មិនយូរមិនឆាប់ សមាជិកក្រុមជំនុំគ្រប់ៗគ្នានឹងចាកចេញពីក្រុមជំនុំរបស់ខ្លួន។ មិនថាព្រះជាម្ចាស់ត្រាស់ហៅយើងទៅស្ថានសួគ៌ ឬយើងផ្លាស់ទៅនៅទីក្រុងផ្សេងមួយទៀត ឬក៏យើងសម្រេចចិត្តទៅសាកល្បងចូលរួមក្នុងក្រុមជំនុំនៅតំបន់ណាផ្សេងនោះទេ គឺយើងនៅតែចាកចេញទៅ។
ការចាកចេញពីក្រុមជំនុំក្នុងតំបន់ គួរតែជារឿងដ៏ពិបាកសម្រេចចិត្តមួយ។ មុននឹងសម្រេចចិត្តបែបនេះ យើងគួរនឹកចាំពីសេចក្តីស្រឡាញ់ដែលយើងមានចំពោះពួកបរិសុទ្ធ និងពីសេចក្តីស្រឡាញ់របស់ពួកគេចំពោះយើង ចងចាំពីការដែលយើងបម្រើព្រះជាមួយគ្នានៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ និងពីទុក្ខលំបាក ក៏ដូចជាអំណររួមគ្នានៅក្នុងជំនឿរបស់យើង។ ក្រុមជំនុំ គឺជាគ្រួសាររបស់យើង ដូច្នេះសូមកុំឲ្យយើងសម្រេចចិត្តចាកចេញពីគ្រួសាររបស់យើងដោយងាយៗពេក ទោះបើគ្រួសាររបស់យើងមានបញ្ហាច្រើនប៉ុណ្ណាក៏ដោយ។
ប៉ុន្តែ នៅពេលខ្លះយើងឃើញថា ខ្លួនយើងកំពុងឈរនៅលើដងផ្លូវនោះ។ ដូច្នេះ នៅពេលដែលយើងសម្រេចចិត្តថានឹងចាកចេញ យ៉ាងហោចណាស់យើងគួរធ្វើចំណុច៥យ៉ាងខាងក្រោមនេះជាមុនសិន៖
១. ចែកចាយនូវគំនិត/ហេតុផលរបស់លោកអ្នកជាមួយអ្នកដឹកនាំ
ពិតណាស់! លោកអ្នកបានគិតអំពីការចាកចេញអស់មួយរយៈពេលហើយ។ បើនិយាយឲ្យចំទៅ លោកអ្នកមិនមែនក្រោកពីគេង ហើយមានគំនិតថ្មីមួយថា ខ្ញុំនឹងស្វែងរកក្រុមជំនុំថ្មីមួយទៀត នោះទេ។ ការគិតដូច្នោះ វាកើតឡើងបន្តិចម្ដងៗទៅតាមថិរវេលារួចទៅហើយ។ លោកអ្នកបានមើលឃើញនូវការខកចិត្ត ដែលកើតតែបន្តិចបន្តួច និងការឈឺចិត្តដ៏ខ្លាំងក្លា ដែលកើតឡើងម្ដងហើយម្ដងទៀត ក៏ដូចជាការចង់បានអ្វីមួយចំនួនផងដែរ។ លោកអ្នកប្រហែលជាបានគិតអំពីការនោះយ៉ាងស្ងៀមស្ងាត់ ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ ហើយលោកអ្នកក៏ប្រហែលជាលាក់បាំងរឿងនោះក្នុងគោលបំណងល្អដែរ។ ជាដំបូង លោកអ្នកប្រហែលជាគិតថា ស្ថានភាពនឹងមានការប្រែប្រួល។ លោកអ្នកគិតថា ប្រសិនបើខ្ញុំរក្សាភាពស្ងៀមស្ងាត់ នោះវាមានភាពល្អប្រសើរជាង ហើយលោកអ្នកក៏នឹងមិន «បង្ក» រឿងដោយនិយាយអ្វីដែរ។ បន្ទាប់មក លោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកមិនចង់ឲ្យរឿងនោះលេចឮដល់អ្នកដទៃទៀត ឬក៏មិនចង់ឲ្យមាននរណាម្នាក់ឈឺចាប់ដែរ។ ចុងក្រោយ លោកអ្នកនៅតែរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកជឿថា វានឹងលែងមានការផ្លាស់ប្រែមិនថាឥឡូវនេះ ឬក៏នៅពេលអនាគត។ ឥឡូវនេះ បន្ទាប់ពីលោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ចំពោះការរិះគន់អស់រយៈពេលប៉ុន្មានខែនេះមកហើយ លោកអ្នកក៏បានសម្រេចចិត្តថា ចាកចេញ។
