មានមនុស្សជាច្រើនមិនចូលចិត្តឈ្លោះប្រកែកគ្នាឡើយ។ យើងតែងតែព្យាយាមគេចចេញ ប្រសិនបើយើងអាចគេចបាន។ ខ្ញុំគិតថាការធ្វើបែបនោះក៏ល្អម៉្យាងដែរ។ ប្រាកដណាស់! យើងមិនគួរចូលចិត្តការឈ្លោះប្រកែកគ្នាទេ។
ប៉ុន្តែ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងនឹងបាត់បង់ចំណុចមួយចំនួន នៅពេលដែលយើងគេចចេញពីការប្រឈមមុខចំពោះការដោះស្រាយជម្លោះតាមព្រះគម្ពីរ។ នៅពេលដែលយើងគេចចេញដោយមិនធ្វើតាមព្រះគម្ពីរ គឺមិនមែនជាការល្អទេ។
ការប្រឈមមុខនឹងជម្លោះ គឺជាឱកាសឲ្យយើងបដិសេធ មិនមែនលួងលោមខ្លួនឯងឡើយ
ចូរយើងគិតអំពីមូលដ្ឋានគ្រឹះនៃការប្រកបគ្នា និងទំនាក់ទំនងរបស់យើងជាមួយគ្រីស្ទបរិស័ទដទៃទៀត។ ជាដំបូង យើងមានការរួបរួមក្នុង និងតាមរយៈព្រះយេស៊ូវគ្រីស្ទ។ យើងអាចមានការប្រកបជាមួយអ្នកដទៃ ព្រោះយើងម្នាក់ៗមានការប្រកបជាមួយព្រះគ្រីស្ទ។ ដំណឹងល្អគឺជាមូលដ្ឋានគ្រឹះចម្បងរបស់យើង ដូច្នេះហើយបានជាយើងអាចមានជីវិតអាពាហ៍ពិពាហ៍ រឿងរ៉ាវនៅក្នុងគ្រួសារ និងមិត្តភាពជាមួយមនុស្សនៅក្នុងក្រុមជំនុំបាន។ ចូរយើងកុំភ្លេចអំពីមូលហេតុដែលយើងអាចទទួលបានអត្ថប្រយោជន៍ពីដំណឹងល្អ នោះគឺដោយសារយើងបានទទួលស្គាល់ថា យើងជាមនុស្សមានបាប ហើយបានលន់តួបាបរបស់យើង ក៏ដូចជាទទួលស្គាល់ថា យើងត្រូវការព្រះអង្គសង្គ្រោះ។
ការយល់ដឹងបែបនេះគួរតែជំរុញយើងកុំឲ្យគេចចេញពីជម្លោះ។ ប្ដីប្រពន្ធមួយចំនួនគេចចេញពីការមិននិយាយអំពីរឿងរ៉ាវមួយចំនួន ព្រោះពួកគេមិនចង់ប្រឈមមុខជាមួយរឿងរ៉ាវដែលមិនស្រួល។ មិត្តភត្តមួយចំនួននៅក្នុងក្រុមជំនុំមិនចង់ព្រមានអ្នកដែលធ្វើបាបម្ដងហើយម្ដងទៀតទេ ព្រោះពួកគេមិនចង់ប្រឈមមុខនឹងរឿងរ៉ាវដែលមិនស្រួល។ តើលោកអ្នកឃើញទេថា ការនេះធ្វើឲ្យយើងបាត់បង់អត្ថប្រយោជន៍ច្រើនណាស់។ មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់យើងគឺ៖ យើងបានទទួលស្គាល់ថា ខ្លួនជាមនុស្សមានបាប ហើយត្រូវការព្រះអង្គសង្គ្រោះ។ ប្រសិនបើយើងពិតជាជឿបែបនេះមែន តើហេតុអ្វីបានជាយើងរស់នៅដោយមិនបង្ហាញថា យើងជាមនុស្សមានបាប និងត្រូវការព្រះអង្គសង្គ្រោះ? ការរស់នៅបែបនេះ មិនថាតូចប៉ុណ្ណាក៏ដោយ ក៏វានឹងធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ ព្រមទាំងក្រុមជំនុំគ្មានសុខភាពល្អ ព្រោះវាលាក់ទុកនូវដំណឹងល្អ ហើយឲ្យអំនួតមានជីវិតវិញ។ ព្រះយេស៊ូវបានត្រាស់ហៅយើងឲ្យរស់នៅដោយលះអាល័យខ្លួនឯង និងកុំឲ្យលួងលោមខ្លួនឯង។
ការប្រឈមមុខនឹងជម្លោះ គឺជាឱកាសឲ្យយើងប្រកាសដំណឹងល្អ
ខ្ញុំធ្លាប់អង្គុយប្រជុំជាមួយបុរស និងស្ត្រីជាច្រើន ដែលមើលទៅពួកគេហាក់ដូចជាស្រឡាញ់ព្រះដែរ។ នៅពេលដែលយើងកំពុងនិយាយគ្នា ខ្ញុំឃើញយ៉ាងច្បាស់ថា ពួកគេមានជម្លោះជាមួយគ្នា ហើយខណៈពេលដែលយើងព្យាយាមដោះស្រាយបញ្ហា ខ្ញុំបានរំឭកពួកគេថា មិនថាលោកអ្នកមានរឿងរ៉ាវធំប៉ុណ្ណាក៏ដោយ ក៏យើងនៅមានដំណឹងល្អដែលធំលើសជាងនោះទៅទៀត ហើយយើងអាចដោះស្រាយបញ្ហានោះបាន។ មិនថាមានរឿងអ្វីបានកើតឡើងក៏ដោយ ក៏យើងនៅតែអាចដោះស្រាយបានដែរ។ ចូរយើងប្រើដំណឹងល្អនេះ!
