ការមានអារម្មណ៍ថា ព្រះជាម្ចាស់នៅឆ្ងាយពីយើង គឺជាអារម្មណ៍មួយដែលគ្រីស្ទបរិស័ទជាច្រើនធ្លាប់មាន។ ពេលខ្លះយើងមានអារម្មណ៍ថា ទ្រង់នៅឆ្ងាយពីយើងណាស់។ ការនេះធ្វើឲ្យយើងគិតថា ទ្រង់ហាក់បីដូចជាកំពុងពួនពីយើងអញ្ចឹង ឬក៏ថា ទ្រង់មិនបានសម្ដែងព្រះវត្តមានដ៏រស់រវើករបស់ទ្រង់ឲ្យយើងឃើញសោះ។ លោកអ្នកមានការបាក់ទឹកចិត្ត ហួតហែង ហើយអស់សង្ឃឹម ព្រោះលោកអ្នកមិនប្រាកដថា តើទ្រង់នៅក្បែរលោកអ្នក នៅព្រះសណ្ដាប់ ឬក៏នៅបន្តយកចិត្តទុកដាក់នឹងលោកអ្នកទៀតឬក៏អត់។ ដោយគិតដូច្នេះ លោកអ្នកហាក់បីដូចជាអស់កម្លាំង មិនមានចិត្ដចង់អធិស្ឋាន ព្រោះក្ដីអធិស្ឋានរបស់លោកអ្នកហាក់បីដូចជាគ្មានន័យអីសោះ គ្មានខ្លឹមសារ ហើយលើសពីនោះ លោកអ្នកក៏មានអារម្មណ៍ដែរថា ក្ដីអធិស្ឋានរបស់លោកអ្នកត្រឡប់មកលោកអ្នកវិញដោយការខកចិត្ដ ពេញដោយភាពបរាជ័យ។
ឱ! ព្រះអម្ចាស់អើយ! តើទ្រង់គង់នៅឯណា? ហេតុអ្វីបានជាទ្រង់លាក់អង្គទ្រង់ពីទួលបង្គំ? ទូលបង្គំជាកូនរបស់ព្រះអង្គ។ ឱ!ព្រះវរបិតាអើយ! ហេតុអ្វីបានជាទូលបង្គំមានអារម្មណ៍ថា ព្រះអង្គមើលរំលងនឹងការយំសោករបស់ទូលបង្គំអញ្ចឹង? តើដល់កាលណាទៀត? ឱព្រះអម្ចាស់អើយ! តើទ្រង់នឹងបំភ្លេចទូលបង្គំជារៀងរហូតមែនឬ? តើទូលបង្គំនឹងបន្តស្វែងរកទ្រង់ដល់ពេលណាទៀត? ទូលបង្គំមិនឮអ្វីសោះពីទ្រង់! ទូលបង្គំកំពុងតែស្លាប់ហើយ ឱព្រះអម្ចាស់អើយ! សូមកុំអែអង់ទៀតឡើយ ឱព្រះដ៏ជាព្រះនៃទូលបង្គំអើយ!
