ខ្ញុំធ្លាប់បានឮពីមូលហេតុជាច្រើនដែលគ្រីស្ទបរិស័ទបានលើកឡើងទាក់ទងនឹងការដែលពួកគាត់សុខចិត្តជ្រើសរើសទៅរៀបការជាមួយអ្នកមិនជឿ៖ នារីមួយចំនួនបានគិតថា «គ្មានបុរសដែលសង្ហា ហើយល្អនៅក្នុងក្រុមជំនុំរបស់ពួកគាត់ ដែលពួកគាត់មិនស័ក្តិសមក្លាយជាគូអនាគតរបស់ខ្ញុំទេ» ហើយក៏មាននារីមួយចំនួនទៀតត្រូវបានគ្រួសារខ្លួនរៀបចំឲ្យរៀបការជាមួយអ្នកមិនជឿ ដូច្នេះហើយទើបពួកគាត់ចុះចូលធ្វើតាម និងគោរពតាមកម្មវិធីដែលមាននៅក្នុងអាពាហ៍ពិពាហ៍ដែលមិនមែនជាកម្មវិធីបែបគ្រីស្ទបរិស័ទ គឺវាទាក់ទងនឹងជំនឿ និងការគោរពថ្វាយបង្គំវិញ្ញាណផ្សេងៗនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍នោះ។ ហើយមូលហេតុដែលបុរសមួយចំនួនសម្រេចចិត្តរៀបការជាមួយអ្នកមិនជឿ ដោយសារពួកគាត់ធ្វើតាមយោបល់របស់មនុស្សផ្សេងៗ ឬក៏លើកឡើងថា «ខ្ញុំស្រឡាញ់នាងខ្លាំងណាស់! ខ្ញុំមិនអាចអត់នាងបានទេ!» ហើយខ្លះទៀតគិតថា ពេលបានរៀបការជាមួយអ្នកមិនជឿហើយ នោះគាត់នឹងនាំដៃគូរបស់ខ្លួនឲ្យទទួលជឿតាមក្រោយ។
ប៉ុន្តែ តើទាំងនេះជាមូលហេតុដ៏ពិតប្រាកដ ឬក៏គ្រាន់តែជាលេសគេចវេសពីការស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់? ខ្ញុំជឿថា គ្រីស្ទបរិស័ទទាំងអស់សុទ្ធតែបានដឹងយ៉ាងច្បាស់ហើយថា ខ្លួនមិនគួររៀបការជាមួយអ្នកមិនជឿនោះទេ។ ប៉ុន្តែ អ្វីដែលជាបញ្ហានាំពួកគាត់ឲ្យរៀបការជាមួយអ្នកមិនជឿគឺត្រង់ថា គាត់មិនមានជំនឿរឹងមាំក្នុងការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។ ដូច្នេះហើយបានជាពួកគាត់អនុញ្ញាតឲ្យអារម្មណ៍មកគ្រប់គ្រងលើខ្លួន និងធ្វើជាម្ចាស់លើខ្លួន ក៏ដូចជាធ្វើការសម្រេចចិត្តដោយពឹងលើខ្លួនឯង ជាជាងអនុញ្ញាតឲ្យព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាអម្ចាស់លើអ្វីដែលខ្លួនត្រូវធ្វើវិញ។ អ្វីដែលយើងខ្ញុំកំពុងតែអធិស្ឋានសម្រាប់បងប្អូន គឺចង់ឲ្យបងប្អូនជ្រើសរើសដើរតាមមាគ៌ាដ៏ល្អដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដូចដែលទ្រង់បានបើកសម្ដែងដល់បងប្អូនតាមរយៈព្រះបន្ទូលទ្រង់នៅក្នុងព្រះគម្ពីរបរិសុទ្ធ ហើយដោយសារទ្រង់បានបើកសម្ដែង នោះមានន័យថា បងប្អូនក៏ត្រូវចុះចូលស្ដាប់បង្គាប់តាមទ្រង់ផងដែរ។ ត្រង់នេះគឺមានន័យថា បងប្អូនមិនត្រូវមានទំនាក់ទំនងស្នេហាជាមួយអ្នកមិនជឿឡើយ ឬក៏ត្រូវហ៊ានផ្តាច់ពាក្យជាមួយអ្នកមិនជឿដោយមិនរៀបការជាមួយគាត់។ តាមរយៈការធ្វើបែបនេះ បងប្អូននឹងអាចគេចផុតពីការឈឺចាប់ ឬក៏ទុក្ខលំបាកផ្សេងៗ។
ប៉ុន្តែ ចូរបងប្អូនកុំគ្រាន់តែពឹងលើអ្វីដែលខ្ញុំបានលើកឡើង តែចូរយើងនាំគ្នាមើលនូវអ្វីដែលព្រះគម្ពីរបានចែង។ តើព្រះជាម្ចាស់ពិតជាមានបន្ទូលបង្គាប់ដល់គ្រីស្ទបរិស័ទឲ្យរៀបការតែជាមួយគ្រីស្ទបរិស័ទដូចគ្នាមែនឬ? ប្រាកដណាស់! ព្រះជាម្ចាស់ពិតជាមានបន្ទូលនៅក្នុងព្រះគម្ពីរទាក់ទងនឹងការដែលគ្រីស្ទបរិស័ទត្រូវរៀបការតែជាមួយគ្រីស្ទបរិស័ទ ហើយអ្នកជឿមិនត្រូវរៀបការជាមួយអ្នកមិនជឿឡើយ។ ចំណុចខាងក្រោមនេះជាមូលហេតុមួយចំនួនដែលព្រះជាម្ចាស់បានមានបន្ទូលមកកាន់បងប្អូនតាមរយៈព្រះគម្ពីរទាក់ទងនឹងការរៀបការ៖
១. ព្រះជាម្ចាស់ជាអង្គបង្កើតអាពាហ៍ពិពាហ៍មិនមែនបងប្អូន
