in

ជំហាន​ប្រាំពីរ​យ៉ាង ដើម្បី​ពង្រឹង​ការ​អធិស្ឋាន​ឲ្យ​មាំ

Seven Steps to Strengthen Prayer

ការ​តស៊ូ​ក្នុង​ការ​អធិស្ឋាន​របស់​ខ្ញុំ​កាន់តែ​មាន​ភាព​ដុនដាប​ទៅៗ។ ជីវិត​ខាង​ឯ​វិញ្ញាណ​ដ៏​ខ្សោះ​ល្វើយ​របស់​ខ្ញុំ​កើត​មក​ពី​ភាព​រីងស្ងួត​នៃ​ការ​អធិស្ឋាន។ មិន​យូរ​មិន​ឆាប់ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា នេះ​មិន​មែន​គ្រាន់តែ​ជា​រោគសញ្ញា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នោះ​ឯង​ក៏​ជា​មូល​ហេតុ។ ខ្ញុំ​បាន​ធ្វេសប្រហែស​ដោយ​មិន​អើ​ពើ​នឹង​អ្វី​ដែល​អាច​បំពេញ​ភាព​ខ្សោះ​ល្វើយ និង​ភាព​ស្រេក​ឃ្លាន​ខាង​ឯ​វិញ្ញាណ​របស់​ខ្ញុំ។ ខ្ញុំ​បាន​បដិសេធ​ផ្លូវ​ដែល​មិន​មែន​ត្រឹមតែ​នាំ​ខ្ញុំ​ឲ្យ​ចេញ​ពី​វាល​រហោស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្លូវ​ដែល​រាំង​ខ្ញុំ​មិន​ឲ្យ​ចូល​វាល​រហោស្ថាន​នេះ​ទៅ​ទៀត។

ជា​រឿយៗ ខ្ញុំ​តែងតែ​មិន​បាន​ធ្វើ​តាម​បំណង​ចិត្ត​ខ្លួន នៅ​ពេល​ដែល​ខ្ញុំ​បដិសេធ​ដោយ​មិន​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​តែ​ហ្វឹកហ្វឺន​ការ​អធិស្ឋាន​ដោយ​រៀន​អធិស្ឋាន អនុវត្ត​ដោយ​អធិស្ឋាន ហើយ​បន្ត​អធិស្ឋាន​ថែម​ទៀត។ យើង​និយាយ​ច្រើន​ណាស់​ទាក់ទង​នឹង​ចំណុច​សំខាន់​នៃ​ការ​អធិស្ឋាន ប៉ុន្តែ​ភាគ​ច្រើន​យើង​មិន​ដឹង (ឬ​ក៏​ភ្លេច) អំពី​របៀប​នៃ​ការ​អធិស្ឋាន។ សូម្បី​តែ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​ក៏​បាន​ទូល​សួរ​ព្រះ​យេស៊ូវ​អំពី​របៀប​នៃ​ការ​អធិស្ឋាន​ដែរ (លូកា ១១:១)។ ពួកគាត់​បាន​ឃើញ​ពី​របៀប​ដែល​ព្រះ​អង្គ​បាន​អធិស្ឋាន ដែល​បង្ហាញ​ពី​ចិត្ដ​ក្លៀវក្លា និង​ភាព​ស្និទ្ធស្នាល​ជាមួយនឹង​ព្រះ​វរបិតា ដែល​ការ​នោះ​ធ្វើ​ឲ្យ​ពួកគាត់​ចង់​បាន​ផង​ដែរ។ «ព្រះ​អម្ចាស់​អើយ សូម​បង្រៀន​យើងខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន…» (លូកា ១១:១)។

ទោះបើ​គ្រប់ៗ​គ្នា​ស្ថិត​ក្នុង​កាលៈទេសៈ​ខុសៗ​គ្នា ក៏​យើងខ្ញុំ​នៅ​ជឿ​ជាក់​ថា ជំហាន​ទាំង​ប្រាំពីរ​យ៉ាង​នៃ​ការ​អធិស្ឋាន​នេះ ពិត​ជា​បាន​ជួយ​យើងខ្ញុំ​មែន​ក្នុង​ការ​តយុទ្ធ​នឹង​ជីវិត​អធិស្ឋាន​ដ៏​ទន់ខ្សោយ​របស់​យើងខ្ញុំ។

