រដូវណូអែលជារដូវដ៏ល្អមួយក្នុងការផ្ដល់ជាឱកាសឲ្យយើងបង្រៀនសេចក្តីពិតអំពីដំណឹងល្អទៅក្នុងចិត្តរបស់កូនៗយើង។ នេះគឺជាពេលវេលាដ៏ល្អក្នុងការប្រាប់កូនៗថា ព្រះយេស៊ូវគឺជាកាដូដ៏ល្អបំផុតដែលពួកគេអាចទទួលបានក្នុងជីវិតនេះ។
ខាងក្រោមនេះគឺជាចំណុចស្ដីពីសេចក្តីពិតដ៏សំខាន់ៗទុកបង្រៀនកូនៗនៅថ្ងៃបុណ្យណូអែល៖
១. រឿងនៃសេចក្តីប្រោសលោះ
បួនអាទិត្យមុនថ្ងៃទី២៥នៃខែ១២ យើងអាចយកឱកាសនោះ ដើម្បីបង្រៀនកូនៗរបស់យើងពីរឿងកំណើតរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរឲ្យពួកគេបានស្គាល់។
នៅក្នុងគ្រួសាររបស់យើងខ្ញុំ រៀងរាល់ថ្ងៃក្នុងអំឡុងបួនអាទិត្យមុនថ្ងៃទី២៥នៃខែ១២ យើងចូលចិត្តរៀនពីសាច់រឿងនៃការប្រោសលោះ ដោយចាប់ផ្ដើមពីការដែលព្រះជាម្ចាស់បង្កើត ហើយរៀនរហូតដល់ថ្ងៃកំណើតរបស់ព្រះគ្រីស្ទនៅថ្ងៃបុណ្យណូអែល។ ពួកយើងនាំគ្នាពិភាក្សាពីការធ្លាក់ចុះក្នុងអំពើបាប និងពីសេចក្តីសន្យារបស់ព្រះជាម្ចាស់ស្ដីពីព្រះសង្គ្រោះដែលមានចែងក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣:១៥។ ពួកយើងបាននាំគ្នាអានអំពីសេចក្តីសន្យារបស់ទ្រង់ចំពោះលោក អ័ប្រាហាំ និងការអះអាងរបស់ទ្រង់ម្ដងហើយម្ដងទៀតនៅក្នុងគម្ពីរសញ្ញាចាស់។ យើងនិយាយពីរឿងលោក ម៉ូសេ និងបុគ្គលម្នាក់ទៀតដែលគាត់ល្អប្រសើរជាងលោក ម៉ូសេដែលនឹងត្រូវយាងមក (ហេព្រើរ ៣:៣-៦)។ យើងបាននាំគ្នាអានពីសេចក្តីទំនាយនៅក្នុងកណ្ឌគម្ពីរ អេសាយ ៧:១៤; ៩:១-២, ៦-៧; ១១:១; ៣៥:៥-៦; ៤០:៣-៥; ៤២:១-៦; ៥២:១៣-៥៣:១២; ៦១:១-២។ល។ យើងបាននាំគ្នាមើលពីរបៀបដែលព្រះគម្ពីរបានចង្អុលបង្ហាញទៅព្រះអង្គសង្គ្រោះរបស់យើង។
២. ការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទ
សម្រាប់អស់អ្នកដែលមិនជឿ នៅពេលរដូវកាលនៃថ្ងៃសម្រាកមកដល់ ពួកគេច្រើនចាយវាយលើសពីចំណូលរបស់ខ្លួន ហើយបង្ហាញពីភាពស្ដុកស្ដម្ភរបស់ខ្លួន ទាំងព្យាយាមធ្វើនូវគ្រប់ទាំងចំណុចដែលមើលទៅគឺថា ល្អឥតខ្ចោះតែម្ដង។ ប៉ុន្តែទោះជាយ៉ាងណាក្ដី រឿងស្ដីពីព្រះយេស៊ូវ គឺជារឿងនៃការបន្ទាបខ្លួន។ ថ្ងៃបុណ្យណូអែល គឺជាពេលវេលាដែលផ្ដល់នូវឱកាសយ៉ាងល្អក្នុងការបង្រៀនកូនៗរបស់យើងពីខ្លឹមសារនៃអ្នកដែលធំជាងគេនៅក្នុងនគរស្ថានសួគ៌ (ម៉ាថាយ ២០:២៦-២៨)។ ចំណុចទាំងអស់នេះ គឺជាការបង្ហាញឲ្យយើងឃើញពីការបន្ទាបខ្លួនរបស់ទ្រង់ដូចជា៖ មាតាបិតារបស់ទ្រង់ កន្លែងកំណើតរបស់ទ្រង់ និងស្រុកកំណើតរបស់ទ្រង់ និងគ្រប់ទាំងសកម្មភាពដែលទ្រង់បានយាងមកយកនិស្ស័យជាសាច់ឈាម ទាំងអស់នេះគឺជាភស្តុតាងដែលបង្ហាញឲ្យយើងឃើញថា ទ្រង់បន្ទាបខ្លួន។
មនុស្សភាគច្រើន ពួកគេរំពឹងថា ព្រះមែស្ស៊ីនឹងយាងមកយកកំណើតនៅក្នុងវិមានដ៏ស្កឹមស្កៃ មិនមែននៅក្នុងក្រោលសត្វនោះឡើយ។ មនុស្សភាគច្រើនរំពឹងថា ទ្រង់រស់នៅក្នុងវង្សត្រកូលស្ដេច មិនមែនមករស់នៅល្ហេមល្ហាមនោះទេ។ មនុស្សភាគច្រើនរំពឹងថា ទ្រង់នឹងមកយកជ័យជម្នះលើចក្រភពរ៉ូម មិនមែនមកឲ្យពួកគេចាប់ឆ្កាងនោះទេ។ សូមអានកណ្ឌគម្ពីរ ភីលីព ២:១-១១ បន្ទាប់មកបង្ហាញដល់កូនៗរបស់លោកអ្នកអំពីការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទតាមរយៈខគម្ពីរនោះ។
៣. ព្រះជាម្ចាស់ធ្វើការតាមរយៈភាពកម្សោយ
បរិបទស្រដៀងគ្នាមួយទៀតដែលយើងអាចបង្រៀនកូនៗនៅរដូវបុណ្យណូអែលនេះគឺ របៀបដែលព្រះជាម្ចាស់ធ្វើការតាមរយៈភាពកម្សោយ។ ព្រះជាម្ចាស់ច្រើនតែជ្រើសរើសមនុស្សដែលមិនស័ក្តិសមនឹងឲ្យទ្រង់ប្រើ ក៏ដូចជាមនុស្សកម្សោយ ព្រះអង្គបានប្រើប្រាស់ពួកគេនៅក្នុងរឿងនៃការប្រោសលោះរបស់ទ្រង់។ នាង ម៉ារា គឺជានារីសាមញ្ញធម្មតាម្នាក់ ជាស្ត្រីក្រីក្រចេញមកពីស្រុកដែលគ្មានអ្វីដែលគួរឲ្យសំខាន់នោះទេ។ ចំណែក សាវ័ក ពេត្រុស គាត់ក៏ជាម្នាក់ដែលមិនបានរៀនសូត្រអ្វីខ្ពង់ខ្ពស់នោះទេ គាត់គ្រាន់តែជាអ្នកនេសាទម្នាក់ប៉ុណ្ណោះ។ យើងអាចនឹងឃើញសិរីល្អរបស់ព្រះជាម្ចាស់ តាមរយៈការដែលទ្រង់ធ្វើការតាមរយៈភាពកម្សោយរបស់យើង។ យើងអាចមើលឃើញពីការនេះបានយ៉ាងច្បាស់ គឺនៅក្នុងការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងជំនួសបាបរបស់យើង និងការដែលទ្រង់បានមានព្រះជន្មរស់ឡើងវិញ បន្ទាប់ពីបីថ្ងៃក្រោយដែលទ្រង់សុគត ជាពេលវេលាដែលអះអាងពីជ័យជម្នះរបស់យើងទៅលើអំពើបាប និងសេចក្តីស្លាប់។
៤. ព្រះជាម្ចាស់រក្សាពាក្យសន្យារបស់ទ្រង់