ប្រសិនបើការអធិស្ឋានខាងលើនេះស្រដៀងគ្នានឹងការយំស្រែកក្នុងចិត្តរបស់លោកអ្នក ចូរមានចិត្តកក់ក្ដៅចុះ ដ្បិតបទពិសោធន៍នេះមិនថ្មី ឬក៏ខុសប្លែកពីអ្នកដទៃឡើយ ព្រោះការទាំងនេះ វាមិនបានកើតឡើងចំពោះតែលោកអ្នកម្នាក់ឯងប៉ុណ្ណោះនោះទេ។ លោកអ្នកកំពុងតែស្ថិតនៅក្នុងកាលៈទេសៈដូចដែលគ្រីស្ទបរិស័ទជាច្រើនទៀតបានឆ្លងកាត់ពីមុនរួចស្រេចមកហើយ ហើយអ្នកទាំងនោះក៏កំពុងដើរនៅក្នុងជីវិតនេះរួមជាមួយលោកអ្នកដែរ។ នេះជាចំណុចដែលអាចនឹងជួយផ្ដល់ការលើកទឹកចិត្តខ្លះៗដល់យើង។
ប៉ុន្តែ ចំណុចនេះមិនអាចថ្នាក់ថ្នមបីបាច់បេះដូងគ្រាំគ្រាយើងដែលងាយនឹងបែកបាក់នោះឡើយ ព្រោះការមានអារម្មណ៍ថាព្រះជាម្ចាស់កំពុងនៅឆ្ងាយ គឺជាបទពិសោធន៍ដ៏គួរឲ្យភ័យខ្លាចមែន។ ការយល់ដឹងថា មានអ្នកដទៃទៀតធ្លាប់បានឆ្លងកាត់នូវអារម្មណ៍នេះ គឺគ្រាន់តែអាចជួយដកការថប់បារម្ភរបស់យើងតែបន្តិចបន្តួចប៉ុណ្ណោះ។ យើងត្រូវការព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីនិយាយមកកាន់យើង ទាក់ទងទៅនឹងចំណុចដ៏ពិតនេះ ជាប្រយោជន៍ឲ្យយើងចេះស៊ូទ្រាំ និងចេះរង់ចាំទ្រង់ ដោយមានសេចក្ដីសង្ឃឹម នៅពេលដែលយើងមានអារម្មណ៍ថា ទ្រង់នៅសែនឆ្ងាយនោះ។
ចូរពឹងលើសេចក្ដីពិត មិនមែនលើអារម្មណ៍
សម្រែកយំសោករបស់ស្ដេច ដាវីឌ ក្នុងកណ្ឌគម្ពីរទំនុកតម្កើងជំពូក២២មិនសូវខុសគ្នាពីយើងប៉ុន្មាននោះទេ៖
«ឱ! ព្រះនៃទូលបង្គំព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាព្រះអង្គគង់ឆ្ងាយមិនជួយទូលបង្គំ ឬស្ដាប់ពាក្យស្រែកថ្នូររបស់ទូលបង្គំដូច្នេះ? ឱ! ព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ ក៏ស្រែកនៅពេលយប់ដែរ តែមិនបានស្រាកស្រាន្តឡើយ។» (ទំនុកតម្កើង ២២:១-២ គកស)។
ស្ដេច ដាវីឌ មានព្រះហឫទ័យថា ព្រះជាម្ចាស់បានបោះបង់ទ្រង់ចោល ខណៈពេលដែលទ្រង់កំពុងស្វែងរក ដោយឥតស្រាកស្រាន្ត ចំពោះការសម្រាកនៅក្នុងព្រះជាម្ចាស់ ប៉ុន្តែទ្រង់មិនបានរកឃើញការសម្រាកនោះឡើយ។ អ្វីដែលស្ដេច ដាវីឌ លើកឡើងជាបន្ទាប់ គឺជាចំណុចផ្លាស់ប្រែដែលបង្វែរទ្រង់ចេញពីភាពទុក្ខសោករបស់ទ្រង់៖