ការ​ត្រៀម​ខ្លួន​អធិស្ឋាន

១. ញែក​ពេល​អធិស្ឋាន

កាល​ណា​យើង​កាន់​តែ​ចំណាយ​ពេល​អធិស្ឋាន នោះ​យើង​ក៏​នឹង​កាន់​តែ​ចង់​ចំណាយ​ពេល​អធិស្ឋាន​ថែម​ទៀត។ ដើម្បី​ធ្វើ​បែប​នេះ​បាន លោកអ្នក​ត្រូវ​ដាក់​ម៉ោង​រោទ៍ កត់ត្រា​ទុក​ចំណាំ​នៅ​កន្លែង​ណា​មួយ ដើម្បី​រំឭក​លោកអ្នក​ពេញ​មួយ​ថ្ងៃ​ហ្នឹង​ក្នុង​ការ​ចំណាយ​ពេល​អធិស្ឋាន។ ការ​អធិស្ឋាន​គឺ​ជា​ការ​អនុវត្ត​ដែល​ទាមទារ​ការ​ហ្វឹកហាត់ និង​ការ​ស៊ូទ្រាំ ហើយ​យើង​គួរ​តែ​ហ៊ាន​លះបង់។ ការ​អធិស្ឋាន​គឺ​ជា​ទង្វើ​ដ៏​សំខាន់​បំផុត​ក្នុង​ថ្ងៃ​នីមួយៗ​របស់​យើង ដូច្នេះ​យើង​ត្រូវតែ​សង្វាត​ឲ្យ​មាន​ពេល​អធិស្ឋាន។ ហើយ​យើង​ក៏​មិន​គួរ​គ្រាន់តែ​ចំណាយ​ពេល​អធិស្ឋាន​នៅ​ពេល​ដែល​យើង​មាន​តម្រូវការ​ប៉ុណ្ណោះ​ទេ។ ការ​ហ្វឹកហាត់ និង​ការ​ត្រៀម​ខ្លួន ដើម្បី​ចូល​ច្បាំង​គឺ​ជា​ការ​ដ៏​សំខាន់​ណាស់។

២. រៀន​ដក​ខ្លួន​ចេញ

ចូរ​ដក​ខ្លួន​ចេញ​ពី​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ស្មារតី​មិន​មូល (ការ​លេង​ទូរស័ព្ទ និង​កុំព្យូទ័រ ការ​មើល​ទូរទស្សន៍ ឬ​ក៏​សំឡេង​រំខាន​ឥត​ឈប់ឈរ​ពី​សម័យ​ទំនើប​នេះ។ល។) ហើយ​ដក​ខ្លួន​ចេញ ដើម្បី​ឲ្យ​អាច​នៅ​ម្នាក់​ឯង​ដោយ​មាន​អារម្មណ៍​ថា លោក​អ្នក​កំពុង​នៅ​តែ​ឯង​ជាមួយ​ព្រះ​ជាម្ចាស់។ ការ​ដក​ខ្លួន​ចេញ​បែប​នេះ​ទំនង​ជា​ពិបាក​បន្តិច ជា​ពិសេស​បើ​លោកអ្នក​ធ្វើការ​នៅ​ក្រៅ​ផ្ទះ​ជា​ច្រើន​ម៉ោង ឬ​ក៏​នៅ​ផ្ទះ​ពី​ព្រលឹម​ដល់​ព្រលប់​ជាមួយ​កូនៗ​ដែល​មាន​ពេញ​ដោយ​ភាព​រពឹស និង​ការ​ឡូឡា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ចូរ​ញែក​ពេល​អធិស្ឋាន​ទុក​ជា​អាទិភាព​ចម្បង។ លោកអ្នក​អាច​ញែក​ពេលវេលា​ពេល​កំពុង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ នៅ​បន្ទប់​ការិយាល័យ​ទំនេរ ក្នុង​បង្គន់ មុន​និង​ក្រោយ​ម៉ោង​ញ៉ាំ​បាយ ឬ​ក៏​បន្ទាប់ពី​បញ្ចុក​បាយ​កូន ឬ​ក៏​នៅ​ម៉ោង​គេង​ថ្ងៃ ឬ​ក៏​ក្នុង​ចិត្ត​តែ​ម្ដង បើ​នោះ​ជា​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ចូរ​ព្យាយាម​រក​ពេលវេលា​នៅ​ម្នាក់​ឯង ហើយ​អធិស្ឋាន​ចុះ (លូកា ៤:៤២; ៥:១៦; ២២:៤១)។