ខ្ញុំលើកឡើងពីហេតុផលនេះជាដំបូង ពីព្រោះវាជាហេតុផលដែលបងប្អូនងាយនឹងភ្លេច។ តើព្រះជាម្ចាស់មានសិទ្ធបញ្ជាឲ្យបងប្អូនស្វែងរកលក្ខណសម្បត្តិនៃបុគ្គលបែបណាដែលបងប្អូនរៀបការជាមួយ? ព្រះអង្គមានសិទ្ធ ដោយសារទ្រង់ជាព្រះអាទិករ ជាអង្គដែលបង្កើតបងប្អូន និងជាអង្គដែលធ្វើឲ្យមានជីវិតអាពាហ៍ពិពាហ៍កើតឡើងសម្រាប់មនុស្សលោក។ ដូច្នេះ គ្មាននរណាមានសិទ្ធធំជាងព្រះជាម្ចាស់ឡើយ! នៅពេលដែលព្រះអង្គមានព្រះបន្ទូល នោះបងប្អូនត្រូវតែស្ដាប់បង្គាប់តាម ហើយចុះចូល។ បងប្អូនមិនមែនជាអ្នកបង្កើតឲ្យមានជីវិតអាពាហ៍ពិពាហ៍ឡើងទេ ហើយឪពុកម្ដាយ ឬសាច់ញាតិបងប្អូន ឬក៏វប្បធម៌ក៏មិនមែនជាអ្នកបង្កើតនោះដែរ តែព្រះជាម្ចាស់ជាអង្គដែលបង្កើតឲ្យមានឡើងវិញទេតើ។ ព្រះជាម្ចាស់ជាអង្គដែលបង្កើតឲ្យមានជីវិតអាពាហ៍ពិពាហ៍ (លោកុប្បត្ដិ ២:២៤-២៥)។ ហេតុដូច្នេះហើយបានជាព្រះជាម្ចាស់មានសិទ្ធគ្រប់បែបយ៉ាងក្នុងការបញ្ជាឲ្យបងប្អូនរៀបការជាមួយបុគ្គលដែលមានលក្ខណៈបែបណា ក៏ដូចជាមានព្រះបន្ទូលពីអត្ថន័យដ៏ត្រឹមត្រូវក្នុងជីវិតអាពាហ៍ពិពាហ៍សម្រាប់បងប្អូនផងដែរ។ សំណួរសួរថា តើបងប្អូននឹងជ្រើសរើសស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរឬទេ? ខ្ញុំអធិស្ឋានសូមឲ្យបងប្អូនស្ដាប់បង្គាប់ ហើយចុះចូលនឹងព្រះហឫទ័យរបស់ព្រះអាទិករ ព្រោះព្រះអង្គជាព្រះដ៏ល្អ ហើយទ្រង់ក៏កំពុងតែរៀបចំបុគ្គលណាម្នាក់ដែលស័ក្តិសមសម្រាប់បងប្អូននៅខាងមុខផងដែរ បើទ្រង់សព្វព្រះហឫទ័យឲ្យបងប្អូនរៀបការ។
២. កុំឲ្យទឹមនឹមស្រៀកជា១មួយនឹងអ្នកមិនជឿឡើយ
ខគម្ពីរដែលនិយាយច្បាស់ជាងគេទាក់ទងនឹងសេចក្តីពិតអំពីការដែលអ្នកជឿមិនត្រូវរៀបការជាមួយអ្នកមិនជឿ គឺនៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៦:១៤-១៨ «មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ? តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបំផុត»» (គកស)។ យើងដឹងហើយថា អ្នកធ្វើស្រែចម្ការនឹងមិនយកគោទៅទឹមនឹមនឹងក្របីឡើយ ពេលដែលពួកគាត់ភ្ជួររាស់។ ឃ្លាថា «កុំឲ្យទឹមនឹមស្រៀក» ជាឃ្លាដែលសាវ័ក ប៉ុល កំពុងតែប្រៀបធៀបពីការដែលគ្រីស្ទបរិស័ទមិនត្រូវរៀបការជាមួយអ្នកមិនជឿ ពីព្រោះអ្នកមិនជឿមិនអាចរួមរស់ជាមួយអ្នកជឿបានឡើយ ដោយសារពួកគាត់មិនអាចចុះសម្រុងនឹងគ្នាបាន។ ទោះបីសាវ័ក ប៉ុល មិនបានលើកឡើងចំៗពីជីវិតអាពាហ៍ពិពាហ៍ទាក់ទងនឹងគ្រីស្ទបរិស័ទដែលថា ពួកគាត់មិនត្រូវរៀបការជាមួយអ្នកមិនជឿយ៉ាងណាក៏ដោយ ក៏យើងនៅតែដឹងបានយ៉ាងច្បាស់ថាសាវ័ក ប៉ុល លើកឡើងក្នុងរបៀបមួយដែលមានការពន្យល់ដ៏ទូលំទូលាយ ហើយក៏សំដៅលើអត្ថន័យនៃជីវិតអាពាហ៍ពិពាហ៍ផងដែរ។ ក្នុងឃ្លា «កុំឲ្យទឹមនឹមស្រៀក» ភាសាក្រិកមានពាក្យឫសថា «ផ្សំផ្គុំគ្នា» ដែលនិយាយសំដៅលើពេលមនុស្សប្រុស និងមនុស្សស្រី «ផ្សំផ្គុំគ្នា» ក្នុងព្រះអង្គតាមរយៈអាពាហ៍ពិពាហ៍ (ម៉ាថាយ ១៩:៦; ម៉ាកុស ១០:៩)។ តើបងប្អូននឹងពិតជាសម្រេចចិត្តផ្សំផ្គុំគ្នាជាមួយអ្នកមិនជឿមែនឬ? ប្រសិនបើព្រះយេស៊ូវពិតជាព្រះអម្ចាស់លើជីវិតបងប្អូនមែន នោះបងប្អូនគ្មានចំណុចអ្វីមួយដែលស៊ីគ្នានឹងអ្នកមិនជឿឡើយ។ ដូចដែលសាវ័ក ប៉ុល បានលើកឡើងថា ជីវិតអ្នកជឿ និងជីវិតអ្នកមិនជឿ គឺផ្ទុយគ្នាទាំងស្រុង! សេចក្តីសុចរិតផ្ទុយគ្នានឹងសេចក្ដីទទឹងច្បាប់។ ពន្លឺផ្ទុយគ្នានឹងសេចក្ដីងងឹត។ ក្នុងនាមជាគ្រីស្ទបរិស័ទ តើបងប្អូននឹងទៅរៀបការជាមួយអារក្សបេលាល? ទេ! «ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះនៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ» (១កូរិនថូស ៦:២០ គកស)។ យើងមានមូលហេតុយ៉ាងច្បាស់ថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យឲ្យបុត្រាបុត្រីរបស់ព្រះអង្គទៅរៀបការជាមួយអ្នកមិនជឿទេ។ ប៉ុន្តែ ក៏នៅមានមូលហេតុផ្សេងៗទៀតផងដែរ។
៣. ចូររៀបការក្នុងព្រះអម្ចាស់