«ប៉ុន្តែ ឱព្រះដែលថ្កើងឡើងនៅលើពាក្យសរសើររបស់អ៊ីស្រាអែល ព្រះអង្គបរិសុទ្ធ។ បុព្វបុរសរបស់យើងខ្ញុំបានទុកចិត្តដល់ព្រះអង្គ ពួកលោកបានទុកចិត្ត ហើយព្រះអង្គបានរំដោះពួកលោក។» (ទំនុកតម្កើង ២២:៣-៤ គកស)
ជាជាងនៅបន្តមានអារម្មណ៍ថា ព្រះជាម្ចាស់បានបដិសេធទ្រង់ ជាប់ក្នុងភាពឯកា ក៏ដូចជាស្ថិតក្នុងប្រទល់នៃក្ដីអស់សង្ឃឹមស្ដេច ដាវីឌ បានបង្វែរសេចក្ដីផ្ដោតចិត្ដរបស់ទ្រង់ទៅលើសេចក្ដីពិតដ៏ប្រសើរពីរយ៉ាង៖ ទី១ គឺការសោយរាជ្យរបស់ព្រះជាម្ចាស់ មានពេញទៅដោយភាពបរិសុទ្ធ ហើយទី២ គឺថា ព្រះអង្គតែងតែមានភាពស្មោះត្រង់ ក្នុងការរំដោះរាស្ត្ររបស់ទ្រង់។
ចំណុចទី១៖ ពេលដែលលោកអ្នកមានអារម្មណ៍ថា គ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់គង់នៅក្បែរ ចូរពឹងផ្អែកលើលក្ខណសម្បត្តិរបស់ទ្រង់។ ការសោយរាជ្យរបស់ព្រះអង្គគឺជាការរំឭកដល់យើងថា ទ្រង់មានព្រះវត្តមាននៅគ្រប់ទីកន្លែង។ ទោះបើយើងមិនមានអារម្មណ៍ថា ព្រះអង្គកំពុងគង់នៅជិតយើងក៏ដោយ ក៏យើងត្រូវចាំថា ទ្រង់កំពុងគង់នៅជិតយើងដែរ។ ប៉ុន្តែ ពេលនោះយើងក៏នៅដឹងដែរថា យើងមិនស័ក្ដិសមនឹងនៅជិតទ្រង់ឡើយ ដោយសារព្រះអង្គទ្រង់គឺជាព្រះដែលពោរពេញទៅដោយភាពបរិសុទ្ធ។
ប៉ុន្តែ ព្រះរបស់យើងដែលជាព្រះកំពុងសោយរាជ្យ ហើយក៏ជាព្រះដ៏បរិសុទ្ធ ព្រះអង្គបានប្រទានអំណោយទានដ៏ឥតគិតថ្លៃដោយទ្រង់បានអនុញ្ញាតឲ្យយើងអាចចូលទៅក្នុងព្រះវត្តមានទ្រង់ តាមរយៈព្រះលោហិតរបស់ព្រះគ្រីស្ទ។ ព្រះអង្គកំពុងប្រទានដល់យើងនូវអ្វីដែលយើងមិនស័ក្ដិសមនឹងទទួលយក ពោលគឺការដែលយើងអាចចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងមានទំនុកចិត្តនោះ។ ពេលដែលយើងមានអារម្មណ៍ថា ព្រះជាម្ចាស់បានបោះបង់យើងចោល យើងត្រូវតែរំពឹងលើអ្វីដែលយើងដឹងថា ជាសេចក្ដីពិត៖ ការសោយរាជ្យរបស់ព្រះជាម្ចាស់គឺមានពេញទៅដោយភាពបរិសុទ្ធ ហើយព្រះអង្គក៏បានអនុញ្ញាតឲ្យយើងអាចចូលទៅគាល់ទ្រង់ដោយមិនមានដែនកំណត់ផងដែរ។
