in

អធិស្ឋាន​សម្រាប់​កូនៗ

Seven Things to Pray for Your Children

ប្រមាណ​បួន​ដប់​ឆ្នាំ​មុន មិត្តភក្ដិ​ដ៏​ស្និទ្ធស្នាល​ម្នាក់​របស់​យើងខ្ញុំ​បាន​ចែកចាយ​នូវ​ខគម្ពីរ​ប្រាំពីរ​ខ​ដល់​យើងខ្ញុំ​ដែល​គាត់ និង​ប្រពន្ធ​របស់​គាត់​យក​មក​ប្រើប្រាស់​ក្នុង​ការ​អធិស្ឋាន​សម្រាប់​កូន​ស្រីៗ​ពីរ​នាក់​របស់​ពួកគាត់ តាំង​ពី​ពេល​ពួកគេ​នៅ​ជា​ទារក​នៅ​ឡើយ។ មក​ដល់​ពេល​នេះ កូន​ស្រីៗ​ទាំង​ពីរ​នាក់​នោះ​បាន​ធំ​ពេញ​វ័យ​ហើយ។ ហើយ​វា​ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ក្នុង​ការ​ដែល​យើង​ឃើញ​ពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​ឆ្លើយ​តប ហើយ​និង​កំពុង​ឆ្លើយ​តប​យ៉ាង​ស្មោះត្រង់​ចំពោះ​សេចក្ដី​អធិស្ឋាន​ដ៏​ជាក់លាក់​របស់​ឪពុកម្ដាយ​ដែល​មាន​ពេញ​ទៅ​ដោយ​ជំនឿ ក្នុង​ជីវិត​របស់​កូន​ស្រី​ទាំង​ពីរ​នាក់​នោះ ដែល​ជា​ស្ត្រី​ដែល​កោតខ្លាច​ព្រះ​ជាម្ចាស់។

យើងខ្ញុំ​បាន​ការ​អធិស្ឋាន​បែប​នោះ​ជា​ច្រើន​លើក​ច្រើន​សារ​ពេល​ដែល​យើងខ្ញុំ​អធិស្ឋាន​សម្រាប់​កូនៗ​របស់​យើងខ្ញុំ។ ហើយ​យើងខ្ញុំ​ក៏​សូម​សំណូម​ពរ​ឲ្យ​លោកអ្នក​យក​សេចក្ដី​អធិស្ឋាន​បែប​នេះ​ទៅ​ប្រើប្រាស់​ផង​ដែរ។

ប៉ុន្តែ ប្រាកដ​ណាស់​យើង​ដឹង​ហើយ​ថា ការ​អធិស្ឋាន​គឺ​មិន​មែន​ជា​យុត្តិ​សិល្ប៍ ដើម្បី​ជប់​ឲ្យ​មាន​អ្វី​កើត​ឡើង​តាម​តែ​ចិត្ត​យើង​នោះ​ទេ។ វា​មិន​មែន​ជា​ការ​ដែល​ថា បើ​យើង​គ្រាន់តែ​និយាយ​នូវ​អ្វីៗ​ដែល​ត្រឹមត្រូវ នោះ​កូនៗ​របស់​យើង​នឹង​ទទួល​បាន​ព្រះ​ពរ​យ៉ាង​ជោគជ័យ​នោះ​ឡើយ។

