១. ព្រះគម្ពីរប្រើពាក្យពេចន៍ វោហារ សម្ដី និងការប្រៀបធៀបជាច្រើនក្នុងការរៀបរាប់ចំណុចដ៏ពិតដែលថាយើងមានការរួបរួមជាមួយនឹងព្រះគ្រីស្ទ
ព្រះគម្ពីរសញ្ញាថ្មីបានលើកឡើងពាក្យពេចន៍ជាច្រើនអំពីការដែលយើងមានការរួបរួមជាមួយនឹងព្រះគ្រីស្ទ។ ឧទាហរណ៍៖ ព្រះជាម្ចាស់បានបង្កើតយើងក្នុងព្រះគ្រីស្ទ (អេភេសូរ ២:១០) យើងបានជាប់ឆ្កាងជាមួយនឹងទ្រង់ (កាឡាទី ២:២០) យើងបានទទួលការបញ្ចុះក្នុងផ្នូរជាមួយនឹងទ្រង់ (កូឡុស ២:១២) យើងបានទទួលការជ្រមុជទឹក និងក្ដីស្លាប់ជាមួយនឹងព្រះគ្រីស្ទ (រ៉ូម ៦:៣) យើងមានការរួបរួមជាមួយនឹងការរស់ពីសុគតឡើងវិញរបស់ទ្រង់ (រ៉ូម ៦:៥) យើងបានអង្គុយជាមួយនឹងទ្រង់នៅស្ថានសួគ៌ (អេភេសូរ ២:៦) អ្នកជឿកាន់តែមានលក្ខណៈដូចរូបអង្គព្រះគ្រីស្ទ (កាឡាទី ៤:១៩) ព្រះគ្រីស្ទគង់នៅក្នុងចិត្តរបស់អ្នកជឿ (អេភេសូរ ៣:១៧) ក្រុមជំនុំជារូបកាយរបស់ព្រះគ្រីស្ទ (១កូរិនថូស ៦:១៥; ១២:២៧) ព្រះគ្រីស្ទគង់ក្នុងយើង (២កូរិនថូស ១៣:៥) យើងក៏នៅក្នុងទ្រង់ដែរ (១កូរិនថូស ១:៣០) ក្រុមជំនុំមានសាច់ឈាមតែមួយជាមួយនឹងព្រះគ្រីស្ទ (អេភេសូរ ៥:៣១-៣២) អ្នកជឿទទួលបានព្រះគ្រីស្ទ ហើយទ្រង់ក៏ទទួលពួកគេដែរ (ភីលីព ៣:៨-៩)។
លើសពីនោះទៅទៀត ក្នុងព្រះគ្រីស្ទយើងទទួលបានភាពសុចរិត (រ៉ូម ៨:១) សិរីល្អ (រ៉ូម ៨:៣០) ការញែកជាបរិសុទ្ធ (១កូរិនថូស ១:២) ការត្រាស់ហៅ (រ៉ូម ១:៩) ធ្វើឲ្យមានជីវិតឡើងវិញ (អេភេសូរ ២:៥) បានកើតជាថ្មី (២កូរិនថូស ៥:១៧) ក្លាយជាកូនចិញ្ចឹម (កាឡាទី ៣:២៦) ការជ្រើសតាំង (អេភេសូរ ១:៤-៥)។ អស្ចារ្យមែន! យើងលើកឡើងចំណុចទាំងនោះដោយមិនទាំងទាន់មើលក្នុងកណ្ឌដំណឹងល្អ និងកណ្ឌដែលនិពន្ធដោយសាវ័ក យ៉ូហាន! បើនិយាយឲ្យចំទៅ ការរួបរួមជាមួយនឹងព្រះគ្រីស្ទ គឺជាមូលដ្ឋានដ៏ធំមួយដែលសាវ័កបានលើកឡើងក្នុងកណ្ឌដំណឹងល្អ—មូលហេតុគឺដោយសារព្រះគ្រីស្ទរាប់ថាសំខាន់ ហើយពួកគាត់ក៏រាប់ថាសំខាន់ដែរ។
២. យើងបានចូលរួបរួមជាមួយនឹងព្រះយេស៊ូវ យើងមានចំណែកក្នុងរឿងអាថ៌កំបាំងដ៏ធំបំផុតនៃចក្រវាល—ការយកកំណើតជាមនុស្សរបស់ព្រះ។