៣. មាន​ទម្លាប់ និង​ឥរិយាបថ​ក្នុង​ការ​អធិស្ឋាន

ចូរ​ព្យាយាម​ធ្វើ​នូវ​អ្វី​ដែល​លោកអ្នក​ត្រូវ​ធ្វើ ដើម្បី​អធិស្ឋាន ឧទាហរណ៍៖ លុតជង្គង់ ឈរ បិទ​ភ្នែក សម្លឹង​មើល​ទៅ​លើ​មេឃ។ ពេល​ដែល​ខ្លួន​យើង​មាន​ការ​ផ្ដោត​អារម្មណ៍​ដ៏​ត្រឹមត្រូវ នោះ​ព្រលឹង​យើង​ក៏​នឹង​ងាយស្រួល​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ដែរ។ ប្រសិន​បើ​អាច​ធ្វើ​បាន ចូរ​អធិស្ឋាន​ឲ្យ​ឮៗ។ យើងខ្ញុំ​បាន​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​យើងខ្ញុំ​អធិស្ឋាន​ដោយ​ខ្សឹបខ្សៀវ​ម្នាក់​ឯង​វា​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​មិន​រំខាន​ពេលវេលា​នៃ​ការ​អធិស្ឋាន ប៉ុន្តែ​ក៏​ឮ​ខ្លាំង​ល្មម​ដែរ​ក្នុង​ការ​ការពារ​ចិត្តគំនិត​យើងខ្ញុំ ក្នុង​ការ​វង្វេង​ទៅ​នេះ​ទៅ​នោះ។ ដូច​ដែល​លោកគ្រូ ស៊ី. អេស. លូវ៉ីស (C.S. Lewis) បាន​សង្កេត​ឃើញ​ថា «ការ​ដែល​​រូបកាយ និង​ព្រលឹងវិញ្ញាណ​របស់​យើង​រួម​គ្នា​តែ​មួយ​​ពេល​អធិស្ឋាន នោះ​ពូកែ​ខ្លាំង​ណាស់»។

អនុវត្ត​ការ​អធិស្ឋាន

៤. ចូរ​អធិស្ឋាន​ព្រះ​បន្ទូល

ការ​អធិស្ឋាន​បែប​នេះ គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​នៃ​ការ​ចាប់ផ្ដើម។ នេះ​ជា​របៀប​ដែល​ផ្ដល់​អំណរ​ដល់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ទ្រង់​ដឹង​ថា កូនៗ​របស់​ទ្រង់​ស្គាល់​ព្រះ​បន្ទូល​របស់​ទ្រង់ យក​ចិត្ត​ទុក​ដាក់ ទទួល​ជឿ​ថា​ជា​សេចក្ដី​ពិត ហើយ​ក៏​បាន​និយាយ​ពាក្យ​ពេចន៍​ទាំង​នោះ​ទៅ​កាន់​ទ្រង់​វិញ។ សេចក្ដី​អធិស្ឋាន​របស់​យើងខ្ញុំ គឺ​ភាគ​ច្រើន​ជា​ការ «ចម្លង» ពី​ព្រះ​គម្ពីរ។ សូម្បី​តែ​ពេល​ខ្លះ​ក៏​យើងខ្ញុំ​ភ្លេច​ខ្លួន​ថា ពាក្យ​ពេចន៍​ជា​ច្រើន​នៃ​ការ​អធិស្ឋាន​របស់​យើងខ្ញុំ​គឺ​សុទ្ធតែ​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ ការ​នេះ​កើត​ឡើង​ព្រោះ​ដួងចិត្ត​របស់​យើងខ្ញុំ​ចង់​ច្រៀង​អំពី​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់ ហើយ​ពេល​ខ្លះ​ការ​នេះ​អាច​កើត​ឡើង​ព្រោះ​យើងខ្ញុំ​ចាំបាច់​ត្រូវ​ឱបក្រសោប​ព្រះ​បន្ទូល​របស់​ទ្រង់៖