នៅពេលដែលសាវ័ក ប៉ុល បានសរសេរសំបុត្រនេះទៅទីក្រុង កូរិនថូស ត្រង់ជំពូក៧ខ៣៩ គឺគាត់កំពុងសរសេរទៅកាន់ស្ត្រីគ្រីស្ទបរិស័ទ ដោយមានការណែនាំថា តើពួកគាត់គួរនឹងធ្វើអ្វីបន្ទាប់ពីប្តីរបស់ខ្លួនស្លាប់? ចម្លើយគឺថា «នាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាងឲ្យតែរៀបការក្នុងព្រះអម្ចាស់» (១កូរិនថូស ៧:៣៩ គកស)។ គ្មានមូលហេតុដែលយើងគួរគិតថា នេះជាលក្ខខណ្ឌ ឬជាបទបញ្ជាលើសពីធម្មតាដែលសាវ័ក ប៉ុល បានលើកឡើងទៅកាន់តែស្ត្រីមេម៉ាយប៉ុណ្ណោះទេ តែតាមពិតនេះក៏ជាបទបញ្ជាសម្រាប់អ្នកមិនទាន់រៀបការផងដែរ ព្រោះអ្នកមិនទាន់រៀបការក៏មានសេរីភាពក្នុងការជ្រើសរើសនរណាម្នាក់ដែលពួកគាត់ពេញចិត្ត ប៉ុន្តែពួកគាត់ត្រូវ «រៀបការក្នុងព្រះអម្ចាស់» ដែលនេះមានន័យថា ត្រូវរៀបការជាមួយអ្នកដែលជឿដូចគ្នា។ បរិបទនៃខគម្ពីរនេះបានបញ្ជាក់យ៉ាងច្បាស់អំពីគំនិតនេះ ដោយសារសាវ័ក ប៉ុល បានសរសេរថា អ្នកជឿដែលបានរៀបការជាមួយអ្នកមិនជឿរួចហើយត្រូវតែរក្សាជីវិតអាពាហ៍ពិពាហ៍នោះឲ្យបានល្អ (១កូរិនថូស ៧:១២-១៦)។ សាវ័ក ប៉ុល ជាចាំបាច់ គាត់ត្រូវតែបញ្ជាគ្រីស្ទបរិស័ទឲ្យនៅបន្តជីវិតអាពាហ៍ពិពាហ៍របស់ពួកគាត់ ព្រោះពួកគាត់បានដឹងយ៉ាងច្បាស់ហើយថា ការដែលអ្នកជឿរៀបការជាមួយអ្នកមិនជឿ នោះជាការដែលមិនត្រឹមត្រូវទេ។ សរុបសេចក្ដីទៅ ប្រសិនបើសាវ័ក ប៉ុល មិនបានបញ្ជាគ្រីស្ទបរិស័ទដែលបានរៀបការជាមួយអ្នកមិនជឿឲ្យបន្តដំណើរជីវិតអាពាហ៍ពិពាហ៍ទេ នោះពួកគាត់ទំនងជានឹងចង់ដើរចេញពីដៃគូខ្លួនជាមិនខាន។ មូលហេតុដែលពួកគាត់ត្រូវរក្សាជីវិតអាពាហ៍ពិពាហ៍ឲ្យបានល្អ ព្រោះប្ដី ឬក៏ប្រពន្ធដែលបានរៀបការមុនដែលគាត់ក្លាយជាគ្រីស្ទបរិស័ទ តែក្រោយមកមានម្នាក់បានទទួលជឿព្រះអង្គ ក្នុងករណីនេះ បុគ្គលដែលទទួលជឿ គាត់ត្រូវតែរក្សាជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនឲ្យបានល្អ ដោយសារតាមរយៈជីវិតអាពាហ៍ពិពាហ៍នេះ គាត់អាចមានឥទ្ធិពលល្អលើដៃគូជីវិតរបស់ខ្លួន ហើយក៏នឹងអាចនាំដៃគូរបស់ខ្លួនឲ្យទទួលជឿលើព្រះយេស៊ូវគ្រីស្ទទៀតផង។ ប៉ុន្តែទោះបីព្រះជាម្ចាស់អាចបំផ្លាស់ និងរំដោះពួកគាត់ឲ្យរួចផុតពីអំពើបាបក៏ដោយ ក៏នេះមិនមែនមានន័យថា ខ្លួនគួរតែប្រព្រឹត្តអំពើបាបនោះទេ (រ៉ូម ៦:១-២)។ មូលហេតុនេះសបញ្ជាក់យ៉ាងច្បាស់ថា គ្រីស្ទបរិស័ទត្រូវតែរៀបការ «ក្នុងព្រះអម្ចាស់» ពោលគឺរៀបការជាមួយអ្នកជឿដូចគ្នា។
៤. ដៃគូដែលមិនមែនជាអ្នកជឿនឹងនាំបងប្អូនចេញពីព្រះជាម្ចាស់
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់មានបញ្ញត្តិជាច្រើនសម្រាប់សាសន៍អ៊ីស្រាអែលដែលហាមមិនឲ្យពួកគេ រៀបការជាមួយសាសន៍ដទៃ។ ព្រះអង្គមានបម្រាមបែបនេះ គឺដើម្បីជួយពួកគេមិនឲ្យដើរចេញពីមាគ៌ារបស់ទ្រង់ តាមរយៈការល្បួងពីអ្នកមិនជឿ។ កណ្ឌគម្ពីរ ចោទិយកថា ៧:៣-៤ បានចែងថា «មិនត្រូវរៀបការជាមួយគេដោយឲ្យកូនស្រីរបស់អ្នកទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នកឡើយ ដ្បិតគេនឹងបង្វែរកូនរបស់អ្នកចេញពីយើង ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃ។ ពេលនោះយើងនឹងសេចក្តីខ្ញាល់របស់ព្រះយេហូវ៉ានឹងត្រូវឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងបំផ្លាញអ្នករហ័ស»។ ព្រះជាម្ចាស់បានបញ្ជា ហើយបានប្រាប់សាសន៍អ៊ីស្រាអែលថា វានឹងកើតឡើងចំពោះពួកគេ។ ទោះបើបទបញ្ជានេះព្រះអង្គបានឲ្យទៅសាសន៍អ៊ីស្រាអែលក៏ដោយ ក៏គោលលទ្ធិនេះនៅតែមានការទាក់ទងជាមួយគ្រីស្ទបរិស័ទសព្វថ្ងៃនេះផងដែរ។ ប្រសិនបើបងប្អូនមានទំនាក់ទំនងស្នេហាដ៏ជិតស្និទ្ធជាមួយអ្នកមិនជឿ ការនោះនឹងមិនជួយឲ្យបងប្អូនលូតលាស់ខាងឯព្រលឹងវិញ្ញាណបានឡើយ ហើយក៏នឹងមិននាំឲ្យមានភាពស្និទ្ធស្នាលដ៏ល្អប្រសើរជាមួយព្រះគ្រីស្ទបានដែរ តែផ្ទុយទៅវិញ ទំនាក់ទំនងបែបនោះនឹងអូសទាញបងប្អូនចេញឲ្យឆ្ងាយពីព្រះគ្រីស្ទ ព្រោះពួកគាត់មិនស្គាល់ព្រះអង្គ។ ប៉ុន្តែ អ្វីដែលនឹងកើតឡើងចេញពីទំនាក់ទំនងស្នេហាជាមួយអ្នកមិនជឿ គឺត្រង់ថា ការនោះនឹងទាញបងប្អូនឲ្យចេញកាន់តែឆ្ងាយទៅៗពីព្រះគ្រីស្ទ ដោយសារពួកគេមិនស្គាល់ព្រះយេស៊ូវ ហើយមិនស្គាល់នូវអ្វីដែលបងប្អូនមានក្នុងជីវិត ហើយអ្នកមិនជឿក៏គ្មានទំនាក់ទំនងជាមួយព្រះគ្រីស្ទផងដែរ។