ប៉ុន្តែ បើលោកអ្នកចាកចេញទៅទាំងបែបនេះ នោះលោកអ្នកច្បាស់ជាបន្សល់ទុកនូវស្លាកស្នាមក្នុងក្រុមជំនុំជាមិនខាន។ សមាជិកក្រុមជំនុំនឹងងឿងឆ្ងល់អំពីការបាត់វត្តមានរបស់លោកអ្នក ហើយសួរគ្នាថា មានរឿងអីកើតឡើងចំពោះពួកគេ? ហេតុអ្វីបានជាពួកគេចាកចេញ? ពេលនោះសមាជិកក្រុមជំនុំនឹងមានអារម្មណ៍ថា លោកអ្នកបានបោះបង់ពួកគេចោល ហើយពួកគេនឹងមានការឈឺចាប់ជាមិនខាន។
មានផ្លូវចាកចេញដែលប្រសើរជាងផ្លូវខាងលើ។ សូមចែកចាយនូវគំនិតរបស់លោកអ្នកជាមួយអ្នកដឹកនាំ មុននឹងសម្រេចចិត្តចេញទៅ។ ចូរអនុញ្ញាតឲ្យពួកគេផ្ដល់យោបល់ចំពោះគំនិត និងមូលហេតុរបស់លោកអ្នក ទោះបើគាត់ផ្ដល់យោបល់ ឲ្យលោកអ្នកទៅចូលរួមជាមួយក្រុមជំនុំថ្មីក៏ដោយ។ មានរឿងពីរយ៉ាងដែលនឹងកើតមានឡើង។ លោកអ្នកនឹងទទួលបានប្រយោជន៍ពីការដែលពួកគេជួយមើលថែលោកអ្នកខាងឯវិញ្ញាណ (ហើយក៏ប្រហែលជានឹងមានការភ្ញាក់ផ្អើលចំពោះការដែលពួកគេឯកភាពជាមួយលោកអ្នក និងការដែលពួកគេទទួលស្គាល់ចំណុចរបស់លោកអ្នកដែរ)។ ហើយការធ្វើបែបនេះក៏នឹងជួយឲ្យអ្នកដឹកនាំ ព្រមទាំងសមាជិកក្រុមជំនុំទទួលបានប្រយោជន៍ពីគំនិតរបស់លោកអ្នកផងដែរ។ មានផ្លូវចាកចេញពីក្រុមជំនុំប្រកបដោយភាពជោគជ័យទាំងសងខាង ដែលប្រសើរជាងបោះបង់គេចោល។
២. ដោះស្រាយនូវទំនាស់ធ្ងន់ធ្ងរ
ខ្ញុំគិតថា ខ្ញុំក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍ដូចដែលគ្រូគង្វាលឯទៀតៗធ្លាប់ឆ្លងកាត់ដែរ៖ មានមនុស្សចូលរួមក្នុងក្រុមជំនុំដែលមានបញ្ហាជាមួយនឹងសមាជិកដទៃទៀត តែមិនព្រមដោះស្រាយជំលោះអ្វីសោះ។ ពួកគេរត់គេចចេញពីកន្លែងមួយទៅកាន់កន្លែងមួយទៀង ជាជាងដោះស្រាយបញ្ហាដែលពួកគេប្រឈមមុខ។ អ្វីដែលធ្វើឲ្យមានទំនាស់កកើតឡើងអាចជា៖ ការឈ្លោះគ្នារវាងបុគ្គល និងបុគ្គល ការក្រុមជំនុំដាក់វិន័យ ឬក៏សេចក្តីបង្រៀនខាងទេវវិទ្យា។ មិនថាលោកអ្នកមានទំនាស់អ្វីក៏ដោយ សូមកុំចាកចេញពីក្រុមជំនុំដោយមិនមានការដោះស្រាយបញ្ហាដែលកើតបានឡើងនោះឡើយ។ សូមស្ដាប់បង្គាប់តាមសេចក្តីបង្រៀនរបស់ព្រះអម្ចាស់ដែលមាននៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៥:២៣-២៤ និង១៨:១៥ចុះ។ ចូរទៅជានានឹងគ្នាតាមដែលអាចធ្វើបាន។
