ឥឡូវនេះ មកដល់យប់ថ្ងៃសៅរ៍ទៀតហើយ។ ជាទូទៅ ប្រសិនបើលោកអ្នកមិនទៅព្រះវិហារនៅថ្ងៃចុងសប្ដាហ៍ នោះទេ លោកអ្នកទំនងជាគិតថា៖ តើហេតុអ្វីបានជាខ្ញុំគួរព្យាយាមចាំបាច់ទៅព្រះវិហារនៅថ្ងៃអាទិត្យ? ខ្ញុំមិនស្គាល់ ហើយក៏មិនចូលចិត្តអ្នកទាំងអស់នោះផងហ្នឹង។ តើខ្ញុំនឹងទទួលបានប្រយោជន៍អ្វីខ្លះចេញពីការទៅព្រះវិហារដែលចំណាយពេលអង្គុយស្ដាប់អស់រយៈពេលពីរបីម៉ោង? ទំនងខ្ញុំនឹងមានភាពអរសប្បាយជាង បើខ្ញុំចំណាយពេលជាមួយមិត្តភក្ដិខ្ញុំមើលគេលេងកីឡា ឬទៅជួយនរណាគេម្នាក់ដែលមានបន្ទុក ឬក៏ស្ម័គ្រចិត្តបម្រើក្នុងអង្គការមនុស្សធម៌?
ប្រាកដណាស់! ការភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដទៃ ការជួយអស់អ្នកដែលមានបន្ទុក ការប្រឆាំងនឹងភាពអយុត្តិធម៌ និងការចំណាយពេលសម្រាក គឺសុទ្ធតែជាចំណុចសំខាន់ៗ ប៉ុន្តែដាច់ខាតយើងមិនគួរលើកចំណុចទាំងនោះឲ្យខ្ពស់ជាងព្រះជាម្ចាស់ឡើយ។ មានតែព្រះអង្គមួយគត់ដែលល្អប្រសើរ (កូឡូស ១:១៨)។ ទង្វើទាំងអស់នោះគួរតែកើតចេញពីការមានទំនាក់ទំនងជាមួយនឹងព្រះគ្រីស្ទដែលជាប្រភពនៃជីវិត និងពីរាស្ត្ររបស់ព្រះអង្គ។ នៅពេលដែលយើងយកចំណុចល្អៗមកធ្វើជាចំណុចស្នូល នោះមានន័យថា យើងផ្ដល់ឋានៈលើវាខ្ពស់ជំនួសព្រះជាម្ចាស់ ហើយការទាំងអស់នោះបានក្លាយជារូបព្រះដ៏ក្លែងក្លាយក្នុងជីវិតយើងទៀតផង។
ហេតុផល៥យ៉ាងក្នុងការទៅព្រះវិហារនៅថ្ងៃអាទិត្យ
ជារឿយៗ ទស្សនៈរបស់យើងលើព្រះយេស៊ូវ និងក្រុមជំនុំរបស់ទ្រង់ គឺកើតចេញពីប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ទំនើបៗដែលនៅមានជុំវិញយើង។ មនុស្សជាច្រើនចាត់ទុកក្រុមជំនុំដូចជាទីកន្លែងមួយដែលបង្កបង្កើតមនុស្សដែលគ្រាន់តែដើរតាមប្រព័ន្ធអំណាចដែលខ្លាំងក្លា ជាជាងរស់នៅដូចជាពួកសិស្ស និងជះឥទ្ធិពលទៅកាន់សង្គមដែលនៅជុំវិញ។
ប៉ុន្តែ តើហេតុអ្វីបានជាលោកអ្នកគួរទៅ? ខាងក្រោមនេះជាមូលហេតុប្រាំយ៉ាងទាក់ទងនឹងការជួបជុំគ្នាជាមួយនឹងអ្នកជឿផ្សេងៗនាចុងសប្ដាហ៍នេះ៖
១. ដើម្បីរម្លឹកគ្នាថា តើយើងជាអ្នកណា ហើយជាកម្មសិទ្ធិរបស់អ្នកណា
យើងកំពុងតែរស់នៅក្នុងសម័យកាលដែលមានផ្ដល់ជូននូវទស្សនៈជាច្រើន ប៉ុន្តែមានទីកន្លែងមួយដែលយើងអាចរកសេចក្ដីពិតឃើញ (យ៉ូហាន ៨:២៦)។ ក្រុមជំនុំគឺជាទីកន្លែងមួយសម្រាប់ជះពន្លឺក្នុងសង្គមដែលមានភាពអាប់អួរខាងផ្នែកសីលធម៌ (ម៉ាថាយ ៥:១៤-១៦)។