ព្រះគម្ពីរមានចែងពីស្ថានភាពមួយចំនួនដែលព្រះជាម្ចាស់បានអនុញ្ញាតឲ្យសាសន៍អ៊ីស្រាអែលរៀបការជាមួយនឹងសាសន៍ដទៃ។ ប៉ុន្តែ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យការបែបនោះកើតឡើង ប្រសិនបើបុគ្គលដែលជាសាសន៍ដទៃនោះបានប្ដូរជំនឿមកជឿលើជំនឿសាសន៍យូដា ដែលនេះមានន័យថា ពួកគាត់ត្រូវបោះបង់ជំនឿចាស់ខ្លួនចោល (និក្ខមនំ ១២:៤៣-៤៩; ចោទិយកថា ២១:១០-១៤)។ ឧទាហរណ៍៖ នាង រ៉ាហាប បានបដិសេធព្រះក្លែងក្លាយរបស់គាត់ចោល ហើយបានបង្ហាញពីជំនឿរបស់គាត់លើព្រះជាម្ចាស់ដ៏ជាព្រះពិតតែមួយ តាមរយៈការដែលគាត់បានជួយអ្នកសង្កេតការរបស់សាសន៍អ៊ីស្រាអែលនៅក្រុងយេរីខូរ។ ព្រះជាម្ចាស់មិនបានសម្លាប់គាត់ចោល ពេលដែលសាសន៍អ៊ីស្រាអែលបំផ្លាញក្រុងយេរីខូរឡើយ ហើយព្រះអង្គក៏ទទួលស្គាល់ថា គាត់ជារាស្ត្ររបស់ទ្រង់ ហើយគាត់ក៏បានរៀបការជាមួយនឹងលោក សាលម៉ូន ដែលជាសាសន៍អ៊ីស្រាអែល។ ឧទាហរណ៍មួយទៀតគឺត្រង់ថា ក្រោយពេលនាង រស់ ដែលជាសាសន៍ម៉ូអាប់បានជ្រើសរើសដើរតាមព្រះជាម្ចាស់ (នាងរស់ ១:១៦) នោះទើបលោក បូអូស ដែលជាសាច់ញាតិរបស់នាង រ៉ាហាប មានសិទ្ធិក្នុងការរៀបការជាមួយនឹងនាង រស់ នេះបើយោងតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ទាំងនាង រស់ និងនាង រ៉ាហាប មានឈ្មោះក្នុងបញ្ជីរាយនាមពង្សាវតាររបស់ព្រះយេស៊ូវ (ម៉ាថាយ ១:៥)។ ដូច្នេះ ក្រឹត្យវិន័យដ៏ច្បាស់លាស់ក្នុងព្រះគម្ពីរសញ្ញាចាស់ គឺមិនសូវទាក់ទងប៉ុន្មាននឹងជាតិសាសន៍នោះទេ តែទាក់ទងនឹងជំនឿវិញ។ ប៉ុន្តែ ព្រះគម្ពីរក៏មានការលើកឡើងនូវឧទាហរណ៍ជាច្រើនដែលរៀបរាប់ពីពេលដែលសាសន៍អ៊ីស្រាអែលមិនបានស្ដាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ហើយទៅរៀបការជាមួយស្ត្រីជាសាសន៍ដទៃដែលមិនជឿលើព្រះជាម្ចាស់។ ហើយព្រះបន្ទូលបានចែងម្ដងហើយម្ដងទៀតពីការដែលប្រពន្ធរបស់ពួកគាត់បានអូសទាញពួកគាត់ចេញពីព្រះជាម្ចាស់ដ៏ជាព្រះពិត ហើយក៏បានបង្វែរចិត្តពួកគាត់ឲ្យទៅថ្វាយបង្គំព្រះក្លែងក្លាយដែរ។ បុរសសាសន៍អ៊ីស្រាអែលមានសិទ្ធិរៀបការតែជាមួយស្ត្រីដែលជឿលើព្រះជាម្ចាស់ដ៏ជាព្រះពិតតែប៉ុណ្ណោះ នេះមានន័យថា ជាធម្មតាសាសន៍អ៊ីស្រាអែលត្រូវតែរៀបការជាមួយនឹងសាសន៍របស់ខ្លួន។
ដូច្នេះ នៅពេលបងប្អូនសម្រេចចិត្តថា នឹងយកចិត្តទុកដាក់ផ្ដោតលើអ្នកមិនជឿព្រះគ្រីស្ទ នោះចិត្តបងប្អូនក៏នឹងផ្ដោតទៅលើបុគ្គលដែលពុំមានព្រះគ្រីស្ទដែរ ហើយថែមទាំងធ្វើឲ្យបងប្អូនចាកចេញឆ្ងាយពីព្រះគ្រីស្ទទៀតផង។ នោះហើយជាគ្រោះថ្នាក់ដែលនាំឲ្យជំនឿរបស់បងប្អូនចេញពីព្រះគ្រីស្ទ។ ដូច្នេះ ចំពោះអ្នកដែលមិនទាន់បានរៀបការនៅឡើយ សូមជ្រើសរើសព្រះគ្រីស្ទ ជាជាងជ្រើសរើសបុរស ឬស្ត្រីណាម្នាក់ដែលមិនមែនជាអ្នកជឿ។ តើបងប្អូននឹងជ្រើសរើសសេចក្តីស្រឡាញ់ដែលនៅតែមួយភ្លែត ឬក៏ជ្រើសរើសសេចក្តីស្រឡាញ់ដ៏នៅអស់កល្បជានិច្ច? ទោះបើបងប្អូនបានស្គាល់នរណាម្នាក់ដែលជាគ្រីស្ទបរិស័ទ ហើយគាត់បានរៀបការជាមួយអ្នកមិនជឿ នោះមិនមែនមានន័យថា បងប្អូនត្រូវតែធ្វើតាមគាត់នោះទេ ប៉ុន្តែដូចជាស្តេច សាឡូម៉ូន បានមានបន្ទូលក្នុងកណ្ឌគម្ពីរ សុភាសិត ១៣:២០ ថា «អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងបានប្រាជ្ញាដែរតែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើនោះនឹងត្រូវខូចបង់វិញ» (គកស)។