លោកគ្រូ ស៊ី. អេស. លូវ៉ីស (C.S. Lewis) បានហៅការយាងមកយកកំណើតបុត្រារបស់ព្រះជាម្ចាស់ថាជា «ការអស្ចារ្យដ៏សំខាន់បំផុត» សម្រាប់គ្រីស្ទសាសនា។ គាត់បានលើកឡើងយ៉ាងត្រឹមត្រូវមែន។ ផែនការនៃការសង្គ្រោះ ការស្ដារឡើងវិញ ការបង្កើតជាថ្មី ការផ្សះផ្សាមនុស្សមានបាប និងរាល់ចំណុចទាំងអស់ទៀត គឺពឹងលើព្រះជាម្ចាស់ទាំងស្រុងដែលទ្រង់មិនដែលឈប់មានលក្ខណៈដែលទ្រង់មាន ហើយបានក្លាយដូចជាយើងទាំងស្រុងតាមរយៈព្រះគ្រីស្ទយេស៊ូវ។ ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះ? ក្នុងសម្ដីម្យ៉ាងទៀត តើហេតុអ្វី«ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម» (យ៉ូហាន ១:១៤ គគខ)? គោលការណ៍នៃមូលហេតុដ៏ធំបំផុតលើមូលហេតុទាំងអស់គឺថា ព្រះរាជបុត្រាដ៏ជាព្រះបានយាងមកយកកំណើតជាមនុស្ស ដើម្បីឲ្យយើងមានការរួបរួមតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយដើម្បីឲ្យយើងមានអំណរក្នុងការប្រកបគ្នាជាមួយនឹងព្រះវរបិតាដ៏នៅអស់កល្បជានិច្ច។ នេះឯងជាជីវិតដ៏នៅអស់កល្បជានិច្ច (យ៉ូហាន ១៧:៣)។
៣. ការរួបរួមរបស់យើងជាមួយនឹងព្រះគ្រីស្ទពិតជាអស្ចារ្យ ហើយមានភាពស្និទ្ធស្នាលមែន
ការរួបរួមជាមួយនឹងព្រះគ្រីស្ទមិនមែនជារឿងមនោសញ្ចេតនា ការប្រៀបធៀប បទបង្ហាញ ឬក៏គ្រាន់តែជាទេវវិទ្យាប៉ុណ្ណោះទេ។ ហើយការនេះក៏មិនមែនជាវិធី ដើម្បីនឹងនិយាយអំពីរឿងអ្វីផ្សេងទៀត ដូចជាការរាប់ជាសុចរិត ការញែកជាបរិសុទ្ធ ឬក៏អត្ថប្រយោជន៍ដែលយើងបានពីព្រះគ្រីស្ទនោះទេ (ទោះបើវាមានរួមជាអត្ថប្រយោជន៍ហើយមានលើសពីនោះទៅទៀតក៏ដោយ)។ ការដែលយើងមានការរួបរួមជាមួយនឹងព្រះគ្រីស្ទគឺជាចំណុចដ៏ពិតដែលបញ្ជាក់ពីជីវិតថ្មី និងពីជីវិតដ៏អស់កល្បជានិច្ចរបស់យើង។ បើគិតៗទៅយើងមិនអាចយល់ពីចំណុចដ៏អស្ចារ្យនេះទាំងស្រុងបានឡើយ ព្រោះការគិតរបស់យើងមានកម្រិត។ យើងពិតជាមានការរួបរួមទាំងខាងឯវិញ្ញាណ និងសាច់ឈាមជាមួយនឹងព្រះគ្រីស្ទដែលបានមកយកកំណើតជាមនុស្ស ត្រូវបានគេឆ្កាង ហើយបានរស់ឡើងវិញ។ គ្មានដំណឹងណាល្អជាងដំណឹងនេះនោះទេ។