មាន​ឪពុកម្ដាយ​មួយ​ចំនួន​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ដួង​ចិត្ត ហើយ​កូនៗ​របស់​ពួកគេ​ក៏​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​យ៉ាង​ពូកែ បណ្ឌិត តន្ត្រីករ ឬ​ក៏​កីឡាករ​ដ៏​ឆ្នើម​មែន។ ហើយ​ក៏​ធ្លាប់​មាន​ឪពុកម្ដាយ​មួយ​ចំនួន​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ដួងចិត្ត ហើយ​កូនៗ​របស់​ពួកគេ​ក៏​មាន​ជំងឺ ឬ​ក៏​ពិការ​យ៉ាង​ធ្ងន់ធ្ងរ ក៏​ដូច​ជា​បែក​ឆ្វេង​ដោយ​វង្វេង​ដូច​ជា​កូន​ពៅ​ក្នុង​កណ្ឌគម្ពីរ​លូកា​ជំពូក​១៥ ឬ​ក៏​ការ​មាន​ការ​លំបាក​ក្នុង​ការ​ចុះ​សម្រុង​ជាង​អ្នក​ផ្សេងៗ​ក្នុង​សង្គម ថ្នាក់​រៀន ឬ​ក៏​ផ្នែក​កីឡា​ផង​ដែរ។ ហើយ​ចំណុច​ពិត​នោះ​គឺ​ត្រង់​ថា៖ ព្រះ​ជាម្ចាស់​កំពុង​តែ​ឆ្លើយ​តប​នូវ​រាល់​សំណូម​ពរ​អធិស្ឋាន​របស់​ឪពុកម្ដាយ​ទាំង​នោះ ប៉ុន្តែ​ក្នុង​គោលបំណង​ខុសៗ​គ្នា។

នេះ​ឯង​ជា​មូល​ហេតុ​ដែល​យើង​មាន​ខគម្ពីរ​មួយ​ចំនួន​ដូច​ជា​កណ្ឌគម្ពីរ យ៉ូហាន ៩:១-៣ ក្នុង​ព្រះ​គម្ពីរ។ ដាច់ខាត! យើង​មិន​ត្រូវ​មាន​ភាព​ឆាប់​រហ័ស​ក្នុង​ការ​វាយ​តម្លៃ​លើ​គោលបំណង​របស់​ព្រះ​ជាម្ចាស់​ឡើយ ពីព្រោះ​គោលបំណង​របស់​ព្រះ​អង្គ​ទំនង​ជា​ផ្ទុយ​ពី​ផ្នត់​គំនិត​របស់​យើង។ ព្រះ​ជាម្ចាស់​វាស់វែង​ជោគជ័យ​ខុស​ពី​យើង ដែល​នេះ​ឯង​ជា​មូល​ហេតុ​ដែល​ព្រះ​អង្គ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង​ក្នុង​របៀប​ដែល​យើង​គិត​មិន​បាន​ដល់។

ដូច្នេះ ចូរ​អធិស្ឋាន​សម្រាប់​កូនៗ​របស់​លោកអ្នក។ ព្រះ​យេស៊ូវ​បាន​សន្យា​ចំពោះ​យើង​ថា ប្រសិនបើ​យើង សូម រក និង​គោះ នោះ​ជា​ការ​ឆ្លើយ​តប ព្រះ​វរបិតា​របស់​យើង​នឹង​ប្រទាន​ឲ្យ​នូវ​អ្វីៗ​ដែល​ល្អ​ដល់​យើង​ជា​មិន​ខាន (លូកា ១១:៩-១៣) ទោះ​បើ​អ្វីៗ​ដែល​ល្អ​នោះ មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​ល្អ​សោះ អស់​រយៈ​ពេល​សែសិប​ឆ្នាំ​ក៏​ដោយ។ ហើយ​ដោយសារ​ព្រះ​យេស៊ូវ​តែងតែ​សួរ​អស់​អ្នក​ដែល​បាន​មក​រក​ទ្រង់​ថា «តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» (ម៉ាកុស ១០:៥១) ដូច្នេះ យើង​ដឹង​ថា ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ទូល​សូម​ឲ្យ​ជាក់លាក់​ក្នុង​សំណូម​ពរ​របស់​យើង។

ហេតុ​ដូច្នេះ ខគម្ពីរ​ប្រាំពីរ​ខ​ខាង​ក្រោម​នេះ​គឺ​ជា​ខគម្ពីរ​មួយ​ចំនួន​ដែល​លោកអ្នក​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​អធិស្ឋាន​ឲ្យ​ចំៗ​សម្រាប់​កូនៗ​របស់​ខ្លួន៖

១. ទូល​សូម​ឲ្យ​ព្រះ​យេស៊ូវ​ត្រាស់ហៅ​ពួកគេ ហើយ​កុំ​ឲ្យ​មាន​អ្នកណា​មក​រារាំង​ពួកគេ​ពី​ការ​ទៅ​រក​ទ្រង់​ឡើយ