ប្រសិនបើលោកអ្នកស្ដាប់បង្គាប់ព្រះអម្ចាស់ដោយធ្វើតាមសេចក្តីបង្រៀននេះ មុនដែលលោកអ្នកចាកចេញទៅ នោះទាំងលោកអ្នក និងអ្នកដែលមានបញ្ហាជាមួយលោកអ្នក នឹងមានជ័យជម្នះទាំងសងខាង។ ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ នោះលោកអ្នកនឹងបានបងប្អូននោះត្រឡប់មកវិញ ហើយទំនាក់ទំនងរវាងលោកអ្នក និងគាត់ក៏នឹងបានប្រសើរឡើងវិញដែរ។ ការធ្វើបែបនេះអាចនឹងនាំលោកអ្នកឲ្យមើលឃើញថា លោកអ្នកនឹងលែងចង់ចាកចេញពីក្រុមជំនុំទៀត ហើយក៏នឹងបានភ្លក់នូវអំណរដែលផុសឡើងជាថ្មីនៅក្នុងក្រុមជំនុំដែលជាគ្រួសារធ្លាប់រួមរស់ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកដែរ។ ហើយទោះបើលោកអ្នកនៅមានចិត្តចង់ចាកចេញពីក្រុមជំនុំនោះក៏ដោយ ក៏លោកអ្នកនឹងទទួលបានបទពិសោធន៍នៃការមានសេរីភាពរួចផុតពីពិរុទ្ធភាពដែរ ពីព្រោះលោកអ្នកបាន «ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង» (អេភេសូរ ៤:៣)។ គ្រួសារថ្មីដែលជាក្រុមជំនុំថ្មីរបស់លោកអ្នកក៏នឹងទទួលយកលោកអ្នកដោយមិនមានបញ្ហាជាមួយក្រុមជំនុំចាស់របស់លោកអ្នកដែរ។
នៅក្រុមជំនុំ FBC របស់យើង យើងបដិសេធដោយមិនទទួលយកសមាជិកមកពីក្រុមជំនុំផ្សេង ដែលយើងដឹងថាពួកគេមានបញ្ហាធំជាមួយសមាជិកដទៃទៀតនៅក្នុងក្រុមជំនុំនោះឡើយ។ យើងអង្វរឲ្យពួកគេត្រឡប់ទៅដោះស្រាយបញ្ហាជាមុនសិន មុននឹងមកចូលរួមជាមួយក្រុមជំនុំរបស់យើង ហើយយើងក៏តែងតែទៅជួបជាមួយអ្នកដឹកនាំក្រុមជំនុំមុននោះជាច្រើនលើកច្រើនសារដែរ ដើម្បីឲ្យប្រាកដថា បញ្ហាត្រូវបានដោះស្រាយ។ យើងឃើញថា ការធ្វើបែបនេះ នាំឲ្យមានសន្តិភាពរវាងក្រុមជំនុំ និងក្រុមជំនុំ និងមានព្រះគុណក្នុងការផ្សះផ្សា ក៏ដូចជាមានភាពស្អាតស្អំក្នុងការចាប់ផ្ដើមថ្មីដែរ។
៣. រៀបរាប់នូវភាពពេញចិត្តរបស់លោកអ្នកចំពោះបេសកកម្មរបស់ក្រុមជំនុំនៅក្នុងជីវិតលោកអ្នក
នៅពេលដែលសមាជិកក្រុមជំនុំចាកចេញទៅភ្លាម ដោយមិនបាននិយាយអ្វីមួយមាត់ជាមួយអ្នកដឹកនាំក្រុមជំនុំសោះ នោះបង្ហាញថា ពួកគេមិនចេះអរគុណឡើយ។ ជាធម្មតា នៅពេលដែលពួកគេទទួលស្គាល់ក្នុងចិត្តថា ក្រុមជំនុំមានបញ្ហាច្រើន នោះពួកគេមិនបានគិតពីចំណុចខ្លាំង និងចំណុចល្អរបស់ក្រុមជំនុំទេ។ វាជារឿងគួរឲ្យសោកស្ដាយណាស់ ដែលភាគច្រើនយើងជ្រើសរើសធ្វើការសម្រេចចិត្តធំៗណាមួយ ដោយផ្ដោតលើចំណុចអវិជ្ជមាន ហើយបោះបង់នូវចំណុចវិជ្ជមានចោល។