សូម​សម្ដែង​សិរីល្អ​របស់​ព្រះ​អង្គ​ដល់​ទូលបង្គំ (និក្ខមនំ ៣៣:១៨)
សូម​បង្វែរ​ភ្នែក​ទូលបង្គំ​ចេញ​ពី​សេចក្ដី​ឥតប្រយោជន៍ (ទំនុកតម្កើង ១១៩:៣៧)
សូម​បង្ហាញ​ជា​សញ្ញា​ដល់​ទូលបង្គំ​ពី​សេចក្ដី​ល្អ​របស់​ទ្រង់ (ទំនុកតម្កើង ៨៦:១៧)
សូម​កុំ​ឲ្យ​អំពើ​បាប​មក​សោយរាជ្យ​លើ​ទូលបង្គំ (ទំនុកតម្កើង ១១៩:១៣៣)
ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់​ទូលបង្គំ​គ្មាន​អ្វី​ល្អ​ទេ (ទំនុកតម្កើង ១៦:២)

៥. ចូរ​អធិស្ឋាន​ឲ្យ​អស់​ពី​ចិត្ត

យើង​គួរតែ​សកម្ម​ក្នុង​ការ​អធិស្ឋាន។ ការ​ដែល​យើង​ចូរ​ទៅ​ក្នុង​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់ ការ​នោះ​គួរតែ​នាំ​ឲ្យ​យើង​មាន​ការ​បំផ្លាស់បំប្រែ​ពិតប្រាកដ​មែន យ៉ាង​ហោច​ក្នុង​លក្ខណៈ​តូចតាច​មួយ មុន​ដែល​យើង​បញ្ចប់​ដោយ​ពាក្យ «អាម៉ែន»។ ចូរ​ព្យាយាម​អធិស្ឋាន ទោះបើ​យើង​មាន​ការ​ពិបាក​ក៏​ដោយ ហើយ​ចូរ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណបរិសុទ្ធ​ធ្វើការ។ ពេល​ដែល​ព្រះ​ជាម្ចាស់​ឆ្លើយតប​នឹង​ការ​អធិស្ឋាន​របស់​យើង នោះ​ជា​ព្រះ​ពរ​ពិត​មែន ប៉ុន្តែ​ការ​ដែល​យើង​អធិស្ឋាន​ក៏​ជា​ព្រះ​ពរ​ផ្ទាល់​ផង​ដែរ។ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា នៅ​ពេល​ដែល​យើង​អធិស្ឋាន​ដោយ​ទទូច​សុំ​នូវ​អ្វី​មួយ​ដដែលៗ ហើយ​មិន​ទទួល​បាន​នូវ​ការ​ឆ្លើយតប​សោះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​យើង​គួរតែ​បន្ត​តស៊ូ​ក្នុង​ការ​អធិស្ឋាន ព្រោះ​ការ​អធិស្ឋាន​មិន​មែន​គ្រាន់តែ​ជា​​ផលផ្លែ​នៃ​ការ​ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ​ប៉ុណ្ណោះ​នោះ​ទេ តែ​ការ​អធិស្ឋាន​ក៏​ជា​យាន​មួយ​ដែល​នាំ​យើង​ឲ្យ​ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ​ដែរ។