ចំណុចទី២៖ ពេលដែលយើងមានអារម្មណ៍ថា យើងគ្មានព្រះចេស្ដារបស់ព្រះជាម្ចាស់ក្នុងជីវិត ចូររំពឹងលើសេចក្ដីស្មោះត្រង់របស់ទ្រង់ទាក់ទងទៅនឹងការដែលព្រះអង្គបានធ្វើការរំដោះយើង។ ស្ដេច ដាវីឌ បានរំឭកអង្គទ្រង់ពីរឿងអតីតកាល អំពីការដែលព្រះជាម្ចាស់បានរំដោះបុព្វបុរសរបស់ទ្រង់ ពេលដែលពួកគាត់ទុកចិត្តលើព្រះជាម្ចាស់។ ព្រះជាម្ចាស់តែងតែរំដោះពួកគាត់។ ព្រះអង្គបានរំដោះពួកគាត់ពេលដែលពួកគាត់ស្រែករកព្រះជាម្ចាស់ ហើយព្រះអង្គក៏បានសង្គ្រោះពួកគាត់ចេញពីព្រះក្លែងក្លាយ និងខ្មាំងសត្រូវរបស់ពួកគាត់ពេលដែលពួកគាត់ទុកចិត្តលើព្រះអង្គផង។
វាជាការងាយស្រួលណាស់ចំពោះខ្ញុំក្នុងការបារម្ភថា ពេលនេះហើយដែលជាពេលដែលព្រះជាម្ចាស់ទំនងនឹងលែងមានសេចក្ដីស្មោះត្រង់ ទំនងនឹងភ្លេចខ្ញុំ ក៏ដូចជាទំនងនឹងមិនជួយខ្ញុំទៀតទេមើលទៅ។ ពេលដែលយើងមានអារម្មណ៍បែបនេះ យើងត្រូវតែជឿជាក់លើព្រះបន្ទូលរបស់ទ្រង់ ហើយឱបក្រសោបរឿងផ្សេងៗដែលមានចែងទុកអំពីភាពស្មោះត្រង់របស់ទ្រង់នោះដែរ។ យើងអាចយកសេចក្ដីសន្យារបស់ទ្រង់មកអធិស្ឋាន ដោយដឹងថា ព្រះអង្គព្រះសណ្ដាប់ការយំសោករបស់យើង។ យើងក៏អាចនឹកចាំ និងសញ្ជឹងគិតពីសេចក្ដីស្មោះត្រង់របស់ទ្រង់ដែលមានចំពោះយើងនាអតីតកាលដែរ។ ឈើឆ្កាងគឺជាអំណះអំណាងរបស់យើងទាក់ទងទៅនឹងសេចក្ដីសន្យារបស់ទ្រង់ ចំពោះការរំដោះយើង ពេលយើងមើលមិនឃើញ ក៏ដូចជាមិនមានអារម្មណ៍ថា ព្រះចេស្ដារបស់ទ្រង់កំពុងតែធ្វើការនៅក្នុងជីវិតយើងនេះ។
ចូរអនុញ្ញាតឲ្យសេចក្ដីពិតបំផ្លាស់បំប្រែអារម្មណ៍របស់លោកអ្នក
ស្ដេច ដាវីឌ បន្តលើកអំពីទុក្ខសោកសង្រេងរបស់ទ្រង់ក្នុងខគម្ពីរបន្តបន្ទាប់ ដោយចងចាំអំពីភាពបរិសុទ្ធ និងភាពស្មោះត្រង់របស់ព្រះជាម្ចាស់ ស្របពេលនោះទ្រង់ក៏ទាំងបើកចំហអំពីអារម្មណ៍ពិតៗរបស់ព្រះអង្គផង «កម្លាំងទូលបង្គំស្ងួត ដូចអំបែងឆ្នាំង អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់ ព្រះអង្គដាក់ទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់» (ទំនុកតម្កើង ២២:១៥ គកស)។ ការដែលយើងដឹងអំពីសេចក្ដីពិត និងដំណឹងល្អរបស់ព្រះជាម្ចាស់មិនមែនមានន័យថា យើងមិនអាចបញ្ចេញអារម្មណ៍ដ៏ពិតរបស់យើងនោះទេ។ យើងនៅអាចបន្តប្រាប់ព្រះអង្គពីការត្អូញត្អែររបស់យើងដល់ព្រះអង្គ។ ព្រះវរបិតារបស់យើងមិនទៅណាទេ ហើយទ្រង់ក៏ជ្រាបគ្រប់អ្វីៗទាំងអស់ក្នុងចិត្តរបស់យើងផងដែរ ពោលគឺទ្រង់ជ្រាបបានយ៉ាងច្បាស់លាស់ជាងយើងទៅទៀត។