មានសេចក្ដីពិតដ៏សំខាន់មួយទៀតនៅរដូវកាលនេះដែលយើងគួរផ្ដោតលើពេលបង្រៀនកូនៗរបស់យើងនោះគឺថា ព្រះជាម្ចាស់រក្សាពាក្យសន្យារបស់ទ្រង់។ យើងអាចចាប់ផ្ដើមជាមួយនឹងសេចក្តីសន្យារបស់ព្រះសង្គ្រោះបន្ទាប់ពីការធ្លាក់ក្នុងអំពើបាប មើលក្នុងគម្ពីរសញ្ញាចាស់ មើលត្រង់សេចក្ដីសន្យានៃការប្រោសលោះរាស្ត្ររបស់ទ្រង់ ហើយសេចក្ដីសន្យានោះត្រូវបានបំពេញទាំងស្រុងដោយព្រះគ្រីស្ទ។
៥. ព្រះនាមរបស់ព្រះគ្រីស្ទ
កាលពីឆ្នាំទៅ កូនៗរបស់ខ្ញុំបានរៀនពីឈ្មោះផ្សេងៗរបស់ព្រះយេស៊ូវនៅរដូវកាលបុណ្យណូអែលអស់បួនអាទិត្យមុនថ្ងៃទី២៥នៃខែ១២។ ពួកយើងបានរៀនពីព្រះនាមរបស់ទ្រង់ដូចជា ព្រះមែស្ស៊ី កូនចៀមនៃព្រះ អេម៉ាញូអែល អាល់ហ្វា និងអូមេហ្គា និងព្រះអម្ចាស់នៃសេចក្ដីសុខសាន្តជាដើម។ល។ ខ្ញុំបានបង្រៀនកូនៗពីព្រះនាមរបស់ព្រះយេស៊ូវ ក៏ដូចជាអត្ថន័យដល់ពួកគេ ដើម្បីជួយពួកគេកាន់តែស្គាល់ព្រះយេស៊ូវថែមទៀត ក៏ដូចជាឲ្យពួកគេកាន់តែស្គាល់ពីលក្ខណសម្បត្តិ និងកិច្ចការដែលទ្រង់បានបំពេញសម្រេច។ យើងបានសរសេរព្រះនាមទាំងអស់នោះ រួចមកយកឈ្មោះទាំងនោះមកតភ្ជាប់គ្នាដូចជាច្រវាក់ បន្ទាប់ពីបានរៀនរៀងរាល់ថ្ងៃ។ របៀបមួយទៀតដែលយើងអាចរៀនពីព្រះនាមទាំងនោះគឺ យើងអាចសរសេរព្រះនាមរបស់ទ្រង់ទាំងអស់លើកូនក្រដាសស្អាតៗ ផាត់ពណ៌ឲ្យស្អាត ហើយយកទៅតាំងនៅលើដើមណូអែល ទុកសម្រាប់រាល់ពេលដែលយើងសិក្សាពីព្រះនាមទ្រង់។
សូមឆក់យកអត្ថប្រយោជន៍ចេញពីឆ្នាំនេះ ដើម្បីបង្រៀនកូនៗពីកំណើតព្រះគ្រីស្ទ ដោយចំណាយពេលអានព្រះបន្ទូលជាមួយពួកគេ ហើយបង្ហាញពួកគេពីព្រះមែស្ស៊ីដែលបានយាងមកដូចតាមសេចក្ដីសន្យា និងពីរបៀបដែលទ្រង់បានបំពេញសេចក្តីសន្យាតាមរយៈព្រះឱរសដែលមកយកកំណើតនៅភូមិបេថ្លេហិម។ សូមជួយកូនៗឲ្យមើលឃើញថា ព្រះយេស៊ូវគឺជាកាដូដ៏ល្អបំផុតដែលពួកគេអាចទទួលបាន និងជាកាដូដ៏ល្អបំផុតដែលពួកគេអាចជូនដល់អ្នកផ្សេងៗទៀតបានផងដែរ។
និពន្ធដោយ៖ លោកគ្រូ Christina Fox
ដកស្រង់ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, លោកគ្រូ ណាថាន វែស និងលោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
Thank you for your translation work! I am using this to help teach my students about the Christmas story.