៦. ចូរ​អធិស្ឋាន​ឲ្យ​ចំៗ

ការ​អធិស្ឋាន​មិន​ចំៗ​អាច​នឹង​បណ្ដាល​ឲ្យ​លោកអ្នក​លែង​អធិស្ឋាន។ នេះ​មិនមែន​មាន​ន័យ​ថា យើង​មិន​អាច​អធិស្ឋាន​បែប​ជា​ទូទៅ​នោះ​ទេ ប៉ុន្តែ​ពេល​ដែល​យើង​សរសើរ​លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់ យើង​ត្រូវតែ​លើក​ឡើង​ឲ្យ​ចំៗ ហើយ​យើង​ក៏​គួរ​ធ្វើ​បែប​នេះ​ពេល​ដែល​យើង​លន់តួ​បាប​របស់​យើង ក៏​ដូច​ជា​ពេល​ដែល​យើង​អរព្រះគុណ ឬ​ក៏​ទូល​សូម​អ្វី​មួយ​ឲ្យ​បាន​ចំៗ​ផង​ដែរ។ ដាច់ខាត យើង​ត្រូវតែ​រៀន​អធិស្ឋាន​ឲ្យ​ចំៗ ហើយ​មាន​ពេញ​ដោយ​ភាព​ក្លាហាន​ដោយ​ពឹង​សិទ្ធិ​ដែល​យើង​មាន​តាមរយៈ​ព្រះ​គ្រីស្ទ ដែល​ស្រប​ពេល​ជាមួយ​គ្នា​នេះ យើង​ក៏​ត្រូវតែ​មាន​ការ​ចុះ​ចូល​ក្រោម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ដែរ។ ការ​អធិស្ឋាន​ដែល​មាន​ភាព​ក្លាហាន និង​ជំនឿ​ដែល​មាន​សេចក្ដី​រំពឹង​បូក​ជាមួយនឹង​ការ​ចុះ​ចូល​ដែល​មាន​ការ​បន្ទាបខ្លួន គឺ​ជា​រូបមន្ត​ដ៏​ពូកែ​មួយ។

៧. ចូរ​អធិស្ឋាន​សម្រាប់​អ្នក​ដទៃ ហើយ​ជាមួយ​ពួកគាត់​ផង​ដែរ

ការ​អធិស្ឋាន គឺ​ជា​របៀប​មួយ​នៃ​ការ​ចងភ្ជាប់​កូនៗ​របស់​ព្រះ​ជាម្ចាស់​ជាមួយ​គ្នា ជាពិសេស​អស់​អ្នក​ដែល​យើង​មិន​ដែល​បាន​ជួប។ យើង​មាន​ព្រះ​វរបិតា​តែ​មួយ យើង​ជា​គ្រួសារ​តែ​មួយ ដូច្នេះ​យើង​គួរ​តែ​យក​អាសា​គ្នា​តាមរយៈ​ការ​អធិស្ឋាន។ យើង​បាន​វិនិយោគ​ពេលវេលា​លើ​ការ​តយុទ្ធ និង​លើ​ជ័យជម្នះ​ជាមួយ​គ្នា។ ពេល​ដែល​យើង​ចាប់ផ្ដើម​យក​ចិត្ត​ទុក​ដាក់​អធិស្ឋាន​សម្រាប់​អ្នកដទៃ ពេល​នោះ​យើង​នឹង​មិន​គិត​តែ​ពី​ខ្លួន​ឯង​ទៀត​ឡើយ។ វា​ពិត​ជា​អស្ចារ្យ​មែន ដែល​យើង​មាន​ចិត្ត​ព្រម​ព្រៀង​នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​ព្រះ​ជាម្ចាស់ ដោយ​លើក​សំណូម​ពរ​អធិស្ឋាន​ដូចៗ​គ្នា ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​អធិស្ឋាន​គឺ​ជា​ចំណង​ដែល​ចង​ភ្ជាប់​សមាជិក​ក្រុមជំនុំ​ជាមួយ​គ្នា។

ការ​អធិស្ឋាន​គឺ​ប្រៀប​ដូច​ជា​គ្រាប់​ព្រួញ

ការ​អធិស្ឋាន​មិនមែន​ជា​រូបមន្ត ឬ​ក៏​ថា​យើង​នឹង​ទទួល​បាន​នូវ​ការ​ឆ្លើយតប ប្រសិនបើ​យើង​ធ្វើ​វា​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ឬ​ធ្វើ​ក្នុង​របៀប​ដែល​ត្រឹមត្រូវ​នោះ​ទេ។ ប៉ុន្តែ យើង​មិន​គួរ​អធិស្ឋាន​ដោយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង។ ការ​អធិស្ឋាន​ដែល​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់ គឺ​ប្រៀប​ដូច​ជា​គ្រាប់​ព្រួញ​ដែល​បាញ់​គ្មាន​គោលដៅ ហើយ​បែរ​ជា​ទៅ​ធ្លាក់​នៅ​ក្បែរ​ជើង។ ការ​ដែល​យើង​លើក​សំណូម​ពរ​អធិស្ឋាន​ដោយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​ការ​ព្យាយាម នោះ​ក៏​នឹង​មិន​សូវ​មាន​ប្រសិទ្ធភាព បន្ទាប់ពី​វា​ចេញ​ពី​មាត់​យើង​ដែរ (ប៉ុន្តែ ចូរ​ប្រយ័ត្ន កុំ​បន្ទាប​តម្លៃ​របស់​ព្រះ​ជាម្ចាស់)។ តែ​បើ​យើង​អធិស្ឋាន​ដូច​ជា​បាញ់​ព្រួញ​ដែល​មាន​ពេញ​ដោយ​កម្លាំង និង​ចិត្ត​ប្រាថ្នា និង​មាន​គោលដៅ​ច្បាស់លាស់ នោះ​ការ​អធិស្ឋាន​របស់​យើង​នឹង​ហោះ​ទៅ​កាន់​ស្ថានសួគ៌​នៅ​ចំ​មុខ​ព្រះ​វត្តមាន​របស់​ទ្រង់​ផ្ទាល់ (វិវរណៈ ៨:៤)៖