៥. សម្រស់ស្រស់ស្អាតនៅតែមួយភ្លែតទេ
តើបងប្អូនកំពុងតែស្វែងរកអ្វីចេញពីដៃគូរអនាគតរបស់ខ្លួន? ព្រះគម្ពីរបានចែងឲ្យយើងដឹងយ៉ាងច្បាស់ថា អ្វីដែលបងប្អូនគួរតែស្វែងរកចេញពីដៃគូអនាគតខ្លួនគឺត្រង់ថា គាត់ជាបុគ្គលដែលកោតខ្លាចព្រះជាម្ចាស់។ កណ្ឌគម្ពីរ សុភាសិត ៣១:៣០ បានចែងថា «រូបឆោមឆាយជាសេចក្តីបញ្ឆោតហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ តែស្ត្រីណាដែលកោតខ្លាចព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ» (គកស)។ តើបងប្អូនជឿទុកចិត្តលើខគម្ពីរនេះដែរឬទេ? ឬក៏បងប្អូនមិនជឿលើអ្វីដែលព្រះបន្ទូលបានចែង ហើយកំពុងតែព្យាយាមសាកល្បងនូវរបៀបណាមួយផ្សេងទៀត ជាជាងជឿលើអ្វីដែលព្រះជាម្ចាស់ឲ្យតម្លៃឬ? ប្រសិនបើបងប្អូនទៅរៀបការជាមួយអ្នកមិនជឿ នោះពិតប្រាកដណាស់បងប្អូនមិនបានរកអ្វីដែលពិសេសនៅក្នុងរបៀបរបស់ព្រះជាម្ចាស់ទេ តែបងប្អូនបែរជាទៅសម្លឹងរកអ្វីផ្សេងទៀតដែលខ្លួនគិតថា ពិសេសនៅក្នុងដៃគូអនាគត ជាជាងព្រះជាម្ចាស់។ ចូរប្រែចិត្ត ហើយព្យាយាមឲ្យចិត្តរបស់បងប្អូនធ្វើនូវអ្វីដែលត្រឹមត្រូវ ហើយឲ្យស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ជាជាងតាមចិត្តរបស់ខ្លួនឯង។ ប្រសិនបើបងប្អូនបានរៀបការជាមួយដៃគូដែលកោតខ្លាចព្រះជាម្ចាស់ នោះបងប្អូននឹងទទួលបានព្រះពរជាច្រើនមកពីព្រះជាម្ចាស់ ដែលនោះប្រសើរជាងបងប្អូនទៅរៀបការជាមួយអ្នកមិនជឿដែលមានសម្រស់ស្រស់ស្អាតតែមួយភ្លែតវិញ។
៦. ការស្ដាប់បង្គាប់តាមឪពុកម្ដាយ មិនមែនមានន័យថា បងប្អូនត្រូវឈប់ស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ
ជាទូទៅ ប្រសិនបើបងប្អូនមានឪពុកម្ដាយដែលមិនទាន់ទទួលជឿព្រះយេស៊ូវនៅឡើយ នោះច្បាស់ណាស់ថាពួកគាត់មួយចំនួននឹងបង្ខំបងប្អូនឲ្យរៀបការជាមួយអ្នកមិនជឿជាមិនខាន។ ពេលខ្លះបងប្អូនទំនងជាប្រាប់ខ្លួនឯងថា ខ្លួនគ្មានជម្រើសទេ ហើយព្រមទាំងគិតថា វាជាការដ៏ត្រឹមត្រូវក្នុងការធ្វើតាមបង្គាប់ឪពុកម្ដាយដោយចុះចូលនឹងការផ្សំផ្គុំរបស់ពួកគាត់ ហើយបងប្អូនចាត់ទុកការទាំងនោះថា ជាការដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ ដោយយល់ស្របទៅរៀបការជាមួយអ្នកមិនជឿ។ ខ្ញុំសូមជម្រាបបងប្អូនថា អ្វីដែលបងប្អូនកំពុងតែគិត នោះមិនត្រឹមត្រូវទេ! ការដែលបងប្អូនស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួន ដោយព្រមរៀបការជាមួយអ្នកមិនជឿ នោះមានន័យថា បងប្អូនជ្រើសរើសមិនស្តាប់បង្គាប់ព្រះជាម្ចាស់ហើយ។ បទបញ្ជារបស់ព្រះជាម្ចាស់មិនប្រឆាំងនឹងគ្នាឡើយ។ ឧទាហរណ៍៖ នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១៣:១ ដែលព្រះជាម្ចាស់តម្រូវឲ្យបងប្អូនចុះចូលនឹងរដ្ឋាភិបាលរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ហើយធ្វើអ្វីដែលបងប្អូនអាចធ្វើបានតាមរយៈការស្ដាប់បង្គាប់ព្រះអង្គ។ ប៉ុន្តែ នេះមិនមានន័យថា ប្រសិនបើរដ្ឋាភិបាលរបស់បងប្អូនមានច្បាប់ហាមបងប្អូនឲ្យឈប់ជឿលើ ព្រះយេស៊ូវគ្រីស្ទជាព្រះដ៏ពិត និងជាព្រះសង្គ្រោះតែមួយអង្គគត់ ហើយថែមទាំងមិនអនុញ្ញាតឲ្យបងប្អូនថ្វាយបង្គំព្រះជាម្ចាស់ នោះបងប្អូនត្រូវចុះចូលនឹងរដ្ឋាភិបាលនោះទេ តែផ្ទុយទៅវិញបងប្អូនត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់ជាដំបូងវិញ ពីព្រោះព្រះអង្គមានគ្រប់សិទ្ធអំណាចធំជាងរដ្ឋាភិបាលរបស់បងប្អូនទៅទៀត។ បងប្អូនប្រហែលនឹកចាំពីរឿងរបស់សាវ័ក ពេត្រុស និងសាវ័ក យ៉ូហាន ដែលលោកទាំងពីរបានប្រកាសដំណឹងល្អ ហើយពេលនោះរដ្ឋាភិបាលរបស់ពួកគាត់បានហាមពួកគាត់មិនឲ្យផ្សាយដំណឹងល្អតទៅទៀត «ប៉ុន្តែ លោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅអស់លោកទាំងនោះថា៖ «នៅចំពោះព្រះភក្ត្ររបស់ព្រះ តើគួរឲ្យខ្ញុំស្តាប់តាមអស់លោក ជាជាងស្តាប់តាមព្រះឬ? សូមអស់លោកពិចារណាចុះ ដ្បិតខ្ញុំមិនអាចឈប់និយាយពីការដែលខ្ញុំបានឃើញ និងឮនោះបានឡើយ»» (កិច្ចការ ៤:១៩-២០ គកស)។ ប្រសិនបើឪពុកម្ដាយរបស់បងប្អូនបញ្ជាឲ្យបងប្អូនធ្វើអ្វីដែលជាអំពើបាប ជាការប្រឆាំងនឹងការស្ដាប់បង្គាប់ព្រះជាម្ចាស់ នោះបងប្អូនដាច់ខាតត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់ជាចម្បង មិនមែនស្ដាប់ពួកគាត់ទេ។ ត្រង់ចំណុចនេះ បងប្អូនត្រូវតែហ៊ានពន្យល់ដល់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់បងប្អូនអំពីមូលហេតុដែលបងប្អូនមិនអាចធ្វើតាមអ្វីដែលពួកគាត់ចង់ឲ្យបងប្អូនធ្វើ ឲ្យបានច្បាស់លាស់ដូចសាវ័ក ពេត្រុស និងសាវ័ក យ៉ូហាន បានធ្វើ ហើយបានពន្យល់ដល់រដ្ឋាភិបាលរបស់ពួកគាត់។ សូមចងចាំថា មិនមែនមានតែបងប្អូនដែលប្រឈមមុខនឹងរឿងនេះ។ ប្រសិនបើរឿងនេះពិតជាបានកើតឡើងយ៉ាងពិតប្រាកដចំពោះបងប្អូនមែន ដោយឪពុកម្ដាយបងប្អូនតម្រូវឲ្យទៅរៀបការជាមួយអ្នកមិនជឿ នោះចូរទៅនិយាយ និងពិភាក្សាជាមួយនឹងគ្រូគង្វាលរបស់បងប្អូន ព្រមទាំងសុំបងប្អូនរួមជំនឿឲ្យជួយអធិស្ឋាន ជួយផ្ដល់ប្រឹក្សា និងធ្វើជាជំនួយ។ ប្រហែលព្រះជាម្ចាស់អាចប្រើប្រាស់ស្ថានភាពដ៏លំបាកទាំងអស់នេះ ដើម្បីនឹងនាំឪពុកម្ដាយរបស់បងប្អូនឲ្យទទួលជឿលើព្រះយេស៊ូវ ហើយបងប្អូនផ្ទាល់ គឺជាស្មរបន្ទាល់សម្រាប់ពួកគាត់ ដោយជម្រាបពួកគាត់ថា បងប្អូនឲ្យតម្លៃលើព្រះយេស៊ូវគ្រីស្ទលើសអ្វីៗទាំងអស់។ ទោះបីជាស្ថានភាពនេះមើលទៅហាក់បីដូចមិនសូវជាបង្ហាញថា ប្អូនគោរពពួកគាត់ក៏ដោយ ក៏នេះនៅតែជាការគោរពដល់ព្រះជាម្ចាស់ ហើយបងប្អូនត្រូវតែហ៊ានប្រកាសពីតម្លៃនៃដំណឹងល្អទៅដល់ពួកគាត់ ក្រោយពីនោះមក ប្រហែលជាឪពុកម្ដាយរបស់បងប្អូនអាចនឹងទទួលជឿផងដែរ។
៧. ការរៀបចំពិធីមង្គលការរបៀបគ្រីស្ទបរិស័ទមិនមែនមានន័យថា បងប្អូននឹងមានជីវិតអាពាហ៍ពិពាហ៍ជាគ្រីស្ទបរិស័ទទេ
បងប្អូនទំនងជាបានសម្រេចចិត្តថា នឹងរៀបការជាមួយអ្នកមិនជឿ ហើយក៏គិតដែរថា នោះមិនមែនជាបញ្ហាទេ ព្រោះដៃគូរបស់បងប្អូនបានអនុញ្ញាតឲ្យបងប្អូនធ្វើតាមពិធីបែបជាគ្រីស្ទបរិស័ទ។ ការនេះបណ្ដាលឲ្យបងប្អូនគិតថា ដៃគូរបស់បងប្អូនប្រហែលជាកំពុងបើកចិត្តចង់ឮពីព្រះយេស៊ូវគ្រីស្ទក៏មិនដឹង ទោះបើពួកគាត់មិនទាន់ជឿនៅឡើយក៏ដោយ។ ប៉ុន្តែ ចូរដឹងឲ្យប្រាកដថា ទោះបើបងប្អូនរៀបចំពិធីមង្គលការបែបជាគ្រីស្ទបរិស័ទក៏ដោយ ក៏នោះគ្មានប្រយោជន៍អ្វីដែរ ប្រសិនបើដៃគូរបស់បងប្អូនមិនបានទទួលជឿព្រះយេស៊ូវគ្រីស្ទ! ព្រះជាម្ចាស់មិនខ្វល់ពីសម្បកក្រៅរបស់បងប្អូនទេ ប៉ុន្តែទ្រង់ខ្វល់ពីអ្វីដែលនៅក្នុងចិត្តរបស់បងប្អូនវិញ។ សាសន៍អ៊ីស្រាអែលបានបន្តថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ប៉ុន្តែក្នុងចិត្តរបស់ពួកគាត់មិនបានជឿលើព្រះអង្គទេ «ដ្បិតយើងចង់បានសេចក្តីស្រឡាញ់ដែលឥតប្រែប្រួល មិនមែនយញ្ញបូជាទេ គឺចង់ឲ្យអ្នកស្គាល់ព្រះ ជាជាងការថ្វាយតង្វាយដុត» (ហូសេ ៦:៦ គកស)។ បើបងប្អូនពិតជាស្រឡាញ់ព្រះជាម្ចាស់មែន នោះបងប្អូននឹងហ៊ានដើរក្នុងរបៀបដ៏ត្រឹមត្រូវដោយពឹងអាងលើអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរស់នៅរបស់បងប្អូនជាមិនខាន។ ប៉ុន្តែ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅក្នុងជីវិតរបស់បងប្អូនទេ នោះបងប្អូនក៏នឹងមិនអាចរស់នៅក្នុងរបៀបដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់បានដែរ។ កណ្ឌគម្ពីរ រ៉ូម ៨:៧-៨ បានចែងថា «ព្រោះគំនិតដែលគិតអំពីសាច់ឈាម នោះទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ហើយអស់អ្នកណាដែលរស់នៅខាងសាច់ឈាម ពុំអាចគាប់ព្រះហឫទ័យព្រះបានឡើយ» (គកស)។ កុំច្រឡំថា បើបងប្អូនទៅរៀបការជាមួយអ្នកមិនជឿដោយធ្វើកម្មវិធីបែបជាគ្រីស្ទបរិស័ទ នោះព្រះជាម្ចាស់សព្វព្រះហឫទ័យឡើយ។ តាមពិត ការនេះជាការដ៏អាក្រក់បំផុត ដោយសារបងប្អូនធ្វើឲ្យដៃគូរបស់បងប្អូនដែលមិនមែនជាអ្នកជឿនោះមានមុខពីរដោយបង្ហាញសម្បកក្រៅថា ខ្លួនជាអ្នកជឿព្រះយេស៊ូវគ្រីស្ទ តែធាតុពិតក្នុងចិត្តគាត់មិនបានជឿទេ «សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង» (កាឡាទី ៦:៧ គកស)។
៨. ព្រះជាម្ចាស់បង្កើតអាពាហ៍ពិពាហ៍ឡើង ដើម្បីប្រកាសដំណឹងល្អ
ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់ ហើយក៏បានបង្ហាញពីមូលហេតុមួយដែលព្រះជាម្ចាស់បង្កើតឲ្យមានជីវិតអាពាហ៍ពិពាហ៍ គឺដើម្បីបង្ហាញពីអាថ៌កំបាំងនៃទំនាក់ទំនងរវាងព្រះគ្រីស្ទនឹងក្រុមជំនុំ ហើយក្នុងនាមជាបុរសដែលជាគ្រីស្ទបរិស័ទ ព្រះអង្គបានត្រាស់ហៅបងប្អូនឲ្យស្រឡាញ់ប្រពន្ធរបស់ខ្លួន «ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ» (អេភេសូរ ៥:២៥ គកស)។ ចំណែកឯស្ត្រីវិញក៏ត្រូវចុះចូលចំពោះប្តីរបស់ខ្លួន «ដូចជាចុះចូលនឹងព្រះជាម្ចាស់ចុះ» (អេភេសូរ ៥:២២ គកស)។ ដូច្នេះ តើបងប្អូនអាចបង្ហាញពីដំណឹងល្អដល់ដៃគូរបស់បងប្អូនយ៉ាងម៉េចបាន ប្រសិនបើដៃគូរបស់បងប្អូនមិនទាន់បានជឿដំណឹងល្អនៅឡើយ? នោះប្រៀបដូចជាមនុស្សពីរនាក់ដែលឡើងច្រៀងចម្រៀងជាមួយគ្នា តែអ្នកទាំងពីរច្រៀងបទខុសៗគ្នាក្នុងពេលតែមួយ។ ម្នាក់ច្រៀងចម្រៀងសរសើរតម្កើងព្រះយេស៊ូវគ្រីស្ទ តែម្នាក់ទៀតបែរជាច្រៀងចម្រៀងសរសើរតម្កើងខ្លួនឯងទៅវិញ។ នោះវាមិនអាចទៅរួចបានទេ! តែផ្ទុយទៅវិញ វាធ្វើឲ្យខូចព្រះនាមព្រះយេស៊ូវគ្រីស្ទ ដោយបងប្អូនបានជ្រើសរើសស្រឡាញ់ដៃគូដែលមិនមែនជាគ្រីស្ទបរិស័ទ។ គ្រប់អ្នកជឿទាំងអស់ គឺជាកូនក្រមុំរបស់ព្រះគ្រីស្ទ។ ហើយប្រសិនបើបងប្អូនចង់បង្ហាញពីរូបភាពនៃព្រះគ្រីស្ទ និងពីក្រុមជំនុំដូចដែលព្រះអង្គសព្វព្រះហឫទ័យសម្រាប់ជីវិតអាពាហ៍ពិពាហ៍ នោះបុរស និងស្ត្រីទាំងពីរនាក់ត្រូវតែជាអ្នកជឿដូចគ្នា។
ខ្ញុំបានលើកឡើងចេញពីព្រះបន្ទូលព្រះជាម្ចាស់ចំពោះបងប្អូនយ៉ាងច្បាស់ថា ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នកជឿរៀបការជាមួយអ្នកមិនជឿឡើយ ហើយប្រសិនបើអ្នកជឿទៅរៀបការជាមួយអ្នកមិនជឿ នោះជាអំពើបាបហើយ។ ឥឡូវនេះ ខ្ញុំសុំអធិស្ឋានសម្រាប់បងប្អូន ដើម្បីឲ្យបងប្អូនបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្បាស់។ ប្រសិនបើបងប្អូនកំពុងតែស្រឡាញ់ ហើយមានទំនាក់ទំនងស្នេហាជាមួយអ្នកមិនជឿ នោះខ្ញុំសង្ឃឹមថា បងប្អូននឹងដកខ្លួនចេញពីទំនាក់ទំនងស្នេហានោះភ្លាម។ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទៅជួបជាមួយនឹងគ្រីស្ទបរិស័ទដែលធ្លាប់មានបទពិសោធន៍ក្នុងការរៀបការជាមួយអ្នកមិនជឿ ហើយស្នើសុំឲ្យពួកគេរៀបរាប់ពីការឈឺចាប់ និងទុក្ខលំបាករបស់ពួកគេ។ ប្រាកដណាស់ ពួកគាត់នឹងណែនាំបងប្អូនយ៉ាងច្បាស់ថា ចូរឲ្យបងប្អូនជឿលើព្រះបន្ទូល ហើយស្ដាប់បង្គាប់ព្រះបន្ទូលព្រះជាម្ចាស់ចុះ។ សូមកុំរៀបការជាមួយអ្នកមិនជឿឲ្យសោះ ព្រោះការធ្វើបែបនោះនឹងធ្វើឲ្យមានការឈឺចាប់ក្នុងដំណើរជីវិតរបស់បងប្អូន ដោយសារបងប្អូនមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ខ្ញុំសុំអធិស្ឋានសម្រាប់បងប្អូន ដោយទូលសូមឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់ឫសចូលទៅក្នុងជម្រៅចិត្តរបស់បងប្អូន ហើយឲ្យព្រះបន្ទូលធ្វើការក្នុងចិត្តរបស់បងប្អូន ដោយបណ្ដាលចិត្តឲ្យបងប្អូនចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ហើយតាមរយៈការនោះបងប្អូននឹងទទួលបានព្រះពរ និងអំណរមកពីព្រះជាម្ចាស់ជាមិនខាន។ ផែនការរបស់ព្រះជាម្ចាស់សម្រាប់បងប្អូន គឺល្អប្រសើរជាងផែនការរបស់បងប្អូនសម្រាប់ខ្លួនឯងទៅទៀត។ តើបងប្អូននឹងជ្រើសរើសស្ដាប់បង្គាប់តាមអ្នកណា? ខ្លួនឯង ឬក៏ព្រះជាម្ចាស់? តើបងប្អូននឹងជ្រើសរើសស្ដាប់បង្គាប់តាមព្រះអាទិករ ឬក៏ស្ដាប់បង្គាប់ចិត្តខ្លួនឯង?
កណ្ឌគម្ពីរ យ៉ាកុប ៤:៧-១០ បានចែងថា «ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។ សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាញដែរ។មនុស្សមានបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។ ចូរមានទុក្ខ ហើយយំសោកចុះ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាទុក្ខ ហើយឲ្យអំណរប្រែទៅជាទុក្ខព្រួយវិញ។ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះព្រះអង្គនឹងតម្កើងអ្នករាល់គ្នាឡើង» (គកស)។
អរព្រះគុណដល់ព្រះសំរាប់ការបង្រៀននេះ ពីមុនខ្ញុំក៏សំរេចចិត្តចង់ធ្វើតាមចំនុច៧
អរគុណបង! ថ្វាយសិរីល្អទៅព្រះនៃយើងចុះ!
should we teach people not to talk to each other between one who believe and one not believe? seperate society?
Hello Odom,
This article has nothing to do with believers and unbelievers talking, or not talking with each other. Is there a reason you are asking this question? Surely you would not equate marriage with talking? Nothing in Scripture prohibits believers talking to unbelievers, actually far from it, we are commanded to talk to unbelievers and share the Gospel! But, marrying an unbeliever is a whole different question and one that Scripture addresses (as the article clearly shows). I hope you find this article helpful and Biblical and that you continue to seek to follow God’s Word rather than man’s wisdom.
Blessings.
ខ្ញុំមានការសោកស្តាុយខ្លាំងណាស់ ដែលអត្ថបទខាងលើ ហាក់បីដូចជាយឺតខ្លាំងណាស់សំរាប់ខ្ញុំ។ កាលពី ១០ឆ្នំាមុន ខ្ញុំជាគ្រីស្ទបរិស័ទដែល ខ្សោយខាងជំនឿ បានបណ្តាលអោយជីវិត អាពាហ៍ពិពាហ៍ របស់ខ្ញុំស្ថិតក្នុងសភាព ទឹមនឹមស្រៀក។ ខ្ញុំសូមផ្តាំដល់គ្រិស្តបរិស័ទទាំងអស់ កុំអោយមានជីវិតអាពាហ៍ពិពាហ៍ដូចរូបខ្ញុំ។
មកដល់ចំនុចនេះតើខ្ញុំត្រូវធ្វើយ៉ាងណា?
អរព្រះគុណដល់ព្រះសំរាប់ការបង្រៀននេះ
អរគុណ! បង សម្រាប់ការបញ្ចេញមតិ ទាក់ទងទៅនឹងអត្ថបទខាងលើនេះ សូមព្រះប្រទានពរបង ហើយនឹងក្រុមគ្រួសារបងមានសុភមង្គលក្នុងព្រះគ្រីស្ទយេស៊ូវ។
ហេតុអ្វីអ្នកជឿខ្លះប្រព្រឹត្តខ្លួនបែបលោកកិយដូច្នេះ ដឹងហើយឮហើយនៅតែបំពានទទឹងនិងច្បាប់របស់ព្រះបន្ទូលព្រះអម្ចាស់ ដោយអ្នកជឿទៅរៀបការជាមួយអ្នកដែលមិនជឿ ??
សំណួរល្អ អរគុណបងនូវសំណួរ ! នេះជាហើយជាមូលហេុតុដែលអ្នកនិពន្ធចង់ផ្ដល់អត្ថន័យទូន្មានដល់យើងជាគ្រីស្ទបរិស័ទ ទាក់ទងមង្គលការ។