៤. ដោយសារការរួបរួមរបស់យើងជាមួយនឹងព្រះគ្រីស្ទជាចំណុចគោលក្នុងដំណឹងល្អ ហេតុដូច្នេះហើយបានជាពីក្រុមជំនុំមួយទៅក្រុមជំនុំមួយតែងតែបង្រៀន និងអធិប្បាយអំពីចំណុចនេះពីជំនាន់មួយទៅជំនាន់មួយ
យើងមិនគួរមានការភ្ញាក់ផ្អើលពេលដែលយើងឃើញថា ក្រុមជំនុំពីមួយជំនាន់ទៅមួយជំនាន់បានបង្រៀនពីការរួបរួមរបស់យើងជាមួយនឹងព្រះគ្រីស្ទ ព្រោះព្រះគម្ពីរលើកឡើងពីការបង្រៀននេះម្ដងហើយម្ដងទៀតយ៉ាងច្បាស់លាស់។ គ្រូបង្រៀនពីបរិបទនេះមានដូចជា៖ អ័យរិនណាអោស៍ (Irenaeus) អាឡិចសាន់ (Athanasius) អហ្គស្ទីន (Augustine) សាយរិន ពីស្រុកអាឡិចសាន់ (Cyril of Alexandria) ម៉ាទីន លូសើរ (Martin Luther) ចន ខិលវ៉ិន (John Calvin) ចន ខូទិន (John Cotton) and យ៉ូណាថាន អេឌវើដស៍ (Jonathan Edwards)។ល។
យោងតាមលោកគ្រូ ចន ខិលវ៉ិន (John Calvin) គាត់បានលើកឡើងថា យើងត្រូវតែរាប់ភាពរួបរួមគ្នារបស់យើងជាមួយនឹងព្រះគ្រីស្ទថា «ជាចំណុចដ៏សំខាន់បំផុត»។ ហេតុអ្វី? ព្រោះការរួបរួមជាមួយនឹងព្រះគ្រីស្ទគឺជាចំណុចស្នូលនៃដំណឹងល្អ៖ «នេះឯងជាចំណុចចម្បងនៃដំណឹងល្អ—ឲ្យយើងអាចទទួលបានព្រះគ្រីស្ទ ហើយឲ្យយើងមានសាច់តែមួយក្នុងព្រះគ្រីស្ទ»។
៥. ការដែលព្រះជាម្ចាស់រាប់យើងជាសុចរិត គឺជាអត្ថប្រយោជន៍ដ៏ធំមួយនៃការដែលយើងមានការរួបរួមជាមួយនឹងព្រះគ្រីស្ទ
យើងមិនបានមានការរួបរួមជាមួយនឹងព្រះគ្រីស្ទ ព្រោះយើងបានទទួលការរាប់ជាសុចរិតនោះទេ។ គឺផ្ទុយពីនោះទាំងស្រុង៖ យើងបានទទួលការរាប់ជាសុចរិត ព្រោះយើងបានទទួលការរួបរួមជាមួយនឹងព្រះគ្រីស្ទ ដែលទ្រង់ផ្ទាល់ជាមនុស្សសុចរិតរបស់យើង (១កូរិនថូស ១:៣០)។ ហេតុដែលយើងអាចទទួលបានអត្ថប្រយោជន៍របស់ព្រះគ្រីស្ទ គឺដោយសារយើងទទួលបានព្រះគ្រីស្ទ។ លោកគ្រូ ម៉ាទីន លូសើរ (Martin Luther) ក៏ដឹងអំពីចំណុចនេះដែរ៖ «ចំណុចស្នូលនៃការរាប់ជាសុចរិតគឺ ព្រះគ្រីស្ទ និងខ្ញុំត្រូវមានការជាប់ប្រកិតគ្នាយ៉ាងខ្លាំង