«បន្ទាប់​មក មាន​គេ​នាំ​ក្មេង​តូចៗ​មក​ជិត​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​អង្គ​ដាក់​ព្រះ​ហស្ត​លើ ហើយ​អធិស្ឋាន​ឲ្យ តែ​ពួក​សិស្ស​បាន​បន្ទោស​អ្នក​ទាំង​នោះ តែ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​ចូល​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកគេ​ឡើយ ដ្បិត​ព្រះ​រាជ្យ​នៃ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​ទាំង​នេះ​ឯង»។ ព្រះ​អង្គ​ក៏​ដាក់​ព្រះ​ហស្ត​លើ​ក្មេង​ទាំង​នោះ រួច​យាង​ចេញពី​ទី​នោះ​ទៅ។» (ម៉ាថាយ ១៩:១៣-១៥ គកស)

២. ទូល​សូម​ឲ្យ​ពួកគេ​ឆ្លើយ​តប​ដោយ​មាន​ជំនឿ​លើ​ភាព​ស្មោះត្រង់ និង​ការ​ត្រាស់ហៅ​ដោយ​ឥត​ឈប់ឈរ​របស់​ព្រះ​យេស៊ូវ

«ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។» (២ពេត្រុស ៣:៩)

៣. ទូល​សូម​ឲ្យ​ពួកគេ​ដក​ពិសោធ​ក្នុង​ការ​ញែក​ជា​បរិសុទ្ធ​តាមរយៈ​ការ​បំផ្លាស់បំប្រែ​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ឲ្យ​ពួកគេ​កាន់​តែ​មាន​ចិត្ត​ចង់​បំពេញ​បញ្ញត្តិ​ដ៏​ចម្បងៗ

«នោះ​ព្រះ​យេស៊ូវ​ឆ្លើយ​ថា «‍ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង» នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​១ ហើយ​បញ្ញត្តិ​ទី​២​ក៏​បែប​ដូច​គ្នា គឺ​ថា «‍ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង។»» (ម៉ាថាយ ២២:៣៧-៣៩)

៤. ទូល​សូម​ឲ្យ​កុំ​ឲ្យ​ពួកគេ​ទឹម​នឹម​ស្រៀក​ក្នុង​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល ជា​ពិសេស​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

«កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជាមួយ​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ នឹង​ងងឹត​លាយ​ឡំ​គ្នា​ដូច​ម្ដេច​បាន។» (២កូរិនថូស ៦:១៤)

៥. ទូល​សូម​ឲ្យ​ពួកគេ​មាន​ផ្នត់គំនិត​ស្អាត​ស្អំ

«មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​ស​គុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ។» (ភីលីព ៤:៨)

៦. ទូល​សូម​ឲ្យ​ពួកគេ​មាន​ចិត្ត​ឆេះឆួល​ក្នុង​ការ​ថ្វាយ​តង្វាយ​ដ៏​សប្បុរស​ទៅ​កាន់​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់

«អស់​ពួក​កូន​ចៅ​អ៊‌ីស្រាអែល​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​ថ្វាយ​របស់​អ្វី​សម្រាប់​ការ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ នោះ​ក៏​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។» (និក្ខមនំ ៣៥:២៩)

៧. ទូល​សូម​ឲ្យ​ពួកគេ​ចេញ​ទៅ​បម្រើ​ព្រះ​អង្គ នៅពេល​ដែល​វេលា​ដ៏​ត្រឹមត្រូវ​មក​ដល់

«ព្រះ​យេស៊ូវ​យាង​មក​ជិត​គេ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «គ្រប់​ទាំង​អំណាច​នៅ​ស្ថានសួគ៌ និង​នៅ​លើ​ផែនដី បាន​ប្រគល់​មក​ខ្ញុំ​ហើយ។ ដូច្នេះ ចូរ​ទៅ​បង្កើត​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រមទាំង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នករាល់គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។» (ម៉ាថាយ ២៨:១៨-២០ គកស)

និពន្ធ​ដោយ៖ លោកគ្រូ Jon Bloom
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា យ៉ុន សាឯម
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ជីវិត​គឺ​សម្រាប់​ព្រះ​អង្គ

គ្រូគង្វាល​ដែល​អធិប្បាយ