តែគួរឲ្យសោកស្ដាយណាស់ ព្រោះជាច្រើនលើកច្រើនសារ ពួកគេមើលមកខ្ញុំដូចជាមនុស្សឆ្កួត ហើយក៏គ្មានចិត្តចង់ដោះស្រាយបញ្ហានោះដែរ។ ដោយសារពួកគេចង់បន្តគុំគួនគ្នា ដូច្នេះពួកគេក៏មិនប្រកាសដំណឹងល្អ ហើយក៏មិនចង់ដោះស្រាយបញ្ហាដែរ។
ការប្រឈមមុខនឹងជម្លោះ គឺជាឱកាសដែលធ្វើឲ្យយើងកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា
នៅពេលដែលយើងដោះស្រាយបញ្ហាដោយពឹងអាងលើដំណឹងល្អ នោះយើងនឹងឃើញថា ជម្លោះគឺជំនួយក្នុងការបង្រៀនយើងអំពីទំនាក់ទំនងរបស់យើង។ ការដោះស្រាយជម្លោះតាមរបៀបព្រះគម្ពីរ នឹងធ្វើឲ្យយើងកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នា ជាងការដែលយើងមានចិត្តធូរស្បើយដោយខ្លួនឯង។ ខ្ញុំធ្លាប់ឃើញប្ដីប្រពន្ធមួយចំនួនមានទំនាក់ទំនងល្អជាងមុន បន្ទាប់ពីពួកគេបានដោះស្រាយបញ្ហាធំៗមួយចំនួន។ ទំនាក់ទំនងរបស់ពួកគេល្អប្រសើរជាងប្ដីប្រពន្ធដែលមិនចង់ដោះស្រាយបញ្ហានៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន។ ខ្ញុំក៏ធ្លាប់ឃើញទាំងមនុស្សវ័យចំណាស់ និងមនុស្សវ័យក្មេង បានក្លាយជាមិត្តភត្តដ៏ល្អដែរ បន្ទាប់ពីពួកគាត់បានដោះស្រាយបញ្ហាជាមួយគ្នាដោយពឹងលើដំណឹងល្អ និងមានចិត្តបន្ទាបខ្លួន។
ការនេះអាចកើតឡើងបាន ដោយសារដំណឹងល្អជាអ្នកជួយឲ្យមានការរួបរួមគ្នា។ ដំណឹងល្អបង្រៀនយើងឲ្យចេះបន្ទាបខ្លួន។ ព្រះយេស៊ូវបានបង្រៀនយើងថា ដើម្បីក្លាយជាអ្នកធំ គឺយើងត្រូវធ្វើជាអ្នកតូចសិន «ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួតឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួនទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។ កុំឲ្យម្នាក់ៗគិតតែពីខ្លួនឯងឡើយ ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗគិតពីអ្នកដទៃផង។ ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នាចុះ ព្រោះគំនិតដូច្នេះក៏មាននៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ ដ្បិតទោះបីព្រះអង្គមានសណ្ឋានជាព្រះក៏ដោយ ក៏ព្រះអង្គមិនបានរាប់ភាពស្មើនឹងព្រះនោះទុកជាសេចក្ដីដែលត្រូវកាន់ខ្ជាប់ឡើយ គឺព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកសណ្ឋានជាបាវបម្រើ ដោយបានប្រសូតមកជាមនុស្ស ហើយរស់នៅជាមនុស្សធម្មតា។ ព្រះអង្គបានបន្ទាបខ្លួន ទាំងស្ដាប់បង្គាប់រហូតដល់សោយទិវង្គត គឺសោយទិវង្គតនៅលើឈើឆ្កាងនោះឯង។ ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើង ព្រមទាំងប្រទានឲ្យព្រះអង្គមាននាមលើអស់ទាំងនាមផង ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមផែនដីត្រូវលត់ចុះនៅក្នុងព្រះនាមព្រះយេស៊ូវ» (ភីលីព ២:៣-១០ គគខ)។