ប៉ុន្តែ ខ្ញុំនៅតែជឿយ៉ាងមុតមាំថា គ្មានក្រុមជំនុំដ៏ពិតណាដែលមិនមានលក្ខណសម្បត្តិល្អនោះទេ។ សូម្បីតែក្រុមជំនុំនៅក្រុងកូរិនថូសដែលមានបញ្ហាជាច្រើន ក៏នៅតែមានគេនិយាយល្អថា «ព្រោះព្រះគុណនៃព្រះ ដែលបានផ្តល់មកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ» (១:៤) «ព្រោះអ្នករាល់គ្នាបានចម្រើនឡើងគ្រប់ជំពូក» (១:៥) «…អ្នករាល់គ្នាមិនចាញ់គេ ខាងអំណោយទានណាមួយឡើយ ទាំងចាំទំរាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់យើងរាល់គ្នា ទ្រង់លេចមកផង» (១:៧) ហើយក៏បានចាប់ផ្ដើម «…ការងារជាសាវ័ករបស់ខ្ញុំក្នុងព្រះអម្ចាស់» (៩:២)។ ពួកគេមានបញ្ហាធំៗជាច្រើន ប៉ុន្តែក៏មានកន្លែងដែលគួរឲ្យសរសើរជាច្រើនដែរ។ សាវ័ក ប៉ុល បានដឹងរឿងជាច្រើន ដែលក្នុងនាមលោកជាសាវ័ក លោកគួរតែដោះស្រាយតាមលំដាប់លំដោយក៏ដោយ ក៏លោកមិនដែលខាននឹងបញ្ជាក់ពីសេចក្តីបន្ទាល់របស់ពួកគេក្នុងព្រះគ្រីស្ទ (១:៦) និងសរសើរពីអ្វីដែលគួរនឹងសរសើរនោះដែរ។
យើងគួរតែរំឭកពីព្រះគុណរបស់ព្រះនៅក្នុងក្រុមជំនុំរបស់យើង មុនដែលយើងសម្រេចចិត្តចាកចេញទៅ។ យើងគួរតែលើកឡើងនូវចំណុចល្អៗដែលក្រុមជំនុំមានចំពោះយើង ក៏ដូចជាព្រះពរខាងឯវិញ្ញាណដែលយើងបានទទួលពីពួកគេផងដែរ។ បើមានឱកាស យើងគួរតែនិយាយពាក្យសរសើរដល់អ្នកដឹកនាំ និងសមាជិកទាំងមូល។ ខ្ញុំពេញចិត្តនឹងលិខិតលាឈប់ ដែលលិខិតទាំងនោះជួយចម្រើនកម្លាំង និងស្ដាររូបកាយក្រុមជំនុំទាំងមូលឡើង ពីព្រោះការលាឈប់របស់បងប្អូនប្រុសស្រីទាំងនោះប្រៀបដូចជាពួកគេកំពុងតែបន្តុប «ថ្មអេបេន-អេស៊ើរ» ដាក់គរលើគ្នា ហើយវាបង្ហាញពីការអស្ចារ្យនៃព្រះគុណរបស់ព្រះជាម្ចាស់ នៅពេលដែលពួកគេចាកចេញទៅ (១ស៊ាំយូអែល ៧:១២)។
សូមបងប្អូនមេត្តាកុំបង្កើតបញ្ហាដោយការលេងសើចនឹងបញ្ញាចិត្តរបស់ខ្លួន ដោយសម្រេចចិត្តចាកចេញតាមរបៀបដែលមិនល្អឡើយ។ តែចូរយកការនោះទុកជាការហ្វឹកហ្វឺនក្នុងព្រះគុណរបស់ព្រះជាម្ចាស់វិញ។ ចូរប្រាប់គេពីចំណុចដែលលោកអ្នកពេញចិត្ត នៅពេលដែលលោកអ្នកកំពុងគិតចង់ចាកចេញ ក៏ដូចជានៅពេលដែលលោកអ្នកសម្រេចចិត្តចាកចេញទៅដែរ។ ក្រុមជំនុំរបស់យើងនឹងកាន់តែមានសុខភាពល្អ ហើយមានអំណរកាន់តែខ្លាំងឡើង ប្រសិនបើយើងអះអាងគ្នា និងនិយាយពីចំណុចដែលគួរនិយាយក្នុងព្រះគុណ។
