក្នុង​លក្ខណៈ​ដែល​គួរ​ឲ្យ​អ្នក​ដទៃ​ស្រឡាញ់។ ចូរ​ធ្វើ​ដោយ​ធម្មតា។ ចូរ​ធ្វើ​ដោយ​អំណរ​អរ។ ចូរ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ ព្រះ​អម្ចាស់ ទ្រង់​ល្អ​អស្ចារ្យ​ណាស់! «ចំណែក​ពួក​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ នោះ​សូម​ឲ្យ​គេ​បាន​រីក​រាយ​សប្បាយ​ក្នុង​ទ្រង់​ចុះ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់ បាន​ពោល​ជា​និច្ច​ថា សូម​ឲ្យ​ព្រះ​យេហូវ៉ា​បាន​ថ្កើង​ឡើង»
(ទំនុកតម្កើង ៤០:១៦)។

ចូរ​ស្រឡាញ់

ចូរ​បម្រើ​អ្នក​ដទៃ។ ចូរ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ទៅ​ទិញ​គុយទាវ ឬ​ក៏​ឌុប​អ្នក​ដទៃ។ ចូរ​ធ្វើ​ជា​អ្នក​រៀបចំ​កម្មវិធី។ ចូរ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​អ្នក​នៅ​កន្លែង​ធ្វើ​ការ។ ចូរ​រស់នៅ​ដោយ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា លោក​អ្នក​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ ចូរ​កុំ​គ្រាន់​តែ​ធ្វើ​​ជា​អ្នក​ដែល​បង្កើត​ភាព​អរសប្បាយ​នៅ​ចុង​សប្ដាហ៍​ឡើយ តែ​ចូរ​ធ្វើ​ជា​អ្នក​ដែល​យក​អាសា​ចំពោះ​ការ​លំបាក​ដ៏​ធ្ងន់ធ្ងរ​របស់​ពួក​គេ​នៅ​ថ្ងៃ​ដើម​សប្ដាហ៍​ដែរ។ ចូរ​ស្រឡាញ់​មនុស្ស​គ្រប់​គ្នា​​ដែល​លោក​អ្នក​ធ្វើការ​ជាមួយ ហើយ​ណែនាំ​ឲ្យ​ពួក​គេ​ស្គាល់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​អ្នក​យក​អាសា​ចំពោះ​ការ​លំបាក​ដ៏​ធ្ងន់ធ្ងរ​របស់​អ្នក​ដទៃ។

លុយ​កាក់

កន្លែង​ធ្វើការ គឺ​ជា​កន្លែង​ដែល​លោក​អ្នក​រក​លុយ ហើយ​ក៏​ជា​កន្លែង​ដែល​លោក​អ្នក​ចាយ​លុយ​ផង​ដែរ។ លុយ​កាក់​ទាំង​នោះ​ជា​របស់​ព្រះ​ជាម្ចាស់ មិន​មែន​ជា​របស់​លោក​អ្នក​នោះ​ទេ។ ព្រះ​ជាម្ចាស់​គ្រាន់​តែ​ឲ្យ​លោក​អ្នក​កាន់​លុយ​កាក់​នោះ​ទេ​តើ។ ចូរ​ប្រើ​លុយ​កាក់​ទាំង​នោះ​ដោយ​ចិត្ត​សប្បុរស ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​លោក​អ្នក​គ្រប់​គ្រង​លុយ​កាក់​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​លោក​អ្នក។ ចូរ​កុំ​ធ្វើការ​ដើម្បី​លុយ ប្រយោជន៍​នឹង​ក្លាយ​ជា​អ្នក​មាន​ឡើយ! តែ​ចូរ​ធ្វើការ​ដើម្បី​ឲ្យ​មាន​លុយ​ចែក​ដល់​អ្នក​ដទៃ និង​ដើម្បី​វិនិយោគ​ទៅ​លើ​ព័ន្ធកិច្ច​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​គ្រីស្ទ។ ចូរ​ប្រើ​លុយ​កាក់​របស់​លោក​អ្នក ដើម្បី​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​ក្នុង​លក្ខណៈ​ដែល​បង្ហាញ​ថា ទ្រង់​គឺ​ជា​សម្បត្តិ​ដ៏​ធំ​បំផុត​សម្រាប់​ជីវិត​របស់​លោក​អ្នក។

ចូរ​ចេះ​អរគុណ

ចូរ​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ព្រោះ​ទ្រង់​បាន​ប្រទាន​ជីវិត ខ្យល់​ដង្ហើម ការងារ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដល់​លោក​អ្នក។ ចូរ​ធ្វើ​ជា​មនុស្ស​ដែល​ចេះ​អរគុណ​នៅ​កន្លែង​ធ្វើការ។ ចូរ​កុំ​ធ្វើ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្អូញត្អែរ​ឡើយ។ ចូរ​សម្ដែង​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ​ជាម្ចាស់​តាម​រយៈ​ការ​បន្ទាប​ខ្លួន​ចំពោះ​អ្នក​ដទៃ​ដោយ​មាន​អំណរ​គុណ។ ចូរ​រស់នៅ​ដោយ​បង្ហាញ​ថា ខ្លួន​មាន​ពេញ​ដោយ​ក្ដី​សង្ឃឹម ចេះ​បន្ទាបខ្លួន និង​ចេះ​អរគុណ​នៅ​កន្លែង​ធ្វើការ។

មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​យើង​អាច​លើក​ឡើង អំពី​ការ​ដែល​យើង​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​នៅ​កន្លែង​ធ្វើការ។ ចំណុច​ខាង​លើ​នេះ គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ចូរ​កត់​សម្គាល់​នូវ​ចំណុច​ផ្សេងៗ​ទៀត នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​បើក​សម្ដែង​ឲ្យ​លោក​អ្នក​ឃើញ។ ចំណុច​ស្នូល​គឺ៖ មិន​ថា​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ ទោះ​បើ​ញ៉ាំ ឬ​ក៏​ផឹក​ក្ដី ចូរ​ធ្វើ​ទាំង​អស់​ដោយ​បង្ហាញ​អំពី​ភាព​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, លោក ទេព រ៉ូ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទេវវិទ្យា​ដ៏​មិន​ល្អ

ចេះ​គ្រប់​គ្រង