តើអ្នកណាជាអ្នកដែលជួយលោកអ្នកក្នុងការស្វែងរកផ្លូវ នៅពេលដែលលោកអ្នកមិនដឹងថា គួរជ្រើសរើសផ្លូវមួយណានៅពេលដែលលោកអ្នកវង្វេង ខណៈពេលដែលលោកអ្នកប្រឈមមុខនឹងផែនដីដ៏ស្មុកស្មាញមួយនេះ? តើលោកអ្នកកំពុងរស់នៅដោយមានភាពហីអើៗ ឬក៏លោកអ្នកមានត្រីវិស័យដែលមានទិសដៅច្បាស់លាស់ និងយុថ្កាសម្រាប់ព្រលឹងវិញ្ញាណលោកអ្នក (ហេព្រើរ ៦:១៩)? យើងជួបជុំគ្នាជាមួយនឹងពួកបរិសុទ្ធផ្សេងៗ ដើម្បីអភិវឌ្ឍន៍ភាពជាសិស្ស ហើយបន្ទាប់មកចេញទៅ ដើម្បីធ្វើជាអំបិល និងពន្លឺក្នុងលោកីយ៍ក្នុងនាមជាបេសកជននៅទីកន្លែងដែលយើងរស់នៅ (ម៉ាថាយ ៥:១៣-១៦; ២៨:១៨-២០)។
២. ដើម្បីរម្លឹកគ្នាថា ការល្បងលនៅបច្ចុប្បន្នកាលដែលយើងកំពុងប្រឈមមុខនឹងឈានដល់ទីបញ្ចប់ដែលមាននូវអំណរ
មានការចូលរួមពិធីបុណ្យសពមួយ ដែលបានជះឥទ្ធិពលលើយើងខ្ញុំយ៉ាងខ្លាំង៖ គឺការចូលរួមរំលែកទុក្ខបងប្រុសម្នាក់ដែលនៅសុខៗ ស្រាប់តែអ្នកម្ដាយគាត់បានទទួលមរណភាពភ្លាមៗ។ គ្រូគង្វាលរបស់យើងបានអធិប្បាយចេញពីកណ្ឌគម្ពីរ សាស្ដា ៧:១-២៖
«នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ
ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ
ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ
ជាជាងទៅឯផ្ទះដែលមានការជប់លៀង
ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់
នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ។»
ក្នុងពេលវេលាដ៏ស្រងូតស្រងាត់បែបនេះក្នុងការសញ្ជឹងគិតលើព្រះបន្ទូលព្រះជាម្ចាស់ យើងក៏ត្រូវបានទទួលការរម្លឹកអំពីភាពងាយនឹងពុកផុយរបស់យើង៖ យើងទាំងអស់គ្នានឹងប្រាកដជាស្លាប់ជាមិនខាន ហើយការនោះអាចនឹងកើតឡើងលឿនជាងយើងអាចរំពឹងទុកទៅទៀត។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ក្នុងការសញ្ជឹងគិតដ៏ផ្អែមល្ហែម ហើយមានពេញទៅដោយព្រះគុណ យើងក៏ទទួលបានការលើកទឹកចិត្តឲ្យរស់នៅដោយមានគោលបំណងជាក់លាក់ និងមានភាពស្មោះត្រង់ ដោយរំពឹងគិតអំពីសេចក្ដីពិតនៅចុងបញ្ចប់។ ព្រះជាម្ចាស់មិនបានត្រាស់ហៅយើងឲ្យរស់នៅដោយមានពេញទៅដោយជីវិតដ៏ល្អបំផុតឥឡូវនេះនោះឡើយ (ដូចដែលពួកអ្នកប្រកាសដំណឹងល្អថា បើលោកអ្នកទទួលជឿលើព្រះយេស៊ូវ នោះលោកអ្នកនឹងក្លាយជាអ្នកមាន) ប៉ុន្តែ យើងគួររស់នៅដោយមានគំនិតនឹងធឹង ហើយនិងព្យាយាមរស់នៅលើផែនដីនេះដោយពោរពេញទៅដោយប្រាជ្ញា ដល់កម្រិតដ៏ខ្ពស់បំផុតដែលយើងអាចធ្វើបាន (ទំនុកតម្កើង ៩០:១២; អេភេសូរ ៥:១៦)។
ចំពោះគ្រីស្ទបរិស័ទ យើងនឹងមានជីវិតដ៏ល្អប្រសើរនៅពេលយើងទៅនៅឯស្ថានសួគ៌ (ទំនុកតម្កើង ១៦:១១)។
៣. ដើម្បីលើកទឹកចិត្តគ្នាឲ្យលូតលាស់ ហើយឲ្យតយុទ្ធនឹងភាពក្រិនដោយពុំរីកចម្រើន