៤. និយាយថា «លាហើយ» ទៅកាន់មិត្តភក្តិ ក៏ដូចជាគ្រួសារ
ទោះបើយើងមិនសូវរវីរវល់ជាមួយក្រុមជំនុំដែលជាគ្រួសាររបស់យើងក៏ដោយ ក៏ក្រោយពេលដែលយើងចាកចេញទៅ ពួកគេនៅបន្តជាមួយក្រុមជំនុំនោះដដែល។ ពួកគេមានន័យខ្លាំងណាស់ចំពោះយើង ហើយការដែលយើងចាកចេញទៅក៏នឹងប៉ះពាល់ដល់ពួកគេខ្លាំងដែរ។ លោកអ្នកគួរតែនិយាយពាក្យថា «លាហើយ» ទៅកាន់ពួកគេដោយផ្ទាល់។ ប្រាកដណាស់ លោកអ្នកប្រហែលជាមិនចង់ឲ្យពួកគេឮពីអ្នកដទៃថា អ្នកចាកចេញ ឬចង់ឲ្យក្រុមជំនុំប្រកាសថា លោកអ្នកលែងចូលរួមហើយនោះទេ។ លោកអ្នកមិនចង់ឲ្យមិត្តភក្តិនៅក្នុងក្រុមជំនុំយល់ច្រលំថា ទំនាក់ទំនងរបស់យើងជាមួយពួកគេគ្មានអ្វីសំខាន់នោះទេ។ លោកអ្នកច្បាស់ជាមិនចង់ឲ្យពួកគេឆ្ងល់ថា តើលោកអ្នកមានដែលស្រឡាញ់ពួកគេវិញដែរឬទេ។ លោកអ្នកមិនចង់ឲ្យការដែលយើងចាកចេញទៅ ធ្វើឲ្យយើងមើលមុខគ្នាមិនចំ នៅពេលដែលលោកអ្នកជួបគ្នានៅក្នុងសហគមន៍របស់ខ្លួននោះទេ។
ប៉ុន្តែ លោកអ្នកចង់ឲ្យពួកគេដឹងច្បាស់ថា លោកអ្នកពិតជាស្រឡាញ់ពួកគេមែន ហើយលោកអ្នកនៅតែបន្តគិតពីពួកគេ ទោះបើលោកអ្នកចេញទៅចូលរួមជាមួយក្រុមជំនុំថ្មីក៏ដោយ។ លោកអ្នកចង់ឲ្យពួកគេដឹងថា បើកាលៈទេសៈអនុញ្ញាត នោះលោកអ្នកនឹងនៅបន្តរាប់អានគ្នាជាមិត្តភក្តិ ធ្វើជាបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទជាមួយពួកគេរហូតតទៅ។
ដូច្នេះ មុនពេលដែលលោកអ្នកចាកចេញពីក្រុមជំនុំ សូមចំណាយពេលជាមួយមិត្តភក្តិ ក៏ដូចជាគ្រួសាររួមជំនឿរបស់លោកអ្នកដោយផ្ទាល់ជាមុនសិន។ លោកអ្នកអាចអញ្ជើញពួកគេទៅលេងផ្ទះរបស់លោកអ្នក ឬទៅញ៉ាំកាហ្វេជាមួយគ្នា។ សូមចែកចាយពីការពេញចិត្ត និងសេចក្តីសង្ឃឹមរបស់លោកអ្នកជាមួយពួកគេ មុនពេលដែលលោកអ្នកលាចេញទៅ។ ខ្ញុំជឿថា ពួកគេភាគច្រើននឹងយល់ ហើយសប្បាយចិត្តជាមួយលោកអ្នក ទោះបើពួកគេមានការសោកស្ដាយ និងសោកស្ដាយជំនួសក្រុមជំនុំ ដោយសារការបាត់បង់លោកអ្នកក៏ដោយ។ ទោះបើយំ ឬសើចក្ដី គឺសុទ្ធតែខ្លឹមសារនៃការធ្វើជារូបកាយរបស់ព្រះគ្រីស្ទ (១កូរិនថូស ១២:២៧)។
៥. ចូរឲ្យប្រាកដថាលោកអ្នកស្មោះត្រង់ចំពោះខ្លួនឯង ទាំងក្នុងចិត្ត និងការប្រព្រឹត្តិ ហើយហ៊ានទទួលស្គាល់កំហុសរបស់ខ្លួន