ការ​អធិស្ឋាន​របស់​យើង​មិន​ពឹង​លើ​ក្បួន​នព្វន្តសាស្ត្រ —តើ​យើង​អធិស្ឋាន​បាន​ប៉ុន្មាន​ដង?
ឬ​ក៏​វោហារ​សាស្ត្រ —តើ​យើង​អធិស្ឋាន​មាន​ប្រកប​ដោយ​សម្ដី​បាន?
ឬ​ក៏​ជា​ធរណីមាត្រ (ដើម្បី​ឲ្យ​រក​បាន​ចម្លើយ​លើ​សំណួរ​មួយ គេ​ត្រូវ​ចំណាយ​ពេល​យូរ) —តើ​យើង​អធិស្ឋាន​បាន​យូរ​ប៉ុណ្ណា?
ឬ​ក៏​ជា​ចម្រៀង —តើ​យើង​អធិស្ឋាន​បាន​ពីរោះ​ប៉ុណ្ណា?
ឬ​ក៏​តក្ក —តើ​យើង​អធិស្ឋាន​ដោយ​មាន​ហេតុផល​ដែរ​ឬ​ទេ?
ឬ​ក៏​របៀបរបប —តើ​យើង​អធិស្ឋាន​ដោយ​មាន​សណ្ដាប់ធ្នាប់​ឬ?
ឬ​ក៏​ថា​ទេវវិទ្យា —តើ​យើង​អធិស្ឋាន​ដោយ​មាន​គោលជំនឿ​ដ៏​ត្រឹមត្រូវ​ដែរ​ឬ​ទេ ដែល​ពិត​ណាស់​នោះ​ក៏​ព្រះ​ជាម្ចាស់​ផ្ដោត​លើ​ដែរ៖ ប៉ុន្តែ ប្រសិទ្ធភាព​នៃ​ការ​អធិស្ឋាន​គឺ អធិស្ឋាន​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់។ (លោកគ្រូ យូសែប ហល នៅ​ឆ្នាំ១៨០៨)

ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ហ្វឹកហាត់​រាស្ត្រ​របស់​ទ្រង់​ឲ្យ​ក្លាយ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​ពូកែ​ក្នុង​ការ​រៀន​អធិស្ឋាន ពោល​គឺ​ការ​អធិស្ឋាន​របស់​យើង​គឺ​ប្រៀប​ដូច​ជា​ការ​បាញ់​ព្រួញ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ចេះ​អធិស្ឋាន​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​មាន​ពេញ​ដោយ​កម្លាំង​ដែល​នឹង​បំផ្លាស់បំប្រែ​អ្នក​ដទៃ នាំ​ឲ្យ​មាន​ការ​ព្យាបាល ជះ​ឥទ្ធិពល​លើ​ប្រទេស​របស់​យើង បំផ្លាស់បំប្រែ​ប្រវត្តិសាស្ត្រ បង្កើត​ឲ្យ​មាន​ការ​រួបរួម​ក្នុង​ក្រុមជំនុំ ហើយ​លើស​ពី​នោះ​ទៅ​ទៀត​គឺ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​ស្រី Bonnie McKernan
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, ​និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អមតៈ​មែន

ស្រឡាញ់​សេចក្ដី​ពិត