ការប្រឈមមុខនឹងជម្លោះ គឺជាឱកាសដែលនាំឲ្យយើងទទួលស្គាល់ថា ព្រះនៃយើងគឺជាព្រះដែលប្រកបដោយអធិបតេយ្យភាព
ការមិនដោះស្រាយជម្លោះក៏បង្ហាញពីទស្សនៈរបស់យើងចំពោះអធិបតេយ្យភាពរបស់ព្រះដែរ។ យើងគួរតែដោះស្រាយជម្លោះ ព្រោះព្រះជាម្ចាស់កំពុងកាន់កាប់អ្វីៗទាំងអស់ ហើយទ្រង់ក៏កំពុងសោយរាជលើអ្វីៗទាំងអស់ផងដែរ។ ទ្រង់កំពុងអនុញ្ញាតឲ្យអ្វីៗទាំងអស់ដែលត្រូវកើតឡើង បានកើតឡើងផងដែរ។ ទ្រង់ជាព្រះដែលអនុញ្ញាតឲ្យយើងប្រឈមមុខជាមួយជម្លោះ។ ដូច្នេះ យើងត្រូវអនុវត្តព្រះបន្ទូលរបស់ព្រះ និងដំណឹងល្អដ៏ធំរបស់ទ្រង់ ដើម្បីជាសិរីល្អដល់ទ្រង់ និងដើម្បីជាប្រយោជន៍សម្រាប់ខ្លួនយើង ព្រមទាំងអ្នកដទៃផង។
ជារឿយៗ យើងដែលជាអ្នកជឿតែងតែប្រើរបៀបរបស់លោកីយ៍មកដោះស្រាយជម្លោះ ហើយរំពឹងចង់បានលទ្ធផលដែលមកស្ថានសួគ៌។ ការធ្វើបែបនោះ មិនអាចជួយឲ្យយើងដោះស្រាយជម្លោះបានឡើយ។ យើងមិនគួររំពឹងចង់បានព្រះពរ ខណៈដែលយើងមិនប្រកាសដំណឹងល្អនោះឡើយ ហើយយើងក៏មិនគួររំពឹងចង់បានប្រយោជន៍ ខណៈដែលយើងមិនជឿលើអធិបតេយ្យភាពរបស់ព្រះដែរ។ យើងមិនគួររំពឹងចង់បានការរួបរួមដ៏ល្អនៅក្នុងសហគមន៍ឡើយ ខណៈដែលយើងគេចចេញពីការប្រឈមមុខជាមួយភាពមិនស្រួលចិត្ត។ យើងដឹងហើយថា ការដែលយើងអាចក្លាយជាសមាជិកនៅក្នុងក្រុមជំនុំបាន ជាដំបូងគឺយើងត្រូវទទួលស្គាល់ថា យើងតែងតែនាំឲ្យមានការបាក់បែក។ ហេតុដូច្នេះហើយបានជាយើងមិនគួរធ្វើពុតថា យើងជាមនុស្សគ្រប់លក្ខណ៍ឡើយទេ ហើយយើងក៏មិនគួររំពឹងចង់ឲ្យអ្នកដទៃធ្វើបែបនេះដែរ។
ការប្រឈមមុខជាមួយជម្លោះអាច ឬក៏មិនអាចបណ្ដាលឲ្យយើងមាន ឬក៏មិនមានទំនាក់ទំនងស្និទ្ធស្នាលបាន គឺអាស្រ័យលើការដែលយើងអនុវត្ត ឬមិនអនុវត្តដំណឹងល្អ។
សួស្តីលោកគ្រូអ្នកគ្រូទាំងអស់!
នាងខ្ញុំមានចម្ងល់មួយ ប្តីប្រពន្ធខ្ញ្ំមានការថ្នាក់ថ្នាំងចិត្តនឹងគ្នាតិចតួច ហើយស្វាមីនាងខ្ញុំគាត់សម្រេចថាយើងត្រូវនៅឆ្ងាយបែកគបនា១រយៈ ខ្ញុំមិនចង់ធ្វើបែបនេះទេតែមិនអាចហាមឃាត់គាត៉បាន។
តើការធ្វើបែបនេះជារឿងត្រឹមត្រូវឬទេ?
ពួកយើងជាគ្រិស្តបរិស័ទ
អរគុណ
ជាដំបូង ខ្ញុំសូមលើកទឹកចិត្តដល់ Phally អានខគម្ពីរនេះជាមុនសិន។ រួចសូមអធិស្ឋាន ទាំងសញ្ជឹងគិតលើព្រះបន្ទូលត្រង់នេះឲ្យបានជ្រាលជ្រៅ។ បន្ទាប់មកបើអាច សូមចែកចាយនូវអ្វីដែលបានសញ្ជឹងគិត។ អរគុណ!
«ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួតឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួនទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។ កុំឲ្យម្នាក់ៗគិតតែពីខ្លួនឯងឡើយ ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗគិតពីអ្នកដទៃផង។ ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នាចុះ ព្រោះគំនិតដូច្នេះក៏មាននៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ ដ្បិតទោះបីព្រះអង្គមានសណ្ឋានជាព្រះក៏ដោយ ក៏ព្រះអង្គមិនបានរាប់ភាពស្មើនឹងព្រះនោះទុកជាសេចក្ដីដែលត្រូវកាន់ខ្ជាប់ឡើយ គឺព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកសណ្ឋានជាបាវបម្រើ ដោយបានប្រសូតមកជាមនុស្ស ហើយរស់នៅជាមនុស្សធម្មតា។ ព្រះអង្គបានបន្ទាបខ្លួន ទាំងស្ដាប់បង្គាប់រហូតដល់សោយទិវង្គត គឺសោយទិវង្គតនៅលើឈើឆ្កាងនោះឯង។ ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើង ព្រមទាំងប្រទានឲ្យព្រះអង្គមាននាមលើអស់ទាំងនាមផង ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមផែនដីត្រូវលត់ចុះនៅក្នុងព្រះនាមព្រះយេស៊ូវ» (ភីលីព ២:៣-១០ គគខ)។
សម្រាប់រឿងបងស្រី ខ្ញុំពិបាកនឹងផ្ដល់យោបល់បន្តិចព្រោះខ្ញុំមិនសូវដឹងរឿងទាំងមូលរបស់បងស្រីនឹងស្វាមីរបស់បងស្រី ហើយយើងខ្ញុំក៏មិនចង់រឿងដឹងនេះដែរ លុះត្រាតែបងស្រីប្រាប់ ហើយការលើកឡើងបែបនេះក៏មិនមែនជាការចង់និយាយថា លុះត្រាតែខ្ញុំដឹងរឿង ទើបខ្ញុំអាចផ្ដល់យោបល់បានដែរ វាគ្រាន់តែថា ពេលខ្លះបើខ្ញុំមិនដឹងរឿងទាំងមូល ខ្ញុំមិនអាចផ្ដល់យោបល់បានផងដែរ ព្រោះវាអាចមិនស៊ីនឹងបរិបទនៃរឿងរបស់បងស្រី។ ពិតប្រាកដណាស់ ការដែរប្ដីប្រពន្ធនៅបែកបាក់គ្នាគឺជារឿងពិបាក តែពេលខ្លះ មនុស្សមួយចំនួនត្រូវធ្វើបែបនោះដើម្បីជួយដោះស្រាយបញ្ហាខ្លះៗ។ ខ្ញុំធ្លាប់មានមិត្តភក្ដិមួយចំនួនដែលពួកគេត្រូវនៅបែកគ្នាមួយរយៈព្រោះប្ដីធ្វើបាបប្រពន្ធខ្លាំងពេក ឬក៏ប្រពន្ធធ្វើបានប្ដី ឬក៏ប្ដីធ្វើបាបកូនៗបើនិយាយឲ្យខ្លីទៅមានករណីច្រើនជាងនេះ ដែលបណ្ដាលឲ្យប្ដីប្រពន្ធនៅបែកគ្នាមួយរយៈសិន ហើយខ្ញុំគិតថា ពួកគាត់អាចធ្វើបែបនេះបាន បើនោះជាវិធីមួយដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាន។ តែយល់ល្អ ពួកគាត់គួរតែនៅជាមួយគ្នាវិញ ហើយត្រូវមានមិត្តភក្ដិស្និទ្ធស្នាលណាម្នាក់ ឬក៏ជាគ្រូគង្វាល ដើម្បីមកធ្វើជាអាជ្ញាកណ្ដាល នឹងជួយដោះស្រាយបញ្ហារបស់បងស្រី។ បើសិនបើបងស្រី នៅបន្តបែកគ្នាបែបនេះទៀត ហើយគ្មានការព្យាយាមដោះស្រាយទេ នោះបញ្ហាវាក៏នឹងមិនដោះស្រាយខ្លួនវាដោយឯងៗដែរ។ ខ្ញុំសង្ឃឹមថាយោបល់នេះជួយបងស្រីខ្លះៗ តែសារថ្មីម្ដងទៀត ដោយសារខ្ញុំមិនដឹងរឿងរបស់បងស្រីទាំងស្រុង អញ្ចឹងខ្ញុំពិបាកនឹងផ្ដល់យោបល់បន្តិច។ សូមអគុណ។ សូមព្រះប្រទានពរ។