ការចាកចេញពីក្រុមជំនុំ គួរតែជាបុព្វហេតុដែលនាំឲ្យយើងពិនិត្យមើលពីខ្លួនឯង។ យើងគួរតែយកធ្នឹមចេញពីភ្នែកទាំងគូរបស់យើងជាមុនសិន មុននឹងចង់យកកម្ទេចចេញពីភ្នែករបស់បងប្អូនខ្លួន (ម៉ាថាយ ៧:៣-៤)។ តាមពិតទៅ នេះជារឿងដ៏ពិបាក យើងក៏មិនមានភាពរហ័សរហួននឹងចង់ធ្វើវាដែរ ហើយមនុស្សភាគច្រើនរំលងការនេះ។ យើងងាយនឹងរាប់ថាចិត្ត និងការប្រព្រឹត្តិរបស់យើងត្រឹមត្រូវណាស់ ហើយថាគេធ្វើខុសចំពោះយើង ក៏ដូចជារាប់ខ្លួនយើងថាមិនបានធ្វើខុសដែរ។
ក៏ប៉ុន្តែ ភាពស្អាតស្អំទាមទារឲ្យយើងមានភាពស្មោះត្រង់ចំពោះខ្លួនឯង នៅពេលដែលយើងពិចារណាអំពីការចង់ចាកចេញ។ ចុះហេតុអ្វីបានជាយើងចង់ចាកចេញពីក្រុមជំនុំ? តើមានអ្វីឲ្យពិតប្រាកដដែលជំរុញឲ្យយើងមានចិត្តចង់ចាកចេញ? តើយើងបាននាំបញ្ហា ឬអារម្មណ៍ឈឺចាប់ណាខ្លះទៅកាន់ក្រុមជំនុំ? តើយើងមានទំនួលខុសត្រូវក្នុងការលន់តួបាប ការបំផ្លាស់បំប្រែ និងក្នុងទង្វើរបស់យើងទាំងស្រុងដែរឬទេ?
យើងមិនទាន់បានត្រៀមខ្លួនជាស្រេចក្នុងការចាកចេញនៅឡើយទេ ហើយក្រុមជំនុំរបស់យើងក៏មិនទាន់បានត្រៀមលក្ខណៈឲ្យយើងចាកចេញទៅដែរ លុះត្រាតែយើងបើកចំហជីវិតរបស់យើងនៅចំពោះព្រះអម្ចាស់ ហើយមានការបន្ទាបខ្លួនពិតប្រាកដ ព្រមទាំងទទួលស្គាល់នូវអំពើបាបរបស់ខ្លួន និងនិស្ស័យសាច់ឈាមរបស់ខ្លួនដោយស្មោះត្រង់ទាំងស្រុង។ ប៉ុន្តែ ប្រសិនបើយើងព្យាយាមបង្កើតឲ្យមានភាពស្មោះត្រង់ នោះការញែកជាបរិសុទ្ធ និងអំណរកាន់តែចម្រើនឡើង។
សេចក្តីបញ្ចប់
ការចាកចេញពីក្រុមជំនុំអាចជាយានមួយក្នុងការផ្ដល់នូវព្រះគុណដល់អស់អ្នកដែលពាក់ព័ន្ធ ជាជាងការឈឺចាប់។ ហើយដើម្បីឲ្យព្រះគុណកាន់តែទ្វេគុណឡើង យើងត្រូវតែធ្វើរឿងខ្លះមុនដែលយើងសម្រេចចិត្តចាកចេញ ឬក៏ចេញទៅតែម្ដង។ ការទទួលយកព្រះគុណនេះ ទាមទារឲ្យយើងសម្លាប់ការកោតខ្លាចមនុស្ស ហើយជឿថា មានព្រះមែន ហើយថាទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់អស់ពីចិត្ត (ហេព្រើរ ១១:៦)។ បើលោកអ្នកកំពុងស្ថិតក្នុងការសម្រេចចិត្តចាកចេញពីក្រុមជំនុំ នោះចូរគិតពីរបៀបដែលលោកអ្នកនឹងចាកចេញ។ ការធ្វើដូចនេះអាចមានផលវិជ្ជមានចំពោះលោកអ្នកផ្ទាល់ ចំពោះមិត្តភក្តិ និងក្រុមជំនុំដែលលោកអ្នកកំពុងតែនៅជាមួយ ក៏ដូចជាក្រុមជំនុំថ្មីដែលលោកអ្នកនឹងទៅចូលរួមនោះផងដែរ។
មតិយោបល់
Loading…