យើងខ្ញុំមិនងាយមើលឃើញភាពខ្វាក់របស់យើងខ្ញុំទេ ហើយយើងខ្ញុំត្រូវការជំនួយពីទស្សនៈនានារបស់អ្នកដទៃដែលគាត់បានធ្វើដំណើរយួរជាងយើងខ្ញុំក្នុងការដើរតាមព្រះយេស៊ូវ។ យើងតែងតែចាត់ទុកកំហុសរបស់យើងថា វាមិនសូវធំដុំប៉ុន្មានទេ ហើយផ្ដោតតែលើកំហុសរបស់អ្នកដទៃ (ម៉ាថាយ ៧:៣-៥)។ ការមានភាពស្និទ្ធស្នាលក្នុងសង្គមគ្រីស្ទបរិស័ទនឹងនាំឲ្យយើងចេះលើកទឹកចិត្តគ្នាដោយមានពេញទៅដោយក្ដីស្រឡាញ់ក្នុងការឲ្យមានភាពពេញវ័យក្នុងព្រះគ្រីស្ទ (អេភេសូរ ៤:១៣-២៤; យ៉ូហាន ៨:៣១-៣២)។
៤. ដើម្បីចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសារ
ការមានជាអាគារ កម្មវិធីផ្សេងៗ ឬក៏យុទ្ធសាស្ត្រធ្វើនេះធ្វើនោះ មិនមែនជាតួនាទីចម្បងរបស់ក្រុមជំនុំឡើយ។ ក្រុមជំនុំគឺជាគ្រួសារ ដែលមានទាំងឪពុកនានា និងកូនប្រុសៗខាងឯព្រលឹងវិញ្ញាណ (១កូរិនថូស ៤:១៤-១៧; ទីតុស ២:១-២, ៦-៨; ១ធីម៉ូថេ ១:១-២) ហើយនិងម្ដាយនានា និងកូនស្រីៗ (ទីតុស ២:៣-៥)។ ក្រុមជំនុំគឺជារូបរាងកាយ (១កូរិនថូស ១២, អេភេសូរ ៤) ដែលជាទីកន្លែងសម្រាប់ឲ្យអ្នកដែលមានតម្រូវការយ៉ាងខ្លាំងទៅទទួលជំនួយ (កិច្ចការ ២:៤២-៤៧; កិច្ចការ ៦:១-៦; ១ធីម៉ូថេ ៥:៩-១៦) ហើយក៏ជាទីកន្លែងនៃការផ្គត់ផ្គង់ដោយចិត្តសប្បុរសផងដែរ (២កូរិនថូស ៨, ភីលីព ៤:១០, ១៥-១៨)។ នៅក្នុងគ្រួសារមួយនេះ អវយវៈនីមួយៗមានការរួបរួមគ្នា ហើយរាល់អំណោយទានទាំងអស់មានសារៈសំខាន់ណាស់សម្រាប់ឲ្យរូបរាងកាយទាំងមូលមានសុខភាពល្អ (រ៉ូម ១២:៤-៨; អេភេសូរ ៤:១១-១៦)។
កាលយើងខ្ញុំអាយុ១៨ឆ្នាំ យើងខ្ញុំបានទទួលជឿលើព្រះយេស៊ូវ ហើយកាលនោះយើងខ្ញុំគ្រាន់តែទៅព្រះវិហារឲ្យតែមានមុខប៉ុណ្ណោះ។ ក្រោយពេលយើងខ្ញុំរៀនចប់នៅមហាវិទ្យាល័យ យើងខ្ញុំផ្ដោតយ៉ាងខ្លាំងទៅលើការងារថ្មីរបស់យើងខ្ញុំ ហើយនិងការចំណាយពេលជាមួយនឹងឪពុកម្ដាយរបស់យើងខ្ញុំ ដែលកាលនោះអ្នកម្ដាយរបស់យើងខ្ញុំបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំងដោយជំងឺមហារីក។ នៅពេលដែលអ្នកម្ដាយយើងខ្ញុំបានទទួលមរណភាព មានអ្នករួមការងារជាមួយយើងខ្ញុំម្នាក់ (ហើយគាត់ក៏ត្រូវជាប្រពន្ធរបស់គ្រូគង្វាលយើងខ្ញុំផងដែរ) គាត់បានលើកទឹកចិត្តយើងខ្ញុំដោយប្រើប្រាស់ពាក្យពេចន៍យ៉ាងថ្នាក់ថ្នមក្នុងស្ថានភាពនោះ៖ «ធិហ្វហ្វានី (Tiffany) អើយ! ប្អូនត្រូវការក្រុមជំនុំដែលជាផ្ទះ។ ប្អូនត្រូវការមីង និងពូ ហើយនិងឪពុកម្ដាយជាច្រើន។» ពាក្យពេចន៍ទាំងនេះពិតជាបានធ្វើឲ្យព្រលឹងវិញ្ញាណយើងខ្ញុំមានការពេញចិត្តយ៉ាងខ្លាំងមែន។
ប្រមាណពីរបីខែក្រោយមក យើងខ្ញុំក៏ទទួលពិធីជ្រមុជទឹក ហើយចូលជាសមាជិកក្នុងក្រុមជំនុំតាមតំបន់មួយនោះ។ ពួកគេបានស្វាគមន៍យើងខ្ញុំដោយម្រាមដៃដប់ ដោយទទួលយកទាំងលក្ខណសម្បត្តិល្អ និងមិនល្អរបស់យើងខ្ញុំទាំងអស់។ គ្រួសារក្នុងក្រុមជំនុំរបស់យើងខ្ញុំបានបង្កើតឲ្យយើងខ្ញុំមានអនុស្សាវរីយល្អៗ មានតម្លៃ ហើយរួមទាំងភាពឈឺចាប់ខ្លោចផ្សាមួយចំនួនទៀតផង។ កាលយើងខ្ញុំនៅវ័យក្មេង យើងខ្ញុំមិនបានរស់នៅជិតបងប្អូនសាច់ញាតិទេ ប៉ុន្តែឥឡូវនេះយើងខ្ញុំមានក្រុមជំនុំជាគ្រួសារ។
៥. ដើម្បីរម្លឹកគ្នាពីក្ដីសង្ឃឹមដ៏រស់រវើករបស់យើង
វាជាការពិតណាស់ ដែលក្រុមជំនុំមួយចំនួនធ្លាក់ក្នុងចំណងនៃការគ្រាន់តែរស់នៅក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងសង្គមនានា ជាជាងព្យាយាមរស់នៅសម្រាប់ព្រះយេស៊ូវ ដែលជាតួឯកដែលបានទទួលយកនូវភាពជាមនុស្សដោយផ្ទាល់ក្នុងប្រវត្តិសាស្ត្រ (ទំនុកតម្កើង ៩០:១; យ៉ូហាន ១:១៤)។ ទោះជាយ៉ាងណាក្ដី ក៏ការធ្វើបែបនោះមិនមែនជារបៀបដែលនាំឲ្យក្រុមជំនុំមានសុខភាពល្អទេ។ គ្រួសារក្នុងក្រុមជំនុំដែលកំពុងព្យាយាមបម្រើព័ន្ធកិច្ចរបស់ព្រះយេស៊ូវ ពួកគាត់នឹងទុកចិត្តលើព្រះវត្តមាន អំណាច និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ (ម៉ាថាយ ២៨:១៨-២០)។ ក្រុមជំនុំគឺជាទីកន្លែងមួយនៃការរម្លឹកគ្នាទៅវិញទៅមកត្រង់ថា៖ លុះត្រាតែយើងរំពឹងលើព្រះជាម្ចាស់ទាំងស្រុង ហើយទទួលយកអ្វីៗដែលយើងត្រូវការពីព្រះអង្គដែលជាដើមទំពាំងបាយជូរដ៏ពិត នោះទើបយើងអាចមើលឃើញផលផ្លែក្នុងព័ន្ធកិច្ចរបស់យើងបាន (យ៉ូហាន ១៥)។
តាមពិតទៅ យើងអាចធ្វើនូវអ្វីៗដែលល្អជាច្រើន ដែលធាតុពិតការនោះនឹងរារាំងយើងមិនឲ្យទៅចាប់ដៃគ្នាជាមួយនឹងរាស្ត្ររបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើលោកអ្នកមិនទាន់បានសម្រេចចិត្តថា ទៅឬក៏មិនទៅព្រះវិហារនៅឡើយទេ៖ តើលោកអ្នកហ៊ានដាក់ម៉ោងរោទ៍ ដោយមានគោលបំណងថានឹងទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយក្រុមជំនុំតាមតំបន់នៅចុងសប្ដាហ៍នេះដែរឬទេ? យើងខ្ញុំហ៊ានសន្យាចំពោះលោកអ្នកថា មិនថាលោកអ្នកមានមូលហេតុជាច្រើនប៉ុន្មានក៏ដោយក្នុងការមិនចង់ទៅព្រះវិហារ ក៏តាមពិតលោកអ្នកនៅមានមូលហេតុច្រើនជាងនោះទៅទៀតក្នុងការដែលលោកអ្នកគួរតែទុកចិត្តព្រះជាម្ចាស់ មានការប្ដេជ្ញាចិត្ត ក្នុងការទៅព្រះវិហារជារៀងរាល់អាទិត្យផងដែរ។
មតិយោបល់
Loading…