រហូតដល់កម្រិតដែលទ្រង់រស់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់។ នេះជាចំណុចដ៏អស្ចារ្យមែន! ដោយសារទ្រង់គង់នៅក្នុងខ្ញុំ ដូច្នេះព្រះគុណ ភាពសុចរិត ជីវិត សន្តិភាព និងក្ដីសង្គ្រោះគឺសិទ្ធតែជារបស់ខ្ញុំ តែក៏ជារបស់ព្រះគ្រីស្ទដែរ។ យើងអាចមានការរួបរួមនោះបានជាមួយនឹងព្រះគ្រីស្ទបានតាមរយៈជំនឿ យោងតាមរយៈព្រះវិញ្ញាណយើងនឹងមានសាច់តែមួយ។
៦. ការដែលព្រះជាម្ចាស់ញែកយើងជាបរិសុទ្ធគឺជាអត្ថប្រយោជន៍ដ៏ធំមួយនៃការដែលយើងមានការរួបរួមជាមួយនឹងព្រះគ្រីស្ទ
ព្រះគ្រីស្ទជាសេចក្ដីសុចរិតរបស់យើង ហើយទ្រង់ក៏ជាអ្នកញែកយើងជាបរិសុទ្ធផងដែរ (១កូរិនថូស ១:៣០)។ ហេតុដូច្នេះ តាមរយៈការរួបរួមជាមួយនឹងព្រះគ្រីស្ទ យើងមិនគ្រាន់តែទទួលបានការអត់ទោស និងការរាប់ជាសុចរិតប៉ុណ្ណោះនោះទេ ប៉ុន្តែយើងក៏ទទួលបានការបំផ្លាស់បំប្រែឲ្យកាន់តែមានភាពដូចរូបអង្គទ្រង់ទៀតផង។ ការដែលព្រះគ្រីស្ទបានឲ្យរួបអង្គទ្រង់មកយើង នោះបញ្ជាក់ថា ទ្រង់នឹងមិនឲ្យយើងទទួលការថ្កោលទោស និងពិរុទ្ធភាពឡើយ ហើយទ្រង់ក៏នឹងមិនបោះបង់យើងចោលឲ្យយើងមានការពុករលួយ ក៏ដូចជាមិនឲ្យយើងទទួលបានការញែកជាបរិសុទ្ធផងដែរ។ លោកគ្រូ ចន ខិលវ៉ិន (John Calvin) បានលើកយ៉ាងច្បាស់ៗទាក់ទងនឹងចំណុចនោះ «ចំណុចនោះអាចទៅរួចបាន ព្រោះយើងមិនអាចបំបែកព្រះគ្រីស្ទឲ្យទៅជាដុំតូចៗបានឡើយ។» ព្រះគ្រីស្ទមិនមែនជាផ្នែកមួយនៃដំណឹងល្អនោះទេ តែទ្រង់គឺជាផ្នែកទាំងមូលនៃដំណឹងល្អ។ ពេលដែលយើងមានការរួបរួមគ្នាជាមួយនឹងព្រះគ្រីស្ទ យើងបានទទួលព្រះគ្រីស្ទទាំងមូលតែម្ដង។
៧. ការដែលព្រះជាម្ចាស់យកយើងធ្វើជាកូនចិញ្ចឹមគឺជាអត្ថប្រយោជន៍ដ៏ធំមួយនៃការដែលយើងមានការរួបរួមជាមួយនឹងព្រះគ្រីស្ទ
ការដែលព្រះគ្រីស្ទបានផ្ដល់រូបអង្គទ្រង់សម្រាប់ប្រយោជន៍អ្នកដទៃគឺជាការដ៏អស្ចារ្យមែន។ ព្រះអង្គបានយកយើងមកជាប់នឹងទ្រង់យ៉ាងជាប់ប្រកៀក ហេតុដូច្នេះយើងមានចំណែកក្នុងរាល់ចំណុចដែលថា ទ្រង់ជាព្រះសង្គ្រោះរបស់យើង។ អំណោយទានដ៏ធំបំផុតគឺប្រហែលជាអំណោយទាននេះឯង៖ យើងមានចំណែកធ្វើជាកូន (ចិញ្ចឹម) របស់ព្រះជាម្ចាស់។ ពេលយើងមានការរួបរួមជាមួយនឹងព្រះគ្រីស្ទតាមរយៈព្រះវិញ្ញាណ យើងក៏មានចំណែកក្នុងក្ដីស្រឡាញ់រវាងព្រះវរបិតា និងព្រះរាជបុត្រាផងដែរ ពោលគឺក្ដីស្រឡាញ់ដូចដែលក្ដីស្រឡាញ់ដែលព្រះវរបិតាមានចំពោះបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ (យ៉ូហាន ១៧:២៣)។ ដែលនេះមានន័យថា ព្រះជាម្ចាស់ស្រឡាញ់យើងស្មើនឹងទ្រង់ស្រឡាញ់បុត្រាដ៏គង់នៅអស់កល្បជានិច្ច។ នេះជាក្ដីស្រឡាញ់ដ៏ខ្ពស់បំផុត៖ ជាក្ដីស្រឡាញ់ដែលមិនអាចរំលាយបាន មិនទ្រាំទ្រនឹងការទាស់ប្រឆាំង ហើយក៏ផ្ដល់ជីវិត និងអំណរដ៏ឥតឈប់ឈរដែលនៅយ៉ាងអស់កល្បជានិច្ច។ នៅក្នុងព្រះគ្រីស្ទ យើងពិតជាកូនប្រុសកូនស្រីរបស់ព្រះជាម្ចាស់ដ៏អស់កល្បជានិច្ចមែន។
៨. ការរួបរួមជាមួយនឹងព្រះគ្រីស្ទបង្កើតឲ្យមានក្រុមជំនុំ
ធាតុពិតនៃក្ដីសង្គ្រោះ និងធាតុពិតនៃក្រុមជំនុំគឺជាធាតុពិតតែមួយទេ។ ការរួបរួមជាមួយនឹងព្រះគ្រីស្ទគឺជាអត្ថន័យនៃសេចក្ដីសង្គ្រោះ។ ស្របគ្នាផងដែរ ការរួបរួមជាមួយនឹងព្រះគ្រីស្ទគឺជាអត្ថន័យនៃការធ្វើជាក្រុមជំនុំ៖ ក្រុមជំនុំជារូបកាយ និងជាកូនក្រមុំរបស់ព្រះគ្រីស្ទ។ ការវែកញែករវាងគោលជំនឿនៃក្ដីសង្គ្រោះ និងគោលជំនឿនៃក្រុមជំនុំមិនខុសគ្នាប៉ុន្មាននោះទេ។ អ្នកជឿពីជំនាន់មួយទៅជំនាន់មួយបានអះអាងថា គ្មានក្ដីសង្គ្រោះក្រៅពីក្នុងក្រុមជំនុំនោះទេ ព្រោះគ្មានក្ដីសង្គ្រោះក្រៅពីក្នុងព្រះគ្រីស្ទនោះឡើយ។ យើងទទួលបានក្ដីសង្គ្រោះក្នុងព្រះគ្រីស្ទ ហើយយើងគឺជាក្រុមជំនុំក្នុងព្រះគ្រីស្ទ។ នេះគឺជាដំណឹងល្អដ៏អស្ចារ្យដូចគ្នា។
៩. ពិធីជ្រមុជទឹកគឺជាក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះយើងអំពីការរួបរួមរបស់យើងជាមួយនឹងព្រះគ្រីស្ទ