ប៉ុន្តែ មានចំណុចដ៏គួរឲ្យកត់សម្គាល់មួយដែលបានកើតឡើងក្នុងអារម្មណ៍របស់ស្ដេច ដាវីឌ ខណៈពេលដែលទ្រង់កំពុងយំសោកទៅកាន់ព្រះជាម្ចាស់។ ចំណុចនោះគឺ៖ សេចក្ដីពិតបានបំផ្លាស់បំប្រែអារម្មណ៍របស់គាត់។ ព្រះអង្គបានចាកចេញពីការយំសោកសៅក្នុងអារម្មណ៍ដែលគិតថា គ្មានវត្តមានព្រះជាម្ចាស់ ទៅកាន់ ការប្រកាសអំពីព្រះវត្តមាននៃព្រះ ហើយចេញពីមន្ទិលសង្ស័យ និងសេចក្ដីអស់សង្ឃឹម ទៅកាន់ចិត្ដដែល មានភាពជឿជាក់ច្បាស់ និងការច្រៀងសរសើរវិញ៖
«ទូលបង្គំនឹងប្រកាសអំពីព្រះនាមព្រះអង្គដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅកណ្ដាលក្រុមជំនុំ។ អ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់គ្នាដែលជាពូជពង្សយ៉ាកុបអើយ ចូរលើកតម្កើងព្រះអង្គអ្នកទាំងអស់គ្នាដែលជាពូជពង្សអ៊ីស្រាអែលអើយ ចូរស្ញប់ស្ញែងនៅចំពោះព្រះអង្គចុះ! ដ្បិតព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើមមនុស្សទុគ៌តមានទុក្ខវេទនាឡើយ ក៏មិនបានលាក់ព្រះភ័ក្ត្រនឹងគេដែរ កាលអ្នកនោះបានអំពាវនាវរកព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់» (ទំនុកតម្កើង ២២:២២-២៤ គកស)។
ខណៈពេលដែលយើងចងចាំសេចក្ដីពិតរបស់ព្រះជាម្ចាស់ នោះព្រះអង្គក៏នឹងបំផ្លាស់បំប្រែអារម្មណ៍របស់យើងផងដែរ។ ការសោយរាជ្យដ៏បរិសុទ្ធ និងការរំដោះដ៏ស្មោះត្រង់របស់ព្រះអង្គ គឺធំឧត្តមជាងអារម្មណ៍ដែលប្រែប្រួលឥតឈប់ឈររបស់យើង ក៏ដូចជាកាលៈទេសៈរបស់យើងដែលមើលទៅហាក់បីដូចជាកាន់តែលំបាកលំបិនទៅៗ។ ដូច្នេះហើយបានជាយើងត្រូវតែព្យាយាមរំឭកខ្លួនឯងអំពីសេចក្ដីពិតទាំងនេះនៅពេលដែលយើងមានអារម្មណ៍ថា ព្រះជាម្ចាស់គង់នៅឆ្ងាយពីយើង ហើយយើងក៏ត្រូវប្ដេជ្ញាចិត្តជ្រើសរើសសរសើរទ្រង់ ទោះបើយើងមិនមានអារម្មណ៍បែបនោះក៏ដោយ។
ចូរមានការតស៊ូដោយក្ដីសង្ឃឹមតាមរយៈការរត់ទៅរកព្រះបន្ទូលរបស់ព្រះអង្គ។ ក្នុងពេលវេលាដ៏ល្អឥតខ្ចោះរបស់ទ្រង់ ចូរយើងអនុញ្ញាតឲ្យសេចក្ដីពិតរបស់ព្រះអង្គបំផ្លាស់បំប្រែអារម្មណ៍របស់យើង ដើម្បីឲ្យយើងអាចនឹងច្រៀងជាមួយនឹងស្ដេច ដាវីឌ ថា៖ «ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីគ្រប់ទុក្ខលំបាករបស់គេ» (ទំនុកតម្កើង ៣៤:១៧ គកស)។
មតិយោបល់
Loading…