តាមរយៈទឹកដែលយើងទទួលជ្រមុជ ព្រះជាម្ចាស់បានកត់ចំណាំលើរូបកាយនូវសេចក្ដីពិត និងធាតុពិតនៃការដែលមានចំណែកក្នុងសេចក្ដីស្លាប់ ការបញ្ចុះក្នុងផ្នូរ ការរស់ឡើងវិញ និងការដែលព្រះគ្រីស្ទដ៏មានព្រះជន្មរស់នៅ។ ការជ្រមុជទឹក គឺជាការបង្ហាញយ៉ាងច្បាស់ពីការទទួលដំណឹងល្អ ដែលការនោះបង្ហាញថា យើងបានជាប់ឆ្កាងហើយស្លាប់ជាមួយនឹងព្រះគ្រីស្ទ ហើយក៏បានរស់ឡើងវិញឲ្យមានជីវិតថ្មីក្នុងការរស់ឡើងវិញរបស់ព្រះគ្រីស្ទផងដែរ។ ពិធីជ្រមុជទឹកគឺជាអត្តសញ្ញាណដ៏អាថ៌កំបាំងថ្មីមួយនៃការដែលយើងបានជាប់ឆ្កាង ហើយរស់ឡើងវិញជាមួយនឹងព្រះគ្រីស្ទ។ ពិធីជ្រមុជទឹកគឺប្រៀបដូចជា «ដំណឹងល្អក្នុងទឹក» អញ្ចឹង ដែលទឹកនោះអនុញ្ញាតឲ្យរូបកាយយើងដកពិសោធក្នុងការដែលយើងបានជ្រមុជក្នុងសេចក្ដីពិតជាមួយនឹងព្រះយេស៊ូវគ្រីស្ទដ៏អស់កល្បជានិច្ច។
១០. ពិធីលៀងព្រះអម្ចាស់គឺជាក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះយើងអំពីការរួបរួមរបស់យើងជាមួយនឹងព្រះគ្រីស្ទ
តាមរយៈនំបុ័ង និងទឹកទំពាំងបាយជូរនៃពិធីលៀងព្រះអម្ចាស់ ព្រះជាម្ចាស់បានកត់ចំណាំលើរូបកាយនូវសេចក្ដីពិត និងធាតុពិតនៃការដែលយើងបន្តមានចំណែកក្នុងព្រះសង្គ្រោះដ៏មានព្រះជន្មគង់នៅ។ ពិធីលៀងព្រះអម្ចាស់ គឺជាការបង្ហាញ និងជាការដែលអាចទទួលទានបាននូវការដកពិសោធនៃដំណឹងល្អដ៏ធំដែលបង្ហាញថា យើងនៅក្នុងព្រះគ្រីស្ទ ហើយទ្រង់ក៏នៅក្នុងយើង។ ព្រះគ្រីស្ទបាននាំយើងចូលក្នុងជីវិតដ៏អស់កល្បជានិច្ច ដោយទ្រង់បានផ្ដល់រូបអង្គទ្រង់ផ្ទាល់ដល់យើងតែម្ដង ហើយទ្រង់ក៏នឹងបន្តផ្គត់ផ្គង់ និងទ្រទ្រង់យើងតាមរយៈព្រះវត្តមានរបស់ទ្រង់ដែលនៅក្បែរយើងដែរ។ តាមរយៈដំណឹងល្អ យើងពិតជាបានក្លាយជាសាច់តែមួយជាមួយនឹងព្រះគ្រីស្ទមែន ហើយយើងក៏នឹងបន្តនៅទទួលព្រះគ្រីស្ទតាមរយៈដំណឹងល្អនៃនំប៉័ង និងទឹកទំពាំងបាយជូរដែលទ្រង់បានរៀបចំទុកជាការបង្ហាញព្រះវត្តមានរបស់ទ្រង់ចំពោះរូបកាយរបស់ទ្រង់ និងកូនក្រមុំរបស់ទ្រង់។ កណ្ឌគម្ពីរ ១កូរិនថូស ១០:១៦ បានចែងថា «តើពែងនៃព្រះពរដែលយើងអរព្រះគុណ មិនមែនជាការរួមចំណែកក្នុងឈាមរបស់ព្រះគ្រីស្ទទេឬ? តើនំប៉័ងដែលយើងកាច់ មិនមែនជាការរួមចំណែកក្នុងរូបកាយរបស់ព្រះគ្រីស្ទទេឬ?» (គគខ)។ ប្រាកដណាស់! រូបកាយ និងឈាមរបស់ទ្រង់ គឺជាសេចក្ដីសង្គ្រោះរបស់យើង!
មតិយោបល់
Loading…